[សុន្ទរកថា]
សម្ដេច ឯកឧត្តម លោកជំទាវ!
ឯកឧត្តម លោកជំទាវ ឯកអគ្គរដ្ឋទូត និងតំណាងអង្គទូត!
ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូនជនរួមជាតិជាទីស្រឡាញ់!
ខ្ញុំពិតជាមានសេចក្តីសោមនស្សដោយបានចូលរួមជាមួយ សម្ដេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ក្នុងឱកាសបើកពិធីបុណ្យសមុទ្រ ក្រោមប្រធានបទ “ឆ្នេរនៃសន្តិភាព ឆ្នេរនៃក្ដីសង្ឃឹម” ដ៏មហោឡារិកនារាត្រីនេះ។ ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំក៏សូមវាយតម្លៃខ្ពស់ ចំពោះគណៈកម្មាការអន្តរក្រសួង ក្រសួងទេសចរណ៍ ក្រសួង-ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្តព្រះសីហនុ និងវិស័យឯកជន ដែលបានរួមសហការគ្នារៀបចំពិធីបុណ្យសមុទ្រ លើកទី ៩ បន្ទាប់ពីខកខានរយៈពេល ៣ ឆ្នាំ ដោយសារជំងឺកូវីដ-១៩។
ដូចបានគូសបញ្ជាក់ក្នុងរបាយការណ៍ស្វាគមន៍របស់ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កម្ពុជារំពឹងទទួលបានភ្ញៀវទេសចរអន្តរជាតិសរុបប្រមាណ ២ លាននាក់ សម្រាប់ឆ្នាំ ២០២២ នេះ ក្នុងក្ដីសង្ឃឹមថា ចំនួនភ្ញៀវអន្តរជាតិ អាចនឹងត្រឡប់ទៅរកស្ថានភាពមុនវិបត្តិជំងឺកូវីដ-១៩ ចំនួន ៧ លាននាក់ នៅឆ្នាំ ២០២៦ ឬឆ្នាំ ២០២៧។ ជាការពិត រាជរដ្ឋាភិបាលបានចាត់ទុកវិស័យទេសចរណ៍ជាវិស័យអាទិភាព និងជា “មាសបៃតង” រួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ តាមរយៈការបង្កើតឱកាសការងារ បង្កើនប្រាក់ចំណូលជូនប្រជាជន ដោយផ្ទាល់ និងដោយប្រយោល ជំរុញការនាំចេញនៅនឹងកន្លែង បង្កើនចំណូលជាតិ ទ្រទ្រង់កំណើនសេដ្ឋកិច្ច ចូលរួមដល់ការអភិរក្សវប្បធម៌ និងថែរក្សាការពារបរិស្ថាន និងធនធានធម្មជាតិរបស់យើង ប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់ ពិសេសរួមចំណែកសម្រេចគោលដៅទៅជា “កម្ពុជាជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ ២០៣០” និង “ជាប្រទេសចំណូលខ្ពស់ នៅឆ្នាំ ២០៥០”។
ការចូលជាសមាជិកក្លឹបឆ្នេរសមុទ្រដែលស្អាតជាងបំផុតលើសកលលោក ចាប់តាំងពីឆ្នាំ ២០១១ ពិតជាបានស្ដែងឱ្យឃើញពីរបត់ថ្មី នៃការប្រែប្រួលមុខមាត់ជាបន្តបន្ទាប់របស់តំបន់ឆ្នេរសមុទ្រកម្ពុជា ទាំងលើទិដ្ឋភាពសង្គម សេដ្ឋកិច្ច ទេសចរណ៍ នគរូបនីយកម្ម និងបរិស្ថាន ដែលជាកត្តាកំណត់លើការទទួលស្គាល់ជាអន្តរជាតិ នៃឆ្នេរសមុទ្រកម្ពុជា គ្របដណ្ដប់លើខេត្តទាំង ៤ រួមមាន៖ ខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តកំពត និងខេត្តកែប ក្រោមឈ្មោះរួមមួយថា “ឆ្នេរសមុទ្រកម្ពុជា” និងត្រូវបានប្រសិទ្ធនាមថា “តារារះនាទិសនិរតី”។
