សម្ដេចអនុប្រធានទាំងបួន!
ឯកឧត្តម លោកជំទាវ ជាប្រធានគណបក្ស និងថ្នាក់ដឹកនាំ
នៃគណបក្សនយោបាយទាំងអស់ដែលបានអញ្ជើញចូលរួមនៅថ្ងៃនេះ
ជាដំបូង ខ្ញុំសូមសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ នៃបណ្ដាគណបក្សនយោបាយទាំងអស់ដែលបានស្ម័គ្រចិត្តចូលរួមក្នុងកិច្ចសហប្រតិបត្ដិការ និងចងសម្ព័ន្ធភាព និងចុះហត្ថលេខានៅថ្ងៃនេះ។
ក្នុងឋានៈជាម្ចាស់ផ្ទះ ខ្ញុំមានការរីករាយ ដែលឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំនៃបណ្ដាគណបក្ស អញ្ជើញមកទីស្នាក់ការកណ្ដាលរបស់គណបក្សប្រជាជនកម្ពុជានៅថ្ងៃនេះ។ យើងទាំងអស់គ្នាបានដឹងអំពីប្រវត្ដិនៃការចាប់ផ្ដើមរបស់យើងមាន ១៨ គណបក្សនយោបាយ ដែលមានសំណូមពរសុំជួបខ្ញុំនិងចងសម្ព័ន្ធភាព។ ផ្ដើមចេញពីគំនិតផ្ដួចផ្ដើមរបស់ ១៨គណបក្សនយោបាយនេះ ខ្ញុំក៏បានជំរាបជូនទៅគណបក្សដទៃទៀត (ធ្វើអោយ)ចំនួន បានឡើងដល់ ២៨គណបក្សនយោបាយ ដែលនឹងធ្វើកិច្ចសហប្រតិបត្ដិការចងសម្ព័ន្ធភាពជាមួយគ្នានៅថ្ងៃនេះ។ ដើម្បីងាយយល់និងបង្ហាញជូនជនរួមជាតិឲ្យបានជ្រាប ខ្ញុំគួរតែអាននូវខ្លឹមសារនៃកិច្ចព្រមព្រៀងសហប្រតិបត្ដិការ និងសម្ព័ន្ធភាពនៃបណ្ដាបក្សនយោបាយនៅកម្ពុជា ហើយខ្ញុំគួរតែបកស្រាយលើចំណុចមួយចំនួន។ ខ្ញុំសូមអានទាំងស្រុងនៃកិច្ចព្រមព្រៀងនេះ។
(ក) ខ្លឹមសារនៃកិច្ចព្រមព្រៀងសហប្រតិបត្ដិការ
និងចងសម្ព័ន្ធភាព រវាងគណបក្សនយោបាយ
កិច្ចព្រមព្រៀងសហប្រតិបត្ដិការនិងសម្ព័ន្ធភាពរវាងបណ្ដាគណបក្សនយោបាយនៅកម្ពុជា ដើម្បីជំរុញការអនុវត្ដនយោបាយបង្រួបបង្រួមជាតិឲ្យបានកាន់តែរឹងមាំ ដើម្បីប្រមូលកំលាំងស្នេហាជាតិចូលរួមថែរក្សាសន្ដិភាព ស្ថិរភាពនយោបាយសំដៅធានាឲ្យភាពសុខសាន្ដ និងការអភិវឌ្ឍប្រទេសរយៈពេលយូរអង្វែង គណបក្សចំនួន ២៨ (ដែលខ្ញុំមិនអានឡើងវិញនូវឈ្មោះទាំង ២៨គណបក្ស ដែលគណៈចាត់តាំងកម្មវិធីបានឧទ្ទេសនាមនោះទេ) បានសម្រេចចងសម្ព័ន្ធភាពជាមួយគ្នា និងបានព្រមព្រៀងគ្នាដូចតទៅនេះ៖
១. ពង្រឹងកិច្ចសហប្រតិបត្ដិការល្អជាមួយគ្នាដោយស្មើភាព ស្មើសិទ្ធិ គោរពនូវឯករាជ្យភាព និងស្វ័យភាពរបស់គណបក្សនិមួយៗដើម្បីផលប្រយោជន៍ជាតិនិងប្រជាជន។
២. បេ្ដជ្ញាគោរពប្រតិបត្ដិ ការពារ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ការពាររបបរាជានិយម អាស្រ័យរដ្ឋធម្មនុញ្ញ លើកកម្ពស់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ធានាសិទ្ធិមនុស្ស ការគោរពច្បាប់ និងយុត្ដិធម៌សង្គម ពង្រឹងធ្លុងសាមគ្គីជាតិ ដើម្បីកសាងប្រទេសកម្ពុជាមួយឯករាជ្យ សន្ដិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត្យ និងវឌ្ឍនភាពសង្គម ស្របតាមបាវចនាជាតិ ជាតិ សាសនា ព្រះមហាក្សត្រ។
៣. បេ្ដជ្ញាការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ឲ្យបានគង់វង្ស ថែរក្សាសន្ដិភាព ស្ថេរភាពនយោបាយ និងសន្ដិសុខសណ្ដាប់ធ្នាប់សង្គម ដើម្បីធានាដំណើរការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ដោយចីរភាព និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនគ្រប់រូបប្រកបដោយភាពសុខដុមរមនាក្នុងសង្គម។
៤. រួមសហការគ្នាទប់ស្កាត់ និងកំចាត់ចោលនូវនយោបាយជ្រុលនិយមចេញផុតពីព្រះរាជាណាចក្រកម្ពុជា។ ប្រឆាំងដាច់ខាតចំពោះឧបាយកល និងសកម្មភាពរបស់មជ្ឈដ្ឋានណាក៏ដោយដែលព្យាយាមបំផ្លាញឯកភាពជាតិ បង្កអស្ថិរភាពក្នុងសង្គម បំផ្លាញលទ្ធិប្រជាធិបតេយ្យ ប៉ុនប៉ងធ្វើឲ្យមានការផ្លាស់ប្ដូរណាមួយដែលផ្ទុយពីរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន។
៥. សហប្រតិបត្ដិការល្អជាមួយគ្នា ដើម្បីធ្វើឲ្យដំណើរការបោះឆ្នោតតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ទាំងសកល និងអសកល បានប្រព្រឹត្ដទៅត្រឹមត្រូវទៀតទាត់ តាមការកំណត់នៃរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមានប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវយុត្ដិធម៌ និងមានសុវត្ថិភាព។
៦. គោរពអនុវត្ដដោយស្មោះត្រង់យកផលប្រយោជន៍ជាតិជាធំ នៅលើគោលការណ៍សម្ព័ន្ធភាព និងកិច្ចសហប្រតិបត្ដិការជួយគាំទ្រគ្នា មិនធ្វើការប្រឆាំងគ្នាដោយប្រការណាមួយ រួមទាំងការមិនធ្វើការឃោសនាប្រឆាំងគ្នាពេលយុទ្ធនាបោះឆ្នោត និងមិនធ្វើសម័្ពន្ធភាពជាមួយគណបក្សនយោបាយ ឬក្រុមនយោបាយណាដែលប្រឆាំងចំពោះដៃគូក្នុងសម្ព័ន្ធភាពរបស់ខ្លួន។
៧. កសាង ពង្រឹងទំនាក់ទំនងសហប្រតិបត្ដិការ ដើម្បីអនុវត្ដឲ្យបានលទ្ធផលល្អតាមខ្លឹមសារនៃកិច្ចព្រមព្រៀងនេះ ក្នុងករណីមានបញ្ហាចោទឡើង ត្រូវចាត់តាំងតំណាងឲ្យជួបពិភាក្សារួមគ្នាដោះស្រាយបញ្ហាដោយសន្ដិវិធី។
៨. បើកទូលាយសំរាប់គណបក្សនយោបាយស្របច្បាប់ផ្សេងទៀត ដែលគាំទ្រ និងមានបំណងចង់ចូលរួមសហប្រតិបត្ដិការ និងសម្ព័ន្ធភាពរវាងបណ្ដាគណបក្សនយោបាយនៅកម្ពុជាតាមស្មារតីនៃកិច្ចព្រមព្រៀងនេះ។កិច្ចព្រម ព្រៀងនេះមានអានុភាពអនុវត្ដចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។
(១) គណបក្សក្នុងសម្ព័ន្ធភាពមិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់បក្សណាមួយ និងជាដៃគូស្មើភាព ស្មើសិទ្ធិជាមួយគ្នា
(ខាងលើ)នេះ ជាខ្លឹមសារដែលបានឯកភាពរវាងបណ្ដាគណបក្សនយោបាយរួចហើយ។ ខ្ញុំសូមយកឱកាសនេះ ថ្លែងនូវការកោតសរសើរចំពោះក្រុមការងារនៃបណ្ដាគណបក្សទាំង ២៨ ដែលបានចូលរួមក្នុងការតាក់តែងនូវពង្រាងកិច្ចសហប្រតិបត្ដិការ និងចងសម្ព័ន្ធភាព ដែលយើងនឹងចុះហត្ថលេខានៅពេលបន្ដិចទៀតនេះ។
