ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ រីករាយដែលបានវិលត្រឡប់មកសាជាថ្មីម្តងទៀត ដើម្បីផ្តល់សញ្ញាបត្រ សម្រាប់សិស្ស ថ្នាក់វិជ្ជាជីវៈ និងនិស្សិតនៃសាកលវិទ្យាល័យធនធានមនុស្ស។ នេះជាលើកទី ១៣ ហើយ ដែលខ្ញុំបានមកចូលរួមជាមួយសាកលវិទ្យាល័យ ដូចជាអង្គការមួយនេះ។ ខ្ញុំព្រះករុណាខ្ញុំ សុំយកឱកាសនេះ ថ្លែងនូវការកោតសរសើចំពោះវឌ្ឍនភាព នៃសាកលវិទ្យាល័យ ដែលបានចាប់ផ្តើមពីអង្គការក្រៅរដ្ឋាភិបាលមួយ ហើយក្លាយខ្លួនទៅជាសាកលវិទ្យាល័យ ដែលមានការបណ្តុះបណ្តាលធនធានមនុស្ស។ គិតមកដល់ពេលនេះ មានសិស្សថ្នាក់វិជ្ជាជីវៈ និស្សិតថ្នាក់បរិញ្ញាបត្ររង និស្សិតបរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ជាង ៣ ម៉ឺន ៣ ពាន់នាក់ ដែលបានទទួលការបណ្តុះបណ្តាលចេញពីទីនេះ។ ពិតណាស់ថា ការរីកចម្រើនជាបន្តបន្ទាប់នេះ វាស្របជាមួយនឹងដំណើររីកចម្រើនរបស់ប្រទេសជាតិរបស់យើង បន្ទាប់ពីប្រទេសជាតិទទួលបាននូវសុខសន្តិភាពពេញលេញ តាមរយៈនយោបាយឈ្នះ-ឈ្នះរបស់យើង។
មានគោលនយោបាយត្រឹមត្រូវ បន្ថែមការគ្រប់គ្រងហ្មត់ចត់ ទើបដំណើរការសាលាទៅមុខ
ខ្ញុំព្រះករុណាខ្ញុំ ក៏សូមអរគុណ កោតសរសើរ ជាមួយការខិតខំរបស់គណៈគ្រប់គ្រង ថ្នាក់ដឹកនាំ សាស្រ្តាចារ្យ ដែលបានចូលរួមចំណែកធ្វើឲ្យមានការវិវត្តបែបនេះ។ ប្រសិនបើ ទោះបីជាមានគោលនយោបាយត្រឹមត្រួវយ៉ាងណាក៏ដោយ ប៉ុន្តែ បើគ្មានការខិតខំគ្រប់គ្រងដោយហ្មត់ចត់នោះទេ គឺមិនអាចឈានទៅមុខបានទេ។ ជាក់ស្តែង គឺមានសាកលវិទ្យាល័យ ឬវិទ្យាស្ថានមួយចំនួន បានបិទទ្វាររួចទៅហើយ ដោយសារតែការគ្រប់គ្រងមិនល្អ ហើយការបណ្តុះបណ្តាលក៏ខ្វះគុណភាពទៀតផង។ ជាមួយនឹងការរីកចម្រើននេះ ខ្ញុំព្រះករុណាខ្ញុំ ក៏សូមអំពាវនាវបន្តទៀតឲ្យបន្តការយកចិត្តទុកដាក់ កែលម្អ និងពង្រឹងគុណភាព នៃការអប់រំក្នុងកម្រិតឧត្តមសិក្សា មិនគ្រាន់តែសាកលវិទ្យាល័យធនធានមនុស្សនោះទេ ក៏ប៉ុន្តែ វាជាបញ្ហាទូទៅរបស់ប្រទេសយើង ដែលដឹកនាំកំណែទម្រង់ដោយក្រសួងអប់រំ យុវជន និងកីឡា។
ជាមួយគ្នានេះដែរ ខ្ញុំព្រះករុណាខ្ញុំ សូមយកឱកាសនេះ ដើម្បីថ្លែងជូននូវការអបអរសាទរ ចំពោះជ័យលាភីទាំងអស់ ដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ ទាំងព្រះសង្ឃ ទាំងគ្រហស្ថ ដែលបានប្រឹងប្រែងធ្វើការរៀនសូត្រ ដើម្បីទទួលបានការបណ្តុះបណ្តាលមួយ។ ថ្ងៃនេះ យើងក៏ទទួលបាននូវធនធានមនុស្សដ៏ល្អប្រសើរមួយសម្រាប់ប្រទេសជាតិរបស់យើង។ អម្បាញ់មិញ ខ្ញុំបានទទួលសារពីលោកអតីតចាងហ្វាងសាលានៅព្រែកកំពិស ថាមានកូនស្រីម្នាក់មកទទួលសញ្ញាបត្រនៅទីនេះដែរ ឈ្មោះ ស៊ុន ឌីណា (សួររក ស៊ុន ឌីណា)។ គាត់ជាហើយឥឡូវ? ដូចជាសមាជិកក្រុមប្រឹក្សារបស់ខណ្ឌដង្កោ។ យើងកាត់តំបន់ហ្នឹងចូលមករាជធានីភ្នំពេញហើយ ប៉ុន្តែ ពីដើមនៅត្រើយម្ខាងព្រែកត្នោតឯណោះទេ។ អញ្ចឹង សាលាបឋមសិក្សា ៣ ជាន់ហ្នឹង ចូលមកភ្នំពេញបាត់ហើយ?
