(១) ទោះមានសភាពការអីក៏ដោយ រាប់ទាំងកូវីដ១៩ មិនដាក់ជាតិក្នុងគ្រាអាសន្ន ឬច្បាប់អាជ្ញាសឹក ឬកំណែនទូទៅ
មុនចូលដល់ការអនុម័ត (សូមអោយ)ខ្ញុំរំលឹកចំណុចនេះបន្តិច។ (ការធ្វើ)វិសោធនកម្ម(មាត្រាខ្លះក្នុងរដ្ឋធម្មនុញ្ញ)ចុងក្រោយ ធ្វើនៅឆ្នាំ២០២២។ ពេលនោះ ខ្ញុំបានប្រគល់ឱ្យ ឯកឧត្តម កើត រិទ្ធ រៀបចំការធ្វើវិសោធនកម្មលើចំណុចខ្វះខាតនានា រាប់ទាំងបញ្ហាទាក់ទងនឹងការរៀបចំ ការតែងតាំងរដ្ឋាភិបាល ការតែងតាំងនាយករដ្ឋមន្ត្រី ដូចជាស្ថានភាពនៅទំនេរជាស្ថាពរនៃតំណែងនាយករដ្ឋមន្ត្រី គណៈរដ្ឋមន្ត្រីមួយត្រូវរៀបចំឡើងវិញជាដើម ដែលសុទ្ធតែជាចំណុចចន្លោះប្រហោង។ ឯកឧត្តម កើត រិទ្ធ បានលើកអំពីចំណុច(ដកសញ្ជាតិ)ហ្នឹងរួចស្រេចទៅហើយ ប៉ុន្តែខ្ញុំស្នើថា “មិនទាន់ដល់ពេលវេលាដែលយើងត្រូវធ្វើទេ”។
ខ្ញុំនៅចាំបានថា ប្រទេសរបស់យើងតាំងពីដើមមក បើទោះជាមានសភាពការអីក៏ដោយ យើងមិនដែលដាក់ប្រទេសជាតិក្នុងគ្រាមានអាសន្ន ឬក៏ច្បាប់អាជ្ញាសឹក ឬក៏ប្រកាសកំណែនទូទៅទេ។ យើងមិនធ្វើ។ សូម្បីតែពេលមានកូវីដ–១៩ ក៏យើងមិនដែលបានប្រកាសដាក់ប្រទេសជាតិក្នុងគ្រាអាសន្នដែរ ក្នុងពេលដែលប្រទេសនានានៅលើពិភពលោកបានដាក់ប្រទេសក្នុងគ្រាមានអាសន្នក៏ដោយ។ អ្វីដែលយើងកំពុងធ្វើពេលនេះ ព្រោះពេលវេលាបានមកដល់។ យើងបានដឹងហើយថា យើងកំពុង(ស្ថិតក្នុង)សភាពការណ៍ដែលជួបប្រឈមជាមួយបញ្ហាអ្វី?ខ្ញុំគិតថា បើសិនជាគ្មានសភាពការណ៍ព្រំដែនរវាងកម្ពុជានិងថៃទេ យើងក៏ពុំមានការចាំបាច់ដើម្បីធ្វើ(វិសោធនកម្មមាត្រាទី៣៣ នៃច្បាប់រដ្ឋធម្មនុញ្ញ)នេះដែរ។
(២) ទង្វើទាំងឡាយឃុបឃិតជាមួយបរទេស បំផ្លាញជាតិរបស់ខ្លួនទើបជាគោលដៅ(ច្បាប់ដកសញ្ជាតិ)
ស្តីពីចំណុចនេះ ខ្ញុំនៅចាំច្បាស់ថា ថ្ងៃទី២៧ ខែមិថុនា កន្លងទៅ នៅទីរួមខេត្តព្រះវិហារ ខ្ញុំបានស្នើឱ្យធ្វើ(ការរៀបចំវិសោធនកម្មនេះ)ឡើង។ វាជាភ័ព្វសំណាងរបស់យើង ដែលរដ្ឋសភានិងរាជរដ្ឋាភិបាលបានធ្វើការងារនេះ។ ដូចដែល ឯកឧត្តម កើត រិទ្ធ បានលើកឡើង អ្វីដែលយើងត្រូវមើលឃើញឱ្យហើយ គឺវិសាលភាព ឬគោលដៅនៅទីនេះចែងច្បាស់ណាស់ថា គ្មានពលរដ្ឋណាមួយដែលត្រូវដកសិទ្ធិទេ ប្រសិនបើអ្នកទាំងនោះមិនបានធ្វើអ្វីមួយដែលប្រឆាំងនឹងផលប្រយោជន៍ជាតិខ្លួនឯង។ ដូច្នេះ ឯកឧត្តម គង់ មុនីកា បើឯកឧត្តមមិនក្បត់ជាតិនោះ មិនមានការចាំបាច់ត្រូវព្រួយបារម្ភទេ។ ឯកឧត្តម សេង ម៉ារ៉ាឌី ក៏មិនចាំបាច់ភ័យដែរ បើសិនជាឯកឧត្តមមិនក្បត់ជាតិ។
