សម្តេចប្រធាន ឯកឧត្តមអនុប្រធាន សម្តេច ឯកឧត្តម លោកជំទាវ!
ធ្វើវិសោធនកម្ម មាត្រា ៤៨ ថ្មី ដោយគ្មានបក្សប្រឆាំងចូលរួម, កង្វះទំនួលខុសត្រូវក្នុងនាមជាតំណាងរាស្រ្ត
ដំបូងខ្ញុំសុំអបអរសាទរ ចំពោះគណបក្សប្រឆាំង ដែលសម្រេចមិនចូលរួមការប្រជុំព្រឹកនេះ ដែលអនុញ្ញាតឲ្យខ្ញុំមានឱកាសពន្យល់ ហើយក៏បង្ហាញប្រជាពលរដ្ឋអំពីទង្វើបែបនេះ(ហើយ) បានជាគណបក្សប្រជាជនសម្រេចធ្វើវិសោធនកម្ម និងកិច្ចការមួយចំនួនទៀត។ (គឺ)ដោយសារតែទង្វើខ្វះការទទួលខុសត្រូវ ក្នុងឋានៈជាអ្នកតំណាងរាស្ត្រនៅក្នុងសភា(នេះឯង)។ ចេញក៏ស្រេចតែនឹងចិត្ត ចូលក៏ស្រេចតែនឹងចិត្ត។ ពេលព្រះមហាក្សត្រដឹកនាំការប្រជុំ មិនព្រមចូលមកស្បថទេ ទៅស្បថនៅសៀមរាប រួចហើយថាសភាទឹកកន្លះក្អម ដល់ពេលខ្លួនឯងចូលថា(ទឹក)វាពេញ។ ថ្ងៃនេះ កុំនិយាយថាទឹកកន្លះក្អម។ ប្រយ័ត្នអស់ប្រាក់ខែ។ អាហ្នឹងនិយាយគ្នាឲ្យច្បាស់។ … រួចហើយលឺថាម៉ោង ៩ ឯកឧត្តម ស៊ុនឆ័យ (នឹងធ្វើ)សន្និសីទកាសែតផង។ អញ្ចឹងទេ ចាំស្តាប់ ស្តាប់ឲ្យច្បាស់ ហើយនិយាយឲ្យត្រូវ។
សារបានចម្រូងចម្រាស លើមាត្រា ៤៨ ថ្មី៖ ប្រធានក្រុមតំណាងរាស្រ្ត និងប្រធានក្រុមភាគតិចជាមនុស្សតែម្នាក់
ប្រហែលជា សម្តេច/ឯកឧត្តម/លោកជំទាវ បានដឹងហើយថា សេចក្តីស្នើនេះផ្តើមចេញពី(ការដែល)ខ្ញុំប្រកាសនៅទីក្រុង Zurich ប្រទេសស្វ៊ីស។ តើមូលហេតុអ្វីទៅ ដែលខ្ញុំចាប់ផ្តើមគិតគូរលើរឿងនេះ? មិនមែនមួយថ្ងៃ(ឬ)ពីរថ្ងៃទេ ដែលយោងទៅលើអ្វីដែលជាសារឆ្លងឆ្លើយ រវាងខ្ញុំជាមួយ ឯកឧត្តម កឹម សុខា (គឺតាំងពី)នៅថ្ងៃទី ០៧ ខែ ធ្នូ (២០១៦)។ យប់មិញនេះ ខ្ញុំបានវ៉ៃទៅតាមក្រុមឲ្យបានមើលឲ្យបានច្បាស់អំពីបញ្ហានេះ។
នៅថ្ងៃទី ០៧ ខែ ធ្នូ ឆ្នាំ ២០១៦ វេលាម៉ោង ០៧៖៣៤ នាទី … បន្ទាប់ពីសម្តេចប្រធានបានធ្វើសេចក្តីសម្រេចទាក់ទងនឹងការតែងតាំងប្រធានក្រុមតំណាងរាស្ត្រ និងប្រធានក្រុមភាគតិច … ខ្ញុំបានវ៉ៃ(សារ និងបញ្ជូនតាម)WhatsApp មួយជូនទៅ ឯកឧត្តម កឹម សុខា ដែលមានន័យដូច្នេះថា “ព្រឹកនេះ ខ្ញុំបានអានព័ត៌មាន ឃើញមានមនុស្សមួយចំនួន មិនយល់ព្រមលើការតែងតាំងឯកឧត្តមជាប្រធានក្រុមតំណាងរាស្ត្រផង ប្រធានក្រុមភាគតិចផង ដោយទុកឲ្យ សម រង្ស៊ី ធ្វើជាប្រធានក្រុមសម្លេងភាគតិច ឯសម្រាប់ឯកឧត្តមធ្វើប្រធានក្រុមតំណាងរាស្ត្រ។ មាត្រា ៤៨ ថ្មី គឺសម្រាប់តែមនុស្សម្នាក់ទេធ្វើតំណែងទាំងពីរ មិនមែនមនុស្សពីរនាក់ទេ។ ក្នុងករណីខាងឯកឧត្តមទទួលយកការចាត់តាំងនេះមិនបានទេ ព្រឹកនេះ ខ្ញុំសុំធ្វើវិសោធនកម្ម មាត្រា ៤៨ នៃបទបញ្ជាផ្ទៃក្នុង ដោយលុបចោលតំណែងទាំងអស់តែម្តង”។
