ខួបលើកទី ២០ នៃការសន្យាជួប ជាមួយកម្មករ កម្មការិនី នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ
ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ រីករាយដែលបានវិលត្រឡប់មកជួបជុំជាមួយកម្មករ កម្មការិនី នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ សាជាថ្មីម្ដងទៀត នៅក្នុងខួបលើកទី ១៣០ នៃទិវាពលកម្មអន្តរជាតិ។ ថ្ងៃនេះ ក៏ជាឆ្នាំខួបលើកទី ២០ នៃការសន្យា និងការអនុវត្តជាមួយគ្នា ចាប់តាំងពីឆ្នាំ ១៩៩៦ រហូតដល់ឆ្នាំ ២០១៦ នេះ ដែលពេលនោះ ខ្ញុំព្រះករុណាខ្ញុំ បានចុះមកកាន់ទីនេះជាបន្តបន្ទាប់ ប៉ុន្តែក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គឺត្រូវបានតំណាងដោយឯកឧត្តម អតីតឧបនាយករដ្ឋមន្រ្តី គាត ឈន់។ ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយដែលបានជួបជុំសាជាថ្មីម្ដងទៀត តាមអ្វីដែលយើងធ្លាប់បាននិយាយគ្នាថា ខ្ញុំព្រះករុណាខ្ញុំ នឹងមកជួបជុំជាមួយនឹងកម្មករ/ការិនី នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុនេះ ជារៀងរាល់ឆ្នាំ ដើម្បីតំណាងអោយការជួបជុំកម្មករ/ការិនី នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ជាពិសេសខ្លួនខ្ញុំព្រះករុណាខ្ញុំផ្ទាល់ ក្នុងឋានៈជាប្រមុខនៃរាជរដ្ឋាភិបាល ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ សូមផ្ញើជូនចំពោះកម្មករ/ការិនីទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា នូវការជូនពរ ក៏ដូចជាសង្ឃឹមថា កម្មករ កម្មការិនី យ៉ាងច្រើនកុះកររាប់រយរោងចក្រសហគ្រាស នឹងខិតខំមានការរៀបចំសប្បាយរីករាយ រហូតទៅដល់មានប្រឡងបវរកញ្ញាចុងក្រោយនៅថ្ងៃនេះ មាន ២០ គូ, ស្រី ២០ និងប្រុស ២០ ប្រឡងផ្ដាច់ព្រ័ត្រនៅថ្ងៃនេះតែម្ដង។
របាយការណ៍បោកប្រាស់ព្រះមហាក្សត្រ៖ “កម្ពុជាកំពុងស្ថិតនៅក្នុងវិបត្តិ”
ពិតមែនហើយ នៅក្នុងទិវាពលកម្មអន្តរជាតិតែងតែមានការហែក្បួនធំៗ នៅក្នុង និងតាមប្រទេសនានានៅលើពិភពលោក។ ដោយឡែកនៅកម្ពុជារបស់យើង ក៏មានការរៀបចំហែក្បួនមួយចំនួនដោយមនុស្សមួយក្រុមរាប់សិបនាក់ ឬរាប់រយនាក់នៅទីក្រុងភ្នំពេញ ក៏ប៉ុន្តែធាតុអាកាសក្ដៅណាស់។ ខ្ញុំគិតថា ប្រហែលជាហែចុះហែឡើងសល់តែមេក្បួនតែប៉ុណ្ណោះ ហើយក៏មេក្បួននោះ ប្រហែលជាអាចគេចទៅរកហាងកាហ្វេផងក៏មិនដឹង។ ប៉ុន្តែយ៉ាងណាក៏ដោយ បរិយាកាសបែបនេះ បង្ហាញអោយឃើញថា សុខសន្ដិភាពកំពុងគ្របដណ្ដប់នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ របាយការណ៍ពីអ្នកនយោបាយខ្លះ ថ្វាយទៅព្រះមហាក្សត្រថា ប្រទេសកម្ពុជាកំពុងស្ថិតនៅក្នុងវិបត្តិ។ វាមិនមែនជារឿងពិតនោះទេ។ សូមអោយគេពិនិត្យមើលអោយច្បាស់។ ខ្លួនគេផ្ទាល់កំពុងតែដើរលេងទេនៅថ្ងៃនេះនោះ។ បើកំពុងដើរលេង មានន័យថា គេក៏មិនមានវិបត្តិអ្វីដែរ។ អញ្ចឹងទេគ្រាន់តែថា ដូចថាទះៗ អោយដឹងខ្លួនទៅ។ ខ្លួនឯងនិយាយបោកប្រជាពលរដ្ឋមិនគ្រប់គ្រាន់ទេ ទៅបោកព្រះមហាក្សត្រទៀត។ .. ព្រះមហាក្សត្រ ព្រះអង្គទតឃើញសភាពការណ៍វាយ៉ាងម៉េច អីយ៉ាងម៉េច(ហើយ)។
មូលហេតុ ៣ កំណត់យកនៅថ្ងៃទី ១ ខែ ឧសភា រៀងរាល់ឆ្នាំ ជួបជុំកម្មករ/ការិនីនៅផែកំពង់សោម
… អម្បាញ់មិញ ឯកឧត្តម ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានលើកឡើងអំពីវឌ្ឍនភាពនៃកំពង់ផែស្វយ័តក្រុងព្រះសីហនុរបស់យើង ដែលមានការរីកចម្រើនជាបន្តបន្ទាប់។ ខ្ញុំព្រះករុណាខ្ញុំ នៅចាំបានណាស់អនុស្សាវរីយ៍នៅទីនេះខ្លាំងណាស់។ ដែលកំណត់យកថ្ងៃទី ១ ខែ ឧសភា រៀងរាល់ឆ្នាំ ដើម្បីជួបជុំកម្មករ កម្មការិនីនៅទីនេះដោយសារមានហេតុផល។ ហេតុផលដំបូង គឺខ្ញុំព្រះករុណាខ្ញុំ បានមកជួបជុំកម្មករ កម្មការិនីរបស់យើងតាំងពីឆ្នាំ ១៩៧៩ នៅកំពង់ផែនេះឯង។ ពេលនោះ ខ្ញុំព្រះករុណាខ្ញុំ ត្រូវបានចាត់អោយធ្វើប្រធានគណៈកម្មការរំដោះទំនិញចេញពីកំពង់ផែក្រុងព្រះសីហនុ។ ឥឡូវអ្នកដែលនៅរស់រានមានជីវិត ហើយអ្នកនៅបន្តការងារ គឺមានឯកឧត្តម អ៊ុក រ៉ាប៊ុន នេះ។ (ឯ.ឧ) អ៊ុក រ៉ាប៊ុន មានសារុងសូត្រប្រើមុនគេបង្អស់។ មិនដឹងថាគាត់ទៅរកពីទីណាទេ(ព្រោះ)ជំនាន់ ប៉ុល ពត មិនដែលសល់សារុងសូត្រទេ។ (ខ្ញុំព្រះករុណាខ្ញុំ)ទៅដេកនៅដំណាក់ខាងលើនោះ។ អត់មានស្អីទាំងអស់។ ស្ដាប់ទីទុយយំ។ ខ្ញុំព្រះករុណាខ្ញុំ ធ្លាប់រំលឹក កម្មកររបស់យើងសុទ្ធតែយកខ្សែចងជើងខោទាំងអស់។ ម៉េចបានយកខ្សែចងជើងខោ? ព្រោះ(គាត់)លីបាវ (លួច)ចាក់ទំលាយអង្ករ អោយធ្លាក់ចូលក្នុងជើងខោ។
