FN ៖ ភ្លាមៗឆ្លើយតបនឹងសេចក្តីថ្លែងការណ៍របស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំទីក្រុងភ្នំពេញ, នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧នេះ មន្ត្រីកំពូលនៃខុទ្ទកាល័យរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងអះអាងប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងយ៉ាងដូច្នេះថា៖ «ការនិយាយរបស់លោក កឹម សុខា នៅក្នុងវិដេអូ ដូចដែលបានឃើញនោះគឺជាភស្តុតាងយ៉ាងច្បាស់ និងគ្រប់គ្រាន់, ដែលនេះជាទង្វើក្បត់ជាតិដ៏ធ្ងន់ធ្ងររបស់លោក កឹម សុខា ជាមួយសហរដ្ឋអាមេរិក ដើម្បីចង់ផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់។ ហើយការចាប់ខ្លួនគឺធ្វើឡើងដោយមានភស្តុតាងច្បាស់លាស់ នៅក្នុងវិដេអូដែលលោក កឹម សុខា បាននិយាយដែលមិនអាចប្រកែកបានឡើយ»។
មន្ត្រីកំពូលនៃខុទ្ទកាល័យរបស់នាយករដ្ឋមន្រ្តី ហ៊ុន សែន បានអះអាងបន្តថា៖ «ប្រសិនបើអ្វីដែលលោក កឹម សុខា បាននិយាយនៅក្នុងវិដេអូនោះ មិនមានភាព ច្បាស់លាស់ ហេតុអ្វីស្ថានទូតអាមេរិក មិនចេញមកបដិសេធចំពោះការនិយាយរបស់លោក កឹម សុខា ? តើសហរដ្ឋអាមេរិក ជាអ្នកចោទប្រកាន់លោក កឹម សុខា ឬលោក កឹម សុខា ជាអ្នកចោទប្រកាន់សហរដ្ឋអាមេរិក? នេះជាការចោទសួរទៅស្ថានទូតសហរដ្ឋអាមេរិកវិញ ?»។
ការប្រតិកម្មធ្ងន់ៗជាបន្តបន្ទាប់របស់នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដោយភ្ជាប់សហរដ្ឋអាមេរិក ទៅនឹងសំណុំរឿងក្បត់ជាតិរបស់លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិនោះ បានធ្វើឲ្យឯកអគ្គរដ្ឋអាមេរិកប្រចាំនៅកម្ពុជា លោក វីលៀម ហើស លែងនៅស្ងៀម និងចេញសេចក្តីថ្លែងការណ៍បន្ទាន់មួយ នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ ពាក់ព័ន្ធលើស្ថានភាពដ៏តានតឹងនៃទំនាក់ទំនងកម្ពុជា និងអាមេរិកក្នុងមួយរយៈពេលចុងក្រោយ ជាមួយនឹងការចាប់ខ្លួនលោក កឹម សុខា ផងដែរ។
នៅក្នុងសេចក្តីថ្លែងការណ៍របស់ឯកអគ្គរដ្ឋអាមេរិកនៅកម្ពុជានាថ្ងៃនេះ បានបង្ហាញការសោកស្តាយជាខ្លាំងដែលកម្ពុជា បានទាញភ្ជាប់អាមេរិកទៅនឹងសំណុំរឿងក្បត់ជាតិរបស់លោក កឹម សុខា នឹងចាត់ទុកការនេះ គឺជាការចោទប្រកាន់ដ៏មិនធម្មតាមួយ។ លោកឯកអគ្គរដ្ឋទូតបន្តថា លោកមានអារម្មណ៍ឈឺចាប់ណាស់ចំពោះការចោទប្រកាន់នេះ ព្រោះវត្តមានរបស់លោកនៅកម្ពុជា គឺបំណងចង់ធ្វើឲ្យទំនាក់ទំនងរវាងប្រទេស និងប្រជាជនកម្ពុជា-អាមេរិក កាន់តែល្អប្រសើរ។
ភ្លាមៗបន្ទាប់ពីចេញសេចក្តីរបស់ស្ថានទូតអាមេរិក មន្រ្តីកំពូលនៃខុទ្ទកាល័យរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ឆ្លើយតបវិញថា «អ្វីដែលលោក កឹម សុខា បានលើកឡើងនៅក្នុងវេទិកាសាធារណៈកាលពីចុងឆ្នាំ២០១៣ នៅប្រទេសអូស្រ្តាលី គឺជាភស្តុតាងយ៉ាងច្បាស់លាស់ និងមិនអាចប្រកែកជាដាច់ខាត ដែលលោកក្រោមការបង្គាប់បញ្ជា និងរៀបចំផែនការពីសំណាក់សហរដ្ឋអាមេរិក ដើម្បីចង់ផ្តួលរំលំរដ្ឋាភិបាល»។