សុន្ទរកថានិងសេចក្តីដកស្រង់សង្កថា សម្តេចតេជោ ហ៊ុន សែន បើកបុណ្យសមុទ្រ លើកទី ៩ ជុំទី ៣

[សុន្ទរកថា] សម្ដេច ឯកឧត្តម លោកជំទាវ! ឯកឧត្តម លោកជំទាវ ឯកអគ្គរដ្ឋទូត និងតំណាងអង្គទូត! ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូនជនរួមជាតិជាទីស្រឡាញ់! ខ្ញុំពិតជាមានសេចក្តីសោមនស្សដោយបានចូលរួមជាមួយ សម្ដេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ក្នុងឱកាសបើកពិធីបុណ្យសមុទ្រ ក្រោមប្រធានបទ “ឆ្នេរនៃសន្តិភាព ឆ្នេរនៃក្ដីសង្ឃឹម” ដ៏មហោឡារិកនារាត្រីនេះ។ ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំក៏សូមវាយតម្លៃខ្ពស់ ចំពោះគណៈកម្មាការអន្តរក្រសួង ក្រសួងទេសចរណ៍ ក្រសួង-ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្តព្រះសីហនុ និងវិស័យឯកជន ដែលបានរួមសហការគ្នារៀបចំពិធីបុណ្យសមុទ្រ លើកទី ៩ បន្ទាប់ពីខកខានរយៈពេល ៣ ឆ្នាំ ដោយសារជំងឺកូវីដ-១៩។ ដូចបានគូសបញ្ជាក់ក្នុងរបាយការណ៍ស្វាគមន៍របស់ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កម្ពុជារំពឹងទទួលបានភ្ញៀវទេសចរអន្តរជាតិសរុបប្រមាណ ២ លាននាក់ សម្រាប់ឆ្នាំ ២០២២ នេះ ក្នុងក្ដីសង្ឃឹមថា ចំនួនភ្ញៀវអន្តរជាតិ អាចនឹងត្រឡប់ទៅរកស្ថានភាពមុនវិបត្តិជំងឺកូវីដ-១៩ ចំនួន…

សេចក្តីដកស្រង់ប្រសាសន៍ ពិធីបុណ្យសមុទ្រលើកទី ៨ ជុំទី ២

“… អ្នកដែលមានការពាក់ព័ន្ធតែងស្នើសុំមកខ្ញុំ អំពីការវិនិយោគដាំសារាយនៅក្នុងសមុទ្រ … តើតំបន់ដែលមានការវិនិយោគបែបនេះ ជាតំបន់ហាមឃាត់ចំពោះប្រជាជនក្នុងការនេសាទឬអត់? ហេតុអ្វីបានជាមកធ្វើការវិនិយោគខេត្តកំពត ខេត្តព្រះសីហនុ? … ដោយសារតែការសួររបស់ខ្ញុំនោះហើយ ដែលរក្សាបានធនធានធម្មជាតិនៅក្នុងសមុទ្រ និងបាតសមុទ្រ។ បន្ថែមលើនោះ ការជំទាស់របស់ខ្ញុំមិនឱ្យបូមខ្សាច់នៅក្នុងសមុទ្រ ក៏បានថែទាំជីវៈចម្រុះនៅក្នុងសមុទ្រ …”

“… មានប្រមាណជា ៧ ពាន់ហិកតា ដែលគ្របដណ្ដប់ទៅដោយស្មៅសមុទ្រ និងមានអ្វីៗនៅទីនោះ ដែលចាំបាច់ដាក់ជាតំបន់ការពារដើម្បីធានាថាកន្លែងនោះ ទាក់ទាញទេសចរដែលមកមុជទឹកផ្នែកកំសាន្ត ព្រោះឥឡូវ ចាប់ផ្ដើមមានទេសចរដែលមុជទឹក ដើម្បីទៅមើលអ្វីនៅក្រោមបាតសមុទ្រផងដែរ …”