កាលហ្នឹងអត់មានដងយោងអីអញ្ចឹងទេ។ ខ្ញុំបានប្រាប់អ្នកដឹកនាំនៅកន្លែងហ្នឹងថា កុំយកចិត្តទុកដាក់ពេកអាលួចតាមជើងខោ។ គ្នាលួចយកទៅចិញ្ចឹមគ្រួសារទេ។ អាលួចទាំងឡានដែលត្រូវប្រយ័ត្ន។ វាដឹកចេញពីហ្នឹងទៅ វាមានយកទៅដល់ភ្នំពេញឯណា វាជម្លៀសទៅត្រង់ណេះ ៣ បាវ ត្រង់ណោះ ៤ បាវ ល្មមដល់ភ្នំពេញនៅសល់ប៉ុន្មានបាវហ្នឹង អាហ្នឹងគឺជាចំណុចពិសេសទី ១។ ហើយប្រហែលជាអ្នកដែលនៅរស់រានមានជីវិត កម្មករដែលនៅរស់រានមានជីវិត ប្រហែលជាចាស់ៗ អស់ហើយ។ ខ្ញុំព្រះករុណាខ្ញុំ ប្រជុំកម្មករនៅឯសណ្ឋាគារ ៧ ជាន់ ដើម្បីជំរុញលើកទឹកចិត្តអោយកម្មកររបស់យើងជួយរំដោះទំនិញកាលពីពេលនោះ។
ទី ២ កំពង់ផែព្រះសីហនុនេះ (ហៀបតែនឹង)បាត់ទៅហើយ តាមរយៈនៃការធ្វើឯកជនូបនីយកម្ម ប្រគល់អោយក្រុមហ៊ុនបរទេស។ (តែ)ខ្ញុំព្រះករុណាខ្ញុំ មិនយល់ព្រមទេ។ ពេលនោះ យើងមាននាយករដ្ឋមន្រ្តីដល់ទៅ ២, នាយករដ្ឋមន្រ្តី ១ (គាត់)លេងបាត់ទៅហើយ (តែ)ខ្ញុំមិនព្រម។ ដល់មិនព្រម ខ្ញុំថា បើសិនជាហ៊ានប្រថុយ គឺខ្ញុំនឹងបំផុសកម្មករនៅហ្នឹង គឺលេងតែម្ដង។ រឿងហ្នឹង(នៅឆ្នាំ) ១៩៩៥។ (កំពង់ផែព្រះសីហនុ)បាត់ទៅហើយ។ (នៅឆ្នាំ) ១៩៩៦ ខ្ញុំមកយាមតែម្ដង។ មករាល់ឆ្នាំ មកដើម្បីយាម។ អស់ព្រលានយន្ដហោះនៅភ្នំពេញហើយ ថែមអានេះមួយទៀត។ អត់ទេអត់បានទេ។ អានេះ(កំពង់ផែព្រះសីហនុ) ខ្ញុំខំទៅមកៗ តាំងពីដំបូលរបស់យើងហ្នឹង វាបាក់វាបែក វាធ្លុះវាធ្លាយអីសព្វបែបយ៉ាង ស្រាប់តែមកដល់ធ្វើរដ្ឋាភិបាលចម្រុះ អត់គិតធ្វើអី គិតតែពីស៊ីញ៉េបោះអោយគេតែម្ដង។ ឯងខំថែទាំតាំងពីឆ្នាំ ១៩៧៩។ អញ្ចឹងបានខំមកហ្នឹង មានរឿងអីចឹង។
… រឿងចុងក្រោយ ត្រូវដឹងថា នេះជាក្បាលនាគ … ចំណុចនេះ តំណាងអោយប្រទេស ហើយតំណាងអោយភាពរីកចម្រើនរបស់ប្រទេស … អាហរ័ណ នីហរ័ណ ការនាំចេញ និងការនាំចូល សិ្ថតនៅកំពង់ផែទឹកជ្រៅរបស់យើងនេះឯង។ អញ្ចឹងយើងពិនិត្យមើលវឌ្ឍនភាពរបស់វា។ សូមបញ្ជាក់ កាលពេលនោះ យើងបានធូរបន្តិចដែរ ត្រង់ជប៉ុន(មានរបៀបធ្វើការរបស់គាត់)។ ជប៉ុនគាត់មានចំណុចខុសគេ។ តែកាលណាមានឯកជនចូលលូកឡំហើយ ជប៉ុនមិនអោយខ្ចីលុយទេ។ អត់អោយលុយតែម្ដង។ បើថារដ្ឋធ្វើ អាហ្នឹងជប៉ុនអោយខ្ចីលុយ។ អញ្ចឹងបានជាព្រលានយន្ដហោះភ្នំពេញ (ជប៉ុន)ដកលុយពីហ្នឹង យកទៅធ្វើនៅវៀងចន្ទន៍។ ដល់អានេះ ADB ថាទាល់តែអ្នកឯងធ្វើឯកជនភាវូបនីយកម្ម បានអោយខ្ចីលុយ។ ដល់ទៅជប៉ុនថា បើអ្នកឯងធ្វើឯកជនភាវូបនីយកម្មហើយ ខ្ញុំមិនអោយខ្ចីលុយទេ។ អញ្ចឹងសូម្បីតែគ្រូយើង គាត់ធ្វើអោយយើងវេទនាណាស់។ ទីចុងបំផុត កូនសិស្សត្រូវបង្រៀនគ្រូ។ ប្រើពាក្យថា សុខដុមនីយកម្ម ព្រោះគ្រូខាងធនាគារពិភពលោកផ្សេង គ្រូខាងធនាគាអភិវឌ្ឍន៍អាស៊ីផ្សេង គ្រូខាង IMF ផ្សេង គ្រូមកពីបារាំងផ្សេង គ្រូមកពីជប៉ុនផ្សេង បើអញ្ចឹងយកខ្មែរធ្វើគ្រូតែម្ដងទៅ (គឺ)ធ្វើសុខដុមភាវូបនីយកម្ម …។
… អ្នកជំនាញៗ មិនត្រូវគ្នា ចាប់បង្ខំយើង។ នៅកំពង់ផែក្រុងព្រះសីហនុនេះ បើខ្ញុំកុំរឹង គេអោយយើងលក់គយ ឆ្នាំ ២០០៤-២០០៥ ហើយ។ អញ្ចឹងបានមនុស្សនៅស្ថាប័នអន្តរជាតិខ្លះ ពេលខ្ញុំនិយាយអញ្ចឹង គេមិនចង់ស្ដាប់ទេ។ ប៉ុន្តែ បើគេនិយាយមកលើយើងវិញ ប៉ះពាល់យើងវិញ ចំៗឈ្មោះ ហើយនិយាយខុសហើយ អត់មានសុំទោសអីមួយម៉ាត់។ ដល់យើងនិយាយទៅវិញ (គេ)ថានិយាយអី រំលឹកអីច្រើនម្ល៉េះ។ បើមិនរំលឹកធ្វើមេរៀនមិនបានទេ។ គេអោយយើងលក់គយនេះ។ ច្រកចេញចូលតែមួយនេះ។ ច្រកចេញចូលតែមួយនេះ គេទុកអោយយើង ៥១% ហើយគេគូរប្លង់, ៤៩% ទៀត គេអោយផ្នែកឯកជន។ … មានពីរផ្នែក ម្ខាងហៅ private sector មានប្រឡោះមួយទៀតខាង government sector។ អញ្ចឹងគេអោយយើងលក់គយ ដែលជាសេវាអធិបតេយ្យ។ គយត្រូវបំពាក់អាវុធ គយត្រូវបំពាក់ឧទ្ធម្ភាគចក្រប្រដេញ គយត្រូវបំពាក់ម៉ារីនប្រដេញ … រួចដល់ អោយឯនជនកាន់កាប់ វាមិនងាប់ប្រទេស។
ឥឡូវត្រូវរបស់ខ្ញុំតើ អត់ហ៊ានហើបមាត់ទេ។ មានជំនាញការពីររូបបានសរសេរសំបុត្រទុកថា បើសិនធ្វើតាមគេនោះ “កុំបន្ទោសខ្ញុំ(នៅ)ថ្ងៃក្រោយ”។ គេដកខ្លួន។ ឥឡូវសំបុត្រហ្នឹង គឺគ្នាយើងរក្សាទុកសំងាត់។ គ្នាសរសេរទុក ព្រោះនៅក្រោមបញ្ជាគេដែរ … ក្នុងករណីដែលយើងធ្វើតាមគេ។ ប៉ុន្តែខ្ញុំអត់អត់លេងជាមួយទេ។ លេងប្រុង(លក់គយ)ច្រកចេញចូលតែមួយទាំងអស់ មិនថាតែក្រុងព្រះសីហនុទេ។ ប៉ុន្តែ មុនដំបូងចាប់ផ្ដើមពីអាហ្នឹង។ ច្រកចេញចូលតែមួយ យើងយក ៤៩% គឺឲ្យឯកជនកាន់។ ឯកជនគេត្រៀមហើយស្រេច។ មកពីប្រទេសមួយ ដែលខ្ញុំមិនចេញឈ្មោះ។ អញ្ចឹងទេ បានជាមានអនុស្សាវរីយ៍នៅទីនេះ …។
