បណ្ឌិត វ៉ាន់ ហា រូ (Van Ha Ryu) សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ ដុងហ្គុក វ៉ាយស៍
គណៈគ្រប់គ្រងសាកលវិទ្យាល័យ សាស្រ្តាចារ្យ និងនិស្សិត
ឯកឧត្តម លោកជំទាវ ភ្ញៀវកិត្តិយស លោក លោកស្រី ជាទីមេត្រី!
ជាបឋម ខ្ញុំសូមអរគុណសាជាថ្មីដល់ សាកលវិទ្យាល័យ ដុងហ្គុក វ៉ាយស៍ ដែលបានផ្តល់ សញ្ញាបត្របណ្ឌិតកិត្តិយសលើផ្នែក «ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព» ដល់រូបខ្ញុំ។ ជាមួយនឹងកិត្តិយសដ៏ថ្លៃថ្លានេះ ខ្ញុំក៏សូមចែករំលែកនូវបទបាឋកថារបស់ខ្ញុំ ស្តីពី «បទពិសោធរបស់ប្រទេសកម្ពុជា ក្នុងការរំដោះជាតិ ការកសាងសន្តិភាព ការផ្សះផ្សា និងការកសាងជាតិឡើងវិញ» ដែលខ្ញុំអាចនិយាយបានថា ប្រធានបទនេះពិតជាទាក់ទងនឹងបេសកកម្មស្ទើរតែពេញមួយជីវិតរបស់ខ្ញុំ ដែលបានដឹកនាំប្រទេសកម្ពុជា ក្នុងនាមជានាយករដ្ឋមន្ត្រីរយៈពេល ៣៨ ឆ្នាំ។ នេះក៏ជាសេចក្តីប្រាថ្នារបស់ខ្ញុំដែរ នៅក្នុងការចែករំលែកបទពិសោធគ្រប់គ្រងប្រទេសកម្ពុជា ដល់សាធារណមតិជាតិ និងអន្តរជាតិ បន្ទាប់ពីខ្ញុំបានសម្រេចចិត្តដាក់អម្រែកនៃភារកិច្ចជាប្រមុខរាជរដ្ឋាភិបាល ដើម្បីឱ្យអ្នកបន្តវេនជំនាន់ក្រោយទទួលបន្ត។
[ផ្ដើមសេចក្ដីអធិប្បាយ១]
ការសម្រេចចិត្តក្នុងការផ្ទេរការគ្រប់គ្រងអំណាចទៅកាន់អ្នកជំនាន់ក្រោយអាចចាត់ទុកថាជាបទពិសោធថ្មីមួយទៀតរបស់កម្ពុជា ដែលនោះឆ្លើយតបទៅនឹងសំណួរថា តើក្រោយ ហ៊ុន សែន ជានរណា? ត្រូវបានដោះស្រាយរួចរាល់ជាងមួយឆ្នាំរួចមកហើយ។ បទពិសោធ សុខចិត្តលះបង់អំណាច ដើម្បីដូរយកសន្តិភាពរយៈពេលវែង គឺជារឿងដ៏ត្រឹមត្រូវ។
ខ្ញុំចង់បើករង្វង់ក្រចកដើម្បីធ្វើការឆ្លើយតបទៅនឹងបញ្ហាលើកឡើងថ្មីៗ … ថាតើលោក ហ៊ុន សែន សមស្របទទួលយកនូវសញ្ញាបត្រនៃសាកលវិទ្យាល័យនៅកូរ៉េនេះឬអត់? ខ្ញុំបានចូលទៅ comment នៅក្នុងផេច TikTok មួយ ដែលបាននិយាយពីទីក្រុងបាងកក ហើយដែលបានលើកឡើងថា … ជនជាតិខ្មែរនៅសហរដ្ឋអាមេរិកបានបង្ហោះថា តើលោក ហ៊ុន សែន មានលក្ខណៈសម្បត្តិសមស្របនឹងទទួលយកនូវសញ្ញាបត្រកិត្តិយសពីកូរ៉េឬអត់? ខ្ញុំគ្រាន់តែឆ្លើយ អម្បាញ់មិញ លោកសាស្រ្តាចារ្យក៏បានអាននូវសុន្ទរកថា ខ្ញុំមកដល់ពេលនេះ មានសញ្ញាបត្រកិត្តិយសជាង១០ ដោយចាប់ផ្ដើមពីសាកលវិទ្យាល័យ២នៅសហរដ្ឋអាមេរិក គឺ Southern California University ខាងវិទ្យាសាស្រ្តនយោបាយ និងនៅ Iowa គឺខាងច្បាប់។ ឯនៅសាធារណរដ្ឋកូរ៉េនេះ គឺជាសញ្ញាបត្រកិត្តិយសទី៣ ដែលខ្ញុំទទួល ដូច្នេះ វា ៥ សញ្ញាបត្រ។ នៅថៃ ផ្ដល់ឲ្យ២ នៅម៉ាឡេស៊ីផ្ដល់ឲ្យ១ នៅចិនផ្ដល់ឲ្យ២ នៅឥណ្ឌូនេស៊ី១ដែលមិនទាន់បានទទួល ហើយនៅមានផ្សេងទៀត ដែលរាប់ទាំងពីសហគមន៍អឺរ៉ុប។ ដូច្នេះ ខ្ញុំមានសញ្ញាបត្រច្រើនណាស់ ប៉ុន្តែ សូមអ្នកដែលលើកជាសំណួរនេះ កុំសួរមកកូរ៉េអី សួរអាមេរិក ហេតុអីបានអាមេរិកឲ្យសញ្ញាបត្រកិត្តិយសមកដល់ ហ៊ុន សែន? អញ្ចឹង ខ្ញុំមិនបកស្រាយអ្វីទេ គ្រាន់តែរឿងរ៉ាវទាក់ទងនេះ គេថាខ្ញុំមិនគ្រប់លក្ខខណ្ឌក្នុងការទទួលសញ្ញាបត្រនៅទីនេះ។ ប៉ុន្តែ នេះគ្រាន់តែជាការបកស្រាយ ដើម្បីនឹងឆ្លើយតបភ្លាមៗនឹងអ្វី កុំឲ្យខូចកិត្តិយសទៅដល់សាកលវិទ្យាល័យដុងហ្គុក។
[ចប់សេចក្ដីអធិប្បាយ១]
ដូចជាអ្នកតស៊ូដទៃទៀតដែរ ចំណុចចាប់ផ្តើមរបស់ខ្ញុំ គឺមិនដូចជារឿងព្រេងនិទាននោះឡើយ។ ដោយចាប់កំណើតក្នុងពេលវេលាដែលកម្ពុជាស្ថិតក្រោមអាណានិគមបារាំង ខ្ញុំបានស្គាល់រសជាតិនៃសង្គ្រាម រវាងទាហានបារាំងជាមួយក្រុមតស៊ូដែលមានចរិតឧទ្ទាមតាំងពីខ្ញុំនៅជា ទារក ដែលម្តាយឪពុកខ្ញុំត្រូវនាំពួកកូនៗចូលលេណដ្ឋាន ពេលមានការប្រយុទ្ធគ្នា ដើម្បីចៀសវាងគ្រោះថ្នាក់។