រួចហើយខ្ញុំក៏បានវ៉ៃ(សរសេរ)នូវសេចក្តីសម្រេចរបស់សម្តេចប្រធានសភា ទៅឲ្យ ឯកឧត្តម កឹម សុខា។ លុះដល់ម៉ោង ០៧៖៥៧ នាទី ឯកឧត្តម កឹម សុខា បានឆ្លើយតបមកខ្ញុំវិញថា “មិនអីទេសម្តេច ទុកអញ្ចឹងដដែលចុះ”។ នេះគឺសារបានរបស់វា។ ថ្ងៃនោះ … មុនចូលមកដល់ គឺឯកឧត្តម អេង ឆៃអ៊ាង នៅខាងក្រៅ សួរថា ម៉េចឮខាងឯកឧត្តមមិនព្រម? ព្រោះនៅក្នុងវ៉ែបសាយត៍របស់ សម រង្ស៊ី ក៏ដូចជា វ៉ែបសាយត៍របស់ យឹម សុវណ្ណ … តាមដែលខ្ញុំដឹង គឺម៉ោងជាង ១១ យប់ទៅហើយ នៅតែឆ្លើយថា ប្រធានសម្លេងភាគតិច ដែលមានឋានៈស្មើនាយករដ្ឋមន្ត្រី គឺរបស់ឯកឧត្តម សម រង្ស៊ី។ ដូច្នេះ រឿងនេះមិនមែនសារបានទើបនឹងថ្ងៃនេះទេ ហើយនៅចាំបានទេ ល្ងាចថ្ងៃទី ០៧ នៅពេលដែលយើងបានប្រជុំសភាហើយនោះ វ៉ែបសាយត៍របស់ទណ្ឌិត សម រង្ស៊ី នេះតែម្តងបាននិយាយថា “តំណែងមិនសំខាន់ទេ” រួចហើយបានចោទថា យើងបកស្រាយដោយបំពាន។
… ដំណាក់កាលចុងក្រោយ នៅថ្ងៃការកូនរបស់ឯកឧត្តម ជា ចាន់តូ ខ្ញុំ, សម្តេច សាយ ឈុំ, សម្តេច ក្រឡាហោម (យើង)បានអង្គុយជាមួយគ្នា … សម្តេច ក្រឡាហោម ត្រូវទៅទស្សនកិច្ចនៅប្រទេសវៀតណាម (យើងប្រាប់)ប្រាប់ថា ចាំក្រោយថ្ងៃ(ទី) ១១។ … ខ្ញុំបានណែនាំថា មើលទៅមាត្រាទី ៤៨ ហ្នឹងប្រហែលជាលំបាកហើយ … យើងបានឃើញនូវអត្ថន័យគ្របដណ្តប់។ ច្បាប់ដែលមិនទាន់ទាំងបានអនុម័តផង បបួលគ្នាធ្វើ វិសោធនកម្ម។ ដើម្បីអី? ដើម្បីចំណេញខាងនយោបាយទាក់ទិននឹងពលរដ្ឋខ្មែរដែលរស់នៅបរទេសតែប៉ុណ្ណោះគ្មានអ្វីលើសហ្នឹងទេ។ ឯកឧត្តម ប៉ែន បញ្ញា បានធ្វើរបាយការណ៍ជូនអង្គប្រជុំអម្បាញ់មិញរួចហើយ។ បន្ទាប់ទៅបង្កប់ន័យ (ថាដើម្បី)សម្រួលសភាពការណ៍នយោបាយឲ្យបានស្រួល។ ន័យនោះ គឺន័យតែមួយគត់ គឺដោះលែងអ្នកទោសព្រហ្មទណ្ឌ។ ខ្ញុំសុំប្រកាសជាថ្មីម្តងទៀតថា កម្ពុជាអត់មានអ្នកទោសនយោបាយទេ មានតែអ្នកនយោបាយប្រព្រឹត្តិនូវបទល្មើសព្រហ្មទណ្ឌ ហើយជាប់ទោស។ មិនអាចយកមកឡូកឡំគ្នាបានទេ។
មូលហេតុ ៥ ក្នុងការធ្វើវិសោធនកម្ម មាត្រា ៤៨ ថ្មី
… មុនពេលឡើងយន្តហោះ (ទៅចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក) សម្តេច ក្រឡាហោម បានរាយការណ៍ឲ្យខ្ញុំអំពីការឆ្លើយតបរបស់ខាងនោះ។ បើសិនជានៅលើយន្តហោះមានអាំងទែរណែត ប្រហែលជាសំណើនេះស្នើពីលើអាកាសមកវិញទេ។ ទៅដល់ហុងកុងខ្ញុំក៏ត្រូវមានភារកិច្ចធ្វើកិច្ចការងារផ្សេង ហើយនៅលើយន្តហោះខ្ញុំគិតស្មានថា កាថៃប៉ាស៊ីហ្វិច មានអាំងទែរណែត ប៉ុន្តែវាអត់មានអាំងទែរណែតដូចយន្តហោះដទៃ … ប៉ុន្តែ ខ្ញុំបានត្រៀមរៀបចំហើយអស់ នៅមុនពេលយន្តហោះចុះចតក្នុងរង្វង់ប្រហែលជា ២ ម៉ោង ដើម្បីបញ្ជូនសារចូលមកក្នុងបណ្តាញរបស់គណៈអចិន្ត្រៃយ៍ ឲ្យពិភាក្សាគ្នា ហើយឲ្យកោះប្រជុំជាបន្ទាន់ដើម្បីសុំធ្វើវិសោធនកម្មនេះ។ ឥឡូវ ខ្ញុំសុំលើកយកមូលហេតុ ៥ ដើម្បីយកមកបញ្ជាក់ អម្បាញ់មិញ គឺឯកឧត្តម ប៉ែន បញ្ញា បានលើកចំមួយមូលហេតុហើយ។ ប៉ុន្តែ ខ្ញុំមានមូលហេតុ ៥ ដើម្បីនឹងផ្តួចផ្តើមគំនិតឲ្យស្នើតាមរយៈសមាជិកសភានៃគណបក្សប្រជាជនដើម្បីធ្វើវិសោធនកម្ម។
ទី ១ បញ្ចប់ការបកស្រាយខុសគ្នា
