ការដកស្រង់ប្រសាសន៍ ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ ជាមួយ ព្រះអង្គម្ចាស់ក្សត្រីយ៍ មហាចក្រី សិរិនថន

ព្រះអង្គម្ចាស់ក្សត្រីយ៍មហាចក្រី សិរិនថន នៃព្រះរាជាណាចក្រថៃ! ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ទាំង កម្ពុជា និងថៃ សូមគោរព បងប្អូន ជនរួមជាតិ ដែលបានចូលរួម​នៅក្នុងឱកាសនេះ! សារសំខាន់នៃការកសាងវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយដែលបានចូលរួមជាមួយព្រះអង្គម្ចាស់ក្សត្រីយ៍ មហាចក្រី សិរិនថន នៃព្រះរាជាណា​ចក្រ​ថៃ ដើម្បីបញ្ចុះបឋមសិលាសាងសង់វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ។ ខ្ញុំពិតជាមានមោទនភាព ដែលបានមកកាន់​ទីនេះ ដើម្បីធ្វើកិច្ចការដែលមានសារសំខាន់សម្រាប់អនាគតនៃប្រទេសជាតិរបស់យើង។ អម្បាញ់មិញ ព្រះអង្គម្ចាស់​ក្សត្រីយ៍ ក៏បានលើកឡើងអំពីប្រវត្តិ នៃដំណើររឿងពាក់ព័ន្ធជាមួយនឹងវិទ្យាស្ថាននេះ។ ដើមឡើយ កម្ពុជាបានស្នើសុំ ត្រឹមតែបង្កើតវិទ្យាស្ថានបច្ចេកវិទ្យា នៅឯខេត្តកោះកុង ក៏ប៉ុន្តែ ឆ្លងកាត់តាមព្រះរាជតំរិះរបស់ព្រះអង្គម្ចាស់ក្សត្រីយ៍ក៏​បានពិនិត្យឃើញថា បើសិនជានៅកោះកុង គង់តែទៅរៀននៅក្នុងប្រទេសថៃក៏អាចធ្វើបានដែរ។ ដូច្នេះ ហើយក៏ចាប់​ផ្តើមមានការពិភាក្សាគ្នា ទាក់ទិននឹងការកសាងនៅផ្នែកខាងក្នុង ដោយជ្រើសរើសនៅក្នុងខេត្តកំពង់ស្ពឺនេះ ដែល​ផ្តល់​ឱកាសមិនត្រឹមតែប្រជាពលរដ្ឋ និងយុវជននៅក្នុងខេត្តកំពង់ស្ពឺរបស់យើងប៉ុណ្ណោះទេ ក៏ប៉ុន្តែវិសាលភាពសម្រាប់​តំ​បន់នេះ គឺអាចទាក់ទាញមកពីខេត្តកោះកុង ខេត្តព្រះសីហនុ ខេត្តតាកែវ ហើយនិងខេត្តកំពង់ឆ្នាំង ក៏អាចមាន​ផង​ដែរ។ មនុស្សមួយចំនួនមកពីខេត្តកណ្តាល ក៏អាចមកកាន់ទីនេះ ដើម្បីធ្វើការសិក្សាដែរ។ អរព្រះគុណ ព្រះអង្គម្ចាស់ក្សត្រីយ៍ សិរិនថន ចំពោះការយកចិត្តទុកដាក់លើការបណ្តុះបណ្តាលធនធានមនុស្ស…