ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាងកញ្ញា,
បងប្អូនជនរួមជាតិនៅខេត្តកំពត ដែលបានចូលរួមជាទីគោរពនឹករលឹក!
ថ្ងៃនេះ ខ្ញុំមានការរីករាយដែលបានមកចូលរួមបុណ្យសមុទ្រលើកទី ៨ ជុំទី២ នៅក្នុងខេត្តកំពតរបស់យើង។ ខ្ញុំ រីករាយដែលបានពិនិត្យឃើញអំពី វឌ្ឍនភាពទាំងឡាយដែលយើងបានធ្វើរួមគ្នា ក្រោមដំបូលសុខសន្តិភាពដែលយើងរកបានដោយលំបាក។ ឆ្លៀតក្នុងឱកាសដំបូងនេះ ខ្ញុំសូមស្វាមគន៍អ្នកដែលបានចូលរួមទាំងអស់របស់បណ្តាខេត្ត បណ្តាស្ថាប័នដែលបានអញ្ជើញមកចូលរួមតាំងពិព័រណ៍ ដើម្បីនឹងធ្វើឱ្យបុណ្យសមុទ្ររបស់យើងក្លាយទៅជាទិវាជាតិ ជាចលនាជាតិរបស់យើង។ ខ្ញុំសូមថ្លែងអំណរគុណ ស្វាមគន៍ចំពោះ ឯកឧត្តម លោកជំទាវ អគ្គរដ្ឋទូត ភារៈធារី និងប្រិយមិត្តបរទេសដែលបានអញ្ញើញចូលរួមនៅក្នុងឱកាសនេះ ហើយក៏សូមស្វាគមន៍ចំពោះបណ្តាប្រទេសជាមិត្តដូចជា៖ វៀតណាម ចិន ថៃ ដែលបានអញ្ញើញចូលរួមមកតាំងពិព័រណ៍ ហើយដែលការចូលរួមនោះតាមការកត់សម្គាល់គឺ តែងតែមានការចូលរួមជាបន្តបន្ទាប់រហូតដល់មាន ឥណ្ឌូនេស៊ី ផងដែរ។
ស្វាមគន៍ចំពោះ សិល្បករ សិល្បការិនី ទាំងកម្ពុជា និងមកពីបរទេសដែលចូលរួមកម្សាន្ត សម្តែងជូនសម្រាប់ប្រជាជនទស្សនានៅទីនេះ ក៏ដូចជាការផ្សាយបន្តផ្ទាល់នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ ខ្ញុំក៏សុំយកឱកាសនេះ ដើម្បីថ្លែងនូវការកោតសរសើរចំពោះ ឯកឧត្តម ថោង ខុន ក្នុងការដឹកនាំរួមជាមួយនឹងអាជ្ញាធរខេត្តកំពត និងស្ថាប័នពាក់ព័ន្ធដទៃទៀត ដើម្បីរៀបចំនូវព្រឹត្តការណ៍ដ៏មានសារៈសំខាន់មួយនេះ។ ដូចជា ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត និងឯកឧត្តមរដ្ឋមន្រ្តី ថោង ខុន បានលើកនូវការរបាយការណ៍របស់ខ្លួនមុនព្រឹត្តិការណ៍បានដើរមកដល់ យើងបានធ្វើកិច្ចការជាច្រើន ដែលក្នុងនោះមានកិច្ចការនៅក្នុងក្របខណ្ឌខេត្តកំពត ហើយក៏មានកិច្ចការដែលទាក់ទងនឹងបញ្ហាទូទៅនៅក្នុងតំបន់មាត់សមុទ្រដែលជាតារារះនៅទិសនិរតីរបស់យើងផង ក៏ដូចជាទាក់ទងនឹងវិស័យទេសចរណ៍របស់យើងផងដែរ។
ត្រឹមឆ្នាំ ២០០៧ ការអភិវឌ្ឍនៅខេត្តកំពតនៅយឺតយ៉ាវ
និយាយដោយឡែកខ្ញុំក៏សុំយកឱកាសនេះនិយាយបន្តិចអំពីវឌ្ឍនភាពរបស់ខេត្តកំពត ដែលខ្ញុំសុំយកឱកាសនេះថ្លែងនូវការកោតសរសើរចំពោះវឌ្ឍនភាពរបស់ខេត្តកំពត ដែលខ្ញុំចាត់ទុកថាខេត្តមួយនេះនៅត្រឹមឆ្នាំ ២០០៧ គឺជាខេត្តដែលអន់ជាងគេនៅក្នុងការអភិវឌ្ឍ។ ហេតុអ្វីទៅបានជាខ្ញុំត្រូវនិយាយយ៉ាងដូច្នេះ? ខេត្តកំពត ស៊ីចៅហ្វាយខេត្តច្រើនជាងហើយ ហើយក៏គ្មានការអភិវឌ្ឍងអ្វីទៀតផង។ ការកត់សម្គាល់របស់ខ្ញុំ នៅពេលដែលខ្ញុំមកនៅឆ្នាំ ២០០៧ ដើម្បីរុករក និងសង្គ្រោះគ្រោះមហន្តរាយធ្លាក់យន្តហោះនៅក្បែរភ្នំបូកគោរបស់យើង។ ពេលនោះខ្ញុំក៏នៅធ្វើការនៅអគារដែលបន្សល់ទុកតាំងពីពេលមុន។ អគារនោះខ្ញុំ និង ឯកឧត្តម ចម ប្រសិទ្ធ កាលពីពេលនោះនៅចាំហើយថា ក្នុងរង្វង់ឆ្នាំ ១៩៨៥ រហូតដល់ឆ្នាំ ១៩៨៨-១៩៨៩ ខ្ញុំធ្វើដំណើរច្រើនមកតាមខេត្ត ក្នុងនោះក៏មានការចូលមកខេត្តកំពតរបស់យើងនេះផងដែរ។ អគារដែលខ្ញុំស្នាក់នៅទីនោះ ក្លាយទៅជាកន្លែងធ្វើការរបស់អភិបាលខេត្ត។ អ្វីៗទាំងឡាយគឺបន្សល់ទុកពីមុនទាំងអស់។ ឆ្នាំ ២០០៦ ខ្ញុំមកឈរនៅកន្លែងរង្វង់មូលដាក់ផ្លែធុរ៉េននេះ។ ពេលនោះទីក្រុងកំពតគឺជាក្រុងដែលលិចលង់ ប៉ុន្តែនោះហើយដែលជាចំណុចដែលខ្ញុំកត់សម្គាល់ និងដែលគួរឱ្យចាប់ចិត្តចាប់តាំងពីឆ្នាំប្រមាណជាឆ្នាំ ២០០៨ រហូតមកដល់បច្ចុប្បន្នខេត្តកំពតចាប់ផ្តើមមានការអភិវឌ្ឍជាខេត្តដែលមានសក្តានុពលខ្លាំងនៅក្នុងចំណោមខេត្តដែលខ្លាំង។
ខេត្តកំពតមានអ្វីដែលខេត្តដទៃគ្មាន
ហេតុអ្វីបានជាខ្ញុំត្រូវនិយាយយ៉ាងដូច្នេះ? យើងពិនិត្យមើលសក្តានុពលរបស់ខេត្តកំពត អ្វីដែលខេត្តដទៃគ្មានគឺខេត្តកំពតមាន។ ដំបូងយើងនិយាយអំពី ផលិតផលអំបិលតែម្តង គឺនៅទូទាំងព្រះរាជាណាចក្រកម្ពុជាពុំមានខេត្តណាមានទេ គឺមានតែខេត្តកំពតមួយតែប៉ុណ្ណោះ ដែលអាចផ្គត់ផ្គង់អំបិលសម្រាប់ទូទាំងប្រទេស នោះហើយជាចំណុចខ្លាំងទី១។ អ្វីដែលសំខាន់ជាងនេះ យើងធ្លាប់ចំណាយប្រាក់រាប់រយលានដុល្លារ ក្នុងមួយឆ្នាំៗ ដើម្បីនាំចូលនូវសម្ភារៈសំណង់គឺ ស៊ីម៉ងត៍នេះឯង។ ចេញពីខេត្តកំពតស៊ីម៉ង់ត៍ប្រមាណជា ៦លានតោន បានផលិតនៅក្នុងខេត្តកំពត ជំនួសឱ្យការនាំចូលដែលចំណេញរូបិយប័ណ្ឌរាប់រយលានដុល្លារសហរដ្ឋអាមេរិក។ បន្ថែមលើនោះយើងបានឃើញសមិទ្ធផលជាច្រើន ទោះបីជាខ្ញុំដើរមិនអស់ ប៉ុន្តែប៉ុន្មានថ្ងៃមុននេះ យើងក៏មានការបើកពិព័រណ៍ស្តីអំពីផលិតផលខ្មែរនៅឯទីក្រុងភ្នំពេញ។ អម្បាញ់មិញខ្ញុំក៏បានធ្វើដំណើរមួយចំនួន ក៏បានឃើញផលិតផលរបស់ខេត្តកំពត ដែលក្នុងនោះមានតាំងពីម្រេច និងផលិតផលដទៃទៀត ដែលអាចផ្តល់ឱ្យខេត្តនេះ និងប្រជាពលរដ្ឋនៅក្នុងខេត្តនេះមានប្រាក់ចំណូល។
ទន្ទឹមនឹងនោះ ខេត្តកំពតក៏មានការផលិតនូវវារីអគ្គិសនីដែលមិនគ្រាន់តែផលិតសម្រាប់ផ្គត់ផ្គង់ខេត្តកំពតទេ ១៩៣ មេហ្គាវ៉ាត់ គឺផ្គត់ផ្គង់រហូតទៅដល់ទីក្រុងភ្នំពេញ និងតំបន់ដទៃទៀត។ ខ្ញុំមិនទាន់និយាយអស់នូវអ្វីដែលជាសក្តានុពលនោះទេ ក៏ប៉ុន្តែខេត្តកំពតកំពុងតែឈានឡើង។ អ្វីយើងកំពុងមើលឃើញ ខេត្តកំពតមានការរីកចម្រើនលឿនធំធាត់ឡើង អគារ និងសំណង់ផ្សេងៗទៀត រាប់ទាំងវិស័យសុខាភិបាល និងវិស័យអប់រំ។ អ្នកដឹកនាំខេត្តកំពតជាបន្តបន្ទាប់តាំងពីពេលមុន និងពេលនេះ ហើយក៏ដូចជាទៅពេលអនាគត នឹងបន្តជំហានដ៏ស្វាហាប់ ដើម្បីធ្វើឱ្យទឹកដីនៃខេត្តកំពតរបស់យើងក្លាយទៅជាទឹកដី នៃការអភិវឌ្ឍក្រោមដំបូលនៃសុខសន្តិភាពរបស់យើង ដែលរកបានដោយលំបាកនេះ។
