កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង និងសម្រាប់គ្រប់ៗគ្នា
ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដែលបានមកចូលរួមសាជាថ្មីម្តងទៀត នៃជំនួបប្រចាំឆ្នាំ ថ្ងៃ ៨ ឧសភា ហើយឆ្នាំនេះ គាប់ជួនជាមួយនឹងខួបទី ១៥៣ នៃទិវាកាកបាទក្រហម អឌ្ឍចន្ទក្រហម ក្រោមប្រធានបទ «កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា»។ ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំសូមថ្លែងនូវអំណរគុណចំពោះការចូលរួមទាំងអស់របស់សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូនជនរួមជាតិ ដែលបានអញ្ជើញមកចូលរួមនៅក្នុងថ្ងៃនេះ ហើយធ្វើឲ្យជំនួបប្រចាំឆ្នាំរបស់យើងក្លាយទៅជាការពិត និងក្លាយទៅជានិមិត្តរូបនៃសាមគ្គីភាព រវាងអ្នកត្រូវការឲ្យគេជួយ និងអ្នកដែលមានលទ្ធភាពជួយ។
ការជួបជុំរបស់យើងនៅថ្ងៃនេះ មិនមែនគ្រាន់តែជាបញ្ហាការជួបដោយឡែកសម្រាប់មនុស្សប៉ុន្មានពាន់នាក់នោះ ទេ។ ក៏ប៉ុន្តែ នេះជាជំនួបដ៏ធំមួយគ្របដណ្តប់នៅទូទាំងប្រទេស ដូចអ្វីដែលជាប្រធានបទនៅឆ្នាំនេះ គឺ «កាក បាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង និងសម្រាប់គ្រប់ៗគ្នា» នៅត្រង់ថា នៅក្នុងប្រទេសរបស់យើងការជួបជុំនៃ ទិវាកាកបាទក្រហម និងអឌ្ឍចន្ទក្រហមអន្តរជាតិ មិនគ្រាន់តែជាការជួបជុំ ដើម្បីប្រារព្ធពិធីនោះទេ ក៏ប៉ុន្តែយើង ក៏បានប្រើប្រាស់នូវឱកាសនោះ ដើម្បីស្វែងរកមូលនិធិពីសប្បុរសជននានា ជួយទៅដល់ជនរងគ្រោះផងដែរ។ ដូច្នេះ វាជាជំនួបរវាងអ្នកមានលទ្ធភាព និងអ្នកដែលខ្វះលទ្ធភាព រវាងអ្នកមានសេចក្តីត្រូវការឲ្យគេជួយ និងអ្នកដែលមានលទ្ធភាពជួយគេ។
ជួបជុំថ្ងៃនេះ បង្ហាញពីសាមគ្គីភាព និងការពាក់ព័ន្ធរវាងរដ្ឋ និងឯកជន
អនុញ្ញាតឲ្យខ្ញុំសូមយកឱកាសនេះ សម្តែងក្នុងនាមរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា អរគុណចំពោះ សកម្មភាពទាំងអស់ ដែលកាកបាទក្រហមកម្ពុជាបានធ្វើក្នុងរយៈពេលមួយឆ្នាំកន្លងទៅនេះ។ ជាពិសេស គឺ សកម្មភាពទាំងអស់នោះបានជួយទៅដល់ប្រជាពលរដ្ឋងាយរងគ្រោះ និងជួបការលំបាកដោយផ្ទាល់។ យើងប្រារព្ធពិធីចំពេលវេលាមួយ គឺការរាំងស្ងួតបានអូសបន្លាយ រលកកម្តៅខុសពីធម្មតា មកដល់ពេលនេះ ក្នុងខែឧសភាទៅហើយ តំបន់ជាច្រើនកំពុងខ្វះខាតទឹកទទួលទាន ហើយតំបន់មួយចំនួនមិនទាន់ទទួលបានទឹកភ្លៀងសម្រាប់ការបង្កបង្កើនផលនៅឡើយនោះទេ។ សកម្មភាពព្រមៗគ្នារវាងអាជ្ញាធរ កម្លាំងប្រដាប់អាវុធ ក៏ដូចជាកម្លាំងកាកបាទក្រហមកម្ពុជា បានធ្វើសកម្មភាពស្រុះៗគ្នា នៅក្នុងការជួយដោះស្រាយបញ្ហាដ៏លំបាកនេះ។ ការជួបជុំថ្ងៃនេះរបស់យើង ក៏បានបង្ហាញពីសាមគ្គីភាពនៅក្នុងក្របខណ្ឌជាតិរបស់យើង និងក្របខណ្ឌនៃការចូលរួមពីសំណាក់ដៃគូពាក់ព័ន្ធ ជាពិសេស ផ្នែកខាងអន្តរជាតិ ហើយវាក៏ជាការពាក់ព័ន្ធរវាងផ្នែករដ្ឋ និងវិស័យឯកជន។
សិល្បៈនៃការចែករំលែកមាន ២ ប្រភេទ
ខ្ញុំសូមយកឱកាសនេះ សម្តែងនូវការអបអរសាទរ និងអរគុណ ចំពោះសប្បុរសជននានា ដែលបានជួយដល់ កាកបាទក្រហមកម្ពុជា តាមរយៈទិវានេះក្តី និងតាមរយៈនៃការធ្វើសកម្មភាពដោយផ្ទាល់ ចុះទៅដល់មូលដ្ឋាន នៅក្នុងការចូលរួមចំណែកសង្គ្រោះ និងជួយដល់ប្រជាជនក្រីក្ររបស់យើង។ អាចនិយាយបានថា នេះជា សិល្បៈនៃការចែករំលែក ដែលពិភពលោកទាំងមូលកំពុងតែប្រើប្រាស់។ ឥឡូវនេះ បើយើងពិនិត្យមើលមិន ទាន់មានប្រទេសណាមួយ ដែលមិនប្រើប្រាស់នូវសិល្បៈនៃការចែករំលែកនោះទេ គ្រាន់តែវិធីនៃការចែករំលែកមានពីរប្រភេទ ប្រភេទទី ១ គឺការចែករំលែកដោយកាតព្វកិច្ចដែលច្បាប់តម្រូវ។ អ្នកដែលមានលទ្ធភាព អ្នកដែលធ្វើធុរកិច្ច និងធ្វើការបង់ពន្ធជូនរដ្ឋ។ តាមរយៈនោះហើយ ដែលធ្វើឲ្យរាជរដ្ឋាភិបាលមានលទ្ធភាពប្រើប្រាស់នូវថវិកាដែលបានមកពីការបង់ពន្ធទាំងនោះសម្រាប់អភិវឌ្ឍ និងដោះស្រាយបញ្ហាទាំងឡាយដែលជាតម្រូវការរបស់ប្រទេសជាតិ។ ប៉ុន្តែ សិល្បៈនៃការចែករំលែកដែលយើងធ្វើនៅថ្ងៃនេះ និងធ្វើជាបន្តបន្ទាប់មក គឺសិល្បៈនៃការចែករំលែកតាមរយៈ នៃសកម្មភាពមនុស្សធម៌ ដែលយើងបានប្រមូលផ្តុំធនធាន ហើយជាវិធីដែលផ្សារភ្ជាប់រវាងអ្នកមានលទ្ធភាព និងអ្នកខ្វះលទ្ធភាព។ ដែលខ្ញុំសូមយកឱកាសនេះ សម្តែងនូវការអរគុណដ៏ជ្រាលជ្រៅជាមួយនឹងការចូលរួមទាំងអស់របស់សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ្ញ៉ា អស់លោក លោកស្រី ហើយរួមទាំងព្រះសង្ឃផងដែរ ដែលបានចែករំលែកក្នុងការជួយដោះស្រាយបញ្ហានានា