លើកទី ១៧ នៃការចូលរួមចែកសញ្ញាបត្រនៅសាកលវិទ្យាល័យ
ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយដែលបានមកចូលរួមផ្ដល់សញ្ញាបត្រ សម្រាប់និស្សិតជ័យលាភី ចំនួន ៣.៥៧៩ នាក់ នៅក្នុងសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច។ ដូចមុនៗដែរ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយណាស់ ដែលបានចូលរួមនៅក្នុងពិធីនេះ ហើយនេះក៏ជាលើកទី ១៧ ចាប់ពីឆ្នាំ ១៩៩៦ មកដល់ពេលនេះ ដែលខ្ញុំព្រះករុណាខ្ញុំ បានចូលរួមចែកសញ្ញាបត្រ សម្រាប់ជ័យលាភី ដែលសិក្សានៅក្នុងសាកលវិទ្យាល័យនេះ តាំងពីធ្វើនៅទីតាំងសាកលវិទ្យាល័យ រហូតមកដល់កោះពេជ្រយើងនេះ។
សម្ដេចធ្លាប់ជាអ្នកឧទ្ទេសនាមនៅសាកលវិទ្យាល័យនេះ
ខ្ញុំព្រះករុណាខ្ញុំ ពិតជានៅចងចាំថា សាលាក៏បានបើកអោយដំណើរការនៅក្នុងទសវត្សរ៍ ៨០ ហើយបើសិនជា ខ្ញុំព្រះករុណាខ្ញុំ មិនច្រឡំទេ ពេលនោះ ខ្ញុំព្រះករុណាខ្ញុំ បានទៅធ្វើជាអ្នកឧទ្ទេសនាម សម្រាប់សិក្ខាកាមរយៈពេលខ្លី និងមធ្យមនៅទីនោះច្រើនដង។ ពិតមែនហើយ ខ្ញុំព្រះករុណាខ្ញុំ គ្មានតួនាទីជាសាស្រ្តាចារ្យកិត្តិយសដូចជាសាលាភូមិន្ទរដ្ឋបាលនោះទេ ក៏ប៉ុន្តែ ទីតាំងមួយនេះ ជាទីតាំងអនុស្សាវរីយ៍ ដែលជាការចាប់ផ្ដើមបណ្ដុះបណ្ដាលធនធានមនុស្ស ក្នុងការងារគ្រប់គ្រង ទាក់ទងជាមួយនឹងដំណើរការពេលនោះ ហើយភាគច្រើន គឺខ្ញុំព្រះករុណាខ្ញុំ បានឧទ្ទេសនាមទាក់ទងនឹងវិធីសាស្រ្តគ្រប់គ្រង និងធ្វើការងារ ក៏ដូចជាទាក់ទងជាមួយនឹងកិច្ចការបរទេស។ ប្រសិនបើសាលានេះមានតម្រូវការ ខ្ញុំព្រះករុណាខ្ញុំ គិតថា ចង់ស៊ីឈ្នូលបង្រៀនតាមម៉ោង។ ប្រសិនបើនិស្សិតយើងថា មានការចាំបាច់អាចជួលសាស្រ្តាចារ្យឈ្មោះថា តេជោ សែន ទៅឧទ្ទេសនាមបាន។
កេរ្តិ៍ឈ្នោះសាកលវិទ្យាល័យ
នៅទីនេះ និស្សិតទាំងឡាយដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ ក៏ដូចជា សាស្រ្តាចារ្យ ដែលបង្រៀននៅទីនេះ អាចនឹងសង្កេតឃើញថា មានអតីតនិស្សិតដែលរៀននៅសាលានេះកាលពីមុន កំពុងបំពេញតួនាទីជាឧបនាយករដ្ឋមន្រ្តី ជាទេសរដ្ឋមន្រ្តី និងជារដ្ឋមន្រ្តី រដ្ឋលេខាធិការមួយចំនួនផងដែរ។ ហើយក្នុងហ្នឹងតួយ៉ាង ដូចជា ឯកឧត្តម ប៊ិន ឈិន ចម ប្រសិទ្ធិ សុទ្ធតែជាអ្នកដែលធ្លាប់សិក្សានៅសាលានេះ។ ដូចនេះ កេរ្តិ៍ឈ្មោះរបស់សាលា បានបន្សល់ទុកសម្រាប់ការធ្វើនិរន្តរភាព នៃកិច្ចដំណើការក្នុងដំណាក់កាលថ្មីរបស់យើង។ សាលាមួយនេះ គឺបានស្លាប់នៅក្នុងដំណាក់កាល ប៉ុល ពត ប៉ុន្តែ វាក៏ចាប់ផ្ដើមរស់ឡើងវិញបន្ដិចម្ដងៗ ពីការចាប់ផ្ដើម បើកអោយដំណើរការក្នុងរយៈពេលខ្លី និងមធ្យម តាមរយៈការអញ្ជើញអោយមកទទួលការបណ្ដុះបណ្ដាលនៅក្នុងសាលានេះ ដែល ខ្ញុំព្រះករុណាខ្ញុំ ចាំថា កាលពីពេលនោះ យើងមានការឧទ្ទេសនាមដោយថ្នាក់ខ្ពស់ៗ ដែលចុះទៅឧទ្ទេសនាមនៅសាលានេះផងដែរ។
គោលនយោបាយរាជរដ្ឋាភិបាល ផ្តល់ឱកាសអោយវិស័យឯកជន ចូលរួមបណ្តុះបណ្តាលធនធានមនុស្ស
