- សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូនសមាជិក សមាជិកា ដែលបានចូលរួមនៅក្នុងឱកាសនេះជាទីមេត្រី។
ឆ្នាំមុន ចំពេលយើងកំពុងធ្វើយុទ្ធនាការទ្រង់ទ្រាយធំសង្គ្រោះប្រជាពលរដ្ឋពីគ្រោះខ្វះខាតទឹក
ថ្ងៃនេះខ្ញុំពិតជាមានការសប្បាយរីករាយដែលបានមកចូលរួមជាមួយសម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ភ្ញៀវជាតិ និងអន្តរជាតិ និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមទាំងអស់ ដើម្បីប្រារព្ធពិធីខួបលើកទី ១៥៤ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម នៅទីនេះ។ មួយឆ្នាំមុននេះ យើងបានជួបជុំគ្នានៅទីនេះ។ ខ្ញុំនៅចងចាំមិនភ្លេចទេ នៅពេលដែលយើងប្រារព្ធនូវទិវាខួបលើកទី ១៥៣ គឺចំពេលវេលា ដែលយើងកំពុងធ្វើយុទ្ធនាការទ្រង់ទ្រាយធំ ដើម្បីសង្គ្រោះប្រជាពលរដ្ឋរបស់យើងពីការខ្វះខាតទឹកផឹកតែម្តង។ ឆ្នាំកន្លងទៅ គឺជាឆ្នាំមិនត្រឹមតែខ្វះទឹកសម្រាប់ស្រោចស្រពប៉ុណ្ណោះទេ ក៏ប៉ុន្តែយើងខ្វះរហូតដល់ទឹកប្រើប្រាស់ និងទឹកសម្រាប់ផឹកទៀតផង។ យុទ្ធនាការទ្រង់ទ្រាយធំនេះ បានប្រើកម្លាំងយ៉ាងធំ ទាំងកម្លាំងប្រដាប់អាវុធ ក៏ដូចជារដ្ឋបាលគ្រប់ជាន់ថ្នាក់ ការចូលរួមដ៏ខ្លាំងក្លារបស់កាកបាទក្រហម ក៏ដូចជាវិស័យឯកជនរបស់កម្ពុជា។
តាមរយៈនៃការខិតខំទាំងអស់នេះ វាក៏បានបន្សល់ទុកឲ្យយើងក្រៅពីសង្គ្រោះប្រជាពលរដ្ឋ រួចហើយនោះថវិកា ដែលកាកបាទក្រហមបានប្រមូលបានកាលពីឆ្នាំទៅ បានប្រើប្រាស់មួយភាគធំ ដើម្បីជួយជីកអណ្តូងទឹក ស្រះទឹកនៅតាមមូលដ្ឋាន ដែលបច្ចុប្បន្ននេះ ក៏បានជួយសម្រួលទៅឲ្យប្រជាពលរដ្ឋរបស់យើងនៅច្រើនទីកន្លែង ដែលធ្លាប់តែខ្វះខាតទឹកគ្មានទឹកប្រើប្រាស់។ ខ្ញុំសូមយកឱកាសនេះ ថ្លែងនូវការកោតសរសើរ ចំពោះកាកបាទក្រហមកម្ពុជា អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងសប្បុរសជនទាំងអស់ ដែលបានចូលរួមដោះស្រាយបញ្ហាកាលពីឆ្នាំទៅមិញ។
កាកបាទក្រហម នៅគ្រប់កន្លែង និងសម្រាប់ទាំងអស់គ្នា/កាកបាទក្រហម និងរាជរដ្ឋាភិបាល បំពេញអោយគ្នា
