សុន្ទរកថា និងសេចក្តីដកស្រង់ប្រសាសន៍ បិទសន្និបាតបូកសរុបការងារអប់រំ យុវជន និង កីឡា ឆ្នាំសិក្សា ២០១៧-២០១៨ និងលើកទិសដៅការងារឆ្នាំសិក្សា ២០១៨-២០១៩

[ចាប់ផ្ដើមសេចក្ដីអត្ថាធិប្បាយ] ការយឺតយ៉ាវដោយជាប់ដោះស្រាយបញ្ហាអគ្គិសនី ខ្ញុំសូមអភ័យទោសពីសំណាក់អង្គសន្និបាត ដែលខ្ញុំមកយឺតប្រហែលជា ៧ នាទី។ ការយឺតយ៉ាវបញ្ហាធំជាងគេ គឺរឿងការដោះស្រាយអគ្គិសនី។ យប់មិញនេះ ខ្ញុំនៅរហូតទៅដល់ម៉ោងជិត ១ យប់ ដើម្បីឆ្លើយឆ្លងជាមួយប្រធានក្រុមហ៊ុនអគ្គិសនីកម្ពុជា។ ពេលដែលចុះមកអម្បាញ់មិញនេះ ការសម្រេចមួយចំនួនក៏ត្រូវដោះស្រាយធ្វើឱ្យមានការយឺតយ៉ាវនៅទីនេះ។ ក្នុងនោះ ប្រហែលជាមានព្រះរាជាណាចក្រថៃនៅទីនេះហើយ​។ ការចុះហត្ថលេខាផ្គត់ផ្គង់បន្ថែម ក៏សុំមេត្តាថាធ្វើម៉េចជួយជម្រុញមកឱ្យកម្ពុជា បើបានមុនកាលកំណត់ក៏ជាការល្អ។ ខាងឡាវក៏បានចុះហត្ថលេខាហើយ បើសិនជាបានបញ្ជូនកាន់តែលឿនកាន់តែល្អ។ អម្បាញ់មិញខ្ញុំចុះហត្ថលេ​ខា​ជូនទៅនាយករដ្ឋមន្ត្រីវៀតណាម ដើម្បីស្នើសុំឱ្យមានការផ្គត់ផ្គង់បន្ថែម ក្នុងចន្លោះពី ៥០-១០០ មេហ្គាវ៉ាត់ បន្ថែមទៀត។ គ្រោះរាំងស្ងួត និងកំណើននៃសំណង់ ធ្វើឱ្យជួបបញ្ហាកង្វះអគ្គិសនីមិនធ្លាប់ជួប យើងកំពុងតែធ្វើការជាមួយទួគី ហើយថ្ងៃស្អែកនេះ គណៈប្រតិភូទួគីនឹងមកចរចានៅទីក្រុងភ្នំពេញនេះ។ ប្រ​ហែលជាយើងចៀសមិនផុតពីការត្រូវអូសនាវាផ្ទុកដោយម៉ាស៊ីនភ្លើងដើរដោយប្រេងខ្មៅ ចូលមកកាន់រាជធា​នីភ្នំពេញតែម្តង ប្រមាណជា ២០០ មេហ្គាវ៉ាត់បន្ថែម។ រឿងនេះ វាជាអកុសលសម្រាប់យើង។ ឆ្នាំនេះ គឺ​​ជាឆ្នាំដែលមានការហួតហែង ធ្វើឱ្យអគ្គិសនីរបស់យើងជួបកង្វះ(អគ្គិសនី)ប្រមាណ ៤០០ មេហ្គាវ៉ាត់។ នេះជារឿងយើងមិនធ្លាប់(ជួបប្រទះ)។ ឯរឿងមួយទៀត សំណង់កើនឡើងខ្លាំងណាស់ ដែលធ្វើឱ្យការវាយតម្លៃកាលពីពេលមុនវាអត់ត្រូវទេ។ យើងត្រូវការអគ្គិសនីបន្ថែម តែមុនទៅដល់ការបន្ថែមនោះ គឺមានតម្រូវការយកនាវារបស់ទួគីយកមកដាក់ប្រមាណជា ៣​ ឆ្នាំសិន។…

ការដកស្រង់ប្រសាសន៍ ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ ជាមួយ ព្រះអង្គម្ចាស់ក្សត្រីយ៍ មហាចក្រី សិរិនថន

ព្រះអង្គម្ចាស់ក្សត្រីយ៍មហាចក្រី សិរិនថន នៃព្រះរាជាណាចក្រថៃ! ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ទាំង កម្ពុជា និងថៃ សូមគោរព បងប្អូន ជនរួមជាតិ ដែលបានចូលរួម​នៅក្នុងឱកាសនេះ! សារសំខាន់នៃការកសាងវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយដែលបានចូលរួមជាមួយព្រះអង្គម្ចាស់ក្សត្រីយ៍ មហាចក្រី សិរិនថន នៃព្រះរាជាណា​ចក្រ​ថៃ ដើម្បីបញ្ចុះបឋមសិលាសាងសង់វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ។ ខ្ញុំពិតជាមានមោទនភាព ដែលបានមកកាន់​ទីនេះ ដើម្បីធ្វើកិច្ចការដែលមានសារសំខាន់សម្រាប់អនាគតនៃប្រទេសជាតិរបស់យើង។ អម្បាញ់មិញ ព្រះអង្គម្ចាស់​ក្សត្រីយ៍ ក៏បានលើកឡើងអំពីប្រវត្តិ នៃដំណើររឿងពាក់ព័ន្ធជាមួយនឹងវិទ្យាស្ថាននេះ។ ដើមឡើយ កម្ពុជាបានស្នើសុំ ត្រឹមតែបង្កើតវិទ្យាស្ថានបច្ចេកវិទ្យា នៅឯខេត្តកោះកុង ក៏ប៉ុន្តែ ឆ្លងកាត់តាមព្រះរាជតំរិះរបស់ព្រះអង្គម្ចាស់ក្សត្រីយ៍ក៏​បានពិនិត្យឃើញថា បើសិនជានៅកោះកុង គង់តែទៅរៀននៅក្នុងប្រទេសថៃក៏អាចធ្វើបានដែរ។ ដូច្នេះ ហើយក៏ចាប់​ផ្តើមមានការពិភាក្សាគ្នា ទាក់ទិននឹងការកសាងនៅផ្នែកខាងក្នុង ដោយជ្រើសរើសនៅក្នុងខេត្តកំពង់ស្ពឺនេះ ដែល​ផ្តល់​ឱកាសមិនត្រឹមតែប្រជាពលរដ្ឋ និងយុវជននៅក្នុងខេត្តកំពង់ស្ពឺរបស់យើងប៉ុណ្ណោះទេ ក៏ប៉ុន្តែវិសាលភាពសម្រាប់​តំ​បន់នេះ គឺអាចទាក់ទាញមកពីខេត្តកោះកុង ខេត្តព្រះសីហនុ ខេត្តតាកែវ ហើយនិងខេត្តកំពង់ឆ្នាំង ក៏អាចមាន​ផង​ដែរ។ មនុស្សមួយចំនួនមកពីខេត្តកណ្តាល ក៏អាចមកកាន់ទីនេះ ដើម្បីធ្វើការសិក្សាដែរ។ អរព្រះគុណ ព្រះអង្គម្ចាស់ក្សត្រីយ៍ សិរិនថន ចំពោះការយកចិត្តទុកដាក់លើការបណ្តុះបណ្តាលធនធានមនុស្ស…