សេចក្ដីអត្ថាធិប្បាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ស្ដីពី បញ្ហាព្រំដែនកម្ពុជា-ថៃ ថ្លែងនៅក្នុងសមាជរដ្ឋសភា-ព្រឹទ្ធសភា

ខ្ញុំត្រូវការបញ្ជាក់បន្ថែម។ សម្ដេចនាយករដ្ឋមន្ត្រីបានលើកឡើងរួចហើយ។ ខ្ញុំចង់ឲ្យអង្គសមាជធ្វើសេចក្ដីថ្លែងការណ៍គាំទ្ររាជរដ្ឋាភិបាល ក្នុងការនាំយកបញ្ហាអធិបតេយ្យជាតិនៅមុំបី ប្រាសាទតាមាន់ធំ តាមាន់តូច និងតាក្របី ទៅតុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេ (ICJ)។ នៅទីនេះ អ្វីដែលខ្ញុំចង់បញ្ជាក់បន្ថែមលើអ្វីដែលនាយករដ្ឋមន្ត្រីបានមានយោបល់រួចហើយនៅត្រង់ថា ត្រូវបន្តការចរចាតាមយន្តការដែលមានស្រាប់។ មិនមែនបានសេចក្ដីថា យើងទៅតុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេ (ICJ) ហើយបោះបង់ចោលនូវយន្តការនៃការចរចានោះទេ។ គណៈកម្មការព្រំដែននៃប្រទេសទាំងពីរ នៅបន្តការចរចា និងយន្តការដទៃទៀតនៅរក្សាទាំងអស់ រួមទាំងយន្តការជួបពិភាក្សារវាងរដ្ឋមន្ត្រីមហាផ្ទៃជាមួយបណ្ដាខេត្ត រវាងរដ្ឋមន្ត្រីការពារជាតិ គឺនៅរក្សាទាំងអស់។ ប៉ុន្តែ គ្រាន់តែលើកនេះ យើងដាក់ទៅក្នុងរបៀបវារៈបបួលភាគីថៃ យកបញ្ហាទាំងប៉ុន្មាន ទៅតុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេ (ICJ)។ យើងបបួល(គ្នាទៅជាមួយគ្នា)បែបនេះ វាជាការគួរសមរបស់យើង។ មិនមែនមានតែកម្ពុជាទេ។ បើតាមយើងដឹង មានប្រទេសច្រើនដែលបានបបួលគ្នាបែបនេះ ដូចជាករណីសិង្ហបុរីនិងម៉ាឡេស៊ី គេក៏បបួលគ្នាទៅអញ្ចឹងដែរ។ យប់ម៉ិញ ក្រោយពីបង្ហោះសាររបស់នាយករដ្ឋមន្ត្រី និងសាររបស់ខ្ញុំ មានអ្នកចូលមកសួរថា បើជាយើងបបួលគេ តែគេមិនទៅ តើយើងធ្វើយ៉ាងម៉េច? ខ្ញុំបានឆ្លើយត្រឡប់ទៅវិញ បើមិនព្រមទៅ មានន័យថាយើងត្រូវតែប្ដឹង ព្រោះបើសិនជាបបួលគ្នាទៅ វាជាការល្អ។ ជាការទុកមុខមាត់ឲ្យគ្នាទៅវិញទៅមក។ ម្យ៉ាងទៀត ខ្ញុំក៏ចង់និយាយរឿងនេះជូនប្រជាពលរដ្ឋកម្ពុជា ​ក៏ដូចជាពលរដ្ឋថៃឲ្យបានជ្រាបថា បើយើងមិនពឹងផ្អែកភាគីទីបី គឺតុលាការយុត្តិ​ធម៌អន្តរជាតិទីក្រុងឡាអេ (ICJ)ដោះស្រាយទេ ជម្លោះបែបនេះ…

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អំពាវនាវចំពោះប្រជាពលរដ្ឋកុំមានការភិតភ័យចំពោះ ការចល័តកងទ័ពតាមផ្លូវគោកនិងផ្លូវអាកាស ការពារទឹកដីក្នុងភូមិសាស្ត្រខេត្តរតនគិរី មណ្ឌលគិរី ក្រចេះ ដើម្បីកំចាត់ពួកភេរវកម្ម(សារសម្លេង)