ការជួបជុំថ្ងៃនេះទៀត អនុញ្ញាតឲ្យខ្ញុំ តាងនាមរាជរដ្ឋាភិបាល សំដែងនូវការស្វាគមន៍ចំពោះវត្តមានឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី ភ្ញៀវជាតិ អន្តរជាតិ ដែលមានវត្តមាននៅថ្ងៃនេះ ហើយក៏បង្ហាញឲ្យឃើញអំពីសាមគ្គីភាពដែលយើងបាន និងកំពុងធ្វើរយៈពេលកន្លងទៅ។ អម្បាញ់មិញលោកប្រធានកាកបាទក្រហម ក៏ដូចជាតំណាងកាកបាទក្រហមអន្តរជាតិប្រចាំកម្ពុជា បានធ្វើរបាយការណ៍ និងមានចំណាប់អារម្មណ៍រួចហើយ ប្រធានបទដែលត្រូវជ្រើសរើសរយៈពេលកន្លងទៅ និងឆ្នាំនេះ គឺ «កាកបាទក្រហម មាននៅគ្រប់កន្លែង និងសម្រាប់ទាំងអស់គ្នា»។ ប្រធានបទនេះ ពិតជាប្រធានបទត្រឹមត្រូវបំផុត ព្រោះថា វាមិន មែនគ្រាន់តែត្រូវនឹងសភាពការណ៍របស់កម្ពុជាប៉ុណ្ណោះទេ ក៏ប៉ុន្តែវាត្រូវគ្រប់ជាមួយនឹងប្រទេសទាំងអស់។ ការ កើតនូវគ្រោះមហន្តរាយ បង្កឡើងដោយធម្មជាតិក្តី ដោយមនុស្សក្តី គឺតែងកើតឡើងនូវមូលដ្ឋានឯណោះ។ ដូច្នេះវត្តមាននៃកាកបាទក្រហមដែលមាននៅគ្រប់ទីកន្លែងធ្វើសកម្មភាពភ្លាមៗ គឺជាការចាំបាច់បំផុតសម្រាប់ដោះស្រាយបញ្ហាទាំងអស់នោះ។
ខ្ញុំអរគុណជាមួយនឹងការខិតខំប្រឹងប្រែងរៀបចំនូវបណ្តាញរបស់កាកបាទក្រហមកម្ពុជា ដែលខ្ញុំបានលើកថាជាការឈ្លាសវៃបំផុតមួយ ដែលកាកបាទក្រហមកម្ពុជាបានធ្វើការគួបផ្សំ រវាងចលនារបស់ខ្លួនជាមួយនឹងយន្តការរបស់រាជរដ្ឋាភិបាលដែលនៅក្រោមជាតិ ដែលនេះគឺជាការបំពេញឲ្យគ្នា និងដោះស្រាយបញ្ហាជាមួយគ្នា។ ការដោះស្រាយបញ្ហា គឺមិនអាចដោះស្រាយបញ្ហាដាច់ដោយឡែកគ្នារួចទេ ក៏ប៉ុន្តែ សកម្មភាពនៅតាមបណ្តាខេត្តនានា និងនៅតាមស្រុកនានា ដែលបង្កើតបានទៅជាកម្លាំងដ៏ខ្លាំងមួយ នៃកាកបាទក្រហមរបស់យើង គឺជាស្មារតីយកចិត្តទុកដាក់ និងប្រើកម្លាំងមិនខ្ជះខ្ជាយ គឺជាការប្រើកម្លាំងសរុប មធ្យោបាយសរុប ដើម្បីដោះ ស្រាយបញ្ហាដែលបានកើតឡើងនៅគ្រប់ទីកន្លែង។ ខ្ញុំលើកទឹកចិត្តឲ្យបន្តការរៀបចំពង្រឹងនូវយន្តការនេះជាបន្តទៀត ដើម្បីឆ្លើយតបជាមួយនឹងសភាពការណ៍ ដែលចេះតែកើតឡើងនូវគ្រោះមហន្តរាយ ពីប្រភេទមួយទៅកាន់ប្រភេទមួយ ឆ្នាំទៅរាំងស្ងួត ខ្វះទឹកទទួលទាន ឆ្នាំនេះទឹកច្រើន ហើយក៏មានខ្យល់កន្ត្រាក់ និងរន្ទះថែមទៀតផង។
យុវជនកាកបាទក្រហម រួមចំណែកជួយអប់រំមិត្តនៅក្នុងក្របខណ្ឌភូមិ ឃុំ ថ្នាក់រៀន