ការវិវឌ្ឍមកដល់ដំណាក់នេះ ដូចដែល ឯកឧត្តម ពិត ចំណាន បានធ្វើរបាយការណ៍អម្បាញ់មិញ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានមោទនភាព ជាមួយនឹងការរីកលូតលាស់នៃសាលានេះ។ វាមិនគ្រាន់តែដំណើរការធម្មតានោះទេ ក៏ប៉ុន្តែគោលនយោបាយអភិវឌ្ឍន៍ ដែលផ្ដល់អោយវិស័យឯកជនចូលរួម។ ក្នុងវិស័យឯកជនចូលរួមនេះ មានវិស័យឯកជន ដែលបានកសាងនូវសាកលវិទ្យាល័យ ហើយក៏ត្រូវបានអនុញ្ញាតអោយសិស្សរៀនបង់ថ្លៃ ប៉ុន្តែ វិស័យឯកជនចូលរួមមួយទៀត គឺសាលារបស់រដ្ឋដែលចែកមួយផ្នែក ដើម្បីអោយសាកលវិទ្យាល័យរបស់រដ្ឋនោះយកទៅប្រើប្រាស់ ដើម្បីការសិក្សាបង់ថ្លៃរបស់និស្សិត។ ការសិក្សាបង់ថ្លៃនោះហើយ គឺជាផ្នែកនៃការចូលរួមរបស់វិស័យឯកជន នៅក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស។
ខួបលើកទី ៣០ នៃការប្រកាសចេញនូវអាទិភាព ៤
ឆ្នាំនេះ គឺជាឆ្នាំខួបលើកទី ៣០ នៃថ្ងៃដែល ខ្ញុំព្រះករុណាខ្ញុំ បានប្រកាសចេញនូវអាទិភាព ៤ គឺទឹក ផ្លូវ ភ្លើង មនុស្ស។ (កាលពីពេល)ពេលនោះ ជាដំណាក់កាលមួយដែល ខ្ញុំព្រះករុណាខ្ញុំ គួរតែបញ្ជាក់ថា វាមិនមែនជាការគាប់ជួនទេ វាមិនមែនជាការចៃដន្យទេ ដែលយើងបានដាក់ចេញនូវចក្ខុវិស័យមួយ អំពីអាទិភាពដែលត្រូវយកចិត្តទុកដាក់ទៅលើការវិនិយោគ។ បើគិតពីឆ្នាំ ១៩៨៧ មកដល់ពេលនេះ គឺមានរយៈពេល ៣០ ឆ្នាំហើយ។ ចក្ខុវិស័យស្ដីអំពីបញ្ហា ទឹក ផ្លូវ ភ្លើង មនុស្ស គឺនៅតែត្រឹមត្រូវ ហើយអាចត្រឹមត្រូវរហូត ៣០ ឆ្នាំ ឬ ៥០ ឆ្នាំទៅខាងមុខទៀត ប៉ុន្តែ នៅក្នុងដំណាក់កាលចុងក្រោយនេះ ក្នុងក្របខណ្ឌយុទ្ធសាស្រ្តចតុកោណ យើងគ្រាន់តែធ្វើការប្ដូរមុំតែប៉ុណ្ណោះ ដោយដាក់ចេញនូវលំដាប់មុំអាទិភាព គឺធនធានមនុស្ស ទឹក ផ្លូវ និងភ្លើង ទៅវិញ។ មិនមែនជាការពើបប្រទះ ហើយធ្វើការសន្យា ពើបប្រទះធ្វើការស្រែក(នោះទេ) ប៉ុន្តែ នេះជាក្របខណ្ឌចក្ខុវិស័យ និងយុទ្ធសាស្រ្តរបស់រដ្ឋាភិបាលជាន់នោះ ហើយបន្តដល់ដំណាក់កាលរាជរដ្ឋាភិបាលជាន់នេះ។
ខួបលើកទី ៣០ នៃការចូលចរចាដោះស្រាយនយោបាយ សីហនុ ហ៊ុន សែន
ហើយក៏មិនមែនជាការចៃដន្យដែរ ដែល ៣០ ឆ្នាំមុននេះ រដ្ឋាភិបាលជាន់នោះបានធ្វើការខិតខំយ៉ាងច្រើន ដើម្បីឈានឆ្ពោះទៅដល់ដំណាក់កាលទៅរកដំណាក់កាលថ្មី។ មានន័យថាម៉េច? នេះជាខួបទី ៣០ ឆ្នាំ នៃការចរចា ដើម្បីរកដំណោះស្រាយនយោបាយ សីហនុ ហ៊ុន សែន ២ ធ្នូ ១៩៨៧/២០១៧។ ជារយៈពេល៣០ ឆ្នាំ ដែលមាននិស្សិតយើងមួយចំនួន មិនទាន់ទាំងកើតផង។ ប៉ុន្តែ ថ្នាក់ដឹកនាំ និងសាស្រ្តាចារ្យមួយចំនួនអាចយល់បានអំពីបញ្ហានេះ។
យើងមិនមែនធ្វើដោយប្រថុយប្រថានទេ មិនមែនជាបញ្ហាងាយស្រួលទេ។ ជីវិតរបស់ ខ្ញុំព្រះករុណាខ្ញុំ អាចមានរហូតមកដល់ពេលនេះ គឺឆ្លងកាត់នូវឧបសគ្គច្រើន មិនមែនគ្រាន់តែបញ្ហាគ្រាប់កាំភ្លើង ដែលត្រូវគេបាញ់នោះទេ ក៏ប៉ុន្តែ គ្រាប់កាំភ្លើងដែលចេញមកពីការមិនយល់ អំពីអ្វីទៅដែលហៅថា ការកែទម្រង់នយោបាយ ការកែទម្រង់សេដ្ឋកិច្ច និងផ្នែកពាក់ព័ន្ធដទៃទៀត គឺជារឿងពិបាកណាស់។ ចាត់ទុកថាវាជាភ័ព្វសំណាងមួយ ក្នុងចំណោមភ័ព្វសំណាងដែល ខ្ញុំព្រះករុណាខ្ញុំ អាចឆ្លងកាត់នូវការលំបាកទាំងនេះ។ ពេលនោះ គឺមានតែពាក្យវ៉ៃគ្នាតែមួយគត់ គឺវ៉ៃៗ វ៉ៃងាប់ វ៉ៃរស់ ក្នុងពេលដែលនាយករដ្ឋមន្រ្តី ចាប់ផ្ដើមផ្ដួចផ្ដើមគំនិតធ្វើការចរចា។
អញ្ចឹង សូម្បីតែក្នុងជួរកម្លាំងប្រដាប់អាវុធនៅពេលនោះ បាននិយាយពាក្យចេញមកថា ប្រសិនបើធ្វើការចរចា គឺស្មើនឹងបំបាត់ចោលនូវសមិទ្ធផលសង្គមជាតិកាលពីពេលនោះ។ គិតតែពីវ៉ៃ ព្រោះកើតឡើងឃើញតែសង្រ្គាម។ សង្រ្គាម គឺមានតែវ៉ៃគ្នា អត់មានចរចា ប៉ុន្តែ សម្រាប់ទស្សនៈរបស់ ខ្ញុំព្រះករុណាខ្ញុំ គិតថា ការប្រើប្រាស់សង្រ្គាម ដើម្បីបញ្ចប់សង្រ្គាម វាមិនអាចធ្វើទៅរួចទេ ហើយលើការជាក់ស្ដែង ប្រទេសក្នុងតំបន់របស់យើង ដែលមកដល់ពេលនេះ ប្រតិបត្តិការមួយចំនួននៅលើកោះមិនដាណាវ (Mindanao Island) របស់ហ្វីលីពីន និងប្រតិបត្តិការបទឈប់បាញ់ ដែលមិនទាន់បានកើតទូលំទូលាយ ហើយក៏មិនទាន់បានគ្រប់គ្រងបទឈប់បាញ់ទាំងស្រុងនៅមីយ៉ាន់ម៉ា ក៏ដូចជា ផ្នែកខ្លះនៅភាគខាងត្បូងរបស់ប្រទេសថៃ។
