សុន្ទរកថា និងប្រសាសន៍ក្រៅសុន្ទរកថា ថ្លែងក្នុងសន្និសីទអន្តរជាតិលើកទី ២៦ ស្ដីពី «អនាគតរបស់អាស៊ី»​ ក្រោមប្រធានបទ «ការរៀបចំសម័យកាលថ្មីក្រោយវិបត្តិកូវីដ៖ តួនាទីរបស់អាស៊ីក្នុងការស្ដារពិភពលោកឡើងវិញ

ឯកឧត្ដម លោកជំទាវ ថ្នាក់ដឹកនាំនៃបណ្ដាប្រទេសទាំងអស់ លោក តូរ៉ុ តាកាហាស៊ី (Taro Takahashi)និពន្ធនាយកទទួលបន្ទុកតំបន់អាស៊ី នៃទីស្នាក់ការកណ្ដាលសម្រាប់តំបន់អាស៊ី ឯកឧត្ដម លោកជំទាវ លោក លោកស្រី! ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្ដីរីករាយជាអនេក ដែលបានចូលរួមជាមួយថ្នាក់ដឹកនាំនៃបណ្ដាប្រទេសក្នុងតំបន់អាស៊ីដទៃទៀត ថ្លែងសុន្ទរកថាក្នុងសន្និសីទអន្តរជាតិលើកទី ២៦ ស្ដីពី “អនាគតរបស់អាស៊ី” ក្រោមប្រធានបទ “ការរៀបចំសម័យកាលថ្មីក្រោយវិបត្តិកូវីដ៖ តួនាទីរបស់អាស៊ីក្នុងការស្ដារពិភពលោកឡើងវិញ” នាថ្ងៃនេះ។ ជាមួយគ្នានេះ ខ្ញុំសូមសម្ដែងនូវការវាយតម្លៃខ្ពស់ចំពោះ ក្រុមហ៊ុននីកកេ (Nikkei) ដែលបានខិតខំរៀបចំវេទិកានេះឡើងតាមរយៈប្រព័ន្ធវីដេអូ លើប្រធានបទដ៏មានសារៈសំខាន់នេះ សម្រាប់ថ្នាក់ដឹកនាំ និងដៃគូពាក់ព័ន្ធទាំងអស់ ពិភាក្សា និងផ្លាស់ប្ដូរទស្សនៈអំពីស្ថានការណ៍ និងការវិវឌ្ឍក្នុងតំបន់ និងសកលលោក ជាពិសេស ការគិតគូរអំពីទិសដៅអនាគត សម្រាប់កិច្ចអភិវឌ្ឍតំបន់អាស៊ីក្នុង និងក្រោយពេលវិបត្តិជំងឺកូវីដ-១៩។ ជាការពិតណាស់ ឆ្នាំ ២០២០ គឺជាឆ្នាំដ៏លំបាកបំផុតក្នុងប្រវត្តិសាស្រ្តទំនើបរបស់ពិភពលោកដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ ដែលបាន និងកំពុងបង្កជាវិបត្តិសុខភាពសាធារណៈយ៉ាងធ្ងន់ធ្ងរ និងឈានដល់ការបន្ទច់បង្អាក់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ជាសកល។ គ្រប់ប្រទេស និងតំបន់លើសកលលោកសុទ្ធសឹងតែកំពុងរងការប៉ះទង្គិចលើគ្រប់វិស័យ ហើយប្រជាជនជាងមួយរយលាននាក់បានឆ្លង និងរាប់លាននាក់ត្រូវបានបាត់បង់ជីវិត។ ទន្ទឹមនេះ កំណើនសេដ្ឋកិច្ចសកលក៏ធ្លាក់ចុះក្នុងអត្រាអវិជ្ជមានដែលមិនធ្លាប់មាន បន្ទាប់ពីវិបត្តិហិរញ្ញវត្ថុសកល…

ដកស្រង់ប្រសាសន៍ជាសារសំឡេងស្ដីពីការជូនដំណើរសម្ដេចតេជោឡើងយន្តហោះទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នៅថ្ងៃទី ២៤ នេះ

