- ចៅស៊ុលតង់ ហាជី ហាសាណាល់ ប៊ុលគីយ៉ា (Sultan Haji Hassanal Bolkiah), ប្រធានអង្គប្រជុំ;
- ឯកឧត្តម គីស៊ីដា ហ្វូមីអូ (Kishida Fumio), នាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន;
- ឯកឧត្តម, លោកជំទាវ, ថ្នាក់ដឹកនាំនៃបណ្តាប្រទេសអាស៊ាន;
- ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី !
ជាកិច្ចចាប់ផ្តើម, ខ្ញុំសូមសម្តែងនូវការស្វាគមន៍ដ៏កក់ក្តៅជូនចំពោះ ឯកឧត្តម គីស៊ីដា ហ្វូមីអូ (Kishida Fumio) នាយករដ្ឋមន្ត្រីជប៉ុន ក្នុង កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី ២៤។ ស្ថិតក្នុងឱកាសដ៏ថ្លៃថ្លានេះ, ខ្ញុំសូមធ្វើការវាយតម្លៃខ្ពស់ ចំពោះភាពរីកចម្រើននៃទំនាក់ទំនងជាដៃគូយុទ្ធសាស្រ្តរបស់យើង នៅក្នុងរយៈពេល ៤៨ ឆ្នាំ កន្លងមក និងសូមចូលរួមចែករំលែកនូវទស្សនាទានមួយចំនួន ដើម្បីពង្រឹងកិច្ចសហប្រត្តិ-បត្តិការ និងទិសដៅទៅអនាគតរវាងអាស៊ាន-ជប៉ុន ដូចខាងក្រោម៖
ទី១. ការគាំទ្រយ៉ាងមុតមាំរបស់ជប៉ុនទៅលើកិច្ចខំប្រឹងប្រែងរបស់បណ្តាប្រទេសអាស៊ាន នៅក្នុងការ-ប្រយុទ្ធនឹងជំងឺកូវីដ-១៩ គឺជាសក្ខីភាពនៃភាពរឹងមាំ និងភាពធន់នៃភាពជាដៃគូយុទ្ធសាស្រ្តអាស៊ាន-ជប៉ុន ទោះ បីជាស្ថិតក្នុងកាលៈទេសៈដ៏លំបាកយ៉ាងណាក៏ដោយ។ ក្នុងន័យនេះ, កម្ពុជាសូមអរគុណជប៉ុន ចំពោះការចូលរួមចំណែកជាថវិកាចំនួន ៥០ លានដុល្លារអាមេរិក សម្រាប់បង្កើត «មជ្ឈមណ្ឌលអាស៊ានសម្រាប់គ្រោះអាសន្ន សុខភាពសាធារណៈ និងជំងឺកើតថ្មី»។ លើសពីនេះទៀត, ខ្ញុំសូមលើកទឹកចិត្តដល់ជប៉ុនក្នុងការបន្តគាំទ្រដល់គំនិតផ្តួចផ្តើមសំខាន់ៗដទៃទៀត ដែលមានដូចជា ស្តុកបម្រុងបរិក្ខារពេទ្យសម្រាប់គ្រោះអាសន្នសុខភាពសាធារណៈក្នុងតំបន់អាស៊ាន និងក្របខណ្ឌស្តារឡើងវិញគ្រប់ជ្រុងជ្រោយរបស់អាស៊ាន ដើម្បីកសាងភាពធន់សង្គម-សេដ្ឋកិច្ចក្នុងតំបន់ ក្នុងការរស់នៅជាមួយជំងឺកូវីដ-១៩។ ក្នុងក្របខណ្ឌទ្វេភាគី កម្ពុជាសូមថ្លែងអំណរគុណដល់ជប៉ុន ដែលបានផ្តល់ជូនកម្ពុជានូវវ៉ាក់សំាងបង្ការជំងឺកូវីដ-១៩, សម្ភារបរិក្ខារពេទ្យ និងរថយន្តសង្គ្រោះបន្ទាន់ ព្រមទាំងហិរញ្ញប្បទានគាំទ្រដល់ការស្តារ និងជំរុញកំណើនសង្គម-សេដ្ឋកិច្ចឡើងវិញ។
ទី២. សមាហរណកម្មនៅក្នុងតំបន់ គឺជាសមាសភាពដែលមិនអាចខ្វះបាន នៅក្នុងការងើបឡើងវិញរបស់តំបន់ ប្រកបដោយចីរភាព និងបរិយាប័ន្ន។ ហេតុនេះ, ខ្ញុំសូមលើកទឹកចិត្តដល់ជប៉ុនបន្តជំរុញការផ្សារភ្ជាប់ និងការបន្ស៊ីគ្នា រវាង ផែនការមេស្តីពីការតភ្ជាប់អាស៊ាន (MPAC) ២០២៥ និងភាពជាដៃគូទូលំទូលាយសម្រាប់ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាព។ ខ្ញុំក៏សូមស្នើឱ្យជប៉ុន បន្តគាំទ្រដល់ការអនុវត្តផែនការសកម្មភាពដទៃទៀត ជាពិសេស ផែនការសកម្មភាពនៃគំនិតផ្តួចផ្តើមសមាហរណកម្មអាស៊ានទី ៤ ឆ្នាំ ២០២១-២០២៥ ដើម្បីកាត់បន្ថយគម្លាតនៃការអភិវឌ្ឍក្នុងតំបន់អាស៊ាន ដែលស្របជាមួយ ចក្ខុវិស័យសហគមន៍អាស៊ាន ២០២៥ និងរបៀបវារៈអង្គការសហប្រជាជាតិឆ្នាំ ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។
ទី៣. កម្ពុជាសូមវាយតម្លៃខ្ពស់ចំពោះកិច្ចខំប្រឹងប្រែងរបស់ជប៉ុន ក្នុងការជំរុញការកសាង និងការអភិវឌ្ឍនៅក្នុងបណ្តាប្រទេសអាស៊ាន សំដៅឆ្ពោះទៅរកគោលដៅរួម គឺ ការរីកចម្រើនប្រកបដោយចីរភាព, បរិយាប័ន្ន និងសមធម៌ នាយុគសម័យថ្មីនេះ។ ក្នុងនាមជាប្រធានអាស៊ានសម្រាប់ឆ្នាំ ២០២២, កម្ពុជានឹងបន្តថែរក្សា និងបង្កើនចំណងមិត្តភាពនៃទំនាក់ទំនងអាស៊ាន-ជប៉ុនដ៏រឹងមាំនេះ ឱ្យកាន់តែជិតស្និទ្ធ និងគង់វង្សយូរអង្វែង។ ក្នុងន័យនេះ, កម្ពុជាសូមគាំទ្រសំណើរៀបចំ កិច្ចប្រជុំកំពូលពិសេសដើម្បីប្រារព្ធខួបអនុស្សាវរីយ៍លើកទី ៥០ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ជប៉ុន នៅឆ្នាំ ២០២៣ នៅជប៉ុន។
សូមអរគុណ!