សេចក្ដីដកស្រង់ ប្រសាសន៍សម្ដេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយនឹងអាចារ្យ អាចារិនី លើកទី៨

(១) ជួបយឺត ប្រសើរជាងមិនបានជួប ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី។ គ្រូឧទ្ទេស អាចារ្យ អាចារិនី ទាំងអស់ជាទីស្រលាញ់។ ថ្ងៃនេះ ខ្ញុំមានការរីករាយដែលបានមកចូលរួមក្នុងពិធីសំណេះសំណាលជាមួយនឹងអាចារ្យ អាចារិនី លើកទី៨។ បើតាមខ្ញុំចាំ ខ្ញុំចូលរួមនៅលើកទី១ ឯបន្តបន្ទាប់មក គឺលោកជំទាវ ម៉ែន សំអន បានតំណាងឱ្យខ្ញុំ ធ្វើការជួបសំ​ណេះសំណាលជាបន្តបន្ទាប់។ លើកនេះ ជាលើកទី៨ បន្ទាប់ពីការបណ្ដុះបណ្ដាល គឺក្រសួងធម្មការនិងសាស​នា ឯកឧត្តម ឈិត សុខុន បានស្នើអញ្ជើញម្ដងទៀត។ គាប់ជួននៅឆ្នាំនេះ មានការជួបជុំ​ខាងគ្រិស្ដសាសនាផង មានការជួបជុំខាងឥស្លាមសាសនាផង យើងក៏មិនអាចនឹងបដិសេដជាមួយនឹងការចូលរួមសម្រាប់ការសំណេះសំណាលជាមួយនឹងអាចារ្យអាចារិនី។ ខ្ញុំក៏មិនភ្លេចនូវការសូមការអភ័យទោស អំពីការផ្លាស់ប្ដូរពេលវេលាសម្រាប់ការជួបជុំនេះ។ កាលពីមុន គ្រោងនៅព្រឹកថ្ងៃទី០៣ ខែមេសា ប៉ុន្តែ ដោយសារកម្មវិធីមមាញឹកពេក បើសិនជាយើងធ្វើនៅព្រឹកថ្ងៃទី ០៣ គឺខ្ញុំត្រូវទៅសម្ពោធមន្ទីរពេទ្យក្រូចឆ្មារនៅព្រឹកថ្ងៃទី ០៤ ហើយល្ងាចថ្ងៃទី ០៤ ត្រូវហោះចេញទៅវៀងច័ន្ទដើម្បីប្រជុំកំ​ពូល​គណៈកម្មការអន្តរជាតិខាងទន្លេមេគង្គ។ អញ្ចឹងបានជាស្នើសុំលើកពេលវេលាពីការជួបនៅព្រឹកថ្ងៃទី ០៣ មកកាន់ការជួបនៅព្រឹកថ្ងៃទី ០៨ នេះវិញ។ បើទោះបីជាមានការលើកពេល…