ឆ្នេរសមុទ្រដ៏ស្អាតនេះ គឺបានបំពេញបន្ថែមទៅឱ្យប្រាង្គប្រាសាទរាប់ពាន់របស់យើង ដែលដូនតាយើង អតីតព្រះមហាក្សត្របានបន្សល់ទុក។ បន្ថែមពីលើឆ្នេរសមុទ្រនេះ តំបន់ទេសចរណ៍ជាច្រើន ដូចជានៅភូមិភាគឦសាន្ត និងនៅផ្នែកដទៃទៀត ក៏បាននិងកំពុងកើតឡើងយ៉ាងច្រើន។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមសម្ដែងនូវការអបអរសាទរ ចំពោះការសម្រេចបញ្ចូល ក្បាច់គុណល្បុក្កតោ ទៅក្នុងបញ្ជីជាសម្បត្តិបេតិកភណ្ឌអរូបី នៃមនុស្សជាតិរបស់ អង្គការយូណេស្កូ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅប្រទេសម៉ារុក ថ្មីៗកន្លងទៅ។
ក្នុងបរិបទនេះ រាជរដ្ឋាភិបាលបានកំណត់ប្រារព្ធ ពិធីបុណ្យសមុទ្រ ដែលមិនត្រឹមតែរួមចំណែក ក្នុងការផ្សព្វផ្សាយពីសក្ដានុពលទេសចរណ៍ នៃខេត្តតំបន់ឆ្នេរសមុទ្រប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងចូលរួមគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការយកចិត្តទុកដាក់អភិវឌ្ឍទេសចរណ៍ប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវខ្ពស់។ ជាការពិត សក្ដានុពលធនធានធម្មជាតិនៅតំបន់ឆ្នេរសមុទ្រកម្ពុជា ដែលត្រូវបានប្រសិទ្ធនាមជា “តារារះនាទិសនិរតី” (The Rising Star of the Southwest) គឺមានលក្ខណៈលេចធ្លោមានភាពសម្បូរបែប ដែលអំណោយផលដល់ការអភិវឌ្ឍទេសចរណ៍នៅតំបន់នេះ។ ការរីកចម្រើនទាំងនេះ មិនអាចកាត់ផ្ដាច់ចេញពីកត្តាសន្តិសុខ ពោលគឺបានបញ្ជាក់ឱ្យឃើញកាន់តែច្បាស់ថែមទៀតថា កម្ពុជាមានសុខសន្តិភាព ស្ថិរភាពនយោបាយ និងសុខសុវត្ថិភាព ពេញលេញ។
ឈរលើមូលដ្ឋានទាំងអស់នេះ ការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា មិនមែនធ្វើឡើងសម្រាប់តែបច្ចុប្បន្ននោះទេ ប៉ុន្តែ យើងបានគិតគូរវែងឆ្ងាយទៅដល់អនាគត ជាមួយនឹងផែនការច្បាស់លាស់ ពិសេសស្របពេលដែល ពិភពលោកទាំងមូល បាននិងកំពុងប្រឈមនឹងការវិវត្តថ្មីៗឥតឈប់ឈរ ទាំងលើទិដ្ឋភាពសេដ្ឋកិច្ច សង្គម និងបរិស្ថាន។ ជាមួយគ្នានេះដែរ យើងក៏បានផ្ដល់នូវសារសំខាន់ ក្នុងការរក្សាភាពស្អាត និងបៃតង។ ក្នុងន័យនេះ ការអភិវឌ្ឍទេសចរណ៍តំបន់ឆ្នេរ ទាមទារចាំបាច់ឱ្យមាន ការអភិវឌ្ឍទីក្រុងស្អាត/ទីក្រុងបៃតង ឆ្នេរសមុទ្របៃតង និងកោះបៃតង ស្របតាមទស្សនទាន “ការអភិរក្សដើម្បីការអភិវឌ្ឍ ការអភិវឌ្ឍដើម្បីការអភិរក្ស”។
