រដ្ឋមន្ត្រីម៉ម ប៊ុនហេង​ ជំរុញដល់មន្ដ្រីរបស់ខ្លួន ពង្រឹងការងារ ផ្តល់សេវាសុខភាព នៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ

FN ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល ​លោកម៉ម ប៊ុនហេង បានថ្លែងជំរុញដល់គ្រូពេទ្យមណ្ឌលសុខភាពមាឡៃ ក្នុងការពង្រឹងការងារ ផ្ដល់សេវាសុខភាព នៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ ជូនប្រជាពលរដ្ឋ ​ ។ រដ្ឋមន្ដ្រី​ថ្លែងបែបនេះ ក្នុងឱកាសចុះពិនិត្យ មណ្ឌលសុខភាពដែលនៅតាមព្រុំដែន កម្ពុជា-ថៃ ដើម្បីពង្រឹងការងារផ្តល់សេវាសុខភាព​ ព្រមទាំងជួបសំណេះសំណាល និងសាកសួរសុខទុក្ខដល់មន្រ្តីសុខាភិបាលនៅតាមមូលដ្ឋាននិង អ្នកជំងឺ ដែលកំពុងសម្រាកព្យាបាល ក្នុង​មូលដ្ឋានសុខាភិបាលសាធារណ:នៅថ្ងៃទី០៧ ខែកក្កដានេះ។ ទ​ន្ទឹមនឹងនោះ​ រដ្ឋមន្ដ្រីម៉ម ប៊ុនហេង ក៏បានសំដែងនូវការកោតសរសើរ យ៉ាងស្មោះជូន ដល់បុគ្គលិកពេទ្យទាំងអស់ ចំពោះការខិតខំប្រឹងប្រែងផ្តល់សេវាជូន ដល់បងប្អូនប្រជាពលរដ្ឋនៅតំបន់នោះផងដែរ៕

ចៅសង្កាត់ និងសមាជិកក្រុមប្រឹក្សាសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ ត្រូវប្រកាសឲ្យចូលកាន់តំណែងជាផ្លូវការ នៅថ្ងៃនេះ, ចៅសង្កាត់មកពីគណបក្សប្រជាជន បន្តកាន់កាប់តំណែង៤អាណត្តិជាប់គ្នា

FN ៖ អភិបាលខណ្ឌជ្រោយចង្វារ លោក ឃ្លាំង ហួត នៅរសៀលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៧នេះ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់ សមាជិកក្រុមប្រឹក្សាសង្កាត់ព្រៃព្រែកតាសេកជាផ្លូវការ។ លោក អឿន ស៊ីផុន បានជាប់ឆ្នោតជាចៅសង្កាត់ព្រែកតាសេក ក្នុងអាណត្តិទី៤នេះ មកពីគណបក្សប្រជាជនកម្ពុជា ពោលបានកាន់កាប់តំណែង៤អាណត្តិជាប់គ្នាៗ។ ស្ថិតក្នុងឱកាសនោះ អភិបាលខណ្ឌ បានថ្លែងអំណរគុណដល់ក្រុមប្រឹក្សាសង្កាត់ ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការអភិវឌ្ឍមូលដ្ឋានឲ្យរីកចម្រើន ហើយបន្តកិច្ចការងារនេះ ឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ជាពិសេសត្រូវដោះស្រាយ ទុក្ខលំបាករបស់ប្រជាពលរដ្ឋ ទាំងសេវាតម្រូវការនិងសេវាសំណូមពរ គឺធ្វើយ៉ាងណាកុំឲ្យពលរដ្ឋថ្នាំងថ្នាក់។ លោក ឃ្លាំង ហួត បានបញ្ជាក់ថា «សមាជិកក្រុមប្រឹក្សាសង្កាត់ មិនត្រូវប្រកាន់និន្នការបក្ស ក្នុងម៉ោងបំពេញការងារនោះទេ និងត្រូវរួបរួមសាមគ្គីគ្នាធ្វើការបម្រើ ប្រជាពលរដ្ឋឲ្យបានល្អ និងសង្គមជាតិ»។ ជាមួយគ្នានេះ លោកអភិបាលខណ្ឌ បានណែនាំដល់លោកចៅសង្កាត់បន្តការងារកាន់តែខ្លាំង លើការដោះស្រាយបញ្ហាជូន ប្រជាពលរដ្ឋជាក់ស្តែងតាមមូលដ្ឋាន និងបង្កើនបម្រើសេវាសាធារណៈកាន់តែប្រសើរ មានប្រសិទ្ធភាពជូនពួកគាត់៕  

