ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រមូលចំណូលបានជិត៥ពាន់លានដុល្លារ នៅឆ្នាំ២០១៧

FN ៖ ក្នុងឆ្នាំ២០១៧កន្លងទៅ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រមូលចំណូលចូលរដ្ឋបាន១៩.៣ទ្រីលានរៀល (ប្រហែល៤.៨ពាន់លានដុល្លារអាមេរិក)។ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួង ស្ដីពីលទ្ធផលនៃកិច្ចប្រជុំត្រួតពិនិត្យនិងវាយតម្លៃការអនុវត្ដថវិកា ប្រចាំឆ្នាំ២០១៧ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលរៀបចំឡើង នៅថ្ងៃទី ២៨ ខែ កុម្ភៈ ឆ្នាំ២០១៨ ដែល Fresh News ទទួលបាននៅថ្ងៃទី០១ ខែមីនានេះ បានបញ្ជាក់ថា «ការអនុវត្តចំណូលរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្រេចបានលទ្ធផលល្អ ដោយអង្គភាពក្រោមឱវាទក្រសួងប្រមូលបានប្រមាណ ១៩.៣ ទ្រីលានរៀលស្មើនឹង១០៦.១%នៃច្បាប់ ក្នុងនោះចំណូលសារពើពន្ធ (ចំណូលគយ និងរដ្ឋាករ និងចំណូលពន្ធដារ) ប្រមូលបានលើសច្បាប់៨.៤% ចំណូលមិនមែនសារពើពន្ធប្រមូលបានលើសច្បាប់៨.១% និងចំណូលមូលធនសម្រេចបានប្រមាណ៩៩.៧% នៃច្បាប់»។ សេចក្តីប្រកាសព័ត៌មានដដែលបានឲ្យដឹងបន្តថា ការអនុវត្តចំណាយតាមអង្គភាពថវិកាភាគច្រើន បានល្អជាងឆ្នាំ២០១៦ ដោយការអនុវត្តកាន់តែខិតជិតឥណទានច្បាប់ លើកលែងតែករណីដែ លមានការបន្ថែមឥណទានថវិកា តាមការសម្រេចរបស់រាជរដ្ឋាភិបាល ជាពិសេសលើអន្តរាគមន៍របស់រដ្ឋ លើការជំរុញផលិតកម្ម និងទីផ្សារស្រូវអង្ករ៕

ទេសរដ្ឋមន្ដ្រី ប្រាក់ សុខុន អំពាវនាវដល់គ្រប់ស្ថាប័នពាក់ព័ន្ធ និងជាពិសេស យុវជនជំនាន់ក្រោយ ចូលរួមឲ្យបានសកម្ម នៅក្នុងដំណើរការ ASEM

FN ៖ ប្រមុខការទូតកម្ពុជា នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨នេះ បានអំពាវនាវទៅដល់ គ្រប់ស្ថាប័ន ពាក់ព័ន្ធទាំងអស់ និងជាពិសេស យុវជន ដែលជាអ្នកជំនាន់ក្រោយ ចូលរួមឲ្យបានសកម្ម នៅក្នុងដំណើរការ របស់កិច្ចប្រជុំអាស៊ី-អឺរ៉ុប (ASEM)។ នេះបើតាមសេចក្ដីថ្លែងការណ៍របស់ លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន នៅក្នុងឱកាស ថ្ងៃរំលឹកខួបប្រចាំឆ្នាំលើកទី២ នៃទិវា ASEM DAY នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨នេះ។ ASEM DAY ដែលត្រូវបានកំណត់ឡើង ដោយមេដឹកនាំនៃទ្វីបអាស៊ី និងអឺរ៉ុប ក្នុងកិច្ចប្រជុំកំពូលលើកទី១១ កាលពីខែកក្កដា ឆ្នាំ២០១៦ នៅក្នុងទីក្រុងអ៊ូឡង់បាទ័រ ប្រទេសម៉ុងហ្គោលី បានដើរតួនាទីគន្លឹះ ជាវេទិកាដ៏សំខាន់តែមួយគត់ សម្រាប់កិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការរវាងទ្វីបអាស៊ី និងអឺរ៉ុប ដែលមានគោលបំណងសំខាន់ ដើម្បីពង្រឹង ភាពជាដៃគូ ជំរុញសន្តិភាព និងសន្តិសុខ ព្រមទាំងលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ប្រកបដោយចីរភាព រវាងតំបន់ទាំងពីរ និងសកលលោក។ លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន…