ខ្ញុំគួរតែបញ្ជាក់អំពីចំណុចខ្លះ។ ដំបូង ខ្ញុំគួរតែបញ្ជាក់ទៅលើចំណុចទី១ (អំពី)ការចងសម្ព័ន្ធភាពនេះ … ថាគណបក្សទាំងអស់មិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់បក្សណាមួយទេ។ អ្នកទាំងអស់គ្នាគឺជាដៃគូស្មើភាព ស្មើសិទ្ធិជាមួយគ្នា។ គណបក្សទាំងអស់មិនមែនចំណុះគណបក្សប្រជាជនទេ។ យើងស្ម័គ្រចិត្តដើម្បីធ្វើកិច្ចសហប្រតិបត្ដិការជាមួយគ្នា។ ទោះបីថាគណបក្សប្រជាជនកំពុងកាន់អំណាច មានធនធានមនុស្ស ធនធានហិរញ្ញវត្ថុច្រើនលើសលប់ បើប្រៀបធៀបជាមួយគណបក្សផ្សេង ក៏ប៉ុន្ដែយើងអត់បានចាត់ទុកគណបក្សទាំងអស់ថាជាគណបក្សដែលតូចតាចនោះទេ។ ដែលហៅថាគណបក្សនយោបាយស្របច្បាប់ គឺមានសិទ្ធិដូចគ្នា។ កាលពីពេលមុនខ្ញុំបានកំណត់(រូបមន្តនៃការចូឡរួម)ថា ១ បូក ២។ ប៉ុន្ដែ ដោយសារថ្ងៃនេះ គណបក្សប្រជាជនធ្វើជាម្ចាស់ផ្ទះ ខ្ញុំបានអញ្ជើញអនុប្រធានគណបក្សទាំង ៤ រូប ចូលរួម។ មិនមែនបានសេចក្ដីថា គណបក្សប្រជាជនចូលរួមមនុស្សច្រើនជាងនោះទេ។ ក្នុងឋានៈជាម្ចាស់ផ្ទះ យើងស្វាគមន៍ចំពោះភ្ញៀវ។ យើងសង្ឃឹមថាគណបក្សទាំងអស់យោគយល់អំពីការចូលរួមដែលមានចំនួនច្រើនជាងគណបក្សដទៃ។
(២) គណបក្សប្រជាជនមិនចាត់ទុកគណបក្សដទៃ ទោះបីមានទំរង់/ធនធានបែបណា ជាបក្សមិនស្មើភាពក្នុងភាពជាដៃគូរបស់ខ្លួនទេ
ខ្លឹមសារនៅទីនេះ ខ្ញុំចង់បញ្ជាក់ឡើងវិញថា គណបក្សទាំងអស់នៅតែមានស្វ័យភាពនិងមានសិទ្ធិគ្រប់គ្រាន់ក្នុងការដាក់ចេញនូវទិសដៅនយោបាយស្របនឹងគោលការណ៍ទាំងឡាយ ដែលយើងបានឯកភាពគ្នានៅទីនេះ។ អ្នកទាំងអស់គ្នានឹងទទួលនូវការវាយប្រហារភ្លាមៗ ចាប់ពីពេលនេះទៅ ថាជាអាយ៉ងរបស់គណបក្សប្រជាជន … ឥលូវនេះ(ការប្រើ)ពាក្យថាអាយ៉ងបរទេស ឬអាយ៉ងគណបក្សប្រជាជន វាក្លាយទៅជាទំលាប់នៃក្រុមប្រឆាំង។ កាលណា (អ្នកណា)គាំទ្រខ្លួន ថ្ងៃនឹងម៉ោងនឹង (ខ្លួនថាអ្នកហ្នឹង)ល្អ ប៉ុន្ដែ ១ម៉ោងក្រោយ (អ្នកណា)មិនគាំទ្រខ្លួន (អ្នកហ្នឹង)ក្លាយទៅជាមនុស្សផ្សេងទៅ។ នេះជាការខ្វះការគោរពដល់សេរីភាពរបស់បុគ្គល ឬគណបក្សនយោបាយ។ គណបក្សប្រជាជនទោះបីជាខ្លួនមានធនធានមនុស្សច្រើន ហិរញ្ញវត្ថុរបស់ខ្លួនក៏មានច្រើន ប៉ុន្ដែគណបក្សប្រជានមិនបានមើលងាយគណបក្សដទៃ ទោះបីមានទំរង់បែបណា មានធនធានបែបណា (ថា)ជាប្រភេទគណបក្សមិនស្មើភាពជាដៃគូរបស់ខ្លួននោះទេ …។
(៣) អ្នកមិនដឹងពីប្រវត្ដិ បែរជាធ្វើជាអ្នកជំនាញបកស្រាយពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស
ចំពោះចំណុចទី២ ការប្ដេជ្ញាប្រតិបត្ដិរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ការពាររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ លើកកំពស់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ធានាការគោរពច្បាប់និងយុត្ដិធម៌សង្គម ពង្រឹងធ្លុងសាមគ្គីភាពនិងឯករាជ្យ និងកសាងប្រទេសកម្ពុជាមួយឯករាជ្យ សន្ដិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត្យ និងវឌ្ឍនភាព ស្របតាមបាវចនាជាតិ ជាតិ សាសនា ព្រះមហាក្សត្រ។ ចំណុចនេះយើងត្រូវដឹងថាអ្វីដែលយើងចង់ដាក់គឺគ្របដណ្ដប់លើទិដ្ឋភាពទាំងឡាយដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ។ សំរាប់គណបក្សដល់ទៅ ២៨ យើងពិតជាមិនល្ងង់ទេអំពីអ្វីទៅដែលហៅថារដ្ឋធម្មនុញ្ញ។ អ្វីដែលគួរឲ្យចង់សើច ហើយមិនមែនជាការចំអកនោះទេ នៅថ្ងៃទី ២២ និង២៣ (តុលា)កន្លងទៅ មានខួបលើកទី៣២ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ ខ្ញុំមិនយល់នូវអ្វីដែលជាការបកស្រាយរបស់មនុស្សខ្លះអំពីកិច្ចព្រមព្រៀងប៉ារីសនោះឡើយ។ (សំរាប់អ្នកទាំងនោះ) សូម្បីថាអ្វីដែលជាប្រវត្ដិកិច្ចព្រមព្រៀងទីក្រុងប៉ារីសចេញពីទីណាក៏គេមិនដឹងផង ប៉ុន្ដែគេបែរជាធ្វើជាអ្នកជំនាញ ទៅលើការបកស្រាយនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស។
(៤) ធាតុនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសត្រូវបានប្រមូលផ្ដុំទៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
នៅក្នុងបន្ទប់នេះ ហោចណាស់ក៏មានមនុស្សពីរនាក់គឺខ្ញុំនិងសម្ដេចពិជ័យសេនា ទៀ បាញ់ ដែលជាហត្ថលេខីនៃកិច្ចព្រមព្រៀងប៉ារីស ហើយមិនមែនគ្រាន់តែទៅចុះហត្ថលេខាទេ យើងបានចាប់ផ្ដើមធ្វើការចរចាតាំងពីជាមួយសម្ដេចព្រះនរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ បង្កើតបាននូវស្ថានភាពបណ្ដើរៗ រវាងភាគីខ្មែរ និងដៃគូបរទេសដែលជួយជ្រោមជ្រែង ដែលក្នុងនោះមានប្រទេសធំទាំង ៥ផងដែរ។ ប៉ុន្ដែគេបានការបកស្រាយបំពានទៅលើទិដ្ឋភាពជាក់ស្ដែងនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ អ្វីដែលយើងចង់សង្កត់ធ្ងន់ ពេលនេះមិនមែនជាពេលវេលានៃការអនុវត្ដកិច្ចព្រមព្រៀងប៉ារីសទេ។ ពេលនេះ ជាពេលវេលាដែលត្រូវប្រតិបត្ដិតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ព្រោះធាតុទាំងអស់(នៃកិច្ចព្រមព្រៀង)ត្រូវបានប្រមូលផ្ដុំទៅក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជារួចស្រេចទៅហើយ។ យើងចោទចេញជាសំណួរថា តើឥលូវនេះ ត្រូវរៀបចំឲ្យមានភាគី ៤ ឡើងវិញឬទេ? តើយើងកាត់ទោសខ្មែរក្រហមវាស្របនឹងកិច្ចព្រមព្រៀងប៉ារីសឬទេ? តើទទួលយកលទ្ធផលនៃការកាត់ទោសខ្មែរក្រហមឬអត់? … ខ្ញុំមិនមើលស្រាលអ្នកណាទេ ប៉ុន្ដែអ្វីដែលខ្ញុំចង់បានគឺការគោរពសច្ចភាពនៃប្រវត្ដិសាស្ដ្រដែលបានឆ្លងកាត់។ ជនបរទេសមួយចំនួនក៏ធ្វើការបកស្រាយមិនបានត្រឹមត្រូវ។ ពេលនេះម៉ោងនេះ ប្រទេសកម្ពុជាគោរពតែរដ្ឋធម្មនុញ្ញតែប៉ុណ្ណោះ។ ស្មារតីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសក៏គោរពហើយ ប៉ុន្ដែវាបានចូលទៅក្នុងរដ្ឋធម្មនុញ្ញនិងបណ្ដាច្បាប់របស់កម្ពុជារួចទៅហើយ។
(៥) បើគ្មានការព្រមព្រៀងពីទីក្រុងភ្នំពេញ តើកិច្ចព្រមព្រៀងប៉ារីសចេញរួចទេ?