មកដល់ឆ្នាំ ១៩៩៦ ទើបខេត្តកំពតមានសន្តិភាពពិតប្រាកដ
យើងក៏មិនភ្លេចរំលឹកថា ខេត្តកំពតមកដល់ឆ្នាំ ១៩៩៦ ហើយ ទើបខេត្តកំពតមានសន្តិភាពពិតប្រាកដ។ កិច្ចព្រមព្រៀងទីក្រុងប៉ារីសតម្រូវឱ្យមានការធ្វើច្រើនយ៉ាងណាស់ ដែលខ្ញុំនិយាយថា អ្វីដែលកិច្ចព្រមព្រៀងទីក្រុងប៉ារីសចង់បាន តែអ៊ុនតាក់មិនអាចសម្រេចបានគឺនៅត្រង់ថា អ៊ុនតាក់បានចំណាយប្រាក់ប្រមាណ ២០០០ លានដុល្លារអាមេរិក ប៉ុន្តែអ៊ុនតាក់បានចាកចេញពីកម្ពុជា ដោយបន្សល់ទុកឱ្យកម្ពុជាមានតំបន់ត្រួតត្រាពីរ រដ្ឋាភិបាលពីរ និងកងកម្លាំងប្រដាប់អាវុធពីរ មានជម្លោះតទៅទៀត មិនមែនគ្រាន់តែនៅតាមព្រំដែនកម្ពុជា-ថៃ ទេ ក៏ប៉ុន្តែនៅក្នុងផ្ទៃក្នុងប្រទេសរាប់ទាំងខេត្តកំពតរបស់យើងនេះតែម្តង។ តើអ្នកទាំងអស់គ្នានៅចាំបានទេ? សោកនាដកម្មមួយដែលមិនគ្រាន់តែសម្រាប់ប្រជាជនកម្ពុជាទេ ក៏ប៉ុន្តែមានជនជាតិបរទេស ៣នាក់ ក៏បានមកស្លាប់នៅភ្នំវល្លិនេះផងដែរ គឺជនជាតិ អង់គ្លេសម្នាក់ ជនជាតិ អូស្ត្រាលីម្នាក់ និងជនជាតិបារាំងម្នាក់។
ថ្ងៃនេះខ្ញុំដឹងថា លោកជំទាវអគ្គរដ្ឋទូតរបស់អង់គ្លេស និងកូនស្រី ក៏បានមកចូលរួមផងដែរ។ នោះហើយជាអ្វីដែលយើងនិយាយការពិតថា អង្គការសហប្រជាជាតិមកធ្វើប្រត្តិបត្តិការរក្សាសន្តិភាពនៅទីនេះតាមរយៈកិច្ចព្រមព្រៀងទីក្រុងប៉ារីស មិនបានសម្រេចទាំងស្រុងនូវសន្តិភាពឱ្យកម្ពុជានោះទេ។ ដូច្នេះ បានជាមកដល់ឆ្នាំ ១៩៩៦ ហើយ ទើបខេត្តកំពតបានទទួលនូវសន្តិភាពទាំងស្រុង តាមរយៈការអនុវត្តនូវនយោបាយឈ្នះ ឈ្នះ ដែលពេលនោះខ្ញុំបានមកធ្វើសមាហរណកម្មនៅ តាកែន កោះស្លា។ តើ រឿងនេះវាយ៉ាងម៉េច? យើងអាចមើលឃើញថា ក្រៅពីការគ្រប់គ្រងនៅតំបន់ព្រំដែនកម្ពុជា-ថៃ ស្ថានភាពស្បែកខ្លា ដែលពួកខ្មែរក្រហមបានបោះនៅខេត្តកំពត ផ្នែកខ្លះនៅខេត្តតាកែវ ខេត្តកំពង់ស្ពឺ និងខេត្តខ្លះទៀតគឺមានបោះចម្រុះ រវាងកងទ័ពរាជរដ្ឋាភិបាល និងកងឈ្លបព្រៃរបស់ពួកខ្មែរក្រហម។ ត្រង់នេះវាក៏ធ្វើឱ្យខេត្តកំពតរបស់យើងមានការយឺតយ៉ាវទៅដល់ការអភិវឌ្ឍផងដែរ។ ឥឡូវនេះ កំពតកំពុងតែមានវឌ្ឍនភាព។ អ្នកទាំងអស់គ្នានឹងក្តាប់ជាប់នូវបញ្ហាទាំងអស់នេះ ដើម្បីនឹងបន្តដំណើរទៅមុខទៀត។
ហាមឃាត់ការដាំសារាយ និងការបូមខ្សាច់ក្នុងសមុទ្រ
អម្បាញ់មិញ ខ្ញុំមានការចាប់អារម្មណ៍ទៅលើ តំបន់នៅក្រោមសមុទ្រ ដែលទាក់ទងជាមួយតំបន់ការពារ។ ចំណុចនេះ ត្រូវយកចិត្តទុកដាក់ជាពិសេស ដែលសុំស្នើឱ្យក្រសូងឧស្សាហកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថានរួមគ្នាដើម្បីពិនិត្យមើលអំពី ធនធានបាតសមុទ្ររបស់យើង។ ក្នុងនោះក៏មានផ្នែកនៅក្នុងខេត្តកំពតរបស់យើង ដែលតម្រូវឱ្យមានការគិតគូហ្មត់ចត់។ ត្រង់នេះហើយដែលអស់លោកអាចនៅចាំបានថា ខ្ញុំតែងជំទាស់ជានិច្ចនូវការប៉ុនប៉ងណាក៏ដោយ ដែលសុំការវិយោគទៅលើការដាំសារាយនៅក្នុងសមុទ្រកម្ពុជា … ក្នុងខេត្តកំពត និងខេត្តព្រះសីហនុ ខេត្តកែប អាចនឹងដឹងបានហើយ ឯកឧត្តម ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ដែលមុននោះកាន់អនុប្រធានក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា ក៏ដូចជាអ្នកដែលមានការពាក់ព័ន្ធតែងស្នើសុំមកខ្ញុំ អំពីបញ្ហាការវិនិយោគការដាំសារាយនៅក្នុងសមុទ្រ។ សំណួរដែលខ្ញុំបានដាក់ចេញ អោយអស់លោកពិចារណា និងឆ្លើយតបជាមួយខ្ញុំគឺ “តើតំបន់ដែលមានការវិនិយោគបែបនេះ តើជាតំបន់មានការហាមឃាត់ចំពោះប្រជាជន សម្រាប់ការនេសាទ មានការហាមឃាត់ចំពោះមុខរបររបស់ប្រជាជនឬអត់? ហេតុអ្វីបានជាសមុទ្រធំល្វឹងល្វើយ សមុទ្រធំជាងផែនដីទីទៀតគេ មិនទៅវិនិយោគបែរជាមកស្រលាញ់កម្ពុជា ធ្វើការវិនិយោគ ខេត្តកំពត ខេត្តព្រះសីហនុ?។ រឿងគួរអោយឆ្ងល់។
ដោយសារតែការសួររបស់ខ្ញុំនោះហើយ ដែលរក្សាបានធនធានធម្មជាតិនៅក្នុងសមុទ្រ និងបាតសមុទ្រ បន្ថែមលើនោះការជំទាស់របស់ខ្ញុំមិនអោយបូមខ្សាច់នៅក្នុងសមុទ្រ ក៏បានថែរទាំនូវជីវៈចម្រុះនៅក្នុងសមុទ្ររបស់យើង។ អម្បាញ់មិញខ្ញុំបានសួរថា មានប្រជា ៧ ពាន់ហិកតា ដែលគ្របដណ្ដប់ទៅដោយស្មៅសមុទ្រ និងមានអ្វីៗនៅទីនោះ ដែលចាំបាច់ដាក់ជាតំបន់ការពារយ៉ាងណា ដើម្បីធានាថាកន្លែងនោះវាក្លាយជាកន្លែងទេសចរទាក់ទាញ ដែលក្រោយមកអាចនឹងមានអ្នកទេសចរមុជទឹកខាងផ្នែកកំសាន្ត។ ឥឡូវ ខ្មែរយើងធ្លាប់ទៅមុជទឹកកំសាន្តប្រទេសគេ ទៅម៉ាល់ឌីវ ឬទៅប្រទេសដ៏ទៃ ទៅមុជមើលបាតសមុទ្រ។ ឥឡូវក៏មានទេសចរដែល(ចាប់អារម្មណ៍ចង់)មុជទឹកទៅមើលអ្វីៗ នៅក្រោមបាតសមុទ្រ(កម្ពុជា)ផងដែរ។
គ្រប់ខេត្តមានសក្តានុពលទេសចរណ៍
ខ្ញុំនិយាយបញ្ហានេះបន្តិច ដើម្បីទាក់ទាញការយកចិត្តទុកដាក់ សម្រាប់អាជ្ញាធរខេត្តកំពតតែម្ដង ហើយនោះគឺជាផ្នែកធ្វើការដាស់តឿន ចំពោះអាជ្ញាធរ ខេត្តកែប ខេត្តព្រះសីហនុ និងខេត្តកោះកុង ផងដែរ។ ប្រទេសរបស់យើង ពិតជាមានធនធានដ៏កម្រ បើយើងពិនិត្យមើលអំពីសក្តានុពល … យើងមិនមែនធ្វើសេដ្ឋកិច្ចដោយពឹងផ្អែកលើវិស័យណាមួយនោះទេ ហើយយើងក៏មិនធ្វើវិស័យទេសចរ ដោយពឹងផ្អែកទៅលើអង្គរវត្ត និងប្រាង្គប្រាសាទតែម្យ៉ាងនោះដែរ។ ប៉ុន្តែ ដោយសារតែយើងមានសមុទ្រ ទន្លេ បឹង បួរ ព្រៃព្រឹក្សា វាក៏បានរួមចំណែកផ្ដល់ភាពទាក់ទាញ បន្ថែមទៀតសម្រាប់វិស័យទេសចររបស់យើង។ បើពិនិត្យមើលខេត្តនៃមួយៗ សុទ្ធតែមានចំណុចខ្លាំងរៀងៗខ្លួន ករណីខេត្តដែលនៅជាប់មាត់សមុទ្រ ពិតមែនតែគ្មានប្រាង្គប្រាសាទ ក៏ប៉ុន្តែ យើងមានមាត់សមុទ្រ សម្រាប់ការកំសាន្តរបស់អ្នកទេសចរ ទាំងក្នុងស្រុកនិងមកពីក្រៅស្រុក ប៉ុន្តែសម្រាប់មិនមានមាត់សមុទ្រ ក៏មានប្រាង្គប្រាសាទ បឹងឬមានបឹង បួរ មានព្រៃភ្នំ ក្រំថ្ម ដែលអាចក្លាយជាកន្លែងទាក់ទាញទេសចរទៅកំសាន្តទៅទីនោះ។