ខ្ញុំលើកទឹកចិត្ត ចំពោះកាកបាទក្រហមកម្ពុជា ហើយជាពិសេសក៏សូមកោតសរសើរចំពោះចៅៗ ក្មួយៗ ដែលជាយុវជនកាកបាទក្រហមកម្ពុជា ដែលមានវត្តមាននៅគ្រប់ទីកន្លែង។ កាលពីប៉ុន្មានខែមុននេះ ខ្ញុំបានធ្វើដំណើរទៅគ្រប់ខេត្តតាមរយៈនៃការប្រើប្រាស់រថយន្តជាង ៥០០០ គីឡូម៉ែត្រ ហើយដែលត្រូវចូលទៅតាមវិទ្យាល័យមួយចំនួនធំ គឺថានៅគ្រប់ទីកន្លែងមានវត្តមាន នៃយុវជនកាកបាទក្រហម ហើយនោះហើយគឺជាកម្លាំងដែលធ្វើសកម្មភាពបច្ចុប្បន្នផង ហើយក៏ក្លាយទៅជាកម្លាំងបន្តវេន សម្រាប់ចលនាកាកបាទក្រហមនាពេលអនាគតផង។ កម្លាំងដ៏មានវិន័យ នៃយុវជនកាកបាទក្រហមពិតជាបាននាំមកនូវការចូលរួមចំណែកជួយអប់រំមិត្តនៅក្នុងក្របខណ្ឌភូមិ ឃុំ ហើយជាពិសេសនៅក្នុងថ្នាក់រៀនជាមួយគ្នា ដើម្បីបញ្ចៀសនូវគ្រោះថ្នាក់ស្តីអំពីបញ្ហាគ្រឿងញៀន និងបញ្ហាភាពមិនប្រក្រតីផ្សេងទៀតរបស់មិត្តភក្តិ គឺមិត្តជួយមិត្តនោះឯង។
ថវិកាដែលប្រមូលបាន គឺពិតជាប្រើប្រាស់បានចំគោលដៅ
ថ្ងៃនេះ ជំនួបរបស់យើង គឺជាជំនួបគ្របដណ្តប់ទូទាំងប្រទេស ហើយជំនួបនេះ ក៏ជាជំនួបរវាងអ្នកត្រូវការឲ្យគេជួយ និងអ្នកដែលមានលទ្ធភាពជួយ។ ខ្ញុំបានឃើញពាក្យស្លោកដែលដាក់នៅខាងក្រៅក៏បានលើកឡើងថាវប្បធម៌ចែករំលែកចាប់ផ្តើមចេញពីខ្ញុំ។ វាពិតប្រាកដណាស់ នៅក្នុងប្រទេសរបស់យើង ខ្ញុំពិតជាអរគុណជាមួយនឹងសប្បុរសជន ដែលបានតែងចូលរួមចំណែកជាមួយនឹងកាកបាទក្រហមកម្ពុជា ដើម្បីជួយឲ្យកាកបាទក្រហមកម្ពុជាមានលទ្ធភាពប្រើប្រាស់នូវថវិកាទាំងនោះ ជួយទៅដល់ប្រជាជនក្រីក្រ។ ថវិកាដែលប្រមូលបានមកនេះ គឺពិតជាប្រើប្រាស់បានចំគោលដៅ ហើយជួយបានពិតប្រាកដទៅដល់ជនក្រីក្រ។ ឥឡូវនេះ កាកបាទក្រហមហាក់ដូចជាបានឈានមួយជំហានថែមទៀត នោះត្រង់ថា អាចឈានទៅដល់ការជួយធ្វើផ្ទះសម្បែងជូនអ្នកក្រីក្រគ្មានលទ្ធភាព។ ពិតមែនតែថវិកាមានកម្រិត ក៏ប៉ុន្តែ វិធីសាស្រ្តនៃការដោះស្រាយបញ្ហាទាំងអស់នេះ គឺជាជម្រើសដ៏ល្អបំផុតជួយដល់ប្រជាជនកម្ពុជាខ្លួនឯង។ ខ្ញុំក៏អរគុណប្រិយមិត្តបរទេស និងធុរជនបរទេស ដែលបានមករកស៊ីនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក៏បានចូលរួមចំណែកជួយដល់កាកបាទក្រហមកម្ពុជា។
ព្រះសង្ឃក៏បានរួមចំណែកក្នុងសកម្មភាពមនុស្សធម៌
