សូមក្រាបថ្វាយបង្គំព្រះថេរានុថេរៈគ្រប់ព្រះអង្គជាទីសក្ការៈ
– បងប្អូនជនរួមជាតិ សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ក្មួយៗយុវជនទាំងអស់ជាទីស្នេហា !
ថ្ងៃនេះ គឺជាទិវាដ៏មហានក្ខត្តឫក្សនៃការចាប់ផ្តើមបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៦ នៅទូទាំងប្រទេស ដែលជាព្រឹត្តិការណ៍នយោបាយជាប្រវត្តិសាស្ត្រមួយ ដ៏មានសារៈសំខាន់សម្រាប់ប្រជាជនកម្ពុជា ។ ព្រឹត្តិការណ៍ដ៏ធំនេះ ក៏ប្រព្រឹត្តទៅស្របពេលដែលសមាជិក សមាជិការបស់គណបក្ស យុវជន យុវនារី និងប្រជាជនយើង កំពុងអបអរសាទរយ៉ាងក្លៀវក្លា ខួបលើកទី ៦៧ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ដែលមានប្រវត្តិដ៏ថ្លៃថ្លា មានប្រភពកើតចេញពីចលនាតស៊ូរបស់ប្រជាជនកម្ពុជាស្នេហាជាតិប្រឆាំងនឹង ពួកឤណានិគមនិយមបារាំងដើម្បីឯករាជ្យជាតិ ហើយបានពុះពារឆ្លងកាត់បណ្តាដំណាក់កាលបត់បែន និងលំបាកស្មុគស្មាញបំផុតនៃប្រវត្តិសាស្ត្រយុគសម័យថ្មីរបស់កម្ពុជាប្រកបដោយវីរភាព។ ក្នុងនាមគណៈកម្មាធិការ កណ្តាលនៃគណបក្សប្រជាជនកម្ពុជា ខ្ញុំព្រះករុណា ខ្ញុំ សូមសម្តែងការគោរពដឹងគុណដ៏ជ្រាលជ្រៅបំផុត ជូនបងប្អូនជនរួមជាតិនៅគ្រប់ទិសទី ដែលតែងតែផ្តល់យុត្តិធម៌ ជំនឿ និងការគាំទ្រយ៉ាងរឹងមាំ ចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ។ គឺទឹកចិត្ត ឆន្ទៈ និងសកម្មភាពដ៏ឧត្តុង្គឧត្តម នេះហើយដែលជាប្រភពកម្លាំងយ៉ាងធំធេង ធ្វើឱ្យគណបក្សមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការបំពេញភារកិច្ចបម្រើជាតិ និងប្រជាជន ប្រកបដោយជោគជ័យ ក្នុងរយៈពេលជាង ៣៩ ឆ្នាំកន្លងមក ។
នៅក្នុងឱកាសដ៏វិសេសវិសាលនេះ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមសម្តែងគារវភក្តីភាព និង កតញ្ញុតាធម៌ដ៏ជ្រាលជ្រៅបំផុត ថ្វាយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលកំពុងគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់នៃប្រជាជាតិខ្មែរ និងសូមថ្វាយព្រះពរ ព្រះករុណាជា អម្ចាស់ជីវិតលើត្បូង និង សម្តេចព្រះវររាជមាតាជាតិខ្មែរ សូមមានព្រះរាជសុខភាពបរិបូរ ព្រះបញ្ញាញាណភ្លឺថ្លា និងព្រះជន្មាយុយឺនយូរ ដើម្បីបន្តដឹកនាំនាវាកម្ពុជាឆ្ពោះដល់ត្រើយវឌ្ឍនភាព វិបុលភាព និងសុភមង្គលជារៀងដរាប ។
នៅក្នុងឱកាសនេះដែរ យើងទាំងអស់គ្នាសូមរំឭកនូវការចងចាំប្រកបដោយការគោរព និងការដឹងគុណ យ៉ាងជ្រាលជ្រៅបំផុតចំពោះយុទ្ធជន យុទ្ធនារី អ្នកស្នេហាជាតិខ្មែរគ្រប់ជំនាន់ ដែលបានតស៊ូប្រយុទ្ធ និងធ្វើពលិកម្មយ៉ាងអង់ឤចក្លាហានបំផុត ដើម្បីឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី សន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាព នៃមាតុភូមិកម្ពុជាជាទីស្នេហានៃយើង ។
បងប្អូនជនរួមជាតិជាទីគោរពស្នេហា!
រយៈពេលជាង ៣៩ ឆ្នាំកន្លងមកនេះ ប្រជាជនកម្ពុជាបានធ្វើដំណើរលើកំណាត់ផ្លូវមួយយ៉ាងវែង ប្រកប ដោយជោគជ័យគួជាទីមោទនៈ ក្នុងភាពជាម្ចាស់លើជោគវាសនារបស់ខ្លួន ដោយបានពុះពារជម្នះរាល់ឧបសគ្គ និងការលំបាកសព្វបែបយ៉ាង ។ លើកំណាត់ផ្លូវដ៏វែងនេះ នៅគ្រប់កាលៈទេសៈ និងគ្រប់ស្ថានភាព គណបក្សប្រជាជនកម្ពុជា គឺជាកម្លាំងនយោបាយតែមួយគត់ ដែលបានផ្សារភ្ជាប់ រួមសុខ រួមទុក្ខជាមួយប្រជាជន និងបានធ្វើអ្វីៗគ្រប់យ៉ាងដើម្បីប្រជាជន ។ សមិទ្ធផលធំៗជាប្រវត្តិសាស្ត្រដែលគណបក្សបានសម្រេចជូនជាតិ ត្រូវបាន កត់ត្រាទុកក្នុងដួងចិត្តរបស់ប្រជាជន ដែលគ្មានអ្នកណាម្នាក់ឤចមកបំភ្លៃ ឬបដិសេធបានឡើយ ។ គណបក្សបានដឹកនាំការតស៊ូសង្គ្រោះជាតិពីរបបប្រល័យពូជសាសន៍ ទទួលបានមហាជ័យជម្នះជាប្រវត្តិសាស្ត្រ នាថ្ងៃ ៧ មករា ឆ្នាំ ១៩៧៩ ដែលធ្វើឱ្យប្រជាជាតិបានរស់ឡើងវិញ ហើយបាននាំមកជូនប្រជាជននូវសិទ្ធិ សេរីភាព ប្រជាធិបតេយ្យ កិត្តិយស និងសេចក្តីថ្លៃថ្នូរ ដែលត្រូវបានបាត់បង់ទាំងស្រុងនៅក្នុងរបបដ៏យង់ឃ្នងនោះ ។ គណបក្សបានការពារប្រជាជន ទប់ស្កាត់មិនឱ្យរបបប្រល័យពូជសាសន៍ឤចវិលត្រឡប់មកវិញបាន ហើយបានសម្រេចនូវសមិទ្ធផលជាប្រវត្តិសាស្ត្រ ក្នុងការស្តារ និងកសាងសេដ្ឋកិច្ច និងសង្គមឡើងវិញ ចាប់ពីចំណុចសូន្យឱ្យមានការវិវឌ្ឍឈានឡើងជាជំហានៗ រហូតមកដល់ដំណាក់កាលអភិវឌ្ឍន៍លើគ្រប់វិស័យដូចបច្ចុប្បន្ននេះ ។ គណបក្សប្រជាជនកម្ពុជាបានធ្វើឱ្យប្រជាជាតិទាំងមូល ទទួលបានសន្តិភាពពេញលេញ និង សម្រេចបាននូវការឯកភាពជាតិ ឯកភាពទឹកដីទាំងស្រុង តាមរយៈ «នយោបាយឈ្នះ–ឈ្នះ» តាំងពីចុងឆ្នាំ ១៩៩៨ មក ដែលបានបញ្ចប់ជាស្ថាពរនូវសង្គ្រាមដ៏រ៉ាំរ៉ៃរយៈពេលជិត ៣០ ឆ្នាំ នៅកម្ពុជា ។ ព្រមជាមួយនេះ គណបក្សបានលើកស្ទួយកិត្តិនាម និងកិត្យានុភាពរបស់កម្ពុជាឱ្យខ្ពស់ត្រដែតឡើងវិញលើឆាកអន្តរជាតិ ធ្វើឱ្យកម្ពុជាក្លាយទៅជារដ្ឋមួយមានឯករាជ្យ និងអធិបតេយ្យពេញលេញ ដែលកំពុងចូលរួមយ៉ាងសកម្ម ដោយស្មើភាព និងស្មើសិទ្ធិ ក្នុងរាល់កិច្ចការ អន្តរជាតិនានា ទាំងក្នុងក្របខណ្ឌតំបន់ ក៏ដូចជាពិភពលោក ។
