FN ៖ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ថា គិតត្រឹមថ្ងៃ២៩ ខែឧសភា ឆ្នាំ២០១៧ គ.ជ.ប បានទទួលបានពាក្យបណ្ដឹងចំនួន៥៦ករណី នាអំឡុងពេលឃោសនាបោះឆ្នោតជ្រើសរើសឃុំ-សង្កាត់ អាណត្តិទី៤ ក្នុងនោះគណបក្ស ប្រជាជនកម្ពុជា បានដាក់ពាក្យប្ដឹងទៅគណបក្សសង្គ្រោះជាតិ ច្រើនជាងគណបក្សសង្គ្រោះជាតិ ប្ដឹងមកគណបក្សប្រជាជនកម្ពុជា។
លោក ហង្ស ពុទ្ធា បានបញ្ជាក់ប្រាប់អង្គភាព Fresh News នៅរសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧នេះ យ៉ាងដូច្នេះថា «បណ្ដឹងទាំង៥៦នេះ ភាគច្រើនប្ដឹងដោយបេក្ខជនមកពីគណបក្សប្រជាជនកម្ពុជា ដែលបានប្ដឹងទៅលើគណបក្សសង្គ្រោះជាតិ ក្រោមអង្គហេតុបែបរិះគន់គ្នាដោយសម្តីធ្ងន់ៗ និងការជេរប្រមាថ បន្ទោសបង្អាប់គ្នាជាដើម»។
លោកបានបន្ថែមទៀតថា បណ្ដឹងខ្លះត្រូវបានដោះស្រាយនៅត្រឹម គណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោត (គឃ.សប) និងគណៈកម្មការរាជធានី-ខេត្តរៀបចំការបោះឆ្នោត (គធ.សប) ជាបន្តបន្ទាប់ហើយ។
លោកនៅតែអះអាងថា ដំណើការឃោសនាបោះឆ្នោតឃុំ-សង្កាត់ អាណត្តិទី៤នេះ មានភាពល្អប្រសើច្រើនជាងឆ្នាំមុន ត្រង់ថា គ.ជ.ប ទទួលបានពាក្យបណ្ដឹងតិច ហើយភាគច្រើនអាចដោះស្រាយបានតាមនីតិវិធី។
សូមបញ្ជាក់ថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានផ្តល់រយៈពេលត្រឹម១៤ថ្ងៃ ឲ្យគណបក្សនយោបាយឃោសនារកសំឡេងឆ្នោត ហើយក្នុងរយៈពេល១៤ថ្ងៃនោះ គណបក្សនយោបាយអាចដង្ហែក្បួនឃោសនា បានត្រឹមតែ២ថ្ងៃប៉ុណ្ណោះ៕