ជាភ័ព្វសំណាងរបស់កម្ពុជា ដែលមាន ព្រះបិតាជាតិ នរោត្តម សីហនុ ដឹកនាំការតស៊ូ ដើម្បីឯករាជ្យ ៩ វិច្ឆិកា ១៩៥៣ និងដឹកនាំការកសាងប្រទេសរយៈពេល ១៦ ឆ្នាំ។ ប្រជាជនកម្ពុជា បានទទួលផលពីឯករាជ្យ និងការអភិវឌ្ឍ បើទោះមានការរំខានដោយពួកឧទ្ទាមប្រដាប់អាវុធ ទាំងក្រហម ទាំងខៀវ ទាំងសក្តី។ សន្តិភាពតែខ្វះស្ថិរភាព ដោយសារក្រុមឧទ្ទាម ការទម្លាក់គ្រាប់បែកតាមព្រំដែនជាមួយវៀតណាមខាងត្បូង មានត្រឹមរយៈពេល ១៦ ឆ្នាំប៉ុណ្ណោះ កម្ពុជាក៏ត្រូវធ្លាក់ចូលទៅក្នុងភ្លក់ភ្លើងសង្គ្រាមសាជាថ្មីម្តងទៀត ក្រោយរដ្ឋប្រហារ ១៨ មីនា ១៩៧០ ទម្លាក់ សម្តេចព្រះ នរោត្តម សីហនុ និងការចូលឈ្លានពានពីសំណាក់កងទ័ពអាមេរិក និងវៀតណាមខាងត្បូង។
តាមរយៈការរៀបរាប់ខាងលើ គេអាចដឹងហើយថា អ្នកដែលបានកើតជំនាន់ខ្ញុំ ពុំមានពេលគ្រប់គ្រាន់ទទួលបានឱកាសសិក្សា ការសប្បាយក្នុងភាពជាយុវជននោះឡើយ តែផ្ទុយទៅវិញ យើងបែរជាក្លាយខ្លួនជាចំណាប់ខ្មាំងនៃសង្គ្រាមដែលគ្មានផ្លូវផ្សេងសម្រាប់ជ្រើសរើសនោះឡើយ។
ចំណុចចាប់ផ្តើមរបស់យើង គឺកើតចេញពីរដ្ឋប្រហារទម្លាក់ ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ នៅឆ្នាំ ១៩៧០ ហើយពេលនោះ ខ្ញុំ និងយុវជនស្នេហាជាតិរាប់ម៉ឺននាក់ផ្សេងទៀត បានសម្រេចចិត្តចូលរួមជាមួយកម្លាំងតស៊ូក្នុងព្រៃ តាមការអំពាវនាវរបស់ ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ។ ប៉ុន្តែ សុបិននៃការរំដោះជាតិចេញពីការលូកដៃគ្រប់គ្រងពីបរទេស នៅក្រោមរបប លន់ នល់ នៅថ្ងៃទី ១៧ ខែ មេសា ឆ្នាំ ១៩៧៥ បានប្តូរជំនួសដោយសោកនាដកម្មបង្ហូរឈាម ក្រោមការគ្រប់គ្រងដោយមនោគមវិជ្ជាជ្រុលនិយមរបស់ខ្មែរក្រហម ដែលចង់ប្រែក្លាយប្រទេសកម្ពុជា ជាប្រទេសកុម្មុយនីស្តឥតខ្ចោះ ដោយលុបបំបាត់ចោលទាំងស្រុងនូវវណ្ណៈ បានកាប់សម្លាប់អ្នកមានទ្រព្យ អ្នកចេះដឹង និងបំផ្លិចបំផ្លាញរាល់ហេដ្ឋារចនាសម្ព័ន្ធសង្គម និងសេដ្ឋកិច្ច ឱ្យរាបសូន្យ ហើយត្រឹមតែ ៣ ឆ្នាំ ៨ ខែ ២០ ថ្ងៃ ខ្មែរក្រហមបានសម្លាប់ប្រជាជនកម្ពុជាស្លូតត្រង់ជាង ៣ លាននាក់។
ដោយសារតែទ្រាំមិនបានចំពោះអំពើព្រៃផ្សៃនៃរបប ប៉ុល ពត និងមិនអាចនៅស្ងៀមមើលប្រទេសជាតិខ្មែរ ត្រូវរលំរលាយ ខ្លួនខ្ញុំដែលគ្រានោះជាមេបញ្ជាការកងវរសេនាធំដែលគ្រប់គ្រងបញ្ជាលើកងទ័ពជាង ២០០០ នាក់ បានសម្រេចចិត្តចាកចេញទៅប្រទេស ផ្សងព្រេង ប្រថុយជីវិតជាមួយនឹងជម្រើសចុងក្រោយ ដើម្បីរំដោះជាតិឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ នៅយប់ថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ ១៩៧៧ ខ្ញុំ និងយុទ្ធជន ៤ នាក់ បានចាកចេញពីបន្ទាយយោធា ក្នុងភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តកំពង់ចាម ស្ថិតនៅភាគខាងកើតប្រទេស ដើម្បីឆ្លងដែនទៅប្រទេសវៀតណាម។ ពេលនោះខ្ញុំមានជម្រើសមួយចំនួនដើម្បីប្រយុទ្ធប្រឆាំងនឹងខ្មែរក្រហម ប៉ុន្តែ ខ្ញុំបានសម្រេចចិត្តរកផ្លូវឆ្លងព្រំដែនទៅវៀតណាម ដើម្បីស្នើឱ្យវៀតណាមជួយរំដោះប្រទេស ហើយនេះគឺពិតជាជម្រើសល្អបំផុត ជាប្រវត្តិសាស្ត្រសម្រាប់ភាពរស់រានមានជីវិតនៃប្រជាជាតិខ្មែរ។
[ផ្ដើមសេចក្ដីអធិប្បាយ២]
ខ្ញុំអាចគូសបញ្ជាក់ថា ពេលនោះ បើសិនជាខ្ញុំសម្រេចចិត្តខុសតែបន្តិច ដោយបញ្ជាទាហានក្រោមបញ្ជារបស់ខ្ញុំវាយកាន់កាប់តំបន់មួយចំនួន យើងអាចគ្រប់គ្រងបានត្រឹមរយៈពេល ១អាទិត្យ ឬច្រើនបំផុត ៣អាទិត្យ យើងនឹងស្លាប់នៅក្នុងថ្លុកឈាមដ៏សែនលំបាក។ វាមិនមែនជាជម្រើសដែលល្អមួយទេ។ ប៉ុន្តែ ខ្ញុំគិតថា ខ្ញុំបានសម្រេចចិត្តយ៉ាងត្រឹមត្រូវ។
[ចប់សេចក្ដីអធិប្បាយ២]
នៅគ្រាដ៏គ្រោះថ្នាក់បែបនេះ ខ្ញុំបានកំណត់ហើយថា ផ្លូវដែលត្រូវដើរ គឺមិនមែនដើម្បីស្វែងរកផ្លូវរស់តែខ្លួនឯងនោះទេ ប៉ុន្តែ គឺដើម្បីជួយសង្គ្រោះជីវិតរបស់ប្រជាជាតិទាំងមូល។ ប្រសិនបើខ្ញុំពុំមានឆន្ទៈមុតមាំ និងមិនមានផែនការច្បាស់លាស់ ដើម្បីរំដោះប្រទេសជាតិនោះទេ ការពឹងពាក់ទៅលើវៀតណាមនៅពេលនោះ ពិតជាវៀតណាមមិនឆ្លើយតបតាមខ្ញុំនោះទេ ហើយក៏មិនជួយដល់ខ្ញុំដើម្បីកសាងកម្លាំងប្រដាប់អាវុធ ដែលមានកងទ័ពកម្ពុជាប្រមាណជាង ១ ម៉ឺន នាក់ និងចូលរួមជួយដល់កម្ពុជាដើម្បីកសាងអង្គការចាត់តាំងខាងនយោបាយ គឺរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដើម្បីកាន់ទង់ខាងនយោបាយដឹកនាំការតស៊ូ ហើយចុងក្រោយវៀតណាមសុខចិត្តជួយអន្តរាគមន៍ដើម្បីរំដោះប្រទេសកម្ពុជា ដោយមានការងើបឈរឡើងពីសំណាក់ប្រជាជនកម្ពុជា និងកងទ័ពកម្ពុជា។