អរគុណដល់ព្រះបរមរតនកោដ្ឋដែលបានកសាងផ្លូវដែក និងកំពង់ផែទឹកជ្រៅនេះឡើង
មកដល់ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ចង់និយាយបន្តិច។ ម្សិលមិញ ខ្ញុំព្រះករុណាខ្ញុំ បានធ្វើដំណើរពីទីក្រុងភ្នំពេញ មកកាន់កំពង់ផែក្រុងព្រះសីហនុរបស់យើងនេះ តាមរយៈរថភ្លើង ដែលត្រូវចំណាយពេល ៧ ម៉ោង។ ពេលដែលយើងនិយាយដល់កំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ និងនិយាយទៅដល់បញ្ហាផ្លូវដែក ក្នុងឋានៈជាក្មេងជំនាន់ក្រោយ ហើយដែលខ្ញុំព្រះករុណាខ្ញុំ បង្ហោះតាមហ្វេសប៊ុក ប្រើពាក្យថា ផឹកទឹកនឹកដល់ប្រភពទឹក ទទួលទានផ្លែឈើនឹកដល់អ្នកដាំដើម ទូលបង្គំយើងខ្ញុំ សូមយកឱកាសនេះ ថ្លែងអំណរព្រះគុណចំពោះសម្តេចព្រះនរោត្តម សីហនុ ព្រះប្រមុខរដ្ឋនៅពេលនោះ ដែលព្រះអង្គបានដឹកនាំកសាងទាំងផ្លូវដែក និងទាំងកំពង់ផែទឹកជ្រៅរបស់យើងនេះ។ មានការធ្វើអត្ថាធិប្បាយខ្លះមិនត្រឹមត្រូវទេ ជាពិសសផ្លូវដែកដែលតភ្ជាប់ពីទីក្រុងភ្នំពេញ មកក្រុងព្រះសីហនុ ថាធ្វើជំនាន់បារាំង។ មិនមែនទេ គឺធ្វើជំនាន់ព្រះករុណាព្រះបិតា ព្រះបរមរតនកោដ្ឋ ដែលពេលនោះមិនមានគ្រឿងចក្រដូចបច្ចុប្បន្នទេ។ បើគ្មានការខិតខំរបស់ព្រះប្រមុខរដ្ឋនៅក្នុងដំណាក់កាលសង្គមរាស្ត្រនិយម … ទោះបីថា យើងជួសជុលឡើងវិញ ស្តារឡើងវិញ ក៏ប៉ុន្តែអត់មានរបស់ចាស់ យើងប្រើពាក្យជួសជុល ឬប្រើពាក្យស្តារក៏អត់បានដែរ។
… ខ្ញុំកំពុងគិត។ ម្សិលមិញនិយាយជាមួយឯកឧត្តម ស៊ុន ចាន់ថុល និយាយជាមួយឧកញ៉ា គិត ម៉េង ថា ត្រឡប់ទៅវិញ ខ្ញុំរកវិធីដើម្បីចូលគាល់ព្រះមហាក្សត្រ និងយាងព្រះមហាក្សត្រ ដើម្បីយាងតាមរទេះភ្លើង … ព្រោះរទេះភ្លើងយើងមានវ៉ាហ្គុងអត់ម៉ាស៊ីនត្រជាក់ មានវ៉ាហ្គុងមានម៉ាស៊ីនត្រជាក់ ហើយមាន free wifi ទៀត។ ព្រះបិតារបស់ព្រះអង្គបានសោយទីវង្គតទៅហើយ នៅព្រះរាជបុត្រកំពុងគ្រងរាជ្យនៅឡើយ។ ដូច្នេះ ខ្ញុំនឹងដង្ហែព្រះមហាក្សត្រមកសាជាថ្មីម្តងទៀត ដើម្បី(ទ្រង់បានទតឃើញថា) ស្នាព្រះហស្ថរបស់ព្រះបិតារបស់ព្រះអង្គ ត្រូវបានថែទាំនៅក្នុងដំណាក់កាលរបស់ព្រះអង្គពេលនេះ ហើយជាការលើកទឹកចិត្តមួយចំពោះ ការតភ្ជាប់រវាងកំពង់ផែទឹកជ្រៅជាមួយនឹងការដឹកជញ្ជូនតាមផ្លូវដែក។
កម្ពុជានឹងមានកំពង់ផែពហុបំណង សម្រាប់ប្រើក្នុងការខួងប្រេង
ឯកឧត្តម ស៊ុន ចាន់ថុល បានលើកឡើងរួចមកហើយ គឺជប៉ុនបានឲ្យខ្ចីលុយ ពង្រីកជាបន្តបន្ទាប់ ហើយការពង្រីករបស់យើងនេះ ឥឡូវបានឈានដល់ដំណាក់កាលដែលត្រូវគិតគូរអំពីការបន្ថែម នៅក្រោយឆ្នាំ ២០២០។ យប់មិញ ឯកឧត្តម លូ គឹមឈុន បានយកផែនការមេទៅរាយការណ៍ឲ្យខ្ញុំ អំពីការបន្ថែមដែលយើងត្រូវរកទុន ប៉ុន្តែរបាយការណ៍ជប៉ុនគេបានសិក្សាហើយ ដើម្បីពង្រីកយ៉ាងម៉េចអីយ៉ាងម៉េច ហើយថ្ងៃក្រោយយើងមានកំពង់ផែរបស់យើងនៅទីនេះ ដែលហៅថាកំពង់ផែពហុបំណង ដើម្បីផ្គត់ផ្គង់សម្រាប់ការខួងប្រេងនៅក្នុងប្រទេសរបស់យើង។ ឥឡូវនេះ សម្រាប់ការខួងប្រេង យើងប្រើប្រាស់(សេវា)ពីប្រទេសជិតខាង ដូចជាចេញមកពីថៃ និងចេញមកពីវៀតណាម។ ប៉ុន្តែនៅពេលខាងមុខ ត្រូវចេញដំណើរមកពីខាងកម្ពុជាតែម្តង ដើម្បីផ្គត់ផ្គង់ឲ្យតំបន់ខួងប្រេងទាំងឡាយរបស់ប្រទេសកម្ពុជា។
លេងហ្វេសប៊ុក សម្រាប់ទាក់ទងជាមួយនឹងប្រជាជន
… ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ហើយសូមអរគុណចំពោះប្រជាពលរដ្ឋនៅតាមផ្លូវពីម្សិលមិញ (ដែលការ) ធ្វើដំណើរតាមរទេះភ្លើង ផ្អើលមួយនគរ។ បង្ហោះលើកទីមួយ ឥឡូវនេះបានជិត ៨ ម៉ឺន like ជាង ៧ ម៉ឺន like អាហ្នឹងចេញពីភ្នំពេញមកបន្តិច ប្រាប់ថាផ្លូវនេះ ខ្ញុំព្រះករុណាខ្ញុំ កំពុងធ្វើដំណើរតាមរទេះភ្លើង បានជាង ៧ ម៉ឺន like …។ កុំមកបន្ទោសខ្ញុំ ធ្វើម៉េចគេចុចមក អ្នកណាចេះបញ្ជាហ្វេសប៊ុក ឲ្យ like ជំនួស ឲ្យខ្មោច like … ខ្ញុំប្រើហ្វេសប៊ុក គ្រាន់តែដើម្បីនឹងធ្វើការជាមួយនឹងប្រជាពលរដ្ឋបានលឿនជាង។ ម្សិលមិញខ្ញុំឆ្លើយខ្លួនឯងខ្លះ ហើយនៅជាមួយ ស៊ុន ចាន់ថុល ស្រាប់ផង ប្រជាពលរដ្ឋគាត់ថា សម្តេចបើសិន ជាមានខ្សែរថភ្លើងទៅសៀមរាបកាន់តែល្អ។ ខ្ញុំក៏ឆ្លើយតាមរយៈនឹងថា បានកំពុងសិក្សា និងរកថវិកា ដើម្បីសាងសង់ហើយ។ រួចហើយថតផែនទីបញ្ជូនទៅវិញ។ ឆ្លើយជាមួយគាត់។ អាហ្នឹងជាទំនាក់ទំនងជាមួយប្រជាពលរដ្ឋ។ គាត់ចង់បាន គាត់ចង់ដឹងថាយើងគិតដល់ណា។ ខ្ញុំអត់មានប្រឡងប្រជែងជាមួយអ្នកណាទេ … បើថារករឿងអី ទៅរករឿងម្ចាស់ហ្វេសប៊ុកទៅ ខ្ញុំអត់ដឹងទេ។