មូលហេតុទី ១៖ ដើម្បីបញ្ចប់ការបកស្រាយខុសគ្នា រហូតមានអ្នកខ្លះចោទថាយើងបកស្រាយដោយបំពាន ក្នុងពេលដែលមាត្រា ៤៨ ថ្មី ៣ សម្រាប់តែមនុស្សម្នាក់ គេប្រឹងចែកឲ្យបានមនុស្សពីរនាក់។ គណបក្សសង្រ្គោះជាតិខ្លួនឯងក៏បកស្រាយខុសគ្នាដែរ។ នៅពេលចាប់ផ្តើមស្នើ គេបង្ហោះតាម website របស់ទណ្ឌិត សម រង្ស៊ី និងរបស់ខាង យឹម សុវណ្ណ អំពីតំណែង។ អញ្ចឹងទេសូម្បីតែផ្ទៃក្នុងយើងនេះ ក៏មានការយល់ខុសដែរ។ ចំណុចនេះ ត្រូវអានឲ្យច្បាស់នូវចំណុចត្រង់ថា “ប្រធានក្រុមតំណាងរាស្រ្តនៃគណបក្សក្រៅរាជរដ្ឋាភិបាល ដែលមានអាសនៈក្នុងរដ្ឋសភាចាប់ពី ២៥ ភាគរយឡើងទៅ មានឈ្មោះថាប្រធានក្រុមមតិភាគតិចនៅរដ្ឋសភា។ ប្រធានក្រុមមតិភាគតិចជាគូសន្ទនាជាមួយរាជរដ្ឋាភិបាល ទាក់ទងនឹងបញ្ហាប្រទេសជាតិ ប្រធានក្រុមភាគតិចមានឋានៈស្មើនាយករដ្ឋមន្ត្រី”។ អញ្ចឹងបានសេចក្តីថាសម្រាប់មនុស្សតែម្នាក់ទេ។
កឹម សុខា ទទួលស្គាល់ថា សម រង្ស៊ី ខុសពីរចំណុច
… ខ្ញុំសុំបញ្ជាក់។ ឯកឧត្តម កឹម សុខា កុំគេចវេះ។ ចូលទៅបន្ទប់ជាមួយខ្ញុំ ឯកឧត្តម បាននិយាយជាមួយខ្ញុំយ៉ាងច្បាស់ដូច្នេះថា “គាត់(សម រង្ស៊ី)ខុសដល់ទៅ ២ ខុសទី ១ ខ្លួនឯងមិនមែនជាតំណាងរាស្រ្តទៀតទេ”។ អញ្ចឹងបានសេចក្តីថា ឯកឧត្តម កឹម សុខា បានទទួលស្គាល់រួចស្រេចទៅហើយថា សម រង្ស៊ី មិនមែនជាតំណាងរាស្រ្តទៀតទេ ដូច្នេះគ្មានសិទ្ធិមកធ្វើការងារកន្លែងហ្នឹងទេ។ ហ្នឹង កឹម សុខា គាត់និយាយ។ ខ្ញុំមិនបបួលគាត់និយាយរឿងហ្នឹងទេ តែគាត់បាននិយាយប្រាប់ខ្ញុំ។ ទី ២ គាត់បាននិយាយថា វា”ត្រូវតែតែងតាំងធ្វើប្រធានក្រុមតំណាងរាស្រ្តសិន ទើបជាស្វ័យប្រវត្តិធ្វើប្រធានក្រុមភាគតិច”។ ឯកឧត្តម កឹម សុខា និយាយត្រឹមត្រូវរបស់គាត់ តែគាត់ច្បាស់ជាមិនហ៊ាននិយាយប្រាប់គេប្រាប់ឯងទេ។ តែ(សូមជំរាប)ឯកឧត្តម បើសិនជាបញ្ចេញបញ្ចេញឲ្យអស់។ បញ្ចេញមិនអស់ប្រយ័ត្ននៅក្នុងអានេះ(ទូរស័ព្ទ)។ ឯកឧត្តមបញ្ចេញតែអាណា ដែលមានប្រយោជន៍ទេ។ ប្រយ័ត្នតែខ្ញុំបញ្ចេញឲ្យផ្សាយទាំងស្រុង គឺឯកឧត្តមត្រូវទទួលខុសត្រូវបញ្ហាហ្នឹង …។
អញ្ចឹង សូម្បីតែ CNRP ខ្លួនឯងក៏បកស្រាយមិនត្រូវគ្នា ទម្រាំដល់រវាងគណបក្សប្រជាជន និងគណបក្សសង្រ្គោះជាតិ បកស្រាយវា(អាច)មិនត្រូវគ្នា(ហើយ)។ បើដូច្នោះ មូលហេតុទី ១ នោះហើយ ដែលយើងចាំបាច់(ត្រូវធ្វើវិសោធនកម្ម)។ រឿងនេះ មិនមែនធ្វើសម្រាប់តែអាណត្តិរបស់យើងនេះទេ។ វាតជំនាន់មនុស្ស … រឿងនេះមិនអាចទទួលយកបាន។ វិធីដែលងាយស្រួលបំផុត គឺលុបវាចោល។ (មុខតំណែង)ហ្នឹងខ្ញុំជាអ្នកស្នើបង្កើតតើ។ ឯកឧត្តម បានឃើញហើយ សម រង្ស៊ី អង្គុយត្រង់នោះ ខ្ញុំអង្គុយត្រង់នេះ អង្គុយទន្ទឹមៗគ្នា ប្រជុំគ្នា (ហើយ)ចុងក្រោយទៅសម្រេចនៅបន្ទប់ខ្ញុំខាងក្នុង។ ប្រហែលជាតំណាងរាស្រ្តរបស់គណបក្សសង្គ្រោះជាតិនៅចាំបាន មានឯកឧត្តម អេង ឆៃអ៊ាង មានទាំងមនុស្សមួយចំនួនទៀត ដែលនៅក្នុងបន្ទប់ជាមួយខ្ញុំហ្នឹង។ ខាងខ្ញុំមានឯកឧត្តម កើត រិទ្ធ មានប៉ុន្មាននាក់ផ្សេងទៀត។