ត្រង់ចំណុចនេះ ខ្ញុំសូមរំលឹកគុណសាជាថ្មី និងជានិច្ចនិរន្តរ៍ ចំពោះប្រទេសវៀតណាម និងជាពិសេស ចំពោះកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានពលីជីវិត ដើម្បីរំដោះកម្ពុជា ចេញពីក្រញាំនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត។
ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ យើងត្រូវរែកពន់ការកសាងប្រទេសឡើងវិញ ពីបាតដៃទទេ។ ម្ខាង យើងត្រូវការពារការវិលត្រឡប់មកវិញនៃរបបខ្មែរក្រហម ការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ ហើយម្ខាងទៀត យើងត្រូវខិតខំរកស្បៀងអាហារ ផ្គត់ផ្គង់ដល់ប្រជាជនដែលកំពុងស្រេកឃ្លាន កសាងស្ថាប័នគ្រប់គ្រងជាតិ និងកសាងសេដ្ឋកិច្ចជាតិឡើងវិញ នៅពេលដែលធនធានមនុស្សរបស់យើង ត្រូវបានកាប់សម្លាប់ដល់ឫសគល់។ មិនថា ស្ថានភាពក្នុងស្រុក សូម្បីតែស្ថានភាពអន្តរជាតិ ក៏មិនអំណោយផលដល់យើងដែរ។ សហគមន៍អន្តរជាតិមិនទទួលស្គាល់រដ្ឋាភិបាលដែលបានរំដោះជាតិនោះទេ ហើយអាសនៈរបស់កម្ពុជា នៅអង្គការសហប្រជាជាតិ ត្រូវបានកាន់កាប់ដោយពួកខ្មែរក្រហម អស់រយៈកាល ១២ ឆ្នាំ ដែលក្នុងអំឡុងពេលនោះ យើងត្រូវទទួលរងទណ្ឌកម្មទាំងផ្នែកការទូត និងសេដ្ឋកិច្ច យ៉ាងអយុត្តិធម៌ជាទីបំផុត។ ក្នុងឋានៈជារដ្ឋមន្រ្តីការបរទេសវ័យ ២៧ ឆ្នាំ ខ្ញុំពិតជាមានការឈឺចាប់មិនទាន់ភ្លេចនៅឡើយទេ។
នៅពេលដែលខ្ញុំធ្វើជានាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាក្នុងឆ្នាំ ១៩៨៥ ខ្ញុំមានអាយុទើបតែ ៣២ ឆ្នាំ ប៉ុណ្ណោះ ជានាយករដ្ឋមន្ត្រីក្មេងបំផុតក្នុងពិភពលោកនៅពេលនោះ។ ចាប់ពីទទួលបានតំណែងជានាយករដ្ឋមន្ត្រីភ្លាម ខ្ញុំបានប្រកាសថា៖ មិនមានដំណោះស្រាយតាមផ្លូវយោធាឡើយ ចំពោះជម្លោះនៅកម្ពុជា គឺមានតែការចរចា និងដំណោះស្រាយនយោបាយរវាងខ្មែរ និងខ្មែរ ប៉ុណ្ណោះ ដែលអាចនាំមកនូវសន្តិភាពសម្រាប់កម្ពុជា។ គឺក្នុងស្មារតីនេះហើយ ដែលខ្ញុំបានដាក់ចេញនាខែ តុលា ឆ្នាំ ១៩៨៧ នូវសេចក្តីប្រកាស ៥ ចំណុច ដើម្បីដោះស្រាយបញ្ហាកម្ពុជានោះគឺ៖ ១). រៀបចំជំនួប សីហនុ-ហ៊ុន សែន ២). ការដកទាំងស្រុងនូវកងទ័ពវៀតណាម ទន្ទឹមពេលនឹងការបញ្ឈប់រាល់ជំនួយ និងការគាំទ្រទាំងអស់ដល់កងកម្លាំងនៃរដ្ឋាភិបាលចម្រុះកម្ពុជាប្រជាធិបតេយ្យ ៣). ការរៀបចំការបោះឆ្នោតដោយមានអ្នកសង្កេតការណ៍អន្តរជាតិ ដើម្បីបង្កើតរដ្ឋាភិបាលចម្រុះមួយ ដែលអនុវត្តនយោបាយអព្យាក្រឹត្យ និងមិនចូលបក្សសម្ព័ន្ធ ៤). ចរចាជាមួយនឹងប្រទេសថៃ ដើម្បីកំណត់ព្រំដែនមួយប្រកបដោយសុវត្ថិភាព និងសន្តិភាព និងរៀបចំមាតុភូមិនិវត្តន៍ដោយស្ម័គ្រចិត្តនៃជនភៀសខ្លួន ៥). រៀបចំសន្និសីទអន្តរជាតិមួយដើម្បីផ្តល់ការធានាដល់កិច្ចព្រមព្រៀង ដែលនឹងសម្រេចបាន ជាមួយនឹងការចូលរួមពីរដ្ឋាភិបាលទាំងពីរ (រដ្ឋាភិបាលចម្រុះកម្ពុជាប្រជាធិបតេយ្យ ដែលនៅក្នុងព្រៃនិងក្រៅប្រទេស និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតកម្ពុជា ក្រោយមករដ្ឋាភិបាលរដ្ឋកម្ពុជា) សមាជិកអចិន្ត្រៃយ៍ទាំង ៥ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ប្រទេសវៀតណាម ឥណ្ឌា និងប្រទេសដទៃទៀត។
ជាមួយនឹងស្មារតីនេះ ខ្ញុំ គឺជាអ្នកជំរុញឱ្យមានជំនួបលើកដំបូងដែលយើងហៅថា «ជំនួប សីហនុ-ហ៊ុន សែន» នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៨៧ នៅ Fère-en-Tardenois ប្រទេសបារាំង ដែលជំនួបនេះបានបើកផ្លូវដល់ដំណើរការចរចាពិតប្រាកដ ឆ្ពោះទៅរកដំណោះស្រាយនយោបាយជាស្ថាពរ តាមរយៈការចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីដំណោះស្រាយនយោបាយរួមមួយនៃជម្លោះកម្ពុជា ឬកិច្ចព្រមព្រៀងទីក្រុងប៉ារីសនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។
