FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧នេះ បានអញ្ជើញប្រគល់សញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាល័យ វិទ្យាសាស្រ្តសុខាភិបាលសរុប ៣,៩៨៦នាក់។ និស្សិតដែលទទួលសញ្ញាបត្រនៅថ្ងៃនេះរួមមាន៖ វេជ្ជបណ្ឌិតឯកទេស វេជ្ជបណ្ឌិតទូទៅ ទន្តបណ្ឌិត ឱសថការី បរិញ្ញាបត្រ បរិញ្ញាបត្ររង គិលានុបដ្ឋាក ឆ្មប មន្ទីរពិសោធន៍ វិទ្យុសាស្រ្ត និងព្យាបាលដោយចលនា។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* បន្ទាប់ពីបញ្ចប់ការប្រគល់សញ្ញាបត្រដល់និស្សិតពេទ្យ សម្តេចតេជោ ហ៊ុន សែន បន្តហោះហើរទៅកាន់ទីក្រុងណាននីង ខេត្តក្វាងស៊ី ប្រទេសចិន ដើម្បីចូលរួមពិព័រណ៍ចិន-អាស៊ាន។
* សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ក្រុមគ្រូពេទ្យទាំងអស់ត្រូវមានក្រមសីលធម៌ ហើយត្រូវចាត់ទុកអ្នកជំងឺទាំងអស់ដូចជាជីវិតរបស់ខ្លួនឯង។
* សម្តេចតេជោ បានបញ្ជាក់ថា បើទោះបីរាជរដ្ឋាភិបាលដាក់ចេញគោលនយោបាយល្អប៉ុណ្ណាក៏ដោយ ក៏មិនអាចទទួលបានជោគជ័យនោះឡើយ ប្រសិនបើក្រុមគ្រូពេទ្យមិនយកចិត្តទុកដាក់អនុវត្តន៍នោះ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កញ្ចប់សេវាសុខាភិបាលនឹងកាន់តែធំទៅៗ ព្រោះត្រូវការនូវការគាំពារសង្គមមួយដ៏ល្អប្រសើរ។
* សម្តេចតេជោ បានបញ្ជាក់ថា ការដាក់ចេញគោលនយោបាយបង្កើនពេទ្យឆ្មបកាលពីប៉ុន្មានឆ្នាំមុន កំពុងទទួលបានជោគជ័យ ព្រោះបច្ចុប្បន្ននេះតម្រូវការពេទ្យឆ្មបកំពុងមានកម្រិតខ្ពស់។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាត្រូវការពង្រាយមន្ទីរពេទ្យឲ្យបានកាន់តែច្រើនទៀតនៅតាមក្បែររោងចក្រ ដើម្បីជួយសម្រួលការផ្តល់សេវាដល់កម្មករ កម្មការិនី។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដំណើរទស្សនកិច្ចរបស់សម្តេចទៅក្នុងប្រទេសចិននៅក្នុងថ្ងៃនេះ សម្តេចក៏នឹងប្រឹងប្រែងក្នុងការស្វែងរកជំនួយ ដើម្បីសាងសង់មន្ទីរពេទ្យបង្អែក។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជាភ័ព្វសំណាងណាស់ ដែលកម្ពុជា បានរកឃើញនូវទង្វើក្បត់ជាតិរបស់លោក កឹម សុខា បើមិនដូច្នោះទេជាតិខ្មែរទាំងមូល នឹងត្រូវរងគ្រោះ។ សម្តេចតេជោបន្តថា ប្រសិនបើគណបក្សសង្រ្គោះជាតិ នៅតែបន្តការពារលោក កឹម សុខា, គណបក្សទាំងមូលនឹងត្រូវរំលាយចោលផងដែរ។
* សម្តេចតេជោ បន្តថា បើអត់មានគណបក្សសង្រ្គោះជាតិមួយ ក៏មិនប៉ះពាល់ដល់ដំណើរការបោះឆ្នោតនោះឡើយ ពីព្រោះនៅមានគណបក្ស នយោបាយជាច្រើនទៀតចូលរួមបោះឆ្នោត។
* សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា កិច្ចប្រជុំរបស់រដ្ឋសភានាព្រឹកថ្ងៃនេះ មិនមែនជាកិច្ចប្រជុំដើម្បីដកអភ័យឯកសិទ្ធិរបស់លោក កឹម សុខា នោះទេ ព្រោះទោសរបស់លោក កឹម សុខា គឺជាបទល្មើសជាក់ស្តែង ដូច្នេះអភ័យឯកសិទ្ធិគឺត្រូវបានបាត់បង់ដោយស្វ័យប្រវត្តិទៅហើយ។
* សម្តេចតេជោ បញ្ជាក់ថា កិច្ចប្រជុំរដ្ឋសភានាព្រឹកនេះ គឺដើម្បីពិនិត្យមើលថា តើសំណុំរឿងលោក កឹម សុខា ត្រូវបន្តដំណើរការក្តីទៅមុខឬយ៉ាងណា? សម្តេចបន្ថែមថា ប្រសិនបើចង់ផ្អាកដំណើរការក្តីនេះ គឺត្រូវទាមទារឲ្យមានសំឡេង ៣/៤ ទើបអាចផ្អាកដំណើរការក្តីបាន។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងហៅ លោក ហូរ វ៉ាន់ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ដែលបានឆ្លងដែនទៅកាន់ប្រទេសថៃល្ងាចថ្ងៃម្សិលមិញ ឲ្យត្រឡប់ចូលប្រទេសវិញ ព្រោះលោក ក៏ជាប់ពាក់ព័ន្ធនឹងការចែកខិតបណ្ណធ្វើបាតុកម្មកាលពីឆ្នាំ២០១៣ផងដែរ។
* សម្តេចតេជោ ហ៊ុន សែន បានចោទសួរអាមេរិកថា តើមកធ្វើជាដៃគូជាមួយកម្ពុជា ឬក៏មកធ្វើជាម៉ែឪរបស់កម្ពុជា? សម្តេចតេជោ ផ្តាំអាមេរិកកុំចងពារជាមួយកម្ពុជា ព្រោះទម្ងន់គ្រាប់បែកនៅទសវត្សរ៍ឆ្នាំ ៦០-៧០ មិនទាន់យកចេញពីដីកម្ពុជាអស់នៅឡើយទេ។