គេបានឃើញជាឧទាហរណ៍រួចស្រេចទៅហើយ អំពីបញ្ហាការចង់ប្រើប្រាស់នូវសង្គ្រាម ដើម្បីបញ្ចប់សង្គ្រាម ប៉ុន្តែ យើងប្រើប្រាស់មធ្យោបាយចរចា ដើម្បីបញ្ចប់សង្គ្រាម ហើយចុងក្រោយបំផុត យើងប្រើនូវនយោបាយឈ្នះឈ្នះ ដើម្បីបញ្ចប់សង្គ្រាម ដែលធ្វើអោយទឹកដីរបស់យើង បានឯកភាពជាលើកដំបូងក្នុងប្រវត្តិសាស្រ្តរាប់រយឆ្នាំរបស់កម្ពុជា។ ដូច្នេះហើយបានជានេះជាឱកាសធំបំផុត សម្រាប់យុវជនកម្ពុជា ដែលកាលពីសម័យមុន អ្នកដែលនៅលើនេះ បានបាត់បង់ឱកាសច្រើនណាស់ ខ្លះបាត់ទាំងអាយុជីវិត …។
នឹងនិយាយជាមួយប្រធានាធិបតី ដូណាល់ ត្រាំម៍ ពេលប្រជុំអាស៊ាន/អាមេរិក
ប៉ុន្មានថ្ងៃនេះ ខ្ញុំបានឃើញនៅលើកញ្ចក់ទូរទស្សន៍ ស្ទើរតែគ្រប់ទូរទស្សន៍ គេយកបទសម្ភាសន៍របស់ប្រធានាធិបតីហ្វីលីពីន ឌូទើតេ យកមកចាក់ផ្សាយ។ បទសម្ភាសន៍នេះល្អ។ យើងមិនមែនគ្រាន់តែរងគ្រោះត្រឹមកម្រិតប្រជាជនហ្វីលីពីនទេ ក៏ប៉ុន្តែ គ្រាប់បែក ២ លាន ៧ សែនតោន ហើយខ្ញុំកំពុងតែត្រៀមបម្រុងថា ពេលប្រជុំអាស៊ានខាងមុខ អាស៊ាន និងអាមេរិក ខ្ញុំត្រូវតែនិយាយទៅកាន់ប្រធានាធិបតី ដូណាល់ ត្រាំម៍ អោយច្បាស់ៗ។ ប្រហែលជាខ្ញុំមិនប្រើសុន្ទរកថាទេ ក៏ប៉ុន្តែ ខ្ញុំគួរតែប្រើការនិយាយត្រង់ៗជាមួយនឹងប្រធានាធិបតីរូបនេះ ដែលគាត់អាចនឹងមកចូលរួមប្រជុំអាស៊ាន-អាមេរិក នៅឯ ម៉ានីឡា។ ពេលនោះ យើងគួរតែនិយាយគ្នាដោយបញ្ជាក់អំពីបញ្ហាទាំងឡាយ ដែលមានការពាក់ព័ន្ធនៅក្នុងប្រទេសរបស់យើង។ នេះជាផ្នែកមួយ នៃទំនាក់ទំនងអន្តរជាតិ …។
អត្រាសិស្សមានការងារធ្វើខ្ពស់ និងមាននិស្សិតបរទេសរៀននៅសាលាកម្ពុជាដែរ
វិលមកនិយាយនៅសាលានេះវិញ។ តាមរយៈរបាយការណ៍របស់ ឯកឧត្តម ពិត ចំណាន ថ្ងៃនេះ យើងចែកសញ្ញាបត្រ ចំនួន ៣.៥៧៩ នាក់ ហើយភាគច្រើននៃអ្នកទាំងនេះ បានបញ្ចប់ការសិក្សា និងកំពុងតែមានការងារធ្វើ។ បើយោងទៅលើការសិក្សានៅក្នុងទីនេះ ចំនួនអ្នកដែលមានការងារធ្វើមានកម្រិតខ្ពស់ ដែលអាចចាត់ទុកថា ត្រូវរក្សានូវល្បឿន នៃការបណ្តុះបណ្តាលនេះ ដើម្បីបន្តដោះស្រាយការងារធ្វើសម្រាប់និស្សិតដែលបញ្ចប់ការសិក្សានៅទីនេះ … អាចចាត់ទុកថា ជាអត្រាមួយខ្ពស់ដែលខ្ញុំសូមយកឱកាសនេះ អំពាវនាវអោយសាកលវិទ្យាល័យពង្រឹងការខិតខំ ជាមួយនឹងការធ្វើទំនើបកម្មក្នុងវិស័យការសិក្សានេះ តាមរយៈការវិនិយោគបន្ថែមទៀត ធ្វើយ៉ាងណាអោយនិស្សិតរបស់យើងអាចទទួលបាននូវការបណ្តុះបណ្តាល ប្រកបដោយគុណភាពខ្ពស់។
… យើងត្រូវខិតខំដើម្បីបន្តពង្រឹងគុណភាពក្នុងវិស័យអប់រំ បណ្តុះបណ្តាលនៅក្នុងសាកលវិទ្យាល័យនេះ ហើយជាការកត់សម្គាល់ ក៏មានសាស្រ្តាចារ្យបរទេស និងមាននិស្សិតបរទេស បានបញ្ចប់ការសិក្សានៅក្នុងប្រទេសរបស់យើងនេះផងដែរ។ ដូច្នេះ ខ្ញុំសូមអរគុណណាស់ ជឿជាក់ថា សាកលវិទ្យាល័យមួយនេះ មានសិស្សមកពីកូរ៉េ វៀតណាម ជប៉ុន ចិន និងបារាំង ហើយអ្នកដែលកំពុងសិក្សាបរិញ្ញាបត្រជាន់ខ្ពស់ មានបារាំងដល់ទៅ ២៩ នាក់ ចិន អាមេរិក បង់ក្លាដេស កូរ៉េខាងត្បូង និងជប៉ុន។