ខ្ញុំមិនភ្លេចជាមួយនឹងការខិតខំរបស់ព្រះសង្ឃ ដែលរយៈពេលកន្លងទៅ បានបង្ហាញនូវការយកចិត្តទុកដាក់ចូលរួមក្នុងសកម្មភាពមនុស្សធម៌ តាមរយៈនៃការផ្តល់ជំនួយដោយផ្ទាល់ជូនចំពោះអ្នកខ្វះខាត ហើយក៏តាមរយៈនៃការផ្តល់នូវជំនួយទៅដល់កាកបាទក្រហម។ តាមទម្លាប់ធម្មតា ព្រះសង្ឃបានទទួលនូវទេយ្យទាន និងវត្ថុនានា។ ព្រះសង្ឃមិនបានប្រើប្រាស់ខ្លួនឯងទេ ក៏ប៉ុន្តែ លៃទុកដើម្បីជួយមកកាកបាទក្រហមកម្ពុជា ដូចជា ចាន ឆ្នាំង វែក ជាដើម។ តាមរយៈនោះ កាកបាទក្រហមកម្ពុជាក៏បានជូនរបស់ទាំងនោះ ទៅដល់ជនដែលមានសេចក្តីត្រូវការ។ ខ្ញុំពិតជាមានការរីករាយ ដែលសង្កេតឃើញថា ជនរួមជាតិរបស់យើងចេះជួយគ្នា។ ពិតហើយ វាមិនអាចធ្វើបានគ្រប់ៗគ្នាទេ។ រដូវកាលដែលយើងកំពុងតែប្រមូលថវិកាដើម្បីជួយដល់ជនរងគ្រោះ ក៏មានជារដូវកាលដែលមនុស្សមួយចំនួនបានធ្វើបុណ្យផ្កា ឬក៏រៃអង្គាសដើម្បីជួយបក្សនយោបាយនោះដែរ។
សង្គ្រាមនៅមជ្ឈឹមបូព៌ាកាន់តែឡើងកម្តៅ
នៅប្រទេសមួយចំនួន ក៏បានធ្វើការរៃអង្គាសគ្នា ដើម្បីទិញអាវុធដើម្បីវាយគ្នាផងដែរ។ ដូចដែលលោកតំណាងកាកបាទក្រហមអន្តរជាតិប្រចាំកម្ពុជាបានលើកអម្បាញ់មិញ នៅលើពិភពលោកនេះ មានបញ្ហាច្រើនណាស់ ដែលវាមិនត្រឹមតែបានកើតឡើងនូវគ្រោះធម្មជាតិទេ ប៉ុន្តែ វាកើតឡើងដោយសារមនុស្សជាអ្នកបង្ក។ សង្គ្រាមនៅអាហ្វហ្កានីស្ថានមិនទាន់ត្រូវបានបញ្ចប់ទេ ហើយវាកាន់តែឡើងកម្តៅទៀតផង។ សង្គ្រាមនៅមជ្ឈឹមបូព៌ា ទាំងនៅស៊ីរី ទាំងនៅអ៊ីរ៉ាក់ ទាំងនៅលីប៊ី ទាំងនៅយេម៉ែន ទាំងនៅប្រទេសមួយចំនួនផ្សេងទៀត គឺកើនឡើង កម្តៅ។ ប៉ុន្មានថ្ងៃមុននេះ ខ្ញុំបានទទួលលិខិតរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីអញ្ជើញឲ្យចូលរួមប្រជុំសន្និសីទអន្តរជាតិ ដើម្បីរកជំនួយផ្តល់ទៅដល់ប្រទេសយេម៉ែន នៅឯទីក្រុងហ្សឺណែវ។ នោះតើមកពីអ្វី? គឺសង្គ្រាមដែលបង្កដោយមនុស្ស មិនមែនជាកត្តាធម្មជាតិទេ។ បញ្ហានេះ សង្ឃឹមថា ប្រជាជាតិរបស់យើង យល់ឲ្យបានច្បាស់អំពីតម្លៃនៃសន្តិភាព។
ថ្ងៃនេះ កាកបាទក្រហមរបស់យើងបានប្រឹងប្រែងរកជំនួយ ជួយទៅដល់ប្រជាជនក្រីក្រ ប្រជាជនដែលជួបប្រទះនូវគ្រោះមហន្តរាយធម្មជាតិ ហើយក៏មានមួយផ្នែកបានផ្តល់ជំនួយទៅដល់ប្រជាជនរងគ្រោះបណ្តាលមកពីសង្គ្រាមពីអតីតកាល ដែលគេទម្លាក់គ្រាប់បែក និងកប់គ្រាប់មីន ដែលធ្វើឲ្យប្រជាជនយើងបន្តការស្លាប់ និងរបួសតទៅទៀត។ សូមកុំឲ្យការប៉ុនប៉ងណាបង្កើតឡើងវិញនៅស្ថានភាពសង្គ្រាមឲ្យសោះ។ វត្តមាននៃសន្តិភាពគឺផ្តល់ឱកាសឲ្យយើងកែលម្អនូវស្ថានភាពទាំងឡាយ ដែលយើងត្រូវកែលម្អ ប៉ុន្តែ ប្រសិនបើប្រទេសកើតសង្គ្រាមវិញ វាមិនត្រឹមតែគ្មានឱកាសដើម្បីកែលម្អ ជាមួយឧទាហរណ៍ហេដ្ឋារចនាសម្ព័ន្ធចាំបាច់ សម្រាប់បម្រើសេចក្តីត្រូវការរបស់ប្រជាជននោះទេ ក៏ប៉ុន្តែ សូម្បីតែជីវិតរបស់យើង ក៏មិនអាចគង់វង្សបានដែរ។
ភាពមិនប្រាកដប្រជាលើបញ្ហាឧបទ្វីបកូរ៉េ
នៅក្នុងតំបន់អាស៊ីរបស់យើង កំពុងប្រឈមនឹងភាពមិនប្រាកដប្រជាលើបញ្ហាឧបទ្វីបកូរ៉េ។ ប៉ុន្មានថ្ងៃមុននេះ ការជួបជុំរបស់មេដឹកនាំអាស៊ាន ក៏មានវាគ្មិនថ្នាក់ដឹកនាំដែលបានលើកឡើងថា នៅពេលដែលយើងភ្ញាក់ពីដេក តើវាមានអ្វីនឹងកើតឡើង? ខ្ញុំគិតថា ទាំងសហរដ្ឋអាមេរិក ទាំងកូរ៉េខាងជើង មិនគួរគម្រាមគ្នាទៅវិញទៅមកយ៉ាងដូច្នេះ បង្កឲ្យមានការភ័យខ្លាចនៃប្រជាជននៅក្នុងឧបទ្វីបកូរ៉េផង និងនៅក្នុងតំបន់នោះផងទេ។ ការគម្រាមកំហែងគ្នាទៅវិញទៅមក សម្រាប់ការប្រើប្រាស់ទាំងអាវុធនុយក្លេអ៊ែរ ទាំងមិននុយក្លេអ៊ែរ គឺសុទ្ធតែជាការបំភិតបំភ័យទៅដល់ពិភពលោក ឬឈានទៅដល់ការបំផ្លាញពិភពលោក។ លទ្ធផលចុងក្រោយ គឺមានតែអ្នកចាញ់ប៉ុណ្ណោះ។ សង្ឃឹមថា ប្រទេសមហាអំណាចនុយក្លេអ៊ែរ ហើយដែលកំពុងតែបង្អួតសាច់ដុំដាក់គ្នា ជាម៉ែគ្រាប់បែក និងជាឪគ្រាប់បែក ជានុយក្លេអ៊ែរ និងមិននុយក្លេអ៊ែរ គប្បីត្រូវគិតគូរឡើងវិញអំពីជម្រើសនយោបាយផ្សេងៗគ្នា ជាជាងជម្រើសនៃការប្រើប្រាស់អាវុធ និងការគម្រាមកំហែងប្រើប្រាស់អាវុធ។
សូម្បីតែកម្ពុជាខ្លួនឯងក៏ត្រូវគិតគូរ ចំពោះពលកររបស់ខ្លួនដែលកំពុងរស់នៅកូរ៉េខាងត្បូង។ ពិតហើយ ខ្ញុំបាននិយាយថា វាគ្រាន់តែជាការគម្រាមតែប៉ុណ្ណោះ ឯលទ្ធភាពមានសង្គ្រាមវាតិចណាស់ ប៉ុន្តែពាក្យសំដីរបស់ប្រធានាធិបតី របស់មេដឹកនាំដែលគម្រាមប្រើអាវុធនុយក្លេអ៊ែរ ឬគម្រាមវ៉ៃប្រហារគ្នា មិនមែនជាពាក្យសំដីកូនក្មេងទេ។ ខ្ញុំមិនមែនប្រដៅចំពោះប្រធានាធិបតី ឬមេដឹកនាំនៃប្រទេសផ្សេងនោះទេ ក៏ប៉ុន្តែសំដីរបស់អស់លោកអ្នកបានធ្វើឲ្យប៉ះពាល់ ប៉ះទង្គិចមកលើប្រទេសដទៃទៀត មិនមែនគ្រាន់តែប៉ះទង្គិចរវាងអ្នកទាំងពីរដែលជាសត្រូវនឹងគ្នាទេ។ សង្គ្រាមវាបំផ្លាញ។ ឥឡូវនេះយើងវិលមកគិតអំពីបញ្ហាជីវភាពរបស់ប្រជាពលរដ្ឋរបស់យើង គ្រោះមហន្តរាយបានកើតឡើងជាបន្តបន្ទាប់។ យើងត្រូវដោះស្រាយបញ្ហានេះជាអាទិភាព នៅក្នុងចំណោមនយោបាយអាទិភាពរបស់យើង។
