ការដកស្រង់សេចក្តីអធិប្បាយ សម្តេចតេជោ ហ៊ុន សែន ក្នុង ពិធីចែកសញ្ញាបត្រនិស្សិត នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច

លើកទី ១៧ នៃការចូលរួមចែកសញ្ញាបត្រនៅសាកលវិទ្យាល័យ ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយដែលបានមកចូលរួមផ្ដល់សញ្ញាបត្រ សម្រាប់និស្សិតជ័យលាភី ចំនួន ៣.៥៧៩ នាក់ នៅក្នុងសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច។ ដូចមុនៗដែរ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយណាស់ ដែលបានចូលរួមនៅក្នុងពិធីនេះ ហើយនេះក៏ជាលើកទី ១៧ ចាប់ពីឆ្នាំ ១៩៩៦ មកដល់ពេលនេះ ដែលខ្ញុំព្រះករុណាខ្ញុំ បានចូលរួមចែកសញ្ញាបត្រ សម្រាប់ជ័យលាភី ដែលសិក្សានៅក្នុងសាកលវិទ្យាល័យនេះ តាំងពីធ្វើនៅទីតាំងសាកលវិទ្យាល័យ រហូតមកដល់កោះពេជ្រ​យើងនេះ។ សម្ដេចធ្លាប់ជាអ្នកឧទ្ទេសនាមនៅសាកលវិទ្យាល័យនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជានៅចងចាំថា សាលាក៏បានបើកអោយដំណើរការនៅក្នុងទសវត្សរ៍ ៨០ ហើយបើសិនជា ខ្ញុំព្រះករុណាខ្ញុំ មិនច្រឡំទេ ពេលនោះ ខ្ញុំព្រះករុណាខ្ញុំ បានទៅធ្វើជាអ្នកឧទ្ទេសនាម សម្រាប់សិក្ខា​កាម​រយៈ​ពេលខ្លី និងមធ្យមនៅទីនោះច្រើនដង។ ពិតមែនហើយ ខ្ញុំព្រះករុណាខ្ញុំ គ្មានតួនាទីជាសាស្រ្តាចារ្យ​កិត្តិ​យស​ដូចជាសាលាភូមិន្ទរដ្ឋបាលនោះទេ ក៏ប៉ុន្តែ ទីតាំងមួយនេះ ជាទីតាំងអនុស្សាវរីយ៍ ដែលជាការចាប់​ផ្ដើម​បណ្ដុះបណ្ដាលធនធានមនុស្ស ក្នុងការងារគ្រប់គ្រង ទាក់ទងជាមួយនឹងដំណើរការពេលនោះ ហើយ​​ភាគ​ច្រើន គឺខ្ញុំព្រះករុណាខ្ញុំ បានឧទ្ទេសនាមទាក់ទងនឹងវិធីសាស្រ្តគ្រប់គ្រង និងធ្វើការងារ ក៏ដូចជា​ទាក់​ទង​ជាមួយនឹងកិច្ចការបរទេស។ ប្រសិនបើសាលានេះមានតម្រូវការ…

សេចក្តីដកស្រង់ សង្កថា សម្តេចតេជោ ហ៊ុន សែន ក្នុងវេទិកា ស្តីពីការការពារ និងអភិរក្សធនធានធម្មជាតិ

ការជួបជុំ បង្ហាញពីការផ្លាស់​ប្ដូរ​​ឥរិយាបទ​មន្រ្តីរាជរដ្ឋាភិបាល ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលបានធ្វើការជួបជុំជាលើកដំបូង ជាមួយនឹងអ្នកពាក់ព័ន្ធ​ទាំង​អស់ ស្ដីពីការការពារបរិស្ថាន ឬអាចនិយាយទូលំទូលាយជាងនេះ គឺអ្នកដែលពាក់ព័ន្ធជាមួយនឹងការ​ការពារនូវធនធានធម្មជាតិ។ រយៈពេលកន្លងទៅនេះ យើងហាក់ដូចជាបានស្ថិតនៅឆ្ងាយពីគ្នាបន្តិច ​ក្នុង​ពេលដែលយើងមាន​គោលបំណងរួម តែសកម្មភាពមិនទាន់បានប្រមូលផ្ដុំ ដើម្បីឆ្ពោះ​ទៅ​រក​គោលដៅ​ដែល​យើង​មានរួមគ្នានោះទេ។ ដូច្នេះ ការជួបជុំថ្ងៃនេះ គឺបង្ហាញពីវឌ្ឍនភាពមួយ និងក៏បង្ហាញពីការផ្លាស់​ប្ដូរ​​ឥរិយាបទ​ដ៏សំខាន់មួយរបស់មន្រ្តីរាជរដ្ឋាភិបាល។ ខ្ញុំព្រះករុណាខ្ញុំ ចង់យកឱកាសនេះ ជាជំហាន​ដំ​បូង​នេះ ថ្លែងនូវអំណរព្រះគុណ អរគុណជាមួយតួអង្គពាក់​ព័ន្ធទាំងអស់ ដែលបានចូលរួមការពារធនធាន​ធម្ម​ជាតិ ការពារបរិស្ថាននៅក្នុងព្រះរាជាណាចក្រកម្ពុជា​របស់យើង។ ពិតមែនតែយើងមិនទាន់បានធ្វើសកម្មភាពរួម ដែលនាំទៅដល់ប្រសិទ្ធិភាពខ្ពស់ជាងមុន ក៏យើង​បានខិត​ខំ​ធ្វើសកម្មភាព ទោះបីដាច់ដោយឡែកពីគ្នា ដើម្បីរួមចំណែកធ្វើ​អោយយើងរក្សាបាននូវស្ថានភាពមួយ​ដែល​នៅ​ស្រោចស្រង់បាន។ ប៉ុន្តែ ការស្រោចស្រង់បានរបស់យើងនេះ បើយើងមិនមានយន្តការទប់ស្កាត់​អោយ​បានហ្មត់ចត់ តាមរយៈនៃការចូលរួមនៃកម្លាំងទាំងអស់នោះទេ ខ្ញុំព្រះករុណាខ្ញុំ​ យល់ថា យើងនឹងលំ​បាក។ វាហាក់ដូចជាយើងអង្គុយបក់ផ្សែង យើងមិនបានពន្លត់ភ្លើងនោះ​ទេ។ … យើងត្រូវចាប់សេះ​ដាក់​ក្នុង​ក្រោលនៅមុនពេលដែលសេះចេញផុតពីក្រោល។ កន្លងទៅ សេះបានចេញផុតពី​ក្រោល​មួយ​ចំ​នួន​ទៅ​ហើយ។ យើងប្រមូលបានត្រឡប់​មកវិញ។ តែបើសិនជាយើងគ្មានយន្តការគ្រប់គ្រាន់ និងការចូលរួម​នៃតួ​អង្គ​ពាក់ព័ន្ធទាំងអស់ទេ ខ្ញុំព្រះករុណា​ខ្ញុំ ជឿថា វាមិនជាយូរប៉ុន្មានទេ សេះវានឹងទំលាយក្រោលចេញ​តទៅ​ទៀត។ ការបង្ក្រាបតែមួយ វាមិនគ្រប់​ទេ ហើយយន្តការរបស់រដ្ឋក៏មិនគ្រប់គ្រាន់ដែរ។ ការចូលរួមនៃតួអង្គ​ពាក់​ព័ន្ធ​ទាំងអស់…

