ព្រះអង្គម្ចាស់ក្សត្រីយ៍មហាចក្រី សិរិនថន នៃព្រះរាជាណាចក្រថៃ!
ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ទាំង កម្ពុជា និងថៃ
សូមគោរព បងប្អូន ជនរួមជាតិ ដែលបានចូលរួមនៅក្នុងឱកាសនេះ!
សារសំខាន់នៃការកសាងវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ
ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយដែលបានចូលរួមជាមួយព្រះអង្គម្ចាស់ក្សត្រីយ៍ មហាចក្រី សិរិនថន នៃព្រះរាជាណាចក្រថៃ ដើម្បីបញ្ចុះបឋមសិលាសាងសង់វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ។ ខ្ញុំពិតជាមានមោទនភាព ដែលបានមកកាន់ទីនេះ ដើម្បីធ្វើកិច្ចការដែលមានសារសំខាន់សម្រាប់អនាគតនៃប្រទេសជាតិរបស់យើង។ អម្បាញ់មិញ ព្រះអង្គម្ចាស់ក្សត្រីយ៍ ក៏បានលើកឡើងអំពីប្រវត្តិ នៃដំណើររឿងពាក់ព័ន្ធជាមួយនឹងវិទ្យាស្ថាននេះ។ ដើមឡើយ កម្ពុជាបានស្នើសុំ ត្រឹមតែបង្កើតវិទ្យាស្ថានបច្ចេកវិទ្យា នៅឯខេត្តកោះកុង ក៏ប៉ុន្តែ ឆ្លងកាត់តាមព្រះរាជតំរិះរបស់ព្រះអង្គម្ចាស់ក្សត្រីយ៍ក៏បានពិនិត្យឃើញថា បើសិនជានៅកោះកុង គង់តែទៅរៀននៅក្នុងប្រទេសថៃក៏អាចធ្វើបានដែរ។ ដូច្នេះ ហើយក៏ចាប់ផ្តើមមានការពិភាក្សាគ្នា ទាក់ទិននឹងការកសាងនៅផ្នែកខាងក្នុង ដោយជ្រើសរើសនៅក្នុងខេត្តកំពង់ស្ពឺនេះ ដែលផ្តល់ឱកាសមិនត្រឹមតែប្រជាពលរដ្ឋ និងយុវជននៅក្នុងខេត្តកំពង់ស្ពឺរបស់យើងប៉ុណ្ណោះទេ ក៏ប៉ុន្តែវិសាលភាពសម្រាប់តំបន់នេះ គឺអាចទាក់ទាញមកពីខេត្តកោះកុង ខេត្តព្រះសីហនុ ខេត្តតាកែវ ហើយនិងខេត្តកំពង់ឆ្នាំង ក៏អាចមានផងដែរ។ មនុស្សមួយចំនួនមកពីខេត្តកណ្តាល ក៏អាចមកកាន់ទីនេះ ដើម្បីធ្វើការសិក្សាដែរ។
អរព្រះគុណ ព្រះអង្គម្ចាស់ក្សត្រីយ៍ សិរិនថន ចំពោះការយកចិត្តទុកដាក់លើការបណ្តុះបណ្តាលធនធានមនុស្ស
ទូលបង្គំ ខ្ញុំពិតជាមានការរីករាយ ដោយសារតែសមិទ្ធិផលទាំងអស់នេះបានចេញមកពីការខិតខំរួមគ្នា ពីស្មារតី សាមគ្គីភាព និងការយោគយល់ ហើយក្នុងនោះ ពីសំណាក់ព្រះអង្គម្ចាស់ក្សត្រីយ៍ផ្ទាល់ ដែលបានយកព្រះទ័យទុកដាក់ជួយចំពោះកម្ពុជាទៅលើវិស័យអប់រំ និងវិស័យសុខាភិបាល បន្ទាប់ពីជោគជ័យ នៃដំណើការវិទ្យាល័យកំពង់ឈើទាល នៅឯខេត្តកំពង់ធំ ដែលបានប្រែក្លាយទៅជាវិទ្យាស្ថានបច្ចេកវិទ្យានៅឯខេត្តកំពង់ធំរួចស្រេចទៅហើយ។ ព្រះអង្គម្ចាស់ក្សត្រីយ៍បានយកព្រះទ័យទុកដាក់យ៉ាងខ្លាំង