យើងមិនបានភ្លេច ហើយ(តើ)អ្នកណាដែលចង់បំភ្លេចនូវរបស់ដែលខ្លួនធ្វើ? ខ្លួនខ្ញុំ ជាមួយព្រះករុណាបិតាជាតួអង្គពីរដ៏សំខាន់ ដែលនាំមកនូវកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ បើពេលនោះគ្មានការព្រមព្រៀងពីទីក្រុងភ្នំពេញ ជាពិសេសពីខ្លួនខ្ញុំតែម្តង តើកិច្ចព្រមព្រៀងប៉ារីសចេញរួចទេ? សូមសម្លឹងមើលទៅប្រទេសម៉ាលី។ មានកិច្ចព្រមព្រៀង មានប្រតិបត្តិការក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ប៉ុន្តែឥឡូវអាជ្ញាធរម៉ាលីតម្រូវឲ្យអង្គការសហប្រជាជាតិចាកចេញ។ កងទ័ពកម្ពុជានៅប្រទេសម៉ាលីរយៈពេលប៉ុន្មានឆ្នាំ(មកនេះ) ក៏ត្រូវដកថយដែរ។ ប្រទេសអង់ហ្គូឡា ក៏មានប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ ឥឡូវនេះ អង់ហ្គូឡាមិនទាន់មានការ(សូមអោយ)ដកកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិចេញនៅឡើយទេ។ ចំណុចនេះហើយ ដែលខ្ញុំចង់បញ្ជាក់ថា អ្នកយកកិច្ចព្រមព្រៀងប៉ារីសមកសង្កត់លើរដ្ឋធម្មនុញ្ញកម្ពុជាមិនបានទេ។ ត្រូវសិក្សាពីកិច្ចព្រមព្រៀងប៉ារីសឲ្យបានច្បាស់។ ដំណាក់កាលអន្តរកាលគឺចាប់ផ្តើមពីពេលណា? ហើយត្រូវបញ្ចប់នៅពេលណា? ហេតុអ្វីបានអ៊ុនតាក់ត្រូវដកថយ? កិច្ចព្រមព្រៀងក្រុងប៉ារីសតម្រូវ(អោយរៀបចំជា)សភាធម្មនុញ្ញ (ដែលបន្ទាប់ទៅ)បង្កើតជាសភាជាតិ បង្កើតរដ្ឋាភិបាល។ ប្រតិបត្តិការអង្គការសហប្រជាជាតិត្រូវបានបញ្ចប់ត្រឹមពេលនោះ។
(៦) របបរាជានិយមអាស្រ័យធម្មនុញ្ញជាការជ្រើសរើសរបស់កម្ពុជា មិនមានចែងក្នុងកិច្ចព្រមព្រៀងប៉ារីសទេ
ហេតុអ្វីបានជា ៣២ ឆ្នាំក្រោយទាមទារឲ្យអនុវត្តកិច្ចព្រមព្រៀងប៉ារីស(ម្តងទៀត?)។ អញ្ចឹងត្រូវទៅរៀបចំឲ្យមានតំបន់ត្រួតត្រា៤ រៀបចំក្រុមប្រដាប់អាវុធ៤ ឡើងវិញឬយ៉ាងណា? ការកាត់ទោសខ្មែរក្រហម ការបំបាត់ចោលអង្គការចាត់តាំងនយោបាយ យោធារបស់ខ្មែរក្រហមគ្មានចែងក្នុងកិច្ចព្រមព្រៀងប៉ារីសទេ។ របបប្រជាធិបតេយ្យ របបរាជានិយមអាស្រ័យធម្មនុញ្ញក៏អត់មានចែងក្នុងកិច្ចព្រមព្រៀងប៉ារីសដែរ។ អញ្ចឹងតើខុសទេ? ពង្រៀងរដ្ឋធម្មនុញ្ញដែលយកទៅទីក្រុងព្យុងយ៉ាង្គ មាន២ ដែលមួយជាពង្រៀងបែបសាធារណៈរដ្ឋ និងពង្រៀងមួយទៀត(ត្រូវបាន)ព្រៀងដោយពួកខ្ញុំ ដែលព្រះករុណាព្រះអង្គ(បានថ្លែងនៅក្នុង)ព្រះរាជសុន្ទរកថា នៅទិវា “៣០ឆ្នាំនៃរដ្ឋធម្មនុញ្ញរបស់កម្ពុជា”កាលពីប៉ុន្មានថ្ងៃមុននេះ។ នេះជាចំណុចដែលយើងត្រូវឃើញ។ គេនិយាយពីរបបប្រជាធិបតេយ្យសេរីពហុបក្សតែមិនបាននិយាយអំពីរបបសាធារណៈរដ្ឋ ឬរបបរាជានិយមទេ ប៉ុន្តែខ្មែរជ្រើសរើសដោយខ្លួនឯងបានបញ្ចូល ទៅក្នុងរដ្ឋធម្មនុញ្ញហើយ។
(៧) បក្សនយោបាយទាំង២៨ ត្រូវប្តេជ្ញាការពារឲ្យបានរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ
យើងត្រូវនិយាយអំពីការការពាររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ។ ហេតុអីបានយើងត្រូវនិយាយកន្លែងនេះ? ឯកឧត្តមលោកជំទាវច្បាស់ជាដឹងហើយ ពីរបីឆ្នាំនេះមានអ្នកហ៊ានទាមទារឲ្យព្រះមហាក្សត្រចុះចេញពីរាជបល្ល័ង្គ។ តើនោះជាអ្វី? ក្នុងរដ្ឋធម្មនុញ្ញរបស់យើងមានកថាខណ្ឌចែងថា របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញនិងរបបប្រជាធិបតេយ្យសេរីពហុបក្សមិនអាចកែប្រែបានឡើយ។ សូម្បីតែរដ្ឋសភា ទោះបីថាសម្លេងប៉ុន្មានក៏ដោយមិនអាចកែប្រែចំណុច២ នេះបានទេ។ ហេតុអីបានជាមានអ្នកទាមទារឲ្យព្រះមហាក្សត្រចុះចេញពីរាជបល្ល័ង្គ? យើងទាំងអស់គ្នាជាបក្សនយោបាយចំនួន ២៨ នៅទីនេះ ហើយនឹងអាចមានបក្សដទៃមកចូលរួមបន្ថែមទៀតត្រូវតែប្តេជ្ញាការពារឲ្យបាននូវរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ។ នេះជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា។ អ្នកដែលមិនគោរពចំណុចនេះគឺមិនគោរពនូវក្របខណ្ឌនៃរដ្ឋធម្មនុញ្ញ។ ការប្រមាថព្រះជេស្តាព្រះមហាក្សត្រ ការបំពានទៅលើព្រះមហាក្សត្រ ការទាមទារឲ្យព្រះមហាក្សត្រដាក់រាជចុះចេញពីរាជបល្ល័ង្គ ការជេរប្រមាថចំពោះព្រះមហាក្សត្រ គឺជាការបំពានដ៏ធ្ងន់ធ្ងរមួយដែលនៅក្នុងកិច្ចព្រមព្រៀង (ដែលចែង)ថាការពាររដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ការពាររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ។
(៨) ទាមទារចលនាជាតិការពាររបបរាជានិយមនៅកម្ពុជា
ក្នុងនោះក៏លើកនិយាយអំពីបញ្ហាទាក់ទងនឹងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ការពារសិទ្ធិមនុស្ស គោរពច្បាប់ផ្សេងៗ ប៉ុន្តែខ្ញុំចង់ច្បិចយកចំណុចសំខាន់ដើម្បីយើងទាំងអស់គ្នាប្តូរផ្តាច់រួមគ្នាការពារនូវរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ការពាររាជបល្ល័ង្គ ការពារព្រះមហាក្សត្រ។ អ្នកទាំងអស់គ្នាបានដឹងហើយ រឿងវាបានផ្លាស់ប្តូរនៅឆ្នាំ១៩៧០ ដែលរដ្ឋប្រហារមួយ បានប្រែក្លាយពីរបបរាជានិយមទៅជារបបសាធារណរដ្ឋ។ យើងបានប្រឹងប្រែងធ្វើឲ្យមានការវិលត្រឡប់នៃរបបរាជានិយម។ ឥឡូវយើងកំពុងមានសេចក្តីសុខហើយ ក៏ប៉ុន្តែមានក្រុមជ្រុលនិយមមួយក្រុមដែលកំពុងព្យាយាមបំផ្លាញរបបរាជានិយមនៅកម្ពុជា។ ការការពារបាន វាទាមទារឲ្យមានចលនាជាតិដើម្បីការពារ។ ដូច្នេះខ្ញុំពិតជាសប្បាយរីករាយដោយឃើញរហូតដល់ ២៨គណបក្សដែលបានចូលរួមជាមួយគ្នាការពារនូវរបបរាជានិយម។
(៩) កម្ពុជាជាមិនមែនជារបស់ដោយឡែករបស់គណបក្សណាមួយទេ តែជាទឹកដីរបស់ទាំងអស់គ្នា
