FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានៅព្រឹកថ្ងៃព្រសហស្បតិ៍ ៨រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៨នេះ អញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុប ២៧,៥២៩នាក់ មកពីរោងចក្រចំនួន២៥ នៅក្នុងខេត្តកណ្តាល។
ខាងក្រោមជាប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន ចាប់ផ្តើមថ្លែងសំណេះសំណាលជាមួយកម្មករជិត ៣ម៉ឺននាក់មកពីរោងចក្រចំនួន២៥ នៅខេត្តកណ្តាល។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពេលនេះប្រទេសកម្ពុជាបានឆ្លងផុតពីប្រទេសក្រីក្រតោកយ៉ាកទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប ហើយជីវភាពប្រជាពលរដ្ឋក៏បានប្រែប្រួលខុសពីអតីតកាល ដែលរកតែស្បែកជើងពាក់មិនចង់បានផងនោះ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើគ្មានសង្គ្រាមឆ្នាំ១៩៧០ និងរបបប្រល័យពូជសាសន៍ទេ កម្ពុជានឹងមានការរីកចម្រើនជាងនេះ។ ប៉ុន្តែជាអកុសលសង្គ្រាមនេះ បានបំផ្លេចបំផ្លាញកម្ពុជាគ្មានសល់ កម្ពុជាបានប្រឹងប្រែងងើបឡើងទាំងលំបាក។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលបានប្រឹងប្រែងរួមគ្នាជាមួយរាជរដ្ឋាភិបាល ដើម្បីស្តារប្រទេសឡើងវិញ រួមគ្នាទប់ស្កាត់មិនឲ្យរបបប្រល័យពូជសាសន៍វិលមកជាថ្មី។ សម្តេចតេជោ នេះជាមរតក និងសមិទ្ធផលដ៏ធំធេងសម្រាប់ប្រជាពលរដ្ឋក្នុងសម័យបច្ចុប្បន្ន។
* សម្តេចតេជោ ហ៊ុន សែន ចោទជាសំណួរទៅកាន់អ្នកដែលអន្ទោសអង្អាប់សម្តេច «ជាមនុស្សល្ងង់» ថា តើមនុស្សល្ងង់ម្នាក់អាចដឹកនាំតស៊ូរំដោះប្រទេសបានដែរឬទេ? បើជាមនុស្សល្ងង់ តើអាចធ្វើឲ្យប្រជាពលរដ្ឋគោរពស្រឡាញ់ និងគាំទ្រដល់ពេលបច្ចុប្បន្នដែរឬទេ?
* សម្តេចតេជោ ហ៊ុន សែន បានចោទសួរទៅក្រុមអ្នកលើកឡើងថា ចំណូលជាតិបាត់បង់រហូតដល់ទៅ ៧៥ភាគរយ តើប្រទេសជាតិអាចរីកចម្រើនទៅរួចដែរឬទេ?
* សម្តេចតេជោ ហ៊ុន សែន បានអរគុណចំពោះការស្រឡាញ់រាប់អាន និងការសម្តែងនូវភាពរ៉ាក់ទាក់របស់កម្មករ កម្មការិនី ដែលនេះជាថាមពលដ៏ខ្លាំងក្លាសម្រាប់ការបន្តដឹកនាំប្រទេស និងយកខ្លួនពាំងការពារសុខសន្តិភាពសម្រាប់ជាតិ និងប្រជាជន។
* សម្តេចតេជោ បានលើកឡើងថា ពេលការបោះឆ្នោតជិតមកដល់មានអ្នកសន្យាបែបនេះ ឬបែបនោះ តែត្រូវចោទសួរថា តើការសន្យានោះអាចធ្វើបានដែរឬទេ? ខណៈដែលកម្ពុជាកំពុងទទួលបានសមិទ្ធផលជាច្រើននៅក្នុងដៃរួចទៅហើយនោះ។