បងប្អូនជនរួមជាតិជាទីគោរពស្រលាញ់​! បន្ទាប់ពីការចេញបញ្ជាកាលពីថ្ងៃ ​កម្លាំងបន្ថែមសម្រាប់បម្រើឱ្យការបាញ់កំទេចដ្រូន ដែលហៅថាយន្តហោះគ្មានមនុស្សបើក បានចេញដំណើររួចស្រេចហើយ។ ខ្ញុំសូមអំពាវនាវ បងប្អូន(ប្រជាពលរដ្ឋ)នៅខេត្តក្រចេះ, រតនគិរី, មណ្ឌលគិរី និងទីកន្លែងដែលកងកម្លាំងកងទ័ពបានឆ្លងកាត់ កុំមានការភ័យព្រួយពីការមានសង្គ្រាមផ្ទុះឡើងនៅក្នុងប្រទេសកម្ពុជា។ ការធ្វើដំណើរនៃកម្លាំងប្រដាប់អាវុធចេញពីទីក្រុងភ្នំពេញឆ្ពោះទៅកាន់ខេត្តរតនគិរី ឬ​មណ្ឌល​គិរី និងតាមខេត្តក្រចេះ ត្បូងឃ្មុំ​ គឺជាកម្លាំងអន្តរាគមន៍ជួយដល់យោធភូមិភាគទី១។ ដោយសារតែមានការបំពានជាបន្តបន្ទាប់ពីសំណាក់យន្តហោះគ្មានមនុស្សបើក ដែលយើងមិនដឹងប្រភពថាចេញពីទីកន្លែងណា យើងមានការចាំបាច់ការពារអធិបតេយ្យភាពជាតិ។ ខ្ញុំចាត់ទុកថានេះជាការឈ្លានពាន ហើយជាការប៉ុនប៉ងធ្វើភេរវកម្មនៅលើទឹកដីកម្ពុជា។ ខ្ញុំសូមដាក់ចេញបទបញ្ជាបន្ថែមឱ្យកម្លាំងនៅយោធភូមិភាគទី១ សហការជាមួយគ្រប់កម្លាំ​ងទាំងអស់រុករកអ្នកដែលមកលាក់ខ្លួននៅលើទឹកដីកម្ពុជា។ ការធ្វើដំណើរទៅនេះ ​មិនមែនត្រឹមតែដើម្បីពួនស្ទាក់កំទេចយន្តហោះគ្មានមនុស្សបើក ដែលហៅថាដ្រូននោះទេ ក៏ប៉ុន្តែក៏ត្រូវរុករកកម្លាំងដែលរត់ឆ្លងកាត់ពីប្រទេសវៀតណាម ចូលមកលាក់ខ្លួនក្នុងទឹកដីកម្ពុជា។ យើងអំពាវនាវចំ​ពោះប្រទេសទាំងឡាយដែលផ្ដល់ទីតាំងឱ្យយន្តហោះគ្មានមនុស្សបើកហោះចូលមកក្នុងទឹកដីរបស់យើង បញ្ឈប់​ជាបន្ទាន់សកម្មភាពដែលមានចរិកជាភេរវកម្ម ប្រឆាំងនឹងឯករាជ្យអធិបតេយ្យភាពនៃព្រះរាជាណាចក្រកម្ពុជា។ ខ្ញុំសូមអំពាវនាវបងប្អូនជនរួមជាតិ សហការផ្ដល់ព័ត៌មានអំពីអ្នកដែលលាក់ខ្លួននៅក្នុងទឹកដីកម្ពុជា។ ច្បាស់ណាស់ថា ដ្រូននេះកំពុងតែស្វែងរកធ្វើទំនាក់ទំនងជាមួយក្រុមបាក់ទ័ពដែលរត់ចេញពីប្រទេសវៀតណាម ហើយអាចនឹងមកលាក់ខ្លួននៅក្នុងប្រទេសកម្ពុជា។ សូមបងប្អូនប្រជាពលរដ្ឋរបស់យើងផ្តល់នូវកិច្ចសហការ តាមរយៈការផ្ដល់ព័ត៌មានអោយកងទ័ពរបស់យើងផ្នែកខាងក្រោម … និយាយរួមយើងមានអាវុធច្រើនប្រភេទដើម្បីកំទេច យន្តហោះដែលគ្មានមនុស្សបើក ដែលប៉ុន្មានយប់កន្លងទៅនេះ តែងបានបំពានលើអធិបតេយ្យរបស់យើង។ ខ្ញុំចាត់ទុកថានេះជាអំពើភេរវកម្ម។ សាជាថ្មីម្ដងទៀត ខ្ញុំសូមអំពាវនាវចំពោះប្រទេសជិតខាងដែលផ្ដល់មូលដ្ឋានសម្រាប់ការហោះហើររបស់ដ្រូន បញ្ឈប់សកម្មភាពនេះជាបន្ទាន់ និងសូមគោរពអធិបតេយ្យភាពរបស់យើង។ យើងគ្មានប្រាថ្នាអ្វីក្រៅពីសេចក្ដីសុខនិងឯករាជ្យអធិបតេយ្យភាពរបស់យើងនោះទេ។ សូមប្រជាពលរដ្ឋរបស់យើងកុំមានការព្រួយបារម្ភនិងជ្រួលច្របល់ចំពោះសភាពការណ៍ ដែលអាចនឹងកើតឡើងនៅក្នុងពេលដែលយើងចល័តកងទ័ព បូកជាមួយនឹងការដែលអាចនឹងមានការបាញ់ទម្លាក់នូវយន្តហោះគ្មានមនុស្សបើកនៅក្នុងទឹកដីកម្ពុជា។ ជឿជាក់ថារាជរដ្ឋាភិបាលអាចនឹងគ្រប់គ្រងសភាពការទាំងអស់នេះ ដោយមានកិច្ចសហការពីភាគីវៀតណាម ដែលជាជនរងគ្រោះដោយសារអំពើភេរវកម្មក្នុងរយៈកន្លងទៅនេះ។…