មិនមានការដោះដូរអ្វីមួយទេ
… អ្នកបង្ករឿងទាំងឡាយ កុំចោទរដ្ឋាភិបាលឲ្យសោះ។ ប្រជាជនគេសប្បាយ គេអត់ធ្វើអីខុស គេសប្បាយ។ ប៉ុន្តែអ្នកឯងធ្វើអីខុស ទៅដេកព្រៃស។ អាហ្នឹងរឿងរបស់អ្នកឯងតើ។ ទាំងពួកគ្រឿងញៀន ទាំងពួកល្មើសច្បាប់ទាំងឡាយ ទៅដេកព្រៃស។ បើធ្វើខុស អ្នកណាធ្វើអីកើត អ្នកណាទៅជួយកើត ហើយកុំដោះដូរ អត់មានអីដោះដូរទេ។ ម្សិលមិញ មានការប្រជុំ មានការប៉ុនប៉ង(ធ្វើ)ការដោះដូរ។ សូម្បីតែនាយករដ្ឋមន្ត្រីក៏អំណាចមានព្រំដែនដែរ។ សូមអស់លោកជា NGO ឬអ្នកដែលធ្វើការនៅអង្គការសហប្រជាជាតិ កុំអាងអភ័យឯកសិទ្ធិឲ្យសោះ។ … និយាយឲ្យច្បាស់។ លោកឯងសូកសាក្សី អ្នកឯងនិយាយសង្កត់គេអី … ច្បាប់គឺច្បាប់។ អត់មករញ៉េរញ៉ៃ ចង់ដោះដូរស្អី។ អត់មានត្រូវការដោះដូរទេ។
កម្ពុជា សហការផង ប្រកួតប្រជែងផង
… ឥឡូវនេះ ខ្ញុំព្រះករុណាខ្ញុំ ចង់និយាយ ហេតុអ្វីបានជាយើងប្រឹងសម្រួលកិច្ចការទាំងឡាយ ទាក់ទងទៅលើ ការដឹកជញ្ជូន។ ការសម្រួលពាណិជ្ជកម្មមួយម៉ាត់ ទាក់ទងនឹងការដឹកជញ្ជូន មានបែបបទគយ បញ្ហានេះ បញ្ហានោះ គ្រប់បែបយ៉ាង។ យើងខិតខំទាំងអស់នេះ ដើម្បីការអភិវឌ្ឍជារួមសម្រាប់ប្រទេសរបស់យើង។ ដូច្នេះហើយ ទាមទារនូវការគិតគូរបញ្ហាជាកញ្ចប់តែម្តង។ យើងមិនត្រូវភ្លេចថា បណ្តាប្រទេសក្នុងតំបន់ និងក្នុងពិភពលោក ពោរពេញទៅដោយសាមគ្គីភាព និងសមាហរណកម្ម ប៉ុន្តែក៏មានការប្រកួតប្រជែងគ្នា។ បើប្រទេសមួយចំនួន សហការផង រារាំងផង ឯយើងសហការផង ប្រកួតប្រជែងផង។ យើងប្រើពាក្យអញ្ចេះវិញ វាងាយស្តាប់ ប៉ុន្តែបើនិយាយអំពីប្រទេសមហាអំណាចមួយចំនួន គេហៅថាសហការផង រារាំងផង។ កុំឲ្យទៅលឿនពេក ក្រែងមាននុយក្លេអ៊ែរលឿនជាង និងយន្តហោះទំនើបជាង។ អញ្ចឹងមានការសហការផង មានការរារាំងផង។
ប៉ុន្តែសម្រាប់យើងអត់ទេ យើងប្រើពាក្យ សហការផង ប្រកួតប្រជែងផង ហេតុអី? យើងពិនិត្យមើលសេដ្ឋកិច្ចយើងជាមួយនឹងសេដ្ឋកិច្ចថៃ។ សេដ្ឋកិច្ចយើងជាមួយនឹងសេដ្ឋកិច្ចវៀតណាម។ កម្ពុជាក៏មានអង្ករនាំចេញ ថៃក៏មានអង្ករនាំចេញ វៀតណាមក៏មានអង្ករនាំចេញ។ ឥឡូវហ្វីលីពីនកំពុងខ្វះ ដល់ហ្វីលីពីនកំពុងខ្វះ ត្រូវដាក់ដេញថ្លៃ។ អ្នកដែលចូលដេញថ្លៃ គឺមានវៀតណាម មានថៃ និងមានកម្ពុជា។ កម្ពុជាចូលដេញថ្លៃ ២ ដងហើយ មិនដែលឈ្នះគេទេ ឧបមា ១ តោន គេដាក់ ៤២០ យើងដាក់ ៤៣០ ឬ ៤៥០។ អញ្ចឹងអ្នកណាគេល្ងង់មកទិញអាថ្លៃ វាច្បាស់ជាទិញអាថោកហើយ ទិញពីប្រទេសដែលលក់ថោកជាង។ អញ្ចឹងទេ នៅទីនេះ យើងត្រូវរកគ្រប់វិធីទាំងអស់ ដើម្បីកាត់បន្ថយថ្លៃដើមផលិត ហើយប្រកួតប្រជែងដណ្តើមទីផ្សារសម្រាប់ការនាំចេញ។ នេះហើយជាចំណុចនៃការប្រកួតប្រជែង ប៉ុន្តែមិនមែនប្រកួតប្រជែងរហូតដល់បំផ្លាញគ្នានោះទេ។
តម្លៃភ្លើងជូនប្រជាពលរដ្ឋទូទាំងប្រទេស ៥០ គីឡូវ៉ាត់ ៦១០ រៀល ចាប់ពីថ្ងៃ ០១ មេសា ២០១៧
… រាជរដ្ឋាភិបាល បានខិតខំយកចិត្តទុកដាក់ជាមួយនឹងបញ្ហាទាំងឡាយ ដែលទាក់ទងនឹង អភិវឌ្ឍន៍ប្រទេស ដើម្បីឈានទៅរកការប្រកួតប្រជែង ក្នុងនោះមានបញ្ហាតម្លៃអគ្គិសនី(ផងដែរ)។ រាជរដ្ឋាភិបាលក៏កំពុងរកវិធីចុះថ្លៃអគ្គិសនី ទាំងអគ្គិសនីប្រើប្រាស់ក្នុងវិស័យឧស្សាហកម្ម ទាំងអគ្គិសនីប្រើប្រាស់ក្នុងវិស័យកសិកម្ម ទាំងអគ្គិសនីប្រើប្រាស់ដោយប្រជាពលរដ្ឋ ហើយចាប់ពីថ្ងៃទី ០១ ខែមេសា ឆ្នាំ ២០១៧ តទៅ ប្រជាពលរដ្ឋនៅទូទាំងប្រទេស ដែលភ្ជាប់ជាមួយនឹងបណ្តាញជាតិ ហើយប្រើប្រាស់ក្រោម ៥០ គីឡូវ៉ាត់ នឹងទទួលបានភ្លើងប្រើប្រាស់ ត្រឹមតម្លៃ ៦១០ រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោង។ នេះ(ជាតម្លៃសម្រាប់)មួយទូទាំងប្រទេសតែម្តង។ សម្រាប់អ្នកដែលប្រើប្រាស់ក្រោម ១០ គីឡូវ៉ាត់ អាហ្នឹងកាន់តែតិច ព្រោះជួនកាលគាត់ប្រើអំពូលមួយ ហើយកូនកង្ហារមួយអញ្ចឹងទៅ។ … ម៉ាស៊ីនបូមទឹក ការទាញម៉ូទ័របូមទឹក នៅក្នុងពេលវេលាមួយគឺត្រូវប្រើថោកជាង។ ក្នុងវិស័យឧស្សាហកម្មក៏ដូចគ្នា។ នេះជាការជួយទៅដល់ការផលិតរបស់ប្រជាពលរដ្ឋ ទាំងផ្នែកឧស្សាកម្ម ទាំងផ្នែកកសិកម្ម ទាំងផ្នែកសេវា និងជីវភាពរបស់ប្រជាពលរដ្ឋដែលប្រើប្រាស់ភ្លើង។
បញ្ចុះថ្លៃដឹកជញ្ជូននៅកំពង់ផែក្រុងព្រះសីហនុ ១០%, កំពង់ផែភ្នំពេញ ៥%, កាំសាប ១០%