បើខ្ញុំអ្នកស្នើ(អោយមាន) ខ្ញុំស្នើ(អោយលុប)វិញទៅ វាមានទាស់ខុសអី។ វាស៊ីសងលើសភាគាំទ្រ ឬមិនគាំទ្រទេ។ ថ្ងៃនេះ មិនចាំបាច់អស់លោកមិនចូលទេ។ បើអស់លោកមិនចូលដល់ថ្ងៃបោះឆ្នោតឆ្នាំ ២០១៨ ក៏វាមិនអីដែរ ព្រោះសម្លេងអនុម័តវានៅបាន។ អង្កាល់យើងបង្កើតរាជរដ្ឋាភិបាលដំបូង អនុម័តច្បាប់រាប់សិប មានចាំពួកហ្នឹងចូលមកឯណា …។
មូលហេតុទី ២៖ បញ្ចប់ការបំពានអំណាច តាមរយៈការប្រើយន្តការនេះ ពិភាក្សាកិច្ចការជាសមត្ថកិច្ចតុលាការ ឬសមត្ថកិច្ចរាជរដ្ឋាភិបាល
អញ្ចឹងទេ កឹម សុខា គឺគាត់ថា (សម រង្ស៊ី)ខុសពីរ ទី ១ គាត់មិនមែនតំណាងរាស្រ្តទៀតទេ ទី ២ ត្រូវតែងតាំងជាប្រធានក្រុមតំណាងរាស្រ្តសិន ទើបធ្វើប្រធានក្រុមភាគតិចបាន។ មូលហេតុទី ១ គឺបញ្ចប់ការបកស្រាយខុសគ្នានៃមាត្រា ៤៨ ថ្មី។ ទី ២ ដើម្បីបញ្ចប់ការបំពានអំណាចតាមរយៈការប្រើយន្តការនេះ ពិភាក្សាកិច្ចការដែលជាសមត្ថកិច្ចតុលាការ ឬសមត្ថកិច្ចរាជរដ្ឋាភិបាល។ អម្បាញ់មិញ ឯកឧត្តម ប៉ែន បញ្ញា បានសង្កត់ធ្ងន់លើបញ្ហាហ្នឹង ហើយសុំបញ្ជាក់រឿងហ្នឹងបន្តិច។ សូម្បីតែចូលទៅក្នុងបន្ទប់ គាត់និយាយរឿងនេះរឿងនោះ តែរឿងធំជាងគេ គាត់បំពានអំណាចតុលាការតែម្តង។ ខ្ញុំនិយាយដើម្បីឲ្យវាច្បាស់។ គាត់បានសន្យាជាមួយអ្នកទោសក្នុងពន្ធធនាគារ រហូតដល់មានអ្នកទោស ២ នាក់ សុំស្នើទិញសំបុត្រយន្តហោះសម្រាប់ទៅអាមេរិកពាក់កណ្តាល ខែ មករា។
ពេលហ្នឹង ខ្ញុំប្រាប់ ឯកឧត្តម កឹម សុខា ថាយើងត្រូវគោរពវិធានរបស់តុលាការ បញ្ហាសំណុំរឿងនៅទីនេះ វាមាន ៣ រឿងខុសគ្នា។ រឿងទី ១ ទាក់ទងជាមួយនឹងបុគ្គលនៃអង្គការក្រៅរដ្ឋាភិបាល គឺពួកអាដហុក (ADHOC) និងបុគ្គលម្នាក់ទៀត គឺ នី ចរិយា។ ប្រសិនបើតុលាការបិទការស៊ើបអង្កេត បិទការស៊ើបសួរ ហើយដំណើរការក្តីដោយធ្វើការកាត់ទោស យើងក៏អាចប្រើវិធីដូចគ្នាជាមួយនឹងមេឃុំ ចែត្រ … ឯកឧត្តម កឹម សុខា នៅជំពាក់អ្វីខ្លះ(ចំពោះ)ខ្ញុំ។ សន្យា ៣ ថ្ងៃក្រោយមកឯកឧត្តមនឹងធ្វើ តែឯកឧត្តមអត់ធ្វើ។ ខ្ញុំបានមកខ្សឹបជាមួយសម្តេច ក្រឡាហោម នៅហ្នឹងថា លទ្ធភាព(គឺ)បើសិនតុលាការគេបិទការស៊ើបសួរ ហើយគេកាត់ក្តី យើងអាចធ្វើករណីដូច ឯកឧត្តម កឹម សុខា ខ្លួនឯង និងដូចមេឃុំ ចែត្រ។ បានសេចក្តីថា បើរង់ចាំឲ្យសាលក្រមចូលសាលាឧទ្ធរណ៍តាមផ្លូវការតែម្តង គឺត្រូវរង់ចាំ ២ ខែសិន។ រយៈពេលប្តឹងឧទ្ធរណ៍ មិនអាចសុំលើកលែងទោសបានទេ ព្រោះសាលក្រមអត់ទាន់ចូលស្ថាពរទេ។ បើទុកឲ្យសាលក្រមចូលស្ថាពរដោយសម្រួល គឺទាល់តែផុតពេលនៃការប្តឹងឧទ្ធរណ៍ … ដូច្នេះ យើងមិនអាចបំពានលើនីតិវិធីទេ។ ហ្នឹងគឺសំណុំរឿងទី ១។
សំណុំរឿងទី ២ គឺសំណុំរឿងអ្នកជាប់ទោសនៅបឹងកក់ដែលមានចរិតកុបកម្ម។ ការកាត់ទោសបានធ្វើហើយ ខ្ញុំមានពិនិត្យករណីអ្នកណាខ្លះ ដែលអាចនឹងទទួលបាននូវការសុំលើកលែងទោស។ ខ្ញុំបាននិយាយបែបនេះ ខ្ញុំនឹងពិនិត្យមើលនៅក្នុងចំនួននោះ តើមានអ្នកណាខ្លះទោសស្រាលជាងគេ។ ខ្ញុំនឹងអាចប្រើសិទ្ធិអំណាចរបស់ខ្ញុំ ក្នុងនាមជានាយករដ្ឋមន្រ្តីតាមច្បាប់ពន្ធធនាគារ ដើម្បីសុំលើកលែងទោស។