មិនមានការសង្ស័យណាមួយទេដែលថា កិច្ចព្រមព្រៀងក្រុងប៉ារីស គឺជារបត់ដ៏សំខាន់ និងវិជ្ជមានមួយក្នុងប្រវត្តិសាស្រ្តរបស់កម្ពុជាយើង។ ជាលទ្ធផលនៃកិច្ចព្រមព្រៀងនេះ ប្រទេសកម្ពុជាបានភ្ជាប់ទំនាក់ទំនងជាមួយសហគមន៍អន្តរជាតិឡើងវិញ ហើយរាជរដ្ឋាភិបាលដែលបានកើតចេញពីការបោះឆ្នោតរៀបចំឡើងដោយ UNTAC ក៏បានកាន់កាប់អាសនៈរបស់ខ្លួននៅអង្គការសហប្រជាជាតិឡើងវិញផងដែរ។ កិច្ចព្រមព្រៀងនេះ បានជួយឱ្យកម្ពុជា អនុម័តបានរដ្ឋធម្មនុញ្ញថ្មី នៅឆ្នាំ១៩៩៣ ដែលគោរពរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ប្រព័ន្ធនយោបាយប្រជាធិបតេយ្យសេរីពហុបក្ស និងសេដ្ឋកិច្ចទីផ្សារសេរី។ កម្ពុជាទទួលស្គាល់ និងដឹងគុណជានិច្ច ចំពោះសហគមន៍អន្តរជាតិ ក្នុងកិច្ចខិតខំប្រឹងប្រែងស្វែងរកសន្តិភាពជូនប្រទេសកម្ពុជា។ យើងក៏ត្រូវផ្តល់យុត្តិធម៌ និងការដឹងគុណដល់ប្រទេសវៀតណាម ដែលបានជួយដល់ការកសាងកងទ័ពកម្ពុជា និងការបញ្ជូនកងទ័ពស្ម័គ្រចិត្តរបស់ខ្លួន មកជួយរំដោះកម្ពុជាឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ហើយតាមរយៈការដកកងទ័ពទាំងស្រុងរបស់ខ្លួនពីកម្ពុជានៅឆ្នាំ១៩៨៩ បានបើកផ្លូវដល់ដំណើរទៅមុខនៃការចរចាដែលពេលនោះត្រូវជាប់គាំងលើបញ្ហាអនាគតរបស់ខ្មែរក្រហម និងវត្តមានកងទ័ពបរទេស។
[ផ្ដើមសេចក្ដីអធិប្បាយ៣]
ខ្ញុំសូមបញ្ជាក់ត្រង់នេះបន្តិច ជម្លោះនៅកម្ពុជាមានទិដ្ឋភាព២យ៉ាង។ មួយគឺទិដ្ឋភាពផ្ទៃក្នុង ឯមួយទៀតទិដ្ឋភាពអន្តរជាតិ។ ទិដ្ឋភាពអន្តរជាតិសំដៅទៅលើវត្តមានកងទ័ពវៀតណាមនៅកម្ពុជា និងការផ្ដល់ជំនួយដល់កងទ័ពត្រីភាគី ដែលស្ថិតនៅឯ និយាយឲ្យចំ ក្នុងប្រទេសថៃនាពេលនោះ។ ដូច្នេះ ការដកកងទ័ពវៀតណាមចេញពីកម្ពុជា បានបញ្ចប់នូវទិដ្ឋភាពអន្តរជាតិ។ ដូច្នេះ វានៅសល់តែបញ្ហាទិដ្ឋភាពផ្ទៃក្នុងដែលត្រូវខិតខំដោះស្រាយ នោះគឺទាក់ទងទៅនឹងអនាគតរបស់ខ្មែរក្រហម។
[ចប់សេចក្ដីអធិប្បាយ៣]
យ៉ាងណាក្តី ជាមួយលទ្ធផលវិជ្ជមានជាច្រើនដែលសម្រេចបាននោះ UNTAC បានចាកចេញពីកម្ពុជា ដោយមិនបានសម្រេចបេសកកម្មរបស់ខ្លួនទាំងស្រុងនោះទេ។ ថ្វីត្បិតតែមានកិច្ចព្រមព្រៀងទីក្រុងប៉ារីសក្តី ខ្មែរក្រហមមិនបានគោរពនោះឡើយ ហើយអង្គការសហប្រជាជាតិក៏បរាជ័យក្នុងការបង្ខំឱ្យខ្មែរក្រហមទម្លាក់អាវុធ និងចូលរួមនៅក្នុងដំណើរការប្រជាធិបតេយ្យនោះដែរ។ បានសេចក្តីថា សន្តិភាពពេញលេញ ដែលជាគោលដៅចំបងបំផុតនៃកិច្ចព្រមព្រៀង មិនត្រូវបានសម្រេចនោះឡើយ។ ទោះបីនៅក្រោយការបោះឆ្នោត និងការបង្កើតរាជរដ្ឋាភិបាលនៅឆ្នាំ១៩៩៣ ហើយក្តី សង្គ្រាមស៊ីវិលនៅកម្ពុជា នៅតែបន្ត ក្នុងស្ថានភាពដែលកម្ពុជាមានតំបន់ត្រួតត្រាផ្សេងគ្នារវាងភាគីរាជរដ្ឋាភិបាល និងភាគីខ្មែរក្រហម។
[ផ្ដើមសេចក្ដីអធិប្បាយ៤]
មានន័យថា ប្រទេសមួយមានតំបន់ត្រួតត្រាពីរ និងរដ្ឋាភិបាល២នៅពេលនោះ។
[ចប់សេចក្ដីអធិប្បាយ៤]
ត្រង់ចំណុចនេះហើយដែលខ្ញុំបានផ្ចុងផ្តើមឱ្យមាន នយោបាយឈ្នះ-ឈ្នះ និងការចរចារវាងខ្មែរ និងខ្មែរ នៅឆ្នាំ១៩៩៦ ដើម្បីបង្រួបបង្រួម និងបញ្ចូលភាគីទាំងអស់ទៅក្នុងរាជរដ្ឋាភិបាល ប្រព័ន្ធច្បាប់ និងយោធាតែមួយ ដែលបង្កើតជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់សន្តិភាពយូរអង្វែង ការផ្សះផ្សាជាតិ និងការអភិវឌ្ឍប្រទេសជាតិ។
នយោបាយនេះបានបញ្ចប់សង្គ្រាមស៊ីវិលជិត ៣ ទសវត្សរ៍ ដោយជោគជ័យ ដោយមិនប្រើគ្រាប់កាំភ្លើងសូម្បីតែមួយគ្រាប់ ប៉ុន្តែ ជំនួសវិញដោយការធ្វើសមាហរណកម្មដោយសន្តិវិធី និងការរំលាយចោលនូវអង្គការចាត់តាំងនយោបាយរបស់ខ្មែរក្រហម តាមរយៈយុទ្ធសាស្ត្រ DIFID ខ្ញុំចង់បញ្ជាក់ ៥ តួអក្សរនេះ គឺ Divide, Isolate, Finish, Integrate and Development។ ខ្ញុំបានដាក់ចេញនូវ «ការធានាបីយ៉ាង» ដើម្បីឱ្យក្រុមខ្មែរក្រហម ដែលលែងចង់ឃើញការបង្ហូរឈាមរវាងខ្មែរ និងខ្មែរ សុខចិត្តចុះចូលមករួមរស់ជាមួយនឹងសង្គមជាតិ ដោយគ្មានអ្នកឈ្នះ គ្មានអ្នកចាញ់ គឺប្រជាជនកម្ពុជាទាំងមូលជាអ្នកឈ្នះ ដោយទទួលបាននូវសន្តិភាពដែលពួកយើងបានទន្ទឹងរង់ចាំជាយូរមកហើយ។ ខ្ញុំបានដាក់អាយុជីវិតរបស់ខ្ញុំធ្វើជាដើមទុន នៅក្នុងការចរចា និងជំរុញការអនុវត្ត