ដែលបាននឹងកំពុងកើតនៅក្នុងប្រទេសរបស់យើង ឬក៏អាចថានៅឆ្ងាយពីយើង ព្រោះថាប្រទេសរបស់យើង មិនត្រឹមតែដោះស្រាយបញ្ហាផ្ទាល់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែនៅពេលដែលមានគ្រោះមហន្តរាយនៅក្រៅប្រទេសម្តងៗ កាកបាទក្រហមកម្ពុជារបស់យើង ក៏មិនដែលភ្លេចជាមួយនឹងកិច្ចការទាំងឡាយ ដែលបានធ្វើជាមួយនឹងមិត្តភក្តិបរទេស ដែលជួបប្រទះនូវការលំបាកដូចជាគ្រោះរញ្ជួយផែនដី ឬក៏គ្រោះទឹកជំនន់ និងវិបត្តិផ្សេងៗកើតឡើង។
ឯកភាពជាមួយនឹងវិស័យស្នូលទាំង ៤ របស់កាកបាទក្រហម
ខ្ញុំសូមយកឱកាសនេះ ដើម្បីសម្តែងនូវការឯកភាពជាមួយនឹងយុទ្ធសាស្រ្ត ដែលប្រធានកាកបាទក្រហមកម្ពុជាបានលើកឡើងអម្បាញ់មិញ រួមមានវិស័យស្នូលទាំង ៤។ ការគ្រប់គ្រងគ្រោះមហន្តរាយ សុខភាព និងការថែរក្សាសុខភាពក្នុងសហគមន៍ ការលើកកម្ពស់គោលការណ៍គ្រឹះនៃតម្លៃមនុស្សធម៌ ការអភិវឌ្ឍស្ថាប័ន និងអភិវឌ្ឍធនធានកាកបាទក្រហមកម្ពុជា ចូលរួមចំណែកយ៉ាងសកម្មជាមួយនឹងរាជរដ្ឋាភិបាលក្នុងការកសាង និងអភិវឌ្ឍប្រទេសជាតិ តាមរយៈគម្រោង និងកម្មវិធីនៅតាមបណ្តាសហគមន៍ក្នុងខេត្តនានា ដូចជាគម្រោងទឹកស្អាត និងអនាម័យ គម្រោងប្រាក់កម្ចីខ្នាតតូចពុំយកការប្រាក់ គម្រោងផ្តល់អណ្តូងទឹក និងស្រះទឹក។ កម្មវិធីកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយ ថ្នាក់សហគមន៍ គម្រោងយុវជនកាកបាទក្រហមកម្ពុជា និងសុវត្ថិភាពចរាចរណ៍ គម្រោងអភិវឌ្ឍសុខភាពសហគមន៍មូលដ្ឋាន និងគម្រោងវិជ្ជាសង្រ្គោះបឋមជាដើម។ល។ ដែលដើរស្របជាមួយនឹងគម្រោងរបស់រាជរដ្ឋាភិបាល។ ខ្ញុំសុំអរគុណផងដែរជាមួយពាក្យពេជ្រដ៏ល្អនៃសុន្ទរកថា ដែលប្រធានក្រុមគាំទ្រគម្រោងប្រទេសសហព័ន្ធអន្តរជាតិនៃសហគមន៍កាកបាទក្រហម អឌ្ឍចន្ទក្រហម និងប្រធានប្រតិភូគណកម្មការអន្តរជាតិកាកបាទក្រហមប្រចាំភូមិភាគបានថ្លែងអម្បាញ់មិញ ហើយអរគុណសម្រាប់ការចូលរួមទាំងឡាយប្រចាំឆ្នាំរបស់អស់លោកអ្នកជាមួយនឹងយើងខ្ញុំ។
ថ្លែងអំណរព្រះគុណដល់ព្រះមហាក្សត្រ