ប្រែការឈឺចាប់ពីសម្តីមាក់ងាយថាសញ្ញាបត្រគ្មានតម្លៃ ទៅជាពង្រឹងសមត្ថភាពឲ្យកាន់តែខ្លាំង
… មានការបន្តុះបង្អាប់ពីមនុស្សខ្លះថា សញ្ញាបត្រក្នុងប្រទេសនេះ វាគ្មានតម្លៃ អញ្ចឹងទេ យើងខ្ញុំគ្រាន់តែរំលឹកដាស់តឿនចំពោះសិស្សនិស្សិត ដែលរៀននៅក្នុងប្រទេសទាំងឡាយ ហើយដែលមិនបានទៅរៀននៅក្រៅប្រទេស សូមប្រើប្រាស់ឱកាសនេះ ហើយប្រើប្រាស់នូវការឈឺចាប់ ដែលចេញពីសម្តីមាក់ងាយរបស់អ្នកនយោបាយខ្លះ ឲ្យទៅជាការខិតខំពង្រឹងនូវសមត្ថភាពរបស់យើងផ្ទាល់ កុំឲ្យត្រូវនឹងពាក្យគេថាវាអត់មានតម្លៃ។ យើងត្រូវធ្វើឲ្យផ្ទុយពីនេះ។ សូមបញ្ជាក់ថា អ្នកដែលទៅរៀនក្រៅប្រទេសមិនប្រាកដថាជាអ្នកដែលចេះនោះទេ។ ជួនកាលទៅនៅប្រទេសក្រៅ តែសរសេរតែអក្សរប្រទេសក្រៅហ្នឹង មកវិញចេះតែភាសា(និយាយ) ដល់ចាប់ឲ្យសរសេរឯកសារផ្លូវការជាភាសាបរទេសនោះ គឺសរសេរអត់ចេញ។ មិនមែនទៅទាំងអស់ សុទ្ធតែជាប់មហាវិទ្យាល័យទាំងអស់នោះទេ។ ប៉ុន្តែ សម្រាប់ក្នុងស្រុករបស់យើង ក៏យើងមិនមែនជាប់មហាវិទ្យាល័យទាំងអស់ដែរ ព្រោះថា បើមនុស្សទាំងអស់មួយនគរជាប់មហាវិទ្យាល័យទាំងអស់ គឺថាល្អអស់ទាស់។ ក៏ប៉ុន្តែ វាមានកម្រិតវា របៀបពីរ៉ាមីត គឺពីថ្នាក់បឋមមកធំ ហើយកាន់តែស្រួចៗ មកស្រួចកំពូលឯណេះវិញតែម្តង។
រីករាយជាមួយនឹងជ័យលាភី ដែលទទួលសញ្ញាបត្រគ្រប់កម្រិតទាំងអស់ ហើយក៏រីករាយជាមួយនឹងមាតាបិតា អាណាព្យាបាលសិស្ស ដែលថ្ងៃនេះ មានមួយចំនួនមកនេះ (ប្រហែលជាតា អ៊ុយ សុន មកដែរមិនដឹង) មកចូលរួមក្នុងការចែក។ ឥឡូវ(ខ្ញុំ)មានដល់ចៅហើយ។ ចៅហ្នឹងដឹងចិត្តជីតាទៀត ឲ្យតែគេប្រឡងបាន(ពិន្ទុ)ល្អហ្នឹង មុននឹងដល់ផ្ទះ គេចូលទៅប្រាប់ជីតាមុនគេ។ ខ្លះរៀនបានហើយ គឺគេយក(ចំណាត់ថ្នាក់ល្អ)មកអោយជីតាមើល ប៉ុន្តែមាន(ចៅ)មួយនោះ យក(ចំណាត់ថ្នាក់ល្អ)មកអោយជីតាមើល ចេញទៅវិញប្រាប់ជីដូនថា លោកតាមិនអោយរង្វាន់ផង។ អញ្ចឹងជីដូនលួច(វាយ) Whatsapp មកថា រអ៊ូអត់(រង្វាន់)។ ក៏លួងចិត្តហៅចៅមក ថាមិញលោកតាភ្លេចតើ។ យ៉ាងណាក៏ដោយ ទាំងរូបគេ ទាំងរូបខ្ញុំ មិនថាឪពុកម្ដាយណា មិនថាអាណាព្យាបាលណាទេ តែងមានការសប្បាយរីករាយនៅពេលដែលឃើញកូន ឃើញចៅទទួលបាននូវចំណាត់ ថ្នាក់ល្អ។
មានប័ណ្ណសរសើរមួយ (ខ្ញុំព្រះករុណាខ្ញុំ)រក្សាទុករហូតមកដល់ពេលនេះ ប្រមាណជា ៣៥ ឆ្នាំ រួចមកហើយ នៅពេលដែលកូនច្បងរបស់ខ្ញុំព្រះករុណាខ្ញុំ ចូលរៀននៅថ្នាក់ទី ១ នៃសាលាចតុមុខ ពេលហ្នឹងគេមានថ្នាក់ ដំបូង ហើយមានថ្នាក់ទី ១ (និងថ្នាក់)បន្តបន្ទាប់ទៅទៀត។ ពេលហ្នឹង គ្រាន់តែទទួលបាននូវចំណាត់ថ្នាក់លេខ ៣ គេមានប័ណ្ណសរសើរ។ (ខ្ញុំព្រះករុណាខ្ញុំ)រក្សាទុក រួចហើយទើបនឹងប្រគល់អោយកូនប៉ុន្មានឆ្នាំមុនទេថា យកទៅថែទាំខ្លួនឯងទៅ។ នេះជាអនុស្សាវរីយ៍មួយដែលចាប់ផ្ដើមចូល(រៀន)ទៅបានចំណាត់ថ្នាក់លេខ ៣ ប៉ុន្តែកូនរបស់ខ្ញុំព្រះករុណាខ្ញុំ គឺថាភាគច្រើនតែងតែទទួលបានចំណាត់ថ្នាក់ល្អ …។
ចូលរួមមរណទុក្ខដល់កម្លាំងប្រដាប់អាវុធពីបញ្ហាគ្រឿងញៀន