ចំណុចទី៣ … ទាក់ទងជាមួយបញ្ហាការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី ដែលទាមទារឲ្យមានកម្លាំងទាំងអស់ការពារជាមួយគ្នា។ ទឹកដីនេះមិនមែនជាទឹកដីដាច់ដោយឡែករបស់គណបក្សណាមួយទេ មិនមែនជាទឹកដីរបស់គណបក្សប្រជាជនដែលកំពុងកាន់អំណាចទេ គឺជាទឹកដីរបស់ទាំងអស់គ្នា។ ដូច្នេះយើងត្រូវការពារ។ អ្វីដែលសំខាន់ថែមទៀត គឺការការពារសន្តិភាពនិងស្ថេរភាពនយោបាយ ព្រោះចំណោទនៅទីនេះ (គឺការប្រឈម)បំផ្លិចបំផ្លាញសន្តិភាព … (ដូចដែល)អស់លោកអ្នកពិតជាបានឃើញហើយថា ពេលមានសន្តិភាព គេមិនសូវគិតគូរពីសន្តិភាពទេ។ ពេលបាត់សន្តិភាពទើបគេនឹកឃើញដល់សន្តិភាព។ សង្រ្គាមរុស្ស៊ីអ៊ុយក្រែន សង្រ្គាមថ្មីៗដែលកំពុងកើតឡើងនៅតំបន់ហ្គាហ្សា រវាងអ៊ីស្រាអែលនិងហាម៉ាស (បានធ្វើអោយ)គេនឹកឃើញ អំពីសន្តិភាព។ ប្រទេសទាំងឡាយដែលកំពុងមានសង្រ្គាមកំពុងតែនឹកដល់ការស្វែងរកសន្តិភាពហើយ។
(១០) ចាប់តាំងពីថ្ងៃ ២៩ ខែធ្នូ ឆ្នាំ១៩៩៨ កម្ពុជាគ្មានព្រំដែនផ្ទៃក្នុងទេ
ក្នុងចំណុចនេះ យើងមិនត្រូវអត់អោនឲ្យអ្នកណាក៏ដោយ ក្រុមណាក៏ដោយ បក្សណាក៏ដោយ ដែលមានចេតនាបំផ្លាញសុខសន្តិភាពដែលយើងរកបានដោយលំបាក។ តើយើងស្លាប់អស់មនុស្សប៉ុន្មានទម្រាំយើងមានថ្ងៃនេះ។ ប្រទេសយើងសព្វថ្ងៃ បើទោះបីផ្លូវធ្វើដំណើរវានៅលំបាកខ្លះ ប៉ុន្តែបើប្រៀបធៀបកាលពីពេលមុនវាគ្រាន់បើជាងមុនហើយ។ អ្វីដែលសំខាន់ យើងគ្មានព្រំដែនផ្ទៃក្នុងទេ ចាប់តាំងពីថ្ងៃ ២៩ ខែធ្នូ ឆ្នាំ១៩៩៨។ ពីមុនប្រទេសកម្ពុជាមានព្រំដែនផ្ទៃក្នុងរហូត មិនតិចជាង២ ក្នុងពេលតែមួយ រហូតទៅដល់ចុងក្រោយនេះមាន៤ ព្រំដែនផ្ទៃក្នុង … ទម្រាំយើងដោះស្រាយបានឯកភាពទឹកដី ប្រទេសមួយតំបន់ត្រួតត្រាមួយ រដ្ឋធម្មនុញ្ញតែមួយ ព្រះមហាក្សត្រតែមួយ រាជរដ្ឋាភិបាលតែមួយ កម្លាំងប្រដាប់អាវុធតែមួយ រដ្ឋាភិបាលស៊ីវិលតែមួយ។ ពិតមែនតែយើងមានបក្សច្រើន ក៏ប៉ុន្តែយើងគ្មានជម្លោះប្រដាប់អាវុធទៀតទេ។ ដូច្នេះ អ្វីដែលយើងទាមទារពេលនេះ កម្លាំងជាតិ និងកម្លាំងបក្សនយោបាយទាំងអស់ ដែលចូលរួមនៅក្នុងកិច្ចព្រមព្រៀងនេះ ត្រូវរួមគ្នាការពារនូវសន្តិភាពនេះឲ្យខានតែបាន។
(១១) ប្រើពាក្យ “បំផ្លាញក្រៅប្រព័ន្ធ” ត្បិតទម្រង់នៃការផ្តួលរំលំវាមានច្រើនរូបភាព
ដោយសារតែម្តងហើយម្តងទៀតមានចលនា ៩ វិច្ឆិកា ដែលជាអំពើក្បត់ជាតិដ៏ធំនិងដែលយើងមិនអាចអត់ឱនបាន (ហើយ)តុលាការនៅតែបន្តកាត់ទោសក្រុមនេះ។ តើការបំផុសឲ្យមនុស្ស ឲ្យកងកម្លាំងប្រដាប់អាវុធផ្តួលរំលំរាជរដ្ឋាភិបាល ហើយឈានដល់ចាប់នាយករដ្ឋមន្រ្តី ជាសិទ្ធិបញ្ចេញមតិ ឬក៏ជាការប្រកាសសង្រ្គាម? ដូច្នេះបានជាយើងចង់ផ្ញើសារទៅកាន់បរទេសមួយចំនួនដែលខ្វះការយល់ដឹងអំពីសេរីភាពបញ្ចេញមតិ និងចលនានៃការផ្តួលរំលំក្រៅប្រព័ន្ធ។ សុំបញ្ជាក់ជូនបង ម៉ម សូណង់ដូ ដែលចង់ដាក់ពាក្យថា“រដ្ឋប្រហារ”។ យើងមិនចាំដាក់ពាក្យ “រដ្ឋប្រហារ” ទេ។ យើងប្រើពាក្យត្រឹមតែ “បំផ្លាញក្រៅប្រព័ន្ធ” វាគ្រប់គ្រាន់ហើយ។ បង ម៉ម សូណង់ដូ វាយមកឲ្យខ្ញុំដើម្បីនឹងបន្ថែមពាក្យ “រដ្ឋប្រហារ”។ យើងមិនចាំបាច់ដាក់ពាក្យរដ្ឋប្រហារទេ ព្រោះទម្រង់នៃការផ្តួលរំលំវាមានច្រើនជាងពាក្យរដ្ឋប្រហារ។
(១២) សម្ព័ន្ធភាពបក្សនយោបាយ សំដៅការពារសន្តិភាព ផ្តល់ឱកាសសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម
ឥឡូវវាមានចលនារដ្ឋប្រហារតាមកម្លាំងប្រដាប់អាវុធ តែក៏មានចលនាបែបបដិវត្តពណ៌។ សព្វថ្ងៃ នៅកម្ពុជានៅសេសសល់បដិវត្តពណ៌ដែលខ្ញុំជូនសារទៅប្រទេសមួយចំនួន អង្គការក្រៅរដ្ឋាភិបាលខ្លះដែលកំពុងជ្រកក្រោមម្លប់នៃចលនាបដិវត្តពណ៌ឲ្យឆាប់ដកខ្លួន។ យើងមិនធ្វើការអត់ឱនដល់ពួកអ្នកទេ ព្រោះសន្តិភាពស្វែងរកបានយ៉ាងលំបាក ឈាមនិងទឹកភ្នែករបស់ប្រជាជនកម្ពុជាច្រើនណាស់ដែលបានបាត់បង់ទៅ។ ដូច្នេះ យើងត្រូវរួមគ្នា … យើងមិនផ្តល់ឱកាសឲ្យអ្នកណាមួយធ្វើសកម្មភាពបំផ្លាញសន្តិភាពនេះទេ។ គណបក្សប្រជាជនតែឯងមិនគ្រប់គ្រាន់ទេ។ សម្ព័ន្ធភាពរបស់យើងនេះសំដៅការពារសន្តិភាពដែលយើងរកបានដោយលំបាក។ សន្តិភាពនោះហើយដែលផ្តល់ឱកាសសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ (កាលបើបាត់សន្តិភាព ដូចអ្វីដែលកើត)ឥឡូវនៅអ៊ុយក្រែន (តើអាច)ធ្វើអ្វីកើត? ប្រទេសដែលកំពុងមានសង្រ្គាម មានតែការបំផ្លាញតែប៉ុណ្ណោះ។
(១៣) អប់រំសមាជិក/ជិកាគណបក្ស កុំដើរតាមតម្រាប់នយោបាយជ្រុលនិយម
ចំណុចមួយទៀតគឺរួមគ្នាទប់ស្កាត់នយោបាយជ្រុលនិយម។ នយោបាយជ្រុលនិយមគឺវាគ្រោះថ្នាក់។ វាជាមូលហេតុនៃការបង្កើតសង្រ្គាម។ នយោបាយជ្រុលនិយម មិនថាឆ្វេងមិនថាស្តាំ សុទ្ធតែ(បង្ក)គ្រោះថ្នាក់ទាំងអស់។ មិនថាតែប្រទេសយើងទេ។ អ្នកដែលធ្លាប់រស់នៅប្រទេសបារាំងអាចដឹងហើយ។ ការបោះឆ្នោតចុងក្រោយរវាងបេក្ខជនទាំង២ គឺ Marine Le Pen និង Macron តើនៅប្រទេសបារាំងគេចាប់យកវិធានការអ្វីខ្លះ? គ្រប់បក្សនយោបាយទាំងអស់បានរួមគ្នាទប់ស្កាត់កុំឲ្យក្រុម Le Pen (អាច)ឡើង(កាន់អណាច) រហូតដល់ Macron បាននិយាយថា “ខ្ញុំយល់សន្លឹកឆ្នោតមួយចំនួនមិនមែនសន្លឹកឆ្នោតស្រលាញ់ Macron ទេ តែជាសន្លឹកឆ្នោតទប់ស្កាត់(ក្រុម)ជ្រុលនិយម(កុំអោយ)ឡើងកាន់អំណាច”។ នៅទីនេះ យើងក៏ត្រូវតែរួមគ្នាទប់ស្កាត់នូវចលនាជ្រុលនិយម។ អាចនឹងទប់ស្កាត់ចលនាជ្រុលនិយមធ្វើទៅបាន វាទាមទារឲ្យយើងអប់រំសមាជិក/ជិកាគណបក្សរបស់ខ្លួនកុំឲ្យដើរតាមតម្រាប់នៃនយោបាយជ្រុលនិយម ដែលបង្កនូវគ្រោះថ្នាក់សម្រាប់ជាតិនិងប្រជាជន។
(១៤) ទាំងអស់គ្នារាំងស្កាត់ភាពជ្រុលនិយម មិនថានិយមឆ្វេងឬក៏និយមស្តាំ
