FN ៖ លេខរៀងគណបក្សនយោបាយសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤ មិនដូចគ្នាទៅនឹងលេខរៀង គណបក្សនយោបាយនៃការបោះឆ្នោតថ្នាក់ជាតិកាលពីឆ្នាំ២០១៣ទៀតនោះឡើយ។ និយាយជារួមលេខរៀងគណបក្សនយោបាយ សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់នេះ គឺត្រូវបានធ្វើឡើងទៅតាមឃុំ-សង្កាត់នីមួយៗ ហើយក៏មានលេខរៀងខុសគ្នា ទៅតាមឃុំ-សង្កាត់ផងដែរ។
សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងលោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ សុទ្ធតែបានអំពាវនាវដល់ប្រជាពលរដ្ឋជាអ្នកបោះឆ្នោតទាំងអស់ កុំឲ្យមានការភ័ន្តច្រឡំទៅលើលេខរៀងគណបក្សនយោបាយនេះបន្តទៅទៀត។ ដោយសារតែការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់មានលេខរៀងគណបក្សនយោបាយច្រើនខុសពីការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនោះ សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យអ្នកបោះឆ្នោតទាំងអស់ត្រូវចំណាំទៅលើស្លាកសញ្ញាគណបក្សទើបងាយស្រួលចំណាំ។