ស៊ើប និងឈានទៅបិទ អង្គការក្រៅរដ្ឋាភិបាល ប្រមាថថា កម្ពុជា មានម្តាយលក់កូនស្រីអោយធ្វើស្រ្តីពេស្យា
អញ្ចឹងទេ បង្ហាញអោយឃើញថា កម្ពុជាមិនមែនជាឋាននរកនោះទេ ដូចអ្វីដែលគេនិយាយពីបញ្ហានេះបញ្ហានោះ តែរឿងសិទ្ធិរបស់គេអ្នកនិយាយ គឺរឿងផ្សេង សម្រាប់យើងគឺជារឿងផ្សឹង ដែលខ្ញុំតែងតែនិយាយហើយថា កម្ពុជាមាន ២។ កម្ពុជាមួយ គឺកម្ពុជាពិត ដែលយើងកំពុងតែស្ថិតនៅ តើវានៅក្នុងស្ថានភាពយ៉ាងម៉េច? ឯកម្ពុជាមួយទៀត គឺកម្ពុជាដែលគេបានដើរទៅឃោសនានៅខាងក្រៅ និងកម្ពុជានៅលើទំព័រសារព័ត៌មាន។ ហើយខ្ញុំក៏សូមបញ្ជាក់ពីនេះថា ក្នុងឋានៈជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំមិនអាចទទួលយកបានទេ នូវការប្រមាថរបស់អង្គការក្រៅរដ្ឋាភិបាលមួយ ដែលធ្វើការចុះផ្សាយនៅតាមកញ្ចក់ទូរទស្សន៍ CNN និង ABC ផងដែរ ថា នៅកម្ពុជា ម្តាយយកកូនស្រីទៅលក់ដើម្បីធ្វើស្រីពេស្យានោះ។ នេះជាការប្រមាថដ៏ធ្ងន់ធ្ងរមួយ។
ពីម្សិលម្ងៃនេះ នៅថ្ងៃអាទិត្យ ខ្ញុំក៏បានបញ្ជាអោយក្រសួងមហាផ្ទៃស៊ើបអង្កេតនូវរឿងនេះ ហើយគប្បីត្រូវបិទចោលនូវអង្គការក្រៅរដ្ឋាភិបាលមួយនេះ មិនអាចអោយអ្នកឯងប្រមាថជនជាតិរបស់ខ្ញុំបានទេ។ នេះខ្ញុំមិនទាន់ធ្វើផង បើសិនជាខ្ញុំបើកដៃអោយមានបាតុកម្ម(នោះ) អ្នកឯងនឹងក្លាយទៅជាអ្វី? ដែលអ្នកឯង(និយាយថា) យកកូនទៅលក់? ខ្ញុំចង់កត់សម្គាល់មើលថា តើបណ្តាគណបក្សនយោបាយនានានៅកម្ពុជា និងអង្គការក្រៅរដ្ឋាភិបាលនានានៅកម្ពុជា ប្រតិកម្មយ៉ាងម៉េច? ដែលគេកំពុងតែប្រមាថប្រពន្ធរបស់ខ្លួន កូនរបស់ខ្លួន ប្អូនរបស់ខ្លួនដែរនោះ? តើគិតយ៉ាងម៉េច បើសិនជាអ្នកឯងទទួលយកភាសាហ្នឹង? អញ្ចឹង បក្សប្រឆាំង ឬបក្សនយោបាយនានា សុទ្ធតែមានម្តាយយកកូនទៅលក់អោយធ្វើស្រ្តីពេស្យាឬ? វាមានន័យស្មើយ៉ាងដូច្នេះ។
អញ្ចឹងទេ ខ្ញុំសូមស្នើអោយស្ថានទូតអាមេរិក ធ្វើការស្រាវជ្រាវលើបញ្ហានេះ ព្រោះយើងមិនអាចទទួលយកបាននូវការប្រមាថដ៏ធំមួយនេះ ហើយយើងនឹងឈានទៅបិទរាល់អង្គការក្រៅរដ្ឋាភិបាល ដែលមានការពាក់ព័ន្ធ។ … គ្រាន់តែចិញ្ចឹមកុមារកំព្រាប៉ុន្មាននាក់ យកកុមារកំព្រាទាំងនោះមកដាក់កន្លែងមួយ មិនអាចអោយអ្នកឯងបើកអង្គការមួយ ហើយយកកេរ្តិ៍ឈ្មោះប្រទេសរបស់ខ្ញុំ ដើម្បីទៅធ្វើការរៃអង្គាសលុយពីខាងក្រៅបានទេ។
ប្រទេសខ្ញុំក្រ ប៉ុន្តែ អ្នកឯងមិនអាចប្រមាថជនជាតិរបស់ខ្ញុំបានទេ
ប៉ុន្មានថ្ងៃនេះ ឃើញតែអ្នកកាសែតតែប៉ុណ្ណោះ និងមានការប្រតិកម្មខ្លះពីផ្នែកនេះ ផ្នែកនោះ ក៏ប៉ុន្តែ ក្នុងឋានៈជានាយករដ្ឋមន្រ្តី នៃរាជរដ្ឋាភិបាលប្រទេសនេះ ខ្ញុំមិនអាចទទួលយកបានទាល់តែសោះហើយ។ បើដូច្នោះ ស្រ្តីក្នុងនេះទាំងប៉ុន្មានដែលនៅពេលនេះ វាមិនមែនសុទ្ធតែជាស្រ្តីដែលបានម្តាយលក់ ហើយទទួលសញ្ញាបត្រ ឬក៏អី? វាជារឿងមួយដែលមិនអាចទទួលយកបានទេ ហើយផ្តាំទៅស្ថានទូតអាមេរិក កុំបង្កើតបញ្ហាច្រើនពេក។ ឥឡូវ នៅក្នុងប្រទេសរបស់ខ្លួនកំពុងមានបញ្ហាច្រើនណាស់ទៅហើយ ហើយយើងនឹងពិនិត្យមើលអំពីបញ្ហានេះតទៅទៀត។ បើគ្រាន់តែយកខ្មែរទៅធ្វើដើមទុន ដើម្បីទៅរៃអង្គាស គឺមិនអាចទទួកយកបានទេ។ អញ្ចឹង ត្រូវអនុវត្តអោយម៉ឺងម៉ាត់បំផុត នូវច្បាប់ស្តីពីការគ្រប់គ្រងអង្គការក្រៅរដ្ឋាភិបាល។ បើគ្មានច្បាប់ទេ វាលំបាកហើយ វាអញ្ចឹង។ អញ្ចឹង បានគេតម្រូវអោយធ្វើច្បាប់នេះ គ្រប់គ្រងសារធារណៈមតិ និងការគ្រប់គ្រងខាងផ្នែករដ្ឋបាល ត្រូវបានធ្វើភ្លាមៗបន្ទាប់ពីប្រតិកម្ម ព្រោះយើងមិនចង់អោយមានបាតុកម្ម ដើម្បីទៅប្រឆាំងស្ថានទូតអាមេរិក និងអង្គការក្រៅរដ្ឋាភិបាលទេ។