* ពាក់ព័ន្ធនឹងហ្នឹងរឿងនេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងនូវរឿងអប់រំមួយថា សត្វឆ្កែ ដែលកំពុងពាំសាច់មួយដុំនៅក្នុងមាត់ ប៉ុន្តែនៅពេលវាពាំសាច់នោះទៅឆ្លុះក្នុងទឹក ស្រាប់តែឃើញស្រមោលសាច់ក្នុងទឹកធំជាងសាច់នៅក្នុងមាត់ ក៏ទម្លាក់សាច់ក្នុងមាត់ចោល ចង់ស្រវាយកសាច់ស្រមោលក្នុងទឹក តែទីបំផុតបាត់បង់សាច់នៅក្នុងមាត់។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រាក់ឈ្នួល របស់កម្មករ កម្មការិនី និងប្រាក់បៀវត្សរ៍របស់មន្រ្តីរាជការមិនមែនស្ថិតនៅត្រឹមប៉ុណ្ណេះទេ ពោលនៅពេលដែលកម្រិតសេដ្ឋកិច្ចជាតិ ក្លាយទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ នោះប្រាក់ឈ្នួល និងប្រាក់បៀវត្សរ៍កាន់តែឡើងខ្ពស់។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការបង្កើតកំពង់ផែ បង្កើតផ្លូវ បង្កើតថាមពលអគ្គិសនី ដើម្បីតម្លៃអគ្គិសនីចុះទាប គឺដើម្បីទាក់ទាញអ្នកវិនិយោគ ដើម្បីឲ្យអ្នកវិនិយោគមានផលចំណេញ ហើយផលចំណេញពីការរកស៊ីនោះ នឹងជួយប្រាក់ឈ្នួលរបស់កម្មករ កម្មការិនីបានកាន់តែខ្ពស់។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចជាប្រមុខបានយកជីវិតធ្វើជាដើមទុនដឹកនាំចលនារំដោះជីវិត ប្រជាពលរដ្ឋចេញពីរបបប្រល័យពូជសាសន៍ បន្ទាប់មកត្រូវប្រឹងប្រែងទប់ស្កាត់ការពារមិនឲ្យរបបប្រល័យពូជសាសន៍វិលមកវិញ ហើយម្ខាងទៀតត្រូវប្រឹងប្រែងស្តារប្រទេសឡើងវិញ។
* សម្តេចប្រមុខគណបក្សប្រជាជនកម្ពុជា បានថ្លែងថា សុខសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជាមានតែបាតដៃរបស់គណបក្សប្រជាជនកម្ពុជា គ្មានបាតដៃរបស់បក្សប្រឆាំងនោះឡើយ។ បក្សប្រឆាំងបានត្រឹមតែរារាំងមិនឲ្យមានការទិញផលិតផលរបស់កម្ពុជា និងមិនឲ្យបរទេសផ្តល់ជំនួយមកឲ្យកម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា យើងត្រូវមានមោទនភាពចំពោះសម្លៀកបំពាក់ដែលផលិតនៅកម្ពុជា ហើយត្រូវបានលក់នៅលើទីផ្សារពិភពលោក។
* សម្តេចតេជោ ហ៊ុន សែន បានចោទសួរថា ហេតុអ្វីបានជាអ្នកវិនិយោគបានមកបណ្តាក់ទុនរកស៊ីនៅកម្ពុជា គ្រាដែលមានតម្លៃប្រាក់ឈ្នួលខ្ពស់ជាងបណ្តាប្រទេសមួយចំនួន មានតម្លៃដឹកជញ្ជូន និងតម្លៃអគ្គិសនីថ្លៃជាងបណ្តាប្រទេសមួយចំនួន? សម្តេចបានបញ្ជាក់ថា កត្តាទាក់ទាញទី១ គឺកម្ពុជាមានសុខសន្តិភាព និងស្ថេរភាព និងកត្តាមួយទៀត គឺកម្ពុជាមានកម្លាំងពលកម្មជំនាញអាចបំពេញនូវស្តង់ដារគុណភាពផលិតផល។
* សម្តេចតេជោ ហ៊ុន សែន បានបន្តថា ព្រោះតែកត្តានេះហើយ ទើបសម្តេចតែងអំពាវនាវដល់កម្មករ កម្មការិនី ឲ្យប្រឹងប្រែងលើកកម្ពស់គុណភាពផលិតផលដែលផលិតនៅកម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន បានចោទសួរថា តើត្រូវរក្សាទុកនូវអ្វីដែលមាននៅក្នុងដៃរួចទៅហើយ ឬត្រូវធ្វើការផ្លាស់ប្តូរ?
* សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា ព្រោះតែការ «ដូរៗ» ដោយមិនបានពិចារណាទសវត្សរ៍ឆ្នាំ៧០ បានធ្វើឲ្យកម្ពុជារលំរលាយ។ សម្តេចលើកឡើងថា មួយថ្ងៃជយោសម្តេច នរោត្តម សីហនុ ហើយមួយថ្ងៃទៀត ដូរសម្តេច នរោត្តម សីហនុ ទីបំផុតកម្ពុជាធ្លាក់ក្នុងភ្លើងសង្គ្រាម។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៨ ដែលជាថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត សម្តេចនឹងប្រកាសបង្ហាញនូវគោលនយោបាយមួយចំនួនសម្រាប់ជាប្រយោជន៍ដល់ប្រជាពលរដ្ឋ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គណបក្សប្រជាជនកម្ពុជា បានធ្វើតាំងពីប្រជាពលរដ្ឋពីត្រឹមតែ ៥លាននាក់ រហូតដល់ប្រមាណ ១៦លាននាក់ទៅហើយ។ គណបក្សប្រជាជនធ្វើតាំងពីពលរដ្ឋពី ៥លាននាក់ខ្វះអង្ករបរិភោគ មកដល់ពលរដ្ឋប្រមាណ ១៦លាននាក់ មានអង្ករហូបគ្រប់គ្រាន់ ហើយសល់អង្ករសម្រាប់នាំចេញ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រសិនបើគណបក្សសង្គ្រោះជាតិមិនត្រូវបានរំលាយចោលទេ សង្គ្រាមនៅកម្ពុជាមិនអាចគេចផុតនោះឡើយ។ សម្តេចតេជោថា គេធ្វើនយោបាយដើម្បីបង្រួបបង្រួមជាតិ តែបក្សសង្គ្រោះជាតិធ្វើនយោបាយបំបែកបំបាក់ជាតិ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា ពេលគេដើរតាមខ្លួនជាអ្នកស្នេហាជាតិ ពេលគេមិនគាំទ្រជាអាយ៉ងបរទេស ដូច្នេះតើការបង្រួបបង្រួមជាតិកើតឡើងបានយ៉ាងណា?
* សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា សម្តេចបន្តដឹកនាំប្រទេសយ៉ាងតិច១០ឆ្នាំ ដើម្បីចាំការពារប្រទេសពីការប៉ុនប៉ងបំបែកបំបាក់របស់ក្រុមបក្សប្រឆាំងដែលត្រូវបានរំលាយ។ សម្តេចបន្តថា ដរាបណាអតីតមេបក្សប្រឆាំងមួយនេះ នៅតែមានវត្តមានសម្តេចនៅតែបន្តដឹកនាំការពារប្រទេសមួយនេះ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ភាពសុខសាន្តនៅតាមរោងចក្រ គឺជាបំណងប្រាថ្នារបស់សម្តេច។
* សម្តេចតេជោ ហ៊ុន សែន បានប្រាប់ថៅកែរោងចក្រថា ប្រសិនបើថៅកែងរោងចក្រគ្មានកម្មករ មិនមែនមានឈ្មោះជាថៅកែរោងចក្រនោះទេ គឺមានឈ្មោះត្រឹមតែថៅកែឃ្លាំងប៉ុណ្ណោះ ដោយឡែកកម្មករបើគ្មានរោងចក្រ ក៏គ្មានការងារធ្វើ និងមិនមានប្រាក់ឈ្នួលដូចគ្នា។ ក្នុងន័យនេះ សម្តេចអំពាវនាវឲ្យថៅកែ និងកម្មករ ត្រូវរួមគ្នាបង្កើសហគមន៍សុខសាន្តនៅតាមរោងចក្រ។
* សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ប្រជាកសិករថា បើទោះបីមានគោយន្ត ប៉ុន្តែកុំបោះបង់ចោលការចិញ្ចឹមសត្វគោ បើមិនចិញ្ចឹមគោសម្រាប់ភ្ជួររាស់ ក៏ចិញ្ចឹមមេគោដែរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រហូតមកដល់ពេលនេះ សម្តេចបានបញ្ចេញថវិការហូតដល់ទៅជាង ២០លានដុល្លារ ដើម្បីដោះស្រាយបញ្ហារបស់កម្មករ ដែលថៅកែរត់ចោល។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងទទួលស្គាល់ថា ការដឹកនាំរបស់សម្តេចនៅមានចំណុចខ្វះខាត ប៉ុន្តែអាចំណុចល្អប្រសើរនោះច្រើនជាង ព្រោះតែចំណុចល្អប្រសើរច្រើនជាងនោះហើយ ទើបនាំឲ្យកម្ពុជាមានការរីកចម្រើនដូចពេលបច្ចុប្បន្ន។
* សម្តេចតេជោ ហ៊ុន សែន បានប្រកាសផ្តាំទៅ ប្រេដអាដាមថា កម្ពុជាមិនស្ថិតនៅក្រោមច្បាប់របស់បរទេសណាមួយនោះឡើយ
