បាឋកថាពិសេស សម្ដេចតេជោ ហ៊ុន សែន ស្ដីពី «បទពិសោធរបស់ប្រទេសកម្ពុជា ក្នុងការរំដោះជាតិ ការកសាងសន្តិភាព ការផ្សះផ្សា និងការកសាងជាតិឡើងវិញ»

បណ្ឌិត វ៉ាន់ ហា រូ​ (Van Ha Ryu) សាកលវិទ្យាធិការនៃ​សាកលវិទ្យាល័យ ដុងហ្គុក វ៉ាយស៍គណៈគ្រប់គ្រងសាកលវិទ្យាល័យ សាស្រ្តាចារ្យ និងនិស្សិតឯកឧត្តម លោកជំទាវ ភ្ញៀវកិត្តិយស លោក លោកស្រី ជាទីមេត្រី! ជាបឋម ខ្ញុំ​សូមអរគុណសាជាថ្មីដល់ សាកលវិទ្យាល័យ ដុងហ្គុក វ៉ាយស៍ ដែល​បានផ្តល់​ សញ្ញាបត្របណ្ឌិតកិត្តិយសលើ​ផ្នែក «ភាពជាអ្នក​ដឹកនាំ និងការកសាងសន្តិភាព» ដល់រូបខ្ញុំ។ ជាមួយនឹងកិត្តិយសដ៏ថ្លៃថ្លានេះ ខ្ញុំ​ក៏សូមចែករំលែកនូវបទបាឋកថារបស់ខ្ញុំ​ ស្តីពី​​ «បទពិសោធរបស់ប្រទេសកម្ពុជា ក្នុងការរំដោះជាតិ ការកសាងសន្តិភាព ការផ្សះផ្សា និងការកសាងជាតិ​ឡើងវិញ» ដែលខ្ញុំ​អាចនិយាយបានថា ប្រធានបទនេះពិតជាទាក់ទងនឹង​បេសកកម្ម​ស្ទើរតែពេញ​មួយជីវិតរបស់ខ្ញុំ​ ដែល​បាន​ដឹកនាំ​ប្រទេសកម្ពុជា ក្នុងនាមជានាយករដ្ឋមន្ត្រីរយៈពេល ៣៨ ឆ្នាំ។ នេះក៏ជាសេចក្តីប្រាថ្នារបស់ខ្ញុំ​ដែរ នៅក្នុងការចែករំលែក​បទពិសោធគ្រប់គ្រងប្រទេសកម្ពុជា ដល់សាធារណមតិ​ជាតិ និងអន្តរជាតិ បន្ទាប់ពីខ្ញុំ​បានសម្រេចចិត្ត​ដាក់អម្រែកនៃភារកិច្ច​ជា​ប្រមុខរាជរដ្ឋាភិបាល ដើម្បីឱ្យ​អ្នក​បន្តវេនជំនាន់ក្រោយទទួលបន្ត។ [ផ្ដើមសេចក្ដីអធិប្បាយ១] ការសម្រេចចិត្តក្នុងការផ្ទេរការគ្រប់គ្រងអំណាចទៅកាន់អ្នកជំនាន់ក្រោយអាចចាត់ទុកថាជាបទពិសោធថ្មីមួយទៀតរបស់កម្ពុជា ដែលនោះឆ្លើយតបទៅនឹងសំណួរថា តើក្រោយ ហ៊ុន សែន ជានរណា? ត្រូវបានដោះស្រាយរួចរាល់ជាងមួយឆ្នាំរួចមកហើយ។…

សេចក្តីថ្លែងការណ៍និងសន្និសីទសារព័ត៌មាន របស់ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសចុះកិច្ចព្រមព្រៀងចងសម្ព័ន្ធភាពរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សនយោបាយចំនួន ២៧ ផ្សេងទៀត

