ការដកស្រង់ប្រសាសន៍ក្នុងសង្កថា អបអរសាទរខួបលើកទី ១៥៣ ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម

កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង និងសម្រាប់គ្រប់ៗគ្នា ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ​ ដែលបានមកចូលរួមសាជាថ្មីម្តងទៀត នៃជំនួបប្រចាំឆ្នាំ ថ្ងៃ ៨ ឧសភា ហើយឆ្នាំនេះ គាប់ជួនជាមួយនឹងខួបទី ១៥៣ នៃទិវាកាកបាទក្រហម អឌ្ឍចន្ទក្រហម ក្រោមប្រធានបទ «កាក​បាទ​​ក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា»។ ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំសូម​ថ្លែង​នូវអំណរគុណចំពោះការចូលរួមទាំងអស់របស់សម្តេច ​ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បង​​ប្អូន​​ជនរួមជាតិ ដែលបានអញ្ជើញមកចូលរួមនៅក្នុងថ្ងៃនេះ ហើយធ្វើឲ្យជំនួបប្រចាំឆ្នាំរបស់​យើងក្លាយទៅជា​ការ​ពិត និងក្លាយទៅជានិមិត្តរូបនៃសាមគ្គីភាព រវាងអ្នកត្រូវការឲ្យគេជួយ​ និងអ្នកដែល​មានលទ្ធភាពជួយ។ ការជួបជុំរបស់យើងនៅថ្ងៃនេះ មិនមែនគ្រាន់តែជាបញ្ហាការជួបដោយឡែកសម្រាប់មនុស្សប៉ុន្មានពាន់នាក់​នោះ ទេ។ ក៏ប៉ុន្តែ នេះជាជំនួបដ៏ធំមួយគ្របដណ្តប់នៅទូទាំងប្រទេស ដូចអ្វីដែលជាប្រធានបទនៅឆ្នាំនេះ គឺ​ «កាក បាទ​ក្រហមកម្ពុជាមានគ្រប់ទីកន្លែង និងសម្រាប់គ្រប់ៗគ្នា» នៅត្រង់ថា នៅក្នុងប្រទេស​របស់យើង​ការជួបជុំនៃ ទិវា​កាកបាទក្រហម និងអឌ្ឍចន្ទក្រហមអន្តរជាតិ មិនគ្រាន់តែជាការជួបជុំ ដើម្បីប្រារព្ធពិធី​នោះទេ ក៏ប៉ុន្តែយើង ក៏បានប្រើប្រាស់នូវឱកាសនោះ ដើម្បីស្វែងរកមូលនិធិពីសប្បុរសជននានា ជួយទៅ​ដល់ជនរងគ្រោះផងដែរ។ ដូច្នេះ វាជាជំនួបរវាងអ្នកមានលទ្ធភាព និងអ្នកដែលខ្វះលទ្ធភាព​ រវាងអ្នក​មានសេចក្តីត្រូវការឲ្យគេជួយ និង​អ្នក​ដែល​មានលទ្ធភាពជួយគេ។…