សេចក្តីថ្លែងការណ៍ សម្តេចតេជោ ហ៊ុន សែន ស្តីពី ព័ត៌មានបំផុសថា កម្ពុជាអនុញ្ញាតឲ្យមានមូលដ្ឋានយោធាបរទេស នៅលើទឹកដីរបស់ខ្លួន

កម្ពុជាមិនឲ្យមានកងទ័ព ឬមូលដ្ឋានទ័ពបរទេសលើទឹកដីខ្លួន ដែលនឹងរំលោភលើរដ្ឋធម្មនុញ្ញរបស់ខ្លួននោះទេ … ខ្ញុំក៏ទទួលបាននូវលិខិតរបស់ Mike Pence ដែលជាអនុប្រធានាធិបតីរបស់សហរដ្ឋអាមេរិក បង្ហាញអំពីកង្វល់ទាក់ទងជាមួយនឹងការនឹងវត្តមានមូលដ្ឋានកងទ័ពជើងទឹក​របស់ចិននៅពេលខាងមុខនៅកម្ពុជា។ ខ្ញុំសូមបញ្ជាក់ជូនបងប្អូនជនរួមជាតិ​ ក៏ដូចជាមិត្តភក្តិបរទេសទាំងអស់ថា តើកម្ពុជាមានការចាំបាច់ ដើម្បីនឹងរំ​លោភនូវរដ្ឋធម្មនុញ្ញរបស់ខ្លួន ឬទេ?​ រដ្ឋធម្មនុញ្ញរបស់កម្ពុជា បានហាមឃាត់​វត្តមានរបស់កងទ័ពបរទេស ឬការមានមូលដ្ឋានយោធាបរទេសនៅក្នុងទឹកដីរបស់ខ្លួន។ កងទ័ពរបស់ខ្លួនក៏ត្រូវបានហាមឃាត់​មិនឲ្យចូលរួមនៅក្នុងប្រតិបត្តិការជាមួយប្រទេសណា លើកលែងតែក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ ដូចដែលយើងកំពុងស្ថិតនៅប្រទេសលីបង់ ស៊ូដង់ ស៊ូដង់ខាងត្បូង ម៉ាលី និងអាហ្រ្វិកកណ្តាល។ នេះជាចំណុចមួយដែលសូមបញ្ជាក់ទៅកាន់សាធារណជន ទៅកាន់មិត្តភក្តិបរទេស។ ខ្ញុំក៏នឹងតបឆ្លើយលិខិតរបស់អនុប្រធានាធិបតីសហរដ្ឋអាមេរិក ដើម្បីបញ្ជាក់អំពីជំហររបស់កម្ពុជា ទាក់ទងទៅនឹងរដ្ឋធម្មនុញ្ញរបស់ខ្លួន ដែលហាមឃាត់នូវវត្តមានកងទ័ព មូលដ្ឋានកងទ័ពបរទេសនៅក្នុងប្រទេសកម្ពុជា មិនថា ជើងគោក ជើងទឹក ឬជើងអាកាសនោះទេ។ តើកម្ពុជាចាំបាច់ត្រូវការកងទ័ពបរទេសលើទឹកដីខ្លួនឬទេ? ចំណុចទី ២ ចោទចេញជាសំណួរថា តើកម្ពុជាត្រូវការកងទ័ពបរទេសនៅលើទឹកដីរបស់ខ្លួនដើម្បីអ្វីទៅ? តើកម្ពុជាត្រូវការច្បាំងជាមួយអ្នកណា? កម្ពុជាមានកម្លាំងគ្រប់គ្រាន់ដើម្បីការពារ​​​ឯករាជ្យ អធិបតេយ្យភាពរបស់ខ្លួនរួចទៅហើយ មិនមានការចាំបាច់ដើម្បីដាក់កងទ័ពបរទេសមកជំនួយទេ … កម្ពុជា គ្មានការចាំបាច់ដើម្បីនឹងត្រូវការអន្តរាគមន៍ដោយកងទ័ពបរទេសនោះទេ។ តើយើងវាយជាមួយអ្នកណា? វាយជាមួយប្រជាជនខ្លួនឯង(ឬ)? វាយជាមួយថៃ? វាយជាមួយវៀតណាម ឬឡាវ ឬវាយជាមួយប្រទេសណា? នេះជាចំណុចមួយដែលគួរឲ្យងឿងឆ្ងល់ណាស់។ តើគេមានចេតនាចង់ធ្វើអ្វីចំពោះកម្ពុជា?…