… ទាក់ទងជាមួយនឹងតម្លៃដឹកជញ្ជូន ជាផ្នែកមួយនៃការប្រកួតប្រជែងឈ្នះ ប្រកួតមានប្រៀប។ មានឧត្តមភាព ឬគ្មានឧត្តមភាព ទាក់ទងនឹងថ្លៃដឹកជញ្ជូនដែរ។ ចាប់ពីថ្ងៃនេះទៅ ខ្ញុំសូមប្រកាស កំពង់ផែក្រុងព្រះសីហនុចុះថ្លៃ ១០ ភាគរយ ប្រៀបធៀបនឹងពេលមុន។ អរគុណណាស់ចំពោះក្រុមប្រឹក្សាភិបាល អគ្គនាយក ក៏ដូចជាថ្នាក់ដឹកនាំ កម្មករ/ការិនី ចុះថ្លៃ ១០ ភាគរយ នេះវានឹងសម្រួលឲ្យអ្នកកុងតឺន័រ ចូលមកកំពង់ផែរបស់យើងកាន់តែច្រើន ហើយកាត់បន្ថយថ្លៃដើម។ តាមរយៈនោះ ទំនិញនាំចូលវាអាចចុះថ្លៃបន្តិចដែរ និងទំនិញនាំចេញទៅប្រកួតប្រជែងជាមួយប្រទេសគេ (ក៏អាចនឹង)ឈ្នះ ហើយអ្នកដែលឈ្នះពិតប្រាកដគឺប្រជាពលរដ្ឋអ្នកផលិត។ កំពង់ផែភ្នំពេញចុះ ៥ ភាគរយ កាំសាបចុះ ១០ ភាគរយ ចាប់អនុវត្តពីថ្ងៃហ្នឹងទៅ។ ដូចថា ពីមុនយក ១០០ ឥឡូវយកតែ ៩០ ទេ អាហ្នឹងកាំសាប និងកំពង់ផែនេះ ប៉ុន្តែកំពង់ផែភ្នំពេញពីដើមយក ១០០ ចាប់ពីថ្ងៃហ្នឹងទៅ យកតែ ៩៥ ទេ។ អ្នកធ្វើសកម្មភាពក្នុងការដឹកជញ្ជូននេះ នឹងត្រូវបានចំណេញ ១០ ភាគរយ និង ៥ ភាគរយ។ … បើគិតការដឹកជញ្ជូនមកទិសខាងលិចនេះ គឺតម្លៃរបស់វាបានធ្លាក់ចុះហើយ ការប្រកួតប្រជែងនៅពេលខាងមុខ ទៅលើការនាំចេញ/នាំចូល ពិតជាប្រព្រឹត្តទៅបានល្អ។
ការបញ្ឈប់ការបង់ប្រាក់ផ្លូវជាតិលេខ ៤
មួយទៀត ចាប់តាំងពីរាជរដ្ឋាភិបាលបានបញ្ចប់កិច្ចព្រមព្រៀងផ្លូវជាតិលេខ ៤ អ្នកអង្គុយហ្នឹង ដែលធ្វើដំណើរទៅភ្នំពេញឈប់បង់លុយប៉ុន្មានហើយ? វាបានទាំងអស់។ មុននេះកម្លាំងរបស់យើងតិចណាស់។ យើងធ្វើកិច្ចព្រមព្រៀងជាមួយនឹងវិស័យឯកជន ដើម្បីឲ្យជួយថែទាំផ្លូវពង្រីកផ្លូវ។ ប៉ុន្តែយើងពិនិត្យទៅ មានការលំបាកសម្រាប់ប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់។ ឥឡូវ អ្នកធ្វើដំណើរមិនមែនគ្រាន់តែជាអ្នករស់នៅក្រុងព្រះសីហនុទទួលផលទេ អ្នកដែលចង់មកលេងកំពង់សោម តាំងពីលុបអាផ្លូវហ្នឹងទៅ ពីមុនគាត់គិតថាដេកអូតែលអស់ប៉ុណ្ណេះ ទិញប្រេងសាំងអស់ប៉ុណ្ណេះ បង់ថ្លៃឡានកន្លែងយកលុយអស់ប៉ុណ្ណេះ ពេលមកអស់ប៉ុណ្ណេះ ពេលទៅ។ អញ្ចឹងគិតចុះគិតឡើងខ្វះលុយថ្លៃផ្លូវអត់មកលេង។ តែឥឡូវគាត់គិតថាទេ អត់ត្រូវបង់ផង អញ្ចឹងមកលេង។ គ្រាន់តែប៉ុណ្ណឹងក្នុងមួយឆ្នាំ អ្នកដឹកទំនិញ និងប្រជាពលរដ្ឋទទួលផលជាង ១៧ លានដុល្លារសហរដ្ឋអាមេរិក។ រដ្ឋសុខចិត្តខាតបង់។
លុបបំបាត់វិក័យបត្រ ៤៨% ក្រៅផ្លូវការ ដែលជាអំពើពុករលួយ
… រឿងមួយដែលត្រូវបាន(ខ្ញុំ)ដាក់ជាបទបញ្ជា ឲ្យធ្វើការដោះស្រាយលើបញ្ហាពាក់ព័ន្ធ និងភាពមិនប្រក្រតីនៃ បញ្ហាដឹកជញ្ជូន។ យោងតាមរបាយការណ៍សម្ងាត់មួយបានឲ្យដឹងថា ចំណាយផ្លូវការដែលមានវិក័យបត្រ ៤៩ ភាគរយ ចំណាយក្រៅផ្លូវការអត់មានវិក័យបត្រ … ៤៨ ភាគរយ។ តម្លៃសេវាបញ្ជូនទំនិញ ៣ ភាគរយ។ សូមឲ្យកាត់អា ៤៨ ភាគរយនៃចំណាយក្រៅផ្លូវការ។ ត្រូវធ្វើអាហ្នឹង។ បើកាលណាធ្វើអាហ្នឹងបាន ការទៅដេញថ្លៃអង្ករនៅហ្វីលីពីន អត់ពិបាកទេ។ ខ្ញុំមិនច្បាស់ថាវាប្រាកដប៉ុណ្ណាទេ ប៉ុន្តែជើងលេខនេះអាចជឿទុកចិត្តបាន។ ខ្ញុំមិននិយាយពីទំហំទឹកប្រាក់ទេ ក៏ប៉ុន្តែ ខ្ញុំនិយាយអំពីចំណែកភាគរយ ចំណាយផ្លូវការមានវិក័យបត្រ ៤៩ ភាគរយ ចំណាយក្រៅផ្លូវការ ៤៨ ភាគរយ។ ត្រូវលុបបំបាត់ ៤៨ ភាគរយ នៃចំណាយ ទុកឲ្យគាត់ចំណាយពិតប្រាកដប៉ុណ្ណា។ ទាំងអស់វានឹងបានផលទៅប្រជាជននៅទូទាំងប្រទេស។
បើរោងចក្រ សហគ្រាសដឹកជញ្ជូនតម្លៃថោក ពួកគាត់នឹងសន្សំបានប្រាក់ចំណេញ ហើយប្រាក់ចំណេញនេះ គាត់យកទៅពង្រីករោងចក្របន្ថែម ទៅបង្កើនជីវភាពឲ្យកម្មករ/ការិនីរបស់យើង ហើយបើវិស័យកសិកម្មវិញ គាត់នឹងប្រើប្រាស់តម្លៃដឹកជញ្ជូន ដែលពីមុនធ្លាប់បង់ខ្ពស់ ឥឡូវបង់ទាប ទៅបង្កើនតម្លៃទិញស្រូវពីកសិករ ដែលកសិករទទួលបានផលពីការលក់ស្រូវ ការលក់កសិផលរបស់គាត់ដែរ។ ឯកសារហ្នឹងដាក់កុង ហ្វីដង់ស្យែល … អញ្ចឹង ឯកឧត្តម ស៊ុន ចាន់ថុល ត្រូវធ្វើការជាមួយនឹងផ្នែកពាក់ព័ន្ធដើម្បីតាមមើល ហើយរាយការណ៍ឲ្យខ្ញុំ។ សុំប្រគល់មួយច្បាប់មកឯកឧត្តម ប៊ិន ឈិន ដែលទទួលធ្វើការងារហ្នឹងផងដែរ …។ យើងខិតខំបំបាត់ ព្រោះនេះជាអំពើពុករលួយមួយដែលនាំទៅដល់បាត់បង់ភាពប្រកួតប្រជែង ហើយការបាត់បង់ភាពប្រកួតប្រជែងនេះ មិនត្រឹមតែពាក់ព័ន្ធបញ្ហាក្រុមហ៊ុនទេ តែវាក៏ទាក់ទងជាមួយកម្មករ ជាមួយកសិករផងដែរ …។
តើពេលបញ្ចុះថ្លៃភ្លើងសម្រាប់ម៉ាស៊ីនកិនស្រូវ កសិករនឹងលក់ស្រូវបានថ្លៃជាងមុនឬទេ?
