គ.ជ.ប ទទួលបានបណ្ដឹង៥៦ករណី ក្នុងពេលឃោសនាបោះឆ្នោត១០ថ្ងៃ ក្នុងនោះ CPP ប្ដឹង CNRP ច្រើនជាងគេ

FN ៖ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បានបញ្ជាក់ថា គិតត្រឹមថ្ងៃ២៩ ខែឧសភា​ ឆ្នាំ២០១៧ គ.ជ.ប បានទទួលបានពាក្យបណ្ដឹងចំនួន៥៦ករណី នាអំឡុងពេលឃោសនាបោះឆ្នោតជ្រើសរើសឃុំ-សង្កាត់ អាណត្តិទី៤ ក្នុងនោះគណបក្ស ប្រជាជនកម្ពុជា បានដាក់ពាក្យប្ដឹងទៅគណបក្សសង្គ្រោះជាតិ ច្រើនជាងគណបក្សសង្គ្រោះជាតិ ប្ដឹងមកគណបក្សប្រជាជនកម្ពុជា។ លោក ហង្ស ពុទ្ធា បាន​បញ្ជាក់ប្រាប់អង្គភាព Fresh News នៅរសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧នេះ យ៉ាងដូច្នេះថា «បណ្ដឹង​ទាំង​៥៦​នេះ ភាគច្រើន​ប្ដឹង​ដោយបេក្ខជនមកពីគណបក្ស​ប្រជាជន​កម្ពុជា ដែលបានប្ដឹងទៅលើ​គណបក្ស​សង្គ្រោះ​ជាតិ ក្រោម​អង្គហេតុ​បែប​រិះគន់​គ្នា​ដោយ​សម្តី​ធ្ងន់ៗ និង​ការជេរប្រមាថ បន្ទោសបង្អាប់​គ្នា​ជាដើម»​។​ ​លោកបានបន្ថែមទៀតថា បណ្ដឹង​ខ្លះ​ត្រូវបាន​ដោះស្រាយ​នៅត្រឹម គណៈកម្មការ​ឃុំ​-​សង្កាត់រៀបចំការបោះឆ្នោត (គឃ.សប) និងគណៈកម្មការរាជធានី-ខេត្តរៀបចំការបោះឆ្នោត (គធ.សប) ជាបន្តបន្ទាប់ហើយ។​ លោកនៅតែ​អះអាងថា ដំណើការ​ឃោសនាបោះឆ្នោត​ឃុំ​-​សង្កាត់ អាណត្តិ​ទី​៤​នេះ មាន​ភាពល្អប្រសើ​ច្រើនជាង​ឆ្នាំមុន ត្រង់​ថា គ​.​ជ​.​ប ទទួលបាន​ពាក្យបណ្ដឹង​តិច ហើយ​ភាគច្រើន​អាច​ដោះស្រាយបាន​តាម​នីតិវិធី​។​ ​សូមបញ្ជាក់ថា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បានផ្តល់​រយៈពេល​ត្រឹម​១៤​ថ្ងៃ ឲ្យ​គណបក្សនយោបាយឃោសនា​រក​សំឡេងឆ្នោត​…

លោក ប្រាក់ សុខុន ធ្វើបាឋកថាបង្ហាញពីស្ថានការណ៍ពិភពលោកបច្ចុប្បន្ន និងអាទិភាពនយោបាយការបរទេសរបស់កម្ពុជា ជូនយុវជនជាង ៥០០នាក់

FN ៖ ទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧នេះ បានអញ្ជើញធ្វើបាឋកថា ស្ដីពីស្ថានការណ៍ពិភពលោកបច្ចុប្បន្ន និងអាទិភាពនយោបាយការបរទេសរបស់កម្ពុជា នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC)។ ការធ្វើបាឋកថានេះ ត្រូវបានរៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ដោយមានអ្នកចូលរួមពីមន្រ្តីជាន់ខ្ពស់ក្រសួងការបរទេស និងឯកអគ្គរាជទូតប្រចាំនៅបណ្តានានា ព្រមទាំងយុវជនប្រមាណ ៥០០នាក់ ដែលដឹកនាំដោយលោក សាយ សំអាល់ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ប្រចាំរាជធានីភ្នំពេញ៕

សូមមើល​បញ្ជីឈ្មោះលេខរៀង​គណបក្ស​នយោបាយ ​សម្រាប់​ការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​ទាំង១,៦៤៦​ឃុំ​-​សង្កាត់ នៅទូទាំងប្រទេស

FN ៖ លេខរៀងគណបក្សនយោបាយសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤ មិនដូចគ្នាទៅនឹងលេខរៀង គណបក្សនយោបាយនៃការបោះឆ្នោតថ្នាក់ជាតិកាលពីឆ្នាំ២០១៣ទៀតនោះឡើយ។ និយាយជារួមលេខរៀងគណបក្សនយោបាយ សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់នេះ គឺត្រូវបានធ្វើឡើងទៅតាមឃុំ-សង្កាត់នីមួយៗ ហើយក៏មានលេខរៀងខុសគ្នា ទៅតាមឃុំ-សង្កាត់ផងដែរ។ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងលោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ សុទ្ធតែបានអំពាវនាវដល់ប្រជាពលរដ្ឋជាអ្នកបោះឆ្នោតទាំងអស់ កុំឲ្យមានការភ័ន្តច្រឡំទៅលើលេខរៀងគណបក្សនយោបាយនេះបន្តទៅទៀត។ ដោយសារតែការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់មានលេខរៀងគណបក្សនយោបាយច្រើនខុសពីការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនោះ សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យអ្នកបោះឆ្នោតទាំងអស់ត្រូវចំណាំទៅលើស្លាកសញ្ញាគណបក្សទើបងាយស្រួលចំណាំ។