មន្រ្តីកំពូលខុទ្ទកាល័យនាយករដ្ឋមន្រ្តី ឆ្លើយតបស្ថានទូតអាមេរិក៖ តើអាមេរិកចោទប្រកាន់ កឹម សុខា ឬ កឹម សុខា ជាអ្នកចោទប្រកាន់អាមេរិក?

FN ៖ ភ្លាមៗឆ្លើយតបនឹងសេចក្តីថ្លែងការណ៍របស់ស្ថាន​ទូតសហរដ្ឋអាមេរិកប្រចាំទីក្រុងភ្នំពេញ, នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧នេះ មន្ត្រីកំពូលនៃខុទ្ទកាល័យរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងអះអាងប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងយ៉ាងដូច្នេះថា៖ «ការនិយាយរប​ស់លោក កឹម សុខា នៅក្នុងវិដេអូ ដូចដែលបានឃើញនោះគឺជាភស្តុតាងយ៉ាងច្បាស់ និងគ្រប់គ្រាន់, ដែលនេះជាទង្វើក្បត់ជាតិដ៏ធ្ងន់ធ្ងររបស់លោក កឹម សុខា ជាមួយសហរដ្ឋអាមេរិក ដើម្បីចង់ផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់។ ហើយការចាប់ខ្លួនគឺធ្វើឡើងដោយមានភស្តុតាងច្បាស់លាស់ នៅក្នុងវិដេអូដែលលោក កឹម សុខា បាននិយាយដែលមិនអាចប្រកែកបានឡើយ»។ មន្ត្រីកំពូលនៃខុទ្ទកាល័យរបស់នាយករដ្ឋមន្រ្តី ហ៊ុន សែន បានអះអាងបន្តថា៖ «ប្រសិនបើអ្វីដែលលោក កឹម សុខា បាននិយាយនៅក្នុងវិដេអូនោះ មិនមានភាព ច្បាស់លាស់ ហេតុអ្វីស្ថានទូតអាមេរិក មិនចេញមកបដិសេធចំពោះការនិយាយរបស់លោក កឹម សុខា ? តើសហរដ្ឋអាមេរិក ជាអ្នកចោទប្រកាន់លោក កឹម សុខា ឬលោក កឹម សុខា ជាអ្នកចោទប្រកាន់សហរដ្ឋអាមេរិក? នេះជាការចោទសួរទៅស្ថានទូតសហរដ្ឋអាមេរិកវិញ ?»។ ការប្រតិកម្មធ្ងន់ៗជាបន្តបន្ទាប់របស់នាយករដ្ឋមន្ត្រីនៃកម្ពុជា…

គ.ជ.ប៖ រយៈពេល១០ថ្ងៃ ប្រជាពលរដ្ឋខ្មែរជិត៦ម៉ឺននាក់ បានទៅចុះឈ្មោះបោះឆ្នោតថ្មី ខណៈអ្នកត្រូវលុបឈ្មោះចោល២៣២នាក់

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ឲ្យដឹងថា នៅរយៈពេល១០ថ្ងៃដំបូង នៃដំណើរការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ មានប្រជាពលរដ្ឋទៅចុះឈ្មោះជិត៦ម៉ឺននាក់ហើយ ខណៈអ្នកដែលត្រូវលុបឈ្មោះចេញមានចំនួន២៣២នាក់។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ដែល Fresh News ទទួលបាននៅល្ងាចថ្ងៃទី១១ ខែកញ្ញានេះ។ គ.ជ.ប បានឲ្យដឹងថា រយៈពេល១០ថ្ងៃដំបូង នៃដំណើរការបើកឲ្យចុះឈ្មោះបោះឆ្នោត ចាប់ពីថ្ងៃទី០១ ដល់ទី១០ ខែកញ្ញា​ ឆ្នាំ២០១៧ មានប្រជាពលរដ្ឋខ្មែរ ៥៩,១៨៥នាក់ហើយ បានទៅចុះឈ្មោះបោះឆ្នោត។ តាមការប៉ាន់ស្មានរបស់ គ.ជ.ប ប្រជាពលរដ្ឋខ្មែរដែលត្រូវមកចុះបោះឆ្នោត ក្នុងបញ្ជីចុះឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០១៧ មានជាង១.៦លាននាក់ ខណៈប្រជាពលរដ្ឋខ្មែរ ដែលមានអាយុ១៨ឆ្នាំឡើងទៅ ត្រូវបានប៉ាន់ស្មានថា មានប្រមាណ៩.៨លាននាក់៕

រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ ចាប់តាំងពីឆ្នាំ១៩៨០ មកដល់បច្ចុប្បន្ន មាននិស្សិត ២៤,១៨៨នាក់ បានបញ្ចប់ការសិក្សាដោយជោគជ័យ

FN ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានបញ្ជាក់ឲ្យដឹងថា ចាប់តាំងពីឆ្នាំ១៩៨០មក ជាពេលដែលប្រទេសកម្ពុជា ត្រូវបានរំដោះចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត រហូតមកដល់ឆ្នាំ២០១៧នេះ មាននិស្សិតសរុប ២៤,១៨៨នាក់ បានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។ ក្នុងនោះសាកលវិទ្យាល័យបានបញ្ជូននិស្សិត ៦៨៦នាក់ ទៅបន្តកម្មសិក្សា និងសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់វេជ្ជបណ្ឌិតឯកទេស និងបណ្ឌិតនៅប្រទេសបារាំង អូស្រាលី ជប៉ុន កូរ៉េ ចិន អាមេរិក និងបែលហ្សិក។ លោករដ្ឋមន្រ្តីក្រសួងសុខាភិបាល បានថ្លែងបញ្ជាក់ដូច្នេះក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតពេទ្យសរុប ៣,៩៨៦នាក់ នៅសាលសន្និបាត និងពិព័រណ៍កោះពេជ្រនាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧នេះ ក្រោមអធិបតភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ បើតាមលោក ម៉ម ប៊ុនហេង និស្សិតដែលទទួលសញ្ញាបត្រនាព្រឹកនេះ រួមមាន៖ វេជ្ជបណ្ឌិតឯកទេស វេជ្ជបណ្ឌិតទូទៅ ទន្តបណ្ឌិត ឱសថការី បរិញ្ញាបត្រ បរិញ្ញាបត្ររង គិលានុបដ្ឋាក ឆ្មប មន្ទីរពិសោធន៍ វិទ្យុសាស្រ្ត និងព្យាបាលដោយចលនា។…