ខ្ញុំត្រូវការបញ្ជាក់បន្ថែម។ សម្ដេចនាយករដ្ឋមន្ត្រីបានលើកឡើងរួចហើយ។ ខ្ញុំចង់ឲ្យអង្គសមាជធ្វើសេចក្ដីថ្លែងការណ៍គាំទ្ររាជរដ្ឋាភិបាល ក្នុងការនាំយកបញ្ហាអធិបតេយ្យជាតិនៅមុំបី ប្រាសាទតាមាន់ធំ តាមាន់តូច និងតាក្របី ទៅតុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេ (ICJ)។
នៅទីនេះ អ្វីដែលខ្ញុំចង់បញ្ជាក់បន្ថែមលើអ្វីដែលនាយករដ្ឋមន្ត្រីបានមានយោបល់រួចហើយនៅត្រង់ថា ត្រូវបន្តការចរចាតាមយន្តការដែលមានស្រាប់។ មិនមែនបានសេចក្ដីថា យើងទៅតុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេ (ICJ) ហើយបោះបង់ចោលនូវយន្តការនៃការចរចានោះទេ។ គណៈកម្មការព្រំដែននៃប្រទេសទាំងពីរ នៅបន្តការចរចា និងយន្តការដទៃទៀតនៅរក្សាទាំងអស់ រួមទាំងយន្តការជួបពិភាក្សារវាងរដ្ឋមន្ត្រីមហាផ្ទៃជាមួយបណ្ដាខេត្ត រវាងរដ្ឋមន្ត្រីការពារជាតិ គឺនៅរក្សាទាំងអស់។ ប៉ុន្តែ គ្រាន់តែលើកនេះ យើងដាក់ទៅក្នុងរបៀបវារៈបបួលភាគីថៃ យកបញ្ហាទាំងប៉ុន្មាន ទៅតុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេ (ICJ)។ យើងបបួល(គ្នាទៅជាមួយគ្នា)បែបនេះ វាជាការគួរសមរបស់យើង។ មិនមែនមានតែកម្ពុជាទេ។ បើតាមយើងដឹង មានប្រទេសច្រើនដែលបានបបួលគ្នាបែបនេះ ដូចជាករណីសិង្ហបុរីនិងម៉ាឡេស៊ី គេក៏បបួលគ្នាទៅអញ្ចឹងដែរ។
យប់ម៉ិញ ក្រោយពីបង្ហោះសាររបស់នាយករដ្ឋមន្ត្រី និងសាររបស់ខ្ញុំ មានអ្នកចូលមកសួរថា បើជាយើងបបួលគេ តែគេមិនទៅ តើយើងធ្វើយ៉ាងម៉េច? ខ្ញុំបានឆ្លើយត្រឡប់ទៅវិញ បើមិនព្រមទៅ មានន័យថាយើងត្រូវតែប្ដឹង ព្រោះបើសិនជាបបួលគ្នាទៅ វាជាការល្អ។ ជាការទុកមុខមាត់ឲ្យគ្នាទៅវិញទៅមក។ ម្យ៉ាងទៀត ខ្ញុំក៏ចង់និយាយរឿងនេះជូនប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាពលរដ្ឋថៃឲ្យបានជ្រាបថា បើយើងមិនពឹងផ្អែកភាគីទីបី គឺតុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេ (ICJ)ដោះស្រាយទេ ជម្លោះបែបនេះ គឺនឹងបន្តរាប់រយឆ្នាំទៀត។ ដោះអត់ចប់ទេ។ មូលហេតុអ្វីបានជាដោះអត់ចប់? មូលហេតុត្រង់ថា រដ្ឋាភិបាលប្រទេសនីមួយៗ មិនអាចដកថយចេញពីចំណុចដែលខ្លួនប្រកាន់ឥរិយាបថ(ជារបស់ខ្លួន)បានទេ។ ប្រសិនបើដកថយចេញពីចំណុចនេះ ប្រជាជនក្នុងប្រទេសរបស់ខ្លួននឹងបន្ទោស(ទាំងសងខាង)។ បើសិនជាថាដកថយចេញពីចំណុចនេះ តាមរយៈយន្តការទ្វេភាគី មិនមែនជាតុលាការ គឺច្បាស់ជាប្រជាជនស្រែកបន្ទោស មិនថាយើង មិនថាថៃទេ។