ដោយឡែក នៅក្នុងនីតិកាលទី ៥ នៃរដ្ឋសភា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាដែលទទួលបាននូវឤណត្តិកិច្ចជាគណបក្សកាន់អំណាចតាមរយៈការបោះឆ្នោតប្រជាធិបតេយ្យ ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ កាលពីខែ កក្កដា ឆ្នាំ ២០១៣ និងដែលមានរូបខ្ញុំព្រះករុណា ខ្ញុំ ជានាយករដ្ឋមន្ត្រី បានដឹកនាំប្រទេសជាតិឆ្លងកាត់ស្ថានការណ៍ដ៏គ្រោះថ្នាក់នានា និងអនុវត្តកម្មវិធីនយោបាយរបស់ខ្លួនដោយជោគជ័យ ទោះបីមានមជ្ឈដ្ឋានអគតិខាងក្នុង និងខាងក្រៅមួយចំនួនបានព្យាយាមបង្កការលំបាកគ្រប់បែបយ៉ាងដល់ដំណើរការកសាង ការពារ និងអភិឌ្ឍជាតិក៏ដោយ ។ ចលនាបដិវត្តន៍ពណ៌ ដឹកនាំដោយអតីតគណបក្សប្រឆាំង និងដោយមានបរទេសបញ្ជាពីក្រោយ ដែលប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ កើតចេញពីការបោះឆ្នោតត្រូវបានរាំងស្កាត់ទាន់ពេលវេលា តាមរយៈវិធានការច្បាប់ដ៏ហ្មឹងម៉ាត់ ។ លើមូលដ្ឋាននេះ រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានបញ្ចៀសប្រទេសជាតិមិនឱ្យធ្លាក់ក្នុងគ្រោះមហន្តរាយជាថ្មីម្តងទៀត ហើយធានាបាននូវសន្តិភាព ស្ថិរភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ដែលជាលក្ខខណ្ឌចម្បង និងចាំបាច់មិនឤចខ្វះបានសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងការរស់នៅដ៏សុខសាន្តរបស់ប្រជាជន។ ខឿនការពារជាតិត្រូវបានពង្រឹងឱ្យកាន់តែរឹងមាំ ដើម្បីធានានូវកិច្ចការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ។ ប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្ស និងសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋត្រូវបានការពារ និងលើកស្ទួយឡើងថែមទៀត នៅក្នុងក្របខណ្ឌច្បាប់ ដែលបានជះឥទ្ធិពលល្អប្រសើរដល់ស្ថិរភាពនយោបាយ និងដំណើរការអភិវឌ្ឍន៍សង្គមជាតិ ។ ការកែទម្រង់រដ្ឋដ៏ស៊ីជម្រៅ និងទូលំទូលាយ ក៏កាន់តែមានប្រសិទ្ធភាព និងទទួលបានផ្លែផ្កាច្រើនឡើង ដែលត្រូវបានស្តែងឱ្យឃើញតាមរយៈការលើកកម្ពស់អភិបាលកិច្ចល្អរបស់បណ្តាស្ថាប័នរដ្ឋ ការកែលម្អប្រសិទ្ធភាព និងគុណភាពសេវាសាធារណៈនៅគ្រប់ថ្នាក់ជូនដល់ប្រជាពលរដ្ឋ និងការពង្រឹងយុត្តិធម៌ និងសមធម៌សង្គម ។
ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ក្នុងរយៈពេល៥ ឆ្នាំចុងក្រោយនេះ សេដ្ឋកិច្ចកម្ពុជាសម្រេចបានកំណើនប្រចាំឆ្នាំក្នុងរង្វង់ ៧% តាមការគ្រោងទុក ទន្ទឹមនឹងការធានាបានជារួមនូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ពិសេស ស្ថិរភាព អត្រាប្តូរប្រាក់ និងការគ្រប់គ្រងអតិផរណាឱ្យស្ថិតក្នុងកម្រិតទាប ។ កំណើនសេដ្ឋកិច្ចក្នុងកម្រិតខ្ពស់ប្រកប ដោយចីរភាព សមធម៌ បរិយាប័ន្ន និងមានលក្ខណៈធន់នឹងវិបត្តិនេះ សម្រេចបានមកលើមូលដ្ឋាននៃការរីកចម្រើនយ៉ាងរហ័សនៃវិស័យឧស្សាហកម្ម ពិសេសកម្មន្តសាល និងសំណង់ ក៏ដូចជាវិស័យកសិកម្ម ព្រមទាំង វិស័យសេវាកម្ម រួមបញ្ចូលនូវទេសចរណ៍ អចលនទ្រព្យ និងការដឹកជញ្ផូនគ្រប់ប្រភេទ និងគមនាគមន៍ ។ ទំហំនៃការវិនិយោគ ទាំងផ្នែកសាធារណៈ និងផ្នែកឯកជន មានការកើនឡើងយ៉ាងខ្លាំង តុល្យភាពជញ្ជីងទូទាត់ក៏មានភាពកាន់តែប្រសើរឡើង រីឯស្ថានភាពនៃវិស័យហិរញ្ញវត្ថុសាធារណៈក៏មានលក្ខណៈរឹងមាំ និងកាន់តែមានចីរភាព ដោយសារលទ្ធផលល្អប្រសើរក្នុងការកៀរគរចំណូលថវិកា ដែលមានការកើនឡើងប្រមាណ ២ ដង ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ គួបផ្សំជាមួយនឹងការលើកកម្ពស់ប្រសិទ្ធភាពនៃចំណាយថវិកាជាតិ ទាំងប្រសិទ្ធភាពក្នុងការវិភាជថវិកា ដែលផ្តោតឤទិភាពខ្ពស់ទៅលើវិស័យសង្គមកិច្ច ពិសេសគឺវិស័យអប់រំ និងសុខាភិបាល ទាំងប្រសិទ្ធភាពក្នុងកិច្ចប្រតិបត្តិការចំណាយ សំដៅធានានូវ «តម្លៃនៃលុយ» និងដោយសារការគ្រប់គ្រងបានល្អប្រសើរនូវបំណុលសាធារណៈ ដែលធានាបាននូវចីរភាព និងហានិភ័យទាបធៀបជាមួយបណ្តាប្រទេសនានា នៅក្នុងតំបន់ និងលើសកលលោក ។ ផលិតផលសរុបក្នុងស្រុកសម្រាប់ប្រជាជនម្នាក់ បានកើនពី ១ ០៤២ ដុល្លារ ក្នុងឆ្នាំ ២០១៣ ដល់ ១ ៤៣៥ ដុល្លារ ក្នុងឆ្នាំ ២០១៧ ហើយត្រូវបានរំពឹងថា នឹងបន្តកើនឡើងដល់ប្រមាណ ១ ៥៦០ ដុល្លារ ក្នុងឆ្នាំ ២០១៨ នេះ ។ ក្នុងពេលជាមួយគ្នា រចនាសម្ព័ន្ធសេដ្ឋកិច្ចកម្ពុជា ក៏កំពុងតែផ្លាស់ប្តូរជាបណ្តើរៗ ពីប្រទេសដែលពឹងផ្អែកលើវិស័យកសិកម្ម ទៅជាប្រទេសដែលពឹងផ្អែកលើវិស័យឧស្សាហកម្ម និងសេវាកម្មវិញ ។ អត្រានៃភាពក្រីក្របានធ្លាក់ចុះពី ៥៣,៥% ក្នុងឆ្នាំ ២០០៤ មកនៅត្រឹម ១៣,៥% ក្នុងឆ្នាំ ២០១៤ ហើយបន្តធ្លាក់ចុះថែមទៀតជាបន្តបន្ទាប់ក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយនេះ ។