សូមយុវជន/នារី កុំប្រើប្រាស់គ្រឿងញៀន
ខ្ញុំក៏សូមយកឱកាសនេះ ដើម្បីអំពាវនាវចំពោះយុវជន យុវនារី និងមាតាបិតា ជាពិសេសខ្លួនផ្ទាល់របស់យុវជន និងយុវនារី សូមគេចវេស និងជៀសវាងអំពីបញ្ហាគ្រឿងញៀន។ គ្រឿងញៀនបានធ្វើឲ្យយើងពិបាក ដោយសារតែយុវជនដែលប្រើប្រាស់គ្រឿងញៀនទាំងនោះ បានខូចខ្លួនប្រាណ ប៉ុន្តែមួយផ្នែកទៀត រាជរដ្ឋាភិបាលក៏ត្រូវទាញថវិកាមួយចំនួនដែលធ្លាប់តែយកទៅប្រើប្រាស់ក្នុងគោលដៅនៃការអភិវឌ្ឍ ឬគោលដៅដទៃទៀត យកមកព្យាបាលគ្រឿងញៀន។ នេះមិនគ្រាន់តែជាការរំខាននៅក្នុងគ្រួសារទេ តែវារំខានចំពោះប្រទេសជាតិទាំងមូលដែលតម្រូវឲ្យរាជរដ្ឋាភិបាលយកចិត្តទុកដាក់ ទាញយកថវិកាមួយចំនួនដែលសម្រាប់យកទៅអភិវឌ្ឍ យកមួយផ្នែកត្រឡប់មកវិញ ដាក់បញ្ចូលទៅដោះស្រាយបញ្ហារឿងនេះ។ នេះមិនមែនជាជំងឺអត់ឃ្លានទេ ក៏ប៉ុន្តែជាជំងឺដែលសប្បាយជ្រុលរបស់យុវជន ដែលត្រូវចាញ់បោកគេ ជាពិសេសចាញ់បោកចំពោះក្រុម ដែលលក់គ្រឿងញៀន។ មាតាបិតាជួយពិនិត្យមើល ហើយក៏សូមយោគយល់ កុំបន្ទោសការគ្រប់គ្រងរបស់រាជរដ្ឋាភិបាល។ … កូនយើងតែបីនាក់ផង អប់រំមិនបាន ដើរលេងផ្តេសផ្តាស បង្ហោះម៉ូតូ កាប់ចាក់ បងធំ ជក់គ្រឿងញៀន ខ្លះទៀតក៏ល្អទៅ ខ្លះទៀតក៏ក្លាយទៅជាស្រីរកស៊ីផ្លូវភេទ។
… ត្រឹមបីនាក់ យើងលំបាកប៉ុណ្ណេះ ហើយមកស្តីបន្ទោសឲ្យរដ្ឋាភិបាលដែលគ្រប់គ្រងប្រជាពលរដ្ឋ រហូតទៅដល់ ១៥ លាននាក់ …គួរស្តីបន្ទោសខ្លួនឯងដែលខ្វះការទទួលខុសត្រូវនៅក្នុងការអប់រំកូនចៅ។ កាលពីប៉ុន្មានឆ្នាំនោះ ថវិការបស់យើងមួយទៀត ក៏បានវិភាជទៅលើជំងឺអេដស៍ ក៏ប៉ុន្តែឥឡូវនេះ ជំងឺអេដស៍បានថមថយចុះ នៅសេសសល់មួយចំនួនដែលយើងត្រូវបន្តការយកចិត្តទុកដាក់។ រឿងនេះក៏ជាបន្ទុករាជរដ្ឋាភិបាលសម្រាប់ការផ្តល់ជំនួយសម្រាប់ជនរងគ្រោះ ទាំងគ្រឿងញៀនក៏ដូចជាការកើតនូវជំងឺអេដស៍។ (តើ)គួរប្រើប្រាស់ថវិកានេះលើការអភិវឌ្ឍ ជាជាងការប្រើប្រាស់ថវិកានេះ មកព្យាបាលនូវការសប្បាយរបស់ក្រុមយុវជនមួយចំនួននោះឬទេ?
