ការដកស្រង់សេចក្តីអធិប្បាយ ក្នុងខួបលើកទី ១៥៤ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម

សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូនសមាជិក សមាជិកា ដែលបាន​ចូល​រួម​នៅក្នុងឱកាសនេះជាទីមេត្រី។ ឆ្នាំមុន ចំពេលយើងកំពុងធ្វើយុទ្ធនាការទ្រង់ទ្រាយធំសង្គ្រោះប្រជាពលរដ្ឋពីគ្រោះខ្វះខាតទឹក ថ្ងៃនេះខ្ញុំពិតជាមានការសប្បាយរីករាយដែលបានមកចូលរួមជាមួយសម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ភ្ញៀវជាតិ និងអន្តរជាតិ និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមទាំងអស់ ដើម្បីប្រារព្ធពិធីខួបលើកទី ១៥៤ ទិវា​ពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម នៅទីនេះ។ មួយឆ្នាំមុននេះ យើងបានជួបជុំគ្នានៅទីនេះ។ ខ្ញុំនៅចងចាំមិនភ្លេចទេ នៅពេលដែលយើងប្រារព្ធនូវទិវាខួបលើកទី ១៥៣ គឺចំពេលវេលា ដែលយើងកំពុង​ធ្វើ​យុទ្ធ​នាការទ្រង់ទ្រាយធំ ដើម្បីសង្គ្រោះប្រជាពលរដ្ឋរបស់យើងពីការខ្វះខាតទឹកផឹកតែម្តង។ ឆ្នាំកន្លងទៅ គឺជា​ឆ្នាំ​មិនត្រឹមតែខ្វះទឹកសម្រាប់ស្រោចស្រពប៉ុណ្ណោះទេ ក៏ប៉ុន្តែយើងខ្វះរហូតដល់ទឹកប្រើប្រាស់ និងទឹក​សម្រាប់​ផឹក​ទៀតផង។ យុទ្ធនាការទ្រង់ទ្រាយធំនេះ បានប្រើកម្លាំងយ៉ាងធំ ទាំងកម្លាំងប្រដាប់អាវុធ ក៏ដូចជារដ្ឋបាល​គ្រប់​ជាន់ថ្នាក់ ការចូលរួមដ៏ខ្លាំងក្លារបស់កាកបាទក្រហម ក៏ដូចជាវិស័យឯកជនរបស់កម្ពុជា។ តាមរយៈនៃការខិតខំទាំងអស់នេះ វាក៏បានបន្សល់ទុកឲ្យយើងក្រៅពីសង្គ្រោះប្រជាពលរដ្ឋ រួចហើយនោះថវិកា ដែលកាកបាទក្រហមបានប្រមូលបានកាលពីឆ្នាំទៅ បានប្រើប្រាស់មួយភាគធំ ដើម្បីជួយជីកអណ្តូងទឹក ស្រះ​ទឹក​នៅតាមមូលដ្ឋាន ដែលបច្ចុប្បន្ននេះ ក៏បានជួយសម្រួលទៅឲ្យប្រជាពលរដ្ឋរបស់យើងនៅច្រើនទីកន្លែង ដែល​ធ្លាប់តែខ្វះខាតទឹកគ្មានទឹកប្រើប្រាស់។ ខ្ញុំសូមយកឱកាសនេះ ថ្លែងនូវការកោតសរសើរ ចំពោះកាក​បាទ​ក្រហមកម្ពុជា…

ការដកស្រង់ប្រសាសន៍ក្នុងសង្កថា អបអរសាទរខួបលើកទី ១៥៣ ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម

កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង និងសម្រាប់គ្រប់ៗគ្នា ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ​ ដែលបានមកចូលរួមសាជាថ្មីម្តងទៀត នៃជំនួបប្រចាំឆ្នាំ ថ្ងៃ ៨ ឧសភា ហើយឆ្នាំនេះ គាប់ជួនជាមួយនឹងខួបទី ១៥៣ នៃទិវាកាកបាទក្រហម អឌ្ឍចន្ទក្រហម ក្រោមប្រធានបទ «កាក​បាទ​​ក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា»។ ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំសូម​ថ្លែង​នូវអំណរគុណចំពោះការចូលរួមទាំងអស់របស់សម្តេច ​ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បង​​ប្អូន​​ជនរួមជាតិ ដែលបានអញ្ជើញមកចូលរួមនៅក្នុងថ្ងៃនេះ ហើយធ្វើឲ្យជំនួបប្រចាំឆ្នាំរបស់​យើងក្លាយទៅជា​ការ​ពិត និងក្លាយទៅជានិមិត្តរូបនៃសាមគ្គីភាព រវាងអ្នកត្រូវការឲ្យគេជួយ​ និងអ្នកដែល​មានលទ្ធភាពជួយ។ ការជួបជុំរបស់យើងនៅថ្ងៃនេះ មិនមែនគ្រាន់តែជាបញ្ហាការជួបដោយឡែកសម្រាប់មនុស្សប៉ុន្មានពាន់នាក់​នោះ ទេ។ ក៏ប៉ុន្តែ នេះជាជំនួបដ៏ធំមួយគ្របដណ្តប់នៅទូទាំងប្រទេស ដូចអ្វីដែលជាប្រធានបទនៅឆ្នាំនេះ គឺ​ «កាក បាទ​ក្រហមកម្ពុជាមានគ្រប់ទីកន្លែង និងសម្រាប់គ្រប់ៗគ្នា» នៅត្រង់ថា នៅក្នុងប្រទេស​របស់យើង​ការជួបជុំនៃ ទិវា​កាកបាទក្រហម និងអឌ្ឍចន្ទក្រហមអន្តរជាតិ មិនគ្រាន់តែជាការជួបជុំ ដើម្បីប្រារព្ធពិធី​នោះទេ ក៏ប៉ុន្តែយើង ក៏បានប្រើប្រាស់នូវឱកាសនោះ ដើម្បីស្វែងរកមូលនិធិពីសប្បុរសជននានា ជួយទៅ​ដល់ជនរងគ្រោះផងដែរ។ ដូច្នេះ វាជាជំនួបរវាងអ្នកមានលទ្ធភាព និងអ្នកដែលខ្វះលទ្ធភាព​ រវាងអ្នក​មានសេចក្តីត្រូវការឲ្យគេជួយ និង​អ្នក​ដែល​មានលទ្ធភាពជួយគេ។…