អ្វីទៅជានិយមន័យអំពីការក្បត់ជាតិ។ មិនមែនការបញ្ចេញមតិ មិនមែនសិទ្ធិបញ្ចេញមតិជំទាស់ជាបក្សប្រឆាំងស្មើនឹងទោសក្បត់ជាតិនោះទេ។ ប៉ុន្តែ ទង្វើទាំងឡាយដែលឃុបឃិតជាមួយបរទេស បំផ្លាញជាតិរបស់ខ្លួនទើបជាគោលដៅ។ អញ្ចឹង តើមានអ្វីដែលត្រូវខ្លាច? អ្នកដែលឃុបឃិតជាមួយបរទេសទើបជាគោលដៅ។ ក្រៅពីនោះ យើងត្រូវឃើញពីវិសាលភាព(ដែលគ្របដណ្តប់)។ នៅទីនេះ ដូចដែល ឯកឧត្តម កើត រិទ្ធ បានលើកឡើង តើអ្នកទាំងឡាយបានគិតទេ ពីរឿងសញ្ជាតូបនីយកម្ម។ ឥឡូវនេះ សញ្ជាតិបរទេសរាប់សិបបានចូលសញ្ជាតិខ្មែរ។ យើងមានសិទ្ធិត្រឹមតែបញ្ចូលទេ ប៉ុន្តែអត់មានសិទ្ធិដកសញ្ជាតិគេទេ។ តើអស់លោកបានគិតអំពីរឿងហ្នឹងឬទេ។
(៣) បានផ្តល់សញ្ជាតិឱ្យជនជាតិបរទេស តែនៅមិនទាន់អាចដកសញ្ជាតិមកវិញ
ឥឡូវ រាជរដ្ឋាភិបាលបានដើរដល់ចំណុចនេះហើយ។ ជនជាតិបរទេសមួយចំនួនបានចូលសញ្ជាតិយើង ហើយបានទៅបម្រើបរទេសប្រឆាំងជាមួយយើង។ ប៉ុន្ដែ យើងគ្មានសិទ្ធិដាក់ទណ្ឌកម្មគេតាមរយៈការដកសញ្ជាតិទេ។ ឥឡូវ ខ្ញុំលើកឧទាហរណ៍មួយទៅចុះថា ជនជាតិថៃដែលចូលសញ្ជាតិកម្ពុជា ត្រឡប់ទៅស្រុកវិញផ្ដល់លុយកាក់ដល់ទាហានថៃ ក្នុងការវាយជាមួយយើង។ តើយើងដកសញ្ជាតិ ឬមិនដក? ខ្ញុំចង់សួរដោយត្រង់កន្លែងហ្នឹង។ សូមកុំភ្លេចពីអតីតកាលដ៏ឈឺចាប់របស់យើងត្រង់កន្លែងហ្នឹង ដែលធ្លាប់មានទាំងខ្មែរនិងបរទេស។ នេះជាចំណុចដែលអ្នកត្រូវគិត។ ជួនកាល ជនបរទេសណាមួយមកនៅស្រុកខ្មែរ បានចូលសញ្ជាតិខ្មែ ប៉ុន្ដែយកព័ត៌មានពីយើង ផ្ដល់ឲ្យបរទេស។ តើយើងត្រូវធ្វើយ៉ាងម៉េច? ពិតហើយ អ្នកទាំងនេះ មិនចាំបាច់ដកសញ្ជាតិទេ ចាប់ដាក់គុកនៅស្រុកខ្មែរតែម្តង។ ប៉ុន្ដែអ្វីដែលគ្រោះថ្នាក់គឺគេរត់ចេញទៅក្រៅប្រទេស បន្ទាប់ពីគេធ្វើវិទ្ធង្សនា ឬភេរវកម្ម។ តើអ្នកបានគិតពីចំណុចនេះទេ?
(៤) អ្នកណាឃុបឃិតជាមួយថៃពេលនេះ អ្នកនោះនឹងទទួលផលពីវិធានការនៃច្បាប់(ដកសញ្ជាតិ)
អ្នកបានគិតតែមួយជ្រុង។ អ្នកចង់ធ្វើបាតុកម្មធ្វើចុះ ប៉ុន្ដែអ្នកឯងត្រូវស្គាល់ឲ្យច្បាស់សារធាតុក្បត់ជាតិមានបែបណាខ្លះ? អ្នកឯងត្រូវគិតពីចំណុចនេះ។ មិនមែនយើងដើរដកសញ្ជាតិអ្នកនេះ/នោះទេ។ វាត្រូវមានលក្ខខណ្ឌគ្រប់គ្រាន់ដែលមានចែងក្នុងច្បាប់។ តើយើងនៅចាំបានទេ ប្រវត្ដិសាស្ដ្រក្នុងអតីតកាលរបស់យើង ដែលលោកម្ចាស់មានផ្ទះនៅបាត់ដំបងសព្វថ្ងៃ (ដែលថៃកំពុងជួសជុល) បាននាំខេត្តមួយចំនួនរបស់ខ្មែរចូលទៅភ្ជាប់ជាមួយដែនដីសៀម? តើទាំងអស់គ្នាចាំទេ? ប្រវត្ដិសាស្ដ្រច្រំដែល។ កើតម្ដងហើយម្ដងទៀត។ លើកនេះ ខណៈព្រំដែនកម្ពុជាថៃមិនទាន់ត្រូវបានដោះស្រាយ ជាពិសេសចំណុច៤ ដែលងាយក្នុងការប៉ះទង្គិចគ្នារវាងកម្ពុជានិងថៃ យើងបានដាក់ទៅតុលាការអន្ដរជាតិឡាអេ។ ចូរយើងពិនិត្យមើល តើអ្នកណាឃុបឃិតជាមួយថៃនាពេលនេះ។ អ្នកនោះហើយនឹងទទួលផល(ពីវិធានការច្បាប់ដែលយើងកំពុងពិភាក្សាគ្នានេះ)។
(៥) តើប្រទេសដែលមានច្បាប់ដកសញ្ជាតិ ក្នុងនោះមាន៩ នៅអាស៊ាន ធ្វើឱ្យមានប្រល័យពូជសាសន៍ហើយឬនៅ?
