- ព្រះចៅស៊ុលតង់ ហាជី ហាសាណាល់ ប៊ុលគីយ៉ា (Sultan Haji Hassanal Bolkiah),
ប្រធានអង្គប្រជុំ; - ឯកឧត្តម មូន ចេ-អ៊ីន (Moon Jae-in) ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ;
- ឯកឧត្តមថ្នាក់ដឹកនាំនៃបណ្តាប្រទេសអាស៊ាន;
- ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី !
ខ្ញុំពិតជាមានសេចក្តីរីករាយ ដោយបានចូលរួមក្នុង កិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េ លើកទី ២២ និងសូមស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះឯកឧត្តម មូន ចេ-អ៊ីន ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ។
ទោះបីជាការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ព្រមជាមួយនឹងនិន្នានាការសកលថ្មីៗ បាននិងកំពុងជំរុញឱ្យមានគម្លាតសង្គម និងជាតិសាសន៍ក៏ដោយ, អាស៊ាន-សាធារណរដ្ឋកូរ៉េ នៅតែអាចរក្សាបាននូវចំណងមិត្តភាពស្អិតរមួត និងកិច្ចសហប្រតិបត្តិការ ប្រកបដោយផ្លែផ្កា។ ក្នុងស្មារតីនេះ, កម្ពុជាសូមគាំទ្រ យុទ្ធសាស្ត្រគោលនយោបាយភាគខាងត្បូងថ្មីបូក ដែលផ្តោតលើកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗចំនួន ៧ ស្របតាមយុទ្ធសាស្ត្រ និងគំនិតផ្តួចផ្តើមសំខាន់ៗរបស់អាស៊ាន និងសូមស្វាគមន៍ការអនុម័ត សេចក្តីថ្លែងការណ៍រួមស្តីពីការជំរុញកិច្ចសហប្រតិបត្តិការអាស៊ាន-សាធារណរដ្ឋកូរ៉េ។
កម្ពុជាក៏សូមស្វាគមន៍គំនិតផ្តួចផ្តើមរបស់ ឯកឧត្តមប្រធានាធិបតី មូន ចេ-អ៊ីន ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការវិស័យសុខភាពសាធារណៈ ជាពិសេស ការប្រយុទ្ធនឹងជំងឺកូវីដ-១៩ តាមរយៈការអនុវត្តយន្តការ កិច្ចសន្ទនាវិស័យសុខាភិបាលអាស៊ាន-សាធារណរដ្ឋកូរ៉េ។ ក្នុងនាមប្រជាជន និងរាជរដ្ឋាភិបាល
កម្ពុជា, ខ្ញុំសូមសម្តែងនូវអំណរគុណជូនចំពោះប្រជាជន និងរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ចំពោះជំនួយនានា ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩។
នៅក្នុងការជំរុញរំហូរពាណិជ្ជកម្ម-ការវិនិយោគរវាងអាស៊ាន-សាធារណរដ្ឋកូរ៉េ ក៏ដូចជាការស្តារកំណើនសេដ្ឋកិច្ចឡើងវិញ ប្រកបដោយបរិយាប័ន្ន, កម្ពុជាបានអនុម័តនូវពិធីសារទី ៣ នៃ ការធ្វើវិសោធនកម្មកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាន-កូរ៉េ (AKFTA) រួចហើយ និងសូមលើកទឹកចិត្តឱ្យសមាជិកអាស៊ានផ្សេងទៀត ពន្លឿននីតិវិធីផ្ទៃក្នុង ដើម្បីជំរុញការអនុវត្តពិធីសារនេះឱ្យបានឆាប់រហ័ស។ ជាមួយគ្នានេះផងដែរ, ខ្ញុំពិតជាមានសេចក្តីរីករាយ ដែល កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-សាធារណរដ្ឋកូរ៉េ (CKFTA) ត្រូវបានចុះហត្ថលេខារួចនាថ្ងៃនេះតែម្តង។ ខ្ញុំជឿជាក់យ៉ាងមុតមាំថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ នឹងក្លាយជាកម្លាំងចលករដ៏សំខាន់ ក្នុងការជំរុញរំហូរពាណិជ្ជកម្ម និងការវិនិយោគរវាងកម្ពុជា-សាធារណរដ្ឋកូរ៉េ។
កម្ពុជាសូមវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការបង្កើត មជ្ឈមណ្ឌលនវានុវត្តន៍ឧស្សាហកម្មអាស៊ាន–សាធារណរដ្ឋកូរ៉េ, មជ្ឈមណ្ឌលស្រាវជ្រាវរួមស្តីពីស្តង់ដារូបនីយកម្មអាស៊ាន–សាធារណរដ្ឋកូរ៉េ, ភាពជាដៃគូធុរកិច្ចថ្មី (Start-ups) អាស៊ាន-សាធារណរដ្ឋកូរ៉េ និងមជ្ឈមណ្ឌលសហប្រតិបត្តិការវិទ្យាសាស្ត្រ
និងបច្ចេកវិទ្យា។ កម្ពុជាយល់ឃើញថា ការបន្តពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតក្នុងវិស័យវិទ្យាសាស្ត្រ, បច្ចេកវិទ្យាឌីជីថល និងនវានុវត្តន៍ នឹងចូលរួមចំណែកយ៉ាងសំខាន់ ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចក្នុងតំបន់
អាស៊ានទាំងមូល។
ជាទីបញ្ចប់, កម្ពុជាសូមថ្លែងអំណរគុណដល់សាធារណរដ្ឋកូរ៉េ ដែលបានគាំទ្រសកម្មភាពរបស់ មជ្ឈ-មណ្ឌលសកម្មភាពមីនអាស៊ាន (ARMAC) តាមរយៈកម្មវិធីរយៈពេល ៣ ឆ្នាំ ស្តីពី «ការបង្កើនកម្មវិធីគាំទ្រជនរងគ្រោះក្នុងប្រទេសសមាជិកអាស៊ាន»។ កម្ពុជាក៏សូមស្នើឱ្យអាស៊ាន-សាធារណរដ្ឋកូរ៉េ បន្តជំរុញការអនុវត្តផែនការសកម្មភាពថ្មី ឆ្នាំ ២០២១-២០២៥ ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងលើកទឹកចិត្តឱ្យសាធារណរដ្ឋកូរ៉េបន្តគាំទ្រផែនការការងារទី ៤ នៃគំនិតផ្តួចផ្តើមសមាហរណកម្មអាស៊ាន។
សូមអរគុណ!