ជាមួយនឹងការបណ្តុះបណ្តាលធនធានមនុស្សនៅទីនោះ បន្ថែមទៅដោយមួយឆ្នាំៗ បានយកនិស្សិតរបស់កម្ពុជា ទៅធ្វើការបណ្តុះបណ្តាលនៅព្រះរាជាណាចក្រថៃ។ ក្នុងនាមរាជរដ្ឋាភិបាល ទូលបង្គំ ក៏ដូចជាយុវជនកម្ពុជា ដែលបានទទួលផលប្រយោជន៍អំពីការជួយឧបត្ថមនេះសូមថ្លែងនូវអំណរព្រះគុណយ៉ាងជ្រាលជ្រៅចំពោះព្រះអង្គម្ចាស់ក្សត្រីយ៍ ដែលបានយកព្រះទ័យទុកដាក់ជួយមកដល់ប្រជាជនកម្ពុជា ទៅលើការបណ្តុះបណ្តាលធនធានមនុស្ស។ យើងមិនត្រូវភ្លេចថា ការអភិវឌ្ឍប្រទេសមួយទាមទារមុនគេ គឺធនធានមនុស្សនោះឯង ហើយប្រទេសថៃ គឺជាប្រទេសជិតខាងមួយ ដែលមានលទ្ធភាពក្នុងការជួយមកដល់ប្រជាជនកម្ពុជា ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស។
ឆ្លងតាមរយៈនេះ ទូលបង្គំខ្ញុំក៏សុំថ្លែងនូវការកោតសរសើរដល់ក្រុមការងារនៃភាគីទាំងពីរកម្ពុជា និងថៃ ដែលបានជ្រើសរើសទីតាំងភូមិសាស្រ្តនេះ សម្រាប់កសាងនូវវិទ្យាស្ថាននេះឡើង ដោយសារតែវាបានផ្សារភ្ជាប់នូវផ្លូវលេខ ៤៤ ដែលអម្បាញ់មិញ ទូលបង្គំខ្ញុំក៏បានទូលថ្វាយព្រះអង្គម្ចាស់ក្សត្រី (ទោះបី)មិនទាន់បានសម្ពោធនៅឡើយក្តី ប៉ុន្តែឥឡូវលឺថា មួយយប់ៗ ឡានដឹកសម្បើមណាស់ផ្លូវនេះ។ វាបានតភ្ជាប់ពីផ្លូវជាតិលេខ ៤ នៃខេត្តកំពង់ស្ពឺរបស់យើង ចេញទៅផ្លូវជាតិលេខ ៥ ហើយតាមដឹងនៅម្តុំនេះ ចេញទៅខាងកំពង់ឆ្នាំង ជិតជាងទៅខាងកំពង់ស្ពឺវិញ។ អ្នកកំពង់ឆ្នាំងទទួលផលច្រើនជាងអ្នកកំពង់ស្ពឺ។ យ៉ាងណាក៏ដោយ ផ្លូវជាមួយនឹងសាលារៀននេះ ស្របគ្នា(ជាប្រយោជន៍ សំរាប់) ប្រជាពលរដ្ឋនៅក្នុងស្រុកថ្ពង ឃុំអមលាំងរបស់យើងនេះ ដែលពីអតីតកាលពោរពេញទៅដោយការឈឺចាប់ ឈាម និងទឹកភ្នែកនៅក្នុងតំបន់នេះ ប៉ុន្តែ ឥឡូវ បានក្លាយជាតំបន់អភិវឌ្ឍន៍មួយ រួមមានទាំងស្ថាប័នឧត្តមសិក្សាទទួលបន្ទុកបណ្ដុះបណ្តាលធនធានមនុស្សនៅទីនេះផងដែរ។
អរគុណដល់ប្រជាពលរដ្ឋ និងសប្បុរសជន ដែលបានឧបត្ថម្ភដីសម្រាប់ប្រយោជន៍រួម
ខ្ញុំសូមយកឱកាសនេះថ្លែងអំណរគុណដល់ឧកញ៉ា លី យ៉ុងផាត់ ដែលបានឧបត្ថម្ភដីមួយចំនួន ជាដីសម្បទានសេដ្ឋកិច្ចសម្រាប់ការអភិវឌ្ឍនៅតំបន់នេះ ហើយសូមថ្លែងអំណរគុណ អរព្រះគុណ ដល់ប្រជាពលរដ្ឋរបស់យើងមួយចំនួន ដែលយល់ព្រមទទួលនូវគោលនយោបាយដោះស្រាយដីធ្លី និងពង្រីកនៅទីកន្លែងនេះ។ នេះជាផលប្រយោជន៍រួមរបស់ជាតិរបស់យើង មិនមែនគ្រាន់តែមួយឆ្នាំ ឬពីរឆ្នាំទេ អស់ពីជំនាន់មួយទៅកាន់ជំនាន់មួយទៀត