ទី ៣ គឺករណី ហុង សុខហួរ និង អ៊ុំ សំអាន។ ករណីនេះ មិនអាចប៉ះពាល់បានទេ ព្រោះវាធ្ងន់ធ្ងរពេក ទាក់ទងនឹងការក្លែងបន្លំឯកសារ និងប្រើឯកសារក្លែង។ ទោសនេះជាទោសធំ។ អញ្ចឹងឯកឧត្តម កឹម សុខា បានឆ្លើយថា ពួកហ្នឹងគ្នាគាត់ គាត់ប្រើឲ្យធ្វើ។ បានសេចក្តីថា គាត់វាយ សម រង្ស៊ី មួយផូងនៅនឹងមុខខ្ញុំហ្នឹង។ (គាត់ថា) “ពួកខាងខ្ញុំ មិនសូវមានជំនាញហ្នឹងទេ” គាត់វាយគ្នាគាត់។ ខ្ញុំផ្តាំទៅឯកឧត្តម សម រង្ស៊ី មើលទៅ កុំថាគេបំបែក។ នេះរឿងជាក់ស្តែង។ (ឯកឧត្តម) កឹម សុខា ប្រយ័ត្នរន្ទះបាញ់ណា ព្រោះឯកឧត្តមនិយាយជាមួយខ្ញុំអញ្ចឹង។ រឿងនេះប៉ះពាល់មិនបានទេ។ វាជារឿងធ្ងន់ពេក (ដែលក្លែងបន្លំថា)ប្រធានក្រុមប្រឹក្សារដ្ឋ ហេង សំរិន ទៅចុះហត្ថលេខារំលាយចោលព្រំដែន ទាំងខ្ញុំជារដ្ឋមន្រ្តីការបរទេសអត់ដឹងផង … ប៉ុន្តែ(ឯកឧត្តម) កឹម សុខា គាត់ថា “ខ្ញុំយល់ ខ្ញុំអត់ប៉ះពាល់ទេ។ ប៉ុន្តែ ពេលនិយាយខាងក្រៅ អនុញ្ញាតឲ្យខ្ញុំចេះតែនិយាយអញ្ចឹងទៅ។ សម្តេចទុកពេលឲ្យខ្ញុំធ្វើការ”។ គាត់ថា គាត់សុំសិទ្ធិនិយាយនៅខាងក្រៅថា … ចង់និយាយក៏និយាយទៅ ជានយោបាយយើងនិយាយអញ្ចឹងទៅ (តែ)ដល់ទៅមែនទែន យើងកុំធ្វើទៅ (ព្រោះ)ធ្វើវាមិនកើត …។
អញ្ចឹងទេ ការបំពានអំណាចតាមរយៈការប្រើយន្តការនេះ មានជាបន្ត។ ដូច្នេះ ត្រូវតែកែអាហ្នឹងទៅ បានវាឆាប់ចប់។ គ្រាន់តែរបៀបវារៈដាក់ទៅ(សូមជួប) បើសិនជាខ្ញុំវិញ ខ្ញុំប្រាប់ទៅ ឯកឧត្តមអើយ! មិនបាច់ទៅលើករបៀបវារៈអី បើខាងនេះគេដាក់របៀបវារៈទៅហើយ ខាងនោះមិនបាច់ដាក់ទេ ឯកភាពមក ចូលមកដល់កន្លែងនិយាយតែម្តងទៅ។ ខ្ញុំប្រាប់ល្បិចចរចា ព្រោះខ្ញុំចរចាហ្នឹងច្រើនជាង(ឯកឧត្តម) (ប្រៀបបានថា)បើនិយាយពីផឹកទឹកត្រីវិញ ច្រើនជាងឯកឧត្តមផឹកទឹក … កុំចាំបាច់ដាក់របៀបវារៈអីមកនាំរញ៉េរញ៉ៃ។ ទៅដល់ចរចា ចាំនិយាយគ្នាតែម្តង។ ចុះមាននរណាគេបិទមាត់យើងពេលហ្នឹង។ ទោះបីយ៉ាងម៉េច ក៏យើងបាននិយាយដែរ …។
ថ្ងៃនេះ ខ្ញុំបានមើល ខេមបូឌៀដេលី ក៏ផ្សាយអញ្ចឹង ភ្នំពេញប៉ុស្តិ៍ ក៏ផ្សាយអញ្ចឹង គេថា ថ្ងៃមួយ គេដកដំណែងរបស់ កឹម សុខា ឬដកដំណែងខាងសង្គ្រោះជាតិ។ ខ្ញុំសូមបញ្ជាក់ រឿងមាត្រានេះ វាទាក់ទិនទាំងសម្លេងទាំងអស់ ដែលមានទាំងអ្នកមានអាសនៈនៅក្នុងសភាទាំងប៉ុន្មាន គឺនឹងត្រូវមានប្រធានក្រុមតំណាងរាស្រ្តទាំងអស់ រាប់ទាំងថ្ងៃនេះ គឺសម្លេងភាគច្រើន គឺសម្តេច ក្រឡាហោម អនុប្រធាន គាត ឈន់ អនុប្រធាន ម៉ែន សំអន។ ចេញ(អត្ថបទ)មកទៅឆ្កុយទៅ។ បើអ្នកនយោបាយឡប់ កាសែតកុំឡប់បានទេ? នៅមានបណ្ឌិតឡប់ទៀត ចាំខ្ញុំនិយាយរឿងបណ្ឌិតឡប់ បានអាស៊ីសេរីមួយគ្រាន់នឹងសម្ភាសន៍ ដូចឆ្កែបានជិះរទេះអញ្ចឹង។ ចាំខ្ញុំនិយាយរឿងហ្នឹង …។