ឆ្នាំនេះ កម្ពុជាទទួលបានទេសចរ ៦,៦ លាននាក់
នេះគឺជាចំណុចអនុគ្រោះ ដែលផ្ដល់អោយប្រជាពលរដ្ឋរបស់យើង នូវផលប្រយោជន៍។ កំណើនសេដ្ឋកិច្ចរបស់យើង មានមួយភាគក៏ផ្ដើមចេញអំពីចំណូលបានមកពីសេវា ហើយក្នុងផ្នែកសេវានោះក៏មានវិស័យទេសចរនេះ ហើយវិស័យទេសចរ ដែលឯកឧត្តម ថោង ខុន ចាត់ទុកថាជាមាសបៃតង ក៏កំពុងក្លាយទៅជាការពិតមួយ ដែលក្នុងមួយឆ្នាំៗ ទេសចរបរទេសមកកាន់កម្ពុជា ឆ្នាំនេះប្រមាណ ៦លាន ៦សែននាក់ និងទេសចរក្នុងស្រុក (ដូចជា)ពេលវេលានេះ ថ្ងៃសៅរ៍និងអាទិត្យ ជាពេលវេលាដែលប្រជាជន ពីទីកន្លែងមួយទៅកាន់ទីកន្លែងមួយ កំពុងតែធ្វើដំណើរទេសចរ ហើយក៏អាចមានអ្នកទីក្រុងភ្នំពេញមកកាន់ទីនេះ។ អម្បាញ់មិញគាប់ជួនមានក្មួយៗខ្មែរ ដែលបានអញ្ជើញមកពីអូស្រ្តាលីនិងមកពីបារាំង បានថតរូបជាគ្រួសារជាមួយខ្ញុំ។ កាលពីសម័យមុន បងប្អូនខ្មែរយើងបានរត់ទៅប្រទេសក្រៅ ដើម្បីគេចផុតពីការកាប់សម្លាប់និងសង្គ្រាម។ ឥឡូវនេះច្បាស់ណាស់ថា ខ្មែរយើងនៅក្រៅប្រទេសដែលមានលទ្ធភាពក៏បានវិលត្រឡប់មកស្រុក ខ្លះមកនៅតែម្ដង ខ្លះមកលេងស្រុកកំណើត ដើម្បីអោយស្គាល់ទីកន្លែងដែលពួកគេធ្លាប់រស់នៅ ឬឪពុកម្ដាយរបស់ពួកគេធ្លាប់រស់នៅ។
សេដ្ឋកិច្ចកម្ពុជាមានពហុភាព មិនដួលរលំពេលដែលផុតការអនុគ្រោះណាមួយទេ
ទាំងអស់នេះ គឺជាចំណុចខ្លាំងរបស់យើង។ ខ្ញុំសុំនិយាយដោយជាក់លាក់ថា សេដ្ឋកិច្ចកម្ពុជាមិនពឹងផ្អែកទៅលើផ្នែកណាមួយ ហើយនៅពេលដែលផុតការអនុគ្រោះណាមួយ ដួលរលំសេដ្ឋកិច្ចរបស់កម្ពុជានោះទេ ដោយយើងធ្វើវិស័យ កសិកម្ម ឧស្សាហកម្ម និងសេវា។ កសិកម្មមិនមែនធ្វើតែស្រូវមួយមុខទេ យើងធ្វើច្រើនផ្នែក ច្រើនប្រភេទនៃវិស័យកសិកម្ម។ ឧស្សាហកម្មយើងមិនមែនគ្រាន់ធ្វើផ្នែកណាមួយនោះទេ តែយើងធ្វើផ្នែកច្រើន ដែលផ្នែកទាំងនោះហើយ ដែលនាំមកនូវការផ្គត់ផ្គង់អោយក្នុងស្រុកនិងការនាំចេញ ដែលមិនមែនគ្រាន់តែសម្រេចគោលដៅប្រទេសណាមួយ ឬក្រុមណាមួយនោះ។ យើងមានដៃគូច្រើនសម្រាប់រកស៊ីជាមួយគ្នា។ វិស័យសេវាមិនមែនគ្រាន់តែផ្នែកទេសចរនោះទេ ក៏ប៉ុន្តែធានាគារហិរញ្ញវត្ថុ សេវាផ្សេងៗទៀតដែលទាក់ទងក្នុងផ្នែកសេវាដែលគ្របដណ្ដប់ជាង ៤០% នៃសេដ្ឋកិច្ចរបស់កម្ពុជា ក្នុងនឹងមានផ្នែកទាក់ទងនឹងសេវាទេសចរ។ វិស័យទេសចរនេះទៀតសោត យើងក៏មិនមែនគ្រាន់ពឹងផ្អែកទៅអង្គរវត្តនិងប្រាង្គប្រាសាទទេ ក៏ប៉ុន្តែយើងបើអោយមានផ្នែកទេសចរចម្រុះ គឺទាក់ទាញជាមួយនឹងអេកូមាត់សមុទ្រនិងផ្នែកទេសចរ នៅតំបន់ឦសាន និងតំបន់ដ៏ទៃទៀតតាមដែលអាចធ្វើទៅបាន។
អនុសាសន៍ទី ១៖ រក្សាអោយខាងតែបាន នូវសន្តិភាព ស្ថេរភាពនយោបាយ
អ្វីដែលជាបញ្ហាសំខាន់របស់យើងតទៅទៀត ខ្ញុំសុំផ្ដល់ជាអនុសាសន៍ ដើម្បីអោយខេត្តទាំងអស់ ក៏ដូចជាស្ថាប័នដែលមានការពាក់ព័ន្ធយកទៅអនុវត្ត។ ហើយអនុសាសន៍របស់ខ្ញុំនេះ វាក៏ទៅមិនឆ្ងាយពីអនុសាសន៍ ដែលផ្ដល់នៅខេត្តកែប/ព្រះសីហនុ ហើយក៏ធ្លាប់ផ្ដល់រួមមកហើយផងដែរ នៅឯខេត្តកោះកុងកាលពីឆ្នាំកន្លងទៅ។ អ្វីទៅជាចំណុចដែលត្រូវយកចិត្តទុកដាក់៖
ទី១៖ មិនមែនគ្រាន់តែបញ្ហានៃកិច្ចការរបស់ ខេត្តកំពត ប៉ុណ្ណោះទេ ក៏ប៉ុន្តែជារឿងរួមរបស់ប្រទេសជាតិរបស់យើង នោះគឺត្រូវរក្សាអោយខានតែបាន នូវសន្តិភាព ស្ថេរភាពនយោបាយ។ ចំណុចនេះមានសារៈសំខាន់ជាទីបំផុត។ មុននិយាយដល់ប្រជាធិបតេយ្យដល់សិទ្ធមនុស្ស ដល់ការអភិវឌ្ឍ ត្រូវនិយាយពីសន្តិភាពជាមុនសិន។ យើងមិនយល់ស្របជាមួយអ្នកណាក៏ដោយ ដែលមើលស្រាលចំពោះតម្លៃនៃសន្តិភាព ព្រោះប្រទេសរបស់យើងបានឆ្លងកាត់ការលំបាក សោកនាដកម្មរាប់មិនអស់ ប្រជាជនស្លាប់។ យើងមិនអាចទទួលយកបាននូវការប្រមាថណាមួយចំពោះអ្វីដែលយើងធ្វើ ដើម្បីសន្ដិភាពរបស់យើង … រឿងនេះវាបានចង្អុលបង្ហាញកម្ពុជាពីអតីតកាល សង្រ្គាម១៩៧០-៧៥ ហើយបន្តរបបប្រល័យពូជសាស្ត្រ ប៉ុល ពត។ បើគ្មានសង្គ្រាម១៩៧០ក៏គ្មានរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅ១៩៧៥-៧៩ដែរ។ ត្រូវមើលឃើញចំណុចនេះ។ បន្ទាប់ពីរបបប្រល័យពូជសាសន៍ សង្គ្រាមត្រូវអូសបន្លាយរហូតដល់ឆ្នាំ ១៩៩៨ ទើបត្រូវបានបញ្ចប់។ សង្គ្រាមដែលអ្នកជំនាន់មុនបានបង្កើតឡើង ត្រូវបានដោះស្រាយដោយក្មេងជំនាន់ក្រោយ។
នោះគឺសោកនាដកម្មដែលយើងដកពិសោធ ហើយយើងក៏ត្រូវធ្វើអោយសន្តិភាពមានវត្តមានជាអចិន្រ្តៃយ៍លើទឹកដីដ៏កំសត់របស់យើង។ គ្មានសន្តិភាពកុំនិយាយដល់ការអភិវឌ្ឍ កុំនិយាយដល់បញ្ហាប្រជាធិបតេយ្យឬសិទ្ធមនុស្ស។ អតីតកាលបានបង្ហាញយើងហើយ។ ប្រទេសមួយចំនួនដែលកំពុងស្ថិតនៅក្រោមសង្គ្រាម ពួកគេត្រូវតែយល់ថា មិនបានការអភិវឌ្ឍទេ។ នៅអ៊ីរ៉ាក់ លីប៊ី ស៊ីរី យេមែន ដាក់តាំងជាសំណួរ ហើយបញ្ចាំងអោយបានច្រើន អំពីសោកនាដកម្មដែលបាននឹងកំពុងកើតនៅទីនោះ។ ទាំងអស់នេះ កុំនិយាយដល់បញ្ហាទេសចរ និយាយតែត្រឹមតែភិវឌ្ឍន៍នៅខាងក្នុងខ្លួន ប្រជាជនរកសេចក្ដីសុខរកមិនបានផង។
សន្តិភាពពីការគំរាមកំហែងនៃសង្គ្រាមកាប់សម្លាប់ និងខាងផ្លូវចិត្ត