ហើយដែលតំបន់នេះជាតំបន់ងាយស្រួល អាចចាត់ទុកថា យើងនៅមានតម្រូវការដោះស្រាយតែមួយមុខមួយទៀតទេ បើនិយាយពីអាទិភាពទាំងបួន ផ្លូវយើងមានហើយ អគ្គិសនីយើងមានប្រើប្រាស់នៅតំបន់នេះហើយ សាលាយើងមាននៅកន្លែងនេះហើយ ប៉ុន្តែបញ្ហាទឹកជាបញ្ហាត្រូវដោះស្រាយ។ ដូច្នេះ សង្ឃឹមថា គណកម្មាការសម្រាប់សាងសង់ ជាមួយអាជ្ញាធរខេត្ត ទាំងអាជ្ញាធរពាក់ព័ន្ធ ជាមួយក្រសួងធនធានទឹក ត្រូវរួមគ្នាពិនិត្យដោះស្រាយ តើត្រូវដោះស្រាយទឹកផ្គត់ផ្គង់ក្នុងតំបន់នេះរបៀបម៉េច? ដើម្បីធានាថា ទឹកនៅតំបន់នេះគឺប្រើប្រាស់សម្រាប់ប្រជាពលរដ្ឋ សម្រាប់និស្សិតនៅកន្លែងនេះផង និងសម្រាប់តំបន់ដែលនៅជិតខាងកន្លែងនេះផង។
ព្រះរាជទស្សនកិច្ចទាំង ១៣ លើក បានជួយដល់វិស័យសុខាភិបាល និងអប់រំ
ខ្ញុំពិតជាមានមោទនភាព ដោយសារតែកិច្ចសហប្រតិបត្តិការរបស់យើងមិនដាច់រយៈទេ ហើយបើយើងពិនិត្យ តាំងពីឆ្នាំ ១៩៩២ រហូតមកដល់ពេលនេះ ព្រះរាជទស្សនកិច្ចរបស់ព្រះរាជម្ចាស់ក្សត្រីយ៍មានចំនួន ១៣ លើក ទាំងជាទស្សនកិច្ចផ្លូវការ និងមិនផ្លូវការសំដៅឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការ និងជំនួយឧបត្ថម្ភទៅលើវិស័យអប់រំ និងវិស័យសុខាភិបាលជាមួយនឹងគម្រោងនៅខេត្តកំពង់ធំ ពាក់ព័ន្ធនឹងការបណ្ដុះបណ្តាលធនធានមនុស្ស និងគម្រោងដែលទាក់ទិន។ ថ្ងៃនេះ សម្ពោធបើកការដ្ឋាននូវវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ។ នៅមានកម្មវិធីពាក់ព័ន្ធជាមួយនឹងវិស័យសុខាភិបាល គឺការកម្ចាត់ជំងឺគ្រុនចាញ់នៅក្នុងខេត្តរតនគិរី និងមណ្ឌលគិរី នៅភូមិភាគឥសានរបស់ប្រទេសកម្ពុជា ដែលស្របនឹងគោលដៅប្រទេសកម្ពុជា ក្នុងការបំបាត់ជំងឺគ្រុនចាញ់របស់កម្ពុជាឆ្នាំ ២០២៥។ ម្សិលមិញនេះ ព្រះអង្គម្ចាស់ក្សត្រីយ៍ក៏បានយាងទៅកាន់ខេត្តរតនគិរី ដែលជាខេត្តគោលដៅមួយ ក្នុងចំណោមខេត្តគោលដៅ នៃការបំបាត់ជំងឺគ្រុនចាញ់។ ក្នុងរយៈពេលបីថ្ងៃ នៃព្រះរាជទស្សនកិច្ច ពីថ្ងៃម្សិល ថ្ងៃនេះ និងថ្ងៃស្អែក សកម្មភាពរបស់ព្រះអង្គម្ចាស់ក្សត្រីយ៍មានច្រើន។ ម្សិលមិញ (យាងទៅ)ខេត្តរតនគិរី, ថ្ងៃនេះ ខេត្តកំពង់ស្ពឺ ព្រៃវែង ត្បូងឃ្មុំ និងកំពង់ធំ។ ព្រះរាជដំណើរនេះ គ្មានគោលដៅអ្វីក្រៅពីការជួយឧបត្ថម្ភដល់ប្រជាជនកម្ពុជា ក្នុងឋានៈជាប្រទេសជិតខាងនោះទេ។ ទូលព្រះបង្គំ ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា សាជាថ្មីម្ដងទៀត ថ្លែងអំណរគុណចំពោះព្រះអង្គម្ចាស់ក្សត្រីយ៍ ដែលបានរួមវិភាគទានក្នុងការផ្ដល់ជំនួយសម្រាប់ប្រជាជនកម្ពុជា មិនគ្រាន់តែសម្រាប់ជំនាន់នេះទេ ក៏ប៉ុន្តែសមិទ្ធិផលទាំងអស់នេះ គឺសម្រាប់ប្រជាជនតជំនាន់តទៅទៀត។
