ការដកស្រង់សេចក្តីអធិប្បាយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក្នុង​សម័យប្រជុំវិសាមញ្ញ ព្រឹទ្ធសភាជា នីតិកាលទី​៥ ផ្តោតលើ ២ចំណុចគឺសេចក្តីស្នើច្បាប់ធម្មនុញ្ញស្តីពីវិសោធន​កម្មមាត្រា៣៣ និងការឆ្លើយតបទៅ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា

(១) ទោះមានសភាពការអីក៏ដោយ រាប់ទាំងកូវីដ១៩ មិនដាក់ជាតិក្នុងគ្រាអាសន្ន ឬច្បាប់អាជ្ញាសឹក ឬកំណែនទូទៅ​ មុនចូលដល់ការអនុម័ត (សូមអោយ)ខ្ញុំរំលឹកចំណុចនេះបន្តិច។ (ការធ្វើ)វិសោធនកម្ម(មាត្រាខ្លះក្នុងរដ្ឋធម្មនុញ្ញ)ចុងក្រោយ ធ្វើនៅឆ្នាំ២០២២។ ពេលនោះ ខ្ញុំបានប្រគល់ឱ្យ ឯកឧត្តម កើត រិទ្ធ រៀបចំការធ្វើវិសោធនកម្មលើចំណុចខ្វះខាតនានា រាប់ទាំងបញ្ហាទាក់ទងនឹងការរៀបចំ ការតែងតាំងរដ្ឋាភិបាល ការតែងតាំងនាយករដ្ឋមន្ត្រី ដូចជាស្ថានភាពនៅទំនេរជាស្ថាពរនៃតំណែងនាយករដ្ឋមន្ត្រី គណៈរដ្ឋមន្ត្រីមួយត្រូវរៀបចំឡើងវិញជាដើម ដែលសុទ្ធតែជាចំណុចចន្លោះប្រហោង។ ឯកឧត្តម កើត រិទ្ធ បានលើកអំពីចំ​ណុច(ដកសញ្ជាតិ)ហ្នឹងរួចស្រេចទៅហើយ ប៉ុន្តែខ្ញុំស្នើថា “មិនទាន់ដល់ពេលវេលាដែលយើងត្រូវធ្វើទេ”។ ខ្ញុំនៅចាំបានថា ប្រទេសរបស់យើងតាំងពីដើមមក បើទោះជាមានសភាពការអីក៏ដោយ យើងមិនដែលដាក់ប្រទេសជាតិក្នុងគ្រាមានអាសន្ន ឬក៏ច្បាប់អាជ្ញាសឹក ឬក៏ប្រកាសកំណែនទូទៅទេ។ យើងមិនធ្វើ។ សូម្បីតែពេលមានកូវីដ–១៩ ក៏យើងមិនដែលបានប្រកាសដាក់ប្រទេសជាតិក្នុងគ្រាអាសន្នដែរ ក្នុងពេលដែលប្រទេសនានានៅលើពិភពលោកបានដាក់ប្រទេសក្នុងគ្រាមានអាសន្នក៏ដោយ។ អ្វីដែលយើងកំពុងធ្វើពេលនេះ ព្រោះពេលវេលាបានមកដល់។ យើងបានដឹងហើយថា យើងកំពុង(ស្ថិតក្នុង)សភាពការណ៍ដែលជួបប្រឈមជាមួយបញ្ហាអ្វី?ខ្ញុំគិតថា បើសិនជាគ្មានសភាពការណ៍ព្រំដែនរវាងកម្ពុជានិងថៃទេ យើងក៏ពុំមានការចាំបាច់ដើម្បីធ្វើ(វិសោធនកម្មមាត្រាទី៣៣ នៃច្បាប់រដ្ឋធម្មនុញ្ញ)នេះដែរ។ (២) ទង្វើទាំងឡាយឃុបឃិតជាមួយបរទេស បំផ្លាញជាតិរបស់ខ្លួនទើបជាគោលដៅ(ច្បាប់ដកសញ្ជាតិ) ស្តីពីចំណុចនេះ ខ្ញុំនៅចាំច្បាស់ថា ថ្ងៃទី២៧ ខែមិថុនា កន្លងទៅ នៅទីរួមខេត្តព្រះវិហារ ខ្ញុំបានស្នើឱ្យធ្វើ(ការរៀបចំវិសោធនកម្មនេះ)ឡើង។…