កុំភ្លេច នៅប្រទេសច្រើនណាស់ ជួនកាលគ្រាន់តែគូររូបថ្លុក មហាម៉ាត់ គឺទស្សនាវដ្តីនោះត្រូវបានគេវាយប្រហារ ឬគេត្រូវបានធ្វើរឿងនេះ ធ្វើរឿងនោះ ប៉ុន្តែ សម្រាប់ប្រទេសរបស់យើង ត្រូវបានគេប្រមាថរហូតទៅម្តាយយកកូនទៅលក់។ តើវាសមហេតុសមផលទេ? ឥឡូវអង្គការមួយនេះ ត្រូវតែស្ថិតនៅក្នុងស្ថានភាពនៃការស៊ើបអង្កេត ហើយខ្ញុំដាក់បញ្ជាអោយរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងក្រសួងការបរទេសពិនិត្យមើល និងបិទចោលភ្លាមៗ នូវទង្វើបែបនេះ។ មើលយុវជន កុមារមានប៉ុន្មាន? យើងមានសមត្ថភាពចិញ្ចឹមទេ? យើងពិតជាមានសមត្ថភាព។ … ប្រទេសខ្ញុំក្រ ប៉ុន្តែ អ្នកឯងមិនអាចប្រមាថជនជាតិរបស់ខ្ញុំបានទេ។ អ្នកឯងបានធ្វើរឿងទម្លាក់គ្រាប់បែកមួយហើយ ប៉ុន្តែឥឡូវរឿងអញ្ចឹងទៀត។ ទូរទស្សន៍ CNN សមតែប្រធានាធិបតី ត្រាំម៍ គាត់ជេរហ្នឹង។ ត្រូវណាស់។ សុំផ្តាំប្រធានាធិបតី ត្រាំម៍ ផងថា ឯកឧត្តមជេរ CNN ត្រូវហើយ អត់ខុសទេ។ សារព័ត៌មានអាមេរិកខូចណាស់ …។
ការពង្រឹងសមត្ថភាពបុគ្គល
ខ្ញុំព្រះករុណាខ្ញុំ សូមយកឱកាសនេះ ដើម្បីថ្លែងជូននូវការអបអរចំពោះជ័យលាភីទាំងអស់ ដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ ហើយសង្ឃឹមថា ជ័យលាភីរបស់យើងនឹងយកចំណេះដឹង ដែលបានទទួលនៅទីនេះ យកទៅអនុវត្តនៅក្នុងដំណើរជីវិតរបស់យើង។ ប៉ុន្តែ ការផ្តាំផ្ញើធំបំផុតរបស់ ខ្ញុំព្រះករុណាខ្ញុំ ក៏ដូចជាមុនៗដែរ សូមអោយបន្តការខិតខំ ដើម្បីពង្រីកនូវសមត្ថភាពរបស់យើង តាមរយៈការរៀនបន្ថែមពីថ្នាក់បរិញ្ញាទៅបរិញ្ញាជាន់ខ្ពស់ ពីថ្នាក់បរិញ្ញាជាន់ខ្ពស់ទៅថ្នាក់បណ្ឌិត ហ្នឹងមួយផ្នែក ប៉ុន្តែ មួយផ្នែកទៀត គឺរៀនស្វ័យសិក្សា។ ការពង្រឹងសម្ថតភាពតាមរយៈការធ្វើការងារ និងការស្រាវជ្រាវផ្ទាល់ ដោយមិនចាំបាច់ឆ្លងកាត់សាលាទេ ក៏ប៉ុន្តែ ការស្រាវជ្រាវផ្ទាល់ជាមួយនឹងបញ្ហាការងារ គឺពិតជាតម្រូវការរបស់មនុស្ស មិនថាតែនិស្សិតរបស់យើងដែលបញ្ចប់ការសិក្សា ហើយបំពេញការងារ ឬក៏មិនទាន់មានការងារធ្វើនោះទេ ក៏ប៉ុន្តែ សូម្បីតែថ្នាក់ដឹកនាំកំពូលៗ ក៏ចាំបាច់ត្រូវតែធ្វើការងារ ត្រូវតែធ្វើការស្រាវជ្រាវដែរ បើមិនដូច្នោះទេ វានឹងអាចកើតឡើងនូវស្ថានភាពនៃអភិរក្សនិយម។ ភាពអភិរក្សនិយម នៃមេដឹកនាំ វាបង្កើតបានស្ថានភាពគ្រោះថ្នាក់ សម្រាប់ការរីកលូតលាស់នៃផ្នែកខាងក្រោម ជាពិសេស ចលនាសម្រាប់យុវជននោះឯង។
បើមន្ត្រីណាមិនចេះប្រើស្មាតហ្វូន និងបច្ចេកវិទ្យាទំនាក់ទំនងទេ មិនបាច់តែងតាំងទេ
ការធ្វើយុវកម្ម មិនមែនគ្រាន់តែធ្វើសម្រាប់កុមារ និងយុវជនទេ ក៏ប៉ុន្តែ ខួរក្បាលរបស់មនុស្សចាស់ ក៏ធ្វើយុវកម្មដែរ ឧទាហរណ៍៖ បញ្ហាបច្ចេកវិទ្យាព័ត៌មាន ធ្វើយ៉ាងម៉េចមេដឹកនាំ ទោះបីអាយុ ៧០ ឬ ៨០ ក៏ដោយ ប្រឹងរៀនវាអោយចេះ បើយ៉ាងហោចណាស់មួយជុំវិញប្រព័ន្ធទូរស័ព្ទនេះ ត្រូវប្រឹងរៀន ប្រឹងចេះ Smartphone ហ្នឹងអោយចេះអស់ប៉ុណ្ណឹង។ បើចេះអស់ប៉ុណ្ណឹង គឺថាគ្រប់គ្រាន់ ដើម្បីធ្វើការងារជាមួយគេជាមួយឯងហើយ។ បើមិនចេះទេ មិនតែងតាំងអោយទេ។ យកមកចូលជាមួយគេ ចូលវាមិនកើត។ ឧទាហរណ៍៖ … របៀបទំនាក់ទំនងវាមានអីខ្លះ ដែលជាបច្ចេកវិទ្យារបស់អាមេរិក Line ដែលជាបច្ចេកវិទ្យារបស់ជប៉ុន Telegram ដែលជាបច្ចេកវិទ្យារបស់រុស្ស៊ី WeChat ដែលជាបច្ចេកវិទ្យារបស់ចិន នៅមានប្រព័ន្ធដទៃទៀត អាចនឹងមាន Khmer Chat នៅពេលខាងមុខនោះ សម្រាប់មេដឹកនាំកម្ពុជា ដែលក្រុមយុវជនមួយក្រុម គេកំពុងតែតម្លើង។ … បើមិនចេះ អាហ្នឹងមិនបាច់មកតែងតាំងស្អីទេ …។