ប្រជាពលរដ្ឋទាំងអស់គោរពច្បាប់ចរាចរណ៍
ខ្ញុំក៏សូមយកឱកាសនេះ អំពាវនាវចំពោះប្រជាពលរដ្ឋរបស់យើង សូមឲ្យគោរពច្បាប់ចរាចរណ៍ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ដោយសារចរាចរណ៍។ ឥឡូវ នេះជាមធ្យម ៦ នាក់ ឬ ៧ នាក់ ក្នុងមួយថ្ងៃនៃការស្លាប់របួសរាប់ពាន់នាក់។ វាច្រើនជាងដំណាក់កាលនៃប្រទេសកម្ពុជាដែលមានសង្គ្រាមទៀតផង។ គ្រូពេទ្យមិនបានឈប់សម្រាកទេ។ មន្ត្រីនគរបាលរបស់យើងបានប្រឹងប្រែងខ្លាំងហើយ ក៏ប៉ុន្តែក្នុងចំណោមមួយរយនាក់ មានបីនាក់មិនគោរពច្បាប់ចរាចរណ៍ វាក៏អាចបំផ្លាញ ទៅដល់អ្នក ៩៧ នាក់ផ្សេង។ ខ្ញុំអំពាវនាវខិតខំធ្វើយ៉ាងណាការពារជីវិតខ្លួនឯង និងការពារជីវិតអ្នកដទៃ។ មួយថ្ងៃៗត្រូវការឈាមច្រើនណាស់ ដើម្បីសង្គ្រោះអ្នកគ្រោះថ្នាក់ចរាចរណ៍នេះឯង។ … ការកាត់បន្ថយការប្រើប្រាស់ ការជិះក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង និងការមិនគោរពច្បាប់ចរាចរណ៍ គឺជាការកាត់បន្ថយការប្រើប្រាស់ឈាមដើម្បីទុកឈាមនោះ ប្រើប្រាស់សម្រាប់ជំងឺដទៃទៀត។
ដោយកាកបាទក្រហមរបស់យើង ក្រោមប្រធានបទ «មាននៅគ្រប់ទីកន្លែង និងសម្រាប់ទាំងអស់គ្នា» មានន័យថា យើងជាមនុស្សម្នាក់ ចាត់ទុកថា ជាផ្នែកមួយនៃកោសិកានៃកាកបាទក្រហមដែរ បើទោះបីយើងមិនពាក់ស្លាកកាកបាទក្រហម។ ខ្ញុំរីករាយដែលប្រធានកាកបាទក្រហម បានលើកឡើងអម្បាញ់មិញ អំពីការបន្តផ្តល់ថវិកា ១ លានដុល្លារសហរដ្ឋអាមេរិក ដែលបានមកពីការចូលរួមវិភាគទាននៅថ្ងៃនេះ សម្រាប់មន្ទីរពេទ្យគន្ធបុប្ផា។ ខ្ញុំក៏សូមអរគុណចំពោះសប្បុរសជននានា ដែលបានយកទៅជូនមន្ទីរពេទ្យគន្ធបុប្ផាផ្ទាល់ បើទោះបីជាលោកវេជ្ជបណ្ឌិត Richner ដែលជាអ្នករៀបចំមន្ទីរពេទ្យនេះ កំពុងស្ថិតនៅក្នុងស្ថានភាពមានជំងឺ តែយើងមិនត្រូវទុកឲ្យមន្ទីរពេទ្យមួយនេះដួលរលំ ដោយសារអវត្តមានរបស់វេជ្ជបណ្ឌិត Richner នោះទេ …។
សង្ឃឹមថាទំនាក់ទំនងរវាងកម្ពុជា និងបារាំងនឹងបន្ត, អរគុណសារជូនពរពីសុខភាព
ខ្ញុំគិតថា ខ្ញុំមិនគួរនិយាយបន្តទៅទៀតទេ តែខ្ញុំសុំយកឱកាសនេះ ទី ១ ដោយសារលទ្ធផលនៃការបោះឆ្នោតនៅប្រទេសបារាំងបានដឹងរួចហើយជាបណ្ដោះអាសន្ន គឺលោក Emanuel Macron ទទួលជោគជ័យ នៅក្នុង អត្រាសំឡេងឆ្នោត ប្រមាណជា ៦៥%។ ខ្ញុំសុំយកឱកាសនេះ ដើម្បីថ្លែងជូននូវការអបអរសាទរ ចំពោះអនា គតប្រធានាធិបតី ដែលនឹងចូលកាន់តំណែងក្នុងប្រមាណថ្ងៃខាងមុខនេះ ព្រោះថានៅប្រទេសបារាំង គឺមិនរង់ ចាំយូរទេ គឺភ្លាម ហែរក្បួនភ្លាម។ ក្រុមប្រឹក្សាធម្មនុញ្ញប្រកាសភ្លាម គឺក្លាយទៅជាប្រធានាធិបតីភ្លាមហើយ។ សង្ឃឹមថាទំនាក់ទំនង រវាងកម្ពុជា និងបារាំងនឹងបន្តតទៅទៀត ទោះបីជាប្រធានាធិបតីនោះចេញពីបក្សនយោបាយណាក៏ដោយ។