អញ្ចឹង យកល្អបំផុត ដើម្បីឲ្យប្រជាជនអស់ចិត្ត រដ្ឋាភិបាលក៏សុខស្រួល យើងយកបញ្ហានេះទៅឲ្យតុលាការកាត់ក្តីតែម្តង។ កម្ពុជាសន្យាគោរពទៅនឹងការសម្រេចចិត្តរបស់តុលាការ ព្រោះព្រះករុណាព្រះបិតាជាតិ ព្រះបរមរតនកោដ្ឋ ក៏ធ្លាប់បានធ្វើនៅឆ្នាំ១៩៦២ ស្តីពីប្រាសាទព្រះវិហារ។ យើងបានប្ដឹងដើម្បីបកស្រាយនៅឆ្នាំ២០១១ ផងដែរ។ យើងទទួលគោរព ទទួលយកការសម្រេច ការបកស្រាយនោះដោយស្ម័គ្រចិត្ត ដោយពេញចិត្ត។ ការបបួលទៅកាន់តុលាការ គឺជាការទុកមុខទុកមាត់ឲ្យគ្នា។ នៅក្នុងការប្រជុំនៅពេលខាងមុខ ភាគីកម្ពុជានឹងដាក់ចេញការស្នើបបួលភាគីថៃទៅកាន់តុលាការអន្តរជាតិ។ យើងរង់ចាំមើលប្រសិនបើមានការគេចវេសណាមួយ ដោយក្រុមណាមួយ គឺច្បាស់ជាមានអាថ៌កំបាំងនៅពីក្រោយខ្នងហើយ។ ហេតុអ្វីបានជាមិនចង់ដោះស្រាយតាមផ្លូវតុលាការ។ ការចរចាបានធ្វើមក ២៥ឆ្នាំហើយ។ ខ្ញុំប្រើពេល ២៣ឆ្នាំកន្លះ តាំងពី MoU ឆ្នាំ២០០០ រហូតដល់ខែ៨ ឆ្នាំ២០២៣។ បានសេចក្តីថាខ្ញុំប្រើពេលជាង ២៣ឆ្នាំ។ បន្តមក រាជរដ្ឋាភិបាលថ្មីជិត ២ឆ្នាំហើយ។ យើងដោះស្រាយអត់បានទេ។ សូម្បីតែប្រជុំគណៈកម្មការចម្រុះព្រំដែន ក៏ប្រជុំមិនបានផង។
តើមានមូលហេតុអ្វីនៅពីក្រោយ? ហើយ(មានទាំងករណី)ហ៊ានអះអាង រហូតដល់ច្រានទ្រូងប្រជាជនយើង និងរហូតចូលមកបាញ់នៅក្នុងទឹកដីរបស់យើងទៀត។ រឿងដែលខ្ញុំឈឺចាប់បំផុតគឺយុទ្ធជនម្នាក់(ដែលបានពលី)នេះ។ កន្លែងនោះ ខ្ញុំជាមួយ សម្តេច ទៀ បាញ់ ដឹងច្បាស់លើរឿងនេះ។ យើងកាន់កាប់កន្លែងនេះតាំងពីឆ្នាំ១៩៨៨។ ពេលនោះ ជាតំបន់ខ្មែរក្រហមឈរជើង ដាក់អាវុធច្រើនណាស់ រាប់ទាំងនៅក្នុងដីថៃមួយចំនួនផង។ យើងបើកប្រតិបត្តិការដែលមានការសហការជាមួយឡាវ កងទ័ពកម្ពុជា និងកងទ័ពវៀតណាម វាយយកកាំភ្លើងនិងគ្រាប់បានច្រើនណាស់។ ទៀ បាញ់ បានទៅដល់តាំងពីឆ្នាំ១៩៨៨។ រឿងអីមកដល់ពេលនេះបែរជាមកទាមទារឱ្យយើងដកកងទ័ពចេញ?