… មិនអាចប្រើយន្តការនេះទៅបំពានអំណាច ជាពិសេសសមត្ថកិច្ចរបស់តុលាការតែម្តង។ អាចមានការផ្តល់យោបល់ អំពីបញ្ហានេះ បញ្ហានោះ ប៉ុន្តែ ខ្ញុំសូមបញ្ជាក់ឲ្យហើយ វប្បធម៌សន្ទនានៅតែមាន ប៉ុន្តែមានតាមណា? មានតាមគណៈអចិន្ត្រៃយ៍សភានោះ។ ទៅនិយាយគ្នាទៅ។ គណៈអចិន្ត្រៃយ៍សភាមានទេតើ តែអស់លោកមិនដែលមក។ យើងនៅតែនិយាយ ឲ្យតែគេមក។ តែឥឡូវនិយាយជាមួយអ្នកណា បើគេអត់នៅផង។ យន្តការសភាវាគ្រប់គ្រាន់ហើយមិនចាំបាច់ធ្វើអីច្រើនទេ។ ថ្ងៃមុន ឯកឧត្តម កឹម សុខា វាយសារមកជូនពរខ្ញុំ អំពីការដែលខ្ញុំទទួលពានរង្វាន់ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ។ ខ្ញុំអរគុណទេតើ។ WhatsApp យើងមានទេតើ។ វាយតគ្នាទៅបានតើ។ តជាមួយសម្តេច ក្រឡាហោម ទាក់ទងនឹងបញ្ហាច្បាប់អីទៅវិញទៅមកបានតើ …។
មូលហេតុទី ៣៖ បញ្ចប់វប្បធម៌សម្លេងភាគតិចចាប់សម្លេងភាគច្រើនជាចំណាប់ខ្មាំងនយោបាយ
ទី ៣ ដើម្បីបញ្ចប់នូវវប្បធម៌សម្លេងភាគតិចចាប់សម្លេងភាគច្រើនជាចំណាប់ខ្មាំងនយោបាយ ដែលទាមទារមិនចេះចប់ឲ្យដោះស្រាយតាមផ្លូវនយោបាយ នូវពួកជាប់ទោសព្រហ្មទណ្ឌ។ អញ្ចឹងស្អីក៏នយោបាយ ស្អីក៏នយោបាយ។ ឥឡូវអ្នកនយោបាយស្រុកខ្មែរវាច្រើនណាស់ ម៉េចក៏គេមិនជាប់គុក វាគុកអីតែម្នាក់ដែលរត់ទៅក្រៅប្រទេស។ ហើយថ្ងៃណាថ្លែងការណ៍(ដែរ) … បើមួយចរចា មួយជាន់ជើង មិនបាច់តែម្តងទៅ។ សូមអ្នកឯងកុំភាន់ច្រឡំ ខ្ញុំរង់ចាំតែឲ្យសាលក្រមចូលស្ថាពរទេ។ លើកនេះខ្ញុំយកហើយលុយ … ខ្ញុំទារ ១ លានដុល្លារ។ ប៉ុន្តែ សាលក្រមមុនគេ គឺសាលក្រមបង ហេង សំរិន បើកាលណាសាលក្រមនេះហើយ ប្រកាសទ្រព្យសម្បត្តិ សុំដីកាការពារទ្រព្យសម្បត្តិ លក់ទ្រព្យសម្បត្តិពេលនោះចោលទាំងអស់តែម្តង។ លឺថាស្នាក់ការគណបក្សដាក់ឈ្មោះ សម រង្ស៊ី។ អញ្ចឹងទេ លក់ស្នាក់ការគណបក្សនេះ។ លក់ឡៃឡុង។ អ្នកឯងអាងរួចខ្លួនឬ? … ប៉ុន្តែ ឲ្យសាលក្រមចូលស្ថាពរសិន … បង ហេង សំរិន ទារដូចជា ២៥០ លាន(រៀល) បើអញ្ចឹងមែន ល្មមសុំដីកាការពារហើយ … ហើយបង ហោ ណាំហុង ត្រូវគេជំពាក់ប៉ុន្មាន? បងឯងក៏ត្រូវមានចំណែកដែរ។ សូមមេត្តាការពារ ព្រោះអាហ្នឹងត្រូវបងឯងស្នើសុំ ហើយមេធាវីចាត់ការដើម្បីសុំដីកាការពារទ្រព្យសម្បត្តិ ព្រោះក្រែងលោវាអត់ ព្រោះមិនអញ្ចឹងដូរឈ្មោះដូរអីអស់រលីង។ ឥឡូវ សុំអំពាវនាវចំពោះរដ្ឋអំណាច កុំឲ្យដូរឈ្មោះ ដូរអីលឿនពេក ក្នុងពេលដែលមានក្តីក្តាំងហ្នឹង ពិតមែនតែមិនទាន់មានដីកាការពារ តែសុំអាជ្ញាធរដែលពាក់ព័ន្ធនឹងការផ្ទេរកម្មសិទ្ធិ។ កុំធ្វើលឿនពេក …។
