Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer

សុន្ទរកថា និងការដកស្រង់ប្រសាសន៍ក្រៅសន្ទុរកថា ក្នុងពិធី ប្រកាសផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «គោលនយោបាយជាតិប្រជាជន ២០១៦-២០៣០»

ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្តីរីករាយ ដោយបានចូលរួម នៅក្នុងពិធីប្រកាសផ្សព្វផ្សាយ​ដាក់ឱ្យប្រើប្រាស់​ជា​ផ្លូវ​ការនូវ «គោលនយោបាយជាតិប្រជាជន ២០១៦-២០៣០» ក្នុងឱកាសនេះ។ នេះគឺជាព្រឹត្តិការណ៍​ប្រវត្តិ​សាស្ត្រ​ដ៏សំខាន់មួយ ដែលរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវ​គោលនយោបាយជាតិប្រជាជន​លើកដំ​បូង ដែលមានរយៈពេលវែងរហូតដល់ ១៥ ឆ្នាំ ហើយដែល​នឹងរួមចំណែកយ៉ាងខ្លាំងក្លាដល់​ការ​លើក​កម្ពស់​គុណ​ភាពជីវិតរបស់ប្រជាជនកម្ពុជា។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះឯកឧត្តមទេសរដ្ឋមន្ត្រី ឆាយ ថន ​ព្រម​ទាំងថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់នៃក្រសួងផែនការ ដែលបានដើរតួនាទី និងបំពេញភារកិច្ច​របស់ខ្លួន ដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការដឹកនាំ និងសម្របសម្រួលការ​រៀបចំ គោលនយោបាយ​ជាតិប្រជាជន ២០១៦-២០៣០ ដោយមានកិច្ចសហការ​យ៉ាងល្អពីសំណា​ក់ក្រសួង ស្ថាប័ន និងភាគី​ពាក់​ព័ន្ធ។ នេះគឺជាកិច្ចខិតខំប្រឹងប្រែងថ្មីមួយទៀត បន្ទាប់ពីយើងសម្រេចបាននូវចំណាត់ថ្នាក់​ល្អ​ប្រសើរ, ជា​ប្រទេសស្ថិតក្នុងចំណាត់ថ្នាក់ទី ៥ ក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍន៍ ដែលឤចសម្រេចបាន​គោលដៅ​អភិវឌ្ឍន៍សហស្សវត្សរ៍ ព្រមទាំងជាប្រទេសជាប់ចំណាត់ថ្នាក់ទី ១ នៅតំបន់ឤស៊ីប៉ាស៊ីហ្វិក ដែល​សម្រេច​បាននូវវឌ្ឍនភាពដ៏ល្អប្រសើរ ក្នុងការកែលម្អសូចនាករផ្នែកសង្គមកិច្ច ទន្ទឹមគ្នានឹងមហិច្ឆិតា​ក្លាយ​ទៅ​ជា​ប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០។ ជាមួយនេះ ខ្ញុំក៏សូមថ្លែងអំណរគុណចំពោះដៃគូអភិវឌ្ឍទាំងអស់ ពិសេសមូលនិធិសហប្រជាជាតិសម្រាប់​ប្រ​ជាជន (UNFPA) ដែលបានគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាជារៀងរហូតមក​ទាំងផ្នែកបច្ចេកទេស, ទាំង​ផ្នែកហិរញ្ញវត្ថុ លើបញ្ហាប្រជាជន និងការអភិវឌ្ឍ ពិសេសការលើកកម្ពស់សុខភាពបន្តពូជ និងសុខភាព​របស់​​មាតា និងកុមារ។ ក្នុងនោះ មូលនិធិសហប្រជាជាតិ សម្រាប់ប្រជាជនតែងបាន​ការគាំទ្រដល់​ក្រសួង​ផែន​ការលើការងារស្ថិតិ, ការងារផែនការ និងការងារពាក់ព័ន្ធ នឹងបញ្ហាប្រជាជន និងការអភិវឌ្ឍ ហើយថ្មីៗ​នេះ គឺគាំទ្រដល់ដំណើរការរៀបចំ គោលនយោបាយជាតិប្រជាជន ២០១៦-២០៣០ ដែល​យើងផ្សព្វ​​ផ្សាយ​​ដាក់​ឱ្យអនុវត្តនាថ្ងៃនេះ…

ការដកស្រង់ប្រសាសន៍នៃសង្កថា សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីសំណេះសំណាលជាកម្មករ កម្មការិនី បុគ្គលិក មន្ត្រីកំពង់ផែស្វយ័តក្រុងព្រះសីហនុ