នយោបាយឈ្នះ-ឈ្នះ ទម្រាំតែយើងទទួលបានជោគជ័យទាំងស្រុង នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ នៅពេលដែលអង្គការចាត់តាំងនយោបាយ និងយោធារបស់ខ្មែរក្រហម ត្រូវបានរំលាយ។ ជោគជ័យនៃ នយោបាយឈ្នះ-ឈ្នះ បានផ្តល់ឱ្យកម្ពុជានូវសន្តិភាពពេញលេញ រួមទាំងការឯកភាពក្នុងជួរកងទ័ព និងការគ្រប់គ្រងពេញលេញ លើបូរណភាពទឹកដីរបស់ខ្លួន ដែលជាអច្ឆរិយហេតុសង្គមដ៏វិសេសវិសាលមួយ ដែលយើងពុំធ្លាប់ជួបប្រទះ ក្នុងរយៈពេល ៥០០ ឆ្នាំចុងក្រោយនៃប្រវត្តិសាស្ត្ររបស់យើង ដែលពេលមុនៗ យើងតែងតែជាប្រទេសមួយមានតំបន់ត្រួតត្រាច្រើន មិនតិចជាងពីរ ក្នុងពេលតែមួយ។
ខ្ញុំក៏បានគិតគូរដោយយកចិត្តទុកដាក់ នៅក្នុងការស្វែងរកយុត្តិធម៌ជូនចំពោះប្រជាជន ជាពិសេស «យុត្តិធម៌សម្រាប់អ្នកដែលបានបាត់បង់ជីវិត និងសន្តិភាពសម្រាប់អ្នករស់រានមានជីវិត» ដើម្បីជាការផ្សះផ្សាសង្គមជាតិក្រោយជម្លោះ ដោយបង្កើតសាលាក្តីកូនកាត់អន្តរជាតិដំបូងគេដែលមានឈ្មោះថា អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) ដោយសហការជាមួយអង្គការសហប្រជាជាតិ ដើម្បីកាត់ក្តីមេដឹកនាំកំពូលនៃរបបខ្មែរក្រហម (មេដឹកនាំ ៥រូប) ចំពោះអំពើឃោរឃៅរបស់ពួកគេដែលបានប្រព្រឹត្តប្រឆាំងនឹងមនុស្សជាតិ និងការទទួលខុសត្រូវចំពោះប្រវត្តិសាស្ត្រជាតិ និងពិភពលោក។ សមិទ្ធផលដ៏ធំធេងរបស់សាលាក្តីនេះ ត្រូវបានបញ្ចប់ និងប្រកាសរួមគ្នាដោយព្រះរាជាណាចក្រកម្ពុជា និងអង្គការសហប្រជាជាតិ ក្នុងខែធ្នូ ឆ្នាំ២០២២ ដែលជាសំណុំរឿងដ៏ជោគជ័យបំផុតរបស់តុលាការអន្តរជាតិប្រភេទនេះ ដែលមិនត្រឹមតែបានផ្សះផ្សាសង្គមប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងបានទប់ស្កាត់ការសងសឹក និងការស្អប់ខ្ពើមក្នុងប្រទេសជាតិផងដែរ។
ក្រៅពីទិដ្ឋភាពនៃការខិតខំកសាងសន្តិភាព ខ្ញុំក៏សូមរំលឹកផងដែរថា ថ្វីត្បិតតែមានការចោទប្រកាន់ថា កម្ពុជានៅទសវត្សរ៍ឆ្នាំ១៩៨០ គ្រប់គ្រងដោយរបបកុម្មុយនីស្ត និងទោះមានកងទ័ពវៀតណាមនៅកម្ពុជាដើម្បីជួយទប់ស្កាត់ការវិលត្រឡប់នៃរបប ប៉ុល ពត ក៏ដោយ ក៏វៀតណាមបានគោរពដល់ការសម្រេចចិត្តរបស់កម្ពុជាលើគ្រប់វិស័យ នៅក្នុងការគ្រប់គ្រងប្រទេស។ ជាក់ស្តែង នៅឆ្នាំ១៩៨៥ ខ្ញុំគឺជាអ្នកដឹកនាំកំណែទម្រង់ដីធ្លី និងអនុវត្តនយោបាយចែកដី ផ្តល់កម្មសិទ្ធិឯកជនដល់ប្រជាពលរដ្ឋខ្មែរ ហើយនៅចុងទសវត្សរ៍ឆ្នាំ ១៩៨០ ខ្ញុំក៏ជាអ្នកដឹកនាំកំណែទម្រង់សេដ្ឋកិច្ច ជំរុញកម្ពុជា ប្តូរពីសេដ្ឋកិច្ចផែនការ ទៅចាប់យកសេដ្ឋកិច្ចទីផ្សារផងដែរ ខណៈពេលដែលសូវៀត និងវៀតណាម ពុំទាន់បានអនុវត្តនយោបាយកំណែទម្រង់បែបនេះនៅឡើយទេ។
ទាំងក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៨០ និង ១៩៩០ សេដ្ឋកិច្ចរបស់កម្ពុជា មានភាពទន់ខ្សោយខ្លាំង ហើយការអភិវឌ្ឍសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធ បានពឹងផ្អែកស្ទើរតែទាំងស្រុង ទៅលើជំនួយរបស់បរទេស។ យើងបានខិតខំកែទម្រង់ផ្ទៃក្នុងផង ខិតខំជំរុញសមាហរណកម្មសេដ្ឋកិច្ចរបស់កម្ពុជា ទៅក្នុងតំបន់ និងសកលលោកផង។ នៅក្រោមការគ្រប់គ្រងរបស់ខ្ញុំ រាជរដ្ឋាភិបាលបានដាក់ចេញ និងអនុវត្តដោយជោគជ័យនូវ យុទ្ធសាស្ត្រត្រីកោណ នៅឆ្នាំ ១៩៩៨-២០០៣ និងយុទ្ធសាស្ត្រចតុកោណ ចំនួន ៤ ដំណាក់កាល ចាប់ពីឆ្នាំ ២០០៣ រហូតដល់ ២០២៣។
យុទ្ធសាស្ត្រត្រីកោណ ដែលសង្កត់ធ្ងន់លើអាទិភាព ៣ គឺ ទី១. ធ្វើសន្តិភាវូបនីយកម្មសំដៅដល់ការរក្សាសណ្តាប់ធ្នាប់ ស្ថិរភាព សន្តិសុខ និងការកសាងសន្តិភាពក្នុងប្រទេស ទី២. សមាហរណកម្មរបស់កម្ពុជាទៅក្នុងតំបន់ និងសហគមន៍អន្តរជាតិ រួមទាំង ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ និងការធ្វើឱ្យមានប្រក្រតីភាពនៃទំនាក់ទំនងរបស់ខ្លួន ជាមួយប្រទេសផ្សេងទៀត ដើម្បីជំរុញការផ្លាស់ប្តូរពាណិជ្ជកម្ម និងការវិនិយោគ និងទី៣. ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ការកាត់បន្ថយភាពក្រីក្រ កំណែទម្រង់អភិបាលកិច្ចស្ថាប័ន ប្រព័ន្ធតុលាការ និងការគ្រប់គ្រងវិស័យសាធារណៈ។