ឆ្លៀតក្នុងពិធីអបអរសាទរបុណ្យសមុទ្រឆ្នាំ ២០២២ នេះ ខ្ញុំសូមលើកនូវអនុសាសន៍សំខាន់ៗមួយចំនួន ដូចខាងក្រោម៖
ទី១៖ ដូចដែលបានលើកឡើងនាឱកាសពិធីបើកមហាសន្និបាតព្រឹកមិញនេះ យើងត្រូវរក្សាវត្តមានជាអចិន្ត្រៃយ៍ នៃសន្តិភាព ដែលជាចំណុចធំជាងគេ ក្នុងចំណោមចំណុចដែលទាក់ទងជាមួយការអភិវឌ្ឍ នៃបណ្ដាប្រជាជាតិនៅលើសកលលោក។ ឥឡូវនេះ កម្ពុជាចាប់ផ្ដើមទទួលភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិនៅគ្រប់ទីកន្លែងទាំងអស់ជាបណ្ដើរៗ ជាមួយនឹងការគ្រប់គ្រងដោយជោគជ័យលើសមរភូមិជំងឺកូវីដ-១៩។ គ្មានសន្តិភាព គ្មានការអភិវឌ្ឍ, គ្មានសន្តិភាព វាក៏គ្មានការគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ហើយបើគ្មានសន្តិភាព វាក៏គ្មានអ្វីៗទាំងអស់។ ដូច្នេះ ខ្ញុំសុំស្នើឱ្យប្រជាពលរដ្ឋកម្ពុជានៅទូទាំងព្រះរាជាណាចក្រកម្ពុជារួបរួមគ្នា ដើម្បីរក្សាការពារនូវសន្តិភាព ដែលយើងរកបានទាំងលំបាក និងមិនត្រូវឱ្យប្រទេសណាមួយ ឬក្រុមណាមួយមកបំផ្លាញសន្តិភាពនៅក្នុងប្រទេសនេះទេ ទាំងក្នុងតម្លៃណាក៏ដោយ យើងទាំងអស់គ្នាត្រូវរក្សាសន្តិភាពនេះឱ្យខាងតែបាន ដើម្បីធានាដល់ការអភិវឌ្ឍ។
[ចាប់ផ្តើមសេចក្តីអធិប្បាយ ១]
ខ្ញុំនៅតែសង្កត់ធ្ងន់ទៅលើបញ្ហាសន្តិភាព។ បញ្ហាសន្តិភាពនេះ មិនមែនគ្រាន់បញ្ហាកម្ពុជាដាច់ដោយឡែកនោះទេ។ បច្ចុប្បន្នប្រធានបទដ៏ក្តៅកគុកនៅលើពិភពលោក គឺរវាងសន្តិភាពនិងសង្គ្រាមនោះឯង។ សូមជម្រាបបងប្អូនជនរួមជាតិឱ្យបានជ្រាបថា យប់ស្អែកនេះខ្ញុំនឹងលាបងប្អូនមួយរយៈទៅកាន់ទ្វីបអឺរ៉ុប ដែលនៅទីនោះខ្ញុំប្រមើលមើលឃើញថា ប្រធានបទនៃការពិភាក្សាទាក់ទងនឹងបញ្ហាសន្តិភាព វាជាប្រធានបទដ៏ធំ។ ហើយខ្ញុំក៏មានទស្សនកិច្ចការងារ នៅថ្ងៃទី១៣ ខែធ្នូ (ឆ្នាំ២០២២)នេះ ទៅប្រទេសបារាំង។ នៅទីនោះ ក្រៅពីជំនួបពិភាក្សា និងបាយការងារជាមួយនឹងប្រធានាធិបតីបារាំង (Emmanuel) Macron ខ្ញុំក៏នឹងចូលរួមសន្និសីទអន្តរជាតិមួយ ស្តីអំពីសាមគ្គីភាពជាមួយប្រជាជនអ៊ុយក្រែន។ ខ្ញុំអាចបញ្ជាក់នៅទីនេះថា ខ្ញុំមិនទៅពីអាស៊ីនាំប្រេងទៅចាក់នៅលើភ្លើងក្នុងទ្វីបអឺរ៉ុបនោះទេ។ សង្គ្រាមកំពុងតែកើតនៅក្នុងតំបន់អឺរ៉ុប ដែលនៅទីនោះធ្លាប់តែមានសន្តិភាព ឥឡូវនេះ តាមរយៈនៃបញ្ហាដែលបាននឹងកំពុងកើតនៅអឺរ៉ុប បានក្លាយទៅជាប្រធានបទដ៏ធំ។
