សេចក្តីថ្លែងការណ៍និងសន្និសីទសារព័ត៌មាន របស់ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសចុះកិច្ចព្រមព្រៀងចងសម្ព័ន្ធភាពរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សនយោបាយចំនួន ២៧ ផ្សេងទៀត

សម្ដេចអនុប្រធានទាំងបួន!ឯកឧត្តម លោកជំទាវ ជាប្រធានគណបក្ស និងថ្នាក់ដឹកនាំនៃគណបក្សនយោបាយទាំងអស់ដែលបានអញ្ជើញចូលរួមនៅថ្ងៃនេះ ជាដំបូង ខ្ញុំសូមសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ នៃបណ្ដាគណបក្សនយោបាយទាំងអស់ដែលបានស្ម័គ្រចិត្តចូលរួមក្នុងកិច្ចសហប្រតិបត្ដិការ និងចងសម្ព័ន្ធភាព និងចុះហត្ថលេខានៅថ្ងៃនេះ។ ក្នុងឋានៈជាម្ចាស់ផ្ទះ ខ្ញុំមានការរីករាយ ដែលឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំនៃបណ្ដាគណបក្ស អញ្ជើញមកទីស្នាក់ការកណ្ដាលរបស់គណបក្សប្រជាជនកម្ពុជានៅថ្ងៃនេះ។ យើងទាំងអស់គ្នាបានដឹងអំពីប្រវត្ដិនៃការចាប់ផ្ដើមរបស់យើងមាន ១៨ គណបក្សនយោបាយ ដែលមានសំណូមពរសុំជួបខ្ញុំនិងចងសម្ព័ន្ធភាព។ ផ្ដើមចេញពីគំនិតផ្ដួចផ្ដើមរបស់ ១៨គណបក្សនយោបាយនេះ ខ្ញុំក៏បានជំរាបជូនទៅគណបក្សដទៃទៀត (ធ្វើអោយ)ចំនួន បានឡើងដល់ ២៨គណបក្សនយោបាយ ដែលនឹងធ្វើកិច្ចសហប្រតិបត្ដិការចងសម្ព័ន្ធភាពជាមួយគ្នានៅថ្ងៃនេះ។ ដើម្បីងាយយល់និងបង្ហាញជូនជនរួមជាតិឲ្យបានជ្រាប ខ្ញុំគួរតែអាននូវខ្លឹមសារនៃកិច្ចព្រមព្រៀងសហប្រ​តិបត្ដិការ និងសម្ព័ន្ធភាពនៃបណ្ដាបក្សនយោបាយនៅកម្ពុជា ហើយខ្ញុំគួរតែបកស្រាយលើចំណុចមួយចំនួន។ ខ្ញុំសូមអានទាំងស្រុងនៃកិច្ចព្រមព្រៀងនេះ។ (ក) ខ្លឹមសារនៃកិច្ចព្រមព្រៀងសហប្រតិបត្ដិការនិងចងសម្ព័ន្ធភាព រវាងគណបក្សនយោបាយ កិច្ចព្រមព្រៀងសហប្រតិបត្ដិការនិងសម្ព័ន្ធភាពរវាងបណ្ដាគណបក្សនយោបាយនៅកម្ពុជា ដើម្បីជំរុញការអនុវត្ដនយោបាយបង្រួបបង្រួមជាតិឲ្យបានកាន់តែរឹងមាំ ដើម្បីប្រមូលកំលាំងស្នេហាជាតិចូលរួមថែរក្សាសន្ដិភាព ស្ថិរភាពនយោបាយសំដៅធានាឲ្យភាពសុខសាន្ដ និងការអភិវឌ្ឍប្រទេសរយៈពេលយូរអង្វែង គណបក្សចំនួន ២៨  (ដែលខ្ញុំមិនអានឡើងវិញនូវឈ្មោះទាំង ២៨គណបក្ស ដែលគណៈចាត់តាំងកម្មវិធីបានឧទ្ទេសនាមនោះទេ) បានសម្រេចចងសម្ព័ន្ធភាពជាមួយគ្នា និងបានព្រមព្រៀងគ្នាដូចតទៅនេះ៖ ១. ពង្រឹងកិច្ចសហប្រតិបត្ដិការល្អជាមួយគ្នាដោយស្មើភាព ស្មើសិទ្ធិ គោរពនូវឯករាជ្យភាព និងស្វ័យភាពរបស់គណបក្សនិមួយៗដើម្បីផលប្រយោជន៍ជាតិនិងប្រជាជន។ ២.…