[ចាប់ផ្ដើមសេចក្ដីអត្ថាធិប្បាយ]
ការយឺតយ៉ាវដោយជាប់ដោះស្រាយបញ្ហាអគ្គិសនី
ខ្ញុំសូមអភ័យទោសពីសំណាក់អង្គសន្និបាត ដែលខ្ញុំមកយឺតប្រហែលជា ៧ នាទី។ ការយឺតយ៉ាវបញ្ហាធំជាងគេ គឺរឿងការដោះស្រាយអគ្គិសនី។ យប់មិញនេះ ខ្ញុំនៅរហូតទៅដល់ម៉ោងជិត ១ យប់ ដើម្បីឆ្លើយឆ្លងជាមួយប្រធានក្រុមហ៊ុនអគ្គិសនីកម្ពុជា។ ពេលដែលចុះមកអម្បាញ់មិញនេះ ការសម្រេចមួយចំនួនក៏ត្រូវដោះស្រាយធ្វើឱ្យមានការយឺតយ៉ាវនៅទីនេះ។ ក្នុងនោះ ប្រហែលជាមានព្រះរាជាណាចក្រថៃនៅទីនេះហើយ។ ការចុះហត្ថលេខាផ្គត់ផ្គង់បន្ថែម ក៏សុំមេត្តាថាធ្វើម៉េចជួយជម្រុញមកឱ្យកម្ពុជា បើបានមុនកាលកំណត់ក៏ជាការល្អ។ ខាងឡាវក៏បានចុះហត្ថលេខាហើយ បើសិនជាបានបញ្ជូនកាន់តែលឿនកាន់តែល្អ។ អម្បាញ់មិញខ្ញុំចុះហត្ថលេខាជូនទៅនាយករដ្ឋមន្ត្រីវៀតណាម ដើម្បីស្នើសុំឱ្យមានការផ្គត់ផ្គង់បន្ថែម ក្នុងចន្លោះពី ៥០-១០០ មេហ្គាវ៉ាត់ បន្ថែមទៀត។
គ្រោះរាំងស្ងួត និងកំណើននៃសំណង់ ធ្វើឱ្យជួបបញ្ហាកង្វះអគ្គិសនីមិនធ្លាប់ជួប
យើងកំពុងតែធ្វើការជាមួយទួគី ហើយថ្ងៃស្អែកនេះ គណៈប្រតិភូទួគីនឹងមកចរចានៅទីក្រុងភ្នំពេញនេះ។ ប្រហែលជាយើងចៀសមិនផុតពីការត្រូវអូសនាវាផ្ទុកដោយម៉ាស៊ីនភ្លើងដើរដោយប្រេងខ្មៅ ចូលមកកាន់រាជធានីភ្នំពេញតែម្តង ប្រមាណជា ២០០ មេហ្គាវ៉ាត់បន្ថែម។ រឿងនេះ វាជាអកុសលសម្រាប់យើង។ ឆ្នាំនេះ គឺជាឆ្នាំដែលមានការហួតហែង ធ្វើឱ្យអគ្គិសនីរបស់យើងជួបកង្វះ(អគ្គិសនី)ប្រមាណ ៤០០ មេហ្គាវ៉ាត់។ នេះជារឿងយើងមិនធ្លាប់(ជួបប្រទះ)។ ឯរឿងមួយទៀត សំណង់កើនឡើងខ្លាំងណាស់ ដែលធ្វើឱ្យការវាយតម្លៃកាលពីពេលមុនវាអត់ត្រូវទេ។ យើងត្រូវការអគ្គិសនីបន្ថែម តែមុនទៅដល់ការបន្ថែមនោះ គឺមានតម្រូវការយកនាវារបស់ទួគីយកមកដាក់ប្រមាណជា ៣ ឆ្នាំសិន។ ហើយស្នើឱ្យវៀតណាម ថៃ ឡាវ ជួយផ្គត់ផ្គង់បន្ថែម។
