- ព្រះចៅស៊ុលតង់ ហាជី ហាសាណាល់ ប៊ុលគីយ៉ា (Sultan Haji Hassanal Bolkiah), ប្រធានអង្គប្រជុំ;
- ឯកឧត្តម ស្កុត ម៉ូរីសុន (Scott Morrison), នាយករដ្ឋមន្រ្តីអូស្ត្រាលី;
- ឯកឧត្តមថ្នាក់ដឹកនាំនៃបណ្តាប្រទេសអាស៊ាន;
- ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី !
ជាកិច្ចចាប់ផ្តើម, ខ្ញុំសម្ដែងនូវការស្វាគមន៍ដ៏កក់ក្ដៅ ចំពោះវត្តមាន ឯកឧត្តម ស្កុត ម៉ូរីសុន នាយករដ្ឋមន្រ្តីអូស្រ្តាលី ក្នុង កិច្ចប្រជុំកំពូលប្រចាំឆ្នាំអាស៊ាន-អូស្ត្រាលី លើកទី ១។
ជាការពិត ការរៀបចំ កិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី ប្រចាំឆ្នាំ គឺជាសក្ខីភាពមួយ ឆ្លុះបញ្ចាំងអំពីការប្តេជ្ញាចិត្តរួម និងការសម្រេចបាននូវសមិទ្ធផលដ៏ធំធេង ដែលអាចចាត់ទុកថា ជាការបើកនូវទំព័រប្រវត្តិសាស្រ្តថ្មីមួយ ក្នុងទំនាក់ទំនងនៃដៃគូយុទ្ធសាស្ត្ររវាងភាគីទាំងពីរ។ ជាមួយនឹងទំនាក់ទំនងល្អនេះ, កម្ពុជាសូមគាំទ្រ ការលើកកម្ពស់ទំនាក់ទំនងអាស៊ាន-អូស្ត្រាលី ឱ្យក្លាយជា ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ ទន្ទឹមនេះដែរ, កម្ពុជាសូមវាយតម្លៃខ្ពស់ចំពោះ គំនិតផ្តួចផ្តើមអូស្រ្តាលីសម្រាប់អនាគតអាស៊ាន ដើម្បីដោះស្រាយបញ្ហាប្រឈមនៅក្នុងសរសរស្តម្ភទាំងបីរបស់អាស៊ាន។
ពាក់ព័ន្ធនឹងវិបត្តិនៃជំងឺកូវីដ-១៩ កម្ពុជាសូមវាយតម្លៃខ្ពស់ ចំពោះការចូលរួមចំណែកដ៏សកម្មរបស់អូស្រ្តាលីក្នុងយុទ្ធនាការពហុភាគី ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងការស្តារ និងជំរុញកំណើនសេដ្ឋកិច្ចក្នុងតំបន់ ជាពិសេស ការដាក់ចេញនូវ ភាពជាដៃគូសម្រាប់យុទ្ធសាស្ត្រនៃការស្តារឡើងវិញ (Partnerships for Recovery Strategy) និងការកំណត់យកអាស៊ានជាដៃគូដ៏សំខាន់។
ក្នុងបរិបទនៃការរស់នៅជាមួយជំងឺកូវីដ-១៩, ការកសាងសហគមន៍អាស៊ានប្រកបដោយជវភាព, វិបុលភាព និងបរិយាប័ន្នពិតជាមានសារៈសំខាន់។ ក្នុងន័យនេះ, កម្ពុជាសូមលើកទឹកចិត្តឱ្យអូស្ត្រាលីបន្ត គាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់អាស៊ានក្នុងសកម្មភាពជំរុញសមាហរណកម្មតំបន់ ដូចជា ផែនការមេស្តីពីការតភ្ជាប់អាស៊ាន ឆ្នាំ ២០២៥ (MPAC 2025), និងផែនការសកម្មភាពនៃគំនិតផ្តួចផ្តើមសមាហរណកម្ម
អាស៊ាន (IAI) ដំណាក់កាលទី ៤។
កម្ពុជាក៏សូមស្នើឱ្យភាគីទាំងពីរ អនុវត្ត ផែនការសកម្មភាពអាស៊ាន-អូស្រ្តាលី ឆ្នាំ ២០២០-២០២៤ ឱ្យបានជោគជ័យ ព្រមទាំងបន្តដោះស្រាយបញ្ហាប្រឈមរួមនានា ដូចជា បញ្ហាសុខភាពសាធារណៈ, ការស្តារ និងជំរុញកំណើនសេដ្ឋកិច្ច និងការប្រែប្រួលអាកាសធាតុ ជាដើម។ ទន្ទឹមនេះ, កម្ពុជាសូមស្នើឱ្យអូស្រ្តាលីបន្តជួយពង្រឹងវិស័យអាទិភាពមួយចំនួន ដូចជា វិស័យបច្ចេកវិទ្យាឌីជីថល និងពាណិជ្ជកម្មអេឡិចត្រូនិក, សហគ្រាសធុនតូច និងមធ្យម និងវិស័យអប់រំ និងអភិវឌ្ឍធនធានមនុស្ស ជាពិសេស ការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈសម្រាប់ស្រ្តី និងពលករចំណាកស្រុក ដែលវិលត្រឡប់ពីក្រៅប្រទេស ដើម្បីឱ្យមានសមត្ថភាពស្វែងរកការងារថ្មី និងជីវភាពរស់នៅល្អប្រសើរ។
ជាទីបញ្ចប់, កិច្ចសហប្រតិបត្តិការលើរបៀបវារៈ «ស្ត្រី សន្តិភាព និងសន្តិសុខ (WPS) គួរត្រូវបានយកចិត្តទុកដាក់ និងពង្រឹងបន្ថែម ដែលជាជំហានដ៏ប្រសើរមួយ ក្នុងការទទួលស្គាល់តួនាទីរបស់ស្ត្រី នៅក្នុងការជំរុញសុខុមាលភាពសង្គម និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ ក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំ ២០២២, កម្ពុជានឹងបន្តជំរុញនូវរបៀបវារៈនេះ និងស្នើសុំនូវកិច្ចសហប្រតិបត្តិការ និងការជួយគាំទ្រពីអូស្ត្រាលី។
សូមអរគុណ !