នាយឧត្តមសេនីយ៍ នេត សាវឿន ព្រមានដកស័ក្តិ និង​ដកតួនាទីមន្ដ្រីនគរបាលទាំងឡាយណាដែលប្រព្រឹត្តខុស ដោយគ្មានការអត់ឱនទៀតឡើយ​

FN ៖ ថ្លែងនៅក្នុងពិធីប្រកាសតែងតាំង ស្នងការខេត្តតាកែវថ្មី នៅព្រឹកថ្ងៃ​ទី០៧ ខែ​កក្ដដា ឆ្នាំ​២០១៧នេះ នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគបាលជាតិ បាន​ព្រមានមន្រ្តីនគបាលទាំងអស់ ពង្រឹងវិន័យឲ្យបានម៉ឹងម៉ាត់ ជៀសវាងប្រព្រឹត្តបទល្មើសផ្សេងៗ ហើយបើមានមន្រ្តីណា ដែលប្រព្រឹត្តខុសពីវិន័យរបស់កងកម្លាំងនគបាលជាតិ នឹងត្រូវដកស័ក្ដិ និងដកតួនាទីភ្លាម។ ​នាយឧត្តមសេនីយ៍អគ្គស្នងការ ថ្លែងយ៉ាងដូច្នេះថា ​«មកដល់ម៉ោងនេះហើយ គ្មានការយោគយល់អីនោះទេ មន្រ្តីនគបាលណាម្នាក់ដែលប្រព្រឹត្តអ្វីមួយខុសច្បាប់ ឬខុសវិន័យកងកម្លាំងធ្ងន់ធ្ងរត្រូវដកស័ក្តិ ដកតួនាទី បណ្ដេញចោល ឬបញ្ជូនទៅតុលាការដើម្បីកាត់ទោសទៅតាមច្បាប់តែម្ដង»។ ជាមួយគ្នានោះ នាយឧត្តមសេនីយ៍ នេត សាវឿន បានរំលឹកអំពីករណី​មន្រ្តីនគរបាលចរាចរ​ម្នាក់ ដែលបានបើករថយន្តប៉ះគេហើយ ដកកាំភ្លើងបាញ់គំរាមគេទៀតនោះ គឺជាគំរូស្រាប់ ព្រោះបានបញ្ចុះស័ក្តិ និងដកតួនាទីថែមទៀតផង ដូច្នេះ​លោកស្នងការទាំងអស់ ត្រូវតែធ្វើការអប់រំ ដាស់តឿន និងពង្រឹងវិន័យដល់កូនចៅរបស់ខ្លួន ឲ្យបានជាប់ជាប្រចាំជៀសវាង​ប្រព្រឹត្តិខុសនាំ​ឲ្យមានបញ្ហាដល់ខ្លួនគេផ្ទាល់ និងប៉ះពាល់កិត្តិយសអង្គភាព។ សូមជម្រាបថា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ចេញប្រកាសជាផ្លូងការដកហូតតំណែង និងបន្ថយស័ក្តិមន្រ្តីនគរបាល លឹម ចំណាន ដែលបានបើករថយន្តកៀរ និងដកកាំភ្លើងបាញ់គំរាមប្រជាពលរដ្ឋ តាមបណ្តោយផ្លូវជាតិលេខ១​៕