ខ្ញុំសូមយកឱកាសនេះ ក្នុងនាមរាជរដ្ឋាភិបាលថ្លែងអំណរព្រះគុណយ៉ាងជ្រាលជ្រៅចំពោះព្រះមហាក្សត្រ ជាទី សក្ការៈ សម្តេចព្រះបរមនាថ ព្រះនរោត្តម សីហមុនី ដែលព្រះអង្គតែងតែយកព្រះទ័យទុកដាក់ជាមួយនឹងសុខ ទុក្ខរបស់ប្រជាពលរដ្ឋ ហើយក្នុងនោះក៏បានចូលរួមវិភាគទានតាមរយៈនៃកាកបាទក្រហមកម្ពុជា ជាមួយនឹង ការចុះផ្ទាល់ដល់មូលដា្ឋនរបស់ព្រះអង្គនៅក្នុងការជួយទៅដល់ប្រជាជនទីទាល់ក្រ។ អរព្រះគុណចំពោះសម្តេច ព្រះមហាក្សត្រី ព្រះវរាជមាតាជាតិខ្មែរ ដែលព្រះអង្គគង់ប្រថាប់ជាព្រះប្រធានកិត្តិយសនៃកាកបាទក្រហមកម្ពុជា ដែលធ្វើឲ្យកាកបាទក្រហមកម្ពុជា បានឆ្លងផុតពីដំណាក់កាលមួយទៅកាន់ដំណាក់កាលមួយ ហើយកម្លាំង សាមគ្គីកាន់តែទូលំទូលាយ។ នៅក្នុងឱកាសនេះ ខ្ញុំក៏សុំយកឱកាសនេះ ដើម្បីថ្លែងអំណរព្រះគុណជាថ្មីម្តង ទៀត ចំពោះព្រះសង្ឃ សប្បុរសជន ទាំងព្រះសង្ឃ ទាំងគ្រហស្ថ ហើយជាពិសេសសូមថ្លែងនូវការកោតសរសើរ ហើយជាពិសេសសូមថ្លែងការកោតសរសើរចំពោះយុវជនកាកបាទក្រហមកម្ពុជា និងអ្នកស្ម័គ្រចិត្តទាំងអស់ដែលបានពង្រាយគ្រប់ទីកន្លែង។
ប្រធានបទរបស់កាកបាទក្រហមកម្ពុជា យឺតជាងស្ថានភាពជាក់ស្តែងនៅកម្ពុជា
ប្រធានបទ «កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង និងសម្រាប់គ្រប់ៗគ្នា» … ហាក់ដូចជា ប្រធានបទមួយដើរក្រោយសកម្មភាពជាក់ស្តែងរបស់កម្ពុជាទៅវិញទេ។ ខ្ញុំនិយាយយ៉ាងដូច្នេះ មិនមែនលើកកំពស់នូវតួនាទីរបស់កាកបាទក្រហមកម្ពុជាទេ តែខ្ញុំមានមោទនភាពនៅត្រង់ថា ពាក្យដែលថា កាកបាទក្រហមមាននៅគ្រប់ទីកន្លែង និងសម្រាប់ទាំងអស់គ្នា ដែលដាក់ចេញនៅពេលនេះ គឺដើរក្រោយពេលដែលកម្ពុជាមានវត្តមានពង្រាយហើយរួចជាស្រេច។ នេះជាការពង្រឹងសា្មរតីមួយ សម្រាប់កាកបាទក្រហមកម្ពុជាដែលកំពុងមាននៅគ្រប់ទីកន្លែងហើយស្រេច ដើម្បីធ្វើសកម្មភាពឲ្យកាន់តែសកម្មឡើងតទៅទៀត។ ដូច្នេះ ហើយបានជាយើងតែងឃើញថា នៅពេលមានគ្រោះមហន្តរាយធម្មជាតិម្តងៗ យើងតែងឃើញសកម្មភាពមមាញឹក ទាន់ពេលវេលា និងចុះដល់ទីកន្លែងនៃកាកបាទក្រហមកម្ពុជា ដោយសារតែការផ្សារភ្ជាប់រចនាសម្ព័ន្ធនៃកាកបាទក្រហមកម្ពុជា ជាមួយអាជ្ញាធរថ្នាក់ក្រោមជាតិទាំងអស់ដែលបានរួមគ្នាជាធ្លុងមួយ។ នេះជាសកម្មភាពដ៏វ័យឆ្លាតរបស់កាកបាទក្រហមកម្ពុជា ដែលបានផ្សារភ្ជាប់នៃរចនាសម្ព័ន្ធរបស់ខ្លួនជាមួយនឹងធនធានមនុស្សរបស់អាជ្ញាធរថ្នាក់ក្រោមជាតិ និងថ្នាក់ជាតិរបស់យើង។