យើងនិយាយត្រង់ៗ ពីឥឡូវទៅឲ្យហើយថា អ្នកនយោបាយមួយចំនួននៅក្នុងប្រទេសថៃបានអះអាងថា “នឹងឲ្យពួកនេះរៀបចំកំលាំងប្រដាប់អាវុធនៅប្រទេសថៃ”។ ដូច្នេះ តើគោលការណ៍អាស៊ាន(មិនប្រើប្រាស់ទឹកដីរបស់ខ្លួនប្រឆាំងរដ្ឋដទៃ)នៅត្រង់ណា? ហ្នឹងទី១។ ទី២ តើកម្ពុជាត្រូវដកសញ្ជាតិមេដឹកនាំនៃកំលាំងនេះទេ? (បើចោទសួរអំពី)រឿងសិទ្ធិមនុស្ស ក៏សូមទៅសួរ ១៥០ប្រទេសដែលមានច្បាប់ដកសញ្ជាតិ តើប្រទេសទាំងនោះគោរពសិទ្ធិមនុស្សឬអត់? បើខ្លួនចង់សួរ ក៏សូមសួរទាំងអង្គការសហប្រជាជាតិ និងសហភាពអឺរ៉ុប … ចោទថា(ការរៀបចំច្បាប់នេះ ប្រៀបដូចជា)កម្ពុជា (នឹងធ្វើឱ្យមាន)ប្រល័យពូជសាសន៍។ បើដូច្នឹង តើប្រទេសទាំងឡាយដែលមានច្បាប់ដកសញ្ជាតិរួចហើយ ក្នុងនោះមាន ៩ប្រទេសក្នុង អាស៊ានផង ដែលនៅខ្វះតែកម្ពុជាមួយហ្នឹង បានធ្វើឱ្យមានប្រល័យពូជសាសន៍ហើយឬនៅ? តាស៊ុច និយាយតែប៉ុន្មានម៉ាត់ ត្រូវថៃដកសញ្ជាតិរួចទៅហើយ។ តើចំណុចហ្នឹងវាយ៉ាងម៉េចដែរ? ហេតុអ្វីអ្នកដទៃធ្វើបាន តែខ្មែរធ្វើអត់បាន? សូមនាំគ្នាឆ្លើយ។
(៦) បើមិនចង់បាត់សញ្ជាតិខ្មែរ កុំធ្វើអំពើក្បត់ជាតិ បំផ្លាញជាតិ ដោយឃុបឃិតជាមួយបរទេស
ខ្ញុំអបអរសាទរ ដោយច្បាប់នេះគឺជាច្បាប់អង្គការ។ បើជាច្បាប់អង្គការ ត្រូវប្រើប្រាស់(ការសំរេចដោយមតិ)២/៣។ អញ្ចឹង ច្បាប់នេះអត់កែបានទេ។ បើសិនអ្នកណាក៏ដោយ មិនចង់បាត់សញ្ជាតិខ្មែរ កុំធ្វើអំពើដែលក្បត់ជាតិ បំផ្លាញជាតិខ្លួនឯង ឃុបឃិតជាមួយពួកបរទេស។ តើប្រភេទចារកម្មដែលផ្តល់ព័ត៌មានឲ្យជនបរទេសត្រូវទទួលការដកសញ្ជាតិទេ? ទាក់ទិននឹងអំពើក្បត់ជាតិទេ? ឧទាហរណ៍ ការដុតបំផ្លាញឃ្លាំងអាវុធ រួចហើយចេញទៅក្រៅប្រទេស។ បើនៅក្នុងប្រទេស វាមិនបាច់ដកសញ្ជាតិទេ ចូលតុលាការហើយចូលគុកតែម្តង។ ប៉ុន្តែករណីដែលទៅក្រៅប្រទេសបាត់នោះ។ បើយើងអត់មានច្បាប់ហ្នឹង តើយើងដកសញ្ជាតិបានទេ។ ហ្នឹងជាចំណុចដែលខ្ញុំគ្រាន់តែបញ្ជាក់បន្ថែមដើម្បីចៀសវាងភាពមិនច្បាស់លាស់ ការដែលស្អីឡើងបារម្ភតែពីការដកសញ្ជាតិ។ បើខ្លាចដកសញ្ជាតិ កុំឃុបឃិតជាមួយបរទេសធ្វើអំពើក្បត់ជាតិទៅបានហើយ។
(៧) ការបង្កើតកម្លាំងប្រដាប់អាវុធលើដីថៃ គឺខុសគោលការណ៍អាស៊ាន និងជាជនក្បត់ជាតិ
