សុន្ទរកថា ក្នុងពិធីបើកវេទិកាធុរកិច្ច កម្ពុជា-ស្រីលង្កា
ឯកឧត្តម ម៉ៃទ្រីប៉ាឡា ស៊ីរីសេនា (Maithripala Sirisena) ប្រជានាធិបតី នៃសាធារណរដ្ឋសង្គមនិយមប្រជាធិបតេយ្យស្រីលង្កា ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាទីមេត្រី! ជាបឋម ខ្ញុំសូមសម្តែងសេចក្តីសោមនស្សរីករាយ ដោយបានចូលរួមក្នុងវេទិកាធុរកិច្ចកម្ពុជា-ស្រីលង្កា នាពេលនេះ។ ក្នុងឱកាសដ៏សែនមនោរម្យនេះ ខ្ញុំសូមសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះវត្តមាន ឯកឧត្តម ម៉ៃទ្រីប៉ាឡា ស៊ីរីសេនា ប្រជានាធិបតី នៃសាធារណរដ្ឋសង្គមនិយមប្រជាធិបតេយ្យស្រីលង្កា ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តម និងគណៈប្រតិភូធុរជន និងអ្នកវិនិយោគស្រីលង្កា ដែលបានអមដំណើរមកធ្វើការសិក្សាស្វែងយល់ដោយផ្ទាល់ពីការរីកចម្រើនរបស់កម្ពុជា។ វេទិកាថ្ងៃនេះ ផ្តល់ឱកាសឱ្យខ្ញុំចែករំលែកព័ត៌មានអំពីការវិវត្តសំខាន់ៗនៅកម្ពុជា ពាក់ព័ន្ធនឹងកាលានុវត្តភាព និងសក្តានុពលធុរកិច្ច និងវិនិយោគ ក៏ដូចជាការដាក់ចេញនូវវិធានការថ្មីៗរបស់រាជរដ្ឋាភិបាលកម្ពុជា នាពេលបច្ចុប្បន្ន សំដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជា។ ឯកឧត្តមប្រធានាធិបតី ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី! កម្ពុជា និងសាធារណរដ្ឋសង្គមនិយមប្រជាធិបតេយ្យស្រីលង្កា បានចាប់ផ្តើមមានទំនាក់ទំនងការទូតជាមួយគ្នាតាំងពីជាង ៦ ទសវត្សរ៍មុនមកម្ល៉េះ ពោលគឺចាប់ពីឆ្នាំ ១៩៥២ ប៉ុន្តែចំណងការទូតនេះត្រូវបានផ្អាកមួយរយៈដោយសារសង្គ្រាមស៊ីវិលនៅកម្ពុជា ចាប់ពីឆ្នាំ ១៩៧៥ តែយើងបានបង្កើតទំនាក់ទំនងការទូតជាផ្លូវការឡើងវិញ…