… ខ្ញុំផ្តាច់ កាញារីទ្ធ ចេញពីក្រុម ព្រោះថា មិនដឹងថា កាញារីទ្ធ ប្រើទូរស័ព្ទមួយណាផង ដល់បញ្ជូនក្នុងក្រុមរាជរដ្ឋាភិបាល មិនដែលឃើញ កាញារីទ្ធ មើលផង។ អញ្ចឹង ផ្តាច់គាត់ចោល អត់មាននៅក្នុងក្រុមទេ។ ហ្នឹងរដ្ឋមន្ត្រីព័ត៌មាន ដែលគាត់មិនមើលព័ត៌មាន។ ចប់ត្រឹមហ្នឹងហើយ។ បើនិយាយពីបើកមើល Line វិញ គាត់ពូកែ។ Line អ្នកណាផុសក៏ដោយ គឺ កាញារីទ្ធ Like។ … ខ្ញុំតែងតែបញ្ជូនទៅក្នុងក្រុមរដ្ឋាភិបាល ដល់ក្រុមហ្នឹងមិនដែលឃើញ កាញារីទ្ធ ហើយក្រែងលោព័ត៌មានរបស់យើងត្រូវបែកធ្លាយទៅណា ព្រោះ ជួនកាលទុកទូរស័ព្ទចោល។ … ឆ្នាំនេះក៏ជាខួប ៤០ ឆ្នាំរបស់កូនខ្ញុំដែរ គឺវាចៃដន្យណាស់ យើងទៅធ្វើខួប ៤០ ថ្ងៃ ២០ ខែ មិថុនា ឆ្នាំ ១៩៧៧ – ២០ មិថុនា ២០១៧ ខួប ៤០ ឆ្នាំ។ ការចាកចេញរបស់ ខ្ញុំព្រះករុណាខ្ញុំ ទៅដឹកនាំការតស៊ូ ដើម្បីសង្គ្រោះជាតិ ចេញពីរបបប្រល័យពូជសាសន៍ ២០ មិថុនា ១៩៧៧ កូនកើត ៤ ខែគត់។ ការចាកចេញរបស់ខ្ញុំព្រះករុណាខ្ញុំ នៅពេលដែលភរិយាមានផ្ទៃពោះជាង ៥ ខែ។ នេះជាអនុស្សាវរីយ៍ដើម ហើយចេញពីចំណុចនោះហើយ វាដល់ចំណុចនេះ។
ស្ថានភាពទឹកជំនន់នៅខេត្តប៉ែកខាងលើ ឈានដល់កម្រិតប្រកាសអាសន្ន
ឥឡូវ សម្រាប់ស្ថានភាពប្រទេសរបស់យើង ទឹកជំនន់នៅប៉ែកខាងលើ បានដើរទៅដល់កម្រិតនៃការប្រកាសអាសន្ន ប្រកាសអោយមានការប្រុងប្រយ័ត្ននៅខេត្តស្ទឹងត្រែង សល់បន្តិចវាទៅដល់។ លំហូរទឹកនៅតាមដងទន្លេមេគង្គចុះមក បានចូលទៅបំពេញព្រែកបឹងបួរទាំងឡាយនៅប៉ែកខាងលើក្រចេះ កំពង់ចាម។ ប៉ុន្តែនៅរាជធានីភ្នំពេញរបស់យើង ទឹកនៅទាបដែលមិនទាន់តាមការចង់បានរបស់យើងទេ យើងចង់បានទឹកនៅទីក្រុងភ្នំពេញ នៅចតុមុខក្នុងកម្រិតទាប គឺ ៩,៣០ ម៉ែត្រ ឬអាចថាលើសពីនឹងបន្តិចក៏មិនបញ្ហា។ តែថ្ងៃនេះ ទឹកទើបបាន ៨,៨២ នៅឡើយ ដោយសារតែនៅស្ទឹងត្រែង ក្រចេះ ទឹកចាប់ទ្រឹង។ កំពង់ចាមនៅឡើងបន្តិច ហើយនៅភ្នំពេញនេះ អាចនឹងឡើងបានរយៈពេល ២ ថ្ងៃទៀត។ អញ្ចឹង វានឹងអាចឡើងទៅដល់ ៩ ម៉ែត្រ តែបើសិនជា ៩ ម៉ែត្រ ឬ ៩ ម៉ែត្រ ១ តឹក ២ តឹក ក៏នៅទាបជាងការចង់បានរបស់យើង តែនេះហៅថា ជំនន់ដំណាក់កាលមួយ វានៅជំនន់ដំណាក់កាលពីរ តែវាមិនទៀងទាត់ទេ។
ឆ្នាំទៅ ពេលជំនន់ដំណាក់កាលទីមួយ ពេលដែល ខ្ញុំព្រះករុណាខ្ញុំ បានទៅដល់មណ្ឌលគីរី ហើយឆ្ពោះដំណើរទៅរតនគីរី តាមផ្លូវគោក សង្ឃឹមថានឹងបានទៅដល់ស្ទឹងត្រែង ដើម្បីមើលទឹកដែលកំពុងតែងើបឡើង។ ប៉ុន្តែ នៅពេលដែលធ្វើដំណើរទៅដល់ទីរួមខេត្តរតនគីរី បានឃើញនូវការព្យាករណ៍ធាតុអាកាស និង កម្ពស់ទឹកបានធ្លាក់ចុះនៅខេត្តស្ទឹងត្រែងរួចទៅហើយ។ សង្ឃឹមថា មានអាទីពីរបន្តទៀត ក៏ប៉ុន្តែ ទីពីរនោះវាមិនបានកើតទេ។ ដូច្នេះ ធ្វើអោយយើងអុំទូកឆ្នាំទៅនេះ ក្នុងកម្រិតទឹកទាប។ ឆ្នាំទៅមួយយើងអត់អុំទេ ដោយសារវាទាបពេក …។
អរគុណ និងកោតសរសើរ ចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ នៅតាមបណ្តាខេត្តប៉ែកខាងលើ