រឿងរ៉ាវដែលខ្ញុំនិយាយអំពីសន្តិភាព មិនមែនជាបញ្ហាដាច់ដោយឡែករបស់កម្ពុជាទេ។ កម្ពុជាបាននឹងកំពុងមានកងទ័ពរបស់ខ្លួននៅលីបង់ នៅស៊ូដង់ខាងត្បូង នៅម៉ាលី និងនៅអាហ្វ្រិកកណ្តាល។ យើងបានពិនិត្យឃើញនៅទីនោះគ្មានទេវត្តមាន នៃទេសចរ។ គ្មានអ្នកណាអាចនឹងទៅសាកល្បងជាមួយគ្រាប់មីន គ្រាប់ផ្លោង និងគ្រាប់បែក នៅតំបន់ដែលមានសង្គ្រាមនោះទេ។ ដូច្នេះ ខ្ញុំគិតថា ដំណើររបស់ខ្ញុំទៅកាន់អឺរ៉ុប ក្រៅពីការប្រជុំអាស៊ានជាមួយអឺរ៉ុប ប្រធានបទ នៃការប្រជុំនោះ និងប្រធានបទ នៃការពិភាក្សា រវាងខ្ញុំជាមួយប្រធានាធិបតីបារាំង ក៏ដូចជា សន្និសីទទាក់ទងជាមួយបញ្ហាអ៊ុយក្រែន គឺបញ្ហាសន្តិភាពនោះឯង។ ថ្ងៃនេះ ជាខួប(លើកទី ៧៤) នៃទិវាសិទ្ធិមនុស្សអន្តរជាតិ ក៏ប៉ុន្តែ សិទ្ធិមនុស្សនឹងអាចធ្វើទៅបាន លុះត្រាតែមានសន្តិភាព។ ជាក់ស្តែងនៅក្នុងប្រទេសដែលមានសង្គ្រាម តើសិទ្ធិមនុស្សនៅទីណា? នេះជាចំណុចដែលខ្ញុំគួរតែត្រូវបញ្ជាក់នៅទីនេះ។
[បញ្ចប់សេចក្តីអធិប្បាយ ១]
ទី២៖ ចំពោះវត្តមានរបស់ថ្នាក់ដឹកនាំ និងសមាជិកឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក ខ្ញុំក៏សូមស្នើជាថ្មីម្តងទៀត ឱ្យអាជ្ញាធរខេត្តតំបន់ឆ្នេរសមុទ្រទាំង ៤ រួមជាមួយបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តទាំង ៤ ត្រូវរួបរួមគ្នារក្សាឱ្យបាននូវកិត្តិនាមជាសមាជិកក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក និងឱ្យស័ក្តិសមជាមួយនឹងការទទួលបានកិត្តនាមជា “តារារះនាទិសនិរតី”។
ទី៣៖ ក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវបន្តផ្តល់អាទិភាពដល់ការអភិវឌ្ឍតំបន់ឆ្នេរ ការកសាងហេដ្ឋារចនាសម័្ពន្ធចាំ បាច់បម្រើឱ្យវិស័យទេសចរណ៍ ការតភ្ជាប់ពីតំបន់មួយទៅតំបន់មួយ ទាំងការតភ្ជាប់ផ្លូវគោក និងតាមដែក និងតាមផ្លូវអាកាស រាប់ទាំងផ្លូវទឹក។
[ចាប់ផ្តើមសេចក្តីអធិប្បាយ ២]