ពិតហើយ ខ្ញុំទទួលយកការត្រេះរិះនិងការគួបផ្សំដើម្បីធានាសន្ដិភាព។ ត្រូវតែអភិវឌ្ឍ ដើម្បីរក្សាបានសន្ដិភាព។ សន្តិភាពមួយដែលគ្មានការអភិវឌ្ឍ ពិតជាមិនអាចរក្សាបានទេ។ ខ្ញុំក៏ទទួលយកថា ដំណើរការប្រជាធិបតេយ្យ និងការគោរពមនុស្សជាមួយផ្នែកមួយដើម្បីរក្សាសន្តិភាពនិងការអភិវឌ្ឍនេះដែរ។ យើងទទួលយកថាអំពើរំលោភសិទ្ធមនុស្ស មិនគោរពសេចក្ដីថ្លៃថ្នូររបស់មនុស្ស វាជាការបំផ្លិចបំផ្លាញត្រឡប់ទៅវិញបំផ្លាញនូវសន្តិភាព។ ដូច្នេះទន្ទឹមនឹងការរក្សាអោយតម្លៃទៅលើសន្តិភាព យើងក៏អោយតម្លៃទៅលើការអភិវឌ្ឍ ទៅលើដំណើរការប្រជាធិបតេយ្យ និងការគោរពសិទ្ធមនុស្សដើម្បីរក្សាសន្តិភាព និងធ្វើឱ្យសន្តិភាពរបស់យើងរឹងប៉ឹង មិនមែនគ្រាន់តែជាសន្តិភាពគ្មានការគំរាមកំហែងនៃសង្គ្រាមកាប់សម្លាប់ ប៉ុន្តែវាជាសន្តិភាពខាងផ្លូវចិត្តផងដែរ។ វាក៏ជាដំណើរការនៃការបង្រួបបង្រួមជាតិ។ ដូច្នេះ យើងមិនអាចទទួលបាននូវសារនយោបាយ ឬសកម្មភាពណាមួយ ដែលប៉ុនប៉ងដើម្បីបំផ្លាញសន្តិភាពនោះទេ។ យើងពិតជាធ្វើសកម្មភាពតាមផ្លូវច្បាប់ ដើម្បីនឹងទប់ស្កាត់អ្នកដែលមានបំណងបំផ្លិចបំផ្លាញសន្តិភាពសម្រាប់ប្រទេសរបស់យើង។ នេះជាកិច្ចការទី ១ ដែលមិនត្រឹមតែប្រជាជនខេត្តកំពតទេ តែក្នុងក្របខណ្ឌទូទាំងប្រទេសត្រូវតែមានការអភិវឌ្ឍ។
ការផ្លាស់ប្ដូរក្រៅបរិបទប្រជាធិបតេយ្យ មិនមែនជាការររីកចម្រើនទេ តែនាំមកនូវសង្រ្គាម
យើងបានដឹងហើយ ប្រសិនបើទុកឱ្យ សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ព្រះអង្គនៅបន្តដឹកនាំ បើទោះបីមិនដល់ដំណាក់កាលនេះក៏ដោយ ក៏ប៉ុន្តែ កុំធ្វើរដ្ឋប្រហារទម្លាក់ សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ប្រទេសរបស់យើងប្រហែលជាមិនចាញ់គេឯងនៅក្នុងតំបន់ទេ។ គេត្រូវទទួលយកការពិតមួយនេះ។ ខេត្តកំពតក៏ដូចជាទីក្រុងដទៃទៀត គ្មានទីក្រុងនោះទេ នៅក្នុងសម័យក្រោយដែលយើងរំដោះពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ចំណុចនេះជាមេរៀនប្រវត្តិសាស្រ្តដែលយើងត្រូវចងចាំ កុំឱ្យមានព្រឹត្តិការណ៍ការផ្លាស់ប្ដូរណា ក្រៅពីបរិបទប្រជាធិបតេយ្យ។ ការផ្លាស់ប្ដូរដែលចេញមកពីក្រៅបរិបទប្រជាធិបតេយ្យ មិនមែនជាការផ្លាស់ប្ដូរ ដែលធ្វើឱ្យប្រទេសមានការរីកចម្រើនទេ។ ផ្ទុយទៅវិញ វានឹងនាំមកដល់សង្រ្គាមតែម្ដង។
ខ្ញុំសង្ឃឹមថា អ្នកការទូតទាំងឡាយដែលបានមកដល់ទីនេះ ហើយអ្នកការទូតទាំងឡាយដែលស្ដាប់ និងតែងតែបកប្រែជាទៀងទាត់នូវអ្វីដែល ហ៊ុន សែន និយាយ គួរតែត្រូវបានឆ្លុះបញ្ចាំង ក្រឡេកមើលក្រោយបន្តិច ដើម្បីអាចយល់អំពីអតីតកាលរបស់កម្ពុជា។ ហេតុអ្វីបានជាកម្ពុជាឱ្យតម្លៃសន្តិភាពយ៉ាងដូច្នេះ? ព្រោះកម្ពុជាបានបាត់បង់ជីវិតមនុស្សរាប់លាននាក់ មនុស្សពិការ កុមារកំព្រាច្រើនណាស់ ដែលយើងត្រូវដោះស្រាយ។ ឆ្នាំ ១៩៧៩ យើងមានតែបាតដៃទទេ ដូច្នេះ យើងមិនអាចឱ្យនរណាមួយមកបំផ្លិចបំផ្លាញយើងបានតទៅទៀតទេ។ ដោយតម្លៃណាក៏ដោយ ត្រូវការពារសន្តិភាពឱ្យបានសិន។
អនុសាសន៍ទី ២៖ រក្សាឱ្យបានឆ្នេរសមុទ្រដ៏ស្អាតរបស់យើង
អនុសាសន៍ទី ២ របស់ខ្ញុំ រក្សាឱ្យបានឆ្នេរសមុទ្រដ៏ស្អាតរបស់យើង ដែលជាសមាជិកក្លិប … ឆ្នេរសមុទ្រដែលស្អាតបំផុត ដែលយើងបានចូលជាសមាជិកក្លិប។ ឥឡូវក្លាយទៅជាសមាគមក្លិប។ ហើយដូចជាឥឡូវកម្ពុជាត្រូវបានបោះឆ្នោតឱ្យធ្វើជាអនុប្រធានសមាគមនេះផង បូកនឹងធ្វើមហាសន្និបាតសម្រាប់ឆ្នាំ ២០២២ និងការប្រណាំងកង់ជាអន្តរជាតិនៅតាមឆ្នេរសមុទ្រនៅឆ្នាំ ២០២០ ខាងមុខនេះ។ ធ្វើយ៉ាងណា កុំឱ្យគេដកសមាជិកភាពពីក្លិបឆ្នេរសមុទ្រស្អាតឱ្យសោះ។ អ្វីដែលយើងត្រូវយកចិត្តទុកដាក់ នោះគឺត្រូវធ្វើយ៉ាងម៉េចឱ្យខេត្តដែលជាប់មាត់សមុទ្រទាំងអស់ ការពារនូវតំបន់ឆ្នេរ ឱ្យឆ្នេររបស់យើងនៅស្ថិតនៅជាឆ្នេរដែលស្អាតបំផុតនៅក្នុងក្របខណ្ឌពិភពលោក។ កុំឱ្យឆ្នេររបស់យើងត្រូវបានដកហូតចេញពីសមាជិកក្លិប ឬសមាជិកសមាគម។ ខ្ញុំសូមបញ្ជាក់បន្តិចចំណុចនេះ សូម្បីតែបេតិកភណ្ឌពិភពលោក ដែលយើងបានចូល ឧទាហរណ៍ ប្រាសាទអង្គរវត្ត ប្រាសាទព្រះវិហារ ប្រាសាទសម្បូរព្រៃគុក ប្រសិនបើយើងមិនអាចធ្វើត្រឹមត្រូវទៅតាមអនុសាសន៍របស់អង្គការ UNESCO ទេ ពេលណាមួយគេនឹងដកនូវសិទ្ធិជាបេតិកភណ្ឌ គេហៅថា ផុតរលត់ជាសមាជិក។ ប្រទេសមួយចំនួនបានបាត់បង់រួច ដែលជាមេរៀនសម្រាប់យើង។
ហាមចាក់ដីលុបសមុទ្រ ដោយគ្មានការអនុញ្ញាត
ដូច្នេះ ក៏ដូចគ្នាផងដែរ ទន្ទឹមយើងខិតខំនឹងការពារប្រាង្គប្រាសាទនានា យើងក៏ត្រូវខិតខំការពារឆ្នេរសមុទ្ររបស់យើង ឱ្យបានគង់វង្ស កុំឱ្យឆ្នេរសមុទ្ររបស់យើងត្រូវបំផ្លាញដោយសារការទម្លាក់ទឹកស្អុយចូលទៅក្នុងសមុទ្រ ដោយសារការចាក់ដីបំពានទៅលើសមុទ្រ ដោយសារការកាប់ព្រៃកោងកាងចោល ដើម្បីទន្ទ្រានយកដី។ ទាំងអស់នេះ គឺជាចំណុចដែលខេត្តនីមួយៗត្រូវធ្វើ។ ពិតមែនហើយ យើងមានគណៈកម្មការឆ្នេរ ដែលមានឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា ធ្វើជាប្រធាន និងមានរដ្ឋមន្រ្តីមួយចំនួនធ្វើជាអនុប្រធាន ក៏ប៉ុន្តែ ភារកិច្ចទទួលខុសត្រូវ ត្រូវតែជាគណៈអភិបាលខេត្តនីមួយៗ ត្រូវទទួលខុសត្រូវ មើលឱ្យបានដិតដល់។ ហាមចាក់ដីនៅទីកន្លែងណាដែលគ្មានការអនុញ្ញាត។ ខ្ញុំហាក់ដូចជាមានព័ត៌មានថា នៅខេត្តកោះកុងនៅបន្តមានការចាក់ដីចូលទៅក្នុងសមុទ្រដោយគ្មានការអនុញ្ញាត។ ខ្ញុំស្នើឱ្យឯកឧត្តម ជា សុផារ៉ា ក៏ដូចជាអភិបាលខេត្តកោះកុងពិនិត្យជាបន្ទាន់ តើវាមានពិតទេ? ហាក់ដូចជាមាននាយទាហានផងដែរ ដែលចូលរួមសកម្មភាពទាំងនេះ។ ខ្ញុំសូមបញ្ជាក់ជូនថា ប្រសិនបើមានករណីនេះ ខ្ញុំមិនអនុញ្ញាតឱ្យពួកគេនៅជានាយទាហានកម្ពុជាតទៅទៀតទេ។ បើទុកយ៉ាងដូច្នេះ ពួកគេនឹងក្លាយទៅជាអ្នកកសាងរដ្ឋនៅក្នុងរដ្ឋហើយ មិនអាចអនុញ្ញាតឱ្យមានទេ។
កុំបំផ្លាញបេតិកភណ្ឌ កុំបំផ្លាញតំបន់ឆ្នេរ និងកុំបំផ្លាញព្រៃព្រឹក្សា