” … ប្រទេសរបស់យើងពិតជាមានធនធានដ៏កម្រ … យើងមិនធ្វើសេដ្ឋកិច្ចដោយពឹងផ្អែកលើវិស័យណាតែមួយនោះទេ ហើយយើងក៏មិនធ្វើវិស័យទេសចរណ៍ ដោយពឹងផ្អែកទៅលើអង្គរវត្ត និងប្រាង្គប្រាសាទតែម្យ៉ាងនោះដែរ … ខេត្តនៅជាប់មាត់សមុទ្រ ពិតមែនតែគ្មានប្រាង្គប្រាសាទ ក៏ប៉ុន្តែមានមាត់សមុទ្រ សម្រាប់ការកំសាន្តរបស់អ្នកទេសចរ ទាំងក្នុងស្រុកនិងមកពីក្រៅស្រុក។ ខេត្តមិនមានមាត់សមុទ្រ ក៏មានប្រាង្គប្រាសាទ មានបឹងបួ មានព្រៃភ្នំ ក្រំថ្ម ទាក់ទាញទេសចរទៅកំសាន្ត …”

សម្ដេចតេជោ ហ៊ុន សែន, បើកពិធីបុណ្យសមុទ្រលើកទី ៨ ជុំទី ២ ខេត្តកំពត, ២១ ធ្នូ ២០១៩

សេចក្តីដកស្រង់សង្កថា ក្នុងពិធីបុណ្យសមុទ្រ លើកទី ៦ ឆ្នាំ ២០១៧

… សូមស្នើអ្នកខាងដាក់សុន្ទរកថា ដកចេញ ដោយសារខ្ញុំមិនអានសុន្ទរកថាទេ។ ជាទម្លាប់(មានការ)ព្រៀង​ឲ្យខ្ញុំ​។ ប៉ុន្តែ អ្វីដែល(ខ្ញុំប្រើគឺ)ជា(ការព្រៀង)របស់ខ្ញុំនៅក្នុងទូរស័ព្ទវិញទេ។ សូមដកយកសុន្ទរកថាខ្ញុំចេញ ព្រោះខ្ញុំមិនអានសុន្ទរកថា ដែលបានព្រៀងទុកនោះទេ។ បុណ្យសមុទ្រធ្វើរាល់ឆ្នាំ, ឆ្នាំក្រោយធ្វើនៅកោះកុង ដំបូងក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាន របស់សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ដែលបានអញ្ជើញមកពីគ្រប់ទិសទីដើម្បីចូលរួមនៅ បុណ្យសមុទ្រលើកទី ៦ នៅខេត្តកែបរបស់យើងនេះ។ ខ្ញុំក៏សូមយកឱកាសនេះ ដើម្បីស្វាគមន៍ផងដែរ ជាមួយ នឹងវត្តមាននៃប្រិយមិត្តបរទេសទាំងឡាយ រាប់ទាំងសិល្បករ សិល្បការិនី ដែលបានអញ្ជើញមកពីសាធារណរដ្ឋសង្គមនិយមវៀតណាម មកពីព្រះរាជាណាចក្រថៃ មកពីសាធារណរដ្ឋឥណ្ឌា​ មកពីឥណ្ឌូនេស៊ី ហើយក្នុងនោះក៏មានពីព្រះរាជាណាចក្រកម្ពុជាយើងផងដែរ។ ពិធីបុណ្យសមុទ្រដែលយើងបានរៀបចំជារៀងរាល់ឆ្នាំ មិនមែនជាព្រឹត្តិការណ៍ដាច់ដោយឡែករបស់ខេត្តនីមួយៗ ដូចជានៅខេត្តកែបនេះប៉ុណ្ណោះទេ ក៏ប៉ុន្តែនេះគឺជាឱកាស នៃការជួបជុំគ្នាមួយនៅក្នុងក្របខណ្ឌទូទាំងប្រទេស ដែលក្នុងនោះ វត្តមានស្តង់ជាច្រើន បង្ហាញនៅថ្ងៃនេះ តាមបណ្តាខេត្ត បណ្តាស្ថាប័ន និងក្រុមហ៊ុននានា ផ្តល់ឱកាសអោយយើងទាំងអស់គ្នាយល់ដឹងពីការរីកចម្រើនជាទូទៅសម្រាប់ប្រទេសរបស់ជាតិ។ នៅរៀងរាល់ចុងឆ្នាំម្តងៗ យើងតែងធ្វើពិធីជួបជុំគ្នានៅតាមមាត់សមុទ្រ ដែលហៅថា បុណ្យសមុទ្រ ហើយនៅមុនពិធីចូលឆ្នាំខ្មែរ យើងក៏មានការជួបជុំគ្នា នៅអង្គរសង្គ្រាន ដែលជាពិធីជួបជុំក្នុងចំណោមប្រជាជនកម្ពុជារបស់យើង។…