FN ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានបញ្ជាក់ឲ្យដឹងថា ចាប់តាំងពីឆ្នាំ១៩៨០មក ជាពេលដែលប្រទេសកម្ពុជា ត្រូវបានរំដោះចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត រហូតមកដល់ឆ្នាំ២០១៧នេះ មាននិស្សិតសរុប ២៤,១៨៨នាក់ បានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។ ក្នុងនោះសាកលវិទ្យាល័យបានបញ្ជូននិស្សិត ៦៨៦នាក់ ទៅបន្តកម្មសិក្សា និងសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់វេជ្ជបណ្ឌិតឯកទេស និងបណ្ឌិតនៅប្រទេសបារាំង អូស្រាលី ជប៉ុន កូរ៉េ ចិន អាមេរិក និងបែលហ្សិក។
លោករដ្ឋមន្រ្តីក្រសួងសុខាភិបាល បានថ្លែងបញ្ជាក់ដូច្នេះក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតពេទ្យសរុប ៣,៩៨៦នាក់ នៅសាលសន្និបាត និងពិព័រណ៍កោះពេជ្រនាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧នេះ ក្រោមអធិបតភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
បើតាមលោក ម៉ម ប៊ុនហេង និស្សិតដែលទទួលសញ្ញាបត្រនាព្រឹកនេះ រួមមាន៖ វេជ្ជបណ្ឌិតឯកទេស វេជ្ជបណ្ឌិតទូទៅ ទន្តបណ្ឌិត ឱសថការី បរិញ្ញាបត្រ បរិញ្ញាបត្ររង គិលានុបដ្ឋាក ឆ្មប មន្ទីរពិសោធន៍ វិទ្យុសាស្រ្ត និងព្យាបាលដោយចលនា។ និស្សិតដែលបញ្ចប់ការសិក្សានេះ មាន ៩៥.៧ភាគរយ ទទួលបានការងារធ្វើ ក្នុងនោះ ៤៦.៥ភាគរយ ធ្វើការងាររដ្ឋ, ៣៥.៧ភាគរយ ធ្វើការងារឯកជន និង ១៣.១៤ភាគរយ ធ្វើអាជីវកម្មផ្ទាល់ខ្លួន។
លោក ម៉ម ប៊ុនហេង បានគូសបញ្ជាក់ថា ទាំងនិស្សិតដែលទើបទទួលសញ្ញាបត្រនាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧នេះ ក៏ដូចជានិស្សិតដែលបញ្ចប់ការសិក្សានាពេលកន្លងមក បានចូលរួមចំណែកខ្ពស់ក្នុងការពង្រឹងវិស័យសុខាភិបាលឲ្យកាន់តែល្អប្រសើរ និងបានចូលរួមព្យាបាលជំងឺជូនប្រជាពលរដ្ឋកាន់តែមានប្រសិទ្ធភាពផងដែរ៕