មានករណីអនុញ្ញាតឱ្យមានការលុបសមុទ្រ ក្នុងករណីដែលវាមានការចាំបាច់ និងការកសាងខ្លះ ដូចជា ត្រូវធ្វើកំពង់ផែ បើយើងមិនចាក់ដើម្បីកសាងកំពង់ផែទេ យើងមិនអាចធ្វើបាន។ យើងឱ្យមានការចាក់ថ្ម ដើម្បីរាំងទឹករលកសម្រាប់តំបន់កម្សាន្តខ្លះ នោះគឺការសិក្សា ហើយអនុញ្ញាតឱ្យធ្វើ មិនមែនជាការធ្វើដោយបំពាននោះទេ … សូមកុំសម្លាប់មេមាន់ ដើម្បីគ្រាន់តែឆ្ងាញ់មួយពេល។ ត្រូវរក្សាទុកមេមាន់នេះ ដើម្បីយើងទទួលផលវែងឆ្ងាយបន្តទៅទៀត។ ខ្ញុំចង់និយាយថា កុំបំផ្លាញបេតិកភណ្ឌ កុំបំផ្លាញតំបន់ឆ្នេរ និងកុំបំផ្លាញព្រៃព្រឹក្សា ដើម្បីគ្រាន់តែយកមកតម្រូវការក្នុងរយៈពេលខ្លី ក៏ប៉ុន្តែ យើងត្រូវរក្សាទុកនូវអ្វីដែលយើងមានទាំងនោះ ហើយបំពេញបន្ថែមទៀតដោយការដាំដើមឈើបន្ថែម កែលម្អវាឱ្យកាន់តែស្អាត ដើម្បីយើងទទួលផលក្នុងរយៈពេលវែង។
អនុសាសន៍ទី ៣៖ បន្តខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធ
ចំណុចទី ៣ ខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធ ដែលក្នុងនោះមានផ្លូវ ផ្លូវដែក ទឹក ភ្លើង សណ្ឋាគារ រមណីយដ្ឋានទេសចរណ៍ដទៃទៀត។ ទាំងអស់នេះ គឺជាចំណុចដែលយើងត្រូវធ្វើបន្ត។ ឥឡូវនេះ ការធ្វើដំណើរពីភ្នំពេញមកខេត្តកំពត ជួបការលំបាកបន្តិច ដោយសារផ្លូវជាតិលេខ ៣ ដែលត្រូវពង្រីកនោះ កំពុងតែសាងសង់។ ប៉ុន្តែ បន្ទាប់ពីផ្លូវជាតិលេខ ៣ កសាងរួចហើយនោះ ច្បាស់ណាស់ថា ចំនួនអ្នកដែលធ្វើដំណើរតាមផ្លូវជាតិលេខ ៣ នឹងមានចំនួនកើនឡើង រាប់ទាំងអ្នកដែលធ្វើដំណើរទៅកាន់ខេត្តព្រះសីហនុ ក៏អាចធ្វើដំណើរមកកាត់តាមខេត្តកំពត ហើយធ្វើដំណើរបន្តតាមមាត់សមុទ្រ ទៅកាន់ខេត្តព្រះសីហនុ ដោយសារផ្លូវនេះត្រូវពង្រីកធំ។ ប៉ុន្តែ ខេត្តកំពតរបស់យើង ក៏មានផ្លូវដែកឆ្លងកាត់ផងដែរ ដែលត្រូវពង្រឹងនូវសេវាដឹកជញ្ជូនតាមផ្លូវដែក ដែលមានការដឹកជញ្ជូនទាំងទំនិញ និងអ្នកដំណើរ។
តបណ្ដាញអគ្គិសនីនៅទូទាំងប្រទេស
… អគ្គិសនី ក៏ត្រូវខិតខំ ដើម្បីតបណ្ដាញ ហើយមិនមែនតែបណ្ដាញសម្រាប់ទីក្រុងទេ អ្វីដែលយើងចង់និយាយ ៩២% នៃភូមិរបស់ប្រជាពលរដ្ឋយើង មានអគ្គិសនីបានទៅដល់ហើយ នៅសល់តែ ៨% តែប៉ុណ្ណោះ ដែលមិនទាន់មានបណ្ដាញអគ្គិសនីទៅដល់។ ប៉ុន្មានឆ្នាំខាងមុខនេះ ត្រូវខិតខំធ្វើយ៉ាងម៉េចឱ្យអគ្គិសនីបានទៅដល់។ ឆ្នាំកន្លងទៅ យើងជួបការលំបាកដោយសារតែបញ្ហាវារីអគ្គិសនីរបស់យើងខ្វះទឹក ក៏ប៉ុន្តែ ឆ្នាំនេះ ដោយសារតែយើងមានអាងស្តុក ហើយបញ្ចេញមិនទាន់មានចំនួនច្រើនប៉ុន្មានទេ រាប់ទាំងកំចាយនៅជិតខាងយើងនេះ។
យកចិត្តទុកដាក់លើការផ្គត់ផ្គង់ទឹកស្អាត
ឯចំពោះការផ្គត់ផ្គង់ទឹក ក៏ត្រូវយកចិត្តទុកដាក់។ ខ្ញុំបានពិភាក្សាជាមួយនឹងឯកឧត្តម ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធិ អំពីការផ្គត់ផ្គង់ទឹកស្អាតនៅក្នុងខេត្តកំពត ទាំងទីរួមខេត្ត នៅក្នុងខេត្តកំពតរបស់យើង(ទាំងមូល) ព្រោះយើងមិនមែនគ្រាន់តែតម្រូវការ នៃការផ្គត់ផ្គង់ទឹកស្អាតសម្រាប់ទីក្រុងទេ តែយើងក៏ត្រូវការផ្គត់ផ្គង់ទឹកស្អាតសម្រាប់ប្រជាពលរដ្ឋរបស់យើងទូទៅ។ ត្រូវមានទំនាក់ទំនងដើម្បីយកទឹកផលិតនៅឯខេត្តកែប ដែលឥឡូវនេះ សមត្ថភាពផលិតគឺមានប្រមាណជាង ២ ម៉ឺនមែត្រគូប ក្នុងមួយថ្ងៃ ក៏ប៉ុន្តែប្រើប្រាស់ក្នុងចំណែកណាមួយតូចនៅឯខេត្តកែប។ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម រួមជាមួយអាជ្ញាធរខេត្ត ត្រូវពិនិត្យមើល ពិភាក្សាជាមួយក្រុមហ៊ុន ដើម្បីទាញយកទឹកដែលផលិតនៅឯខេត្តកែប បញ្ជូនមកខេត្តកំពត បន្ថែមទៅដោយគម្រោងផលិតរបស់យើង កាលពីឆ្នាំទៅ ខ្ញុំបានមកសម្ពោធដាក់ឱ្យប្រើប្រាស់នូវរោងចក្រផលិតទឹកស្អាតដែលជាជំនួយឥតសំណងរបស់ប្រទេសជប៉ុន។ យើងក៏មានផែនការដើម្បីទប់ស្កាត់ទឹកប្រៃ ដែលចូលទៅតំបន់ដែលត្រូវបូម។ ពេលណា ទឹកខាងលើវាធ្លាក់ចុះទាប ទឹកសមុទ្ររបស់យើងវានឹងរុញទៅខាងលើ។ ដូច្នេះ ត្រូវខិតខំដើម្បីធានាយ៉ាងណា នៅពេលដែលទឹកខាងលើធ្លាក់ទាប ទឹកសមុទ្រជន់ឡើង កុំឱ្យកន្លែងដែលយើងបូមផលិតទឹកស្អាតសម្រាប់ប្រើប្រាស់នោះ ទៅជាតំបន់ទឹកប្រៃ។ ទាំងនេះ សុទ្ធតែជាចំណុចដែលយើងត្រូវសិក្សាបង្កាទុកជាមុន នៅក្នុងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធជាមួយនឹងការអភិវឌ្ឍបន្តទៀត ហើយមិនមែនគ្រាន់តែបញ្ហានៃខេត្តកំពតទេ ក៏ប៉ុន្តែនេះវាស្ថិតនៅក្នុងខេត្តតំបន់មាត់សមុទ្ររបស់យើងផងដែរ។ ខេត្តព្រះសីហនុ ខេត្តកោះកុង កែប មិនជាបញ្ហាប៉ុន្មានទេ។ ប៉ុន្តែអ្វីដែលជាតម្រូវការនៅពេលខាងមុខនេះ ខ្ញុំទស្សន៍ទាយទុកជាមុនថា ខេត្តកំពត ខេត្តព្រះសីហនុ និងខេត្តកោះកុង ក្លាយទៅជាតំបន់ដែលមានតម្រូវការយ៉ាងធំទៅលើការផ្គត់ផ្គង់អគ្គិសនី ការផ្គត់ផ្គង់ទឹកសម្រាប់ដោះស្រាយនៅទីនោះ។
អនុសាសន៍ទី ៤៖ ត្រៀមធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតក្លឹបឆ្នេរសមុទ្រលើកទី ២ ឆ្នាំ ២០២២
អនុសាសន៍ទី៤៖ អភិបាលខេត្តជាប់មាត់សមុទ្រទាំង ៤ ត្រូវត្រៀមលក្ខណៈសម្បត្តិឱ្យបានល្អដើម្បីធ្វើជាម្ចាស់ផ្ទះ រៀបចំមហាសន្និបាតក្លឹបលើកទី ២ ឆ្នាំ ២០២២ នៅកម្ពុជា ស្តីពីការអភិវឌ្ឍ និងឆ្នេរសមុទ្រកម្ពុជា ដែលកម្ពុជាត្រូវបានសម្រេចឱ្យធ្វើជាម្ចាស់ផ្ទះ។ ខ្ញុំសង្ឃឹមថា យើងនឹងធ្វើបានល្អ ហើយមិត្តភក្តិដែលជាសមាជិកនៃសមាគមន៍ ឬក៏ក្លឹប នឹងអញ្ញើញមកកម្ពុជា ទទួលបាននូវបទពិសោធន៍ទៅវិញទៅមក។ យើងធ្វើជាម្ចាស់ផ្ទះនៃកិច្ចការទាំងនោះ យើងទទួលការប្រជុំច្រើន។ ប៉ុន្តែយើងមិនខ្លាច។ ឆ្នាំ ២០២០ នេះ យើងនឹងប្រជុំអាស៊ី-អឺរ៉ុប ហើយបន្ទាប់ទៅ ដោយសារមហាអនុតំបន់មេគង្គ មិនអាចប្រជុំនៅក្នុងឆ្នាំ ២០២០ បាន យើងក៏អាចលើកមហាអនុតំបន់មេគង្គទៅប្រជុំនៅឆ្នាំ ២០២១ និងនៅឆ្នាំ ២០២២ ពិតមែនតែកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះនៃការប្រជុំអាស៊ាន ក៏ប៉ុន្តែការប្រជុំឆ្នេរគេហៅថា មហាសន្និបាតនៃសមាគមន៍នៃឆ្នេរសមុទ្រដែលស្អាតបំផុតលើពិភពលោកនេះ វាមិនប៉ះពាល់ទៅដល់ការប្រជុំអាស៊ាន ដែលត្រូវប្រជុំ ២ លើក នៅក្នុងឆ្នាំ ២០២២ នោះទេ។
