សេចក្តីព្រៀងច្បាប់ពីរ ដើម្បីសុខភាព និងសុខុមាលភាពប្រជាពលរដ្ឋ

ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ថ្ងៃទី ៦ វិច្ឆិកា ២០១៥ សម្តេចតេជោ ហ៊ុន សែន បានស្វាគមន៍សេចក្តីព្រៀង ច្បាប់ស្តីពី សុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ ដោយចាត់ទុកថា មានសារៈ​សំ​ខាន់​ក្នុងការធានាការគ្រប់គ្រង និងអភិវឌ្ឍសុខភាព ក៏ដូចជាដំណើរការផលិតកម្មនានាទាក់​ទងនឹងសត្វ។ សម្តេច​តេជោ បានគូសបញ្ជាក់ថា សេចក្តីព្រៀងច្បាប់ នឹងពង្រឹងថែមទៀត នូវប្រព័ន្ធជាតិការពារ​សុខភាពមនុស្ស និងសត្វ ព្រមទាំងសុខុមាលភាពសត្វ និងបរិស្ថាន ហើយបានទាញអារម្មណ៍គណៈរដ្ឋមន្ត្រីថា ដោយសារ​ការ​រីក​ចម្រើននៃសេដ្ឋកិច្ច រួមទាំងការកើនឡើងនូវចំនួនទេសចរ កម្ពុជាចាំបាច់ត្រូវប្រឈមមុខនឹងការ​បន្តកើនឡើង​នៃតម្រូវការសាច់ក្នុងស្រុក ដែលការចិញ្ចឹមសត្វ និងសេវាបសុព្យាបាល ជាកត្តាសំខាន់មិនអាច​មើលរំលងបាន។

ការវិភាគពីការផ្អាកពិធីបុណ្យអុំទូក ជាការប្រមាថ មិនអាចទទួលយកបាន

ថ្ងៃ ៥ វិច្ឆិកា ២០១៥ ជាអធិបតីនៃពិធីសម្ពោធគម្រោងការពារទឹកជំនន់ និងប្រព័ន្ធប្រឡាយ/លូ​ ក្រោមជំ​នួយ​ឥ​តសំ​ណងនៃប្រទេស​ជប៉ុន​ ដំណាក់កាលទី ៣ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ជាថ្មីថាកំពស់ទឹក ទន្លេមេគង្គ ដែលត្រូវបានព្យាករណ៍ថានឹងមានកំពស់ត្រឹមតែ ៤,២០ ម៉ែត្រ ធៀបទៅតាមធម្មតា ជុំវិញ ៧ ម៉ែត្រ គឺជាហេតុផលចម្បងក្នុងការផ្អាកពិធីបុណ្យអុំទូកនៅឆ្នាំនេះ។ សម្តេចតេជោ បានចាត់ទុកការធ្វើ​អត្ថា​ធិប្បាយដោយមជ្ឈដ្ឋានតាំងខ្លួនជាអ្នកវិភាគ និងប្រឆាំងថា ការផ្អាកពិធីបុណ្យអុំទូក មកពីមានការព្រួយបា​រម្ភ​ពីការធ្វើបាតុកម្មប្រឆាំងរបស់បក្សសង្គ្រោះជាតិ ជាការប្រមាថដ៏ព្រហើន មិនអាចទទួលយកបាន។

សម្តេចតេជោសង្ឃឹមថា នឹងមានគម្រោងជប៉ុនទី ៤ សម្រាប់ភ្នំពេញ

ថ្ងៃ ៥ វិច្ឆិកា ២០១៥ ដោយសង្កត់ធ្ងន់ទៅលើសារសំខាន់នៃជំនួយរបស់ប្រទេសជប៉ុន ចំពោះគម្រោងទំ​នប់ការពារក្រុងភ្នំពេញពីទឹកជំនន់ និងការរៀបចំប្រព័ន្ធប្រឡាយ/លូ សម្តេចតេជោ បានរំលឹកអំពីការប្រ​ឈមបីរបស់ទីក្រុង គឺទឹកជំនន់ សំរាម និងចរាចរណ៍។ ពាក់ព័ន្ធនឹងទឹកជំនន់ពីទន្លេ និងប្រភពនានា សម្តេចតេជោបានរំលឹកពី​ការរួមចំណែកនៃគម្រោងក្នុងដំណាក់កាលទីមួយ និងទីពីរ របស់ប្រទេសជប៉ុន ដើម្បីបញ្ជៀសទីក្រុងភ្នំពេញពីការជន់លិច។ ចំពោះការជន់លិចទីក្រុងដោយទឹកភ្លៀង សម្តេចតេជោ បាន​ទាញអារម្មណ៍អ្នកចូលរួមថា ករណីដែលមានភ្លៀងធ្លាក់ក្នុងកម្រិតខ្ពស់ ប្រព័ន្ធលូ នឹងមិនអាចរំដោះទឹក បានទាន់ពេលទេ ហើយករណីនេះកើតមាននៅច្រើនប្រទេស។