ស័យសំណង់កើនឡើងគំហុក តម្រូវការអគ្គិសនីកើនឡើងធំ
ជាមួយនឹងការវិនិយោគ ដែលត្រូវដាក់ការប្រជុំនៅអាទិត្យក្រោយនេះ ដែលមុននេះ យើងមិនហ៊ានវិនិយោគគំហុកទេ បើសិនជាការវិនិយោគខាងផ្នែកអគ្គិសនី កាលណាវិនិយោគហើយ(តែយើង)ទិញគេមិនអស់ គឺត្រូវតែសងថ្លៃគេតែម្តង។ ប៉ុន្តែ ខ្ញុំគ្រាន់តែជម្រាបជូន សំណង់ ២ ខែ ដើមឆ្នាំ ២០១៩ មានកំណើនជាង ៧០០% ប្រៀបជាមួយនឹងឆ្នាំ ២០១៨។ អញ្ចឹង បើកាលណាសំណង់កើនឡើងហើយ សេចក្តីត្រូវការអគ្គិសនី គឺវាត្រូវការធំណាស់។ អ្វីដែលយើងព្យាករទុកពីមុន គឺខុសស្រឡះ។ ដូច្នេះ បានជាយើងត្រូវវិធីដោះ ស្រាយបន្ទាន់។
សូមប្រជាពលរដ្ឋមេត្តាយោគអំពីបញ្ហាអគ្គិសនី, អ្នកលក់ម៉ាស៊ីនភ្លើងកុំដំឡើងថ្លៃម៉ាស៊ីនភ្លើងថ្លៃពេក
សង្ឃឹមថា ប្រជាពលរដ្ឋរបស់យើងគ្រប់ទីកន្លែងមេត្តាយោគយល់ ដោយសារឆ្នាំនេះមានការដាច់ភ្លើងច្រើន ហើយអ្នកដែលលក់ម៉ាស៊ីនភ្លើង ដើម្បីយកទៅលក់ចែកជូនឱ្យប្រជាពលរដ្ឋ ដើម្បីទិញម៉ាស៊ីនភ្លើងយកទៅប្រើប្រាស់មេត្តាកុំដំឡើងថ្លៃម៉ាស៊ីនភ្លើងថ្លៃពេក។ ហ្នឹងគ្រាន់តែជាការអំពាវនាវ ដើម្បីឱ្យមានការយោគយល់អំពីការលំបាកដោយសារអាកាសធាតុផង ហើយមួយផ្នែកទៀតក៏វាមានតម្រូវការទាក់ទងនឹងការវិនិយោគយ៉ាងគំហុកនៅក្នុងប្រទេសរបស់យើង។ សូមអធ្យាស្រ័យចំពោះការយឺតយ៉ាវ។ ទម្លាប់ធម្មតាខ្ញុំ មិនដែលយឺតទេ។ ថ្ងៃនេះមានការយឺតបន្តិច ដោយសារពាក់ព័ន្ធជាមួយនឹងការសម្រេចទៅលើបញ្ហាអគ្គិសនី។
[បញ្ចប់សេចក្ដីអត្ថាធិប្បាយ]
សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវជាតិ និងអន្តរជាតិ!
អង្គសន្តិបាតទាំងមូលជាទីមេត្រី!
ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយ ដោយបានចូលរួម ក្នុងពិធីបិទសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០១៧-២០១៨ និងលើកទិសដៅឆ្នាំសិក្សា ២០១៨-២០១៩ ដែលក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំឡើងយ៉ាងឱឡារិកក្នុងរយៈពេល ៣ ថ្ងៃ កន្លងមកនេះ។
ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នា និងកិច្ចសហការជិតស្និទ្ធរបស់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់ នៃក្រសួងអប់ រំយុវជន និងកីឡា សាស្ត្រាចារ្យ គ្រូបង្រៀន មាតាបិតាសិស្ស-និស្សិត សហគមន៍ និងឤជ្ញាធរដែនដីទូទាំងប្រទេស ដែលតែងតែយកចិត្តទុកដាក់រួមចំណែកអភិវឌ្ឍវិស័យអប់រំ និងធនធានមនុស្ស ប្រកបដោយស្មារតីទទួលខុសត្រូវ តាមតួនាទី និងភារកិច្ចរៀងៗខ្លួន ។ ទន្ទឹមនេះ ខ្ញុំក៏សូមវាយតម្លៃខ្ពស់ ចំពោះដៃគូអភិវឌ្ឍ អង្គការជាតិ អន្តរជាតិ និងស្ថាប័នពាក់ព័ន្ធទាំងអស់ដែលបានសហការ និងផ្តល់ការឧបត្ថម្ភគាំទ្រ ទាំងសម្ភារៈ ថវិកា ជួយរៀបចំផែនការសកមភ្មាព និងជួយជ្រោមជ្រែង ក្នុងការអនុវត្តសកមភ្មាពការងារក្នុងវិស័យអប់រំ យុវជន និងកីឡា។ ខ្ញុំសូមវាយតមៃ្លខ្ពស់ ចំពោះអង្គសន្និបាត ដែលសម្រេចបានលទ្ធផលលើការងារអប់រំគួរជាទីមោទនៈ ទន្ទឹមនេះ បានផ្តល់ឱកាស ដល់ស្ថាប័នពាក់ព័ន្ធបានយល់ជ្រួតជ្រាប និងបន្តចូលរួមអនុវត្ត កម្មវិធីកែទម្រង់អប់រំកាន់តែស៊ីជម្រៅ ក្នុងស្មារតីធ្វើឱ្យវិស័យអប់រំកម្ពុជាកាន់តែមានការអភិវឌ្ឍ ឆ្លើយតបទៅនឹងបរិការណ៍ថ្មីៗ នៃសង្គម-សេដ្ឋកិច្ច ទាំងក្នុងតំបន់ និងពិភពលោក ខណៈដែលកម្ពុជាមានសុខសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ព្រមទាំងធានាបាននូវភាពសុខដុម និងប្រក្រតីភាព នៃជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។
ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមគាំទ្រចំពោះអភិក្រម និងវិធីសាស្ត្រថ្មីៗ ក្នុងរបាយការណ៍បូកសរុបលទ្ធផលសន្និបាតរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដែលបានបង្ហាញពីសមិទ្ធផលសំខាន់ៗ និងទិសដៅ ដែលត្រូវអនុវត្តបន្តក្នុងគោលដៅបង្កើនសមត្ថភាពប្រកួតប្រជែងរបស់ប្រជាជនកម្ពុជា ក្នុងការចាប់យកកាលានុវត្តភាពថ្មីៗ ខណៈដែលកម្ពុជាបានចូលរួមយ៉ាងសកម្មក្នុងដំណើរការសមាហរណកម្ម ទាំងក្នុងកម្រិតតំបន់ និងពិភពលោក។ ក្នុងស្មារតីនេះ ការកែទម្រង់វិស័យអប់រំ នឹងបង្កើតនូវបរិយាកាស និងក្តីសង្ឃឹម ក្នុងការបង្កើនគុណភាពធនធានមនស្សុ និងជំនាញ សម្រាប់ផ្គត់ផ្គង់ទីផ្សារការងារ តាមរយៈការបង្កើតឱ្យមានសាលាជំនាន់ថ្មី ការពង្រឹងគុណភាព នៃការរៀន ការបង្រៀន ការលើកកម្ពស់សមត្ថភាពក្នុងការគ្រប់គ្រងសាលារៀន ការធ្វើបច្ចុប្បន្នភាពកម្មវិធីសិក្សា និងការរៀបចំបរិយាកាសល្អ សម្រាប់ការសិក្សារៀនសូត្រ។
