សង្កថាសម្ដេចតេជោ ក្នុងពិធីពិសារអាហារសាមគ្គីជាមួយសមាគមឧកញ៉ាកម្ពុជា

សម្តេចប្រធានរដ្ឋសភា សម្តេចនាយករដ្ឋមន្ត្រី សម្តេច ឯកឧត្តម ឧត្តមទីប្រឹក្សាព្រះមហាក្សត្រ,ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល,លោកឧកញ៉ា លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ាព្រមទាំងបងប្អូនទាំងអស់ដែលបានចូលរួមនៅក្នុងឱកាសនេះ (១) សមាគមឧកញ៉ាមានរចនាសម្ព័ន្ធ បទដ្ឋានគតិយុត្តិ យន្តការទ្រទ្រង់ ធានាបានប្រសិទ្ធិភាពនិងនិរន្តភាព ជាដំបូង អនុញ្ញាតឲ្យខ្ញុំពាំនាំការសាកសួរសុខទុក្ខនិងជូនពរ ចំពោះជោគជ័យនៃសន្និបាតប្រចាំឆ្នាំនៃគ្រួសារសមា​គម​ឧកញ៉ាកម្ពុជា ពីសំណាក់ព្រះករុណាព្រះមហាក្សត្រជាទីសក្ការៈនិងសម្តេចម៉ែ សម្តេចព្រះរាជមាតាជាតិខ្មែរ។ ព្រះអង្គ សូមកោតសរសើរ និង ជូនពរចំពោះអង្គសន្និបាត ក៏ដូចជាអ្នកឧកញ៉ា លោកឧកញ៉ា លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ព្រមទាំងឧកញ៉ាទាំងអស់ សូមមានជោគជ័យ សិរីសួស្តីតរៀងទៅ។ ខ្ញុំមានការរីករាយ ដែលបានមកចូលរួមជាលើកទី២ ជាមួយនឹងសន្និបាតប្រចាំឆ្នាំលើកទី២ របស់សមាគមឧកញ៉ាកម្ពុជា។ ក្នុងនាមជាប្រមុខរដ្ឋស្តីទី ខ្ញុំមិនប្រើប្រាស់តួនាទីជាប្រមុខរដ្ឋស្តីទីដើម្បីនឹងមានសង្កថានោះទេ ប៉ុន្តែជាការជៀសមិនរួច ត្បិតមានមុខ​ងារជាប់នឹងខ្លួន ដែលរួមមានទាំងប្រមុខរដ្ឋស្តីទី រួមមានទាំងប្រធានក្រុមឧត្តមប្រឹក្សាព្រះមហាក្សត្រ ហើយក៏ក្នុងនាមជាប្រធានកិត្តិយសនៃសមាគមឧកញ៉ាកម្ពុជាផងដែរ។ ខ្ញុំសូមយកឱកាសនេះ ថ្លែងនូវការកោតសរសើរចំពោះសមាគមឧកញ៉ាដែលបានធ្វើសកម្មភាពក្នុងរយៈពេលមួយឆ្នាំកន្លងទៅនេះ។ តាមរបាយការណ៍ និងការមើលវីដេអូអម្បាញ់មិញនេះ បង្ហាញពីការរៀបចំនូវរចនាសម្ព័ន្ធដ៏រឹងមាំមួយ ដែលមានបទដ្ឋានគតិយុត្តិ ក៏ដូចជាយន្តការទ្រទ្រង់ ដើម្បីធានានូវនិរន្តភាព និងប្រសិទ្ធិភាពនៃដំណើរការនៃសមាគម។ ខ្ញុំសូមកោតសរសើរគំនិតផ្តួចផ្តើមទាំងឡាយ…

សេចក្ដីអធិប្បាយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្ពោធអគារសិក្សានិងសមិទ្ធផលនានាក្នុងបរិវេណ វត្តព្រះឥន្ទសាមគ្គីធម៌ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល

ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំ​សម្ដេចព្រះមហាសង្ឃរាជធិបតី សម្ដេច ព្រះថេរានុត្ថេរៈ គ្រប់ព្រះអង្គជាទីសក្ការៈ​សម្ដេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាង កញ្ញា ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ​ សូមធ្វើគារវកិច្ចចំពោះលោកយាយ លោកតា លោកអ៊ំ មាមីង បងប្អូនជនរួមជាតិ និស្សិត សិស្សានុសិស្សទាំងអស់ ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ ជាដំបូង អនុញ្ញាតឱ្យទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ បានពាំនាំនូវព្រះរាជបណ្ដាំសួរសុខទុក្ខចំពោះព្រះករុណាជាអង្គម្ចាស់​ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះវររាជមាតាជាតិខ្មែរ សម្ដេចម៉ែ សម្ដេចយាយ សម្ដេចយាយទួត ប្រគេនចំពោះសម្ដេច ព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ក៏ដូចជាបងប្អូនជនរួមជាតិ និងការនឹករលឹកពីព្រះអង្គ។ និងសូមប្រសិទ្ធពរជូនចំពោះសម្ដេច ព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ និងបងប្អូនជនរួមជាតិ ជួបតែសេចក្ដីសុខ សេចក្ដីចម្រើន។ ខ្ញុំព្រះករុណាខ្ញុំ មានការរីករាយដែលបានវិលត្រឡប់មកវត្តព្រះឥន្ទសាមគ្គីធម៌ សាជាថ្មីម្ដងទៀត ដែលជាដំណាក់កាលទី៣ ក៏ប៉ុន្តែវាច្បាស់ណាស់ថា ជាទម្លាប់បើមានដំណាក់កាលទី៣ វាត្រូវចាប់ផ្ដើមចូលដំណាក់កាលទី៤។ (១) សមិទ្ធផលនៅវត្តព្រះឥន្ទសាមគ្គីធម៌ថ្ងៃ១៦តុលា២០១៦, ២៦មិថុនា២០១៨ និង ៣០ឧសភា២០២៣ ខ្ញុំព្រះករុណាខ្ញុំ សូមរំលឹកបន្តិចថា…

សេចក្ដីដកស្រង់ ប្រសាសន៍សម្ដេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយនឹងអាចារ្យ អាចារិនី លើកទី៨

(១) ជួបយឺត ប្រសើរជាងមិនបានជួប ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី។ គ្រូឧទ្ទេស អាចារ្យ អាចារិនី ទាំងអស់ជាទីស្រលាញ់។ ថ្ងៃនេះ ខ្ញុំមានការរីករាយដែលបានមកចូលរួមក្នុងពិធីសំណេះសំណាលជាមួយនឹងអាចារ្យ អាចារិនី លើកទី៨។ បើតាមខ្ញុំចាំ ខ្ញុំចូលរួមនៅលើកទី១ ឯបន្តបន្ទាប់មក គឺលោកជំទាវ ម៉ែន សំអន បានតំណាងឱ្យខ្ញុំ ធ្វើការជួបសំ​ណេះសំណាលជាបន្តបន្ទាប់។ លើកនេះ ជាលើកទី៨ បន្ទាប់ពីការបណ្ដុះបណ្ដាល គឺក្រសួងធម្មការនិងសាស​នា ឯកឧត្តម ឈិត សុខុន បានស្នើអញ្ជើញម្ដងទៀត។ គាប់ជួននៅឆ្នាំនេះ មានការជួបជុំ​ខាងគ្រិស្ដសាសនាផង មានការជួបជុំខាងឥស្លាមសាសនាផង យើងក៏មិនអាចនឹងបដិសេដជាមួយនឹងការចូលរួមសម្រាប់ការសំណេះសំណាលជាមួយនឹងអាចារ្យអាចារិនី។ ខ្ញុំក៏មិនភ្លេចនូវការសូមការអភ័យទោស អំពីការផ្លាស់ប្ដូរពេលវេលាសម្រាប់ការជួបជុំនេះ។ កាលពីមុន គ្រោងនៅព្រឹកថ្ងៃទី០៣ ខែមេសា ប៉ុន្តែ ដោយសារកម្មវិធីមមាញឹកពេក បើសិនជាយើងធ្វើនៅព្រឹកថ្ងៃទី ០៣ គឺខ្ញុំត្រូវទៅសម្ពោធមន្ទីរពេទ្យក្រូចឆ្មារនៅព្រឹកថ្ងៃទី ០៤ ហើយល្ងាចថ្ងៃទី ០៤ ត្រូវហោះចេញទៅវៀងច័ន្ទដើម្បីប្រជុំកំ​ពូល​គណៈកម្មការអន្តរជាតិខាងទន្លេមេគង្គ។ អញ្ចឹងបានជាស្នើសុំលើកពេលវេលាពីការជួបនៅព្រឹកថ្ងៃទី ០៣ មកកាន់ការជួបនៅព្រឹកថ្ងៃទី ០៨ នេះវិញ។ បើទោះបីជាមានការលើកពេល…