ចាប់ពីអាណត្តិទី៣ (២០០៤-២០០៨) ដល់អាណត្តិទី៦ រាជរដ្ឋាភិបាលកម្ពុជាបានអនុម័ត និងអនុវត្ត យុទ្ធសាស្ត្រចតុកោណ ដើម្បីប្រែក្លាយជំរុញតួនាទីជា «រាជរដ្ឋាភិបាលសេដ្ឋកិច្ច» ក្រោមបាវចនា «រាជរដ្ឋាភិបាលនៃកំណើន ការងារ សមធម៌ និងប្រសិទ្ធភាព» ដោយអនុវត្តរបៀបវារៈសកម្មភាពសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ សំដៅកែលម្អ និងកសាងសមត្ថភាពស្ថាប័នសាធារណៈ ពង្រឹងអភិបាលកិច្ចល្អ និងទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចជាតិ ដូចជា ផ្លូវថ្នល់ ផ្លូវដែក និងការតភ្ជាប់ផ្លូវអាកាស ដើម្បីលើកកម្ពស់កំណើនសេដ្ឋកិច្ច បង្កើតការងារសម្រាប់ប្រជាពលរដ្ឋគ្រប់រូប ធានាសមធម៌សង្គម និងលើកកម្ពស់ប្រសិទ្ធភាពនៃវិស័យសាធារណៈ។
ទន្ទឹមនឹងការជំរុញការអភិវឌ្ឍផ្ទៃក្នុង យើងក៏បានជំរុញការធ្វើសមាហរណកម្មទៅក្នុងតំបន់ និងអន្តរជាតិ ដើម្បីបង្កើតជាកាលានុវត្តភាពថ្មីៗ សម្រាប់ទំនាក់ទំនងការទូត កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាព។ ខ្ញុំបានដឹកនាំកម្ពុជា ចូលក្នុងសមាគមអាស៊ាន នៅឆ្នាំ ១៩៩៩ និងបានធ្វើជាប្រធានប្តូរវេនអាស៊ាន ៣ ដង ពោលគឺនៅឆ្នាំ ២០០២ ២០១២ និង២០២២។ តាមរយៈអាស៊ាន កម្ពុជាបានទទួលផលប្រយោជន៍យ៉ាងច្រើន ជាមួយនឹងដៃគូអន្តរជាតិនានា ហើយយើងបានបង្កើតទំនាក់ទំនងប្រទាក់ក្រឡា តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគីជាច្រើន។ ទន្ទឹមនេះ កម្ពុជាក៏បានខិតខំដោយជោគជ័យ ក្នុងការចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក នៅឆ្នាំ ២០០៤ ផងដែរ។
តាមរយៈការរៀបចំ និងអនុវត្តគោលនយោបាយអភិវឌ្ឍជាតិ ប្រកបដោយប្រសិទ្ធភាព កម្ពុជាបានផ្លាស់ប្តូរមុខមាត់របស់ខ្លួន យ៉ាងសម្បើមអស្ចារ្យ បើយើងពិចារណាដោយប្រៀបធៀបជាមួយប្រទេសដែលងើបពីសង្គ្រាម ដំណាលគ្នាជាមួយកម្ពុជា។ យើងបានផ្លាស់ប្តូរពីសង្គមក្រីក្រ និងងាយមានជម្លោះ ទៅជាសង្គមមួយដែលមានស្ថិរភាព សន្តិភាព និងសុវត្ថិភាព ហើយប្រជាជនយើងចាប់ផ្តើមទទួលផ្លែផ្កាពីសន្តិភាព និងការអភិវឌ្ឍ។ អត្រានៃភាពក្រីក្រត្រូវបានកាត់បន្ថយមកនៅខាងក្រោម ១0% នៅមុនពេលការផ្ទុះឡើងនៃជំងឺរាតត្បាតកូវីដ-១៩ ហើយយើងក៏កំពុងឈានទៅការបញ្ចប់ឋានៈជាប្រទេសមានការអភិវឌ្ឍន៍តិចតួច ដោយពេញលេញនៅឆ្នាំ ២០២៩ ខាងមុខ។
ពីប្រទេសដែលមានកង្វះខាតប្រាក់ចំណូលធ្ងន់ធ្ងរ ហើយពឹងផ្អែកលើដៃគូអភិវឌ្ឍន៍ ដើម្បីទទួលបានហិរញ្ញប្បទានពីរភាគបីនៃថវិកាជាតិ ទៅជាប្រទេសដែលមានសមត្ថភាពគ្រប់គ្រងថវិកាជាតិបាន ដោយភាពម្ចាស់ការ ហើយថែមទាំងមានទុនបម្រុង ដើម្បីការពារសេដ្ឋកិច្ចជាតិ និងលំនឹងជីវភាពរបស់ប្រជាពលរដ្ឋ ទប់ទល់នឹងវិបត្តិ និងគ្រោះមហន្តរាយផ្សេងៗ។ ផ្អែកលើសមិទ្ធផលកន្លងមកនេះ រាជរដ្ឋាភិបាលអាណត្តិថ្មី ក៏បានរៀបចំផែនការយុទ្ធសាស្ត្រប្រកបដោយទំនុកចិត្ត ដែលប្រាថ្នាចង់ប្រែក្លាយប្រទេសកម្ពុជា ជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។ យើងបានប្រែក្លាយពីប្រទេសដែលនៅឯកោ និងទទួលរងទណ្ឌកម្មដោយសហគមន៍អន្តរជាតិ ទៅជាប្រទេសដែលធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅនៅក្នុងតំបន់ និងពិភពលោក ក្លាយជាប្រទេសដែលអាចបញ្ជូនកងរក្សាសន្តិភាព និងចូលរួមយ៉ាងសកម្ម នៅក្នុងរបៀបវារៈសន្តិភាព ទាំងក្នុងតំបន់ និង ក្រៅតំបន់ថែមទៀត។
ជាការពិតណាស់ ខ្ញុំពិតជានៅមានចំណុចជាច្រើនទៀត ដែលចង់ចែករំលែក ប៉ុន្តែដោយយោងលើកត្តាពេលវេលា ខ្ញុំសូមបញ្ចប់ការចែករំលែកអំពីតថភាពប្រវត្តិសាស្ត្រកម្ពុជាត្រឹមនេះ ហើយសូមផ្ដល់នូវសេចក្តីសង្ខេបខ្លីៗ ទាក់ទងនឹងមេរៀនសំខាន់ៗ ដែលស្រង់ចេញពីដំណើរការកសាងសន្តិភាព និងការផ្សះផ្សាកម្ពុជា ដូចតទៅ៖