ការសម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចរឹងមាំ ដែលមានលក្ខណៈធន់នឹងវិបត្តិដូចបានគូសបញ្ផាក់ខាងលើនេះ បានធ្វើឱ្យប្រជាជនកម្ពុជាគ្រប់ស្រទាប់ជាន់ថ្នាក់នៅទូទាំងប្រទេសកាន់តែមាន ឱកាសក្នុងការស្វែងរកការងារ និងក្នុងការបង្កើនប្រាក់ចំណូល ដោយក្នុងនោះ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់ឤវុធទទួលបាននូវប្រាក់ចំណូលកាន់តែខ្ពស់ពីមួយឆ្នាំទៅមួយឆ្នាំ តាមរយៈការអនុវត្តនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលសំដៅដំឡើងប្រាក់បៀវត្ស ក្នុងគោលដៅជាង ១ លានរៀល នៅឆ្នាំ ២០១៨ ចាប់តាំងពីដើម នីតិកាលទី ៥ នេះមក ហើយនិវត្តជនក៏បានទទួលនូវការបង្កើនប្រាក់សោធននិវត្តន៍ (ក្នុងឆ្នាំ ២០១៨ មានកម្រិតទាបបំផុត ៤៨ ម៉ឺនរៀល) និងរបបតាវកាលិកផ្សេងទៀតជាបន្តបន្ទាប់ផងដែរ ។ ដូចគ្នានេះដែរ កម្មករ-និយោជិតរាប់សែននាក់ទៀត ដែលកំពុងតែបម្រើការងារក្នុងវិស័យឯកជនក៏ទទួលបាននូវឱកាសក្នុងការបង្កើនប្រាក់ចំណូលរបស់ខ្លួន តាមរយៈគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការដំឡើងប្រាក់ឈ្នួលអប្បបរមាជូនដល់កម្មករ-និយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើងជារៀងរាល់ឆ្នាំ ដែលនៅឆ្នាំ ២០១៨ ប្រាក់ឈ្នួលអប្បបរមានេះបានកើនឡើងដល់ចំនួន ១៧០ ដុល្លារឤមេរិក ដោយមិនទាន់គិតដល់ការទទួលបាននូវ អត្ថប្រយោជន៍បន្ថែមផ្សេងទៀត ពីការអនុវត្តគោលនយោបាយគាំពារសង្គមរបស់រាជរដ្ឋាភិបាល រួមមាន ការកំណត់ផ្តល់ជូននូវរបបថែទាំសុខភាពដល់កម្មករ ដោយនិយោជកជាអ្នកបង់ថ្លៃជួស និងការផ្តល់នូវរបបឧបត្ថម្ភ មាតុភាពសម្រាប់ការកើតបានកូនមួយ ៤០ ម៉ឺនរៀលជាដើម ។ ចំណូលរបស់កសិករ ឤជីវករ និងពលករផ្សេងៗទៀតក៏បានកើនឡើងដូចគ្នាដែរ ។ ជាពិសេស បងប្អូនប្រជាកសិករបានទទួលនូវការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាល តាមរយៈការវិនិយោគដ៏សន្ធឹកសន្ធាប់លើគម្រោងហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចជនបទ និងលើការលើកកម្ពស់ផលិតភាពកសិកម្មក៏ដូចជាតាមរយៈអន្តរាគមន៍ទាន់ពេល ខណៈដែលកសិផល (ពិសេស ស្រូវ-អង្ករ) ប្រឈមនឹងការធ្លាក់ថ្លៃនៅលើទីផ្សារអន្តរជាតិ។ ក្រៅពីនេះ ការណ៍ដែលរាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការគោលនយោបាយចាំបាច់នានាជាបន្តបន្ទាប់ ក្នុងគោលដៅដោះស្រាយការលំបាក ក្តីកង្វល់ និងបំណងប្រាថ្នារបស់ប្រជាជន ដូចជាការលុបចោលមិនយកកម្រៃពីសេវាសាធារណៈចាំបាច់មួយចំនួន, ការបញ្ចុះថ្លៃថាមពលអគ្គិសនី និងទឹកស្អាត, ការលុបចោលរបបពន្ធម៉ៅការ, ការដំឡើងកម្រិតអប្បបរមានៃប្រាក់បៀវត្សត្រូវជាប់ពន្ធ, ការលើកលែងពន្ធលើមធ្យោបាយដឹកជញ្ជូនសម្រាប់ទោចក្រយានយន្ត និងត្រីចក្រយានយន្តកម្លាំងក្រោម ១៥០ សេសេ (CC), ការលើកលែងពន្ធប្រថាប់ត្រាក្នុងរង្វង់សាច់ញាតិ, ការលុបចោលការបង់ភាស៊ី និងថ្លៃផ្សេងៗទៀត ចំពោះការលក់ដូររបស់ប្រជាពលរដ្ឋតាមកញ្ចែ្រង កញ្ជើ ល្អី, ការអនុញ្ញាតឱ្យឤជីវករដែលមានតូប រាន ស្តង់ ឬ កន្លែងលក់ដូរដទៃទៀត ទទួលបានសិទ្ធិកាន់កាប់ ប្រើប្រាស់ និង ឤស្រ័យផល ហើយឤចផ្ទេរសិទ្ធិ នេះបាន, ការលុបចោលពន្ធសត្តឃាត និងការគ្រប់គ្រងផ្តាច់មុខនៅក្នុងឤជីវកម្មសត្តឃាតដ្ឋាន ព្រមទាំងការកែលម្អ និងការពង្រីកវិសាលភាពនៃរបបគាំពារ និង សន្តិសុខសង្គម ជូនដល់មន្ត្រីរាជការគ្រប់ប្រភេទ និង ជូនដល់ក្រុមជនងាយរងគ្រោះ នៅក្នុងសង្គមជាដើម បាន និងកំពុងតែផ្តល់ជាគុណប្រយោជន៍ដល់ប្រជាពលរដ្ឋទូទៅ ជាពិសេស អ្នកមានចំណូលទាប រួមទាំង មន្ត្រីរាជការ, កងកម្លាំងប្រដាប់ឤវុធ, គ្រូបង្រៀន, គ្រូពេទ្យ និងកម្មករ-និយោជិត ក៏ដូចជាដល់អ្នកប្រកបឤជីវកម្មតូចតាចផងដែរ ។ លើសពីនេះទៀត រាជរដ្ឋាភិបាលក៏បានបង្កើនចំណាយយ៉ាងច្រើនទៅលើការលើកកម្ពស់គុណភាព និងការពង្រីកវិសាលភាពនៃសេវាសាធារណៈ ទាំងតាមរយៈចំណាយចរន្តថវិកាជាតិ និងទាំងតាមរយៈចំណាយវិនិយោគសាធារណៈ ដើម្បីធ្វើឱ្យការផ្តល់សេវាសាធារណៈមានភាពកាន់តែប្រសើរឡើង និងកាន់តែខិតទៅជិតនឹងប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ ។
សមិទ្ធផលដ៏ថ្លៃថ្លាទាំងអស់នេះ គឺជាសក្ខីភាពយ៉ាងជាក់ស្តែងដែលបញ្ជាក់ច្បាស់ថា ជាមួយនឹងការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ប្រទេសកម្ពុជាបាននិងកំពុងធ្វើដំណើរទៅមុខតាមទិសដៅដ៏ត្រឹមត្រូវ ហើយកាន់តែពង្រីកបាននូវភាពអំណោយផលឱ្យប្រជាជនយើងបន្តឈានទៅសម្រេចជោគជ័យកាន់តែធំធេងថែមទៀត ក្នុងការកសាង និងការពារមាតុភូមិ ។ ប្រការនេះ ក៏បានឆ្លុះបញ្ចាំងឱ្យឃើញច្បាស់ នូវការចូលរួមរបស់ប្រជាជនកម្ពុជា គ្រប់ស្រទាប់, គ្រប់ជនជាតិ និង គ្រប់ជំនឿសាសនា, មន្ត្រីរាជការ, កងកម្លាំងប្រដាប់ឤវុធ និង មជ្ឈដ្ឋានចម្រើនជឿនលឿននានា ក្នុងសាមគ្គីភាពជាធ្លុងមួយ ដើម្បីឧត្តមប្រយោជន៍នៃប្រទេសជាតិ ក៏ដូចជាឆ្លុះបញ្ចាំងឱ្យឃើញនូវការចូលរួមជួយឧបត្ថម្ភគាំទ្រដ៏ស្មោះសរ ពីសំណាក់បណ្តាប្រទេសជាមិត្តជិតឆ្ងាយ និងសហគមន៍ អន្តរជាតិចំពោះបុព្វហេតុដ៏យុត្តិធម៌របស់កម្ពុជា ។