សូមប្រាប់ត្រង់ៗ ប្រសិនបើអ្នកណាមួយបង្កើតកម្លាំងប្រដាប់អាវុធលើដីថៃ ទី១ ខុសគោលការណ៍អាស៊ាន ដែលមិនប្រើប្រាស់ទឹកដីរបស់ខ្លួនប្រឆាំងរដ្ឋដទៃ។ ទី២ ជននោះគឺជាជនក្បត់ជាតិ។ គេកាន់អាវុធដើម្បីប្រឆាំងជាមួយរដ្ឋមួយ(ដែលឈ្លានពាន បែរជាខ្លួន)ចូលរួមជាមួយបរទេសដែលកំពុងតែវាយជាមួយជាតិ បង្កើនជាកម្លាំងមកវាយជានឹងជាតិខ្លួន។ តើនេះទោសក្បត់ជាតិ ឬក៏ទោសបញ្ចេញមតិ? រឿងបញ្ចេញមតិអត់មានទោសទេ ក្នុងករណីដែលអ្នកឯងបញ្ចេញមតិមានចរិតជាការតស៊ូមតិ។ ប៉ុន្តែបើអ្នកឯងបញ្ចេញមតិ មានចរិតជាការបំផ្លាញជាតិគឺអ្នកឯងត្រូវទទួលទោស។ បើនៅក្នុងប្រទេស ហ្នឹងជារឿងស្រួលទេ។ បើនៅក្រៅប្រទេស ហ្នឹងជារឿងត្រូវ(ពិចារណា)ដកសញ្ជាតិ។ យើងត្រូវឃើញថា ព្រះករុណាបិតា (ព្រះបរមរតនកោដ្ឋ) ព្រះអង្គបានដឹកនាំព្រះរាជបូជនកិច្ចទាមទារយកឯករាជ្យ។
(៨) បើគ្មានព្រះករុណាបិតា ប្រហែលកម្ពុជាជាផ្នែកមួយនៃដែនដីបារាំងក្រៅប្រទេសមកដល់ពេលនេះ
បើអត់មានព្រះករុណាបិតាទេ យើងក៏អត់មានថ្ងៃនេះដែរ។ ប្រហែលជាយើងនៅជាដែនដីមួយរបស់បារាំងនៅក្រៅប្រទេសហើយ។ ខ្វះអីដែនដីបារាំងនៅក្រៅប្រទេស ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិចមួយគរគោក។ ប្រហែល កម្ពុជាក៏ជាផ្នែកមួយនៃដែនដីបារាំងរហូតមកដល់ពេលនេះដែរ។ ហេតុអ្វីរដ្ឋបាល លន់ នល់ កាត់ទោស ដោយដកសញ្ជាតិរបស់ព្រះអង្គទៅវិញ។ ការពិត គឺ លន់ នល់ ទេដែលត្រូវបានដកសញ្ជាតិនោះ ព្រោះទៅឃុបឃិតជាមួយពួកបរទេសមកបំផ្លាញជាតិរបស់ខ្លួន។ គឺ លន់ នល់ ទៅវិញទេ ដែលឃុបឃិតជាមួយបរទេស ហៅកងទ័ពបរទេសចូលមក … ប្រទេសកំពុងមានសេចក្តីសុខ ហេតុអ្វីបានជាត្រូវនាំកងទ័ពបរទេសមកបំផ្លាញ? គេធ្លាប់ធ្វើការប្រមូលទាំងកងទ័ពសម្ព័ន្ធមិត្ត ក្នុងសង្គ្រាមលោកលើកទី២ វាយពួក Fascist Hitler ដើម្បីស្រោចស្រង់ប្រទេសទូទាំងអឺរ៉ុបនិងអាស៊ីទៀត រហូតដល់អាមេរិកទម្លាក់គ្រាប់បែកបរមាណូលើជប៉ុន …។ ក្នុងពេលជួបអគ្គបញ្ជាការកងទ័ពជើងគោកជប៉ុន និងបេសកជននាយករដ្ឋមន្រ្តីជប៉ុន ខ្ញុំបាននិយាយដល់កន្លែងហ្នឹងថា “រឿងនេះវាសាំញ៉ាំ”។ មានអនុសញ្ញាបារាំងសៀម១៩០៤ និងសន្ធិសញ្ញាបារាំងសៀម១៩០៧ ភ្ជាប់ដោយផែនទី ប៉ុន្តែខាងថៃចិញ្ចឹមមហិច្ឆតាយកដីកម្ពុជាជានិច្ច។
(៩) ត្រូវចងចាំនិងត្រូវហ៊ាននិយាយការពិតនៃប្រវត្តិសាស្រ្ត
ឆ្លៀតពេលដែលជប៉ុនមានប្រៀប (ខ្ញុំសូមរំលឹកកន្លែងនេះបន្តិច) តាមអនុសញ្ញាបារាំង-សៀម១៩០៤ ខេត្តត្រាតដែលនៅក្រោមអាណានិគមរបស់បារាំងបានធ្លាក់មកកម្ពុជា និងមានខេត្តមួយទៀតនៅឡាវ (សូមទោសដែលខ្ញុំចាំឈ្មោះ មិនបាន)នៅខាងបារាំង ប៉ុន្តែបែរជាខេត្តសៀមរាប បាត់ដំបង សិរីសោភ័ណ ទៅនៅខាងថៃទៅវិញ។ ក្រោយមក បានកែតម្រូវនៅឆ្នាំ១៩០៧។ ឆ្នាំ១៩០៧ បារាំងនិងសៀមបានចុះហត្ថលេខាប្រគល់ខេត្តត្រាត និងខេត្តមួយទៀតនៅឡាវ ទៅឲ្យថៃ ដោយថៃត្រូវប្រគល់ខេត្តសៀមរាប បាត់ដំបង ព្រះវិហារ សិរីសោភ័ណ មកឲ្យកម្ពុជាវិញ។ ដោយហេតុនេះហើយ បានជាមានផែនទីតាំងពីពេលនោះមក។ ឆ្លៀតពេលដែលជប៉ុនមានប្រៀប ក៏មានសន្ធិសញ្ញា Tokyo ដែលខេត្តមួយចំនួនរបស់កម្ពុជា មានទាំងខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តព្រះវិហារ មួយភាគរបស់កំពង់ធំ និងមួយភាគរបស់ស្ទឹងត្រែង ត្រូវធ្លាក់ទៅសៀមវិញ។ ជាភ័ព្វសំណាង ជប៉ុនចាញ់សង្រ្គាម ទើបមានកិច្ចព្រមព្រៀង Washington ដែលទឹកដីទាំងនេះបានវិលត្រឡប់មកប្រទេសខ្មែរ។ ត្រូវចងចាំនិងត្រូវហ៊ាននិយាយការពិតនៃប្រវត្តិសាស្រ្ត។
(១០) ដល់ពេលពង្រឹងការស្មោះត្រង់ចំពោះជាតិ ដោយដាស់តឿនជាប្រចាំឱ្យតម្កល់ប្រយោជន៍ជាតិជាធំ
ឥឡូវ យើងដើរឲ្យដល់គោលដៅមួយ គឺពង្រឹងជាតិសាសន៍យើង ឲ្យស្មោះត្រង់ជាមួយជាតិយើង តាមរយៈការដាស់តឿនជាប្រចាំ ឱ្យតម្កល់ផលប្រយោជន៍ជាតិជាធំ។ តើអ្នកទាំងឡាយដែលទិតៀនច្បាប់នេះ បានមើលឃើញហើយឬនៅអំពីផលប្រយោជន៍ជាតិសាសន៍របស់យើង ដែលប្រឈមនឹងការឈ្លានពានយកទឹកដី។ ប៉ុន្មានថ្ងៃនេះ មានារចង់ធ្វើរបងព័ទ្ធយកតាមាន់ធំ។ សាកល៎មើល។ ពួកគេគំរាមថា នឹងវាយយកសៀមរាប យកបាត់ដំបង និងវាយចូលដល់ភ្នំពេញ។ សាកល៎មើលៗ។ អ្នកឯងបានគំរាមដល់ថ្នាក់ហ្នឹង។ តើខ្មែរនេះអន់ណាស់ទៅឬ? បន្ទាប់ពីសម័យព្រះបរមរតនកោដ្ឋ គឺសម័យសម្តេចព្រះបរមនាថនរោត្តមសីហមុនី។ ពីមុនហៅថាសម័យតេជោ ឥឡូវហៅសម័យតេជោធិបតី អ្នកឯកសាកល៎មើលៗ។ ខ្ញុំមិនប្រមាទធ្វើសង្រ្គាមទេ ក៏ប៉ុន្តែយើងត្រៀមរៀបចំសម្រាប់សង្រ្គាមមួយដែលវានឹងមកដល់ រាប់ទាំងការរៀបចំច្បាប់នេះ កុំឲ្យមានជនក្បត់។ តែបើមាននៅក្នុងប្រទេស ជនក្បត់ហ្នឹងជាប់គុក។ បើជនក្បត់នោះនៅក្រៅប្រទេស ជនហ្នឹងត្រូវ(តែបាន)ដកសញ្ជាតិ រាប់ទាំងជនជាតិបរទេសដែលចូលសញ្ជាតិខ្មែរ។ ជួនកាល ជាថៃចូលសញ្ជាតិខ្មែរ គេទៅបម្រើឱ្យថៃវិញ។ តើយើងដកសញ្ជាតិគេឬមិនដក? ឬជនបរទេសណាមួយ(ដែលលក់ព័ត៌មាន ហើយដែល)ខាងណោះកំពុងត្រូវការព័ត៌មាន។
(១១) បើគ្មាន ហ៊ុន សែន ទេ ថាក់ស៊ីន ចូលស្រុកមិនបាន ហើយក៏មិនអាចមកតំបន់អាស៊ីអាគ្នេយ៍ដែរ
ម្សិលមិញ ខ្ញុំបានបង្ហោះ(ក្នុងបណ្តាញសង្គម)ថា “សូម ថាក់ស៊ីន ចាំថា ខ្លួនបានលួចផ្ដល់ឯកសារឱ្យខ្ញុំដូចម្តេច នៅពេលដែល អភិសិទ្ធ ដឹកនាំរដ្ឋាភិបាល។ ថាក់ស៊ីន និយាយខុសហើយ” … ថ្ងៃនេះ ខ្ញុំនិយាយថែមបន្តិចទៅចុះ … ថាក់ស៊ីន និយាយថា “ស្ដាយដែលរាប់អានមនុស្សខុស”។ ថាក់ស៊ីន ភាន់ច្រឡំធំណាស់។ បើគ្មាន ហ៊ុន សែន ទេ អ្នកឯងមិនអាចចូលស្រុកបានទេ ហើយមិនអាចមកតំបន់អាស៊ីអាគ្នេយ៍បានដែរ។ តើ ថាក់ស៊ីន ចង់ឱ្យខ្ញុំបញ្ចេញឬ? ថាក់ស៊ីន បានបញ្ជូនឯកសាររបស់ អភិសិទ្ធ មកឱ្យខ្ញុំ។ អ្នកឯងមានបទល្មើសពាក់ព័ន្ធនឹងអំពើក្បត់ជាតិថៃខ្លួនឯង។ ខ្ញុំមានឯកសារ។ ខ្ញុំអាចនិទាន៣ទៅ៤ម៉ោង បើសិនជាអ្នកចង់(អោយមានដូច្នេះ)។