… អត់មានចាប់គណបក្សសម្លេងភាគច្រើនធ្វើជាចំណាប់ខ្មាំងទៀតទេ។ យើងបានបណ្តែតបណ្តោយពួកគេច្រើនលើកហើយ។ តែលើកនេះ អត់ទេ។ (បើ)ចាំបាច់(ត្រូវ)ធ្វើវិសោធនកម្មច្បាប់ស្តីពីបក្សនយោបាយ ក៏ត្រូវតែធ្វើ … ដាក់ថា អ្នកដែលមានទោសអត់មានសិទ្ធិធ្វើប្រធានបក្សនយោបាយ។ ដាក់ទៅ ខ្ញុំមានសំណូមពរស្នើដកចំណុចហ្នឹង ដើម្បីឲ្យអស់សិទ្ធិតែម្តងទៅ … អ្នកមានទោសគឺអត់មានសិទ្ធិធ្វើប្រធាន ឬអនុប្រធានបក្សនយោបាយ។ ពេលអ្នកឯងកំពុងជាប់ទោស មកធ្វើបក្សអី (បើសូម្បី)តែសិទ្ធិបោះឆ្នោត អត់មានផង។ ឥឡូវលឺថា គេចេញអីឯណា។ ចូលឲ្យស្រូតមក។ តែកុំភ្លេចថាវាយខ្នោះ គឺវាយទាល់តែបាន។ សូមបញ្ជាក់។ ហើយខ្លះគេថា ដាក់ទោសក៏វា លើកលែងទោសក៏វា។ ទើបដឹងទេអី ក្រែងរដ្ឋធម្មនុញ្ញគេឲ្យអំណាចអញ្ចឹង … អំណាចរបស់នាយករដ្ឋមន្ត្រីក្នុងរបបហ្នឹងគឺអញ្ចឹង។ ព្រះមហាក្សត្រគ្រងរាជ្យ តែទ្រង់មិនកាន់អំណាច ប្រធានសភាដឹកនាំសភាអត់អាចទៅបញ្ជារដ្ឋមន្ត្រីការពារជាតិបានទេ ប្រធានព្រឹទ្ធសភាគឺដឹកនាំព្រឹទ្ធសភាទៅ អត់អាចមកបញ្ជារដ្ឋមន្ត្រីមហាផ្ទៃបានទេ។ តែសភាហៅសួរបាន។ ព្រឹទ្ធសភាអត់អាចហៅទៅសួរទេ …។
មូលហេតុទី ៤ ៖ បញ្ចប់ការចោទប្រកាន់គ្នាថា យើងមិនចង់ចរចា, បញ្ចប់ការលំបាកលើការរៀបចំរបៀបវារៈចរចា
ទី ៤៖ បញ្ចប់ការចោទប្រកាន់គ្នាថា យើងមិនចង់ចរចា និងបញ្ចប់ការលំបាកលើការរៀបចំរបៀបវារៈចរចា ដែលនាំទៅដល់ទំនាស់ពាក្យសំដីតាមប្រព័ន្ធផ្សព្វផ្សាយ។ គ្រាន់តែប៉ុណ្ណេះ យើងមានការចាំបាច់ ប្រធានសម្លេងភាគច្រើនរបស់របស់គណបក្សប្រជាជន គឺសម្តេច ក្រឡាហោម រវល់ខ្លាំងណាស់ … គ្រាន់តែគ្នាសុំឲ្យក្រោយថ្ងៃ ១៤ មករា ក៏វេទនាដែរ។ សុទ្ធតែគេមិនឆ្លើយ មិនស្អី។ កេងចំណេញនយោបាយរហូត។ បើអញ្ចឹងលុបចំណុចហ្នឹងចោលទៅ។ សូម្បីតែរបៀបវារៈ រកដាក់ទៅ រកដាក់មក ថ្ងៃណាវាបញ្ចប់ អង្គុយតែសរសេរសំបុត្រហ្នឹង។ យើងមានការងារច្រើន …។
មូលហេតុទី ៥៖ មិនចាំបាច់ចំណាយលុយទិញឡាន រៀបចំកន្លែងធ្វើការ តែងតាំងជំនួយការ និងពិធីការ
ទី ៥៖ មិនចាំបាច់ចំណាយលុយទិញឡាន រៀបចំកន្លែងធ្វើការ និងតែងតាំងជំនួយការ និងកុំឲ្យពិបាករៀបចំ ផ្នែកពិធីការសម្រាប់កន្លែងអង្គុយដល់អ្នក ដែលមានឋានៈស្មើនាយករដ្ឋមន្ត្រី ដែលជាតំណែងខ្យល់។ ថ្ងៃមុន បង អេង គឹមប៊ុន ជាអ្នកស្នើសុំទិញឡានមួយគូ។ បានខ្ញុំចារថា មុន្នីរត្ន័ ទិញក៏ទិញទៅ ប៉ុន្តែទិញលុយក្នុងសភា។ ចាយឲ្យដាច់ពីគ្នា។ សុំទោសសូមនិយាយរឿងហ្នឹងបន្តិច។ សភាឆ្លាតណាស់ ឆ្លាតត្រង់រឿងខ្លួនឯងមានលុយ ដល់ពេលត្រូវការចាយ ទៅសុំលុយរដ្ឋាភិបាលទៀត។ អត់ទេ ពីថ្ងៃនេះទៅ ខ្ទង់របស់អ្នកណា គឺអ្នកហ្នឹងត្រូវចាយ ព្រោះបានអនុម័តនៅកន្លែងហ្នឹងថា សភាត្រូវចាយប៉ុណ្ណេះ ក្រុមប្រឹក្សាធម្មនុញ្ញត្រូវចាយប៉ុណ្ណេះ … មិនដឹងមួយណាទេ គាត់ថាយើងគេដកអស់ហើយ បន្ទប់ស្អីៗហ្នឹង សល់តែបន្ទប់ខាងក្រោម។ ឃើញគេបង្ហោះសារថា អ្នកណា(ប្រព្រឹត្ត)សាហាយគ្នានៅក្នុងបន្ទប់ហ្នឹង … អញ្ចឹងទេ មិនចាំបាច់ចំណាយលុយកាក់ទេ ហើយកុំខ្វល់រឿងតែងតាំងជំនួយការស្អីៗ…។
ផ្តាំអោយអ្នកវិភាគថា គណបក្សប្រជាជនដូចជាមានសញ្ញាប្រេះស្រាំ មើលមាត្រា ១២៥ ថ្មី ឲ្យច្បាស់