សេចក្តីដកស្រង់ប្រសាសន៍ ក្នុងកិច្ចប្រជុំសភាដើម្បីធ្វើវិសោធនកម្មបទបញ្ជាផ្ទៃក្នុង ត្រង់មាត្រាទី ៤៨ ថ្មី

សម្តេចប្រធាន ឯកឧត្តមអនុប្រធាន សម្តេច ឯកឧត្តម លោកជំទាវ! ធ្វើវិសោធនកម្ម មាត្រា ៤៨ ថ្មី ដោយគ្មានបក្សប្រឆាំងចូលរួម, ​កង្វះទំនួលខុសត្រូវ​ក្នុងនាម​ជា​តំណាង​រាស្រ្ត ដំបូងខ្ញុំសុំអបអរសាទរ ចំពោះគណបក្សប្រឆាំង ដែលសម្រេចមិនចូលរួមការប្រជុំព្រឹកនេះ ដែលអនុញ្ញាតឲ្យខ្ញុំ​មាន​ឱកាសពន្យល់ ហើយក៏បង្ហាញប្រជាពលរដ្ឋអំពីទង្វើបែបនេះ(ហើយ) បានជាគណបក្សប្រជាជនសម្រេច​ធ្វើ​​វិ​សោធនកម្ម និងកិច្ចការមួយចំនួនទៀត។ (គឺ)ដោយសារតែទង្វើខ្វះការទទួលខុស​ត្រូវ ក្នុងឋានៈ​ជាអ្នក​តំ​ណាងរាស្ត្រនៅក្នុងសភា(នេះឯង)។ ចេញក៏ស្រេចតែនឹងចិត្ត ចូលក៏ស្រេចតែនឹងចិត្ត។ ពេលព្រះ​មហាក្សត្រ​ដឹក​នាំ​ការប្រជុំ មិនព្រមចូលមកស្បថទេ ទៅស្បថនៅសៀមរាប រួចហើយថាសភាទឹកកន្លះក្អម ដល់ពេល​ខ្លួន​ឯង​ចូលថា(ទឹក)វាពេញ។ ថ្ងៃនេះ កុំនិយាយថាទឹកកន្លះក្អម។ ប្រយ័ត្នអស់ប្រាក់ខែ។ អាហ្នឹង​និយាយ​គ្នាឲ្យ​ច្បាស់។ … រួចហើយលឺថាម៉ោង ៩ ឯកឧត្តម ស៊ុនឆ័យ (នឹងធ្វើ)សន្និសីទកាសែតផង។ អញ្ចឹងទេ ចាំស្តាប់ ស្តាប់​ឲ្យច្បាស់ ហើយនិយាយ​ឲ្យ​ត្រូវ។ សារបានចម្រូងចម្រាស លើមាត្រា ៤៨ ថ្មី៖ ប្រធានក្រុមតំណាងរាស្រ្ត និងប្រធានក្រុមភាគ​តិចជា​មនុស្ស​តែ​ម្នាក់ ប្រហែលជា សម្តេច/ឯកឧត្តម/លោកជំទាវ បានដឹងហើយថា សេចក្តីស្នើនេះផ្តើមចេញពី(ការដែល)​ខ្ញុំប្រ​កាស​នៅ​ទីក្រុង Zurich ប្រទេសស្វ៊ីស។ តើមូលហេតុអ្វីទៅ ដែលខ្ញុំចាប់ផ្តើមគិតគូរលើរឿងនេះ?…