វាជាមូលហេតុសង្គ្រាមដ៏ពិតប្រាកដមួយ … យើងក៏ស្គាល់ដែរមុខអ្នកជ្រុលនិយមនៅកន្លែងណាខ្លះ។ ខ្ញុំគ្រាន់តែឃើញប៉ុណ្ណេះ។ យឺតពេលហើយ។ ប្រាសាទកោះកេរទើបតែដាក់ចូលក្នុងបិតិកភណ្ឌពិភពសម្បត្តិមនុស្សជាតិថ្មីៗ គណបក្សនយោបាយនៅទីនេះ ភាគច្រើនគឺប្រកាសគាំទ្រអបអរសាទរព្រោះជាសម្បត្តិរបស់ជាតិ ប៉ុន្តែគណបក្សនយោបាយមួយចំនួន សូម្បីតែសម្បត្តិវប្បធម៌របស់ជាតិខ្លួនអត់បានអបអរសាទរទេ ព្រោះគេខ្លាចថាបើអបអរសាទរវាជាគុណសម្បត្តិរបស់គណបក្សប្រជាជនដែលដឹកនាំដោយរាជរដ្ឋាភិបាល។ សួរថា(ការកាន់យកឥរិយាបថ)របៀបអញ្ចឹង វាជាប្រភេទអី? ភាពជ្រុលនិយមក្នុងគំនិតរបស់ពួកគេ នឹងបំផ្លាញជាតិសាសន៍របស់យើង … ដូចដែលខ្ញុំធ្លាប់ដាក់ទិសដៅថា ត្រូវកំចាត់ចោលអង្គការចាត់តាំងនយោបាយ និងយោធារបស់ពួកខ្មែរក្រហម (និងដែល)ខ្ញុំធ្វើបានសម្រេច ឥឡូវខ្ញុំចង់ប្រមូលអ្នកទាំងអស់គ្នា ធ្វើកិច្ចការមួយដែលមិនលំបាកទេ ហើយជាកិច្ចការដ៏ត្រឹមត្រូវបំផុត រាំងស្កាត់ភាពជ្រុលនិយម មិនថាជ្រុលនិយមឆ្វេងឬក៏ជ្រុលនិយមស្តាំទេ ហើយប្រកាន់យកការដើរផ្លូវកណ្តាល។
ប៉ុន្មានថ្ងៃនេះ បើតាមខ្ញុំដឹងរាជរដ្ឋាភិបាលកម្ពុជា ឬក៏គណបក្សប្រជាជនមានការលំបាកណាស់។ តើត្រូវគាំទ្រពួកហាម៉ាស ឬក៏ប្រឆាំងពួកហាម៉ាស? យើងគាំទ្របុព្វហេតុប៉ាឡេស្ទីន ក៏ប៉ុន្តែយើងពិតជាមិនគាំទ្រចលនាជ្រុលនិយមរបស់ពួកហាម៉ាស ដែលម្តងហើយម្តងទៀតវាយប្រហារទៅលើអ៊ីស្រាអែល … ប្រភេទជ្រុលនិយមមានក្រុមតូចណាស់ ប៉ុន្តែវាជាផ្នែកមួយរបស់ពួកប៉ាឡេស្ទីន។ វាធ្វើឲ្យខូចខាតទៅដល់ក្រុមហ្វាតា (Fatah) ឬចលនាប៉ាឡេស្ទីន បុព្វហេតុប៉ាឡេស្ទីន។ វាលំបាកក្នុងការប្រកាន់យកនូវឥរិយាបថ ដែលជម្លោះបាននាំដល់និស្សិតរបស់យើងម្នាក់ស្លាប់នៅទីនោះ។ នេះគឺជាចំណុចដែលយើងត្រូវរួមគ្នា(ធ្វើ)។ មិនតម្រូវឲ្យយើងទៅសម្លាប់អ្នកណាទេ។ អ្វីដែលយើងសំខាន់បំផុត យើងអប់រំពលរដ្ឋរបស់យើង អប់រំសមាជិក សមាជិការបស់គណបក្សកុំឲ្យដើរតាមនយោបាយជ្រុលនិយម តែប៉ុណ្ណឹងទេ។ ប្រទេសបារាំងខ្លាចជាងគេ ខ្លាច Le Pen ឡើងកាន់អំណាច។ អញ្ចឹងគ្រប់គណបក្សបើទោះបីជាមិនចូលចិត្ត Macron ក៏ត្រូវបោះឆ្នោតឲ្យ Macron ទៀតដែរ ឈ្នះ រហូតដល់ Macron ខ្លួនឯងនិយាយថាសន្លឹកឆ្នោតមួយចំនួន មិនមែនសន្លឹកឆ្នោតស្រឡាញ់ខ្ញុំទេ តែសន្លឹកឆ្នោតទប់ស្កាត់កុំឲ្យ Marine Le Pen ឡើងកាន់អំណាចតើ ព្រោះនោះជាចលនាជ្រុលនិយម …។
(១៥) គណបក្សសម្ព័ន្ធភាពគប្បីរៀបចំបទបញ្ជាផ្ទៃក្នុងសាមញ្ញនិងងាយបត់បែនមួយ
ខ្ញុំក៏សុំផ្តល់ជាអនុសាសន៍ឲ្យហើយ។ បន្ទាប់ពីកិច្ចព្រមព្រៀងត្រូវបានចុះហត្ថលេខា យើងគប្បីរៀបចំនូវបទបញ្ជាផ្ទៃក្នុងមួយ ដែលសុំឲ្យគណបក្សនានារៀបចំចាត់បញ្ជូនតំណាង(មកចូលរួម)។ គណបក្សប្រជាជននឹងបញ្ជូនប្រធានគណៈចាត់តាំងរបស់គណបក្ស ធ្វើជាអ្នកតាក់តែងបទបញ្ជាផ្ទៃក្នុងនេះ។ បទបញ្ជាផ្ទៃក្នុងនេះ ធ្វើឲ្យសាមញ្ញ មិនពិបាកពេកទេ ហើយងាយបត់បែន។ ឧទាហរណ៍លើបញ្ហាអំពីកិច្ចដំណើរការ យើងមិនអាចចុះហត្ថលេខាហើយដើរចោលគ្នារហូត ៥ ឆ្នាំបានជួបគ្នាទេ។ យើងត្រូវគិតគូរថា តើយើងប៉ុន្មានខែយើងជួបគ្នាម្តង ហើយជួបគ្នានៅកម្រិតណា ហើយមានការអីយើងត្រូវជួបគ្នា? តើយើងគួរជួលស្នាក់ការ ធ្វើទីស្នាក់ការមួយថ្មី ឬក៏យើងប្រើស្នាក់ការគណបក្សប្រជាជន? អាហ្នឹងត្រូវមានការឯកភាពគ្នា។ បើយើងកុំឲ្យថាពិបាកជួលផ្ទះ ស្នាក់ការគណបក្សប្រជាជនវាធំ។
អញ្ចឹងស្នាក់ការគណបក្សប្រជាជនអាចមានការិយាល័យមួយសម្រាប់ធ្វើការសម្របសម្រួល ជួបជុំគ្នានៃបណ្តាបក្សនយោបាយ។ ឧទាហរណ៍ក្រុមសម្របសម្រួលមួយខែ ឬពីរខែ ឬបីខែ ជួបគ្នាម្តង។ មកជួបគ្នាកន្លែងហ្នឹង ឲ្យមានគេហៅថា បទបញ្ជាផ្ទៃក្នុងសម្រាប់កិច្ចដំណើរការពិភាក្សាគ្នា ឬយើងក៏អាចរកស្នាក់ការមួយផ្សេងក្រៅពីកន្លែងនេះ។ សាលារាជធានីភ្នំពេញគេអាចដោះស្រាយបាន ក៏គេអាចដោះស្រាយ។ គណបក្សរាជធានីភ្នំពេញ យើងអាចរកទីកន្លែងផ្សេង ប្រសិនបើមានការទើសទាល់ថា បន្តិចៗចូលមកស្នាក់ការគណបក្សប្រជាជន។ ប៉ុន្តែមកកន្លែងនេះ វាមិនសូវចាយលុយ។ ទៅកន្លែងផ្សេងវាចាយលុយ។ ទៅរកផ្ទះ រកថ្លៃទឹក ថ្លៃភ្លើងណាទៀត កន្លែងនេះមានអគារធំ។
(១៦) សិទ្ធិនេះត្រូវសម្រេចនៅក្នុងចំណោមបក្សនយោបាយទាំង ២៨ តើយើងត្រូវយកសម្លេង ៥០ បូក ១ ឬយកសម្លេង ២/៣
យើងក៏ត្រូវគិតអំពីអ្នកទាំងអស់គ្នា ខាងមុខនេះមានការបោះឆ្នោតអសកលរហូតដល់ ២ បោះឆ្នោតព្រឹទ្ធសភា និងបោះឆ្នោតក្រុមប្រឹក្សា។ អញ្ចឹង គណបក្សមួយចំនួនបានចូលរួមបោះឆ្នោត ដូចជាគណបក្សយុវជនកម្ពុជាគណបក្សខ្មែររួបរួម គណបក្សសញ្ជាតិកម្ពុជា។ គណបក្សទាំងហ្នឹងអាចចងសម្ព័ន្ធភាពជាមួយគ្នា ដោយមិនចាំបាច់ចងសម្ព័ន្ធភាពរួមទេ ព្រោះអង្គបោះឆ្នោតរបស់យើងមានខ្លះ ខ្មែរួបរួមមានខ្លះ សញ្ជាតិកម្ពុជាមានខ្លះ យុវជនកម្ពុជាមានខ្លះ។ អញ្ចឹង ជួនកាលសហការគ្នា ៣គណបក្ស ឧទាហរណ៍ថា គណបក្សរបស់ខ្មែររួបរួមឈរនៅតំបន់ណា ហើយដែលមានសមាជិកដទៃទៀតអាចបោះឆ្នោតឲ្យ។ គណបក្សនោះបោះអោយសញ្ជាតិកម្ពុជាឈរនៅកន្លែងណា ហើយមានសមាជិកណាបោះឆ្នោត។ ហ្នឹងរបៀបសហការគ្នា។ មិនត្រឹមតែយើងមិនឃោសនាវាយគ្នាទេ តែយើងអាចមានរបៀបសហការដែរ។ តែមិនចាំបាច់ដាក់ចូលក្នុងបទបញ្ជាផ្ទៃក្នុងទេ។ បទបញ្ជាផ្ទៃក្នុង គ្រាន់តែជាវិធីសាស្ត្រការងារដើម្បីយើងអាចជួយគ្នាយ៉ាងម៉េច។
(១៧) បក្សនយោបាយទាំង២៨ សម្រេចលើការព្រមឬមិនព្រមឲ្យគណបក្សថ្មីចូលរួម
មានបញ្ហាមួយទាក់ទង (គឺការ)បើកទូលាយសម្រាប់គណបក្សនយោបាយស្របច្បាប់ផ្សេងទៀត ដែលគាំទ្រ និងមានបំណងចង់ចូលរួមសហប្រតិបត្តិការ និងសម្ព័ន្ធភាពរវាងបណ្តាបក្សនយោបាយនៅកម្ពុជា តាមស្មារតី និងកិច្ចព្រមព្រៀងនេះ។ ចំណុចនេះ មិនមែនអត្តនោម័តដោយគណបក្សប្រជាជនតែឯងៗ សម្រេចឲ្យចូល ឬមិនឲ្យចូលទេ។ សិទ្ធិនេះត្រូវសម្រេចនៅក្នុងចំណោមបក្សនយោបាយទាំង២៨ ថា តើយើងត្រូវយកសម្លេង ៥០ បូក១ ឬយកសម្លេង ២/៣ ដើម្បីសម្រេចឲ្យគណបក្សដែលសុំចូលរួមថ្មី … គណបក្សដែលចូលរួមត្រូវសម្រេចដោយកុងសង់ស៊ីស ឬសម្រេចដោយសម្លេងភាគច្រើនបូកមួយ ឬត្រូវសម្រេចដោយសម្លេង ២/៣។ មិនមែនមកសម្រេចមកលើគណបក្សប្រជាជនទេ។ អញ្ចឹងត្រូវរៀបចំក្រុមការងារអាដហុកមួយ ឬគណៈកម្មាការចំពោះកិច្ច រៀបចំពង្រៀងបទបញ្ជាផ្ទៃក្នុងមួយដើម្បីឲ្យមេដឹកនាំអនុម័ត រួចហើយយើងចាប់ដំណើរការដោយមានការយោគយល់គ្នា។