មាតាបិតាមានការអណោចអធមក្នុងចិត្ត ហើយព្រួយបារម្ភក្នុងចិត្តនៅពេលដែលឃើញកូនរបស់ខ្លួនប្រព្រឹត្តអំពើមិនគប្បី ក្នុងហ្នឹងមានការដើរផ្លូវខុសទៅតាមរយៈនៃគ្រឿងញៀន … ទៅជាក្មេងទំនើង ទៅជាការអនុវត្តទៅតាមរបៀបមិនប្រក្រតី មិនតាមគន្លងធម៌។ សូមយកឱកាសនេះ ថ្លែងនូវមរណទុក្ខចំពោះនាយអាវុធហត្ថរបស់យើងម្នាក់ ដែលបានធ្វើពលិកម្មនៅក្នុងការបង្រ្កាបគ្រឿងញៀនដ៏ធំមួយ ដែលមានការបាញ់តគ្នា(ធ្វើអោយ)ពលី(ម្នាក់)។ នេះជាបញ្ហាមួយដ៏ធ្ងន់ធ្ងរដែរសម្រាប់ប្រទេសជាតិរបស់យើង ទាមទារនូវសកម្មភាពនៃការបង្រ្កាបតទៅទៀត។ រឿងនេះ មិនមែនគ្រាន់តែជារឿងកម្ពុជាដាច់ដោយឡែកទេ កម្ពុជាគ្មានលទ្ធភាពដើម្បីនឹងផលិតគ្រឿងញៀនខ្លួនឯងទេ ក៏ប៉ុន្តែវាហូរចេញពីប្រទេសនានា ចូលមកកាន់ប្រទេសរបស់យើង។ (ខ្ញុំព្រះករុណាខ្ញុំ)ដាក់ឧបនាយករដ្ឋមន្រ្តីមួយអោយទទួលបន្ទុកលើការងារនេះ។ ក៏ប៉ុន្តែគ្រាន់តែយន្តការបស់រដ្ឋវាមិនគ្រប់គ្រាន់ទេ ទាមទារនូវការចូលរួមទាំងអស់គ្នារបស់ប្រជាពលរដ្ឋ របស់ព្រះសង្ឃ និងប្រជាពលរដ្ឋរបស់យើង ដើម្បីជំរុញធ្វើម៉េចអោយបដិសេធថា «ទេ! ចំពោះគ្រឿងញៀន»។ រឿងទាំងអស់នេះ គឺជារឿងដែលយើងត្រូវប្រឹងទាំងអស់គ្នា។ យើងឃើញទិដ្ឋភាពពីរប្លែកគ្នា ទិដ្ឋភាពទីមួយ ថ្ងៃនេះ គឺពិតជាមានក្រុមគ្រួសារទាំងអស់ដែលមានកូន មានចៅ មានក្រុមគ្រួសារ សាច់ញាតិ កូនក្មួយ មកទទួលសញ្ញាបត្រ គឺក្រុមគ្រួសារសុទ្ធតែទទួលការសប្បាយរីករាយ ប៉ុន្តែម្សិលមិញនេះ នៅពេលប្រតិបត្តិការចាប់ពួកគ្រឿងញៀន ពិតណាស់ថា ឪពុកម្ដាយដែលមិនបានដឹងថាកូនប្រព្រឹត្តរឿងនេះ ស្រាប់តែឃើញចេញមុខតាមកាសែត ចេញមុខតាមទូរទស្សន៍ កូនរបស់អញត្រូវគេចាប់ … នោះហើយ គឺជាទុក្ខវេទនារបស់ឪពុកម្ដាយ។ បើមិនបានជួយអ្វីឪពុកម្ដាយ កុំអោយឪពុកម្ដាយទទួលការឈឺចាប់ ស្រក់ទឹកភ្នែកដោយសារទង្វើមិនគប្បីរបស់កូន។ នេះជាចំណុចដែលទាមទារនូវការយកចិត្តទុកដាក់រួមរបស់យើងទាំងអស់គ្នា។
ខ្ញុំព្រះករុណាខ្ញុំ ក៏សូមយកឱកាសនេះ ថ្លែងនូវការកោតសរសើរ ថ្លែងនូវការអរគុណចំពោះការឧបត្ថម្ភទាំងឡាយ ផ្ដល់អាហារូបករណ៍ សម្រាប់ខ្ញុំព្រះករុណាខ្ញុំ ហើយខ្ញុំព្រះករុណាខ្ញុំ ក៏បានផ្ដល់ត្រឡប់ទៅវិញ ជូនចំពោះនិស្សិតដែលក្រីក្រ។ ជាមួយនេះដែរ សង្ឃឹមថា អ្វីដែលខ្ញុំបានផ្ដល់ពីមុនមក និងបន្តផ្ដល់តទៅទៀតប្រចាំខែ ដែលរួមមានអង្ករ ២ តោន និងថវិកា ៥ លានរៀល បូកជាមួយនឹងសម្ដេចក្រឡាហោម ស ខេង ក៏បានផ្ដល់ ដើម្បីចូលរួមចំឡែកក្នុងការដោះស្រាយ(សម្រាប់)និស្សិតក្រីក្រ ហើយដែលពេលនេះ កំពុងមាន ១០២ នាក់ ហើយសង្ឃឹមថាថវិកា ៥ លានរៀល បូកនឹងអង្ករ ២ តោន នេះអាចសមល្មមជាមួយនឹងការសម្រាល ការលំបាករបស់និស្សិតក្រីក្រ ដែលស្នាក់នៅជាមួយនឹងសាកលវិទ្យាល័យនេះ។
យុទ្ធនាការជួយសង្រ្គោះប្រជាពលរដ្ឋដែលខ្វះទឹក
… ដោយសារមានប្រធានបទដ៏រសើប ហើយកំពុងតានតឹងទៀតផង ខ្ញុំព្រះករុណាខ្ញុំ សុំយកឱកាសនេះ ថ្លែងនូវការកោតសរសើរចំពោះស្ថាប័នថ្នាក់ជាតិទាំងអស់ អាជ្ញាធរថ្នាក់ក្រោមជាតិ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ វិស័យឯកជន សប្បុរសជន កាកបាទក្រហមកម្ពុជា ក៏ដូចជាបណ្ដាបក្សនយោបាយ ជាពិសេស គឺគណបក្សប្រជាជនកម្ពុជា មិនទាន់ឃើញមានបក្សផ្សេងណាធ្វើសកម្មភាពនៅឡើយទេ ដែលបានចូលរួមនៅក្នុងប្រតិបត្តិការចែកចាយទឹកសម្រាប់ប្រជាពលរដ្ឋរបស់យើង