សេចក្តីដកស្រង់ប្រសាសន៍ ក្នុងកិច្ចប្រជុំសភាដើម្បីធ្វើវិសោធនកម្មបទបញ្ជាផ្ទៃក្នុង ត្រង់មាត្រាទី ៤៨ ថ្មី

សម្តេចប្រធាន ឯកឧត្តមអនុប្រធាន សម្តេច ឯកឧត្តម លោកជំទាវ! ធ្វើវិសោធនកម្ម មាត្រា ៤៨ ថ្មី ដោយគ្មានបក្សប្រឆាំងចូលរួម, ​កង្វះទំនួលខុសត្រូវ​ក្នុងនាម​ជា​តំណាង​រាស្រ្ត ដំបូងខ្ញុំសុំអបអរសាទរ ចំពោះគណបក្សប្រឆាំង ដែលសម្រេចមិនចូលរួមការប្រជុំព្រឹកនេះ ដែលអនុញ្ញាតឲ្យខ្ញុំ​មាន​ឱកាសពន្យល់ ហើយក៏បង្ហាញប្រជាពលរដ្ឋអំពីទង្វើបែបនេះ(ហើយ) បានជាគណបក្សប្រជាជនសម្រេច​ធ្វើ​​វិ​សោធនកម្ម និងកិច្ចការមួយចំនួនទៀត។ (គឺ)ដោយសារតែទង្វើខ្វះការទទួលខុស​ត្រូវ ក្នុងឋានៈ​ជាអ្នក​តំ​ណាងរាស្ត្រនៅក្នុងសភា(នេះឯង)។ ចេញក៏ស្រេចតែនឹងចិត្ត ចូលក៏ស្រេចតែនឹងចិត្ត។ ពេលព្រះ​មហាក្សត្រ​ដឹក​នាំ​ការប្រជុំ មិនព្រមចូលមកស្បថទេ ទៅស្បថនៅសៀមរាប រួចហើយថាសភាទឹកកន្លះក្អម ដល់ពេល​ខ្លួន​ឯង​ចូលថា(ទឹក)វាពេញ។ ថ្ងៃនេះ កុំនិយាយថាទឹកកន្លះក្អម។ ប្រយ័ត្នអស់ប្រាក់ខែ។ អាហ្នឹង​និយាយ​គ្នាឲ្យ​ច្បាស់។ … រួចហើយលឺថាម៉ោង ៩ ឯកឧត្តម ស៊ុនឆ័យ (នឹងធ្វើ)សន្និសីទកាសែតផង។ អញ្ចឹងទេ ចាំស្តាប់ ស្តាប់​ឲ្យច្បាស់ ហើយនិយាយ​ឲ្យ​ត្រូវ។ សារបានចម្រូងចម្រាស លើមាត្រា ៤៨ ថ្មី៖ ប្រធានក្រុមតំណាងរាស្រ្ត និងប្រធានក្រុមភាគ​តិចជា​មនុស្ស​តែ​ម្នាក់ ប្រហែលជា សម្តេច/ឯកឧត្តម/លោកជំទាវ បានដឹងហើយថា សេចក្តីស្នើនេះផ្តើមចេញពី(ការដែល)​ខ្ញុំប្រ​កាស​នៅ​ទីក្រុង Zurich ប្រទេសស្វ៊ីស។ តើមូលហេតុអ្វីទៅ ដែលខ្ញុំចាប់ផ្តើមគិតគូរលើរឿងនេះ?…