ពិនិត្យជារួម ប្រវត្តិនៃសកម្មភាពនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ចាប់តាំងពីថ្ងៃកំណើតរបស់ ខ្លួនមកទល់បច្ចុប្បន្ននេះ គឺជាប្រវត្តិនៃការដឹកនាំប្រកបដោយភាពក្លាហាន មោះមុត ឥតរាថយ នៅលើមាគ៌ា គោលនយោបាយនយោបាយមួយដែលមានគោលដៅច្បាស់លាស់ មានភាពប្រាកដនិយម និងមានចក្ខុវិស័យ វែងឆ្ងាយ ប្រកបដោយភាពគ្រប់ជ្រុងជ្រោយ និងសង្គតិភាព ដើម្បីបុព្វហេតុជាសារវន្តចម្បងៗ ៤ យ៉ាងគឺ ៖
ទីមួយ-កិច្ចការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី ដ៏ពេញលេញរបស់កម្ពុជា ព្រមទាំង កិត្យានុភាពដ៏ខ្ពស់ត្រដែតរបស់ជាតិនៅលើឆាកអន្តរជាតិ;
ទីពីរ-ការតស៊ូរំដោះប្រជាជន ពីរបបប្រល័យពូជសាសន៍ប៉ុល ពត ដ៏សាហាវឃោរឃៅ និងការការពារ ដាច់ខាត មិនឱ្យការកាប់សម្លាប់ សោកនាដកម្ម ការបំផ្លិចបំផ្លាញ និងទុក្ខវេទនាពីអតីតកាលនោះ ឤចវិល ត្រឡប់មកញាំញីធ្វើបាបប្រជាជនកម្ពុជាយើងជាថ្មីម្តងទៀតបាន;
ទីបី-ការតស៊ូពុះពារនូវការលំបាក ជាមួយនឹងការលះបង់គ្រប់បែបយ៉ាង ដើម្បីដណ្តើមយកមកជូនប្រទេសជាតិ និងប្រជាជនកម្ពុជា នូវសុខសន្តិភាព ស្ថិរភាព និងការបង្រួបបង្រួមជាតិពេញលេញ នៅក្រោមដំបូលនៃរដ្ឋធម្មនុញ្ញតែមួយ ព្រះមហាក្សត្រតែមួយអង្គ និងរាជរដ្ឋាភិបាលតែមួយ នៅក្នុងព្រះរាជាណាចក្រកម្ពុជាមួយ ដែលគ្មានការបែកបាក់ និង គ្មានការបែងចែកទឹកដីជាតំបន់ត្រួតត្រាច្រើនផ្សេងគ្នា; និង
ទីបួន-ការស្តារ និងការអភិវឌ្ឍប្រទេសជាតិ ព្រមទាំងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ឈានឆ្ពោះទៅកាន់វិបុលភាពចម្រើនរុងរឿង តាមរយៈការកសាងជាជំហានៗនូវសង្គមកម្ពុជាមួយ ដែលមានសុខសន្តិភាព ស្ថិរភាព សណ្តាប់ធ្នាប់សង្គម, មានការគោរពយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍ប្រជាធិបតេយ្យ នីតិរដ្ឋ ព្រមទាំងសិទ្ធិ និង សេចក្តីថ្លៃថ្នូរបស់មនុស្ស, មានការអភិវឌ្ឍប្រកបដោយចីរភាព បរិយាប័ន្ន និងសមធម៌, មានកោសិកាផ្សារភ្ជាប់គ្នា, មានប្រជាជនប្រកបដោយចំណេះដឹងខ្ពស់ និងវប្បធម៌ជ្រៅជ្រះ ហើយមានជីវភាពសមរម្យ និងមានការរស់នៅប្រកបដោយភាពសុខដុមរមនា ទាំងនៅក្នុងសង្គមជាតិ ទាំងនៅក្នុងក្រុមគ្រួសារ ។
ក្នុងបុព្វហេតុដ៏ឧត្តុងឧត្តមនេះ គណបក្សប្រជាជនកម្ពុជាបានដឹកនាំប្រទេសជាតិយើងឆ្លងកាត់បណ្តា ដំណាក់កាលដ៏លំបាកស្មុគ្រស្មាញជាច្រើន ដែលធ្វើឱ្យកម្ពុជាសម្រេចបាននូវការផ្លាស់ប្តូរមុខមាត់ថ្មីដ៏គួរជា ទីមោទនៈបំផុត ។ បើពិនិត្យមើលតែត្រឹមរយៈពេលជាងពីរទសវត្សរ៍ចុងក្រោយនេះ, យើងទាំងអស់គ្នាពិតជានៅចងចាំមិនភ្លេចទេថា កាលពីជាងម្ភៃឆ្នាំមុន កម្ពុជា គឺជាប្រទេសដែលទទួលយកទាហានមួកខៀវរបស់អង្គការសហប្រជាជាតិ ដើម្បីមកធ្វើប្រតិបត្តិការរក្សាសន្តិភាពនៅលើទឹកដីដ៏កម្សត់ដែលពោរពេញដោយជម្លោះ និងការហែកហួរគ្នានេះ ។ ឥទ្បូវ កម្ពុជាបានក្លាយជាប្រទេសដែលបញ្ជូនកងកម្លាំងរបស់ខ្លួនឱ្យពាក់មួកខៀវទៅចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នៅក្នុងប្រទេសមួយចំនួនដែលជាចំណុចក្តៅនៅលើ សកលលោក ។ កម្ពុជា ដែលពីមុនល្បីថា ជាវាលពិឃាត, ជាតំបន់អសន្តិសុខ, ជាចម្ការមីនដែលគេភ័យខ្លាចគ្រប់គ្នា ឥទ្បូវនេះ បានក្លាយទៅជា «កោះសន្តិភាព» និងជាតំបន់ទេសចរណ៍ប្រកបដោយប្រជាប្រិយភាព នៅក្នុងតំបន់ឤស៊ីអគ្នេយ៍ ដែលទទួលបានភ្ញៀវទេសចរណ៍រាប់លាននាក់ក្នុងមួយឆ្នាំ ។ កម្ពុជា ដែលពីមុនល្បីក្នុងការប្រើប្រាស់ឤវុធដើម្បីដណ្តើមអំណាចគ្នា និងក្នុងការផ្លាស់ប្តូររដ្ឋាភិបាល ឥទ្បូវនេះ បានក្លាយទៅជាប្រទេសមួយ ដែលគោរពយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស តាមរយៈការរៀបចំយ៉ាងទៀងទាត់នូវការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដើម្បីឱ្យប្រជាពលរដ្ឋជ្រើសតាំងតំណាងដឹកនាំប្រទេស ជានីតិរដ្ឋដែលគោរពគោលការណ៍ច្បាប់ដោយឥតងាករេ និងជារដ្ឋអធិបតេយ្យដែលមានឯករាជ្យ និងបូរណភាពទឹកដីពេញលេញ ។ កម្ពុជា ដែលពីមុនជាប្រទេសត្រូវទទួលរងការហ៊ុមព័ទ្ធ និងឯកោទាំងខាងនយោបាយ និងសេដ្ឋកិច្ច ឥទ្បូវនេះ បានក្លាយជាប្រទេសមួយដែលកំពុងសមាហរណខ្លួនយ៉ាងសកម្មទៅក្នុងរចនាសម្ព័ន្ធ និងនិម្មាបនកម្មតំបន់ និងពិភពលោក និងជាប្រទេស ដែលកំពុងតែដើរតួនាទីយ៉ាងសកម្ម ដោយស្មើសិទ្ធិ និងស្មើភាព ក្នុងគ្រប់កិច្ចការតំបន់ និងនៅលើឆាកអន្តរជាតិ ។ កម្ពុជា ដែលពីមុនជាប្រទេសអន់ថយខាងផ្នែកសេដ្ឋកិច្ច គ្របដណ្តប់ទៅដោយភាពក្រីក្រ និងមានអសន្តិសុខ ស្បៀង ឥទ្បូវនេះ បានក្លាយជាប្រទេសនាំស្បៀងចេញ ហើយស្ថិតនៅក្នុងចំណោមប្រទេសឯតទគ្គៈលើពិភពលោក ដែលសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ និងជាប្រទេសដែលសម្រេចបាននូវវឌ្ឍនភាពដ៏ល្អប្រសើរក្នុងការកាត់បន្ថយភាពក្រីក្រ ក៏ដូចជាការកែលម្អសូចនាករផ្នែកសង្គមកិច្ច ហើយបានឆ្លងកាត់ដោយជោគជ័យពីចំណាត់ថ្នាក់នៃប្រទេសមានចំណូលទាប ក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប កាលពីពេលថ្មីៗកន្លងទៅ ។
បងប្អូនជនរួមជាតិជាទីគោរពស្នេហា !