កាកបាទក្រហមប្តេជ្ញាឧបត្ថម្ភមន្ទីរពេទ្យគន្ធបុប្ផា១ លានដុល្លារ
សូមបន្តការងារនេះតទៅទៀតដោយគ្មានការទើសទាល់ ហើយខ្ញុំក៏សូមយកឱកាសនេះ អម្បាញ់មិញ យើងក៏ បានផ្តល់នូវការសង្ឃឹមមួយទៀត នៅត្រង់ថា កាកបាទក្រហមកម្ពុជាបានប្តេជ្ញាថា នឹងចូលវិភាគទានទៅមន្ទីរ ពេទ្យគន្ធបុប្ផាចំនួន ១ លានដុល្លារអាមេរិកបន្ថែមទៀត ប្រសិនបើទទួលបាននូវមូលនិធិនៃការចូលរួមពីសម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកស្រី អស់លោក នៅថ្ងៃនេះ។ ដូច្នេះវាជាការកាត់បន្ថយការលំបាកមួយផ្នែកសម្រាប់មន្ទីរពេទ្យដ៏ធំ ដែលត្រូវជួយសង្គ្រោះទៅដល់កុមារយ៉ាងច្រើនសម្រាប់ទូទាំងប្រទេស។
គាំទ្រដំណើរដល់កាកបាទក្រហមក្នុងការដោះស្រាយបញ្ហាទឹកជូនប្រជាពលរដ្ឋ
ខ្ញុំក៏សូមយកឱកាសនេះដើម្បីសម្តែងជូននូវការអបអរសាទរ និងគាំទ្រចំពោះកិច្ចដំណើរការនៃកាកបាទក្រហម កម្ពុជានៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយផ្តោតការយកចិត្តទុកដាក់ទៅលើការដោះស្រាយទឹក តាមរយៈការផ្តល់អណ្តូង ការជីកស្រះ ហើយនេះនៅក្នុងរយៈពេលដែលកាកបាទក្រហមកម្ពុជាបានចូលរួម ចំណែក និងប្រើប្រាស់វិភាគទាននៃសប្បុរសជនកាន់តែធំ ទៅបញ្ហាការផ្គត់ផ្គង់ទឹកតាមរយៈការជីកស្រះថ្មី ការ ស្ដារស្រះចាស់ ការជីកអណ្តូងថ្មី ការស្តារអណ្តូងចាស់ គឺវាបានឆ្លើយតបពិតប្រាកដទៅនឹងពេលវេលាដ៏លំបាក ដែលយើងកំពុងប្រឈមនៅពេលនេះ។
ផលប្រយោជន៍មិនចេះរីងស្ងួត
ខ្ញុំសូមស្នើឲ្យកាកបាទក្រហមកម្ពុជារបស់យើង បន្តប្រើប្រាស់នូវមូលនិធិដែលទទួលបានពីសប្បុរសជននៅថ្ងៃ នេះ ឬនៅថ្ងៃក្រោយទៀតសំដៅរកការដោះស្រាយបញ្ហាហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ជាពិសេសគឺការផ្គត់ផ្គង់ទឹក តាមរយៈការផ្តល់ស្រះ និងតាមរយៈការផ្តល់អណ្តូង ទៅដល់សហគមន៍នៅឯមូលដ្ឋាន។ នេះជាការទទួលផលពិតបា្រកដ ហើយជាការទទួលផលដោយមិនចេះរីងស្ងួត។ ទោះបីជាថ្ងៃក្រោយ កាកបាទក្រហមកម្ពុជាគ្មានសមត្ថភាពដើម្បីនឹងរៃអង្គ្រាសបន្តទៀត ប៉ុន្តែអណ្តូងទឹក និងស្រះទឹកដែលបានផ្តល់ជូនទៅសហគមន៍មូលដ្ឋាននោះ វាមិនរីងស្ងួតទេ។ ដូច្នេះអំពាវនាវឲ្យធ្វើសកម្មភាពព្រមៗគ្នា