ខ្ញុំគិតថាប៉ុណ្ណឹងសិន ហើយយើងចុះហត្ថលេខា។ បន្ទាប់ពីការចុះហត្ថលេខា មេដឹកនាំរបស់យើងមួយចំនួនអាចនៅ មេដឹកនាំមួយចំនួនអាចបន្ត។ ថ្ងៃនេះទូរទស្សន៍ផ្សាយ ឪពុកកំពុងនិយាយនៅទីនេះ កូនកំពុងនិយាយនៅកំពង់ចាម។ ប៉ុន្តែមានទូរទស្សន៍ដូចជាបាយ័នមានដល់ទៅ២។ អញ្ចឹងមួយផ្សាយអំពីនាយករដ្ឋមន្ត្រី។ ឥឡូវខ្ញុំឡើងមួយថ្នាក់។ ពីមុនខ្ញុំជានាយករដ្ឋមន្ត្រី។ ឥឡូវជាឪនាយករដ្ឋមន្ត្រី។ ត្រង់គេថាស្របច្បាប់ ឬមិនស្របច្បាប់ អ្នកឯងមិនទទួលថាស្របច្បាប់កាន់តែល្អ។ ឲ្យចប់រហូតមួយជីវិតរបស់អ្នកឯងទៅ កុំឲ្យជំពាក់គុណអ្នកឯង។ ពាក្យថាមិនទទួលស្គាល់ហ្នឹងគឺស្មើនឹងមិនដឹងថាតម្រូវចិត្តអ្នកឯង ឬក៏តម្រូវចិត្តប្រជាជន ៦ លាន ៣ សែននាក់ ដែលបោះឆ្នោតឲ្យគណបក្សប្រជាជន។ យើងពិបាកនឹងនិយាយជាមួយក្រុមនិយមជ្រុល។ ឥឡូវយើងឈានដល់ការចុះហត្ថលេខា រួចហើយយើងអាចឲ្យអ្នកកាសែតចូលសួរ។ បើអ្នកនៅហ្នឹងចង់ស្តាប់ថា របៀបសន្និសីទកាសែតរបស់លោក ហ៊ុន សែន របៀបម៉េច ឆ្លើយតបជាមួយសារព័ត៌មានរបៀបម៉េច អាចអង្គុយស្តាប់ក៏បានដែរ។ ឥឡូវសូមអញ្ជើញរៀបចំការចុះហត្ថលេខា។
(ខ) សន្និសីទសារព័ត៌មាន
ទូរទស្សន៍ជាតិកម្ពុជា៖ ខ្ញុំបាទ សុខ ពេជ្ររតនា មកពីទូរទស្សន៍ជាតិកម្ពុជា … មាន ២សំណួរ។ ថ្ងៃនេះជាថ្ងៃដ៏ប្រវត្តិសាស្ត្រដែលគណបក្សនយោបាយទាំង២៧ រួបរួមគ្នាជាមួយនឹងគណបក្សប្រជាជនដើម្បីបុព្វហេតុជាតិ និងប្រជាជនកម្ពុជា … ជាប្រវត្តិសាស្ត្រមិនធ្លាប់មានពីមុនមកទេ។ សំណួរទី១ … បន្ទាប់ពីកិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខារួច តើរំពឹងថាមានអត្ថប្រយោជន៍អ្វីដែលយើងនឹងទទួលបានសម្តេច … ទី២ … អាណត្តិមុនយើងមានឧត្តមប្រឹក្សាផ្តល់យោបល់ ដោយឡែកអាណត្តិថ្មីទី៧ មានកិច្ចព្រមព្រៀងចងសម្ព័ន្ធភាពរវាងបណ្តាគណបក្សនយោបាយទាំង២៧។ តើមានភាពខុសគ្នាឬក៏ដូចគ្នាយ៉ាងណា រវាងកិច្ចព្រមព្រៀងនាពេលនេះ ធៀបនឹងឧត្តមក្រុមប្រឹក្សាផ្តល់យោបល់អាណត្តិកន្លងទៅ?
សម្តេចតេជោ៖ សូមអរគុណ។ មុននឹងខ្ញុំឆ្លើយនូវសំណួរនេះ ខ្ញុំសូមអរគុណចំពោះឯកឧត្តមលោកជំទាវ បណ្តាប្រធានគណបក្សនយោបាយទាំងអស់ដែលបានចុះហត្ថលេខាទៅលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ និងសម្ព័ន្ធភាពនៅថ្ងៃនេះ។ នេះជាការបង្ហាញឱ្យឃើញអំពីសាមគ្គីភាព និងការបើកទូលាយសម្រាប់គោលដៅរួមនៃការរក្សាសន្តិភាពនិងការអភិវឌ្ឍរបស់កម្ពុជា។ ឆ្លើយតបទៅនឹងសំណួរ … ទាក់ទិននឹងអត្ថប្រយោជន៍នៃការរំពឹងទុក គេបានដឹងហើយថា យើងត្រូវការកម្លាំងមួយដើម្បីរក្សាការពារនូវរដ្ឋធម្មនុញ្ញ ការពារនូវរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ការពារនូវសន្តិភាព ការពារនូវឯករាជ្យអធិបតេយ្យភាព ទប់ស្កាត់នឹងបំបាត់ចោលនូវនយោបាយជ្រុលនិយម។ ពីមុននេះកម្លាំងរបស់យើងនៅបែកខ្ញែក ក៏ប៉ុន្តែពេលនេះពីបក្សនយោបាយមួយៗ ដែលនៅបែកខ្ញែក យើងបានប្រមូលផ្តុំជាបក្សនយោបាយដ៏មានកម្លាំងដ៏ខ្លាំង។ (គឺ)ជាងពាក់កណ្តាលនៃគណបក្សនយោបាយមាននៅកម្ពុជាដែលបានចងសម្ព័ន្ធភាពជាមួយគ្នា។
ខ្ញុំរំពឹងថា នេះជាផ្នែកមួយនៃការរួបរួមជាតិរបស់យើង។ បើទោះបីជាយើងមានការខុសគ្នាទៅលើចំណុចនេះ ឬចំណុចនោះ ប៉ុន្តែយើងស្របគ្នាលើគោលការណ៍ធំៗ សម្រាប់ប្រទេសរបស់យើង។ អ្វីដែលយើងត្រូវឃើញប្រសិនបើវាដូចគ្នាទាំងស្រុង វាមិនចាំបាច់មានគណបក្សនយោបាយផ្សេងគ្នានោះទេ។ យើងមានចំណុចដែលដូចគ្នានិងមានចំណុចដែលមិនដូចគ្នា ទើបមានគណបក្សផ្សេងៗ គ្នារហូតដល់២៨ និងច្រើនជាងនេះទៅទៀត។ អ្វីដែលសំខាន់ គោលការណ៍រួមទាំងឡាយគឺត្រូវបានឯកភាពគ្នាដោយដាក់បញ្ចូលទៅក្នុងកិច្ចព្រមព្រៀងសហប្រតិបត្តិការរបស់យើង មិនមែនដោយកញ្ឆក់កណ្តៀតដូចសម្ព័ន្ធភាពខ្លះសំដៅដោះស្រាយបញ្ហាចំពោះមុខ ទៅលើការបោះឆ្នោតអសកលនៃព្រឹទ្ធសភា ឬក្រុមប្រឹក្សា ក្នុងខែកុម្ភៈ និងខែឧសភា នោះទេ។
ចំណុចទី២ អំពីការខុសគ្នារវាងសម្ព័ន្ធភាពនឹងក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់។ ខ្ញុំគួរតែជម្រាបជូនអំពី បញ្ហាក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ជាមុនសិន។ ក្នុងអាណត្តិទី៦ ខ្ញុំបានផ្តួចផ្តើមគំនិតដើម្បីឱ្យបង្កើតឡើងនូវក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ ដោយមានគណបក្សនយោបាយដែលចូលរួមបោះឆ្នោតធ្វើជាសមាជិក។ ប៉ុន្តែចូលមកអាណត្តិថ្មីនេះ នាយករដ្ឋមន្ត្រីថ្មីក៏មានគំនិតទូលាយជាងនៅត្រង់ថា បើកឱកាសសម្រាប់គណបក្សនយោបាយទាំងអស់ដែលជាគណបក្សស្របច្បាប់ចុះបញ្ជីនៅក្រសួងមហាផ្ទៃបានចូលរួមផងដែរ។ ដូច្នេះបានជាចំនួនគណបក្សដែលចូលរួមនៅក្នុងក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ គឺមានរហូតទៅដល់ដូចជា ៣០គណបក្សនយោបាយ។ អញ្ចឹង វាក៏ជាផ្នែកមួយនៃការរួមចំណែកដោយត្រង់រវាងគណបក្សនយោបាយទាំងឡាយ ជាមួយនឹងរាជរដ្ឋាភិបាលដោយផ្ទាល់នេះ។ គឺជាឱកាសសម្រាប់បណ្តាគណបក្សនយោបាយផ្តល់ធាតុចូលសម្រាប់រាជរដ្ឋាភិបាលតែម្តង។