រាល់សមិទ្ធផលដែលយើងសម្រេចបានមកដល់ពេលនេះ គឺបានមកពីការយកឤយុជីវិតធ្វើជាដើមទុន និង ពីពលិកម្មដ៏ធំធេងមិនឤចកាត់ថ្លៃបាន របស់ថ្នាក់ដឹកនាំ, យុទ្ធជន, យុទ្ធនារី, សមាជិក-សមាជិកាគណបក្ស និងជនរួមជាតិយើងរាប់លាននាក់ ។ ឤស្រ័យហេតុនេះ យើងទាំងអស់គ្នាត្រូវប្តេជ្ញាថែរក្សារាល់សមិទ្ធផលដ៏ថ្លៃថ្លានេះ ឱ្យគង់វង្សជារៀងដរាប ដោយមិនអនុញ្ញាតឱ្យមជ្ឈដ្ឋានណាមួយមកបំផ្លាញទៅវិញបានឡើយ ទោះបីជាត្រូវបង់ដោយតម្លៃណាក្តី។ យើងត្រូវរួមគ្នាការពារឱ្យបានដាច់ខាតនូវសុខសន្តិភាព ស្ថិរភាព និងសណ្តាប់ធ្នាប់សាធារណៈ ហើយប្តេជ្ញាបន្តកសាងប្រទេសជាតិយើងឱ្យកាន់តែរីកចម្រើន ឆ្ពោះទៅកាន់ចក្ខុវិស័យនៃប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ ២០៥០, ក្លាយជាអរិយប្រទេស ជឿនលឿនមួយក្នុងតំបន់, ជាសង្គមប្រកបដោយភាពសុខដុមរមនា និងសេចក្តីស្រឡាញ់ ដោយគ្មានការ កើតឡើងជាថ្មីនូវសង្គ្រាម អំពើប្រល័យពូជសាសន៍ និង ការបែកបាក់ផ្ទៃក្នុងជាតិ ដូចពេលមុនទៀត ។
ក្នុងន័យនេះ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី ៦ នាថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ ២០១៨ ខាងមុខនេះ គឺពិតជាព្រឹត្តិការណ៍នយោបាយជាប្រវត្តិសាស្ត្រមួយ ដែលមានសារៈសំខាន់ជាទីបំផុតចំពោះជាតិយើង ។ ការសម្រេចចិត្តខាងនយោបាយរបស់ប្រជាពលរដ្ឋនៅក្នុងការបោះឆ្នោតនេះ ដើម្បីជ្រើសរើសយកគណបក្សណាមួយឱ្យបន្តដឹកនាំប្រទេស គឺមានលក្ខណៈកំណត់ចំពោះជោគវាសនាអនាគតរបស់ជាតិ និងប្រជាជនយើងផ្ទាល់ ។ ការសម្រេចចិត្តត្រឹមត្រូវនឹងនាំមកនូវការរីកចម្រើនលូតលាស់ វិបុលភាព និងសេចក្តីសុខក្សេមក្សាន្ត របស់ប្រជាជាតិយើងបន្តទៀត ។ ផ្ទុយទៅវិញ ការសម្រេចចិត្តខុស នឹងធ្វើឱ្យប្រទេសជាតិជួបប្រឈមនឹងដំណើរថយក្រោយ ហើយប្រជាជនយើងក៏ត្រូវប្រឈមឡើងវិញនឹងវិនាសកម្ម គ្រោះមហន្តរាយ និងសោនាដកម្ម ដែលយើងធ្លាប់ហែលឆ្លងកាត់យ៉ាងលំបាកលំបិនពីក្នុងអតីតកាលមិនយូរប៉ុន្មានកន្លងទៅ ។ ឤស្រ័យហេតុនេះ ខ្ញុំព្រះករុណា ខ្ញុំ មានជំនឿថា ប្រជាជនកម្ពុជាដែលបានមើលឃើញជាក់ស្តែងរួចហើយ នូវការរស់ឡើងវិញ ការរីកចម្រើន និងភាពរឹងមាំរបស់ប្រទេសជាតិនៅក្នុងសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនាពេលបច្ចុប្បន្នក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ពិតជាមានសុភវិនិច្ឆ័យគ្រប់គ្រាន់ ក្នុងការជ្រើសគណបក្សនយោបាយ និងឥស្សរជននយោបាយ ដើម្បីបន្តដឹកនាំប្រទេសជាតិសម្រាប់នីតិកាលទី ៦ តាមរយៈការបោះឆ្នោត នាថ្ងៃទី ២៩ ខែ កក្កដា ខាងមុខនេះ ។
គណបក្សប្រជាជនកម្ពុជា បានប្រកាសជូនជនរួមជាតិ និងសុំការគាំទ្រពីជនរួមជាតិ លើ «កម្មវិធីនយោបាយ សម្រាប់ការកសាង និងការពារមាតុភូមិ ឆ្នាំ ២០១៨–២០២៣» ដែលជាត្រីវិស័យសម្រាប់តម្រង់ទិសសកម្មភាពរបស់គណបក្ស ក្នុងការបន្តបំពេញភារកិច្ចបម្រើជាតិ និងប្រជាជន រយៈពេល ៥ ឆ្នាំទៅមុខ ។ កម្មវិធីនយោបាយនេះ បានកំណត់គោលដៅធំៗជាយុទ្ធសាស្ត្រ ដូចខាងក្រោម ៖
១-គោរព និងការពាររដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ការពាររបបរាជានិយម និងរាល់សមិទ្ធផលរបស់ជាតិឱ្យបានគង់វង្សស្ថិតស្ថេរជានិរន្តរ៍ លើកកម្ពស់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងការគោរពសិទ្ធិមនុស្ស ។
២-ការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី និងសន្តិភាពយ៉ាងរឹងមាំ មិនឱ្យកម្លាំងណាមករំលោភ បំពាន និងបំផ្លាញបានឡើយ ប្រឆាំងដាច់ខាតការជ្រៀតជ្រែករបស់បរទេសចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ។
៣-កសាងព្រះរាជាណាចក្រកម្ពុជា ជារដ្ឋដ៏រឹងមាំ និងជឿនលឿន ដោយផ្អែកលើច្បាប់ ធានាការអនុវត្ត ច្បាប់ដោយស្មើភាពសម្រាប់ពលរដ្ឋគ្រប់រូប ពលរដ្ឋម្នាក់ៗមានសិទ្ធិពេញលេញ និងមានភារកិច្ចចូលរួមយ៉ាងសកម្ម ក្នុងការកសាង និងការពារមាតុភូមិ ។
៤-បន្តអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ឱ្យកាន់តែរីកចម្រើនខ្លាំងក្លា និងកាន់តែមានមូលដ្ឋានរឹងមាំ ដែលធានាឱ្យប្រជាជនមានជីវភាពរស់នៅយ៉ាងសមរម្យ ថ្លៃថ្នូរ ដោយចាកផុតពីភាពក្រីក្រ, ពីគ្រោះអវិជ្ជា, ពីជំងឺតម្កាត់នានា, ពីការកេងប្រវ័ញ្ច និងពីអំពើហិង្សាគ្រប់រូបភាព ។
៥-ពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អប្រសើរ រវាងព្រះរាជាណាចក្រកម្ពុជា ជាមួយគ្រប់ប្រទេស និងអង្គការអន្តរជាតិនានា ដើម្បីជំរុញការអភិវឌ្ឍប្រទេស និងបង្កើនការចូលរួមយ៉ាងសកម្មរបស់កម្ពុជា ក្នុងបុព្វហេតុសន្តិភាព សន្តិសុខ ស្ថិរភាព និង វិបុលភាព នៅក្នុងតំបន់ និងពិភពលោក ។
បងប្អូនជនរួមជាតិជាទីគោរពស្នេហា !
ក្នុងនាមជាបេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជាសម្រាប់នីតិកាលទី ៦ ខាងមុខនេះ ខ្ញុំសូមសន្យា និងប្តេជ្ញាជាឧឡារិកចំពោះមុខបងប្អូនជនរួមជាតិទូទាំងប្រទេសថា ប្រសិនបើគណបក្សប្រជាជនកម្ពុជា បន្តទទួលបានជ័យជម្នះនៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នាថ្ងៃទី ២៩ ខែ កក្កដា ខាងមុខនេះ ឱ្យបន្តដឹកនាំរាជរដ្ឋាភិបាលសម្រាប់នីតិកាលទី ៦ តទៅទៀត ខ្ញុំនឹងប្តូរផ្តាច់ដឹកនាំស្ថាប័ននីតិប្រតិបត្តិរបស់ជាតិធានាអនុវត្តឱ្យបានសម្រេចជោគជ័យនូវកម្មវិធីនយោបាយ និងគោលដៅធំៗជាយុទ្ធសាស្ត្ររបស់គណបក្សដូចបានគូសបញ្ជាក់ខាងលើ ពិសេសតាមរយៈការផ្តោតការយកចិត្តទុកដាក់លើគោលនយោបាយជាឤទិភាពនានា រួមជាមួយនឹងវិធានការជាក់ស្តែងមួយចំនួន ដូចខាងក្រោម ៖