… យើងក៏កំពុងពិនិត្យ ហើយក៏កំពុងមានចំណារទៅឲ្យឯកឧត្តម ស៊ុយ សែម ឯកឧត្តម ទី នរិន្ទ ឯកឧត្តម កែវ រតនៈ។ យប់មិញជួប កែវ រតនៈ បន្តិច ព្រោះខាងក្រសួងកសិកម្ម កំពុងតែស្នើដើម្បីសុំឲ្យអ្នករោងចក្រម៉ាស៊ីនកិនស្រូវប្រើប្រាស់ភ្លើងឲ្យបានថោកបន្តិច។ ប៉ុន្តែ ល្ងាចមិញ ខ្ញុំក៏បាននិយាយបន្តិចថា ឥឡូវ បើសិនជាចុះតម្លៃនៃ(ភ្លើងប្រើសម្រាប់)ម៉ាស៊ីនកិនស្រូវ តើអ្នកដែលទៅទិញស្រូវហ្នឹង ហ៊ានតម្លើងតម្លៃស្រូវពីកសិករឬអត់? បើមិនអញ្ចឹងបានទៅលើតែគាត់(ម្ចាស់ម៉ាស៊ីនកិនស្រូវ)ហ្នឹង។ ឯកឧត្តម វ៉េង សុខុន ជាអ្នកស្នើ រដ្ឋមន្រ្តីកសិកម្មថ្មី ប៉ុន្តែ ត្រូវគិត ត្រូវហ៊ាន។ ឥឡូវ ខាងឯកឧត្តម វ៉េង សុខុន ឯង ត្រូវប្រជុំខាងសមាគមកិនស្រូវអង្ករជាមួយនឹងផ្នែកណាទៀត មានពាណិជ្ជកម្ម ជាដើម ដើម្បីថាតើហ៊ានតទល់ឬទេ? ឥឡូវ ឧបមាថា ខាងនោះ គេចុះតម្លៃភ្លើងឲ្យមកខាងហ្នឹង ២០% តើលោកឯងហ៊ានតម្លើងថ្លៃស្រូវ ១០% ឬអត់? ឧទាហរណ៍ទេ។ ហ៊ានលេងទៅ លេងមក បើមិនអញ្ចឹង បាន(ចំណេញ)តែថៅកែម៉ាស៊ីនកិនស្រូវ វាមិនងាប់ទៅហើយ។ អានេះជាក្បួនច្បាប់សេដ្ឋកិច្ច ខ្ញុំមិនមែនអ្នកសេដ្ឋកិច្ចទេ ហើយក៏មិនមែនអ្នកជើងចាស់ទេ គ្រាន់តែជើងយូរតែប៉ុណ្ណឹង។
ពង្រឹងសមត្ថភាពកំពង់ផែ និងផ្លូវដែក សម្រាប់ការនាំចេញនាំចូលទំនិញ
ធ្វើម៉េចចែករំលែកផលប្រយោជន៍ឲ្យបានទាំងអស់គ្នា សម្រាប់ប្រជាពលរដ្ឋរបស់យើង។ អតីតកាលរបស់យើង វាឈឺចាប់ណាស់ទៅហើយ។ ឥឡូវនេះ បច្ចុប្បន្ន និងទៅអនាគត យើងត្រូវរកពន្លឺភ្លឺស្វាងមួយ ដើម្បីសេដ្ឋកិច្ចរបស់ប្រទេសយើង។ ជាថ្មីម្តងទៀត អរគុណណាស់ជាមួយនឹងការខិតខំរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលជាក្រសួងអាណាប័ក ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រុមប្រឹក្សាភិបាល ក៏ដូចជាកម្មករ/ការិនី នៅកន្លែងនេះ ដែលខ្ញុំនៅតែស្រមៃនឹងភ្នែកឃើញថា លីបាវ ហើយខោអាវខ្មៅចងជើងខោ។ តែឥឡូវ វាមិនមែនអញ្ចឹងទៀតទេ សុទ្ធតែកុងតឺន័រធំៗ ដងយោងធំៗ ណាស់។ ឥឡូវអា ២ គ្រឿង មិនទាន់មកដល់ទេ តែបញ្ជាទិញហើយ ឯកឧត្តម ស៊ុន ចាន់ថុល រាយការណ៍ថា ២២ លានដុល្លារ។ ប៉ុន្តែ យើងហ៊ានលេង ព្រោះទំនិញនាំចេញនាំចូលរបស់យើង គ្រាន់តែជាមួយថៃ ៤៣០០ លានដុល្លារ ជាមួយវៀតណាម ជាង ៣០០០ លានដុល្លារ ជាមួយចិនជិត ៥០០០ លានដុល្លារ។ ការនាំចេញ នាំចូលរបស់យើងកាន់តែច្រើន ដូច្នេះ ត្រូវពង្រឹងសមត្ថភាពកំពង់ផែនេះ ពង្រឹងសមត្ថភាពផ្លូវដែក។ (សម្រាប់)ការដឹកជញ្ជូនតាមផ្លូវដែក (សូម)អំពាវនាវចំពោះប្រជាពលរដ្ឋ ខ្ញុំជិះហើយ។ សប្បាយណាស់។ មានអ្នកសួរថា ប៉ុន្មានម៉ោងធ្វើដំណើរ? ប៉ុន្តែ ដោយសារក្រសួងសាធារណការ គាត់មានក្រុមឆ្លើយតប ឃើញឆ្លើយថា ៧ ម៉ោង។ កំពុងរកវិធីឲ្យនៅសល់តែ ៥ ម៉ោង។ ឯខ្ញុំត្រូវឆ្លើយផ្ទាល់មួយទៀតថា ក្នុងពេលនេះ ៧ ម៉ោង ប៉ុន្តែ កំពុងរកវិធីឲ្យមកនៅ ៥ ម៉ោង។ នេះជាទំនាក់ទំនងដែលប្រជាពលរដ្ឋសួរមកនាយករដ្ឋមន្រ្តី ដែលធ្វើដំណើរផ្ទាល់លើរថភ្លើង។ នៅពេលខាងមុខ យើងចេញពីកំពតមកលឿនជាង ៥០ គីឡូម៉ែត្រ/ម៉ោង តែពេលចេញពី(ភ្នំពេញ)នោះ មានភូមិប្រជាពលរដ្ឋច្រើន តែនៅតែអាចដោះស្រាយបាន នៅពេលដែលយើងរៀបចំឲ្យបានមាំទាំ។ អាចធ្វើដំណើរងាយស្រួល ទាំងអ្នកធ្វើដំណើរក៏មានសុវត្ថិភាព។ អត់រវល់នឹងរឿងស្ទះចរាចរណ៍អីទេ។ … ផ្លូវដែកនេះ ត្រូវបានធ្វើសកម្មភាពយ៉ាងមមាញឹកមុនឆ្នាំ ១៩៧០ ប៉ុន្តែ បន្ទាប់ពីរដ្ឋប្រហារឆ្នាំ ១៩៧០ មក គឺផ្លូវដែកត្រូវបានកាត់ផ្តាច់តាមរយៈសង្គ្រាម។ ជំនាន់ ប៉ុល ពត ដំណើរការ ដល់ក្រោយ ប៉ុលពត ថ្ងៃណាក៏ជាថ្ងៃវ៉ៃគ្នាដែរ។ វ៉ៃដាច់រទេះភ្លើង។ … ឥឡូវអត់មានសង្គ្រាមអីតទៅទៀតទេ …។
ផ្តល់អាហារូបករណ៍ដល់និស្សិតពេទ្យ ៤ នាក់ ដែលខំទិញសំបុត្រមកជិះរថភ្លើងជាមួយ