រីឯសម្ព័ន្ធភាពដែលយើងចុះហត្ថលេខាថ្ងៃនេះ មានចរិតមិនដូចគ្នាទៅនឹងសមាជិកក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ទេ ព្រោះកិច្ចការរបស់រាជរដ្ឋាភិបាលគឺជារឿងមួយផ្សេង។ រាជរដ្ឋាភិបាលអាចដាក់ចូលក្នុងក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ (ដោយផ្អែក)ទៅលើភាពជាក់លាក់របស់ខ្លួន ឧទាហរណ៍ សេចក្តីព្រៀងច្បាប់ ឬកម្មវិធីសកម្មភាពមួយចំនួនដែលចាំបាច់ត្រូវមានការឆ្លងយោបល់ ពិគ្រោះយោបល់ជាមួយក្រុមប្រឹក្សា។ ប៉ុន្តែសម្រាប់ការចុះហត្ថលេខាលើសម្ព័ន្ធភាពថ្ងៃនេះ គឺស្ថិតនៅក្នុងគោលដៅមួយចំនួនដែលយើងបានដាក់នៅក្នុងកិច្ចព្រមព្រៀងនេះ ជាក្របខណ្ឌទូលំទូលាយដែលយើងអាចធ្វើការជាមួយគ្នាក្នុងស្មារតីសាមគ្គីភាព សហការទៅលើកិច្ចការទាក់ទងនឹងការការពាររដ្ឋធម្មនុញ្ញ ការពាររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ការពារឯករាជ្យអធិបតេយ្យភាព ការពារសន្តិភាពសម្រាប់ការអភិវឌ្ឍ និងការកម្ចាត់ចោលនូវនយោបាយជ្រុលនិយម ដែលវាជាប្រភពគ្រោះថ្នាក់រយៈពេលវែងរបស់កម្ពុជា ដែលមិនត្រូវឱ្យវាកើតមានទេ …។
វិទ្យុនិងទូរទស្សន៍ អប្សរា AMF៖ នាងខ្ញុំ ឈុន លីដា … សូមអនុញ្ញាតគោរពជម្រាបសួរសំណួរទី១ ទាក់ទិនទៅនឹងការចុះហត្ថលេខាកិច្ចព្រមព្រៀងចងសម្ព័ន្ធភាពរវាងគណបក្សនយោបាយនៅក្នុងប្រទេសកម្ពុជានេះ តើ មានអ្វីដែលបង្ហាញថាអាចលុបបំបាត់បាននូវសកម្មភាពឬចលនានយោបាយជ្រុលនិយមនៅកម្ពុជា? មួយទៀត ទាក់ទិនទៅនឹងលិទ្ធប្រជាធិបតេយ្យនៅកម្ពុជា តើការចងសម្ព័ន្ធគ្នារវាងបណ្តាគណបក្សនានាជាមួយនឹងគណបក្សប្រជាជនកម្ពុជានៅក្នុងថ្ងៃនេះផ្ទាល់ នឹងមានផលប៉ះពាល់អ្វីខ្លះដល់លិទ្ធិប្រជាធិបតេយ្យនៅកម្ពុជា? តើបន្ទាប់ពីការចុះកិច្ចព្រមព្រៀងនៅថ្ងៃនេះ កម្ពុជានឹងមិនមានគណបក្សជំទាស់ទៀតដែរឬទេ?
សម្តេចតេជោ៖ សូមអរគុណ។ យើងមានភាពល្អត្រង់ថា មេចលនាហ្នឹងមកដល់ពេលនេះអាយុ ៧៥ឆ្នាំហើយ។ វានឹងមិនមាន ១០ឆ្នាំ ៥ដងទៀតទេ។ ហ្នឹងមេខ្លោងមានតែមួយទេ។ មេក្លោងពិតប្រាកដមិនច្រើនទេ ប៉ុន្តែវាមានអ្នកតាមមួយចំនួន។ អញ្ចឹងបើសិនជាមេហ្នឹងងាប់ និយាយឱ្យច្បាស់អញ្ចឹងតែម្តង កូនក៏វាងាប់ដែរ។ អ្នកដែលជ្រុលនិយមសុំកុំភ្លេច។ បើអ្នកឯងមិនស្តាប់ ហើយនៅធ្វើអំពើជ្រុលនិយម កុំនិយាយថារដ្ឋាភិបាល ហ៊ុន សែន ឬ រដ្ឋាភិបាល ហ៊ុន ម៉ាណែត រដ្ឋាភិបាលណាក៏គេធ្វើដែលកុំឆ្ងល់ពេក … សាកលមើលៗ។ ប៉ុន្តែយើងមិនចង់ឱ្យមានបញ្ហាហ្នឹងទេ។ វាមានផលប៉ះពាល់នៅក្នុងសង្គមជាតិរបស់យើង។ យើងប្រមូលផ្តុំបណ្តាបក្សនយោបាយដែលមានសមាជិករបស់ខ្លួននោះ អប់រំពួកគេ កុំឱ្យពួកគេធ្វើអំពើណាមួយដែលវាឆ្គង ឬស្ថិតនៅក្នុងស្ថានភាពជ្រុលនិយម។
រឿងជ្រុលនិយមនេះវាកើតមានស្ទើរតែគ្រប់ប្រទេស គ្រាន់តែច្រើននិងតិចតែប៉ុណ្ណោះ។ យើងកុំឱ្យភាពជ្រុលនិយមនេះវាទៅហួស។ ខ្ញុំមានការរំពឹងទុកថា ជាមួយនឹង ២៨គណបក្ស ដែលមានសមាជិករាប់លាននាក់ សម្ព័ន្ធភាពនេះនឹងក្លាយទៅជាកម្លាំងដ៏ធំមួយដើម្បីទប់ស្កាត់នយោបាយជ្រុលនិយម ដែលក្រុមជ្រុលនិយមមិនអាចលូកមកពង្រីកកម្លាំងបាន។ ផ្ទុយទៅវិញកម្លាំងបក្សទាំង ២៨នេះ នឹងធ្វើឱ្យចលនាជ្រុលនិយមនេះវារលំរលាយទៅ …។
តើខ្ញុំហៅកញ្ញា ឬក៏អ្នកនាង? បានទាំង ២។ អញ្ចឹងនៅលីវ។ ភាសាយើងមានថា ក្រមុំ ឬនៅលីវ។ អញ្ចឹងបើថាបានទាំង២ ខ្ញុំសុំហៅនាង ទៅចុះ។ នាងមើលចំណុចទី១ ពង្រឹងកិច្ចសហប្រតិបត្តិការល្អជាមួយគ្នា ដោយស្មើភាពស្មើសិទ្ធិ គោរពនូវឯករាជ្យ និងស្វ័យភាពរបស់គណបក្សនីមួយៗ ដើម្បីប្រយោជន៍ជាតិនិងប្រជាជនកម្ពុជា។ ខ្ញុំបាននិយាយពីចំណុចចាប់ផ្ដើមនៅកន្លែងហ្នឹង គណបក្សទាំងនេះមកទីនេះ មិនមែនជាកូនចៅរបស់គណបក្សប្រជាជនទេ ក៏ប៉ុន្តែជាដៃគូសហការដើម្បីផលប្រយោជនរួមរបស់ប្រទេសជាតិ។ ដូច្នេះ វាអត់មានការប៉ះពាល់ទៅលើដំណើរការប្រជាធិបតេយ្យនៅកម្ពុជាទេ។ ផ្ទុយទៅវិញ វាធ្វើឱ្យដំណើរការប្រជាធិបតេយ្យនៅកម្ពុជាកាន់តែល្អប្រសើរ។ (វាដូចនេះ)នៅត្រង់ថា បណ្ដាគណបក្សនយោបាយ បើទោះបីមាននយោបាយខុសគ្នា មានចំណុចខុសគ្នា ក៏ប៉ុន្តែអាចអង្គុយជាមួយគ្នា។ ថ្ងៃនេះ ខ្ញុំគិតថាបើខ្វះស្រាក្រហម រកស្រាសបានក៏ល្អដែរ ផឹកថ្ងៃហ្នឹងឱ្យវាណាណី …។
ខ្ញុំប្រើពាក្យថាឌឺ។ ខ្ញុំទទួលបានព័ត៌មានរាល់ថ្ងៃពីការប្រជុំរបស់គេ។ ពេលខ្លះវាឌឺជ្រុល តែខ្ញុំមិនមាត់កទេ។ វាចេះតែធ្លាយខ្សែអាត់មក រឿងឌឺជ្រុលហ្នឹង។ មនុស្សនិយាយគ្នាតែលើសពី ៣នាក់ទៅ វាលាក់ការណ៍មិនជិតទេ។ សូមផ្ដាំទៅផង និយាយតែរឿងខ្លួនឯងទៅបានហើយ កុំនិយាយរឿងគេ វាប៉ះពាល់សិទ្ធិរបស់គេ។ អ្នកឯងពង្រឹងគ្នាអ្នកឯងទៅ កុំចាំបាច់មកវាយប្រហារគេ។ ឥឡូវអ្នកនៅវ៉ាស៊ីនតោន អ្នកនៅអាមេរិកកំពុងតស៊ូអំណាចជាមួយអ្នកនៅខាងក្នុងប្រទេស។ (ស្មាន)ថាខ្ញុំមិនដឹងអី? យើងដឹង។
សូមបញ្ជាក់ឡើងវិញ ទី១ គឺមិនប៉ះពាល់អ្វីទៅដល់ដំណើរការប្រជាធិបតេយ្យទេ ផ្ទុយទៅវិញ វាធ្វើឱ្យដំណើរការប្រជាធិបតេយ្យរបស់កម្ពុជាកាន់តែល្អប្រសើរ នៅត្រង់ថាបក្សនីមួយៗមានស្វ័យភាព ប៉ុន្តែគេចេះអង្គុយជាមួយគ្នា ធ្វើការជាមួយគ្នា។ បើសិនជា ២៨ គណបក្ស កើតទៅជាតំបន់រៀងខ្លួន កាន់កាប់រៀងខ្លួន ចុងភូមិបក្សមួយ ដើមភូមិបក្សមួយ កណ្ដាលភូមិបក្សមួយ អញ្ចឹងទៅគ្រាន់តែអុំទូកងររកចំណុះអុំមិនបានផង។ អញ្ចឹងឥឡូវបើយើងធ្វើសម្ព័ន្ធភាពជាមួយគ្នា ជួនកាលទូកងរមួយគ្រឿងនឹងប្រណាំងនៅខែវិច្ឆិកាខាងមុខ ក្នុងចំណុះទូកជួនកាលមានសមាជិកគណបក្សរហូតទៅដល់ ១០គណបក្ស។ អញ្ចឹងវាមិនល្អជាងកាលដែលយើងមើលមុខគ្នាមិនត្រង់(ទេឬ)។ ខ្ញុំគិតថា នេះជាវប្បធម៌ដ៏ល្អប្រសើរសម្រាប់ប្រទេសដែលមានគណបក្សនយោបាយច្រើន ហើយដែលមិនប្រឈមមុខដាក់គ្នា។ សូមអរគុណ។ សូមផ្ដល់សំណួរបន្ថែម។
Fresh News៖ ខ្ញុំមាន២ សំណួរ … ទី១ តើការចងសម្ព័ន្ធភាពរវាងគណបក្សប្រជាជនកម្ពុជា ជាមួយគណបក្សនយោបាយទាំង ២៧ផ្សេងទៀតហ្នឹង នឹងផ្ដល់ជាអំណាចឬប្រជាប្រិយភាពកាន់តែខ្លាំងក្លាបន្ថែមទៀតដល់គណបក្សប្រជាជនដែរឬទេ? … ទី២ … តើសម្ដេចយល់យ៉ាងណាដែរ ចំពោះការចងសម្ព័ន្ធភាពរវាងគណបក្សនយោបាយ(ប្រឆាំង)ទាំង ៤នោះ បើប្រៀបធៀបគ្នាជាមួយនឹងការចងសម្ព័ន្ធរបស់គណបក្សប្រជាជនកម្ពុជា ជាមួយគណបក្សនយោបាយទាំង ២៧នៅពេលនេះ?