ទី១. ភាពជាម្ចាស់លើជោគវាសនាប្រទេសជាតិ។ ប្រទេសជាតិមួយត្រូវតែមានភាពជាម្ចាស់ លើបញ្ហាជាតិរបស់ខ្លួន។ នៅពេលដែលប្រជាជាតិមួយបាត់បង់ម្ចាស់ការលើជោគវាសនារបស់ប្រទេសខ្លួន ពេលនោះហើយ ដែលប្រទេសជាតិត្រូវទទួលរងការបែកបាក់ និងគ្រោះមហន្តរាយ។ ដូចគ្នាដែរ ដំណើរការស្វែងរកសន្តិភាព ក៏ត្រូវតែចាប់ផ្តើមចេញពីពលរដ្ឋម្ចាស់ប្រទេស ហើយដំណោះស្រាយដែលយូរអង្វែង ក៏ទាមទារឱ្យមានការចូលរួមពីប្រជាជន និងកងកម្លាំងប្រដាប់អាវុធគ្រប់និន្នាការនយោបាយផងដែរ មុននឹងឈានទៅសម្រេចបាននូវឯកភាពជាតិ និងកងកម្លាំងប្រដាប់អាវុធជាតិតែមួយ។ ទោះបីជាកម្ពុជាទទួលបានការជ្រោមជ្រែងពីមិត្តបរទេស និងអង្គការសហប្រជាជាតិយ៉ាងណាក្តី សន្តិភាពយូរអង្វែងមិនអាចកើតឡើងបានទេ ប្រសិនបើម្ចាស់ប្រទេស មិនខិតខំផ្តួចផ្តើម និងកសាងដោយខ្លួនឯង ហើយនេះគឺជាអត្ថន័យពិតប្រាកដនៃ នយោបាយឈ្នះ-ឈ្នះ ដែលផ្តួចផ្តើមឡើងដោយជនជាតិខ្មែរ និងចូលរួមអនុវត្ត និងទទួលផលដោយជនជាតិខ្មែរ។
ទី២. សហគមន៍អន្តរជាតិត្រូវតែរួមគ្នាការពារសន្តិភាពដែលមានស្រាប់ ជាជាងស្វែងរក ឬ កសាងសន្តិភាព ដែលបាត់បង់។ សង្គ្រាម គឺពិតជាងាយបញ្ឆេះ ប៉ុន្តែ ដើម្បីបញ្ចប់សង្គ្រាម កម្ពុជាត្រូវការរយៈពេលជិត ៣០ ឆ្នាំ។ យើងទើបតែមានសន្តិភាពពេញលេញបាន ២៦ ឆ្នាំ ប៉ុណ្ណោះ តែក៏ជាសន្តិភាពរយៈពេលវែងជាងគេក្នុងប្រវត្តិសាស្រ្ត ៥០០ ឆ្នាំរបស់ខ្លួន ប៉ុន្តែ ជាការគួរឱ្យសោកស្តាយដែលយើងបែរជាទទួលរងការរិះគន់ថា យើងនិយាយតែពីសន្តិភាព បំភិតបំភ័យពីសង្គ្រាមទៅវិញ ហើយយុវជនយើងមួយចំនួន បានភ្លេចនូវគុណតម្លៃនៃសន្តិភាពជាបណ្តើរៗ ហើយខ្លះទៀតថែមទាំងគិតចង់ទាមទារការផ្លាស់ប្តូររដ្ឋាភិបាល តាមបែបមិនប្រជាធិបតេយ្យ ទោះបីជាត្រូវបង់ខាតសន្តិភាពក៏ដោយ។ និន្នាការបែបនេះ គឺជានិន្នាការដ៏គ្រោះថ្នាក់ ដែលសហគមន៍អន្តរជាតិ ត្រូវចូលរួមបង្ការ ថ្កោលទោស និងទប់ទល់នូវមនោគមវិជ្ជាជ្រុលនិយមបែបនេះ។ យើងត្រូវខិតខំអប់រំប្រជាពលរដ្ឋអំពីគុណតម្លៃនៃសន្តិភាព ពីព្រោះថានៅពេលដែលគ្មានសន្តិភាព យើងមិនអាចនិយាយ ដោយពិរោះនូវពាក្យសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍនោះឡើយ។
[ផ្ដើមសេចក្ដីអធិប្បាយ៥]
ខ្ញុំសូមយកឱកាសនេះដើម្បីបញ្ជាក់ជូនបន្តិច មានអ្នកខ្លះលើកឡើងថា មានសន្តិភាពហើយ ចាំបាច់ប្រឹងនិយាយពីសន្តិភាពធ្វើអី? ខ្ញុំក៏ចង់លើកជាសំណួរត្រឡប់ទៅវិញថា ហេតុអ្វីបានជាសហរដ្ឋអាមេរិក និងប្រទេសមួយចំនួនដែលមានសន្តិភាពរួចហើយ ប្រឹងប្រែងរៀបចំប្រព័ន្ធអាវុធកាន់តែទំនើបៗទៅដើម្បីអ្វីទៅ? តើដើម្បីការពារសន្តិភាពរបស់គេមែនទេ? វាច្បាស់ណាស់ ការធ្វើទំនើបកម្មនៃកម្លាំងកងទ័ពឬកម្លាំងប្រដាប់អាវុធ ឬឧបករណ៍ការពារសន្តិសុខជាតិរបស់គេ គឺដោយសារតែមានអ្នកចង់បំផ្លាញសន្តិភាពនោះឯង។ ដូច្នេះ វាមិនមែនជារឿងចម្លែកទេ ដែលកម្ពុជាត្រូវនិយាយពីរឿងសន្តិភាព ត្រូវនិយាយពីការការពារសន្តិភាព បើសិនជាប្រទេសនានាមិននិយាយ មិនគិតគូរអំពីសន្តិភាព តើប្រទេសនោះចាំបាច់កសាងកម្លាំងយោធា ធ្វើទំនើបកម្មនៃកម្លាំងយោធាធ្វើអ្វី? ពិភពលោកកំពុងតែបង្កើននូវការរត់ប្រណាំងសព្វាវុធ បង្កើនការចំណាយយោធាកាន់តែធំ។ ដូច្នេះ ពួកគេមិនគួរមកបំភ្លេចពីរឿងសន្តិភាពរបស់កម្ពុជានោះទេ។
ក្រុមជ្រុលនិយមលើកឡើងពីរឿងនេះ ហើយខ្ញុំគួរតែនិយាយនៅទីនេះថា ប្រហែលជាកម្ពុជាមានការចាំបាច់រៀបចំនូវច្បាប់ដាក់ក្រុមមនុស្ស ឬអង្គការចាត់តាំងខ្លះ ទៅជាក្រុមភេរវកម្មនៅពេលខាងមុខ។ យើងកំពុងតែពិចារណាទៅលើបញ្ហានេះ ព្រោះថា អ្នកប៉ុនប៉ងបំផ្លាញនូវសន្តិភាពរបស់យើងក៏នៅតែមាននៅឡើយ។ ដូច្នេះ ដើម្បីធានាទៅលើបញ្ហានេះ យើងត្រូវគិតគូរឲ្យបានហ្មត់ចត់។ ជាង ២០ឆ្នាំ យើងមានសន្តិភាព វាខ្លីណាស់ ប៉ុន្តែ វាក៏វែងណាស់បើប្រៀបធៀបទៅនឹងសន្តិភាពដែលយើងធ្លាប់មានក្នុងអតីតកាល គឺត្រឹមតែ ១៦-១៧ឆ្នាំ នៃសង្គមរាស្រ្តនិយមរបស់សម្ដេចព្រះនរោត្ដម សីហនុ។ ឯយើងមាន ២៦ឆ្នាំ។ យើងមិនត្រូវការត្រឹម២៦ឆ្នាំទេ យើងត្រូវការសន្តិភាពជារៀងរហូត។
[ចប់សេចក្ដីអធិប្បាយ៥]