យប់មិញ ខ្ញុំឃើញវីដេអូក្នុង TikTok អំពីការប្រកាសរបស់ខ្ញុំមិនយកលុយថៃ កាលពីឆ្នាំ២០១០ ដើម្បីកសាងផ្លូវជាតិលេខ៦៨។ ខ្ញុំ save ទុក។ ខ្ញុំមិនទទួលយកលុយថៃ ដែលឱ្យកម្ពុជាខ្ចីដើម្បីធ្វើផ្លូវជាតិលេខ៦៨។ ទៅសៀមរាប ខ្ញុំជួបជាមួយ សៀង ណាំ។ គាត់ទើបមកពីហូបគុយទាវ។ សៀង ណាំ ថា “បងប្អូនរត់ម៉ូតូឌុប បាននិយាយថា កុំទៅពឹងលុយថៃប៉ុណ្ណឹង។ តើអាចធ្វើខ្លួនឯងបានទេ”។ ពួកគេថា សុខចិត្តចូលរួម(ថវិកាឱ្យរដ្ឋធ្វើផ្លូវខ្លួនឯង)។ ខ្ញុំក៏ទូរស័ព្ទមក អូន ព័ន្ធមុនីរ័ត្ន។ ពេលហ្នឹងនៅជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ តើថវិការបស់យើងទៅបានទេ? គាត់ថាបាន។
(១២) ឯកសារនាំដល់ការសំរេចមិនទទួលថវិកាពីរដ្ឋាភិបាលថៃ អភិសិទ្ធ កសាងផ្លូវ៦៨ បានពី ថាក់ស៊ីន
អញ្ចឹង ខ្ញុំបានប្រកាសថា មិនទទួលថវិការបស់ថៃមកធ្វើផ្លូវហ្នឹងទេ។ អភិសិទ្ធ ដែលជានាយករដ្ឋមន្រ្តីនៅពេលនោះ និងកំពុងនៅខេត្តស៊ុងក្លា បានទូរស័ព្ទមកសួរខ្ញុំថា “តើហេតុអ្វីបានជាឯកឧត្តមមិនទទួលថវិកាពីថៃដើម្បីធ្វើផ្លូវ? ខ្ញុំថា “មិនទទួលទេ ដោយសារតែខ្ញុំទទួលបានព័ត៌មានជាក់លាក់អំពីការដែលឯកឧត្តម បង្កកលុយ និងពន្យារបញ្ហាហ្នឹងចំពោះកម្ពុជា”។ អញ្ចឹង តើឯកសារហ្នឹង ខ្ញុំបានមកពីណា? ខ្ញុំបានមកពី ថាក់ស៊ីន ដែលលួចផ្ដល់ឯកសារនោះមកឱ្យខ្ញុំ។ មានសេណារីយ៉ូប៉ុន្មានឯណោះ។ សូម ថាក់ស៊ីន កុំភាន់ច្រឡំ,និងកុំច្រឡោត។
កូនអ្នកឯងប្រមាថខ្ញុំ ទើបខ្ញុំត្រូវធ្វើរឿងនេះ។ កាសែត NIKKEI ក៏បានធ្វើការទស្សន៍ទាយ ហេតុអ្វីលោក ហ៊ុន សែន ធ្វើអញ្ចឹង? ចុងក្រោយ កាសែត NIKKEI បានធ្វើការសន្និដ្ឋានមួយត្រឹមត្រូវថា លោក ហ៊ុន សែន ធ្វើអញ្ចឹង ព្រោះគាត់ចង់ដោះស្រាយបញញហាព្រំដែនដែលវាមិនទាន់ដាច់ស្រេចនេះ នៅក្នុងពេលវេលាដែលគាត់នៅមានអំណាច។ ត្រឹមត្រូវ។ ខ្ញុំចង់ដោះស្រាយរឿងហ្នឹង។ ខ្ញុំមិនចង់បានសង្រ្គាមទេ។ ឡើងទៅតុលាការអន្តរជាតិឡាអេ ជាការដោះស្រាយដោយសន្តិវិធីដែរ។ ចរចាទ្វេភាគីក៏ជាដំណោះស្រាយដោយសន្តិវិធី។ ទៅតុលាការក៏ជាសន្តិវិធី ព្រោះវាមិនមានជម្រើសអីទេ។ ជម្រើសសម្រាប់ ៤តំបន់ គឺមុំបី តាមាន់ធំ តាមាន់តូច និងតាក្របី មានតែពីរទេ ឬមួយទៅតុលាការឲ្យកាត់សេចក្ដី ឬមួយវាយគ្នាដណ្ដើមដី …។
(១៣) ទទួល ឬមិនទទួលស្គាល់យុត្តាធិការតុលាការអន្តរជាតិ ក៏សូមប្រទេសនានាយល់ពីជំហរកម្ពុជា
សូមអំពាវនាវ បរទេសទាំងឡាយដែលគោរពច្បាប់ យោគយល់ដល់ជំហររបស់កម្ពុជា។ ទោះអ្នកទទួល ឬមិនទទួលស្គាល់យុត្តាធិការតុលាការអន្តរជាតិក៏ដោយចុះ។ អ្នកដែលនិយាយថា សូមឲ្យកម្ពុជាបង្ហាញភស្ដុតាងអំពីការដែលខ្លួនទៅប្ដឹង ក៏ខ្ញុំបាននិយាយនៅឯខេត្តព្រះវិហារហើយ។ មិនអាចយករឿងតុលាការមកលេងសើចបានទេ។ កុំថាឡើយតុលាការអន្តរជាតិ សូម្បីតែតុលាការក្នុងស្រុកក៏គេមិនដែលបញ្ចេញឯកសារឲ្យមើលដែរ … អំពើរបស់អ្នកឯងបែបនេះ នាំឱ្យមានមហន្តរាយដល់ផលប្រយោជន៍ជាតិកម្ពុជា។ រឿងក្ដីក្ដាំមួយ ជាពិសេសឯកសារមួយៗ ដែលទាក់ទង គេត្រូវលាក់(មិនបញ្ចេញជាសាធារណៈទេ)។ គូភាគីម្ខាងទៀត អត់ត្រូវបានដឹងទេ។ ប្រសិនបើជនណាមួយយកឯកសារហ្នឹងទៅឲ្យគូបដិបក្ខម្ខាងទៀតដឹងមុន សម្រាប់ត្រៀមទប់ទល់នៅក្នុងសវនការ អ្នកហ្នឹងត្រួវរាប់ចូលក្នុងបទល្មើសហើយ។
មិនទាន់បានអីផង (ស្រែកថាជាការបំពាន)សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ប៉ុន្តែសួរតើផលប្រយោជន៍ជាតិនៅត្រង់ណា? ព្រឹទ្ធសភានេះ អស់ប្រធានពីរហើយ។ ប្រធានព្រឹទ្ធសភាពីរមុន ស្លូតៗ។ ប្រធានលើកនេះ អត់ស្លូតទេ។ គ្មានច្បាប់ឯណាមកហាមឃាត់មិនឲ្យប្រធានព្រឹទ្ធសភានិយាយទេ … យើងចាំមើលបាតុកម្មដែលត្រៀមធ្វើនៅកូរ៉េស្អីៗ នោះ។ ខ្ញុំទទួលបានឃ្លីបហើយ។ ខ្ញុំក៏ចូលរួមស្ដាប់ពេលដែលលោកឯងប្រជុំ Zoom ពីម្សិលម្ង៉ៃដែរ។ មិនមែនបានសេចក្ដីថា ខាងនេះគេងោះនោះទេ។ សម្លេងអ្នកឯងមានក្នុងទូរស័ព្ទរបស់ខ្ញុំ តែខ្ញុំមិនបង្ហោះទេ … ធ្វើជាដល់រដ្ឋមួយ មិនមែនមិនដឹងអីទេ។ បើភ្លើ មិនស្គាល់អ្វីដែលហៅថាសិទ្ធិមនុស្ស មិនមែនអាចកាន់អំណាចដល់ជិតកន្លះសតវត្សរ៍ទេ។
(១៤) បើសិនក្បត់ជាតិ ទោះជាសមាជិកព្រឹទ្ធសភា សំរេចដោយមតិ ២/៣ ដកអភ័យឯកសិទ្ធិ វាយខ្នោះ
តើអ្នកដែលរស់រានមានជីវិតក្នុងប្រទេសរាល់ថ្ងៃ មានសិទ្ធិមនុស្សឬទេ ដែលមួយថ្ងៃៗ ដើរបានគ្រប់កន្លែង ធ្វើអីក៏បានៗ។ តើទាំងនោះជាសិទ្ធិឬទេ? ពួកគេនិយាយហាក់បីដូចជាថាកម្ពុជាហ្នឹងមិនស្គាល់ច្បាប់អន្តរជាតិ។ ខ្ញុំសង្ឃឹមថា ឯកឧត្ដម គង់ មុនីកា និងឯកឧត្ដម សេង ម៉ារ៉ាឌី មិនខ្នាញ់ចិត្តនឹងខ្ញុំទេ។ ខ្ញុំចាំបាច់ត្រូវតែនិយាយ ព្រោះឯកឧត្ដម ចេញសេចក្ដីថ្លែងការណ៍តាមហ្វេសប៊ុកតាមអី។ ខ្ញុំក៏ត្រូវតែនិយាយជាមួយឯកឧត្ដមឲ្យច្បាស់។ សូមកុំតែក្បត់ជាតិទៅបានហើយ។ បើសិនជាក្បត់ជាតិ ក៏មិនចាំបាច់ដកសញ្ជាតិដែរ។ (សំរេចដោយមតិ)២/៣ ដកអភ័យឯកសិទ្ធិ វាយខ្នោះចេញពីព្រឹទ្ធសភាតែម្ដង … ការដកអភ័យឯកសិទ្ធហុង ស៊ុនហួរ នៅចាំទេ។ ហុង ស៊ុនហួរ ជាសមាជិកព្រឹទ្ធភា។ តាមវាយខ្នោះទាល់តែបាន។ រត់ចូលស្ថានទូតបារាំងៗ អត់ទទួល។ ពាក់សញ្ញាព្រឹទ្ធសភាដើម្បីកុំអោយចេញមកគេចាប់។ អត់ទេ បទល្មើសជាក់ស្ដែងត្រូវតែចាប់។