ទាំងផ្នែកកាកបាទក្រហមកម្ពុជា ក៏ដូចជាស្ថាប័នរដ្ឋ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលពេលនេះកំពុងធ្វើសកម្មភាពដើម្បីដោះស្រាយទឹកជូនប្រជាពលរដ្ឋរបស់យើង ក្នុងនោះតំបន់មួយចំនួនពិតមែនតែមានភ្លៀងធ្លាក់ ដោះស្រាយទឹកបានប្រើប្រាស់មួយចំនួន ក៏ប៉ុន្តែសកម្មភាពដែលត្រូវប្រកាន់យកនៅពេលខាងមុខអំពាវនាវឲ្យបន្តការខិតខំជីកស្រះថ្មី ស្តារស្រះចាស់ ជីកអណ្តូងថ្មី និងស្តារអណ្តូងចាស់ ដើម្បីផ្តល់នូវលទ្ធភាពជូនប្រជាពលរដ្ឋរបស់យើងនូវពេលក្រោយ។ រឿងនេះមិនមែនជារឿងសាមញ្ញទេ។ ទាមទារឲ្យធ្វើសកម្មភាពព្រមៗគ្នា ក្នុងក្របខណ្ឌទូទាំងប្រទេស។ ខ្ញុំសង្ឃឹមថា អ្វីដែលយើងបាននឹងកំពុងធ្វើ និងបានជួយដោះស្រាយប្រជាពលរដ្ឋរបស់យើង ហើយកុំឲ្យជួបបញ្ហានេះនៅឆ្នាំក្រោយទៀត។
ជម្រៅទឹកដែលមានត្រឹមតែ ៧ ម៉ែត្រ ហើយដែលប្រជាជនធ្លាប់ប្រើប្រាស់អណ្តូងនោះ ទទួលបានផល ប៉ុន្តែឥឡូវនេះ ដង្ហើមទឹក ជម្រៅទឹក បានធ្លាក់ទៅ ដល់ ៨ ម៉ែត្រ ឬ ៩ ម៉ែត្រហើយ ដូច្នេះតម្រូវការជីកអណ្តូងទៅតាមបច្ចេកទេសថ្មី ជ្រៅជាង ១០ ម៉ែត្រ បើសិនធ្លាក់ចុះដល់ ៩ ម៉ែត្រ ត្រូវជីកឲ្យជ្រៅជាង ១០ ម៉ែត្រ ទើបអាចរក្សាទុកទឹកបាន ហើយមិនមានអណ្តូងទឹករីងស្ងួតដូចឆ្នាំនេះទៀតទេ។ ការអំពាវនាវរបស់ខ្ញុំនេះ ដើរស្របគ្នាជាមួយនឹងកិច្ចការដែលជាតួនាទី និងជាសមត្ថកិច្ចរបស់កាកបាទក្រហមកម្ពុជា ជាជំនួយការឲ្យអាជ្ញាធរសាធារណៈក្នុងវិស័យមនុស្សធម៌។ ហើយខ្ញុំសង្ឃឹមថា ការយោគយល់ ការចូលរួមពីសំណាក់បងប្អូនសប្បុរសជននៅតែបន្ត ដើម្បីដោះស្រាយកង្វល់ និងការលំបាករបស់ប្រជាជន។ កិច្ចការមនុស្សធម៌ពិតជាគ្មានព្រំដែននោះទេ ហើយគ្រោះមហន្តរាយក៏គ្មានព្រំដែននោះដែរ។ ដូច្នេះយើងត្រូវធ្វើសកម្មភាពព្រមៗគ្នានៅក្នុងក្របខណ្ឌជាតិរបស់យើងផងដែរ និងសហប្រតិបត្តិការអន្តរជាតិក្នុងភាពជាដៃគូ។
ការសិក្សាជាកញ្ចប់ អំពីផលប៉ះពាល់ និងការត្រៀមបម្រុងអំពីការប្រែប្រួលអាកាសធាតុ