សម្ដេចអនុប្រធានទាំងបួន!ឯកឧត្តម លោកជំទាវ ជាប្រធានគណបក្ស និងថ្នាក់ដឹកនាំនៃគណបក្សនយោបាយទាំងអស់ដែលបានអញ្ជើញចូលរួមនៅថ្ងៃនេះ ជាដំបូង ខ្ញុំសូមសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ នៃបណ្ដាគណបក្សនយោបាយទាំងអស់ដែលបានស្ម័គ្រចិត្តចូលរួមក្នុងកិច្ចសហប្រតិបត្ដិការ និងចងសម្ព័ន្ធភាព និងចុះហត្ថលេខានៅថ្ងៃនេះ។ ក្នុងឋានៈជាម្ចាស់ផ្ទះ ខ្ញុំមានការរីករាយ ដែលឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំនៃបណ្ដាគណបក្ស អញ្ជើញមកទីស្នាក់ការកណ្ដាលរបស់គណបក្សប្រជាជនកម្ពុជានៅថ្ងៃនេះ។ យើងទាំងអស់គ្នាបានដឹងអំពីប្រវត្ដិនៃការចាប់ផ្ដើមរបស់យើងមាន ១៨ គណបក្សនយោបាយ ដែលមានសំណូមពរសុំជួបខ្ញុំនិងចងសម្ព័ន្ធភាព។ ផ្ដើមចេញពីគំនិតផ្ដួចផ្ដើមរបស់ ១៨គណបក្សនយោបាយនេះ ខ្ញុំក៏បានជំរាបជូនទៅគណបក្សដទៃទៀត (ធ្វើអោយ)ចំនួន បានឡើងដល់ ២៨គណបក្សនយោបាយ ដែលនឹងធ្វើកិច្ចសហប្រតិបត្ដិការចងសម្ព័ន្ធភាពជាមួយគ្នានៅថ្ងៃនេះ។ ដើម្បីងាយយល់និងបង្ហាញជូនជនរួមជាតិឲ្យបានជ្រាប ខ្ញុំគួរតែអាននូវខ្លឹមសារនៃកិច្ចព្រមព្រៀងសហប្រ​តិបត្ដិការ និងសម្ព័ន្ធភាពនៃបណ្ដាបក្សនយោបាយនៅកម្ពុជា ហើយខ្ញុំគួរតែបកស្រាយលើចំណុចមួយចំនួន។ ខ្ញុំសូមអានទាំងស្រុងនៃកិច្ចព្រមព្រៀងនេះ។ (ក) ខ្លឹមសារនៃកិច្ចព្រមព្រៀងសហប្រតិបត្ដិការនិងចងសម្ព័ន្ធភាព រវាងគណបក្សនយោបាយ កិច្ចព្រមព្រៀងសហប្រតិបត្ដិការនិងសម្ព័ន្ធភាពរវាងបណ្ដាគណបក្សនយោបាយនៅកម្ពុជា ដើម្បីជំរុញការអនុវត្ដនយោបាយបង្រួបបង្រួមជាតិឲ្យបានកាន់តែរឹងមាំ ដើម្បីប្រមូលកំលាំងស្នេហាជាតិចូលរួមថែរក្សាសន្ដិភាព ស្ថិរភាពនយោបាយសំដៅធានាឲ្យភាពសុខសាន្ដ និងការអភិវឌ្ឍប្រទេសរយៈពេលយូរអង្វែង គណបក្សចំនួន ២៨  (ដែលខ្ញុំមិនអានឡើងវិញនូវឈ្មោះទាំង ២៨គណបក្ស ដែលគណៈចាត់តាំងកម្មវិធីបានឧទ្ទេសនាមនោះទេ) បានសម្រេចចងសម្ព័ន្ធភាពជាមួយគ្នា និងបានព្រមព្រៀងគ្នាដូចតទៅនេះ៖ ១. ពង្រឹងកិច្ចសហប្រតិបត្ដិការល្អជាមួយគ្នាដោយស្មើភាព ស្មើសិទ្ធិ គោរពនូវឯករាជ្យភាព និងស្វ័យភាពរបស់គណបក្សនិមួយៗដើម្បីផលប្រយោជន៍ជាតិនិងប្រជាជន។ ២.…

សេចក្តីដកស្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន សំណេះសំណាលនិងពិសារអាហារសាមគ្គីជាមួយក្រុមអ្នកសារព័ត៌មាន ដែលធ្លាប់តាមយកព័ត៌មានផ្ទាល់ ក្នុងកម្មវិធីនានាគ្រាកន្លងទៅ

ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី នាងកញ្ញា ថ្ងៃនេះ យើងមិនមានប្រធានបទអីធំដុំទេ ប៉ុន្ដែមាន​ជំនួបមួយជាការការដឹងគុណរបស់ខ្ញុំសំរាប់អ្នកសារព័ត៌មានទាំងឡាយ ដែលបានធ្វើកិច្ចការផ្ទាល់ជាមួយ​នឹងសកម្ម​ភាពរបស់ខ្ញុំ។ ពិតមែនហើយ ប្រសិនបើយើងគិតពីចំ​នួនអ្នកដែលធ្វើកិច្ចការសារព័ត៌មាននោះ មានចំនួនច្រើន ​ប៉ុន្ដែអ្ន​កដែលធ្វើតាមដានកិច្ចការផ្ទាល់តែម្ដង គឺមានមិនច្រើនប៉ុន្មានទេ។ ក្នុងនេះ យើងអញ្ជើញមកតែអ្នកដែល​ពាក់ព័ន្ធផ្ទាល់នឹងសកម្មភាពរបស់ខ្ញុំ ដែលមិនមែនគ្រាន់តែជាអ្នកសារព័ត៌មានទេ សូម្បីតែអ្នកបើករថយន្ដឲ្យ​អ្នក​សារព័ត៌មានក៏បានអញ្ជើញមកទទួលការជួបជុំ(ដើម្បី)សំដែងនូវការដឹងគុណ ក៏ដូចជា(ទទួលទាន)អាហារសាមគ្គី ដែល​ល្ងាចនេះនឹងមានភ្លេងកំដរផងដែរ។ វាទាស់ត្រង់គេឲ្យខ្ញុំអង្គុយបែរមុខទៅខាងនោះ។ ដល់ពេលភ្លេង(លេង) ត្រូវយកកៅអី​ទៅដាក់ខាងនោះវិញ។ ត្រៀមកៅអីដាក់ឲ្យហើយទៅព្រោះអង្គុយបែរខ្នងដាក់ភ្លេងយ៉ាងម៉េច។ ខ្ញុំមានការរីករាយដោយអ្នកទាំងអស់គ្នាបានចូលរួមចំណែកក្នុងរយៈពេលកន្លងទៅនៅក្នុងវិស័យសារព័ត៌មានទាក់ទិននឹងសកម្មភាពរបស់ខ្ញុំ។ អ្នកទាំងអស់គ្នាអាចចោទសួរថា ចុះបើនៅសុខភាពរបៀបនេះ ហេតុអ្វីក៏ត្រូវចាកចេញពីតំណែងលឿនម្ល៉េះ? មានសារបញ្ជូនមកខ្ញុំថា “ឃើញរូបនៅសង្ហា។ ស្ដាយណាស់ ដែលចាកចេញលឿនពេក”។ ខ្ញុំបង្ហោះរូបម្ដងៗ តែងមានការលើកឡើងថានៅសង្ហា។ រឿងនេះគួរនិយាយបន្ដិចថា កូនស្រីពៅរបស់ខ្ញុំនៅក្នុងគ្រុបបានថតរូប ម៉ាណែត ហើយគេនិយាយទៅកាន់បង​ថ្លៃ​របស់គេថា “បងមុន្នី ថតមុខបង ណែត ទុកឲ្យហើយ កត់ថ្ងៃខែឲ្យច្បាស់។ ឆ្នាំក្រោយសូមពិនិត្យមើលថាមុខនឹងមានផ្នត់​ប៉ុន្មានផ្នត់?” (ជាការ)សំដៅថា ពេលធ្វើនាយករដ្ឋមន្ដ្រីគឺច្បាស់ជានឹងឆាប់ចាស់។ ប៉ុន្ដែខ្ញុំបែរជាគេថាមិនទាន់ចាស់​។ យើងមិនត្រូវគិតគូរផលប្រយោជន៍រយៈពេលខ្លី បោះបង់ចោលការគិត​គូរផលប្រយោជន៍​រយៈពេលវែងនោះទេ។​ខ្ញុំអាចធ្វើនាយករដ្ឋមន្ដ្រីបាន ៥ ទៅ ១០ ឆ្នាំ ទៀត វាមិនជាការលំបាកទេ…