ថ្ងៃដែល ម៉ៅ សុផាន់ ទៅចរចា ការពិតបានឯកភាពគ្នាអស់ហើយ។ ស្រាប់តែមេបញ្ជាការយោធភូមិភាគទី២ របស់ថៃ ធ្វើលិខិតបន្តិចជូនទៅមេបញ្ជាការកងទ័ពជើងគោក ហើយមេបញ្ជាការជើងគោកក៏ស្នើមកមេបញ្ជាការជើងគោករបស់យើង ម៉ៅ សុផាន់ ថាសុំឱ្យដកកងទ័ព ២០០ម៉ែត្រចេញ។ នេះជារឿងដែល Abhisit Vejjajiva បាននិយាយជាមួយខ្ញុំនៅមុខប្រធានាធិបតីឥណ្ឌូនេស៊ី កាលពីឥណ្ឌូនេស៊ីធ្វើជាប្រធានអាស៊ានឆ្នាំ២០១១ ថា “សូមឱ្យភាគីទាំង២ ដកកងទ័ពចេញពីតំបន់ប្រាសាទព្រះវិហារ”។ ខ្ញុំបាននិយាយថា «ឯកឧត្តម! ខ្ញុំមិនអាចដកកងទ័ពចេញពីទឹកដីរបស់ខ្ញុំបានទេ។ ផ្ទុយទៅវិញ ឯកឧត្តមទេ ដែលត្រូវដកកងទ័ពឈ្លានពានរបស់ឯកឧត្តមចេញពីប្រាសាទព្រះវិហារ»។ នៅលើពិភពលោកនេះ គេមិនដែលទាមទារឱ្យដកកងទ័ពចេញពីទឹកដីរបស់ខ្លួនទេ។
រឿងមុំបីនេះ កន្លែងសាលារួមចិត្តជារបស់យើង។ ខ្ញុំបានទៅមើលលេណដ្ឋាន ហើយមើលកាំភ្លើង ១២,៧ ស្អីៗ។ យប់មិញ ខ្ញុំបានបង្ហោះរូបថត (កាលពីពេលនោះ)។ មិនមែនព្រំដែនត្រឹមតែប៉ុណ្ណឹងទេណា។ ខ្ញុំទៅលើនោះ ដែលមានកាំភ្លើង ១២,៧ និងដែលខ្ញុំបានទៅកាន់។ ហេតុអ្វីបានជាមកដល់ម៉ោងនេះ ទាមទារឲ្យយើងដក(ទ័ពចេញពីដីយើង)? នេះមិនមែនជាការបំផុសកំហឹងទេ ក៏ប៉ុន្ដែជារឿងអធិបតេយ្យភាព។
ពេលនេះ យើងនឹងបានដឹងច្បាស់ថា អ្នកណាស្នេហាជាតិ អ្នកណាស្រឡាញ់ជាតិពិតប្រាកដ? «ពេលយើងមិនវាយបក គេថាយើងកំសាក មិនហ៊ានវាយ. ពេលយើងវាយ គេថាយើងប្រើហិង្សា។ ពេលដែលយើងមិនប្ដឹង គេថាយើងមិនហ៊ាន. ពេលដែលយើងប្ដឹង គេថាយើងបង្ករឿង»។ ហ្នឹងពួកខាងក្នុងនេះ។ ឥឡូវ សូមចេញមកទៀតមក ដើម្បីឲ្យប្រជាជនបានស្គាល់មុខ(ពិត) ពីឥឡូវទៅឲ្យហើយ។ ទូរទស្សន៍ទាំងអស់កំពុងផ្សាយបន្ដផ្ទាល់ពេញប្រទេសពីសមាជរបស់យើង។
ក្នុងស្ថានភាពនេះ ខ្ញុំសូមបញ្ជាក់ថា “យើងអត់បោះបង់ចោលយន្ដការចរចាណាមួយទេ ប៉ុន្ដែការចរចាលើកនេះ យើងនឹងបបួលភាគីថៃយកចំណុចរសើបទាំង ៤កន្លែង ទៅកាន់តុលាការ(ICJ)។ ឯគណៈកម្មការព្រំដែន នៅបន្តពិនិត្យ ដើររកបង្គោល និងបោះបង្គោលព្រំដែនជាបន្ដទៀត”។ បានសេចក្ដីថា មិនចោលទេគណៈកម្មការនេះទៅណាទេ។ មិនមែនបានសេចក្ដីថា យើងប្ដឹងហើយចប់រឿងទេ។ យើងយកតែ ៤ចំណុចហ្នឹងទៅតុលាការប៉ុណ្ណោះក្រៅពីនោះ គឺគណៈកម្មការនៅបន្ដដើរវាស់វែងកំណត់ព្រំដែនជាក់លាក់។ ប្រសិនបើមិនឲ្យតុលាការ(អន្ដរជាតិ) កាត់ក្ដីទេ រឿងនេះវាដូចជាតំបន់ GAZA រវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន។ ដោះ(ស្រាយ)មិនចប់ទេ ហើយវាយគ្នារហូត។ បើមិនតូចគឺធំ បើមិនធំគឺតូច តែប៉ុណ្ណឹង។ តើខ្លាចអីនឹងទៅកាន់តុលាការ បើសិនជាមានចិត្តស្មោះត្រង់។
កម្ពុជាគ្មានត្រូវការទឹកដីអ្នកណាទេ។ កម្ពុជាបាត់បង់ទឹកដីច្រើនណាស់ហើយ។ កម្ពុជាក៏មិនទាមទារយកដីត្រឡប់មកវិញដែរ។ តែកម្ពុជាសុំរក្សាសិទ្ធិការពារទឹកដី(បច្ចុប្បន្ន)របស់ខ្លួនតែប៉ុណ្ណោះ មិនអាចឲ្យអ្នកណាមកដណ្តើម … កម្ពុជាបានចរចាជាមួយវៀតណាម បោះបង្គោលចំនួន៨៤% រួចស្រេចទៅហើយ។ នៅសល់ ១៦%ទៀត ក៏គង់ធ្វើការចរចា ហើយភាគីទាំងពីរគោរពគ្នាទៅវិញទៅមក។ ជាមួយឡាវ កម្ពុជាបានចរចា បោះបង្គោលព្រំដែនចំនួន៨៦% ហើយ នៅសល់១៤% ទៀតកំពុងបន្តការចរចា ដោយមានការគោរពគ្នា។ ក៏ប៉ុន្តែព្រំដែនកម្ពុជា-ថៃ ២៥ឆ្នាំ អត់ទាន់បានធ្វើអ្វី ក្រៅពីដើររកបង្គោលប៉ុន្មាននោះតែប៉ុណ្ណោះ។ ចំណុចរសើបទាំងប៉ុន្មាន បើមិនដោះស្រាយទេវានឹងបន្ត។
ខ្ញុំសូមបញ្ជាក់ថា មិនមែន(សំរេច)យកការប្តឹងផ្តល់មួយនេះ ហើយបញ្ឈប់កិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងថៃលើគ្រប់វិស័យ ដែលមានរួចមកហើយទេ។ រឿងក្តីគឺក្តី តែរឿងសហប្រតិបត្តិការនៅតែសហប្រតិបត្តិការ។ មិត្តភាពរបស់យើងត្រូវតែមាន។ ខ្ញុំសូមអំពាវនាវបងប្អូនជនរួមជាតិ កុំឈានដល់ការរើសអើងជាតិសាសន៍ កុំឲ្យមានជម្លោះរាលដាលទៅតំបន់ផ្សេង ឬផ្ទេរពីផ្នែកយោធា ទៅផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ វប្បធម៌ ឬវិស័យអប់រំ វិស័យដទៃផ្សេងទៀត។ សូមយកចិត្តទុកដាក់ទៅលើបញ្ហានេះ។
ខ្ញុំក៏សូមផ្តល់អនុសាសន៍ចំពោះរាជរដ្ឋាភិបាលផងដែរ ក្នុងករណីមានជម្លោះប្រដាប់អាវុធកើតឡើង ដែលរឿងនេះកំពុងតែក្តីនៅក្នុងតុលាការ ឬយើងមិនទាន់ដាក់ពាក្យ សូមកុំភ្លេចក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដូចដែលធា្លប់បានធ្វើរួចមកហើយ។ ប្រសិនបើមានការបំពាន យើងវាយទប់នៅហ្នឹងកន្លែងក្នុងផ្នែកយោធា តែការទូត ត្រូវតែគោះទ្វារក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដូចកាលពីឆ្នាំ២០១១។ សូមកុំភ្លេច UNSC ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ ខ្ញុំសង្ឃឹមថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ មុខតែនឹងជួយជំរុញលើកទឹកចិត្តឱ្យមានការដោះស្រាយតាមផ្លូវចរចានិងផ្លូវច្បាប់ហើយ។