អនុសាសន៍ទី ៥៖ រក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គម កុំឱ្យមានភេរវកម្មកើតឡើង
ចំណុចទី ៥ ដែលជាអនុសាសន៍របស់ខ្ញុំ ក៏មិនខុសពីពេលមុនៗដែរខិតខំធ្វើយ៉ាងណារក្សានូវសន្តិសុខសណ្តាប់ធ្នាប់សង្គម កុំឱ្យមានភេរវកម្មកើតឡើងនៅតំបន់ទេសចរណ៍មាត់សមុទ្រ កុំឱ្យមានគ្រឿងញៀន កុំឱ្យមានបងតូចបងធំ និងក្រុមដែលធ្វើសកម្មភាពបំផ្លិចបំផ្លាញនូវស្ថិរភាពក្នុងតំបន់ទេសចរណ៍។ តំបន់ទេសចរណ៍របស់យើង ត្រូវតែក្លាយជាតំបន់ទេសចរណ៍ដែលមានសុវត្ថិភាព ហើយគ្មានការគំរាមគំហែងពីពួកម៉ាហ្វីយ៉ា និងគ្មានការគំរាមគំហែងពីការវាយប្រហារភេរវកម្ម។
បើសេដ្ឋកិច្ចពឹងពាក់អនឡាញ កម្ពុជានឹងក្លាយជាអ្នករងគ្រោះខាងសន្តិសុខជាតិ
ខ្ញុំសុំយកឱកាសនេះ ដើម្បីបញ្ជាក់ឡើងវិញបន្តិចត្រង់ថា មនុស្សមួយចំនួនព្រួយបារម្ភអំពីបញ្ហាបាត់អនឡាញ នៅពេលដែលមានអនឡាញនាំគ្នាព្រួយបារម្ភអំពីវត្តមានជនជាតិចិននៅកម្ពុជា។ នៅពេលដែលយើងបិទអនឡាញគេព្រួយបារម្ភអំពីការបាត់ជនជាតិចិនពីកម្ពុជា។ តើអ្នកចង់បានអ្វីពិតប្រាកដ? សម្រាប់ខ្ញុំសង្កេតឃើញថា បើសេដ្ឋកិច្ចកម្ពុជាពឹងពាក់ទៅលើអនឡាញ កម្ពុជានឹងក្លាយទៅជាអ្នករងគ្រោះសម្រាប់បញ្ហាសន្តិសុខជាតិរបស់ខ្លួន។ យើងស្ថិតនៅក្រោមការគំរាមគំហែងនៃ ក្រុមម៉ាហ្វីយ៉ា ដែលជ្រៀតចូលមកក្នុងប្រទេសរបស់យើង ដើម្បីធ្វើសកម្មភាព។ យើងក៏ស្ថិតនៅក្នុងស្ថានភាពដែលនឹងក្លាយទៅជាប្រទេសនៃគោលដៅលាងលុយកខ្វក់ តាមរយៈអនឡាញ។ យើងនឹងបាត់បង់នូវសុវត្ថិភាពអ្នកជំនួយធំៗ អ្នករកស៊ីធំៗ ដែលជាអ្នកប្រាក់កាសមិនហ៊ានចូលមកកម្ពុជា ដោយសារខ្លាចពួក ក្រុមម៉ាហ្វីយ៉ា។ អ្វីក៏ដោយត្រូវតែមានការបង់ថ្លៃ។ យើងសុខចិត្តមិនមានអនឡាញ ក៏ប៉ុន្តែយើងច្បាស់ជានាំមកនូវសន្តិភាព និងសន្តិសុខ ហើយយើងនាំមកនូវអ្នកវិនិយោគ ដែលសុច្ចរិត និងអ្នកវិនិយោគដែលមានប្រាក់កាសមករស់នៅកម្ពុជា។ ផ្ទុយទៅវិញ បើវត្តមានអនឡាញបន្ត កម្ពុជានឹងក្លាយទៅជាអ្នករងគ្រោះ ហើយរងគ្រោះមុនគេសន្តិសុខរបស់យើងតែម្តង។ បន្ទាប់ទៅនឹងក្លាយជាគោលដៅនៃការលាងលុយកខ្វក់ ដែលនៅលើពិភពលោកកំពុងតែប្រយុទ្ធប្រឆាំងព្រមទាំងភេរវកម្មហិរញ្ញប្បទានសម្រាប់ភេរវកម្ម ដែលជាចំណុចគ្រោះថ្នាក់។
ត្រង់នេះហើយ ដែលខ្ញុំមិនខ្លាចពាក្យចចាមអារាម និងរហូតមានបញ្ជូនតាមអ្នកដែលស្គាល់ Telegram របស់ខ្ញុំ ឬ WhatsApp របស់ខ្ញុំ លើកសំណូមរនេះ សំណូមពរនោះ ហើយលើកថា វិស័យអចលនទ្រព្យមានការថយចុះ សំណង់មានការថយចុះ។ ខ្ញុំចង់សួរថា តើសំណង់នៅក្នុងប្រទេសកម្ពុជា បម្រើឱ្យតែអនឡាញឬ ប្រសិនបើសំណង់នៅកម្ពុជាគ្រាន់តែបម្រើឱ្យអនឡាញ សេដ្ឋកិច្ចកម្ពុជាពិតជាពឹងពាក់ទៅលើអនឡាញ នោះគឺជាគ្រោះថ្នាក់នៃសេដ្ឋកិច្ចពពុះសាប៊ូ មិនគួរធ្វើបែបនេះទេ។ ដូច្នេះនៅសល់តែប៉ុន្មានថ្ងៃទៀត អនឡាញនឹងត្រូវបញ្ចប់នៅកម្ពុជាហើយ ព្រោះសារាចរណ៍ដែលខ្ញុំបានដាក់ចេញ។ មិនចេញអាជ្ញាប័ណ្ណបន្ថែមទៀតទេ ឬពន្យាពេលទៀតទេ។ ពុំមានវត្តមានអនឡាញនៅកម្ពុជាបន្ថែមទៀតទេ។ ប្រទេសណាចង់ធ្វើក៏ធ្វើទៅ។ ប៉ុន្តែប្រទេសកម្ពុជាមិនធ្វើអនឡាញទេ។ មុននឹងធ្វើការសម្រេចចិត្ត យើងបានពិនិត្យដិតដល់ហើយ ថាតើសេដ្ឋកិច្ចរបស់យើងមានកំណើនមកពីអ្វី មិនមែនកំណើនមកពីអនឡាញទេ។ ខ្ញុំទទួលយល់ថា ប្រជាពលរដ្ឋមួយចំនួនបានទទួលផលពីអនឡាញ តាមរយៈការជួលផ្ទះឲ្យគេធ្វើអនឡាញ ជួលផ្ទះឲ្យបុគ្គលិកដែលធ្វើការអំពីអនឡាញ ក៏ប៉ុន្តែនោះគ្រាន់តែជាក្រុមតូចមួយនៃការទទួលផល។ ឥឡូវដីធ្លីនៅតែជាដីធ្លីរបស់យើង កែច្នៃទៅជាអ្វីដែលជាមុខរបរសមស្របរបស់យើងតទៅទៀត ហើយក៏មិនចាំបាច់ពឹងពាក់ទៅលើសេដ្ឋកិច្ចអនឡាញនោះទេ។
អុនុសាសន៍ទី ៦៖ ជម្រុញការផលិត ផ្គត់ផ្គង់ដល់វិស័យទេសចរណ៍ ទិសដៅនាំចេញនៅហ្នឹងកន្លែង
ចំណុចទី ៦ ជម្រុញការផលិត ដើម្បីផ្គត់ផ្គង់ដល់វិស័យទេសចរណ៍ ដែលជាទិសដៅនាំចេញនៅហ្នឹងកន្លែង។ ចំណុចនេះនៅតែជាចំណុចដែលនិយាយដដែលជាដដែល ប៉ុន្តែយើងត្រូវជម្រុញអ្វីដែលជាការដាក់ចេញនៅក្នុងការជម្រុញការផលិត ដើម្បីផ្គត់ផ្គង់ទៅលើវិស័យទេសចរណ៍។ ពាក្យដែលហៅថាការនាំចេញ សម្រាប់ខ្ញុំ មិនសំដៅលើការនាំចេញឆ្លងកាត់ព្រំដែនទៅកាត់ប្រទេសនេះ ឬប្រទេសនោះទេ ក៏ប៉ុន្តែការនាំផលិតផលរបស់កសិករខ្មែរ ដែលផលិតដូចជាបន្លែបង្ការ ការចិញ្ចឹមមាន់ ចិញ្ចឹមត្រី ឬចិញ្ចឹមទៅលើអីដទៃទៀត ដែលអាចផ្គត់ផ្គង់ចូលទៅក្នុងសណ្ឋាគារ សម្រាប់ផ្គត់ផ្គង់ឲ្យភ្ញៀវទេសចរណ៍បរទេសបាន ខ្ញុំចាត់ទុកថាជាការនាំចេញនៅហ្នឹងកន្លែង។ យើងសាកល្បងពិនិត្យមើល ទេសចរណ៍ ៦ លាននាក់ ក្នុងមួយឆ្នាំ តើមានតម្រូវការហូប អ្នកដែលទទួលទានជាអង្ករអស់ប៉ុន្មាន? អ្នកដែលទទួលទានជាបន្លែបង្ការអស់ប៉ុន្មាន? ពងមាន់ ពងទាអស់ប៉ុន្មាន? សាច់មាន់ សាច់គោអស់ប៉ុន្មាន? ត្រូវជម្រុញការផលិត ហើយកាត់បន្ថយការនាំចូល។ សព្វថ្ងៃនេះយើងបាននាំចេញ យើងទទួលប្រាក់ពីទេសចរណ៍ ក៏ប៉ុន្តែយើងក៏បាននាំប្រាក់ចេញត្រឡប់ទៅវិញ ដើម្បីនាំនូវអ្វីដែលជាផលិតផលសម្រាប់ផ្គត់ផ្គង់ឲ្យទេសចរណ៍។ នេះជាការខាតបង់។