ខ្ញុំនិយាយនេះ មិនមែនជាការគំរាមអ្នកណាទេ ក៏ប៉ុន្តែយើងនិយាយគ្នាអោយច្បាស់។ ជូនសារទៅអ្នកនៅក្រៅប្រទេស និងប្រទេសទាំងឡាយដែលចេញមកទិតៀនកម្ពុជា។ សូមមើលខ្លួនឯង តើប្រទេសខ្លួនឯងមានច្បាប់ដកសញ្ជាតិឬអត់ អាមេរិក បារាំង អង់គ្លេស ជាដើម។ ប៉ុន្មានឆ្នាំមុន ពួក ISIS កើតនៅអង់គ្លេសក៏ដកសញ្ជាតិ អាល្លឺម៉ង់ក៏ដកសញ្ជាតិ។ ឆ្នាំ២០២២ នៅអាល្លឺម៉ង់មានគំរោងធ្វើរដ្ឋប្រហារ ក៏មានការចាប់ខ្លួនមនុស្សមួយចំនួន ក្នុងនោះក៏មានការចាប់ខ្លួនក្នុងការផ្ដល់ព័ត៌មានអោយរុស្សីដែរ។ ពួកអឺរ៉ុបសម្បូណ៌ណាស់។ តើគេចាប់ទេ ពួកអញ្ចឹង? គេចាប់។ ចុះបើគេចាប់ ម៉េចក៏មិនអោយខ្មែរចាប់ផង។
(១៥) អ្នកដកសញ្ជាតិព្រះករុណាបិតា គឺអ្នកឃុបឃិតនាំបរទេសលើកទ័ពចូលកម្ពុជានោះឯង
ព្រះករុណា ព្រះបិតា ព្រះអង្គបានធ្វើត្រូវ។ សម សារី, សឺន ង៉ុកថាញ់, ដាប ឈួន បើព្រះអង្គមិនធ្វើ តើទុកអោយពួកនេះប្រមាថឬ? ជាទោសក្បត់ជាតិ។ រឿងវាអញ្ចឹង។ ទីចុងបំផុត រកវិធីផ្ដួលរំលំព្រះករុណា ព្រះបិតាទាល់តែបាន។ នេះជាមេរៀនអតីតកាល។ យើងមិនអាចប្ដូរអតីតកាលបានទេ ប៉ុន្តែមេរៀនអតីតកាលវាដាស់តឿនយើងឱ្យប្រុងប្រយ័ត្ននិងធ្វើរឿងនេះ។ នេះមិនមែនរឿងថ្មីសំរាប់កម្ពុជាទេ។ ពីសម័យសង្គមរាស្ត្រនិយមមានរួចហើយ ឬតាំងពីមុនសម័យសង្គមរាស្ត្រនិយមទៅទៀត គឺតាំងពីជំនាន់បារាំងក៏មាន។ លន់ នល់ កាត់ទោសព្រះករុណាដកសញ្ជាតិ ដោយសំអាងថាឃុបឃិតជាមួយបរទេស ប៉ុន្តែអ្នកដែលឃុបឃិតជាមួយបរទេស គឺអ្នកយកបរទេសមកផ្ដួលរំលំអំណាចស្របច្បាប់របស់កម្ពុជា តាមរយៈរដ្ឋប្រហារ លើកកងទ័ពចូលកម្ពុជានោះទេតើ។
ការនិយាយរបស់ខ្ញុំខ្លាំងៗ បន្តិចហើយ តែបើ ហ៊ុន សែន និយាយហើយ ដឹងតែលឺៗ ផ្អើលគេឯង។ ថ្ងៃនេះផ្អើលដល់បាងកកទៀត។ ជាការក្រើនរំលឹក Thaksin Shinawatra នៅបាងកក។ ខ្ញុំមិនដាស់តឿនអ្នកណាទេ ប៉ុន្តែ Thaksin កុំប្រកាន់ឥរិយាបថឈ្លើយចំពោះខ្ញុំ។ ខ្ញុំមិនយកលុយពី Abhisit Vejjajiva ដោយសារតែ Thaksin ជាអ្នកបានផ្ដល់ឯកសារហ្នឹងមកឱ្យខ្ញុំ។ គេរៀបចំសេណារីយ៉ូយ៉ាងម៉េច រាប់ទាំងកញ្ចប់លុយ(កសាង)ផ្លូវលេខ៦៨។ កាលហ្នឹងដេញថ្លៃរួចហើយ។ កាលហ្នឹង រដ្ឋាភិបាលឱ្យគំរោងទៅអ្នកណាមួយត្រូវមាន២០% … យើងកសាងខ្លួនឯង។ វិស្វកម្មឡើងធ្វើភ្លាម។ ខ្ញុំមានយោបល់ប៉ុណ្ណឹង៕