សេចក្តីដកស្រង់ប្រសាសន៍ក្នុងសង្កថា ពិធីចែកសញ្ញាបត្រដល់និស្សិត នៃវិទ្យាស្ថាន វ៉ាន់ដា

វឌ្ឍនភាពនៃវិទ្យាស្ថាន វ៉ាន់ដា ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី នាងកញ្ញា ថ្ងៃនេះ ខ្ញុំរីករាយដែលបានមកចូលរួមសាជាថ្មីម្តងទៀត ដើម្បីប្រគល់សញ្ញាបត្រជូនចំពោះនិស្សិត នៃវិទ្យា​ស្ថាន​វ៉ាន់ដា ចំនួន ៤.១៧៤ នាក់ ដែលមានថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់។ ក្នុង​នាមរាជ​រដ្ឋាភិបាល ខ្ញុំសូមយកឱកាសនេះ ដើម្បីសម្តែងជូននូវការវាយតម្លៃខ្ពស់ ចំពោះវឌ្ឍនភាព​ដែល​វិទ្យា​ស្ថានវ៉ាន់ដា ទទួលបានក្នុងរយៈពេលកន្លងទៅ ទាក់ទងនឹងការបណ្តុះបណ្តាល​ធនធាន​មនុស្ស ដែលជា​ផ្នែក​ដ៏​សំខាន់នៅក្នុងកាអភិវឌ្ឍប្រទេសជាតិរបស់យើង។ តាមរយៈនៃវិទ្យាស្ថាននេះ យើង​បានទទួល​រួច​មក​ហើយ នូវនិស្សិតដែលបានបញ្ចប់ការសិក្សានៅក្នុងវិទ្យាស្ថាននេះ ហើយក៏កំពុងមាន​និស្សិតមួយ​ចំនួន​ផ្សេង​ទៀត ជាង ៧.០០០ នាក់ផ្សេងទៀត ដែលកំពុងសិក្សានៅក្នុងវិទ្យាស្ថាននេះ។ ការរីក​ចម្រើនជា​បន្ត​បន្ទាប់​បានផ្តល់ឱកាស​ឲ្យវិទ្យាស្ថានបានពង្រីកខ្លួន ពីដំណាក់កាលមួយទៅដំណាក់​កាល​មួយ ដែល​មុន​នោះ គ្រាន់តែហៅថា វិទ្យា​ស្ថាន​វ៉ាន់ដាគណនេយ្យ តែឥឡូវបានឈានទៅដល់​ដំណាក់កាល​នៃវិទ្យា​ស្ថាន​មួយ ដែលមានមហាវិទ្យាល័យ​ច្រើននៅក្នុងនោះ។ ខ្ញុំសូមថ្លែងនូវការកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ ក៏ដូចជា​សាស្រ្តា​ចារ្យ​​នៃវិទ្យាស្ថាន ដែលបានប្រឹងប្រែងចូលរួមចំណែកនៅក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ហើយក៏​សូមយក​ឱកាស​នេះ ថ្លែងនូវការអំណរគុណ ដែលបានចូលរួមចំណែកនៅក្នុងការផ្តល់​អាហារូបករណ៍​សម្រាប់ខ្ញុំ ផ្តល់​ដល់​និស្សិតដទៃទៀត ដែលមានចំនួនដល់ទៅ ៤៤៤ នាក់។ ចំនួននេះ គឺជា​ចំនួនដែលខ្ញុំ​បានផ្តល់​សម្រាប់​និស្សិតដទៃទៀត ដែលមានការខ្វះខាតក្នុងរយៈពេលកន្លងទៅ ហើយ​នៅថ្ងៃនេះ ក៏អាចមាននិស្សិត​មួយ​ចំនួន ដែលទទួលអាហារូបករណ៍​​នោះ…