… មានរឿងអស្ចារ្យមួយ។ ឃើញក្នុង Facebook មានរូបថតយុវជន ៤ នាក់ អង្គុយហូបពោតជាមួយខ្ញុំ។ គ្នាជានិស្សិតដែលប្រឡងជាប់ ប៉ុន្តែអត់លុយបង់ថ្លៃសាលា កំពុងតែរៀន ហើយបាននៅអន្តេវាសិកទៀត។ អត់លុយបង់ថ្លៃសាលា អត់មានសិទ្ធិចូលប្រឡងទេ រៀននៅសាលាពេទ្យ។ ដល់អញ្ចឹងទេ រកវិធីទិញសំបុត្រ(រថភ្លើង)បាន។ … ដល់ហៅទៅអង្គុយជាមួយ ឲ្យហូបពោតមួយម្នាក់ ឃើញចងដៃខាងនេះមួយសរសៃ ខាងនោះមួយសរសៃ អំបោះក្រហម ក៏សួរថាម៉េចបានចងដៃ ទើបថាម្សិលមិញទៅព្រះអង្គដងកើ បន់ស្រន់ឲ្យជួប(សម្តេច)។ ជួបដូចចិត្ត។ មិនត្រឹមតែជួបទេ បានអាហារូបករណ៍អត់បង់ថ្លៃទេ។ ឥឡូវប្រហែលជាទៅវិញហើយ។ មានអ្នកខ្លះស្រវាស្រទេញ ប្រឹងរៀនសូត្រ តែមានមួយចំនួន ឪពុកម្តាយមានលុយ មានបុណ្យសក្តិ បែរជានាំគ្នាកាប់គ្នាលេង គ្រឿងញៀន ល្បែងស៊ីសងទៅ …។
ទោះមានភ្លៀង ក៏ត្រូវបន្តជីក និងស្តារអណ្តូង ស្រះ ប្រឡាយ
.. ខ្ញុំព្រះករុណាខ្ញុំ មិនភ្លេចជាមួយនឹងការអំពាវនាវបន្តយកចិត្តទុកដាក់ លើការដោះស្រាយទឹកជូនប្រជាពលរដ្ឋ។ ពិតមែនហើយ ម្សិលមិញនេះ កក្រើកមេឃ កក្រើកដី ភ្លៀង មិនមែនភ្លៀងតែស្រុកយើងទេ ថៃក៏ភ្លៀងដែរ។ ប៉ុន្តែ សូមបញ្ជាក់ថា បើទោះបីមានភ្លៀងធ្លាក់កន្លែងខ្លះ មិនមានការចាំបាច់បន្ថែមទឹកទេ ដោយសារតែប្រជាពលរដ្ឋបានទទួលទឹក និងគាត់ត្រងទឹកភ្លៀងសម្រាប់ការប្រើប្រាស់ ក៏ប៉ុន្តែ យើងត្រូវធ្វើយុទ្ធនាការបន្ត តាមរយៈស្តារអណ្តូងទឹកឲ្យកាន់តែជ្រៅ អណ្តូងណាដែលរីងនោះ ស្តារឲ្យវាជ្រៅទុកឲ្យហើយទៅ ស្តារស្រះ ជីកស្រះ ជីកអណ្តូង ស្តារប្រឡាយថ្មីបន្ថែមទៀត ដើម្បីកុំឲ្យឆ្នាំក្រោយ កើតបាតុភូតចែកទឹកទៀត។ ឆ្នាំនេះ គ្រោះធម្មជាតិផ្តល់មេរៀនឲ្យយើងដូចឆ្នាំ ២០០០ អញ្ចឹង។ ជំនន់ឆ្នាំ ២០០០ ផ្តល់មេរៀនឲ្យយើងធំណាស់ ព្រោះយើងនាំគ្នាភ្លេចខ្លួន នាំគ្នាធ្វើស្ពាន ធ្វើផ្លូវ ធ្វើស្អីៗ ទាបតាមកម្ពស់ទឹកធម្មតា ដល់ជំនន់ឆ្នាំ ២០០០ គ្រឹប គឺតម្រូវឲ្យយើងធ្វើស្ពានធ្វើផ្លូវ ឬក៏រហូតដល់ធ្វើផ្ទះលើកឲ្យខ្ពស់ផុតពីកម្ពស់ទឹកឆ្នាំ ២០០០។ ដូចគ្នានេះដែរ ឆ្នាំនេះ យើងបុក យើងជីកអណ្តូង ត្រឹមតែ ៧ ម៉ែត្រ វាចេញ ក៏ប៉ុន្តែ ទឹកធ្លាក់ចុះដល់ទៅ ៩ ម៉ែត្រ បើអញ្ចឹងត្រូវជីកអណ្តូងទម្លាក់ជម្រៅទៅ ១០ ម៉ែត្រ ទុកឲ្យហើយទៅ។ … ខ្ញុំព្រះករុណាខ្ញុំ អរគុណណាស់ចំពោះព្រះសង្ឃ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ គណៈកម្មាធិការជាតិគ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ អាជ្ញាធរ ក៏ដូចជាសប្បុរសជន យុវជន/នារីរបស់យើង ក្នុងហ្នឹង ក៏មានសមាជិក/ជិកា គណបក្សប្រជាជនកម្ពុជា ដែលបានធ្វើសកម្មភាពព្រមៗ ស្រុះៗគ្នា ដើម្បីដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋរបស់យើង។
បក្សខ្លះថា ទាល់តែបានកាន់អំណាច ទើបចុះមកចែកទឹកជូនប្រជាពលរដ្ឋ
… ខ្ញុំបានស្តាប់លឺនឹងត្រចៀក នូវការសម្ភាសន៍ខ្លះ … គេថា ចាំគេកាន់អំណាចសិន។ គួរទេអាហ្នឹង? អ្នកបោះឆ្នោតឲ្យបក្សដទៃ (អាចពិចារណាមើល)តើគួរទេ? (គ្រាន់តែ)ទឹកដែលសុំផឹកបាន ហើយម៉េចចាំដល់ទាល់តែកាន់អំណាច បានឲ្យ? គេថា បើគ្រាន់តែជួយយោបល់បាន តែបើថាជួយទឹកមិនបាន។ ព្រះអើយព្រះ … ហួសហេតុពេកហើយអស់លោក។ បើសិនជាខ្ញុំវិញ ប្រកាសគាំទ្រហើយ ឲ្យយុវជនទៅតែម្តង សមាជិកបក្ស ដល់ទៅធ្វើម៉េចយើងហ៊ានដេញ ទោះបីសុទ្ធតែសមាជិកគណបក្សប្រជាជននាំទឹកចេញទៅ តែឃើញសមាជិកបក្សដទៃទៅចូលរួមថា អត់មានទឹក តែមានកម្លាំងលី យើងហ៊ានដេញគេចេញទេ? អត់ហ៊ានទេ។ អញ្ចឹងបានសេចក្តីថា អ្នកធ្វើនយោបាយនៅខ្ចីណាស់ មិនមែនជាដៃគូប្រកួតរបស់ ហ៊ុន សែន ទេ។ អ្នកដែលទទួលទឹក មិនមែនសមាជិកគណបក្សប្រជាជនទាំងអស់ឯណា … គណបក្សប្រជាជនអត់បានសួរអត្តសញ្ញាណថាបោះឆ្នោតឲ្យអ្នកណាទេ។ នេះជាប្រជាពលរដ្ឋរបស់យើង។ ពេលវេលានេះ អត់និយាយរឿងបក្ស ឬមិនបក្សទេ។