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ព្រោះតែបរទេសតាំងខ្លួនជាម្ចាស់របស់ខ្មែរនោះហើយ ទើបធ្វើឲ្យខ្មែរស្លាប់អស់រាប់លាននាក់ពីអតីតកាល ខ្មែរបច្ចុប្បន្នមិនអនុញ្ញាតឲ្យបរទេសធ្វើជាម្ចាស់ ហើយខ្មែរបច្ចុប្បន្នក៏មិនមានពូជក្បត់ជាតិពីឪដល់កូននោះដែរ។
* សម្តេចនាយករដ្ឋមន្ត្រី បន្តអំពាវនាវដល់កម្មករ កម្មការិនីបន្តរួមគ្នាទប់ស្កាត់កុំឲ្យមានការរីករាលដាលនៃជំងឺអេដស៍។
* សម្តេចតេជោ បន្តអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវខិតខំបរិយាកាសអព្យាក្រឹត ដើម្បីធានាដល់ការដំណើរការបោះឆ្នោតប្រកបដោយយុត្តិធម៌ និងតម្លាភាព។
* សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់មន្រ្តីរាជការទាំងអស់មិនត្រូវប្រើទ្រព្យសម្បត្តិរបស់រដ្ឋទៅធ្វើយុទ្ធនាការឃោសនាបោះឆ្នោតនោះឡើយ ដើម្បីធានាថាទ្រព្យសម្បត្តិរបស់រដ្ឋ មិនត្រូវយកទៅបម្រើដល់ការបោះឆ្នោតដោយគណបក្សនយោបាយណាមួយនោះឡើយ ជាពិសេសបក្សកាន់អំណាច។
* សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ត្រូវជួលម៉ោងផ្សព្វផ្សាយទៅដល់គណបក្សនយោបាយទាំងអស់ ខណៈដែលគណបក្សប្រជាជនកម្ពុជា បានជួលគ្រប់ទូរទស្សន៍អស់ហើយ ដើម្បីផ្សព្វផ្សាយក្នុងពេលយុទ្ធនាការឃោសនារកសំឡេងឆ្នោត។
* សម្តេចតេជោ បន្ថែមថា សម្រាប់ទូរទស្សន៍ជាតិ គឹត្រូវផ្តល់ម៉ោងស្មើៗគ្នាដល់គ្រប់គណបក្សនយោបាយទាំងអស់ ក្នុងអំឡុងពេលយុទ្ធនាការឃោសនារកសំឡេងឆ្នោត។
* សម្តេចតេជោ ហ៊ុន សែន បានផ្តាំទៅប្រជាពលរដ្ឋថា ប័ណ្ណព័ត៌មានស្តីពីការបោះឆ្នោតមិនអាចយកទៅបោះឆ្នោតបាននោះឡើយ ពោលមានតែអត្តសញ្ញាណប័ណ្ណ ទើបអាចបម្រើដល់ការបោះឆ្នោតបាន។
* សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងថា សម្តេចនឹងចេញសារាចរណ៍ណែនាំមួយជូនដល់ប្រជាពលរដ្ឋសម្រាប់ថ្ងៃបោះឆ្នោត ដែលធ្វើតាមសំណើរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅថ្ងៃបោះឆ្នោតនឹងហាមមិនឲ្យមានលក់ និងផឹកស្រានោះឡើយ។ សម្រាប់អ្នកដែលលើកឡើងថា នៅថ្ងៃបោះឆ្នោតគេនឹងផឹកស្រាចាក់បាស់រាំច្រៀង អាចប្រឈមនឹងការមានទោសព្រោះតែប្រព្រឹត្តផ្ទុយពីច្បាប់របស់ គ.ជ.ប។
* សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវឲ្យរួបរួមគ្នាធ្វើយ៉ាងណាឲ្យការបោះឆ្នោតប្រព្រឹត្តទៅដោយជោគជ័យ ដោយមិនត្រូវឲ្យមានការផិតភ័យណាមួយដល់ប្រជាពលរដ្ឋនោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការបោះឆ្នោតបក្សណាឈ្នះឆ្នោតជារឿងមួយ ប៉ុន្តែអ្វីដែលសំខាន់គឺជាតិទាំងមូលបានឈ្នះតាមរយៈ នៃការរៀបចំការបោះឆ្នោតមួយប្រកបដោយជោគជ័យ។
* សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកដល់កម្មករ កម្មការិនីថា ពួកគេអាចឈប់សម្រាកបាន៣ថ្ងៃសម្រាប់ការបោះឆ្នោតខាងមុខ ដោយមានប្រាក់ឈ្នួលដដែល។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គណបក្សប្រជាជនលេខរៀងទី២០ រួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ គ្មានប្រវត្តិរត់ចោលប្រជាពលរដ្ឋនោះឡើយ ផ្ទុយពីបក្សខ្លះរួមតែសុខ ពេលមានមានទុក្ខរត់ទៅបាត់។