នៅក្នុងឱកាសនេះ ខ្ញុំក៏អាចបញ្ជាក់ជូនជាសាធារណៈថា រាជរដ្ឋាភិបាលកំពុងតែគិតគូរអំពីការសិក្សាជាកញ្ចប់ ដើម្បីឆ្លើយតបជាមួយនឹងការប្រែប្រួលអាកាសធាតុ។ អ្វីទៅដែលហៅថា ការសិក្សាជាកញ្ចប់? កន្លងទៅ យើង បានដោះស្រាយសិក្សា និងដោះស្រាយតាមផ្នែកៗ ប៉ុន្តែនៅពេលខាងមុខនេះ ការងាររបស់យើងនឹងមាន លក្ខណៈធំទូលាយដែលយើងកំពុងរៀបចំនូវយុទ្ធនាការ ដើម្បីសិក្សាអំពីផលប៉ះពាល់ដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុទាំងមូល ក្នុងហ្នឹងរលកកំដៅកាន់តែក្តៅឡើងៗ តើពូជស្រូវ ពូជដំណាំរបស់យើងអាចធន់ល្មមជាមួយនឹងកំដៅដែលកើនដល់ ៤០ អង្សារ ឬលើសពី ៤០ អង្សារ ក្នុងពេលដែលពូជស្រូវ ពូជដំណាំទាំងឡាយ គ្រាន់តែយើងបានធ្វើកន្លងទៅ គ្រាន់តែទប់ទល់បានជាមួយនឹងអាកាសធាតុ ៣៦ ឬ ៣៧ អង្សារតែប៉ុណ្ណោះ។ យើងត្រូវសិក្សាមើលថែមទៀត អំពីដង្ហើមទឹកនៅឆ្នាំនេះ ឬឆ្នាំក្រោយ។ ដើមឡើយ យើងធ្លាប់ជីក អណ្តូង ៧ ម៉ែត្រ ចេញ ប៉ុន្តែឥឡូវ ៨ ម៉ែត្រ។ ៧ ម៉ែត្រ នេះគឺដង្ហើមទឹករបស់យើងបានធ្លាក់ចុះទៅនៅ ៩ ម៉ែត្រ ដូច្នេះមិនអាចជីកអណ្តូងទឹកនៅក្នុងក្របខណ្ឌ ៧ ម៉ែត្រ ដូចពេលមុនទេ ត្រូវជីកឲ្យលើសពីនេះទើបបាន។ ផ្ទះរបស់យើង បើសិនជាមានរញ្ជួយផែនដី តើប៉ុន្មានទៅដែលវាបាក់បែក បើសិនជាខ្យល់ព្យុះ ខ្យល់កន្ត្រាក់ ដែលសព្វថ្ងៃនេះអស់រាប់សិប ឬរាប់រយខ្នងក្នុងមួយថ្ងៃ។ ប៉ុន្តែបើសិនជាមានរញ្ជួយផែនដី ឬខ្យល់ព្យុះវាយប្រហារ តើកម្រិតផ្ទះរបស់យើងអាចទប់ទល់បានដល់កម្រិតណា? តើប្រជាពលរដ្ឋរបស់យើងដែលធ្លាប់ធ្វើផ្ទះ តាមរយៈនៃការដាក់សសរហើយកល់ជើង អាចទ្រាំទ្របានតទៅទៀតនៃការប្រែប្រួលអាកាសធាតុបែបនេះឬទេ? តម្រូវឲ្យមានការកែសម្រួលនូវការសាងសង់ផ្ទះសម្រាប់ប្រជាពលរដ្ឋ បើទោះបីថា ប្រជាពលរដ្ឋមួយចំនួនធំមិនទាន់មានលទ្ធភាពដើម្បីកសាងបែបនោះ ក៏ប៉ុន្តែប្រជាពលរដ្ឋដែលមានលទ្ធភាពដើម្បីសាងសង់ផ្ទះ ក៏ត្រូវតែធ្វើការទុកឲ្យហើយ។
ឧទាហរណ៍ ប្រជាពលរដ្ឋមានលទ្ធភាពកសាងជាវីឡា ឬប្រជាពលរដ្ឋមានលទ្ធភាពកសាងអគារ ដូចជាអគាររបស់រដ្ឋ ឬសណ្ឋាគារជាដើម តើត្រូវធ្វើបែបណាដើម្បីឲ្យពេលដែលមានរញ្ជួយផែនដី ពេលដែលមានខ្យល់ព្យុះខ្លាំង អាចទប់ទល់បានទៅនឹងរំញ័រប៉ុន្មានវ៉ិចទ័រ ជាដើម។ ពិតមែនតែយើងមិនមែនរញ្ជួយផែនដីតាំងពីមុនមក ប៉ុន្តែយើងមិនត្រូវភ្លេច ប្រទេសដែលមិនមានរញ្ជួយផែនដី ក៏ចាប់ផ្តើមមានរញ្ជួយផែនដីរួចទៅហើយ។ នេះគ្រាន់តែជាឧទាហរណ៍មួយក្នុងចំណោមឧទាហរណ៍ជាច្រើនទៀត ឬក៏អាចនិយាយបានថា បើសិនជាទឹកទន្លេមេគង្គ ទន្លេសាបកាន់តែរាក់បែបនេះ តើយើងត្រូវដោះស្រាយបញ្ហារបៀបណា ប្រសិនបើទឹកសមុទ្រវាបានចូលមកវៀតណាម វាបានចូលមក ១០០ គីឡូម៉ែត្រ ចូលមកខាងក្នុង ហើយក្នុង ១០០ គីឡូម៉ែត្រនោះ មកតាមទន្លេមេគង្គ ក៏ប៉ុន្តែនៅប្រទេសរបស់យើង ខេត្តកំពត និងខេត្តស្វាយរៀង ក៏ជួបប្រទះនឹងទឹកប្រៃចូលមកដល់ហើយ។ ដូច្នេះត្រូវរកវិធីទប់ទល់ជាមួយនឹងស្ថានភាពនេះបែបណា? នេះសុទ្ធតែជាបញ្ហាទាំងអស់ ដែលយើងត្រូវប្រមូលផ្ដុំការខិតខំសិក្សាស្រាវជ្រាវ ហើយផ្ដល់នូវការសិក្សាស្រាវជ្រាវទាំងនោះទៅអោយប្រជាពលរដ្ឋ ដែលមានលទ្ធភាពធ្វើណែនាំពួកគាត់ ប្រើប្រាស់ការសិក្សារបស់គាត់ ដើម្បីណែនាំចំពោះអ្នកដែលត្រូវទទួលនូវបញ្ហានេះ។
ថ្លែងអំណរគុណដល់អ្នកជួយឧបត្ថម្ភ និងកាកបាទក្រហមកម្ពុជា
ជាថ្មីម្ដងទៀត ខ្ញុំសូមអរគុណចំពោះការចូលរួមទាំងអស់របស់សម្ដេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី ទាំងភ្ញៀវជាតិ អន្តរជាតិ និងអ្នកចូលរួមទាំងអស់នៅក្នុងទីនេះ។ អរគុណចំពោះយុវជនកាកបាទក្រហម អរគុណចំពោះប្រជាជននៅទូទាំងប្រទេស អ្នកទទួលផល ទាំងអ្នកផ្ដល់ឱកាសអោយចូលរួម សម្រាប់អ្នកទទួលផលពីកាកបាទក្រហម អរគុណចំពោះការចូលរួមទាំងឡាយពីដៃគូទាំងអស់ ដើម្បីអោយកាកបាទក្រហមមានលទ្ធភាព ដើម្បីនឹងធ្វើសកម្មភាពក្នុងក្របខណ្ឌជាជំនួយការ និងជាអាជ្ញាធរសាធារណៈ ក្នុងវិស័យមនុស្សធម៌។ នៅតែប៉ុន្មានថ្ងៃទៀតតែប៉ុណ្ណោះ នឹងដល់ខួបចម្រើនព្រះជន្មព្រះវស្សារបស់ព្រះករុណាជាអង្គម្ចាស់ជីវិតតម្កល់លើត្បូង ជាទីសក្ការៈរបស់យើង សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជារបស់យើង។ ទូលបង្គំខ្ញុំ សូមយកឱកាសនេះ ថ្វាយព្រះពរ ចំពោះព្រះករុណាជាអង្គម្ចាស់ សូមព្រះអង្គមានព្រះរាជសុខភាពបរិបូរ ដើម្បីជាម្លប់ដ៏ត្រជាក់សម្រាប់ប្រជានុរាស្រ្តរបស់ព្រះអង្គ។ សូមជូនពរចំពោះសម្ដេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និងបងប្អូនជនរួមជាតិទាំងអស់ សូមប្រកបដោយពុទ្ធពរទាំងបួន ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូមអរព្រះគុណ និងសូមអរគុណ៕