សេចក្តីដកស្រង់សង្កថាក្នុងពិធីសំណេះសំណាលជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជន សម្តេចតេជោ

ការជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត (TYDA) ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាងកញ្ញា។ ថ្ងៃនេះខ្ញុំពិតជាមានក្តីរីករាយណាស់ដែលបានជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ដែលហៅកាត់ថា TYDA ហើយដែលបានក្នុងរយៈពេលកន្លងទៅបានធ្វើសកម្មភាពយ៉ាងច្រើន។ ខ្ញុំនៅបានចងចាំថានៅពេលមួយ ដោយសារកិច្ចការមនុស្សធម៌កាន់តែច្រើននៅក្នុងក្រុមគ្រួសារ ខ្ញុំក៏បានហៅកូនប្រុសស្រីទាំងប៉ុន្មាននាក់របស់ខ្ញុំទៅជជែកគ្នានៅផ្ទះរបស់កូនស្រីរបស់ខ្ញុំ។ យើងក៏ចាប់ផ្តើមចែកភារកិច្ចគ្នា ព្រោះថាមុននោះ យើងមានមូលនិធិ បាយ័ន ហើយមូលនិធិបាយ័ននេះធ្វើសកម្មភាពច្រើនទិសដៅ រាប់ទាំងសកម្មភាពជួយទ្រទ្រង់សមរភូមិក្នុងពេលដែលយើងមានជម្លោះព្រំដែនជាមួយនឹងថៃ មូលនិធិនោះក៏បានជួយទៅដល់អ្នកដែលរត់ជាន់គ្នានៅកោះពេជ្រនេះផងដែរ។ មូលនិធិនេះក៏បានបង្កើតឡើងនូវការរៀបចំដើម្បីកសាងនូវផ្ទះទេវតាជូនប្រជាពលរដ្ឋក្រីក្រ ធ្វើអណ្តូងទឹក និងសកម្មភាពដទៃទៀត ព្រមពេលជាមួយគ្នាក៏ចាប់ផ្តើមលេចចេញជារូបរាងនៃគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោនៅខេត្តកំពង់ចាម។ ដូច្នេះ យើងក៏មានគំនិតផ្តួចផ្តើមអំពីការបែងចែកភារកិច្ចគ្នា ក្នុងចំណោមកូនៗដោយសារតែកូនៗរបស់ខ្ញុំគេធំធាត់អស់ហើយ គេល្មមទទួលខុសត្រូវបានហើយជាមួយនឹងកិច្ចការខ្លះ ដែលទាក់ទងជាមួយនឹងវិស័យមនុស្សធម៌ ហើយមិនមែនជាគោលដៅនៃការរកប្រាក់ចំណេញនោះទេ។ ក៏ប៉ុន្តែ អ្វីដែលយើងចង់ធ្វើនោះ គឺសំដៅជំរុញល្បឿនដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ហើយក៏ដើម្បីជួយទៅដល់ប្រជាជនដែលជួបការលំបាក។ ខ្លួនខ្ញុំផ្ទាល់ពីអតីតកាលគឺលំបាកណាស់ក្នុងរឿងនេះ បើទោះបីជាក្នុងរយៈពេលជិត ៤០ ឆ្នាំ​ ​នៃមុខតំណែងជាន់ខ្ពស់រហូតទៅដល់តំណែងជានាយករដ្ឋមន្ត្រី ដែលជាតំណែងខ្ពស់បំផុត និងខ្លាំងមានអំណាចបំផុតនៅក្នុងអង្គការនីតិប្រតិបត្តិ។ ការផ្តួចផ្តើមគំនិត​បង្កើត សមាគមគ្រូពេទ្យស្ម័គ្រចិត្តតេជោ ហៅកាត់ថា (TYDA) ប៉ុន្តែ ខ្ញុំមិនដែលភ្លេចនូវអតីតកាល ដែលពោរពេញទៅដោយការឈឺចាប់សម្រាប់ខ្លួនខ្ញុំផ្ទាល់ក្តី ឬក៏សម្រាប់ប្រជាជនកម្ពុជាយើងក្តី។ ដូច្នេះហើយជាមួយនឹងសកម្មភាព ដែលខ្ញុំដឹកនាំក្នុងក្របខណ្ឌ នៃការចំណាយថវិកាជាតិ យើងក៏ត្រូវមានគំនិតផ្តួចផ្តើម ដើម្បីធ្វើសកម្មភាពទាំងឡាយតាមលទ្ធភាពដែលអាចធ្វើទៅបាន។…