ពិតហើយ មានកន្លែងខ្លះរងផលប៉ះពាល់ ក៏ប៉ុន្តែ សុំផ្តាំ អ្នកទន្លេបើទឹកមិនលិចទេ មិនមែនអ្នកទន្លេទេ។ អ្នកទន្លេពិបាកចិត្តបំផុត គឺទឹកមិនលិចក្រោមផ្ទះ។ ពិតហើយ នៅពេលទឹកឡើងយ៉ាងដូច្នេះ វាលំបាកទៅដល់រឿងនេះ រឿងនោះ ប៉ុន្តែ ទម្លាប់របស់អ្នកទន្លេ គឺដូច្នេះឯង។ តែយ៉ាងណាក៏ដោយ យើងក៏មានការប្រុងប្រយ័ត្ន ដើម្បីរកទីទួលសុវត្ថិភាព សម្រាប់ប្រជាពលរដ្ឋរបស់យើង ហើយសំខាន់បំផុតពិនិត្យទៅលើការបាក់ច្រាំងទន្លេនៅតាមសងខាងទន្លេ។
អញ្ចឹងទេ ខ្ញុំព្រះករុណាខ្ញុំ ក៏សូមអរគុណ និងកោតសរសើរ ចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ នៅតាមបណ្តាខេត្ត នៅប៉ែកខាងលើ ហើយជាពិសេស ក្នុងហ្នឹងក៏មានជំនន់ស្ទឹងសែន ដែលតភ្ជាប់ពីខេត្តព្រះវិហារមកខេត្តកំពង់ធំ តែវាមិនធ្ងន់ធ្ងរប៉ុន្មាននោះទេ។ ខេត្តមួយចំនួនផ្សេងទៀត ដូចជានៅកំពត និងកោះកុង ជាពិសេស តាមផ្លូវជាតិលេខ ៤ ក៏បានទទួលរងផលប៉ះពាល់ ប៉ុន្តែ នេះវាជារឿងធម្មតាមួយ សម្រាប់ប្រទេសរបស់យើង។ រឿងដែលពិបាកចិត្តជាងគេ គឺរឿងអត់ទឹក ប៉ុន្តែ មានពេលខ្លះទឹកវាច្រើនជ្រុល។
ឥឡូវនេះ កូនរដូវប្រាំងក្នុងរដូវវស្សាបានចាប់ផ្តើមហើយ បន្ទាប់ពីការភ្លៀងធ្លាក់ខ្លាំង និងជម្រៅទឹកឡើង កូនព្យុះជាបន្តបន្ទាប់បាន និងកំពុងកើតនៅតំបន់សមុទ្រខ្លះ។ ព្យុះនេះ ដែលខ្លះកំពុងតែនៅសមុទ្រនៅឡើយ។សម័យនេះ ព្រលឹមឡើងគេបញ្ជូនព័ត៌មានអោយហើយ។ … ថ្ងៃទី ០៦ នេះ គឺចំថ្ងៃអាទិត្យ ខ្ញុំមិនបានសម្រាកទេ ហើយថ្ងៃអាទិត្យ កន្លងទៅនេះ ខ្ញុំត្រូវនិយាយជាង ៦ ម៉ោង នៅកោះពេជ្រយើងនេះ ជាមួយមន្ត្រីជាង ២ ពាន់នាក់។ ថ្ងៃទី ០៦ ខាងមុខនេះ ត្រូវចេញដំណើរទៅជប៉ុន ដើម្បីទស្សនកិច្ចផ្លូវការ។ នៅពេលនោះ ក៏អាចនឹងពិភាក្សាពាក់ព័ន្ធជាមួយនឹងខួប ៥០ ឆ្នាំ នៃទំនាក់ទំនងការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ ដោយសារតែឆ្នាំ ១៩៥៧ មានអតីតនាយករដ្ឋមន្ត្រីជប៉ុនមួយទស្សនកិច្ចនៅកម្ពុជា។ ដូច្នេះ ឆ្នាំនេះខ្ញុំអាចទស្សនកិច្ចនៅជប៉ុន ហើយនាយករដ្ឋមន្ត្រីជប៉ុនអាចទស្សនកិច្ចនៅកម្ពុជា។
ជាមួយនឹងបញ្ហាទឹកនេះ ខ្ញុំក៏សុំស្នើអោយបន្តការប្រុងប្រយ័ត្នជាបន្តទៀត ជាមួយនឹងបាតុភូតធម្មជាតិដែល កើតឡើង ហើយជាពិសេសការលង់ទឹក ហើយលង់ទឹកស្តាប់ឮ ឃើញតែពីរឿងស្រវឹងស្រាដដែលហ្នឹង និងបាតុភាពខ្លះ គឺក្មេងលេងទឹក ដែលមិនគួរគប្បីនៅក្នុងខែនេះអោយមានស្ថានភាពទុកក្មេងចោល ហើយមានកន្លែងមួយនោះ គឺថា ដូចជាកូនលង់ទឹក ម្តាយ/ឪពុកចុះទៅជួយ ក៏លង់ខ្លួនឯងទៅ នេះវាជារឿងដែលគួរអោយសោកស្តាយ។
អំពាវនាវអ្នកលេងហ្វេសប៊ុក កុំសាងគ្រោះអោយជាតិ តាមរយៈការបំពុលបរិយាកាស
ខ្ញុំព្រះករុណាខ្ញុំ សុំយកឱកាសនេះពីទីនេះ អំពាវនាវចំពោះក្មួយៗយុវជន ហើយជាពិសេសអ្នកដែលលេង ហ្វេសប៊ុកទាំងឡាយ សុំកុំបង្កើតបញ្ហា កុំសាងគ្រោះអោយជាតិ តាមរយៈការបំពុលបរិយាកាសនានា។ ប៉ុន្មានថ្ងៃកន្លងទៅនេះ បង្កើតអោយមានបញ្ហាច្រើនណាស់ រឿងវាមិនចេះចប់ ប៉ុន្តែ សួរមើល តើវាបានផលអី? បំផុសពីរឿងបញ្ហាការចាប់កូនក្មេងយកទៅវះយកក្រលៀន វះយកនេះ វះយកនោះ ប៉ុន្តែសួរថាវាពិតទេ រឿងអញ្ចឹង? អារឿងអ្នកបំពុលបរិយាកាសបង្ហោះចេញទៅ ប៉ុន្តែ សុំអោយអ្នកបន្តការចែកចាយ ត្រូវពិនិត្យមើលថា តើវាពិតឬអត់? គួរត្រូវចែករំលែកបន្ត ឬអត់?