ខ្សែក្រវ៉ាត់បៃតង ជម្រុញការដាំដុះ ចិញ្ចឹមសត្វ ផ្គត់ផ្គង់អោយតំបន់ទេសចរ
ដូច្នេះគោលដៅទេសចរណ៍ទាំងអស់ខិតខំធ្វើឲ្យមានខ្សែក្រវ៉ាត់បៃតង គឺការជម្រុញការដាំដុះ និងការចិញ្ចឹមសត្វនៅតំបន់ដែលកៀកនឹងតំបន់ទេសចរណ៍ ឬក៏តំបន់ដែលអាចផ្គត់ផ្គង់មកកាន់តំបន់ទេសចរណ៍បាន។ នៅខេត្តកំពតគេអាច អ្នកខេត្តកំពតទទួលផល តែអ្នកខេត្តតាកែវ ឬអ្នកនៅកន្លែងដទៃទៀតក៏អាចនឹងផ្គត់ផ្គង់មកកាន់ទីនេះបានដែរ។ ដូច្នេះសុំយកចិត្តទុកដាក់ដែលទាក់ទងនឹងការជម្រុញការផលិត ដើម្បីផ្គត់ផ្គង់ដល់វិស័យទេសចរណ៍ ដែលនោះធ្វើឲ្យប្រជាពលរដ្ឋរបស់យើងមានទីផ្សារសម្រាប់ការលក់ផលិតផលរបស់ពួកគាត់។ យើងត្រូវធ្វើកិច្ចការងារនេះ ដែលខ្ញុំហៅថាជាសេដ្ឋកិច្ចដែលមិនពឹងពាក់ទៅលើអ្វីដែលគេហៅថាការអនុគ្រោះនេះ។ ការអនុគ្រោះតាមរបៀបដែលយើងទៅសុំទានគេ។ (ត្រូវតែ)ឯករាជ្យម្ចាស់ការរបស់យើង។ ខ្ញុំសង្ឃឹមថា ប្រជាពលរដ្ឋរបស់យើងមានលទ្ធភាពនឹងធ្វើ ហើយអាចធ្វើទៅបានដោយសារសមត្ថភាពផលិតរបស់ប្រជាពលរដ្ឋរបស់យើងមានការកើន ក៏ប៉ុន្តែត្រូវមានជំនួយពីផ្នែកវិស័យកសិកម្ម ហើយក៏អាចមានជំនួយពីផ្នែកហិរញ្ញវត្ថុ សម្រាប់ផ្តល់ឲ្យកសិកររបស់យើង ទទួលបានប្រាក់នោះសម្រាប់ការដាំដុះផងដែរ ឬការចិញ្ចឹមសត្វផងដែរ។
ឆ្នាំ ២០២០ នឹងមានជំនួបទីមួយជាមួយសហគ្រាសធុនតូច និងមធ្យម
មីក្រូហិរញ្ញវត្ថុ ជាពិសេសសហគ្រាសធុនតូច និងមធ្យម ដែលឆ្នាំក្រោយនេះជាឆ្នាំទី ១ ដែលឯកឧត្តមទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធិ ផ្តួចផ្តើមគំនិតឲ្យខ្ញុំជួបសហគ្រាសធុនតូច និងមធ្យម។ ខ្ញុំទទួលជួប។ អាចមានមនុស្សរាប់ពាន់នាក់ទៅជួបនាយករដ្ឋមន្ត្រី ដើម្បីសន្ទនានៅក្នុងមួយពេល។ ឥឡូវធនាគារ សហគ្រាសធុនតូច និងមធ្យម ក៏ចាប់ផ្តើមដំណើរការ ដែលក្នុងប៉ុន្មានអាទិត្យមុននោះ ខ្ញុំបានចុះហត្ថលេខាបញ្ចេញនូវសាច់ប្រាក់ជាង ៤០០ ពាន់លានរៀល ស្មើ ១០០ លានដុល្លារអាមេរិក ដាក់បញ្ចូលទៅក្នុងធនាគារនោះ ដើម្បីឲ្យធនាគារចាប់ផ្តើមដំណើរការ ជាមួយនឹងការផ្តល់ឥណទានបន្ថែមទៅឲ្យធនាគារអភិវឌ្ឍន៍ជនបទចំនួន ៥០ លានដុល្លារសហរដ្ឋអាមេរិកបន្ថែមទៀត ហើយទាំងពីរផ្នែកនេះក៏វាជាផ្នែកដែលជួយទ្រទ្រង់ទៅឲ្យសកម្មភាពក្នុងវិស័យកសិកម្ម សហគ្រាសធុនតូច និងមធ្យម ដូចជាកែច្នៃផលិតផលដែលយើងបានឃើញ នៅក្នុងការតាំងពិព័រណ៍នៅឯទីក្រុងភ្នំពេញក៏ដូចជាការតាំងពិព័រណ៍នៅទីនេះ។
អនុសាសន៍ទី ៧៖ ពង្រីកនិងពង្រឹងការតភ្ជាប់ផ្លូវមាត់សមុទ្រពីខេត្តកំពត ទៅកាន់ខេត្តកោះកុង
ចំណុចទី ៧ ពង្រីកនិងពង្រឹងការតភ្ជាប់ផ្លូវនៅតាមមាត់សមុទ្រពីខេត្តកំពតរបស់យើងទៅកាន់ខេត្តកោះកុង សម្រួលចរាចរណ៍តាមផ្លូវគោកផ្លូវអាកាសពីផ្ទៃក្នុងមកកាន់ខេត្តមាត់សមុទ្រ។ ខេត្តកែប ខេត្តកំពត បន្ទាប់ពីផ្លូវជាតិលេខ ៣ កសាងរួចហើយ ច្បាស់ណាស់ថាវានឹងសម្រួលចរាចរណ៍យ៉ាងច្រើន។ ខេត្តព្រះស៊ីហនុបន្ទាប់ពីសម្រួលផ្លូវជាតិលេខ ៤ ដោយឥណទានពីធនាគារពិភពលោកជាមួយនឹងផ្លូវល្បឿនលឿន ទីក្រុងភ្នំពេញខេត្តព្រះសីហនុវានឹងសម្រួលឲ្យចរាចរណ៍ទៅតាមមាត់សមុទ្រ មិនគ្រាន់តែបម្រើឲ្យវិស័យទេសចរណ៍ទេ លើគ្រប់ផ្នែកទាក់ទិនជាមួយនឹងការដឹកជញ្ជូនរបស់យើង។ ផ្លូវជាតិលេខ ៤៨ ដែល តភ្ជាប់ពីផ្លូវជាតិលេខ ៤ ទៅកាន់កោះកុងនឹងត្រូវបន្តជាមួយនឹងការតភ្ជាប់រវាងចាប់ពីខេត្តកោះកុងទៅថ្មដា ខេត្តពោធិ៍សាត់ និងសំឡូតនៃខេត្តបាត់ដំបងគឺជាការតភ្ជាប់មួយដ៏ល្អ។ យើងតភ្ជាប់ផ្លូវអាកាសដែលបច្ចុប្បន្ននេះមានការហោះហើរពីទីក្រុងភ្នំពេញទៅព្រលានយន្តហោះកងកេង ពីព្រលានយន្តហោះសៀម រាបទៅព្រលានយន្តហោះកងកេង និងការហោះហើរជាអន្តរជាតិមកកាន់ព្រលានយន្តហោះកងកេងនៅខេត្តព្រះសីហនុ។ យើងពង្រឹងនូវការទំនាក់ទំនងការតភ្ជាប់នេះដើម្បីជំរុញវិស័យទេសចរណ៍ និងវិស័យសេដ្ឋកិច្ចរបស់យើងឲ្យមានកំណើនឡើង។
ទី ៨ ការពារសុវត្ថិភាពអ្នកទេសចរធ្វើដំណើរតាមមធ្យោបាយផ្លូវទឹក
ទី ៨ ខិតខំការពារឲ្យខាងតែបាននូវសុវត្ថិភាពនៃអ្នកទេសចរដែលធ្វើដំណើរតាមមធ្យោបាយផ្លូវទឹក។ រឿងនេះ អត់ត្រូវមើលស្រាលទេ បើទោះបីជាទៅដល់ទីណាក៏ខ្ញុំនៅតែរំលឹកសូម្បីកុំភ្លេចថានៅប្រទេសមួយចំនួនអ្នកទេសចរ ឬអ្នកធ្វើដំណើរតាមផ្លូវទឹកទទួលរងនូវគ្រោះថ្នាក់ប្រទេស។ ក្នុងតំបន់របស់យើង និងប្រទេស នៅក្រៅតំបន់ ឧទាហរណ៍ ឥណ្ឌូនេស៊ីក៏ឧស្សាហ៍ជួបប្រទះ នៅបង់ក្លាដែស ក៏ឧស្សាហ៍ជួបប្រទះ នៅតំបន់ ដទៃទៀតក៏ឧស្សាហ៍ជួបប្រទះ។ ដូច្នេះត្រូវប្រុងប្រយ័ត្នជាមួយទេសចរណ៍ដែលធ្វើដំណើរកំសាន្តតាមផ្លូវទឹកឆ្លងពីកែបទៅកោះទន្សាយ ឆ្លងពីកំពតទៅកន្លែងដទៃទៀត ឆ្លងពីខេត្តព្រះសីហនុពីទីក្រុងទៅកាន់បណ្តាកោះពីខេត្តកោះកុងដូចគ្នា។ គេជិះមើល។ ប្រសិនបើទូកកាណូតយើងលិចនោះគឺជារឿងគ្រោះថ្នាក់។ អញ្ចឹងសុំពិនិត្យជាប្រចាំនូវមធ្យាបាយធ្វើដំណើរទាំងនោះដោយមន្ទីរទេសចរណ៍ ឬក៏ដោយអាជ្ញាធរខេត្តដែលត្រូវមានការទទួលខុសត្រូវខ្ពស់ កុំឲ្យគ្រោះថ្នាក់ទោះបីជាជីវិតមនុស្សត្រឹម ១នាក់ ឬ ២ នាក់ មួយនាក់ក៏ដោយ ២ នាក់ក៏ដោយគឺវាជាការខាតបង់ធំធេង ហើយវាក៏បំផ្លាញទៅដល់កេរ្តិ៍ឈ្មោះទេសចរណ៍របស់យើងដែលចាត់ទុកថាទេសចរណ៍មិនមានសុវត្ថិភាពគ្រប់គ្រាន់។ យើងសំដែងនូវការសោកស្តាយចំពោះ ទេសចរស្រ្តីជនជាតិអង់គ្លេសម្នាក់ដែលបានគ្រោះថ្នាក់នៅឯកោះរ៉ុងដោយសារឧប្បទ្ទេវហេតុ (តាមការសិក្សា) គឺការទទួលទានសុរាហើយចុះមុជទឹក។ យើងខិតខំធ្វើយ៉ាងម៉េចឲ្យមានសុវត្ថិភាពសម្រាប់ទេសចរណ៍របស់យើង។