បន្ទាប់ពីការចេញនូវបទបញ្ជា ធ្វើសកម្មភាពយុទ្ធនាការទ្រង់ទ្រាយធំនៅក្នុងក្របខណ្ឌទូទាំងប្រទេស។ ពិតហើយ មុនពេលមានយុទ្ធនាការតាមបទបញ្ជារបស់នាយករដ្ឋមន្រ្តី ក៏មានសកម្មភាពមួយចំនួនរួចស្រេចទៅហើយ ដូចជានៅខេត្តបន្ទាយមានជ័យ និងខេត្តកំពត និងខេត្តជាច្រើន ដែលបានដឹកទឹកជូនប្រជាពលរដ្ឋ។ នៅពេលដែលយើងបានដាក់ចេញនូវបទបញ្ជានេះ សកម្មភាពបានរីកសន្ធឹងនៅក្នុងកម្រិតទូទាំងប្រទេស។ ដោយឡែកកងទ័ព ក្រៅពីកងតំបន់ប្រតិបត្តិការសឹករបស់បណ្តាខេត្ត បណ្តាកងពលធំ កងពលតូច យោធភូមិភាគនៃកងទ័ពស្រួច ក្រសួងការពារជាតិបាន ចេញនូវរថយន្ត ១០០ គ្រឿង និងស៊ីទែន ២០០ គ្រឿង ចុះទៅកាន់ខេត្ត ៣ គឺខេត្តបាត់ដំបង បន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ។ អរគុណណាស់ជាមួយនឹងការផ្តល់ជំនួយឧបត្ថម្ភទាំងអស់ ហើយមានសប្បុរសជនច្រើនណាស់ ដែលបានចូលរួមនៅក្នុងកិច្ចការនេះ។
យោបល់តាមហ្វេសប៊ុក «ឲ្យធ្វើភ្លៀងសិប្បនិមិត្ត»
… ការពិត នៅពេលដែលខ្ញុំព្រះករុណាខ្ញុំ បានបង្ហោះតាមហ្វេសប៊ុកម្តងៗ មានការចូលរួមជួយយោបល់យ៉ាងច្រើន ហើយសុទ្ធតែជាយោបល់ល្អនៅក្នុងនោះ ប៉ុន្តែក៏មានចំណុចខ្លះ សូមបញ្ជាក់ជូន ដើម្បីយើងធ្វើការបកស្រាយ។ ឧទាហរណ៍ថា គួរត្រូវធ្វើភ្លៀងសិប្បនិមិត្តតាមរយៈនៃការប្រើផ្លូវអាកាស ដើម្បីបាចម្ស៉ៅឲ្យធ្លាក់ភ្លៀង។ សូមជម្រាបថា បើសិនជាអាចធ្វើបានយ៉ាងដូច្នោះ ប្រហែលជាប្រទេសថៃ និងវៀតណាមមិនពិបាកទេ ព្រោះគេ មានលទ្ធភាពលើសយើង ហើយកម្ពុជាក៏អាចសុំបានដែរ។ ខ្ញុំក៏អាចសុំពីនាយករដ្ឋមន្ត្រីថៃ នៅប្រទេសថៃមាន ប៉ុន្តែប្រទេសថៃ និងនាយករដ្ឋមន្ត្រីថៃ ថ្ងូរជាមួយខ្ញុំតាំងពីខែ ១២ … យើងទើបនឹងចាប់ផ្តើមទេ តែថៃធ្ងន់ជាង យើងច្រើន។ ថៃមានវិធានការណ៍តឹងតែងជាងយើង អ្នកដែលហ៊ានយកទឹកទៅធ្វើស្រែ ត្រូវមានការផាកពិន័យទៀតផង។ ដោយសារតែអត់មានពពក អញ្ចឹងទោះទៅបាចវាធ្លាក់មកតែម្ស៉ៅ វាអត់មានទៅជាភ្លៀងកើតទេ។ … ចំណុចនេះមិនអាចធ្វើទៅរួចទេ បើសិនអាហ្នឹងធ្វើទៅរួច ថៃធ្វើទៅហើយ។ ដីថៃ ជានិច្ចជាកាល ខ្ពស់ជាងយើង។ កាលពីដើមឆ្នាំទៅ ទឹកធ្លាក់ពីប្រទេសថៃ មកលិចលង់នៅបន្ទាយមានជ័យ ប៉ុន្តែ ឥឡូវថៃអត់ទឹកខ្លួនឯងដែរ បានទឹកមកពីណា(អោយ)មកលិចលង់ខេត្តបន្ទាយមានជ័យទៀត។
យោបល់តាមហ្វេសប៊ុក «គួរតែជីកស្រះ និងអណ្តូងឲ្យបានច្រើន»
រឿងមួយទៀត បងប្អូនផ្តល់មតិត្រឹមត្រូវហើយថា សម្តេចគួរតែជីកស្រះ និងជីកអណ្តូងឲ្យបានច្រើន ប្រសើរជាងដើរចែកទឹករបៀបនេះ។ បើប្រៀបធៀបពីការចាប់ផ្តើម ខ្ញុំគិតថា ប្រៀបធៀបជាមួយនឹងឆ្នាំ ១៩៧៩ និងទសវត្សរ៍ ៨០ ស្រះទឹកអណ្តូងទឹក យើងកើន ១០០ ដងឯនោះ មិនមែនកើនត្រឹមតែ ៤-៥ ដងទេ។ និយាយអំពីអណ្តូងទឹក ដែលកាលពីមុននេះ មួយភូមិជួនកាលអត់មានអណ្តូងទឹកមួយទេ ប៉ុន្តែឥឡូវអណ្តូងទឹកច្រើន ប្រើប្រាស់ដោយថវិកាជាតិផង សប្បុរសជនផង និងមានជំនួយបរទេស។ ក្នុងហ្នឹងមានជប៉ុន ដែលបានជួយច្រើនជាងគេ ទៅលើបញ្ហាអណ្តូងទឹក ការជីកស្រះទឹកក៏ច្រើនដែរ។ ម្សិលមិញខ្ញុំបង្ហោះថា ខាងមុខនេះត្រូវធ្វើសកម្មភាពរយៈពេលវែង ហើយវិសាលភាពកាន់តែធំ ហេតុអីបានត្រូវនិយាយអញ្ចឹង? គ្រាន់តែលើកឧទាហរណ៍ខេត្តស្វាយរៀង។ នៅថ្ងៃទី ២៦ ដែលទៅសម្ពោធនៅបន្ទាយមានជ័យ ពេលហ្នឹងអណ្តូងទឹកទើបនឹងរីង ៣៦០ អណ្តូងទេ ដល់ថ្ងៃទី ២៧ ពីម្សិលមិញនេះ ឡើងដល់ជាង ៦០០ អណ្តូង ដែលរីង។ អញ្ចឹងទេ ឥឡូវនេះ ការបារម្ភរបស់យើង តើទៅមុខអណ្តូងដែលធ្លាប់តែប្រើប្រាស់តាមភូមិនេះ វារីងអស់ប៉ុន្មានទៀត? ហ្នឹងហើយដែលខ្ញុំព្រះករុណាខ្ញុំ និយាយថា វិសាលភាពកាន់តែធំ បើសិនជាពុំមានភ្លៀងធ្លាក់ទេ ហើយភ្លៀងអាចនឹងមានកក់ខែ ក៏ប៉ុន្តែកក់ខែនោះ គ្រាន់តែកក់ខែដើម្បីនឹងផ្សើមដីតែប៉ុណ្ណោះទេ ឲ្យទៅជាដក់ទឹកយកមកប្រើ គឺវាមិនទាន់ដល់ពេលទេ។ ឥឡូវសកម្មភាពជីកស្រះ ជីកអណ្តូង កំពុងតែបន្តធ្វើ តែស្រះហ្នឹង វាទាមទារដល់ខែវស្សា ទឹកខ្លាំងទើបទទួលបាន។ ឥឡូវនេះយើងកំពុងប្រឹងជីកអណ្តូង បុកអណ្តូង កន្លែងណាដែលមានទឹក គឺយើងបុកអណ្តូង។ អណ្តូងមួយចំនួនត្រូវបានស្តារ ដើម្បីឲ្យវាជ្រៅ ព្រោះកម្រិតទឹកទន្លេមេគង្គចេះតែធ្លាក់ ទឹកតាមស្ទឹងមួយចំនួនចេះតែទាបទៅៗ …។
បន្តអនុវត្តយុទ្ធនាការដោះស្រាយការរាំងស្ងួតរហូតដល់មានប្រជាពលរដ្ឋមានទឹកប្រើប្រាស់គ្រប់
ការបុកអណ្តូងអាចជាជម្រើសមួយល្អជាង បឹងបួរមួយចំនួន ត្រពាំងមួយចំនួន ស្រះមួយចំនួនដែលធ្លាប់មាន ទឹកឥឡូវរីងអស់ហើយ។ អញ្ចឹងទេ យុទ្ធនាការនេះខុសពីយុទ្ធនាការនៃទឹកជំនន់។ ទឹកជំនន់ ពេលដែលវាឡើងដល់កម្រិត វាចាប់ធ្លាក់ចុះ។ អញ្ចឹង បំព្រួញក្របខណ្ឌ របស់វាដូចជាជម្លៀសប្រជាជនទៅទីទួលសុវត្ថិភាពនៅពេលទឹកជំនន់ខ្លាំង ដល់ពេលទឹកជំនន់ថយចុះ យើងក៏ត្រូវយកប្រជាជនពីទីទួលសុវត្ថិភាពមកកាន់ភូមិស្ថានវិញ។ យើងចេះតែបំព្រួញៗ មកនៅតូច។ ប៉ុន្តែ យុទ្ធនាការដោះស្រាយបញ្ហាគ្រោះរាំងស្ងួតនៅឆ្នាំនេះ គឺវាកាន់តែធំទៅៗ ទៅវិញ ដូចជានៅខេត្តស្វាយរៀង ជាឧទាហរណ៍ ថ្ងៃទី ២៦ ត្រឹម ៣៦០ អណ្តូង ថ្ងៃ ២៧ ជាង ៦០០ អណ្តូង ឥឡូវថ្ងៃនេះវាឡើងប៉ុន្មានទៀតសម្រាប់ការគោករាក់រីងអស់អណ្តូងទឹកនេះ? នេះហើយជាកង្វល់ពិតប្រាកដ ដែលខ្ញុំព្រះករុណាខ្ញុំតាមដានលើរឿងនេះ។ យើងនឹងបន្តការខិតខំរហូតទៅដល់ភ្លៀងធ្លាក់គ្រប់គ្រាន់ ប្រជាជនមានទឹកប្រើប្រាស់គ្រប់គ្រាន់ ទើបយើងអាចបន្ធូរដៃ។ កន្លែងណាមានភ្លៀងធ្លាក់ ដែលអាចផ្តល់ឲ្យប្រជាពលរដ្ឋប្រើប្រាស់បានហើយ គេអាចដកថយកម្លាំងនោះទៅកាន់កន្លែងផ្សេង ប៉ុន្តែឥឡូវនៅកាងដៃនៅឡើយទេ ហើយកាងដៃនេះនឹងកាន់តែធំទៅទៀត។
… សម្រាប់ក្រសួងការពារជាតិ កងពលលេខ ៩៩ បានបញ្ចេញឡានទៅហើយ ក៏ប៉ុន្តែអគ្គបញ្ជាការនៃ កងយោធពលខេមរភូមិន្ទក៏ត្រូវតៀមបម្រុងនូវកងពលលេខ ៩៨ ដែលត្រូវចេញបន្ត នៅពេលសភាពការណ៍បានមកដល់។ យើងពិនិត្យមើលសកម្មភាព គ្រាន់តែទាញទឹកពីអាងកំពីងពួយ ៥ លានម៉ែត្រគូប ត្រូវធ្វើសកម្មភាពទាំងយប់ ហើយខ្ញុំគិតថា ៥ លានម៉ែត្រគូបនេះទម្រាំទៅដល់មង្គលបុរីអាចនៅត្រឹមតែ ៣ លាន ព្រោះវារីងស្ងួតតាមផ្លូវទៅ … បញ្ចេញ ៥ លានម៉ែត្រគូបពីអាងកំពីងពួយ ហើយបញ្ចេញមិនស្រួលអស់ពីក្នុងអាងហ្នឹងទៀត អាហ្នឹងកាន់តែ(វឹក)វរ។ កន្លែងខ្លះវា(ភ្លៀង)កក់ខែ ប៉ុន្តែវាមិនមកភ្លៀង វាមកខ្យល់កន្ត្រាក់រលំផ្ទះប្រជាជន ហើយការព្រួយបារម្ភមួយទៀត នៅខេត្តស្ទឹងត្រែងបានស្លាប់អស់គោក្របីជាង ៣ រយក្បាល ក្នុងហ្នឹងក្របី ២៣៦ ក្បាល និង គោ ៦៥ ក្បាល។ អ្នកនៅស្ទឹងត្រែង ឲ្យតែកាលណាច្រូតកាត់រួចហើយ គាត់ព្រលែងក្របី អោយវាទៅរកបឹងបួរ ស្រេចនឹងវា។ អានៅក្បែរទន្លេ វាចុះទន្លេ ប៉ុន្តែអានៅឆ្ងាយពីទន្លេ វាទៅរកបឹងបួរត្រពាំង ដើម្បីដេក ព្រោះអត់មានទឹកដេក អញ្ចឹងទេ វាងាប់ ដូច្នេះ សុខភាពសត្វ និងសុខភាពមនុស្សក៏ជាបញ្ហា ដែលក្រសួងសុខាភិបាលបានធ្វើសកម្មភាព(បានចេញសេចក្តីណែនាំ)រួចហើយ …។