ចំណុចនេះ ខ្ញុំគួររំលឹកទៅកាន់បណ្តាខេត្តទាំង ៤ (ជាប់សមុទ្រ)ដែលមានទេសចរ។ ខ្ញុំនៅចាំបានថា កាលខេត្តកោះកុងធ្វើបុណ្យសមុទ្រ ខ្ញុំបានដាស់តឿនឱ្យបណ្តាខេត្តយកចិត្តទុកដាក់ទៅលើការតភ្ជាប់ផ្ទៃក្នុង ទាក់ទងនឹងការបញ្ជូនទេសចរអ្នកធ្វើដំណើររបស់យើងពីដីគោកទៅកាន់ដីកោះ ត្រូវធានាឱ្យបាននូវការតភ្ជាប់ទេសចរពីដីគោកទៅកាន់ដីកោះដោយមធ្យោបាយសុវត្ថិភាពបំផុត និងលឿនបំផុត។ ខ្ញុំសង្ឃឹមថា ខេត្តទាំង ៤ ដែលមានកោះ ហើយដែលត្រូវបញ្ជូនទៅទីនោះ រាប់ទាំងប្រជាជននេសាទផង ត្រូវទទួលឱ្យបាននូវព័ត៌មានជាក់លាក់ស្តីពីអាកាសធាតុ ដើម្បីធានាថាប្រជាជននេសាទក្តី ជាពិសេសទេសចរ នឹងមិនមានគ្រោះថ្នាក់ដោយសារការលិចទូកឬលិចនាវាចម្លងនោះទេ។ ខ្ញុំអំពាវនាវឱ្យមានការយកចិត្តទុកដាក់ (អំពី)ការតភ្ជាប់នូវរបៀងបែបនេះ។ ហើយនៅខេត្តព្រះសីហនុនេះ ក៏ធ្លាប់បានជម្លៀសប្រជាជន (និង/ឬ)អ្នកទេសចរពីកោះរ៉ុងមកកាន់ដីគោកផងដែរ។ ដូច្នេះយើងត្រូវមានមធ្យោបាយគ្រប់គ្រាន់ និងត្រូវមានព័ត៌មានជាក់លាក់ ដើម្បីធ្វើការជម្លៀស ឬក៏ត្រូវការតភ្ជាប់ និងអន្តរាគមន៍បែបណានោះ ត្រូវត្រៀមឱ្យខាងតែបាន។
[បញ្ចប់សេចក្តីអធិប្បាយ ២]
ទី៤៖ ត្រូវជំរុញការផលិត ដើម្បីផ្គត់ផ្គង់ទេសចរ ដែលជាទិសដៅ “នាំចេញនៅនឹងកន្លែង”។ ប្រជាពលរដ្ឋរបស់យើងមានឱកាសច្រើនណាស់ ដើម្បីចិញ្ចឹម និងបំពេញតម្រូវការរបស់ភ្ញៀវទេសចរអន្តរជាតិ ដែលកំពុងត្រឡប់មកវិញជាបណ្តើរៗ រួមជាមួយទេសចរក្នុងស្រុករាប់លាននាក់ផងដែរ។ យើងត្រូវខិតខំជំរុញការផលិតឱ្យត្រឹមត្រូវតាមស្តង់ដារ បម្រើឱ្យវិស័យទេសចរណ៍ ពិសេសត្រូវបង្កើតឱ្យមានខ្សែក្រវាត់បៃតងនៅក្នុងតំបន់ទេសចរណ៍។
[ចាប់ផ្តើមសេចក្តីអធិប្បាយ ៣]
ចំណុចនេះ ខ្ញុំទទូចថាយើងត្រូវជំរុញការនាំចេញនៅនឹងកន្លែង។ ការនាំចេញមិនសំដៅទៅលើការនាំចេញឆ្លងកាត់ព្រំដែនទៅកាន់ប្រទេសក្រៅទេ។ ប្រជាកសិកររបស់យើងអាចដាំដុះ ចិញ្ចឹមសត្វ ហើយនាំចូលទៅកាន់សណ្ឋាគារឱ្យភ្ញៀវទេសចរបរទេសទទួលទាន ចាត់ទុកថាជាផ្នែកមួយ នៃការនាំចេញនៅនឹងកន្លែង។ ឥឡូវខ្ញុំអំពាវនាវឱ្យវិស័យទេសចរណ៍ទាំងមូល ក្លាយទៅជាទីផ្សាររបស់កសិករ និងអ្នកផលិត អ្នកចិញ្ចឹម។ ចំណុចនេះសំខាន់ណាស់។ រៀងរាល់ថ្ងៃប្រជាជនស្រែករកទីផ្សារ បើដូច្នោះផ្នែកទេសចរណ៍ ដែលយើងអាចប៉ាន់ប្រមាណថា យើងធ្លាប់បានទទួលទេសចររហូតដល់ ៦ លាន ៦ សែននាក់ ហើយទេសចរក៏អាចវិលត្រឡប់ទៅរក ៦ លាន(នាក់) ឬ ៧ លាន(នាក់) ឡើងវិញផងដែរ។