១-ពង្រឹងធ្លុងសាមគ្គីភាពនៃប្រជាជាតិទាំងមូល ក្រោមដំបូលរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដោយឥតប្រកាន់ពូជសាសន៍, ពណ៌សម្បុរ, ភេទ, ភាសា, ជំនឿ, សាសនា, និន្នាការនយោបាយ, ដើមកំណើតជាតិ, ឋានៈសង្គម, ធនធាន ឬ ស្ថានភាពឯទៀត ដើម្បីការពារមាតុភូមិ ការពាររាល់សមិទ្ធផលរបស់ជាតិ និងបន្តការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ។
២-បន្តពង្រឹង និង ពង្រីកលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ឱ្យចាក់គ្រឹះកាន់តែរឹងមាំពីថ្នាក់ជាតិរហូត ដល់មូលដ្ឋាន ធានាការពារលើកស្ទួយសិទ្ធិសេរីភាពគ្រប់យ៉ាងរបស់ប្រជាជន ពង្រឹងការគោរពច្បាប់ និងយុត្តិធម៌សង្គម ។
៣-អភិវឌ្ឍសេដ្ឋកិច្ចឱ្យសម្រេចបានកំណើន ក្នុងរង្វង់ ៧% ក្នុង ១ ឆ្នាំ ប្រកបដោយចីរភាព និងបរិយាប័ន្ន បែងចែកផ្លែផ្កានៃកំណើនសេដ្ឋកិច្ចដោយសមធម៌ បន្តកាត់បន្ថយអត្រាភាពក្រីក្រ ឱ្យបានជាង ១% ក្នុង ១ ឆ្នាំ ។
៤-មិនយកពន្ធលើដីកសិកម្មរបស់កសិករដែលបង្កបង្កើនផលជាលក្ខណៈគ្រួសារ ជួយកសិករធានាការពង្រីកផលិតកម្ម និងការរកទីផ្សារលក់កសិផលដោយថ្លៃសមរម្យ ។ ប្រជាជនដែលគ្មានដី នឹងទទួលបានដី សម្រាប់សង់លំនៅឋាន និង បង្កបង្កើនផលតាមរយៈកម្មវិធីសម្បទានដីសង្គមកិច្ច ។
៥-ដំឡើងប្រាក់ឈ្នួលរបស់កម្មករ-និយោជិតជារៀងរាល់ឆ្នាំ បូកនឹងប្រាក់អត្ថប្រយោជន៍ផ្សេងទៀត លើកកម្ពស់ជីវភាព លក្ខខណ្ឌការងារ និងការពារឤជីពរបស់កម្មករ-និយោជិត ។ ក្នុងបរិការណ៍នេះ រាជរដ្ឋាភិបាល នីតិកាលទី ៦ នៃរដ្ឋសភា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដោយមានខ្ញុំព្រះករុណា ខ្ញុំ ជានាយក រដ្ឋមន្ត្រី នឹងជំរុញកែលម្អថែមទៀតនូវការបើកប្រាក់ឈ្នួលការងារប្រចាំខែជូនកម្មករ–និយោជិត ដោយរៀបចំឱ្យបើកក្នុងរយៈពេល ២ សប្តាហ៍ម្តង ដូចនៅបណ្តាប្រទេសជឿនលឿនមួយចំនួននៅក្នុងតំបន់ ចាប់ពីឆ្នាំ ២០១៩ ទៅ ដើម្បីធានាឱ្យកម្មករ–និយោជិតយើងទាំងអស់គ្នា ទទួលបាននូវប្រាក់ឈ្នួលពលកម្មដែលនឹងត្រូវបានបន្តបង្កើនឡើងជាបន្តបន្ទាប់ក្នុងកម្រិតសមរម្យផង ហើយបើកប្រាក់ឈ្នួលពលកម្មនេះបានជាប្រចាំ ដោយទៀងទាត់ និង ទាន់ពេល សម្រាប់បម្រើសេចក្តីត្រូវការក្នុងការផ្គត់ផ្គង់ជីវភាពរបស់ខ្លួនផង ។
៦-ដំឡើងបៀវត្សរបស់មន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់ឤវុធជារៀងរាល់ឆ្នាំ និងបង្កើនប្រាក់ សោធនរបស់និវត្តជន និងអតីតយុទ្ធជនឱ្យមានកម្រិតជីវភាពកាន់តែប្រសើរឡើង ។ ដូចគ្នានឹងកម្មករ–និយោជិត នៅក្នុងវិស័យឯកជនដែរ នៅក្នុងនីតិកាលទី ៦ នៃរដ្ឋសភា រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដោយមានខ្ញុំព្រះករុណា ខ្ញុំ ជានាយករដ្ឋមន្ត្រី នឹងរៀបចំបើកប្រាក់បៀវត្សជូនមន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់ឤវុធគ្រប់ប្រភេទ ព្រមទាំងប្រាក់សោធនជូននិវត្តជន និង អតីតយុទ្ធជន តាមប្រព័ន្ធធនាគារ ក្នុងរយៈពេល ២ សប្តាហ៍ម្តង ដែលកិច្ចការនេះ គឺជាជំហានបន្តដ៏សំខាន់មួយទៀតនៅក្នុងការកែទម្រង់ប្រព័ន្ធ បៀវត្សរបស់រាជរដ្ឋាភិបាល សំដៅធានាឱ្យមន្ត្រីរាជការគ្រប់ប្រភេទ ព្រមទាំងនិវត្តជន និងអតីតយុទ្ធជន ទទួលបាននូវប្រាក់បៀតវត្ស និងប្រាក់សោធន ដែលនឹងត្រូវបានបន្តបង្កើនឡើងជាលំដាប់នោះ ប្រកបដោយតម្លាភាព គ្រប់ចំនួន និងទៀងទាត់ ហើយទាន់ពេល ។ យើងនឹងចាប់ផ្តើមអនុវត្តការបើកបៀវត្ស និងប្រាក់សោធន ក្នុង រយៈពេល ២ សប្តាហ៍ម្តងនេះ ជូនដល់មន្ត្រីរាជការស៊ីវិល និងជូននិវត្តជន និងអតីតយុទ្ធជនជាមុន ដោយចាប់ ផ្តើមនៅក្នុងឆ្នាំ ២០១៩ ខាងមុខ ។ ដោយឡែក ចំពោះកងកម្លាំងប្រដាប់ឤវុធគ្រប់ប្រភេទ យើងនឹងរៀបចំធ្វើការសិក្សាដាក់ឱ្យអនុវត្តជាបន្តបន្ទាប់ទៅទៀត ដោយសារលក្ខណៈពិសេសនៃទីកន្លែងការងារដាច់ស្រយាលរបស់ កងកម្លាំងប្រដាប់ឤវុធ ដែលមិនទាន់មានសេវាធនាគារទៅដល់គ្រប់គ្រាន់នៅឡើយ ។
៧-ឤជីវករលក់ដូរតាមផ្សារលើទីតាំងដីរដ្ឋឤចផ្ទេរសិទ្ធិកាន់កាប់ ប្រើប្រាស់ និងឤស្រ័យផល ទៅកូនចៅ ឬ អ្នកដទៃបាន ដោយពុំមានកំណត់ឤណត្តិ ។
៨-យុវជនគ្រប់រូបទទួលបានឱកាសពេញលេញក្នុងការអប់រំ មានការងារធ្វើ និងចូលរួមធ្វើសេចក្តីសម្រេចចិត្ត ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ។ គ្រប់ស្រុកមានវិទ្យាល័យ គ្រប់ឃុំមានអនុវិទ្យាល័យ និងតាមភូមិមានសាលាបឋមសិក្សា ។ ប្រជាជនទូទៅទទួលបានសេវាសុខភាពកាន់តែប្រសើរ នៅមណ្ឌលសុខភាព និង មន្ទីរពេទ្យរដ្ឋ ។ ប្រជាជនក្រីក្រ និងអ្នកខ្វះលទ្ធភាព ទទួលបានសេវាពិនិត្យ និងព្យាបាលជំងឺដោយឥតបង់ថ្លៃនៅមណ្ឌលសុខភាព និង មន្ទីរពេទ្យរដ្ឋ ។
៩-ជំរុញអភិវឌ្ឍប្រព័ន្ធស្រោចស្រព និងទឹកស្អាត បង្កើនសមត្ថភាពផ្គត់ផ្គង់ទឹកនៅគ្រប់មូលដ្ឋាន ។ ពង្រីកការផ្គត់ផ្គង់អគ្គិសនីពីបណ្តាញជាតិឱ្យដល់គ្រប់ភូមិទាំងអស់ នៅឆ្នាំ ២០២០ និង បន្តបញ្ចុះថ្លៃអគ្គិសនី ។ បន្តជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ និងដឹកជញ្ជូនគ្រប់ប្រភេទប្រកបដោយគុណភាព និងចីរភាព ពង្រីកការតភ្ជាប់ផ្លូវគមនាគមន៍ពីទីប្រជុំជនទៅគ្រប់ភូមិ កែលម្អផ្លូវជនបទពីផ្លូវដីទៅជាផ្លូវកៅស៊ូ ឬ ផ្លូវបេតុង ។ ពង្រីកការផ្តល់សេវាហិរញ្ញវត្ថុខ្នាតតូច ជាពិសេសសេវាឥណទានទៅដល់ជនបទ សម្រាប់ប្រជាពលរដ្ឋដែលមានចំណូលទាប និងសហគ្រាសធុនតូចក្នុងអត្រាការប្រាក់មួយទាបសមរម្យ ។ ក្នុងចំណុចនេះ ខ្ញុំព្រះករុណា ខ្ញុំ សូមធ្វើការសន្យាជាក់លាក់ជូនដល់បងប្អូនប្រជាជនយើងទូទាំងប្រទេសថា រាជរដ្ឋាភិបាល ដែលដឹកនាំដោយ គណបក្សប្រជាជនកម្ពុជា និងដោយមានខ្ញុំព្រះករុណា ខ្ញុំ ជានាយករដ្ឋមន្ត្រី នឹងរៀបចំអនុវត្តនូវកម្មវិធីកាត់បន្ថយថ្លៃអគ្គិសនីសម្រាប់អ្នកប្រើប្រាស់គ្រប់ប្រភេទ នៅទូទាំងប្រទេស សម្រាប់ឆ្នាំ ២០១៩ និង ២០២០ តាម គោលដៅដូចខាងក្រោម ៖