ខ្ញុំបានអំពាវនាវ មិនមែនអំពាវនាវតែបក្សប្រជាជនទេ អំពាវនាវបណ្តាបក្សនយោបាយ ទាំងបក្សចាស់ដែលបង្កើតពីមុនមក និងបក្សដែលថ្មីៗបង្កើត បើថាមិនចូលរួម មិនមានលទ្ធភាពគ្រាន់តែថា គាំទ្រណាស់សកម្មភាពហ្នឹង ហើយក៏មានជួនកាលទៅ ៤ ទៅ ១០ នាក់ ក្នុងចំនោមអ្នកណា ខ្ញុំមិនដឹងទេ(អាចនិយាយ)ថា ខ្ញុំអត់មានទឹកទេ តែមានកម្លាំងសែង មានលទ្ធភាពជួយទៅចែក។ តើអ្នកណាហ៊ានដេញ? ពិតហើយម្សិលមិញភ្លៀង គ្រាន់តែវាយចូលក្នុង Whatsapp (ប្រាប់ថាមានភ្លៀង) ប៉ុន្តែភ្លៀងនេះ ប្រយោជន៍បានមួយចំនួនហើយ ក្នុងហ្នឹងរាប់ទាំងសត្វ ពីមុនយើងដោះស្រាយបានតែមនុស្សទេ តែសត្វអត់។ ឥឡូវនេះបានហើយ ក្របី គោនៅស្ទឹងត្រែង លែងងាប់ហើយ ប្រជាពលរដ្ឋបានត្រងទឹកហ្នឹងទុក។ កន្លែងខ្លះមិនបន្តលើការចែកទឹក ប៉ុន្តែបន្តការជីកអណ្តូងថ្មី ស្តារអណ្តូងចាស់ ជីកស្រះថ្មី ស្តារស្រះចាស់ និងស្តារប្រឡាយបន្ថែម។
ប្តូរពីទិវាពលកម្មអន្តរជាតិ ១ ឧសភា មកជាទិវាធនធានមនុស្សអន្តរជាតិ ១ ឧសភា វិញ
ទិវាពលកម្មអន្តរជាតិក៏ល្មមដល់ពេលវេលាមួយ ដែលពិភពលោកគួរតែប្រើពាក្យថាទិវាធនធានមនុស្សអន្តរជាតិតែម្តងទៅ។ អាហ្នឹងគួរតែដូរ ១៣០ ឆ្នាំ(ហើយ) គួរតែដូរទេ? ការពិត យើងកំពុងរុញការបណ្តុះបណ្តាលធនធានមនុស្សហ្នឹងឯង។ តែពិភពលោកគេថាអញ្ចឹង។ ឥឡូវ ខ្ញុំសូមចាប់ផ្តើមពីកម្ពុជាទៅចុះ។ ណាមួយគិតថា កម្ពុជាយកថ្ងៃទី ១ ឧសភា ហ្នឹង ធ្វើទិវាធនធានមនុស្ស ផ្សារភ្ជាប់នឹងទិវាពលកម្មអន្តរជាតិតែម្តង ធ្វើទាំងអស់តែម្តង។ អាចចាប់ផ្តើមពីកម្ពុជាដែរ ព្រោះវាមានប្រវត្តិរបស់វា។ ពីដើមគេប្រើមនុស្សដូចសត្វធាតុ បានជាមានការតស៊ូ ទៅជាទិវាពលកម្មអន្តរជាតិ។ ប៉ុន្តែឥឡូវវាហួសសម័យ គួរហៅថាទិវាធនធានមនុស្ស។ ចាំពិចារណាជាមួយគ្នាមើល ដាក់ទិវាធនធានមនុស្សកម្ពុជា យកថ្ងៃ ១ ឧសភា ធ្វើរួម(គ្នា)។ ពេលយើងជួបដោយឡែកនៅកោះពេជ្រ យើងជួបទាំងកម្មករ សាស្ត្រាចារ្យ គ្រូបង្រៀន បើអញ្ចឹង វាជាស្ថានភាពនៃធនធានមនុស្ស កុំឲ្យនៅតែពលកម្មរហូតអញ្ចឹង។ នេះជាការសាកល្បងបោះបាល់មួយ តើមានមនុស្សក្រឡេកមើលប៉ុន្មាន។ អ្នកការទូតជើងយូរ ជួនកាលអត់ទាន់ធ្វើអីទេ គ្រាន់តែបោះ(បាល់)ទៅ ដើម្បីសង្កេតមើល តើមនុស្សតាមមើលបាល់ប៉ុន្មាន ប៉ុន្តែលេងវាមានផលប្រយោជន៍ កុំថាកម្ពុជាតូចហើយគ្មានគំនិតផ្តួចផ្តើម។
សូមបរទេសកុំលូកលាន់ក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជា
គេសប្បាយប៉ុណ្ណឹង ទៅជាថាប្រទេសនេះ កំពុងវិបត្តិ។ ហើយបើបរទេសណានិយាយថាប្រទេសនេះវិបត្តិ សូមមើលប្រទេសខ្លួនឯងមើល ថាវាយ៉ាងម៉េច? ដូចជាអឺរ៉ុប ការវាយប្រហារភេរវកម្ម វិបត្តិជនភៀសខ្លួន សិទ្ធិស៊ីវិលជនភៀសខ្លួនទៅណា? ទីនេះ គេគ្រាន់តែប្រឆាំងជាមួយ ពួកអនាធិបតេយ្យ ព្រោះកាលណាតែមិនមែននីតិរដ្ឋហើយ គឺអនាធិបតេយ្យហើយ។ ប្រជាធិបតេយ្យ ត្រូវអមដោយនីតិរដ្ឋ។ ពំ្រដែនសេរីភាពរបស់អ្នក មានព្រំដែនជាមួយសេរីភាពរបស់អ្នកដទៃ។ អ្នករំលោភ អ្នកត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។ យើងចាត់វិធានការមិនឲ្យខកខាន ដើម្បីការពារនូវកិត្តិយស សេចក្តីថ្លៃថ្នូររបស់គណបក្សប្រជាជន និងរដ្ឋាភិបាលរបស់យើង។ សូមបរទេសកុំលូកដៃចូលកិច្ចការផ្ទៃក្នុងកម្ពុជា។ កម្ពុជាមិនបានលូកលាន់ចូលកិច្ចការផ្ទៃក្នុងរបស់អ្នកដទៃទេ តែសូមអ្នកដទៃគោរពនូវឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា។ កុំជ្រៀតជ្រែកអោយសោះ។ អ្នកធ្លាប់តែនិយាយថាសុំអោយបែងចែកអំណាច នីតិបញ្ញត្តិ នីតីប្រតិបត្តិ និងតុលាការ ក៏ប៉ុន្តែអ្នកកំពុងដាក់សម្ពោធខ្លះមកឲ្យយើង ដើម្បីបំពានលើអំនាចរបស់តុលាការ។ អ្នកកំពុងធ្វើខុសខ្លួនឯង។ ក៏ប៉ុន្តែអ្នកសំណាងហើយ អ្នកមិនបានជួបខ្ញុំផ្ទាល់ បើអ្នកជួបខ្ញុំផ្ទាល់ អ្នកនឹងទទួលរងនូវការអាម៉ាស់ដែលខ្ញុំស្តីអោយចំពោះមុខ។ សូម្បីប្រធានាធិបតី អូបាម៉ា និយាយជាមួយខ្ញុំឆ្នាំ ២០១២ ខ្ញុំថា ស្រុកខ្មែរអត់មានអ្នកទោសនយោបាយទេ មានតែអ្នកនយោបាយជាប់ទោសព្រហ្មទណ្ឌតែប៉ុណ្ណោះ …៕