ខួបលើកទី ២០ នៃការសន្យាជួប ជាមួយកម្មករ កម្មការិនី នៅកំពង់ផែស្វយ័ត​ក្រុងព្រះសីហនុ ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ រីករាយដែលបានវិលត្រឡប់មកជួបជុំជាមួយកម្មករ កម្មការិនី នៅកំពង់ផែស្វយ័ត​ក្រុង​ព្រះ​សីហនុ សាជាថ្មីម្ដងទៀត នៅក្នុងខួបលើកទី​ ១៣០ នៃទិវាពលកម្មអន្តរជាតិ។ ថ្ងៃនេះ ក៏ជាឆ្នាំខួបលើកទី ២០ នៃការសន្យា និងការអនុវត្តជាមួយគ្នា ចាប់តាំងពីឆ្នាំ ១៩៩៦ រហូតដល់ឆ្នាំ ២០១៦ នេះ ដែលពេលនោះ ខ្ញុំព្រះករុណាខ្ញុំ បានចុះមកកាន់ទីនេះជាបន្តបន្ទាប់ ប៉ុន្តែក្នុងរយៈពេលប៉ុន្មាន​ឆ្នាំចុងក្រោយនេះ គឺត្រូវបាន​តំ​ណាង​ដោយឯកឧត្តម អតីតឧបនាយករដ្ឋមន្រ្តី គាត ឈន់។ ថ្ងៃនេះ ខ្ញុំ​ព្រះករុណាខ្ញុំ ពិតជាមាន​ការ​រីក​រាយ​ដែល​បានជួបជុំសាជាថ្មីម្ដងទៀត តាមអ្វីដែលយើងធ្លាប់​បាននិយាយគ្នាថា ខ្ញុំព្រះករុណាខ្ញុំ នឹងមកជួបជុំជា​មួយ​នឹង​កម្មករ/ការិនី នៅកំពង់ផែស្វយ័តក្រុង​ព្រះ​សីហនុនេះ ជារៀងរាល់ឆ្នាំ ដើម្បីតំណាងអោយការ​ជួបជុំ​កម្ម​ករ/ការិនី នៅទូទាំងព្រះរាជាណាចក្រ​កម្ពុជា។ ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ជាពិសេសខ្លួន​ខ្ញុំព្រះ​ករុ​ណាខ្ញុំផ្ទាល់​ ក្នុង​ឋានៈជា​ប្រមុខ​នៃរាជរដ្ឋាភិបាល ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ សូមផ្ញើជូនចំពោះកម្មករ/​កា​រិនី​ទាំង​អស់​នៅក្នុងព្រះរាជា​ណាចក្រកម្ពុជា នូវការជូនពរ ក៏ដូចជាសង្ឃឹមថា កម្មករ កម្មការិនី យ៉ាងច្រើនកុះករ​រាប់រយ​រោង​ចក្រ​សហ​គ្រាស…

ការដកស្រង់ប្រសាសន៍ក្នុងសង្កថា ពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យធនធានមនុស្ស

ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ រីករាយដែលបានវិលត្រឡប់មកសាជាថ្មីម្តងទៀត ដើម្បីផ្តល់សញ្ញាបត្រ សម្រាប់សិស្ស ថ្នាក់វិជ្ជាជីវៈ និងនិស្សិតនៃសាកលវិទ្យាល័យធនធានមនុស្ស។ ​នេះជាលើកទី ១៣ ហើយ ដែលខ្ញុំបានមកចូល​រួម​ជាមួយសាកលវិទ្យាល័យ ដូចជាអង្គការមួយនេះ។ ខ្ញុំព្រះករុណាខ្ញុំ សុំយកឱកាសនេះ ថ្លែងនូវការកោតសរ​សើ​ចំ​ពោះ​វឌ្ឍនភាព នៃសាកលវិទ្យាល័យ ដែល​បានចាប់ផ្តើមពីអង្គការក្រៅរដ្ឋាភិបាលមួយ ហើយក្លាយខ្លួន​ទៅ​ជាសាកលវិទ្យាល័យ ដែលមានការបណ្តុះ​បណ្តាលធនធានមនុស្ស។ គិតមកដល់ពេលនេះ មានសិស្ស​ថ្នាក់​វិជ្ជាជីវៈ និស្សិតថ្នាក់បរិញ្ញាបត្ររង និស្សិតបរិញ្ញាបត្រ បរិញ្ញាបត្រ​ជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ជាង ៣ ម៉ឺន ៣ ពាន់នាក់ ដែលបានទទួលការ​បណ្តុះបណ្តាលចេញពីទីនេះ។ ពិតណាស់ថា ការរីកចម្រើនជាបន្តបន្ទាប់នេះ វាស្របជាមួយនឹងដំណើររីកចម្រើន​របស់ប្រទេសជាតិរបស់យើង បន្ទាប់ពីប្រទេសជាតិទទួលបាននូវសុខសន្តិ​ភាព​ពេញលេញ តាមរយៈនយោ​បាយឈ្នះ-ឈ្នះរបស់យើង។ មានគោលនយោបាយត្រឹមត្រូវ បន្ថែមការគ្រប់គ្រងហ្មត់ចត់ ទើបដំណើរការសាលាទៅមុខ ខ្ញុំព្រះករុណាខ្ញុំ ក៏សូមអរគុណ កោតសរសើរ ជាមួយការខិតខំរបស់គណៈគ្រប់គ្រង ថ្នាក់ដឹកនាំ សាស្រ្តាចារ្យ ដែលបានចូលរួមចំណែកធ្វើឲ្យមានការវិវត្តបែបនេះ។ ប្រសិនបើ ទោះបី​ជាមានគោលនយោបាយត្រឹមត្រួវយ៉ាង​ណាក៏ដោយ ប៉ុន្តែ បើគ្មានការខិតខំគ្រប់គ្រងដោយហ្មត់ចត់នោះទេ គឺមិនអាចឈានទៅមុខបានទេ។ ជាក់​ស្តែង គឺមានសាកលវិទ្យាល័យ ឬវិទ្យាស្ថានមួយចំនួន បានបិទទ្វាររួចទៅហើយ…