សម្ដេចតេជោ៖ សូមអរគុណចំពោះការផ្ដល់នូវសំណួរនេះ។ ទី១ តើការចង់សម្ព័ន្ធភាពនេះអាចកើតប្រជាប្រិយភាពសម្រាប់គណបក្សប្រជាជនទេ? ខ្ញុំសូមបញ្ជាក់ត្រឡប់ទៅវិញថា គណបក្ស(មិន)ស្វះស្វែងប្រើប្រាស់សម្ព័ន្ធភាពនេះដើម្បីបង្កើនប្រជាប្រិយភាពរបស់ខ្លួនទេ។ គណបក្សប្រជាជនស្វះស្វែង(រៀបចំសម្ព័ន្ធភាពនេះ)ដោយឆ្លើយតបទៅនឹងបំណងប្រាថ្នារបស់គណបក្ស ១៨ផ្សេងទៀត ដើម្បីបម្រើឱ្យគោលដៅទាំងឡាយដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងនេះ។ គណបក្សប្រជាជននៅម្នាក់ឯង “មិនលើស ហើយក៏មិនខ្វះ” ប្រៀបធៀបជាមួយនឹង(មុន)ការចងសម្ព័ន្ធភាព។ ប៉ុន្តែអ្វីដែលល្អ គឺគណបក្សប្រជាជនបានធ្វើលេខបូក។ មានន័យថា យើងបានបង្កើនមិត្តជាមួយបណ្ដាគណបក្សនយោបាយដទៃទៀតដើម្បីសហការលើគោលដៅធំៗ ជាផលប្រយោជន៍ អាយុជីវិតរបស់ជាតិ។ គណបក្សប្រជាជនមិនស្វះស្វែងរកអនុត្តរភាពលេបគណបក្សដទៃនោះទេ។ ខុសពីកាលពីទសវត្សរ៍ ៩០ ដែលមានគណបក្សខ្លះលេបគណបក្សខ្លះ។ គណបក្សប្រជាជនមិនធ្វើយ៉ាងដូច្នោះទេ។ យើងទុកដៃគូរបស់យើងទាំងអស់ ជាដៃគូស្មើភាពនិងស្មើសិទ្ធិជាមួយយើង។
ចំពោះគណបក្សដទៃដែលចងសម្ព័ន្ធភាពដែរ ខ្ញុំគួរផ្ដល់យោបល់ថា លោកដាក់សំណួរឱ្យពួកគេឆ្លើយទៅ។ បើខ្ញុំឆ្លើយជំនួសគេមិនល្អទេ។ ប៉ុន្តែអស់លោកក៏បានសិក្សាហើយថា តើគេចង់សម្រេចគោលដៅអ្វីខ្លះនោះ? ខ្ញុំមិនឆ្លើយជំនួសគេទេ។ សង្ឃឹមថាលោកយោគយល់ … ខ្ញុំហាក់ដូចជាបានបង្ហើបបន្ដិចហើយថា គេសម្រេចគោលដៅក្នុងរយៈពេលខ្លីមួយសម្រាប់ការបោះឆ្នោតអសកល ព្រឹទ្ធសភា និងរដ្ឋសភា ហើយខ្ញុំក៏ទទួលព័ត៌មានដែរថាគេកំពុង(តែស្ថិតក្នុងការត្រិះរិះ)ថា “តើបង្កើតគណបក្សថ្មី ត្រូវជ្រកក្រោមគណបក្សណាមួយដើម្បីបោះឆ្នោត?”។ នេះគ្រាន់តែជាព័ត៌មានទេ។ សូមអភ័យទោសពីគណបក្សនយោបាយនានាផងដែរ … សូមលោកទៅដាក់សំណួរដល់គណបក្សដទៃចុះ។
ខ្ញុំគិតថា យើងមានពេលត្រឹមប៉ុណ្ណឹង។ មិនផ្ដល់ឱកាសសម្រាប់សំណួរផ្សេងទៀតទេ ដោយសារខ្ញុំត្រូវជួបជាមួយនឹងគណបក្សមុននឹងទទួលទានបាយ។ ខ្ញុំមានការជួបជាមួយនឹងគណបក្សប្រមាណ ១០ ឬ ១១ គណបក្ស រួចហើយចាំយើងទៅបាយជាមួយគ្នា ព្រោះយើងនៅសល់ម៉ោងដែរ។ ថ្ងៃនេះ យើងជួបជុំបាយជាមួយគ្នាមួយពេល។ ថ្ងៃក្រោយយើងមានលទ្ធភាពបាយជាមួយគ្នាទៀត។ ឆ្នាំនេះ មានបុណ្យអុំទូកផង។ យើងសាកល្បងមើលៗ ដាក់ទូកងរម្នាក់មួយៗ មកប្រណាំងគ្នា … ឈ្នះចាញ់ជារឿងធម្មតា … សប្បាយជាមួយគ្នាទៅ។
សូមអរគុណចំពោះអ្នកសារព័ត៌មានដែលបានចូលរួម។ ខ្ញុំឃើញផ្សាយបន្តផ្ទាល់។ ឥឡូវស្រុកយើងកាន់តែ(ទំនើប)។ យើងមានការផ្សាយបន្តផ្ទាល់ ខ្ញុំក៏ដាក់មើលការផ្សាយបន្តផ្ទាល់ចេញពីនេះដែរ។ គណបក្សនយោបាយនានា ដែលរួមនៅក្នុងសម្ព័ន្ធភាពក៏អាចស្នើសុំចំណែកពេលវេលាសមស្របណាមួយពីស្ថានីយវិទ្យុ ទូរទស្សន៍ដែលគណបក្សប្រជាជនមាន … ផ្សព្វផ្សាយនូវព្រឹត្តិការណ៍គណបក្សនយោបាយរបស់ខ្លួន ធ្វើសមាជ ឬក៏ធ្វើស្អី ក៏អាចជួយបានដែរ។ ហ្នឹងគេហៅថាជួយគ្នា សហការគ្នា វាត្រូវអញ្ចឹង។ បើខាងណេះមានមធ្យោបាយច្រើនជាង ក៏អាចជួយគ្នា ផ្ដល់ឱកាសម្រាប់គ្នាទៅវិញទៅមក។ វាជាការល្អ។
ចំពោះសម្រាប់គណបក្សដទៃ ខ្ញុំមិនហ៊ាននិយាយរឿងរបស់គេទេ។ សូមផ្ដាំថា កុំនិយាយរឿងរបស់ខ្ញុំបានទេ ដែលខ្ញុំទទួលរាល់ថ្ងៃ។ ខ្ញុំស្គាល់មុខអ្នកឯងច្បាស់ណាស់ក្រុមជ្រុលនិយម។ ទៅដល់ណាគឺដៀលខ្ញុំដល់ហ្នឹង។ ហ្នឹងសូមប្រយ័ត្នប្រយែង។ កុំឱ្យម្ដងហើយម្ដងទៀត។ សូមជូនពរចំពោះសម្ដេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី សូមជួបប្រទះតែហ្នឹងពុទ្ធពរ និងពរទាំងប្រាំប្រការ អាយុ វណ្ណៈ សុខៈ ពលៈ បដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូមអរគុណ៕