រាជរដ្ឋាភិបាល នឹងបន្តវិភាជន៍ថវិកាបន្ថែមប្រចាំឆ្នាំដល់វិស័យអប់រំ ដើម្បីជ្រើសរើស និងបណ្តុះបណ្តាលគ្រូបង្រៀន ដែលជាឤទិភាពចម្បង ដើម្បីបំពេញបន្ថែមដល់ការងារពង្រាយគ្រូ និងជំនួសគ្រូដែលត្រូវចូលនិវត្ត។ ការធ្វើវិក្រឹត្យការគ្រូបង្រៀន ការកែលម្អកម្មវិធីសិក្សា ការធ្វើអធិការកិច្ច ការពង្រឹងសមត្ថភាពគ្រប់គ្រង និងគុណភាពប្រឡង។ ទន្ទឹមនេះ រាជរដ្ឋាភិបាលនឹងបន្តគិតគូរ អំពីការដំឡើងបៀវត្សរ៍ និងប្រាក់លើកទឹកចិត្តដល់គ្រូបង្រៀន និងបុគ្គលិកសិក្សាជាបន្តបន្ទាប់ទៀត ព្រមទាំងការខិតខំកៀរគរធនធានមកពីគ្រប់មជ្ឈដ្ឋាន ដើម្បីជំរុញលើកទឹកចិត្តឱ្យវិស័យឯកជន ចូលរួមវិនិយោគក្នុងវិស័យអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីធានាស្ថិរភាពទីផ្សារការងារ លើកកម្ពស់ផលិតភាព និងជីវភាពរស់នៅរបស់ប្រជាជន ជាមួយនឹងការធ្វើប្រតិភូកម្មអំណាច ការផ្ទេរមុខងារ ការផ្ទេរធនធាន និងការចែករំលែកបច្ចេកទេស តាមរយៈយន្តការវិមជ្ឈការ និងវិសហមជ្ឈការដល់អង្គភាពរដ្ឋបាលគ្រប់កម្រិត ក្រោមឱវាទក្រសួង-ស្ថាប័ន គ្រឹះស្ថានសាធារណៈ និងរដ្ឋបាលថ្នាក់ក្រោមជាតិ។
ការពង្រឹងគុណភាពវិស័យអប់រំកម្ពុជា គឺជាគោលដៅឤទិភាពរបស់រាជរដ្ឋាភិបាល ដែលបានកំណត់ក្នុងយុទ្ធសាស្ត្រចតុកោណ សម្រាប់អនុវត្តនៅគ្រប់ដំណាក់កាល គឺការអប់រំបណ្តុះបណ្តាលជំនាញបច្ចេកទេសវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការតម្រង់ទិស សម្រាប់ទីផ្សារការងារ ជាពិសេស គឺការពង្រឹងជំនាញបច្ចេកទេសដល់យុវជន សំដៅធានាថា យុវជនម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត សម្រាប់លើកស្ទួយជីវភាពគ្រួសារឱ្យកាន់តែល្អប្រសើរ រួមចំណែកក្នុងកាអភវិឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ។ ដូច្នេះ ដើម្បីសម្រេចបានតាមគោលនយោបាយអភិវឌ្ឍវិស័យអប់រំ ខ្ញុំសូមផ្តល់អនុសាសន៍មួយចំនួនដល់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់ នៃក្រសួងអប់រំ យុវជន និងកីឡា ដើម្បីចូលរួមអនុវត្តបន្ត ដូចខាងក្រោម៖
ទី ១. ត្រូវបន្តអនុវត្តឱ្យកាន់តែសកម្មនូវគោលនយោបាយអភិវឌ្ឍវិស័យអប់រំ ដើម្បីធានាថា ការអប់រំមានគុណភាព ប្រកបដោយសមធម៌ បរិយាបន្ន និងលើកកម្ពស់ឱកាសក្នុងការសិក្សាពេញមួយជីវិត សម្រាប់ទាំងអស់គ្នា។ ទន្ទឹមនេះ ត្រូវខិតខំជំរុញ និងពង្រីកកម្មវិធីអប់រំកុមារតូច និងបង្កលក្ខណៈឱ្យកុមារបានសិក្សា យ៉ាងតិច ៩ ឆ្នាំ នៅសាលារៀន ដែលមានបរិស្ថានស្អាត ទឹកស្អាត និងមានអនាម័យ។ ត្រូវបន្តផ្តល់អាហារូបករណ៍ដល់សិស្សពូកែ សិស្សជួបការលំបាក