សង្កថាសម្ដេចតេជោ ក្នុងពិធីពិសារអាហារសាមគ្គីជាមួយសមាគមឧកញ៉ាកម្ពុជា

សម្តេចប្រធានរដ្ឋសភា សម្តេចនាយករដ្ឋមន្ត្រី សម្តេច ឯកឧត្តម ឧត្តមទីប្រឹក្សាព្រះមហាក្សត្រ,ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល,លោកឧកញ៉ា លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ាព្រមទាំងបងប្អូនទាំងអស់ដែលបានចូលរួមនៅក្នុងឱកាសនេះ (១) សមាគមឧកញ៉ាមានរចនាសម្ព័ន្ធ បទដ្ឋានគតិយុត្តិ យន្តការទ្រទ្រង់ ធានាបានប្រសិទ្ធិភាពនិងនិរន្តភាព ជាដំបូង អនុញ្ញាតឲ្យខ្ញុំពាំនាំការសាកសួរសុខទុក្ខនិងជូនពរ ចំពោះជោគជ័យនៃសន្និបាតប្រចាំឆ្នាំនៃគ្រួសារសមា​គម​ឧកញ៉ាកម្ពុជា ពីសំណាក់ព្រះករុណាព្រះមហាក្សត្រជាទីសក្ការៈនិងសម្តេចម៉ែ សម្តេចព្រះរាជមាតាជាតិខ្មែរ។ ព្រះអង្គ សូមកោតសរសើរ និង ជូនពរចំពោះអង្គសន្និបាត ក៏ដូចជាអ្នកឧកញ៉ា លោកឧកញ៉ា លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ព្រមទាំងឧកញ៉ាទាំងអស់ សូមមានជោគជ័យ សិរីសួស្តីតរៀងទៅ។ ខ្ញុំមានការរីករាយ ដែលបានមកចូលរួមជាលើកទី២ ជាមួយនឹងសន្និបាតប្រចាំឆ្នាំលើកទី២ របស់សមាគមឧកញ៉ាកម្ពុជា។ ក្នុងនាមជាប្រមុខរដ្ឋស្តីទី ខ្ញុំមិនប្រើប្រាស់តួនាទីជាប្រមុខរដ្ឋស្តីទីដើម្បីនឹងមានសង្កថានោះទេ ប៉ុន្តែជាការជៀសមិនរួច ត្បិតមានមុខ​ងារជាប់នឹងខ្លួន ដែលរួមមានទាំងប្រមុខរដ្ឋស្តីទី រួមមានទាំងប្រធានក្រុមឧត្តមប្រឹក្សាព្រះមហាក្សត្រ ហើយក៏ក្នុងនាមជាប្រធានកិត្តិយសនៃសមាគមឧកញ៉ាកម្ពុជាផងដែរ។ ខ្ញុំសូមយកឱកាសនេះ ថ្លែងនូវការកោតសរសើរចំពោះសមាគមឧកញ៉ាដែលបានធ្វើសកម្មភាពក្នុងរយៈពេលមួយឆ្នាំកន្លងទៅនេះ។ តាមរបាយការណ៍ និងការមើលវីដេអូអម្បាញ់មិញនេះ បង្ហាញពីការរៀបចំនូវរចនាសម្ព័ន្ធដ៏រឹងមាំមួយ ដែលមានបទដ្ឋានគតិយុត្តិ ក៏ដូចជាយន្តការទ្រទ្រង់ ដើម្បីធានានូវនិរន្តភាព និងប្រសិទ្ធិភាពនៃដំណើរការនៃសមាគម។ ខ្ញុំសូមកោតសរសើរគំនិតផ្តួចផ្តើមទាំងឡាយ…