… ខ្ញុំសូមផ្តាំទៅលោកបណ្ឌិតដែលឡើងវិភាគ ខ្ញុំមិនចាំបាច់ថាបណ្ឌិតរូបណាទេ ថាហាក់ដូចជាមានសញ្ញាប្រេះស្រាំនៅក្នុងគណបក្សប្រជាជន ព្រោះនៅពេលដែលលោក ហ៊ុន សែន ចាកចេញ សម្តេច ក្រឡាហោម ជានាយករដ្ឋមន្ត្រីស្តីទី។ ប៉ុន្តែខ្ញុំផ្តាំទៅលោក បើអត់មាននាយករដ្ឋមន្ត្រី ហ៊ុន សែន ទេ ក៏អត់មាននាយករដ្ឋមន្ត្រីស្តីទី ស ខេង ដែរ។ លោកត្រូវមើលមាត្រាទី ១២៥ ថ្មី ដែលជាមាត្រា ១០៦ ចាស់ នៃរដ្ឋធម្មនុញ្ញ ចាំលោកធ្វើបណ្ឌិត។ បើតែរបៀបហ្នឹង គឺលោកមានឈ្មោះបណ្ឌិតមិនសក្តិសម។ នៅក្នុងមាត្រា ១២៥ គេបានចែងអញ្ចេះ បើតំណែងនាយករដ្ឋមន្ត្រីនៅទំនេរជាស្ថាពរនោះ ត្រូវតាំងគណៈរដ្ឋមន្ត្រីមួយជាថ្មី ក្នុងលក្ខខណ្ឌដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនេះ បើការទំនេរនេះជាការទំនេរមួយគ្រា ត្រូវចាត់តាំងនាយករដ្ឋមន្ត្រីស្តីទីជាបណ្តោះអាសន្ន។ ហើយ(នាយករដ្ឋមន្ត្រី)ស្តីទីហ្នឹង អ្នកណាអ្នកចាត់តាំង ក្រែងនាយករដ្ឋមន្ត្រីពិត ហ៊ុន សែន អ្នកតែងតាំង។ អញ្ចឹង ឲ្យ ហ៊ុន សែន ទៅប្រជុំ បានសេចក្តីថាអស់សិទ្ធិ? ហ៊ុន សែន នៅសល់សិទ្ធិគ្រប់ទាំងអស់។ សូមពិនិត្យមើល សង្កេតមើល តើសម្តេច ក្រឡាហោម បានធ្វើនាយករដ្ឋមន្ត្រីស្តីទីតាំងពីឆ្នាំ ១៩៩៩ រហូតមកដល់បច្ចុប្បន្ន ជិត ២០ ឆ្នាំហើយ តើគាត់មានដែលចុះហត្ថលេខាលើអនុក្រឹត្យណាមួយទេ? អត់ទាល់តែសោះ។ តើគាត់មានដែលធ្វើលិខិតមកសភា ក្នុងនាមនាយករដ្ឋមន្ត្រីស្តីទី(ទេ) គឺអត់ទេ។ តើគាត់មានដែលធ្វើរបាយការណ៍ថ្វាយព្រះមហាក្សត្រជំនួសឲ្យនាយករដ្ឋមន្ត្រីផ្លូវការ(ទេ) អត់ទេ។
… អ្នកខ្លះថា ហ៊ុន សែន មកត្រួតអីដល់សភា? លោកឯងមើលប្រព័ន្ធបោះឆ្នោតរបស់កម្ពុជាឲ្យច្បាស់ទៅវិញមើល។ ប្រព័ន្ធបោះឆ្នោតនៅកម្ពុជាគឺប្រព័ន្ធសមាមាត្រ ហើយបោះតាមគណបក្ស បើសិនជាប្រធានគណបក្ស ឬអនុប្រធានគណបក្សគ្រប់គ្រងសមាជិកបក្ស ដែលជាសមាជិកសភាខ្លួនឯងមិនបានទេ តើចាំបាច់ធ្វើប្រធានបក្សធ្វើខ្មោចអី? ឲ្យស្គាល់ប្រព័ន្ធផងមើល។ ច្បាស់ណាស់ថា ខ្ញុំចង់និយាយសំដៅបណ្ឌិតណាហើយ ទើបឡើងវិទ្យុអាស៊ីសេរី ពេលខ្ញុំនៅ ដាវ៉ូស ត្រឡប់មកវិញខ្ញុំមើលតើ ខ្មែរញ៉ូវ អេភីភី (Khmer News app) ហើយគេមានដាក់ថាបណ្តុំគេហទំព័រ មានទាំងគេហទំព័ររបស់រដ្ឋ និងគេហទំព័របណ្តាសារព័ត៌មានផេ្សងទៀត ដោនឡូតចេញមក។ សំលេងដើម។ ចង់មើលទូរទស្សន៍ផ្សាយផ្ទាល់ ឲ្យតែមានអាំងទែរណែតមើលបាន មានវិទ្យុ មានស្អីនៅក្នុងហ្នឹងទៀត … ស៊ុនឆ័យ ដល់ម៉ោងប្រជុំក៏ប្រជុំទៅ។ ច្បាស់ជាបើកមើលហើយ មូលហេតុ ៥ យ៉ាង។ ឲ្យ កឹម សុខា ចេញមកឆ្លើយទៅ តើខ្លួននិយាយមែន ឬមិនមែន? … រឿងអ្នកដែល កឹម សុខា សន្យា ថារួចពីគុក ទៅទារពី កឹម សុខា ទៅ កុំទារពី ហ៊ុន សែន។ អ្នកឯងបានសន្យាជាមួយខ្ញុំថា ៣ ថ្ងៃក្រោយអ្នកឯងនឹងធ្វើ។ អ្នកឯងអត់បានធ្វើតាមការសន្យា។ ខ្ញុំក៏អត់ធ្វើស្អីទាំងអស់។ ជាប់គុកទាល់តែ ២ ភាគ ៣ ហើយ ទើបមានសិទ្ធិពិនិត្យ។ ខ្ញុំមិនប្រើច្បាប់ពន្ធធនាគារដើម្បីសុំការលើកលែងទោសអោយអ្នកណាទាំងអស់៕