សេចក្តីដកស្រង់ប្រសាសន៍ ពិធីបុណ្យសមុទ្រលើកទី ៨ ជុំទី ២

“… អ្នកដែលមានការពាក់ព័ន្ធតែងស្នើសុំមកខ្ញុំ អំពីការវិនិយោគដាំសារាយនៅក្នុងសមុទ្រ … តើតំបន់ដែលមានការវិនិយោគបែបនេះ ជាតំបន់ហាមឃាត់ចំពោះប្រជាជនក្នុងការនេសាទឬអត់? ហេតុអ្វីបានជាមកធ្វើការវិនិយោគខេត្តកំពត ខេត្តព្រះសីហនុ? … ដោយសារតែការសួររបស់ខ្ញុំនោះហើយ ដែលរក្សាបានធនធានធម្មជាតិនៅក្នុងសមុទ្រ និងបាតសមុទ្រ។ បន្ថែមលើនោះ ការជំទាស់របស់ខ្ញុំមិនឱ្យបូមខ្សាច់នៅក្នុងសមុទ្រ ក៏បានថែទាំជីវៈចម្រុះនៅក្នុងសមុទ្រ …”

“… មានប្រមាណជា ៧ ពាន់ហិកតា ដែលគ្របដណ្ដប់ទៅដោយស្មៅសមុទ្រ និងមានអ្វីៗនៅទីនោះ ដែលចាំបាច់ដាក់ជាតំបន់ការពារដើម្បីធានាថាកន្លែងនោះ ទាក់ទាញទេសចរដែលមកមុជទឹកផ្នែកកំសាន្ត ព្រោះឥឡូវ ចាប់ផ្ដើមមានទេសចរដែលមុជទឹក ដើម្បីទៅមើលអ្វីនៅក្រោមបាតសមុទ្រផងដែរ …”

” … ប្រទេសរបស់យើងពិតជាមានធនធានដ៏កម្រ … យើងមិនធ្វើសេដ្ឋកិច្ចដោយពឹងផ្អែកលើវិស័យណាតែមួយនោះទេ ហើយយើងក៏មិនធ្វើវិស័យទេសចរណ៍ ដោយពឹងផ្អែកទៅលើអង្គរវត្ត និងប្រាង្គប្រាសាទតែម្យ៉ាងនោះដែរ … ខេត្តនៅជាប់មាត់សមុទ្រ ពិតមែនតែគ្មានប្រាង្គប្រាសាទ ក៏ប៉ុន្តែមានមាត់សមុទ្រ សម្រាប់ការកំសាន្តរបស់អ្នកទេសចរ ទាំងក្នុងស្រុកនិងមកពីក្រៅស្រុក។ ខេត្តមិនមានមាត់សមុទ្រ ក៏មានប្រាង្គប្រាសាទ មានបឹងបួ មានព្រៃភ្នំ ក្រំថ្ម ទាក់ទាញទេសចរទៅកំសាន្ត …”

សម្ដេចតេជោ ហ៊ុន សែន, បើកពិធីបុណ្យសមុទ្រលើកទី ៨ ជុំទី ២ ខេត្តកំពត, ២១ ធ្នូ ២០១៩