ជាពិសេស សិស្សនារី និងសិស្សក្នុងគ្រួសារក្រីក្រ ធានាប្រសិទ្ធភាព នៃការអនុវត្តកម្មវិធីសិក្សាផ្នែកគណិតវិទ្យា វិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងភាសាបរទេស ដើម្បីឱ្យស្របទៅនឹងចរន្ត នៃការរីកចម្រើនផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា គឺបដិវត្តន៍ឧស្សាហកម្មទី ៤។ ត្រូវបន្តលើកកម្ពស់ការយល់ដឹង អំពីសិល្បៈ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់របស់ជាតិ និងការអប់រំសីលធម៌សង្គមត្រូវបន្តពង្រឹងការអប់រំក្រៅប្រព័ន្ធ តាមរយៈការអនុវត្តកម្មវិធីសាលារៀនជំនាន់ថ្មី ដើម្បីលើកកម្ពស់គុណភាព និងសេវាអប់រំនៅគ្រប់ភូមិសិក្សា ពង្រីកការអប់រំបច្ចេកទេស ដោយយកចិត្តទុកដាក់ធ្វើឱ្យខេត្តមួយមានវិទ្យាល័យចំណេះទូទៅ និងបចេ្ចកទេសមួយយ៉ាងតិច សម្រាប់រយៈពេលមធ្យម និងស្រុកមួយមានវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសមួយយ៉ាងតិច សម្រាប់រយៈពេលវែង។
ទី ២. ត្រូវបន្តអនុវត្តប្រកបដោយប្រសិទ្ធភាព និងតម្លាភាពនូវគោលនយោបាយភាពជាអ្នកដឹកនាំ និងគ្រប់គ្រងរបស់មន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់ ត្រូវពង្រឹងការងារគ្រប់គ្រង ការដឹកនាំ ការបង្កើនប្រសិទ្ធភាពប្រើប្រាស់ហិរញ្ញប្បទាននៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ពង្រឹងប្រព័ន្ធការងារផែនការស្ថិតិអប់រំ ពង្រាយគ្រូបង្រៀនឱ្យបានដល់មូលដ្ឋាន បន្តអភិវឌ្ឍសមត្ថភាពនាយកសាលា និងគ្រូបង្រៀននៅតាមគ្រឹះស្ថានបណ្តុះបណ្តាល និងគ្រឹះស្ថានសិក្សា ពិសេស ពង្រឹងការងារអធិការកិច្ច និងយន្តការពិនិត្យកែលម្អជាប្រចាំ។
ទី ៣. ត្រូវបន្តអនុវត្តឱ្យកាន់តែសកម្ម លើការងារកាយរឹទ្ធ និងយុវជន ដោយបង្កើនការយកចិត្តទុកដាក់ ចំពោះកុមារ និងយុវជន ឱ្យមានស្មារតីទទួលខុសត្រូវ និងជឿជាក់លើសមត្ថភាពរបស់ខ្លួន និងប្រកាន់ខ្ជាប់នូវទង្វើជាវិជ្ជមាន។ ទន្ទឹមនេះ ត្រូវពង្រឹងយន្តការសម្របសម្រួលនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីបំផុស និងផ្សព្វផ្សាយ បង្កើតឱ្យមានកម្មវិធី “កូនល្អ សិស្សល្អ មិត្តល្អ ពលរដ្ឋល្អ” និងកម្មវិធីយុវជនគ្រប់មជ្ឈដ្ឋាន ដើម្បីរៀបចំចលនាបណ្តាញយុវជនស្ម័គ្រចិត្តចុះជួយតាមមូលដ្ឋាន និងតាមសហគមន៍នានាទូទាំងប្រទេស។