អនុសាសន៍ទាំង ៨ សំរាប់ខេត្តមាត់សមុទ្រ និងអាចពាក់ព័ន្ធនឹងបុណ្យទន្លេ
ចំណុចទាំង ៨ នេះ ជាអនុសាសន៍មិនមែនសំរាប់តែខេត្តកំពត់មួយទេ ក៏ប៉ុន្តែក៏វាជាខេត្តដែលជាប់មាត់សមុទ្រទាំងអស់ ហើយក៏អាចពាក់ព័ន្ធជាមួយនឹងបុណ្យទន្លេនៅពេលខាងមុខផងដែរ។ អ្វីដែលខ្ញុំចាប់អារម្មណ៍នៅពេលដែលយើងធ្វើបុណ្យសមុទ្រម្តងៗ មិនមែនគ្រាន់តែធ្វើដើម្បីអ្នកខេត្តកំពតទេ ក៏ប៉ុន្តែវាក្លាយទៅជាព្រឹត្តិការណ៍របស់ជាតិ។ គ្រប់ខេត្តបានមកចូលរួមសម្តែងសាមគ្គីភាព និងបង្ហាញពីផលិតផលរបស់គេ ស្ថាប័ននានាក៏ធ្វើដូច្នោះ។ យើងធ្វើបុណ្យទន្លេមិនមែនគ្រាន់តែជាសម្រាប់ខេត្ត ដែលជាម្ចាស់ផ្ទះទេ ក៏ប៉ុន្តែ ដើម្បីបង្ហាញអំពីវឌ្ឍនភាពរបស់ប្រទេសរបស់យើង។ ខ្ញុំក៏សូមគូសបញ្ជាក់សារជាថ្មីថាមានតែសុខសន្តិភាពប៉ុណ្ណោះដែលយើងអាចចាត់តាំងពិធីបែបនេះបាន។
ខ្ញុំមកខេត្តកំពតមិនមែនតែម្តង ឬ ២ ដងទេ បានសេចក្តីថាក្នុងសម័យសង្រ្គាមនៅឆ្នាំមួយ ដើមឆ្នាំ ១៩៨៨ ខ្ញុំមកធ្វើបុណ្យខួប ៧ មករា ១៩៧៩ ខួបលើកទី ៩ នៅទីនេះរួចហើយខ្ញុំទៅមុជទឹកនៅទឹកឈូ។ ពេលនោះ អ្នកកាសែតល្បីៗមួយចំនួនបានធ្វើដំណើរមកកាន់ខ្ញុំដូចជាមាន ក្លូដ ប៉ូល ម៉ុងទី មាន ហ្សាក់ បេគែរត៍ និងមាន មនុស្សមួយចំនួនទៀតបានថតរូបរបស់ខ្ញុំ។ ពេលនោះខ្ញុំនៅទះបាល់បាន មកលេងបាល់ទះនៅខេត្តកំពត។ ខ្ញុំស្លៀកខោបាល់ទះចុះងូតទឹក។ អញ្ចឹងទេគេថតរូបខ្ញុំបានចូលទស្សនាវត្តី Asia Week ហើយគេដាក់ថាលិចឬអណ្តែត។ គេចង់សម្តៅថា តើហ៊ុនសែនអាចទ្រាំបានទេនៅពេលដែលកងទ័ពវៀតណាមដកចេញពីកម្ពុជា។ ពេលនោះខ្ញុំបានបញ្ជាក់ ប្រាប់ពួកគេថា ឆ្នាំ ១៩៨៩ ខាងមុខនៅសល់មួយឆ្នាំទៀតកងទ័ពវៀតណាមនឹងដកចេញពីកម្ពុជាទោះមាន ឬគ្មានដំណោះស្រាយនយោបាយ។ ក្នុងខេត្តកំពតរបស់យើង ខ្ញុំជាអ្នកបើរថយន្តខ្លួនឯង កាលនោះមានរថយន្តឡាដារបស់ថ្នាក់ខេត្ត។
ខ្ញុំធ្វើដំណើរពីភ្នំពេញ មកខេត្តខ្ញុំធ្វើដំណើរដោយឧទម្កាចក្រ Mi 17។ ពេលល្ងាច ខ្ញុំបើកឡានខ្លួនឯងដឹកភរិយាខ្ញុំទៅមើលស្រែ អំបិលជាមួយនឹងឯកឧត្តម កុយ លួន និងឯកឧត្តម សោម ចិន ដែលជាអភិបាលខេត្តនៅពេលនោះ។ តំបន់ជុំវិញសុទ្ធតែសង្រ្គាម ពេលដល់ឆ្នាំ ១៩៨៩-៩០ ហើយយើងត្រូវបញ្ជូននាយអគ្គសេនាធិការរង ចាយ សាងយន់ មកធ្វើអភិបាលខេត្តកំពតដើម្បីទ្រទ្រង់សភាពការណ៍នៅពេលនោះ ព្រោះជាតំបន់នៃទីបញ្ជាការនៃផ្នែកនិរតីរបស់ពួកខ្មែរក្រហម ដែលខ្ញុំបញ្ជាក់អម្បាញ់មិញសង្រ្គាមបាន បញ្ចប់នៅឆ្នាំ ១៩៩៦ ឆ្នាំ ១៩៩៤ រទេះភ្លើងដែលធ្វើដំណើរ ហើយដែលសម្លាប់ទេសចរណ៍ជនជាតិអង់គ្លេស បារាំង និងអូស្រ្តាលីផងដែរគឺកើតឡើងនៅក្នុងឆ្នាំ ១៩៩០ ។ អញ្ចឹងទេស្ថានភាពនៃខេត្តកំពតរបស់យើងបានជួបប្រទះគ្រប់រសជាតិហើយ ឥឡូវកំពុងតែធ្វើដំណើរទៅរកការអភិវឌ្ឍ។
អធ្យាស្រ័យពីសំណាក់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាថ្នាក់ដឹកនាំខេត្តកំពតអំពីអវត្តមាននៃភរិយា
ថ្ងៃនេះមុននឹងបញ្ចប់ អនុញ្ញាតឲ្យខ្ញុំសុំអធ្យាស្រ័យពីសំណាក់បងប្អូនប្រជាពលរដ្ឋនៅខេត្តកំពត ក៏ដូចជាថ្នាក់ដឹកនាំខេត្តកំពតអំពីអវត្តមាននៃភរិយារបស់ខ្ញុំ គេឃើញភរិយារបស់ខ្ញុំរួមដំណើរជាមួយខ្ញុំនៅឯ ខេត្តព្រះសីហនុ នៅឯខេត្តកោះកុង។ ប៉ុន្មានខែមុនគឺបុណ្យទន្លេនៅខេត្តកំពង់ឆ្នាំង ក៏ប៉ុន្តែ ឥឡូវនេះ គឺអវត្តមានរបស់គាត់ដោយសារតែជំងឺម្តាយក្មេក គម្រោងដើមរបស់ខ្ញុំ ខ្ញុំត្រូវមកដេកនៅទីនេះមួយយប់។ ខ្ញំគិតថាមុនម្តាយក្មេកខ្ញុំឈឺ ខ្ញុំមកសម្ពោធរោងចក្រស៊ីម៉ង់ ខ្ញុំថាខ្ញុំនឹងមកដើម្បីធ្វើជាកន្លែងថតរូបដើម្បីឲ្យអ្នក ថតរូបខ្ញុំមកកាន់មាត់សមុទ្រ ហើយថតរូបជាមួយខ្ញុំ ក៏ប៉ុន្តែផ្ទុយទៅវិញខ្ញុំធ្វើដំណើរតាមឧទម្កាចក្រ បន្ទាប់ពីនេះទៅ ខ្ញុំនឹងចាកចេញត្រឡប់ទៅទីក្រុងភ្នំពេញវិញទាំយប់ដោយរថយន្ត … ថ្ងៃស្អែកគឺនៅមួយយប់ ទៀតសម្រាប់ការកំសាន្តសប្បាយរបស់ប្រជាពលរដ្ឋ។ ខ្ញុំគិតថា ថ្ងៃស្អែកបើបានជាជ្រុល ឯកឧត្តម ជាវ តាយ ដាក់ភ្លេងក្រៅពីសិល្បៈ ឲ្យប្រជាពលរដ្ឋរាំវង់ឲ្យពេញកន្លែងហ្នឹងតែម្តង ជាការកំសាន្តសប្បាយមុនដំណាច់ឆ្នាំ។ នេះជាអ្វីដែលខ្ញុំចង់ជម្រាបជូន ហើយខ្ញុំអធ្យាស្រ័យអំពីរយៈពេលខ្លីដែលខ្ញុំធ្វើដំណើរមកកាន់ខេត្តកំពត ហើយខ្ញុំត្រឡប់ទៅវិញទាំងយប់ដោយសារមានធុរៈម្តាយចាស់ យើងមិនអាចដឹងថាតើពេលណាដែលគាត់លាពីយើងទៅទេ។ ដូច្នេះ យើងដែលជាកូនមិនអាចនៅឆ្ងាយ ពីពួកគាត់បាននោះទេ។ ខ្ញុំមកទីនេះ ភរិយាខ្ញុំត្រូវរង់ចាំនៅទីនោះហើយចុងក្រោយជាថ្មីម្តងទៀត។
ថ្លែងនូវការកោតសរសើរចំពោះការរៀបចំរបស់អាជ្ញាធរខេត្ត
ខ្ញុំសុំថ្លែងនូវការកោតសរសើរចំពោះការរៀបចំរបស់អាជ្ញាធរខេត្តដែលមានការចូលរួមពីស្ថាប័ននានាដឹកនាំដោយ ឯកឧត្តមរដ្ឋមន្រ្តី ថោង ខុន នូវការរៀបចំបុណ្យសមុទ្រលើកទី ៨ ជុំទី ២ នៅក្នុងខេត្តកំពតរបស់យើង។ ហើយសង្ឃឹមថាល្ងាចនេះ យើងនឹងបានទស្សនាដោយជក់ចិត្តជាមួយនឹងការសម្តែងរបស់សិល្បៈករ សិល្បៈការិនីកម្ពុជាក៏ដូចជាការសម្តែងរបស់សិល្បៈករ សិល្បៈការិនីនៃបណ្តាប្រទេសជាមិត្តមកចូលរួមសាមគ្គីជាមួយយើងក្នុងការសម្តែង សម្រាប់ការកំសាន្តរបស់ប្រជាជននៅក្នុងបុណ្យសមុទ្រនៅក្នុងខេត្តកំពត។ ជាទីបញ្ចប់សូមជូនពរឯកឧត្តម លោកជំទាវ អស់លោក លោកស្រីនាងកញ្ញា ជូនពរចំពោះបងប្អូនជនរួម ជាតិនៅក្នុងខេត្តកំពត ក៏ដូចជានៅទូទាំងប្រទេសសូមប្រកបដោយពុទ្ធពរ និងពរទាំង ៥ ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ បដិភានៈ កុំបីឃ្លៀងឃ្លៀតឡើយ។ សូមអរគុណ៕