មិនត្រូវទុកឲ្យប្រជាជនណាម្នាក់ស្លាប់ដោយខ្វះទឹកទទួលទាននោះទេ
… រឿងនេះមិនដែលធ្លាប់មានទេ។ បើពីមុន ខ្ញុំមិនដឹងទេ ព្រោះខ្ញុំនៅតូចដែរ ប៉ុន្តែចាប់ពីឆ្នាំ ១៩៧៩ មកយើងអត់ដែលមានយុទ្ធនាការបែបនេះទេ មានតែយុទ្ធនាការចែកស្បៀង នៅពេលដែលមានគ្រោះទឹកជំនន់ មានយុទ្ធនាការបូមទឹកដាក់ស្រែមាន ប៉ុន្តែមិនដែលមានយុទ្ធនាការយកទឹកទៅចែកតាមផ្ទះប្រជាពលរដ្ឋនោះទេ។ ធ្លាប់មានខ្លះដែលតិចតួចទេ ដែលខ្វះទឹកដូចឆ្នាំ ១៩៨៨-១៩៨៩ មានកើតឡើងមួយករណីហើយកើតឡើងក្នុងតំបន់ខេត្តបាត់ដំបង។ ឆ្នាំ ១៩៩៤ មានមួយដង ក៏ប៉ុន្តែពេលនោះគឺមិនទាន់ដល់ដំណាក់កាលនៃការចែកចាយទឹកទេ។ លើកនេះដល់ហើយ។ ប្រជាពលរដ្ឋលំបាកណាស់ ក្នុងការស្វែងរកប្រភពទឹក។ អញ្ចឹងទេ យើងត្រូវប្រើបា្រស់មធ្យោបាយសរុប យើងត្រូវប្រើប្រាស់កម្លាំងសរុប វិធានការសរុប ដើម្បីដោះស្រាយបញ្ហាមួយនេះ មិនត្រូវទុកឲ្យប្រជាជនស្លាប់ដោយសារតែខ្វះទឹកទទួលទាននោះទេ។ ត្រូវមើលឲ្យបានសព្វគ្រប់។ អំពាវនាវចំពោះប្រជាពលរដ្ឋនៅទីកន្លែងដែលមានការខ្វះខាតប្រាប់អាជ្ញាធរមានសមត្ថកិច្ច ទាក់ទងជាមួយកាកបាទក្រហមកម្ពុជា ឬអ្នកណាដែលនៅកៀកបំផុត ដើម្បីផ្តល់ទឹក។
ទឹក យើងមានពីរ បី ប្រភេទ។ ទឹកមួយប្រភេទគឺទឹកស្អាតសម្រាប់ការប្រើប្រាស់ ដែលមានការផលិតទឹក។ បើកងពលលេខ ៧០ មានកន្លែងជាច្រើនផលិតទឹកដែលផ្តល់ចេញនូវទឹកស្អាត។ ក្រុមហ៊ុនផលិតទឹកស្អាតមួយចំនួនបានជួយផ្គត់ផ្គង់សម្រាប់ការទទួលទានតែម្តង។ ប៉ុន្តែទឹកមួយប្រភេទទៀតជាទឹកដឹកយកទៅឲ្យ សម្រាប់ប្រើប្រាស់ជាការដាំស្ល ជាការងូត … សូមឲ្យប្រជាពលរដ្ឋចំអិនទឹកហ្នឹងអោយបាន ព្រោះជួនកាលឃ្លានពេក ព្រោះអាស្រេកទឹកពិបាកទ្រាំណាស់។ ខ្ញុំមួយថ្ងៃប្រើទឹកអស់ពីរង្វង់ពី ៣ ទៅ ៥ លីត្រ អញ្ចឹងទេ បានពេលអង្គុយប្រជុំ បន្តិចដាក់ៗ ហើយបើវាយកូនគោលផង វាយមួយជុំខ្ញុំផឹកទឹកប្រហែលជា ៧ ដបយ៉ាងតិច។
ខ្ញុំពិតជាមានមោទនភាព។ ពេលនេះ ខ្ញុំនៅតែទទួលស្គាល់ពីកម្លំាងប្រតិកម្មរហ័សរបស់កម្លំាងប្រដាប់អាវុធ របស់មន្ត្រីរដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ របស់ប្រជាពលរដ្ឋរបស់យើង របស់កាកបាទក្រហម យុវជនកាកបាទក្រហម របស់ក្រុមកាយរឹទ្ធិ និងរបស់យុវជនគណបក្សប្រជាជនកម្ពុជា ដែលបានធ្វើប្រតិកម្មរហ័ស។ បទបញ្ជាមកដល់ពេលនេះ គឺជិតដល់ពេល ៤៨ ម៉ោងហើយ … សូមបញ្ជាក់ថា សកម្មភាពរបស់យើង ត្រូវ គ្រោង។ អាជ្ញាធរខេត្តនៅនឹងកន្លែងទើបស្គាល់បញ្ហាជាង។ នៅពេលដែលមានបញ្ហាកើតឡើង បន្ថែមវិសាលភាពរបស់វាកាន់តែធំ ស្រះ ត្រពំាង អណ្តូងទឹករីង តើត្រូវបញ្ជូនទឹកពីកន្លែងណាទៅកន្លែងណា។ រឿងនេះ យើងបានធ្វើតំាងពីក្រោយភ្ជុំបុណ្យមកម្ល៉េះ។ ពេលនោះក្រសួងហិរញ្ញវត្ថុ ផ្តល់ថវិកាអោយក្រសួងធនធានទឹកបូមទឹកបញ្ជូលទៅក្នុងអាងដែលនៅគៀក។ ដោយសារតែវិធានការបែបនេះហើយ បានជាយើងមានទឹកប្រើប្រាស់ មួយចំនួនទាញអូសបន្លាយរហូតមកដល់ ខែ មេសា នេះ … យើងអោយបូមទឹកដើម្បីយកមកដាក់ក្នុងអាង តាមរយៈនោះប្រជាពលរដ្ឋបានប្រើប្រាស់ទឹកក្នុងអាងនេះ សម្រាប់ការស្រោចស្រពខ្លះផង និងសម្រាប់ការប្រើប្រាស់។ ឥឡូវនេះ អាងទំាងអស់នោះ មិនត្រឹមតែអាងខាងលើទេ អាអាងខាងក្រោមក៏វារីងដែរ។
… មានអ្នកចូលមកផ្តល់មតិថា សម្តេចគួរតែមានទ្វារទឹកបិទទន្លេសាបតែម្តង។ អត់អីទេ ទទួលយកមកគិត …នៅចិន គេបិទទន្លេឡាងឆាង។ ពេលខ្វះទឹក គេទម្លាក់ទឹកមក ក្នុងហ្នឹងមានការទម្លាក់មកអាងទន្លេមេគង្គ របស់យើង ៣ ដងរួចមកហើយ។ អញ្ចឹងអាចថាជាគំនិតមួយនៃគំនិតផ្តួចផ្តើមក្នុងការសិក្សា។ នេះជាចំណុចដែលយើងទាំងអស់ត្រូវធ្វើសកម្មភាព ហើយគិតអោយគ្រប់ជ្រុងជ្រោយ។ តំបន់មួយចំនួននៅឆ្ងាយណាស់ ហើយលើកឡើងថាប្រជាជនខ្វះពាង។ បើខ្វះពាង ទិញពាងដាក់អោយគាត់ទៅ ខ្វះកានទិញកានឲ្យគាត់ទៅ។ នេះជាចំណុចដែលអំពាវនាវអោយធ្វើសកម្មភាពបន្តទៅទៀត ហើយសូម្បីតែព្រះសង្ឃក៏អាចចូលរួមធ្វើកិច្ចការ នេះបានដែរ។ នៅជុំវិញទីអារាមបើខ្វះទឹក ព្រះសង្ឃមានលទ្ធភាពជាស្រះទឹកជាអី ជួយអោយពុទ្ធបរិស័ទទទួលទឹកពីតំបន់នោះផង ហើយបើមានអណ្តូងទឹកល្អជួយចែកអោយប្រជាពលរដ្ឋ។ … បើយោងទៅលើការព្យាករណ៍ បើទោះបីថាមានភ្លៀងកក់ខែនៅតំបន់ខ្លះ ក៏ប៉ុន្តែនៅជាក់ស្តែងនៅតំបន់ថ្មពួកនេះ កន្លែងហ្នឹងធ្លាក់ភ្លៀង ពីរដងរួចទៅហើយ ប៉ុន្តែជាក់ស្តែងយើងមានបានឃើញទឹកនៅដក់ឯណា គ្រាន់តែជាការផ្សើមដីកុំអោយដីហុយ …។
ប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាលត្រូវសហការគ្នារួមចំណែកក្នុងការថែរក្សាព្រៃឈើ
… ប៉ុន្មានថ្ងៃនេះ មានការធ្វើការរវាងក្រសួងបរិស្ថាន ជាមួយដៃគូអង្គការក្រៅរដ្ឋាភិបាលនៅក្នុងប្រទេសរបស់យើងទៅលើការការពារព្រៃឈើ។ សុំបញ្ជាក់បញ្ហានេះផងដែរថា សុំកុំឆ្លៀតកេងចំណេញនយោបាយលើបញ្ហាទាក់ទិនជាមួយនឹងគ្រោះរាំងស្ងួតនៅកម្ពុជា។ មិនមែនតែកម្ពុជាទេ នៅក្នុងតំបន់ទាំងមូល ហើយបើប្រទេសឥណ្ឌាស្លាប់មនុស្សទៅហើយ ហើយឥណ្ឌាកំពុងតែមានយុទ្ធនាការដឹកទឹកដូចយើងអញ្ចឹង។ … ពាក់ព័ន្ធនឹងបញ្ហាព្រៃឈើ ខ្ញុំព្រះករុណាខ្ញុំ ទើបនឹងចុះហត្ថលេខា ដើម្បីផ្ទេរការគ្រប់គ្រង … មុននេះដីសម្បទានសេដ្ឋកិច្ចទាំងក្រសួងកសិកម្មក៏ផ្តល់ ក្រសួងបរិស្ថានក៏ផ្តល់។ ក្រសួងបរិស្ថានក៏មានព្រៃការពារ ក្រសួងកសិកម្ម ក៏មានព្រៃការពារ។ ឥឡូវត្រូវផ្ទេរមុខងារ បែងចែកមុខងារវាឲ្យដាច់។ ក្រសួងបរិស្ថានត្រូវផ្តល់ដីទាំងឡាយណា ដែលផ្តល់ឲ្យក្រុមហ៊ុនវិនិយោគប្រគល់ឲ្យក្រសួងកសិកម្មគ្រប់គ្រង ឯក្រសួងកសិកម្មក៏ត្រូវផ្តល់ព្រៃទាំងឡាយ ដែលជាតំបន់ការពារទៅឲ្យក្រសួងបរិស្ថានគ្រប់គ្រង។ ក្នុងហ្នឹងក៏មានគោលការណ៍មួយបន្តទៅទៀត បើសិនជាសិក្សាទៅឃើញថា ត្រូវដាក់ព្រៃតំបន់ណាជាតំបន់ការពារ ជាស្វ័យប្រវត្តិ(ត្រូវ)ចូលទៅក្នុងការគ្រប់គ្រងនៃក្រសួងបរិស្ថានតែម្តង …។ ក្រសួងបរិស្ថានក៏បានធ្វើការជាមួយសហគមន៍អឺរ៉ុប អាមេរិក និងបងប្អូនប្រជាពលរដ្ឋរបស់យើង ដែលជាអ្នកស្រឡាញ់ព្រៃឈើ (ដោយ)យើងនឹងដាក់ព្រៃឈើប្រមាណជាជាង ១ លានហិចតាទៀតជាតំបន់ការពារ ក្នុងហ្នឹងមានព្រៃឡង់ ព្រៃភ្នំក្រវ៉ាញ និងតំបន់មួយចំនួនផ្សេងទៀត។