គោលដៅនៃការកាត់បន្ថយថ្លៃអគ្គិសនី | ថ្លៃកំពុងអនុវត្ត ២០១៨ | អត្រាថ្លៃដែលត្រូវបន្ថយ
នៅឆ្នាំ ២០១៩ |
អត្រាថ្លៃដែលត្រូវបន្ថយនៅឆ្នាំ ២០២០ |
១.អ្នកប្រើប្រាស់ធំគ្រប់ប្រភេទ ទិញពីអនុស្ថានីយ ៖
– ទិញតាមទ្វារចរន្តតង់ស្យុងខ្ពស់ – ទិញតាមទ្វារចរន្តតង់ស្យុងមធ្យមនៃអនុស្ថានីយក្នុងភ្នំពេញ – ទិញតាមទ្វារចរន្តតង់ស្យុងមធ្យមតាមនុស្ថានីយតាមខេត្ត |
0,1240$/kwh (៥០៣៛) 0,1475$/kwh (៥៩៨៛) 0,1260$/kwh (៥១១៛) |
0,1170$/kwh (៤៧៤៛) 0,1350$/kwh (៥៤៧៛) 0,1220$/kwh (៤៩៥៛) |
0,1170$/kwh (៤៧៤៛) 0,1330$/kwh (៥៣៩៛) 0,1220$/kwh (៤៩៥៛) |
២·អ្នកប្រើប្រាស់ប្រភេទឧស្សាហកម្មដែលទិញតាមខ្សែ
បញ្ផូនរង និងតាមខ្សែតង់ស្យុងមធ្យមនៃតំបន់ចែកចាយ |
– នៅ ភព 0,1650$/kwh (៦៧៦៛)
– នៅខេត្ត 0,1640$/kwh (៦៧២៛) |
0,1470$/kwh (៥៩៦៛) | 0,1460$/kwh (៥៩២៛) |
៣·អ្នកប្រើប្រាស់ប្រភេទពាណិជ្ជកម្ម និងរដ្ឋបាល ដែលទិញ តាមខ្សែបញ្ផូនរង និងតាមខ្សែតង់ស្យុងមធ្យមនៃតំបន់ចែកចាយ | – នៅ ភព 0,1650$/kwh (៦៧៦៛)
– នៅខេត្ត 0,1640$/kwh (៦៧២៛) |
0,1590$/kwh (៦៤៥៛) | 0,1580$/kwh (៦៤០៛) |
៤·ប្រជាពលរដ្ឋប្រើប្រាស់ជាប្រភេទលំនៅឋាន
– លំនៅឋានប្រើពី ១ ដល់ ១០ kwh ក្នុង ១ ខែ – លំនៅឋានប្រើពី ១១ ដល់ ៥០ kwh ក្នុង ១ ខែ – លំនៅឋានប្រើពី ៥១ ដល់ ២០០ kwh ក្នុង ១ ខែ – លំនៅឋានប្រើលើសពី ២០០ kwh ក្នុង ១ ខែ |
– ភព ៦១០៛, ខេត្ត ៤៨០៛/kwh – ទូទាំងប្រទេស ៦១០៛/kwh – ភព ៧២០៛, ខេត្ត ៧៧០៛/kwh – ភព ៧៥០៛, ខេត្ត ៧៧០៛/kwh |
៣៨០៛/kwh
៤៨០៛/kwh ៦១០៛/kwh ៧៤០៛/kwh |
៣៨០៛/kwh ៤៨០៛/kwh ៦១០៛/kwh ៧៣០៛/kwh |
៥·ទិញសម្រាប់បូមទឹកធ្វើកសិកម្ម ពី ម៉ ៩ យប់ ដល់ ម៉ ៧ ព្រឹក | ៤៨០៛/kwh | ៤៨០៛/kwh | ៤៨០៛/kwh |
៦·សាលារៀន, មន្ទីរពេទ្យ និង មណ្ឌលសុខភាព | ៧៧០៛/kwh | ៦១០៛/kwh | ៦១០៛/kwh |
កំណត់សម្គាល់ «ភព» មានន័យថា ភ្នំពេញ, “kwh” មានន័យថា គីឡូវ៉ាត់ម៉ោង, ថ្លៃជារៀលនៅក្នុងវង់ក្រចក គឺជាថ្លៃគណនាពីអត្រាថ្លៃគោល តាមអត្រាប្តូរប្រាក់ ១ ដុល្លារ ស្មើនឹង ៤១០០ រៀល ។
ដើម្បីអនុវត្តបានតាមកម្មវិធីបញ្ចុះថ្លៃអគ្គិសនីខាងលើនេះ រដ្ឋត្រូវលះបង់ចំណូលពន្ធប្រមាណជិត ៤០ លាន ដុល្លារក្នុងមួយឆ្នាំ ។ ហើយខ្ញុំសង្ឃឹមថា វិធានការជាក់ស្តែងនេះ មិនត្រឹមផ្តល់ការសម្រួលមួយកម្រិតថែមទៀតដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនយើងគ្រប់ស្រទាប់ជាន់ថ្នាក់ប៉ុណ្ណោះទេ តែក៏នឹងជួយលើកកម្ពស់ ភាពប្រកួតប្រជែងរបស់កម្ពុជាថែមទៀតក្នុងការទាក់ទាញការវិនិយោគ និងការលើកស្ទួយសកម្មភាពសេដ្ឋកិច្ចនៅក្នុងប្រទេស ដែលនឹងរួមចំណែកយ៉ាងសំខាន់ដល់ការទ្រទ្រង់កំណើនសេដ្ឋកិច្ចខ្ពស់ប្រកបដោយចីរភាព ព្រមទាំងការបង្កើតការងារ និងការបង្កើនប្រាក់ចំណូលជូនដល់ប្រជាពលរដ្ឋយើង ពិសេសដល់ស្រទាប់យុវវ័យ ។ ខ្ញុំមានជំនឿថា បងប្អូនប្រជាពលរដ្ឋយើងទូទាំងប្រទេស ពិតជាយល់ដឹងអំពីសារៈសំខាន់ និងចង់ទទួលបាននូវ អត្ថប្រយោជន៍ពីការអនុវត្តកម្មវិធីបញ្ចុះថ្លៃអគ្គិសនីនេះ ហើយប្រាកដជានឹងផ្តល់ការគាំទ្រដល់គណបក្សប្រជាជនកម្ពុជាឱ្យបន្តដឹកនាំរាជរដ្ឋាភិបាល ដោយមានរូបខ្ញុំព្រះករុណា ខ្ញុំ ធ្វើជានាយករដ្ឋមន្ត្រី នៅក្នុងនីតិកាលទី ៦ នៃ រដ្ឋសភាតទៅទៀត តាមរយៈសម្លេងឆ្នោតគាំទ្រម្នាក់មួយសន្លឹករបស់ខ្លួន នៅក្នុងការបោះឆ្នោត នាថ្ងៃទី ២៩ ខែ កក្កដា ខាងមុខនេះ ។
១០-អភិវឌ្ឍ និងពង្រឹងប្រព័ន្ធគាំពារសង្គមប្រកបដោយប្រសិទ្ធភាព និងចីរភាព ដែលជួយគាំពារប្រជាជនគ្រប់រូបពីហានិភ័យនានា ដោយមិនទុកឱ្យប្រជាជនណាម្នាក់ស្ថិតនៅក្រៅប្រព័ន្ធគាំពារសង្គមឡើយ ។ ក្នុងផ្នែកគាំពារសង្គមនេះ ក្នុងនាមជាបេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជាសម្រាប់នីតិកាលទី ៦ នៃ រដ្ឋសភា ខ្ញុំព្រះករុណា ខ្ញុំ ក៏សូមបញ្ជាក់ជូនដល់បងប្អូនជនរួមជាតិទាំងអស់គ្នាផងដែរថា បើឈ្នះឆ្នោត នាថ្ងៃទី ២៩ កក្កដា ខាងមុខនេះ រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា និងដោយមានខ្ញុំ ព្រះករុណា ខ្ញុំ ជានាយករដ្ឋមន្ត្រី នឹងបន្តជំរុញអនុវត្តដោយឥតងាករេនូវ «ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ ២០១៦–២០២៥» ពិសេសតាមរយៈការរៀបចំដាក់ឱ្យអនុវត្តនូវបណ្តាកម្មវិធីជាឤទិភាព ដូចខាងក្រោម ៖
ទី១ – រៀបចំដាក់ឱ្យអនុវត្តចាប់ពីពាក់កណ្តាលឆ្នាំ ២០១៩ ទៅ នូវកម្មវិធីឧបត្ថម្ភស្ត្រីមានផ្ទៃពោះ និង កុមារឤយុក្រោម ២ ឆ្នាំ នៃគ្រួសារក្រីក្រ ដែលការឧបត្ថម្ភនេះនឹងធ្វើឡើងជា ៣ ដំណាក់កាល គឺ ៖
ដំណាក់កាលទី ១ : ឧបត្ថម្ភ ៤ លើក, ក្នុងមួយលើក ៤ ម៉ឺនរៀល នៅពេលស្ត្រីមានផ្ទៃពោះ ទៅទទួលយកសេវាពិនិត្យផ្ទៃពោះនៅមូលដ្ឋានសុខាភិបាលរបស់រដ្ឋ ។
ដំណាក់កាលទី ២ : ឧបត្ថម្ភ ២០ ម៉ឺនរៀល នៅពេលស្ត្រីសម្រាលកូននៅមូលដ្ឋានសុខាភិបាល របស់រដ្ឋ ។
ដំណាក់កាលទី ៣ : ឧបត្ថម្ភ ១០ លើក, ក្នុង១លើក ៤ម៉ឺនរៀល នៅពេលស្ត្រីជាម្តាយនាំទារក ទៅទទួលថ្នាំបង្ការ ឬ សេវាគាំពារ រហូតដល់កុមារមានឤយុ ២ ឆ្នាំ ។
ទី២ – រៀបចំដាក់ឱ្យអនុវត្ត នៅក្នុងឆ្នាំ ២០១៩ នូវរបបហានិភ័យការងារសម្រាប់មន្ត្រីសាធារណៈ ។ និង
ទី៣ –រៀបចំដាក់ឱ្យអនុវត្ត នៅក្នុងឆ្នាំ ២០១៩ នូវរបបសោធនសម្រាប់កម្មករ–និយោជិត ។
១១-ផ្តល់សេវាសាធារណៈនៅគ្រប់ថ្នាក់ជូនប្រជាជនប្រកបដោយគុណភាព តម្លាភាព ប្រសិទ្ធភាព និង ងាយស្រួល រក្សាសុវត្ថិភាពឃុំ-សង្កាត់ ឱ្យបានល្អ និងមានស្ថិរភាព ។
បងប្អូនជនរួមជាតិជាទីគោរពស្នេហា !