ឯចំណុចចុងក្រោយ ខ្ញុំសុំអរគុណចំពោះបងប្អូនទាំងឡាយ ដែលបញ្ជូនសារជូនពរខ្ញុំតាមរយៈហ្វេកប៊ុកក្ដី តាមរយៈនៃសារជូនពរចូលមកក្នុងទូរស័ព្ទដៃរបស់ខ្ញុំក្ដី ក៏ដូចជាបងប្អូននៅទូទាំងប្រទេស ដែលបារម្ភពីសុខភាពរបស់ខ្ញុំប៉ុន្មានថ្ងៃកន្លងទៅ។ នេះបង្ហាញអំពីការយកចិត្តទុកដាក់ទៅវិញទៅមក។ ហើយក៏ខ្ញុំផ្ដាំផ្ញើទៅអ្នកដែលមិនត្រូវការខ្ញុំ ហើយចង់ផ្ដួលរំលំខ្ញុំ សុំកុំសង្ឃឹមថារង់ចាំឱកាសនៃសុខភាពរបស់ ហ៊ុន សែន ហើយសុំកុំរង់ចាំការស្លាប់របស់ ហ៊ុន សែន ឲ្យសោះ។ អ្នកមិនអាចបន់ស្រន់ឲ្យទេវតា ឆក់យកជីវិតរបស់ខ្ញុំទេ ព្រោះទេវតាបានចារមកឲ្យខ្ញុំនៅទីនេះច្រើនឆ្នាំ ហើយរាប់ទាំងអស់លោកដែលប្រមាថជីវិតរបស់ខ្ញុំផងដែរ ដែលធ្វើឲ្យលោកបានរស់ ជីដូនជីតាឪពុកម្ដាយរបស់លោកបានរស់។ ការប្រមាថរបស់អស់លោក ឬអ្នកទាំងឡាយវាក្លាយទៅជាបណ្ដាសារសម្រាប់អស់លោកទៅវិញទេ។
ថ្វាយព្រះពរ ព្រះករុណាព្រះមហាក្សត្រ ក្នុងពិធីចម្រើនព្រះជន្ម ១៤ ឧសភា
ជាថ្មីម្ដងទៀតអរគុណចំពោះការចូលរួមនៃឯកឧត្តម លោកជំទាវ អ្នកឧកញ្ញ៉ា លោកស្រី អស់លោក ដែលថ្ងៃនេះសង្ឃឹមថានឹងមានការចូលរួមវិភាគទានសម្រាប់សកម្មភាពកាកបាទក្រហម។ សូមឧទ្ទិសទិវាកាកបាទក្រហមលើកទី ១៥៤ ជាចំណងសាមគ្គីភាពរវាងអ្នកត្រូវការឲ្យគេជួយ និងអ្នកដែលមានលទ្ធភាពជួយ និងមានចិត្តសប្បុរសធម៌ដើម្បីជួយ។ ចុងបញ្ចប់ សូមជូនពរ ថ្វាយព្រះពរ ចំពោះព្រះករុណាព្រះមហាក្សត្រនៅក្នុងពិធីចម្រើនព្រះជន្មរបស់ព្រះអង្គនៅថ្ងៃទី ១៤ ខែឧសភាខាងមុខនេះ។ សូមព្រះអង្គគង់ប្រថាប់នៅជាម្លប់របស់ប្រជាជនកម្ពុជា ហើយក៏ជាព្រះរាជគំរូនៃសកម្មភាពមនុស្សធម៌សម្រាប់មន្រ្ដីរាជការ កងកម្លាំងប្រដាប់អាវុធ ក៏ដូចជាប្រជាជន កម្ពុជានៅទូទាំងប្រទេស។ ព្រះអង្គតែងធ្វើសកម្មភាពទៅដល់មូលដ្ឋានជួបប្រជាជនដោយផ្ទាល់។ ប្រជាពលរដ្ឋនៅទូទាំងប្រទេសនឹងផ្ដល់នូវពរជ័យថ្វាយចំពោះព្រះករុណាព្រះមហាក្សត្រជាទីសក្ការៈរបស់យើង។ សូមអរព្រះគុណចំពោះសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ សម្ដេចម៉ែ ដែលបានគង់ប្រថាប់ជាប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា និងតែងតែជួយដល់កាកបាទក្រហមកម្ពុជា តាំងពីកាកបាទក្រហមកម្ពុជាកើតចេញជារូបរាង ក្រោមព្រះរាជកិច្ចដឹកនាំរបស់សម្ដេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ សូមព្រះអង្គមានព្រះជន្មយឺនយូរ ដើម្បីជាម្លប់សម្រាប់កូនចៅរបស់ព្រះអង្គ។ ជូនពរចំពោះសម្ដេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី និងបងប្អូនជនរួមជាតិទាំងអស់ សូមប្រកបដោយពុទ្ធពរទាំងបួនប្រការអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