ឥឡូវយើងមានគោលដៅដូចគ្នាហើយ មិនចាំបាច់បែងចែកគ្នាស្អីទៀតទេ។ រាជរដ្ឋាភិបាលក៏ត្រូវការពារព្រៃឈើ ប្រជាជនក៏ត្រូវការពារព្រៃឈើ អញ្ចឹងយើងមានគោលដៅតែមួយទេ។ ខ្ញុំបានប្រាប់រដ្ឋមន្រ្តី សាយ សំអាល់ ថាសូមទទួលស្គាល់យកបងប្អូនធ្វើជាកម្លាំងជួយការពារព្រៃឈើតែម្តងទៅ។ ឥឡូវបំផុសមនុស្សទាំងអស់ទៅបើចង់ទៅបំបួសដើមឈើណាទៅបំបួសទៅ បំបួសឲ្យពេញព្រៃតែម្តងទៅ ព្រោះរាជរដ្ឋាភិបាលក៏ត្រូវការពារព្រៃឈើ ប្រជាជនក៏ចង់ការពារព្រៃឈើ/ដើមឈើដែរ។ បើអញ្ចឹងវាទៅជាគោលដៅរួមហើយ គ្មានបានបែងចែកថាអ្នកនេះពួកបរិស្ថាន អ្នកនោះពួកកាប់ឈើអីតទៅទៀតទេ។ រាជរដ្ឋាភិបាលឃើញពួកកាប់ឈើអាណាធិបតេយ្យក៏ទៅចាប់ ប្រជាពលរដ្ឋត្រូវចូលរួមចំណែក ទោះបីខ្លួនមិនមែនជានគរបាលយុត្តិធម៌ ក៏ត្រូវរាយការណ៍ ឬធ្វើសកម្មភាពណាមួយទប់ស្កាត់ ដើម្បីកុំឲ្យមានការបំផ្លាញព្រៃឈើ។
រលកកំដៅខ្លាំង ត្រូវប្រុងប្រយ័ត្នចំពោះបញ្ហាអគ្គិភ័យ
… អំពាវនាវចំពោះប្រជាពលរដ្ឋ (ថា)រលកកំដៅឆ្នាំនេះគឺខ្លាំងណាស់។ យើង(មានកំដៅ) ៤០ មានតំបន់មួយចំនួន ៤១-៤២ នៅប្រទេសឥណ្ឌាឡើងដល់ ៤៥ ហើយឡើងលើសពី ៤៥ រហូតដល់ស្លាប់មនុស្ស។ នៅក្នុងតំបន់របស់យើង អាចនិយាយបានអញ្ចេះ បញ្ហាការប្រែប្រួលអាកាសធាតុជាបញ្ហាពិភពលោកតែម្តង ឯបញ្ហារាំងស្ងួតជាបញ្ហាតំបន់ទាំងមូល។ វាជាប្រធានបទនៃការពិភាក្សានៅអង្គការសហប្រជាជាតិ ហើយពេលដែលខ្ញុំព្រះករុណាខ្ញុំ ទស្សនកិច្ចនៅស្រុកបារាំង ប្រធានាធិបតីបារាំង ទទូចយាងព្រះមហាក្សត្រកម្ពុជាដើម្បីចូលរួមក្នុងវេទិកានៃការប្រែប្រួលអាកាសធាតុនេះ។ ឥឡូវនេះ អ្នកវិទ្យាសាស្រ្ត កំពុងប្រឹងប្រែងធ្វើការសិក្សា រាប់ទាំងបញ្ហាពូជដំណាំផ្សេងៗ ដែលមុននេះធន់នឹងកំដៅត្រឹមតែ ៣៥ អង្សារ ឥឡូវត្រូវធ្វើម៉េចពូជនេះ វាលែងសមស្របហើយ។ គេកំពុងសិក្សាថា ឲ្យពូជស្រូវ ពូជដំណាំនានានេះ ធន់បាននឹងកំដៅ ៣៧-៣៨ ឬ ៤០ អង្សា …។ ឥឡូវនេះ រលកកំដៅខ្លាំងណាស់ ត្រូវប្រុងប្រយ័ត្នចំពោះបញ្ហាអគ្គិភ័យ ទាំងអគ្គិភ័យនៅតាមផ្ទះ និងអគ្គិភ័យ នៅតាមព្រៃព្រឹក្សា ស្រែចំការមានការឆេះនៅកន្លែងនេះនៅកន្លែងនោះ។ ហើយជាពិសេស ខែនេះគឺជាខែ ដែលគេរកអណ្តើក រកទន្សាយ រកឃ្មុំនេះ … អាចធ្វើអោយមានភ្លើងឆេះព្រៃ …។
ជាថ្មីម្តងទៀត ខ្ញុំព្រះករុណាខ្ញុំ សុំអរគុណទាំងអស់ និងអំពាវនាវ ឲ្យពង្រីកយុទ្ធនាការ ដើម្បីជួយសង្រ្គោះប្រជាពលរដ្ឋក្នុងដំណាក់កាលដ៏លំបាកនេះ ហើយសង្ឃឹមថាបណ្តាបក្សនយោបាយនានា ដែលបានបង្ហាញសាច់ដុំត្រៀមសម្រាប់ទទួលសន្លឹកឆ្នោតនៅពេលខាងមុខ នឹងបញ្ចេញឲ្យឃើញនូវសកម្មភាពរបស់ខ្លួន បម្រើប្រជាជនពិតៗ។ គណបក្សប្រជាជនបានធ្វើហើយ ចេញតាំងពីមុនមានបទបញ្ជាឯណោះ ប៉ុន្តែដែលហៅថាយុទ្ធនាការ គឺទ្រង់ទ្រាយធំហើយ … ដល់កម្រិតមួយត្រូវប្រើកម្លាំងរួមហើយ គឺថាត្រូវដល់នាយករដ្ឋមន្រ្តីហើយ ហើយត្រូវប្រើដល់ថវិកាជាតិផង និងអំពាវនាវសប្បុរសជន ហើយបញ្ជាកងកម្លាំងប្រដាប់អាវុធ គឺដល់កម្រិតរាជរដ្ឋាភិបាល…៕