សម្តេច ឯកឧត្តម លោកជំទាវ​ ដែលជាឧបនាយករដ្ឋមន្រ្តី ក៏ដូចជាសមាជិករាជរដ្ឋាភិបាលបានជ្រាបដោយសារតែបញ្ហាកូវីដ-១៩ ក៏ដូចជាយើងកំពុងបិទទីក្រុងភ្នំពេញផង។​ ការចេញដំណើររបស់ខ្ញុំលើកនេះចេញទៅក្រៅប្រទេសពុំមានការចាំបាច់ដើម្បីនឹងជូនដំណើរពីសម្តេច ឯកឧត្តម​ លោកជំទាវ ដែលជាឧបនាយករដ្ឋមន្រ្តីដូចពេលមុននោះទេ។ ខ្ញុំឲ្យពិធីការជូនដំណឹងទៅសម្តេច ឯកឧត្តម លោកជំទាវ ហើយខ្ញុំក៏ចង់ជម្រាបបន្ថែមថា ហេតុផលគឺងាយយល់គឺថាយើងកំពុងបិទទីក្រុងទី​ ១។ ទី ២ បញ្ហាកូវីដ-១៩ គឺជាបញ្ហាសំខាន់នៅត្រង់ថា ខ្ញុំធ្វើដំណើរទៅគឺត្រឡប់មកវិញគឺត្រូវធ្វើចត្តាឡីស័ក។​ អញ្ចឹងប្រសិនបើសម្តេច ឯកឧត្តម​ លោកជំទាវ ទៅទទួលខ្ញុំក៏អាចនឹងធ្វើចត្តាឡីស័កដូចគ្នា ដូច្នេះធ្វើឲ្យកម្លាំងដឹកនាំនៅតាមស្ថាប័នរាជរដ្ឋាភិបាល នឹងជួបការលំបាកកាន់តែខ្លាំង។ អញ្ចឹងទេខ្ញុំទៅពេលព្រឹក ហើយយប់តាមអ្វីដែលជាព័ត៌មាននៃការប្រជុំអាចនឹងយប់បន្តិចខ្ទង់រំលងម៉ោង ៩​យប់ គឺខ្ញុំនឹងត្រឡប់មកដល់ប្រទេសវិញ ហើយពេលមកដល់ប្រទេសគឺពុំមានការធ្វើសន្និសីទកាសែតដូចកាលពីពេលមុនដោយឯកឧត្តម កៅ គឹមហួន នោះទេ គឺពុំមានការធ្វើសន្និសីទសារព័ត៌មាននោះទេប៉ុន្តែជំនួសវិញដោយការយកសំណាកដើម្បីធ្វើតេស្តរកកូវីដ-១៩ ទៅវិញទេ។ ដូច្នេះហើយបានជាខ្ញុំស្នើដូរទម្រង់នៃការចាកចេញរបស់ខ្ញុំដោយគ្មានអ្នកជូន និងអ្នកទទួលដំណើរ ហើយការវិលត្រឡប់របស់ខ្ញុំ និងគណៈប្រតិភូក៏មិនចាំបាច់មានអ្នកជូនដំណើរ។ ដោយឡែកសម្រាប់ខាងផ្នែកពិធីការ ឬក៏អ្នកសារព័ត៌មានក៏ត្រូវនៅឲ្យឆ្ងាយៗដើម្បីចៀសវាងនូវបញ្ហាការជាប់ធ្វើចត្តាឡីស័ក ហើយការប្រើប្រាស់សំលៀកបំពាក់ ការថែទាំអនាម័យ ក៏ត្រូវតែបានធ្វើគ្រប់មនុស្សទាំងអស់ បើទោះបីថាជាគណៈប្រតិភូជាន់ខ្ពស់ទាំងមានរបៀបការពារខ្លួនក៏ដោយ ក៏ប៉ុន្តែយើងមិនប្រាកដថា ការការពារខ្លួនរបស់យើងអាចរួចផុតអំពីកូវីដ-១៩ ដែលយើងមើលមិនឃើញនោះទេ។ ដូច្នេះសុំសម្តេច ឯកឧត្តម​ លោកជំទាវ ជាឧបនាយករដ្ឋមន្រ្តីធ្លាប់ជូនដំណើរហើយជាទេសរដ្ឋមន្រ្តី ឬរដ្ឋមន្រ្តីមួយចំនួនធ្លាប់ជូនដំណើរគឺផ្អាកការជូនចុះ។…

ចាក់ដូសទី ២ មុនកំណត់ ដើម្បីចូលរួមប្រជុំកំពូលអាស៊ាននៅថ្ងៃ ២៤ មេសា នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី

ដោយភារកិច្ចខានមិនបានក្នុងការចូលរួមប្រជុំអាស៊ាននាថ្ងៃទី ២៤ មេសា ២០២១ ខាងមុខនៅរដ្ឋធានីហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី។ កិច្ចការដែលខ្ញុំត្រូវធ្វើដើម្បីការពារការឆ្លងកូវីដ-១៩ ស្របតាមវិធានការសុខាភិបាល ដំបូងខ្ញុំត្រូវចាក់វ៉ាក់សាំងដូសទី ២ នៅថ្ងៃទី ២០ មេសា ២០២១ ដែលមុននោះគ្រោងចាក់នៅថ្ងៃទី ២៩ មេសា ២០២១។ ថ្ងៃទី ២៣ មេសា ២០២១ ត្រូវយកសំណាកពិនិត្យដើម្បីទទួលលិខិតបញ្ជាក់សម្រាប់ឲ្យអាជ្ញាធរសុខាភិបាលឥណ្ឌូណេស៊ី។ ព្រឹកថ្ងៃទី ២៤ មេសា ២០២១ ចេញដំណើរទៅហ្សាកាតា។ ពេលទៅដល់ត្រូវយកសំណាកពិនិត្យម្តងទៀត។ ពេលរសៀលការប្រជុំចាប់ផ្តើម ពេលចប់មិនថាថ្ងៃឬយប់ខ្ញុំត្រូវត្រឡប់មកវិញ។ ពេលមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ខ្ញុំត្រូវយកសំណាកពិនិត្យម្តងទៀត។ មកដល់ផ្ទះខ្ញុំត្រូវធ្វើចត្តាឡីស័ក ១៤ ថ្ងៃជាមួយនឹងការពិនិត្យសំណាក ២ ទៅ ៣ ដងទៀត។ ដើម្បីធានាសុវត្ថិភាពសម្រាប់ភរិយា កូន និងចៅ ខ្ញុំត្រូវឲ្យភរិយាខ្ញុំនាំកូន និងចៅ ទៅសម្រាកនៅទីកន្លែងផ្សេង។ សមាជិកប្រតិភូដែលធ្វើដំណើរជាមួយខ្ញុំ ត្រូវយកសំណាក និងធ្វើចត្តាឡីស័ក ១៤ ថ្ងៃដូចគ្នា។ មានអ្នកឲ្យយោបល់ខ្ញុំថា ដោយសារខ្ញុំចាក់វ៉ាក់សាំងរួចហើយ ខ្ញុំគួរធ្វើចត្តាឡីស័ក ៧…