ទូលបង្គំខ្ញុំ សូមយកឱកាសនេះ ក៏សូមថ្លែងនូវអំណរគុណចំពោះរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ ដែលជានិច្ចកាលបានគាំទ្រដល់សកម្មភាពទាំងឡាយ ក្នុងនោះ ក៏មានការជួបប្រជុំគ្នារវាងគណៈរដ្ឋមន្រ្តីនៃប្រទេសទាំងពីរកាលពី ខែ ធ្នូ កន្លងទៅ។ ហើយរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរបានយកចិត្តទុកដាក់ខ្ពស់នៅក្នុងការធ្វើកិច្ចសហប្រតិបត្តិការណ៍ ដើម្បីនឹងរៀបចំឲ្យព្រះរាជទស្សនកិច្ចនេះ ប្រកបដោយជោគជ័យ។ ខ្ញុំក៏សូមយកឱកាសនេះ ថ្លែងអំណរគុណចំពោះសមាគមមិត្តភាពកម្ពុជា-ថៃ ដែលថ្ងៃនេះ មានវត្តមាននៃប្រធាន(សមាគម)ទាំងពីរ ក៏ដូចជាសមាជិកនៃគណៈកម្មការទាំងពីរ។ សូមថ្លែងអំណរគុណចំពោះធុរកិច្ចថៃទាំងឡាយ ដែលល្ងាចនេះ នឹងមានកម្មវិធីចូលគាល់ថ្វាយបង្គំ ចំពោះព្រះអង្គម្ចាស់ក្សត្រីយ៍ ហើយភរិយាទូលបង្គំខ្ញុំ បាននឹងចូលរួមនៅក្នុងកម្មវិធីនៅពេលល្ងាចនេះដែរ។
ថ្ងៃនេះ ពិតណាស់ថា ព្រះអង្គម្ចាស់ក្សត្រីយ៍ត្រូវមានកម្មវិធីបន្តទៀត បន្ទាប់ពីយាងវិញត្រឡប់ពីទីនេះ និងត្រូវចូលគាល់ព្រះមហាក្សត្រនៅថ្ងៃត្រង់នេះឯង។ ដូច្នេះ យើងមិនអាចពន្យាកម្មវិធីបានយូរពេកនោះទេ។ យើងត្រូវធ្វើដំណើរត្រឡប់ទៅទីក្រុងភ្នំពេញ។ សម្រាប់ទូលបង្គំអត់បញ្ហាទេ ដោយសារទូលបង្គំអស់(ភារកិច្ច) ប៉ុន្តែសម្រាប់ ព្រះអង្គម្ចាស់ក្សត្រីយ៍ គឺមានកម្មវិធីត្រូវចូលព្រះបរមរាជវាំង ដើម្បីគាល់ព្រះមហាក្សត្រ … ជាមួយនឹងការថ្លែងអំណរគុណ និងអបអរសាទរចំពោះសមិទ្ធិផលដែលនឹងត្រូវបញ្ចុះបឋមសីលាសាងសង់វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ ក្រោមព្រះរាជជំនួយឧបត្ថម្ភរបស់ព្រះអង្គម្ចាស់ក្សត្រីយ៍ មហាចក្រី សិរិនថន នៃព្រះរាជាណាចក្រថៃ ទូលបង្គំខ្ញុំ សូមយកឱកាសនេះ ថ្វាយព្រះពរចំពោះព្រះអង្គម្ចាស់ក្សត្រីយ៍ ក៏ដូចជាជូនពរចំពោះឯកឧត្តម លោកជំទាវ អស់លោក លោកស្រី និងបងប្អូនជនរួមជាតិទាំងអស់ សូមប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលំ និងសូមឲ្យចំណងមិត្តភាពកម្ពុជា-ថៃ ស្ថិតនៅឋិតថេរជានិច្ចកាល៕