កម្ពុជាមិនចង់មានសង្រ្គាមអីទេ។ កម្ពុជាធ្លាប់មានសង្រ្គាមលើសពីគ្រប់គ្រាន់។ កម្ពុជាមិនមានបំណងប្រាថ្នាណាមួយទៅយកទឹកដីអ្នកណាទេ តែសុំរក្សាទឹកដីរបស់ខ្លួនដែលបន្សល់ទុកដោយអាណានិគមនិយមបារាំង ហើយដែលបានបន្តដោយព្រះបិតាជាតិ ព្រះបរមរតនកោដ្ឋ។ យើងមិនចង់បាន(ទឹកដី)ពីអ្នកណាទេ។ (យើង)បាត់អស់ធំណាស់ទៅហើយ នៅសល់ប៉ុនបាតដៃ។ យើងរក្សាប៉ុណ្ណឹងបានហើយ កុំទៅចង់រកឯណាទៀត។
ដោយសារប្រធានបទនេះមិនបានត្រៀមទុកទេ តែខ្ញុំក៏មិនស្នើឱ្យចេញសេចក្ដីសម្រេចដែរ ខ្ញុំស្នើសុំឱ្យសមាជធ្វើសេចក្ដីថ្លែងការណ៍មួយ គាំទ្ររាជរដ្ឋាភិបាល ក្នុងការនាំបញ្ហារសើបនេះ ទៅកាន់តុលាការអន្តរជាតិឡាអេ (ICJ)។ យើងទាំងអស់គ្នា រដ្ឋសភានិងព្រឹទ្ធសភា ជាតួអង្គគាំទ្ររាជរដ្ឋាភិបាល ដើម្បីថ្ងៃក្រោយបានជាតឹកតាងបញ្ជាក់ថា រាជរដ្ឋាភិបាលត្រូវបន្តអនុវត្តរឿងនេះ ជារឿងដែលត្រូវធ្វើ។ សូមឱ្យរាជរដ្ឋាភិបាលខ្លួនឯង រួមជាមួយតំណាងព្រឹទ្ធសភានិងរដ្ឋសភា ព្រៀងឡើងនូវសេចក្ដីថ្លែងការណ៍។ បើសិនជានាយករដ្ឋមន្រ្តី ក៏ដូចជាប្រធានសភា និងប្រធានព្រឹទ្ធសភា យល់ស្រប គឺខ្ញុំជំនួសមុខឱ្យសមាជនឹងប្រកាសចេញសេចក្ដីថ្លែងការណ៍នោះ បន្ទាប់ពីការប្រជុំនេះ។
ឥឡូវ ខ្ញុំសូមសួរទៅសមាជិក-សមាជិការដ្ឋសភា, សមាជិក-សមាជិកានៃព្រឹទ្ធសភា ដែលចូលរួមអង្គសមាជ បើសិនជាយល់ស្របថាចេញសេចក្ដីថ្លែងការណ៍គាំទ្ររាជរដ្ឋាភិបាល សូមអនុម័តដោយការលើកដៃ។ សូមលេខាធិការប្រយ័ត្នប្រយែង ដោយសារមានការចូលរួម(ពី)គណបក្សដល់ទៅបី។ ប្រយ័ត្នរាប់គេខុស។ គេមិនគាំទ្រ បែរជារាប់(ថាគាំទ្រ) គឺខុសហើយ។ មាន(គណបក្ស)ឆន្ទៈខ្មែរចូលមក ៣នាក់, ហ៊្វុនស៊ិនប៉ិចចូលមក ៥នាក់។ តំណាងចាត់តាំងដោយព្រះមហាក្សត្រ ចាត់តាំងដោយសភា បានលើកដៃ និងលើកព្រះហស្ថអម្បាញ់មិញហើយ។ សូមបញ្ជាក់ឱ្យច្បាស់ ប្រយ័ត្នចេះតែថា១៧៩។ ប្រយ័ត្នខុស។ (អង្គសមាជទាំងមូល មានសមាជិក-សមាជិកាព្រឹទ្ធសភា និងរដ្ឋសភា បានសម្ដែងការគាំទ្រចំនួន ១៨២សំឡេង)៕