ទី៣. បើទោះជាសម្រេចបានសន្តិភាពក៏ដោយ ក៏សន្តិភាពមិនស្ថិតនៅគង់វង្សយូរអង្វែងដែរ ប្រសិនបើគ្មានការបង្រួបបង្រួមជាតិ ការផ្សះផ្សា យុត្តិធម៌ និងការអភិវឌ្ឍប្រកបដោយចីរភាព និងមានបរិយាប័ន្ន។ តាមរយៈបទពិសោធរបស់កម្ពុជា យើងត្រូវខិតខំរិះរកវិធីសាស្ត្រនានា នៅក្នុងការធានាសន្តិភាព ឱ្យបានយូរអង្វែង និងចាក់ឫសរឹងមាំក្នុងសង្គមជាតិ តាមរយៈការផ្សះផ្សា និងបង្រួបបង្រួមជាតិ។ ខ្ញុំចង់គូសរំលេចពីសារៈសំខាន់នៃការជំរុញ «វប្បធម៌សន្ទនា» នៅក្នុងវប្បធម៌នយោបាយរបស់កម្ពុជា ដោយសារតែប្រទេសយើងបានឆ្លងកាត់វដ្តនៃអំពើហិង្សាដ៏កាចសាហាវ ការផ្លាស់ប្តូររបបជាញឹកញាប់ដោយមធ្យោបាយមិនប្រជាធិបតេយ្យ និងការសងសឹកឥតឈប់ឈរ។ ទោះបីជានៅក្រោយពេលដែលកម្ពុជាបានទទួលសន្តិភាពពេញលេញនៅឆ្នាំ១៩៩៨ ក៏ខ្ញុំនៅតែបន្តអនុវត្ត «វប្បធម៌សន្ទនា» ជាមួយគណបក្សនយោបាយផ្សេងៗ ដើម្បីបង្កើតភាពសុខដុម ពង្រឹងឯកភាពជាតិ និងបណ្តុះលទ្ធិប្រជាធិបតេយ្យ។ យើងទទួលស្គាល់ថា លទ្ធិប្រជាធិបតេយ្យ គឺជារបបគ្រប់គ្រង ដែលគោរពភាពចម្រុះ និងផ្តល់នូវមធ្យោបាយដ៏មានប្រសិទ្ធភាព នៅក្នុងការដោះស្រាយ និងគ្រប់គ្រងការខ្វែងគំនិតនយោបាយ ដោយប្រើសន្លឹកឆ្នោត ជាជាងគ្រាប់កាំភ្លើង និងអំពើហិង្សា ឬការបះបោរ។
បច្ចុប្បន្ននេះ កម្ពុជាពិតជាមានគណបក្សនយោបាយច្រើន ប៉ុន្តែ កម្ពុជាលែងមានក្រុមប្រដាប់អាវុធច្រើនទៀតហើយ។ អ្វីដែលសំខាន់ផងដែរនោះ គឺអំពើហិង្សាក្នុងពេលបោះឆ្នោតបានរលាយសាបសូន្យតែម្តង ពីឆាកនយោបាយកម្ពុជា បន្ទាប់ពីការសម្រេចជោគជ័យនៃ នយោបាយឈ្នះ-ឈ្នះ។ នេះជាតថភាពប្រវត្តិសាស្ត្រនៃនយោបាយកម្ពុជា ដែលបង្ហាញពីភាពចាស់ទុំខាងនយោបាយ និងការរីកចម្រើននៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
ការជំរុញការកាត់បន្ថយភាពក្រីក្រ ការអភិវឌ្ឍគ្រប់ជ្រុងជ្រោយ មានបរិយាប័ន្ន គឺនៅតែជាគោលនយោបាយដ៏ចាំបាច់សម្រាប់រក្សាសន្តិភាពឱ្យស្ថិតស្ថេរគង់វង្ស។ នៅពេលដែលមានប្រទេសមានប្រជាជនក្រីក្រច្រើន ពលរដ្ឋគ្មានការងារធ្វើ គ្មានចំណេះដឹង ពលរដ្ឋនឹងងាយជឿលង់ទៅនឹងមនោគមវិជ្ជាជ្រុលនិយម ដែលទាមទារស្វែងរកការទម្លាក់កំហុសទៅលើស្ថាប័ន ឬក្រុមសង្គមណាមួយ ដើម្បីបញ្ចេញកំហឹងរបស់ពួកគេ។ ដូច្នេះហើយ នេះគឺពិតជាអម្រែកដ៏ធ្ងន់ធ្ងរសម្រាប់ប្រទេសកំពុងអភិវឌ្ឍ ព្រោះថា ពួកគេពិតជាគ្មានវេទមន្ត ដើម្បីជប់ឱ្យមានការអភិវឌ្ឍជឿនលឿនភ្លាមៗ លើគ្រប់វិស័យ នៅទូទាំងប្រទេស តាមចិត្តដែលមជ្ឈដ្ឋានប្រជាពលរដ្ឋមួយចំនួនចង់បាននោះឡើយ។ រដ្ឋាភិបាលពិតជាត្រូវការការចូលរួម និងយោគយល់ពីប្រជាពលរដ្ឋទូទៅ អំពីល្បឿននៃការអភិវឌ្ឍជាតិ នៅពេលដែលប្រទេសជាតិមួយ ពុំមានមធ្យោបាយ និងធនធាន គ្រប់គ្រាន់ដូចប្រទេសជឿនលឿនដទៃទៀត។
ត្រង់ចំណុចនេះ ខ្ញុំក៏ចង់ឱ្យប្រទេសជឿនលឿន យល់ពីការលំបាករបស់ប្រទេសកំពុងអភិវឌ្ឍផងដែរ។ យើងចង់ឃើញការជួយជ្រោមជ្រែងពីមិត្តរបស់យើង យើងមិនចង់ឃើញការលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសយើង ដោយកេងចំណេញពីកង្វះខាតសមត្ថភាពស្ថាប័ន និងធនធានរបស់យើង ហើយឆ្លៀតទៅបញ្ឆេះកំហឹងពលរដ្ឋ និងគាំទ្រមនោគមវិជ្ជាជ្រុលនិយម ដែលចង់ផ្តួលរំលំរដ្ឋាភិបាលតាមបែបមិនប្រជាធិបតេយ្យនោះឡើយ។ យើងចង់បានការគាំទ្រ ជាជាងការបណ្តុះបង្អាប់ បន្ទុចបង្អាក់ និងរារាំងជម្រើសនៃមាគ៌ាអភិវឌ្ឍរបស់យើង ដោយមិនបានគិតគូរពីគុណតម្លៃនៃសន្តិភាព ការលំបាក និងសោកនាដកម្មរាប់មិនអស់របស់ប្រជាជាតិខ្មែរនោះឡើយ។
ខ្ញុំសង្ឃឹមថា បាឋកថាថ្ងៃនេះ នឹងអាចចូលរួមផ្តល់ជាពុទ្ធិដល់ការយល់ដឹងកាន់តែជ្រាលជ្រៅឡើងពីគុណតម្លៃនៃសន្តិភាព និងការពិបាកនៅក្នុងការកសាងសន្តិភាព បង្រួមបង្រួម និងផ្សះផ្សាជាតិ ក៏ដូចជា ការពិបាកនៅក្នុងការរក្សាសន្តិភាពឱ្យបានគង់វង្សយូរអង្វែង ជាពិសេស សម្រាប់ប្រទេសកំពុងអភិវឌ្ឍ។
ជាបញ្ចប់ ខ្ញុំសូមថ្លែងអំណរគុណ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលបានស្តាប់នូវបាឋកថារបស់ខ្ញុំដោយយកចិត្តទុកដាក់ និងសូមជូនពរ ឯកឧត្តម លោកជំទាវ លោក លោកស្រី ទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើន កុំបីឃ្លៀងឃ្លាតឡើយ។ សូមអរគុណ!