ប្រសិនបើដូច្នោះ វាមានតម្រូវការផលិតក្នុងស្រុករបស់យើង ដើម្បីបម្រើឱ្យទេសចរដែលមកទទួលទាននៅក្នុងប្រទេសរបស់យើង ទាំងអង្ករល្អ ទាំងសាច់ល្អ ទាំងបន្លែបង្ការ ឬផ្នែកដទៃទៀត។ ត្រូវធ្វើយ៉ាងដូច្នេះ ចៀសវាងនូវការដែលយើងទទួលបានទេសចរហើយ ប៉ុន្តែបែរជាយើងយកប្រាក់យ៉ាងច្រើនទៅទិញនូវរបស់របរដើម្បីផ្គត់ផ្គង់ទេសចរក្នុងស្រុក។ សូមឱ្យក្រសួងទេសចរណ៍រៀបចំផែនការមួយទំនាក់ទំនងជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ក៏ដូចជាផ្នែកផលិតផ្សេងទៀតធ្វើឱ្យទេសចរណ៍ក្លាយទៅជាទីផ្សាររបស់កសិករ/អ្នកផលិតតែម្តង ដើម្បីយើងជំរុញការលូតលាស់។
[បញ្ចប់សេចក្តីអធិប្បាយ ៣]
ទី៥៖ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការថែរក្សាសន្តិសុខ និងសណ្ឋាប់ធ្នាប់។ សន្តិភាពជាក្របខណ្ឌម៉ាក្រូ ឯបញ្ហាសន្តិសុខ សណ្ឋាប់ធ្នាប់សង្គម វាចូលក្របខណ្ឌម៉ាក្រូផង និងមីក្រូផង។ ក្នុងន័យនេះ តំបន់ទេសចរណ៍ទាំងអស់ មិនគ្រាន់តែខេត្តព្រះសីហនុ តែតាមបណ្តាខេត្តជាប់មាត់សមុទ្រ និងគ្រប់ទីកន្លែងដែលមានភ្ញៀវទេសចរ គឺត្រូវខិតខំរក្សាឱ្យបាននូវសន្តិសុខ និងសណ្ឋាប់ធ្នាប់សង្គម។
ទី៦៖ ខ្ញុំសូមអំពាវនាវដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ បងប្អូនជនរួមជាតិទាំងអស់ និងវិស័យឯកជន ចូលរួមឱ្យបានផុសផុលប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ធ្វើឱ្យពិធីបុណ្យសមុទ្រនៅឆ្នាំនេះប្រកបដោយភាពជោគជ័យ និងចូលរួមឱ្យកាន់តែសកម្ម ក្នុងចលនាប្រឡងប្រណាំង “ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ” និងសហការថែរក្សាសោភ័ណ្ឌភាព អនាម័យ និងបរិស្ថាន ដែលជាកក្តាចម្បងមិនអាចខ្វះបាន ក្នុងការថែរក្សាតំបន់ឆ្នេរសមុទ្រឱ្យស្រស់ស្អាតយូរអង្វែង ដើម្បីបន្តជាមរតកដល់កូនចៅជំនាន់ក្រោយ។
ជាថ្មីម្តងទៀត ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមបញ្ជាក់ថា កម្ពុជានឹងបន្តកិច្ចខិតខំប្រឹងប្រែងលើកិច្ចការពារ និងអភិរក្សបរិស្ថានធនធានធម្មជាតិ ដោយឈរលើគោលការណ៍ “ការអភិវឌ្ឍបម្រើឱ្យការអភិរក្ស រីឯការអភិរក្សបម្រើឱ្យការអភិវឌ្ឍ” ដែលយើងត្រូវរួមគ្នា “រួមគិត រួមធ្វើ រួមទទួលខុសត្រូវ” ដើម្បីធានាឱ្យឆ្នេរសមុទ្រកម្ពុជា បន្តជាឆ្នេរសមុទ្រដែលស្អាតលើសកលលោក និងជា “តារារះនាទិសនិរតី”។
ជាទីបញ្ចប់ ខ្ញុំសូមជូនពរ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ សូមមានសុខភាពល្អ និងទទួលបានជោគជ័យគ្រប់ភារកិច្ច។ ខ្ញុំសូមប្រកាសបើក ពិធីបុណ្យសមុទ្រលើកទី ៩ ជុំទី ៣ ឆ្នាំ ២០២២ នៅខេត្តព្រះសីហនុ ចាប់ពីពេលនេះតទៅ៕