សុន្ទរកថានិងសេចក្តីដកស្រង់សង្កថា សម្តេចតេជោ ហ៊ុន សែន បើកបុណ្យសមុទ្រ លើកទី ៩ ជុំទី ៣

[សុន្ទរកថា] សម្ដេច ឯកឧត្តម លោកជំទាវ! ឯកឧត្តម លោកជំទាវ ឯកអគ្គរដ្ឋទូត និងតំណាងអង្គទូត! ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូនជនរួមជាតិជាទីស្រឡាញ់! ខ្ញុំពិតជាមានសេចក្តីសោមនស្សដោយបានចូលរួមជាមួយ សម្ដេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ក្នុងឱកាសបើកពិធីបុណ្យសមុទ្រ ក្រោមប្រធានបទ “ឆ្នេរនៃសន្តិភាព ឆ្នេរនៃក្ដីសង្ឃឹម” ដ៏មហោឡារិកនារាត្រីនេះ។ ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំក៏សូមវាយតម្លៃខ្ពស់ ចំពោះគណៈកម្មាការអន្តរក្រសួង ក្រសួងទេសចរណ៍ ក្រសួង-ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្តព្រះសីហនុ និងវិស័យឯកជន ដែលបានរួមសហការគ្នារៀបចំពិធីបុណ្យសមុទ្រ លើកទី ៩ បន្ទាប់ពីខកខានរយៈពេល ៣ ឆ្នាំ ដោយសារជំងឺកូវីដ-១៩។ ដូចបានគូសបញ្ជាក់ក្នុងរបាយការណ៍ស្វាគមន៍របស់ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កម្ពុជារំពឹងទទួលបានភ្ញៀវទេសចរអន្តរជាតិសរុបប្រមាណ ២ លាននាក់ សម្រាប់ឆ្នាំ ២០២២ នេះ ក្នុងក្ដីសង្ឃឹមថា ចំនួនភ្ញៀវអន្តរជាតិ អាចនឹងត្រឡប់ទៅរកស្ថានភាពមុនវិបត្តិជំងឺកូវីដ-១៩ ចំនួន…