ទី ៤. ត្រូវបន្តអនុវត្តឱ្យកាន់តែសកម្មលើការងារកីឡា តាមរយៈការជំរុញចលនាយុវជនម្នាក់ចេះកីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិត ព្រមទាំងអភិវឌ្ឍសមាគមកីឡាមហាជន និងក្រុមកីឡាសិស្ស-និស្សិត ត្រូវបន្តពង្រីកសកម្មភាពអភិវឌ្ឍកម្មវិធីអប់រំកាយ និងកីឡា តាមគ្រឹះស្ថានសិក្សានៅទូទាំងប្រទេស។ ជាមួយនេះ ត្រូវខិតខំអនវុត្តគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍការអប់រំកាយ និងកីឡា និងការហាត់ហ្វឹកហ្វឺនតាមលក្ខណៈជាតិ និងអន្តរជាតិ ព្រមទាំងបំផុសស្មារតីមហាជន ពិសេស យុវជនឱ្យបានចូលរួមគ្រប់ៗគ្នា ពង្រឹងប្រសិទ្ធភាពការងារកីឡា ដើម្បីកម្ពុជាទទួលបានជោគជ័យ ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី ៣២ នាឆ្នាំ ២០២៣ ខាងមុខនេះ។
[ចាប់ផ្ដើមសេចក្ដីអត្ថាធិប្បាយ]
កម្ពុជាគ្រោងធ្វើស៊ីហ្គេម នៅខែ ឧសភា ២០២៣ ដោយខែ កក្តដា ជាប់បោះឆ្នោត
ថ្ងៃមុនខ្ញុំបានបញ្ជាក់ហើយ យើងគ្រោងនឹងធ្វើស៊ីហ្គេម នៅខែ ឧសភា ២០២៣។ តាមទម្លាប់ ស៊ីហ្គេមនៅ បណ្តាប្រទេស(មួយចំនួន)មានធ្វើនៅដើមឆ្នាំ ដូចជានៅឡាវធ្លាប់ធ្វើដើមឆ្នាំ … តែឆ្នាំ ២០២៣ យើងជាឆ្នាំបោះឆ្នោត នៅខែ កក្កដា។ បន្ទាប់ពីការបោះឆ្នោតហើយ យើងមានកិច្ចការច្រើនណាស់ដែលត្រូវធ្វើ ហើយក៏អាចមានបញ្ហាខ្លះៗផង។ ដូច្នេះ យើងសម្រេចថា ធ្វើនៅក្នុងខែ ឧសភា ២០២៣។ ធ្វើស៊ីហ្គេមរួចហើយបានឈានទៅដល់ការបោះឆ្នោត។ មិនរំខានដល់ការទទួលភ្ញៀវ ក្រោយការបោះឆ្នោតនោះទេ។ អ្វីៗយើងកំពុងតែរៀបចំ (ទាំង)ហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ដើម្បីបម្រើទៅឱ្យស៊ីហ្គេមនោះ។
[បញ្ចប់សេចក្ដីអត្ថាធិប្បាយ]
ទី ៥. ត្រូវបន្តបង្កើនប្រសិទ្ធភាពការប្រើប្រាស់ហិរញ្ញប្បទានសហប្រតិបត្តិការ ដើម្បីឆ្លើយតបទៅនឹងឤទិភាព នៃការអភិវឌ្ឍជាតិ ពង្រឹងភាពជាម្ចាស់ ភាពជាដៃគូ និងយន្តការ នៃកិច្ចសហប្រតិបត្តិការ ដើម្បីសម្រេចឱ្យបានគោលដៅអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ ២០៣០ ផ្សារភ្ជាប់ទៅនឹងការអប់រំ វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី សន្តិភាព ការគោរពសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់មនុស្ស ការគោរពគោលការណ៍ស្មើភាព ប្រជាធិបតេយ្យ ការប្រយុទ្ធប្រឆាំងអំពើហិង្សា ការទប់ស្កាត់ការរីករាលដាល នៃមេរោគអេដស៍ ជំងឺអេដស៍ ការលុបបំបាត់ការប្រើប្រាស់គ្រឿងញៀន ការជួញដូរស្ត្រី និងកុមារ និងការលុបបំបាត់រាល់ទម្រង់ នៃការរើសអើងគ្រប់ប្រភេទនៅក្នុងសង្គម។
ជាទីបញ្ចប់ ជាមួយនឹងការប្រកាសបិទសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០១៧-២០១៨ និងលើកទិសដៅការងារឆ្នាំសិក្សាឆ្នាំ ២០១៨-២០១៩ នាពេលនេះ ខ្ញុំសូមជូនពរ សមេច្ត ឯកឧត្ដម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ មន្ត្រី បុគ្គលិកសិក្សា លោកគ្រូ អ្នកគ្រូ សាស្ត្រចារ្យ និងអង្គសន្និបាតទាំងមូល សូមប្រកបដោយពទុព្ធរ និងពរទាំង ៥ ប្រការ គឺ ឤយុ វណ្ណៈ សុខៈ ពលៈ និង បដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