កម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ត្រូវបានកសាងឡើងដោយផ្តើមចេញពីឆន្ទៈ និងបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជន និងផ្អែកលើមូលដ្ឋានជាក់ស្តែងដែលគណបក្សមានសមត្ថភាព និងលទ្ធភាពពិត ក្នុងការអនុវត្តឱ្យបានសម្រេច។ សមិទ្ធផលដ៏ធំធេងច្រើនរាប់មិនអស់ ដែលកម្ពុជាសម្រេចបានកន្លងមក ជាពិសេស ក្នុងរយៈពេលជាង ២ ទសវត្សរ៍ចុងក្រោយនេះ គឺជាសក្ខីភាពដ៏ប្រចក្សមិនឤចបដិសេធបាន ដែល បញ្ផាក់អំពីសមត្ថភាពដ៏ពិតប្រាកដរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការដឹកនាំការពារ កសាង និងអភិវឌ្ឍជាតិនៃយើង ។ ក្នុងនាមជាបេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា សម្រាប់នីតិកាលទី ៦ ខាងមុខនេះ ខ្ញុំព្រះករុណា ខ្ញុំបានត្រៀមរៀបចំរួចជាស្រេច នូវរបៀបវារៈគោលនយោបាយសង្គម-សេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាល ពោលគឺ «យុទ្ធសាស្ត្រចតុកោណ-ដំណាក់កាលទី៤» សម្រាប់ជាឧបករណ៍ដឹកនាំអនុវត្តឱ្យបានសម្រេចជោគជ័យ នូវ «កម្មវិធីនយោបាយ» របស់គណបក្ស រួមជាមួយនឹងវិធានការជាក់ស្តែងជាឤទិភាពទាំងឡាយ ដូចបានជម្រាបជូនខាងលើ ។
មុននឹងបញ្ចប់ ខ្ញុំព្រះករុណា ខ្ញុំ សូមយកឱកាសនេះ គូសបញ្ផាក់នូវជំហរឥតងាករេរបស់គណបក្សប្រជាជន-កម្ពុជា ក្នុងការចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី ៦ តាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ដោយគោរពប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួន តាមច្បាប់ បទបញ្ជា នីតិវិធី និងក្រមសីលធម៌សម្រាប់ការ បោះឆ្នោត ។ ខ្ញុំក៏សូមយកឱកាសនេះ អំពាវនាវដល់គ្រប់ក្រុមការងាររបស់គណៈកម្មាធិការកណ្តាល, គណៈ កម្មាធិការនៃគណៈបក្សគ្រប់ថ្នាក់, បេក្ខជន, មន្ត្រី និងសមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជាទាំងអស់ សូមចូលរួមក្នុងយុទ្ធនាការឃោសនានេះឱ្យបានសកម្មបំផុត ដើម្បីបង្ហាញពីកម្លាំងនៃសាមគ្គីភាព ឯកភាពផ្ទៃក្នុងដ៏រឹងមាំរបស់គណបក្សយើង ដោយប្រកាន់ខ្ជាប់នូវភាពថ្លៃថ្នូរ និង សីលធម៌ល្អប្រសើររបស់សមាជិកគណបក្ស ។
ព្រមជាមួយនេះ ខ្ញុំសង្ឃឹមថា គណបក្សទាំងឡាយដែលចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត ក៏ដូចជា អង្គការនានានៃសង្គមស៊ីវិល, អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ និងមជ្ឈដ្ឋានផ្សេងៗទៀត ដែលចូលរួមសង្កេតមើលដំណើរការបោះឆ្នោត ទាំងក្នុងដំណាក់កាលយុទ្ធនាការឃោសនា ពេលបោះឆ្នោត ពេលរាប់សន្លឹកឆ្នោត និងក្រោយពេលបោះឆ្នោត ពិតជានឹងគោរពយ៉ាងខ្ជាប់ខ្ជួន តាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត ដើម្បីធានានូវបរិយាកាសនយោបាយដ៏ល្អបំផុត ធ្វើឱ្យការបោះឆ្នោតប្រព្រឹត្តទៅដោយជោគជ័យ ប្រកបដោយ លក្ខណៈសេរី ត្រឹមត្រូវ និង យុត្តិធម៌ ដែលទាំងអស់គ្នាទទួលយកបាន ។
បងប្អូនជនរួមជាតិជាទីគោរពស្នេហា !
ថ្ងៃ ឤទិត្យ ២ រោច, ខែ ទុតិយាសាឍ, ឆ្នាំ ច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ ២០១៨ ខាងមុខនេះ គឺជាថ្ងៃបោះឆ្នោតហើយ ! ខ្ញុំព្រះករុណា ខ្ញុំ សូមអំពាវនាវដល់ជនរួមជាតិ ក៏ដូចជាសមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជាទាំងអស់ សូមប្រើប្រាស់សិទ្ធិរបស់ខ្លួនក្នុងការបោះឆ្នោត ប្រកប ដោយការទទួលខុសត្រូវខ្ពស់ ដោយអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់គ្នាកុំបីខាន និងសូមបោះឆ្នោតគាំទ្រ គណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញាទេវតាបាចផ្កា និងមានលេខរៀងទី ២០ នៅលើសន្លឹកឆ្នោត !
ក្នុងនាមគណបក្សប្រជាជនកម្ពុជា ខ្ញុំព្រះករុណា ខ្ញុំ សូមសន្យាយ៉ាងឧឡារិកជាថ្មីម្តងទៀតថា ក្រោយពេលគណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោត គណបក្សនឹងបន្តពុះពារធ្វើអ្វីៗគ្រប់យ៉ាងក្នុងលទ្ធភាពទាំងអស់របស់ខ្លួន ដើម្បីធានានូវសន្តិភាព ស្ថិរភាព សន្តិសុខ និងការអភិវឌ្ឍប្រកបដោយចីរភាព ដោយផ្តោតឤទិភាពទៅលើការកែទម្រង់អភិបាលកិច្ចសំដៅពង្រឹងស្ថាប័នសាធារណៈ និងកសាងរដ្ឋបាលស្អាតស្អំ; ការវិនិយោគលើមូលធនមនុស្ស; ការបង្កើតបរិយាកាសអំណោយផលសម្រាប់ធុរកិច្ច និងការវិនិយោគ; ព្រមទាំងការពង្រឹងភាពជាម្ចាស់ និងភាពជាដៃគូ ក្នុងការអភិវឌ្ឍជាមួយគ្រប់ដៃគូដែលមានការពាក់ព័ន្ធ ពិសេសការពង្រឹងសមត្ថភាពកម្ពុជាសម្រាប់ សមាហរណកម្មជាមួយសេដ្ឋកិច្ចតំបន់ និងពិភពលោក ដែលទាំងអស់នេះ គឺជាធាតុផ្សំចាំបាច់សម្រាប់ធ្វើឱ្យ ប្រជាជនគ្រប់ៗរូបមានកម្រិតជីវភាពកាន់តែប្រសើរឡើងឥតឈប់ឈរ ហើយរស់នៅយ៉ាងសុខដុមរមនា ក្នុងសង្គមកម្ពុជា មួយ ដែលគោរពតម្លៃមនុស្ស ប្រជាធិបតេយ្យ សេរីភាព និងយុត្តិធម៌ ។
– បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺដើម្បីឯករាជ្យជាតិ អធិបតេយ្យជាតិ បូរណភាពទឹកដីដ៏ ពេញលេញ និងកិត្យានុភាពដ៏ខ្ពស់ត្រដែតរបស់កម្ពុជា នៅលើឆាកអន្តរជាតិ !
– បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺដើម្បីសុខសន្តិភាព ស្ថិរភាព និង ការអភិវឌ្ឍ !
– បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺដើម្បីបន្តកែលម្អ និងលើកស្ទួយជីវភាពរស់នៅប្រចាំថ្ងៃ របស់ប្រជាជនយើងទាំងអស់គ្នា !
– គណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោត គឺប្រជាជនកម្ពុជា ជាអ្នកឈ្នះ !
នៅចុងបញ្ចប់ ខ្ញុំសូមប្រសិទ្ធពរជូនបងប្អូនជនរួមជាតិគ្រប់រូប ក៏ដូចជាសមាជិក-សមាជិកានៃគណបក្សប្រជាជនកម្ពុជាទាំងអស់ ពិសេសក្មួយៗយុវជន សូមទទួលបានជោគជ័យក្នុងគ្រប់ការងារ និងសមប្រកប ដោយពុទ្ធពរទាំង ៤ ប្រការ គឺៈ ឤយុ, វណ្ណៈ, សុខៈ, និង ពលៈ, កុំបីឃ្លៀងឃ្លាតឡើយ ៕
សូមអរព្រះគុណ និង សូមអរគុណ !