ជួនកាលសុខៗ ទៅជាយន្តហោះធ្លាក់នៅសៀមរាបទៅ។ ផ្អើលម៉ាឈុលអញ្ចឹងទៅ។ សុខៗ ចាប់កូនក្មេងអញ្ចឹងទៅ។ រឿងវាពិតទេ? វាមិនពិត។ ហើយទីចុងបំផុតបានអី? ខ្ញុំគិតថា ដោយសារយុវជននៅក្នុងការគ្រប់គ្រង ហើយនៅក្នុងចំណោមបណ្តាប្រទេសប្រជាធិបតេយ្យសេរីពហុបក្ស គប្បីបណ្តាបក្សនយោបាយ បើមិនមែនជាបក្សកាន់អំណាចទេ បក្សនយោបាយណាក៏ដោយសុទ្ធទែមានតួនាទីទាំងអស់ ដើម្បីអប់រំមនុស្ស បើគេជាសមាជិករបស់បក្សយើង កុំអោយគេប្រព្រឹត្តល្មើស។ សុខៗ នាយករដ្ឋមន្ត្រីកំពុង(ត្រូវបាន)ដឹកទៅសង្គ្រោះបន្ទាន់នៅឯប្រទេសបារាំង ឬកំពុងដឹកទៅហុងកុង។
ព្រមានទៅមេបក្សប្រឆាំង ចំពោះការបង្ហោះព័ត៌មានថា សម្តេចស្លាប់ពីសំណាក់សកម្មជនបក្សប្រឆាំង
ខ្ញុំគ្រាន់តែជម្រាប អាបំផុសធុននេះ គឺគ្រោះថ្នាក់ណាស់ គ្រោះថ្នាក់យ៉ាងម៉េច? សុំផ្តាំទៅគណបក្សប្រឆាំង ដែលមានអ្នកគាំទ្ររបស់ខ្លួនធ្វើទង្វើបែបនេះ ប្រយ័ត្នគ្រោះថ្នាក់ខ្លួនឯង នេះជាការព្រមានតែម្តង ព្រោះអី? រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជាបានចែងថា ប្រសិនបើដំណែងនាយករដ្ឋមន្ត្រីនៅទំនេរជាស្ថាពរ គណៈរដ្ឋមន្ត្រីមួយត្រូវរៀបចំឡើងវិញ ដូចមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ មានន័យថាម៉េច? មានន័យថា បើនាយករដ្ឋមន្ត្រីស្លាប់ ពេលនោះរដ្ឋាភិបាល គឺអត់តែម្តង រលាយទាំងអស់ គ្មានឧបនាយករដ្ឋមន្ត្រី គ្មាន រដ្ឋមន្ត្រីទាំងអស់ បានសេចក្តីថា នគរមួយនេះ គឺអត់ក្បាលតែម្តង។ បើអត់ក្បាលតើអ្វីវានឹងកើតឡើង? គ្រោះថ្នាក់ណាស់ កម្លាំងប្រដាប់អាវុធដែលត្រៀមជាស្រេចហើយនោះ គេចាត់ការជាមួយអ្វីដែលគេចង់ចាត់។ យកល្អទុកអោយ ហ៊ុន សែន រស់ បើបន់អោយ ហ៊ុន សែន ស្លាប់ អ្នកក៏ងាយស្លាប់ដែរ សុំជម្រាបអោយច្បាស់។ ត្រូវនិយាយគ្នាត្រង់ៗ ហើយហ៊ានប្រាប់ការពិត។ គេចាត់ការជាមួយអ្នកណា? គេចាត់ការជាមួយអ្នកឯងមុនគេ។
សុខៗ បំផុស ហ៊ុន សែន ស្លាប់។ មានថ្ងៃណាមួយនោះ ក្នុងខែ មិថុនា យើងទៅវ៉ៃកូនហ្គោល ថ្ងៃនោះថ្ងៃដែលគេបង្ហោះ សម្តេច ហ៊ុន សែន ស្លាប់ហើយ សូមចូលរួមមរណទុក្ខផង ដោយធ្លាក់យន្តហោះក្នុងពេលធ្វើដំណើរទៅវៀតណាម។ បើសិនជាអញ្ចឹង ឥឡូវ ខ្ញុំឧបមាថា យើងគ្រប់គ្រងសភាពការណ៍អត់បាន ស្រាប់តែកងទ័ពចេញគិលមក។ មិនមែនធម្មតាពេកទេអស់លោក។ អារឿងអញ្ចឹងៗ ច្រើនតែចេញពីសមាជិកបក្សប្រឆាំង។ អញ្ចឹងទេ បើមេបក្សប្រឆាំងមិនគ្រប់គ្រងបញ្ហាហ្នឹងទេ អ្នកដែលគ្រោះថ្នាក់មុនគេ គឺអស់លោក។
ខ្ញុំសុំថា អំពាវនាវទៅកាន់សមាជិក សមាជិកា គណបក្សប្រឆាំង គឺមិនគ្រប់គ្រាន់ទេ អំពាវនាវអោយមេបក្សប្រឆាំងមើលសមាជិកសមាជិការបស់ខ្លួនអោយបានច្បាស់ បើសិនជាបន់អោយ ហ៊ុន សែន ស្លាប់ អ្នកឯង នឹងគ្រោះថ្នាក់មុនគេទេ។ … អស់លោកមិនទាន់មានលទ្ធភាពឃុំគ្រងសភាពការណ៍ទេ។ ផលចំណេញអស់លោកបានមកពីការស្លាប់របស់ ហ៊ុន សែន វាមានចំនួនតិចជាងការដែលទុកអោយ ហ៊ុន សែន នៅរស់ នេះខ្ញុំសុំប្រាប់អ្នកឯងអោយបានច្បាស់។ នៅពេលវេលានេះ ហ៊ុន សែន រក្សាបាននូវការគ្រប់គ្រងលើកម្លាំងទាំងអស់ ប៉ុន្តែ អត់ពី ហ៊ុន សែន មិនប្រាកដទេ នៅពេលនោះ គឺរដ្ឋាភិបាលអត់មានក្បាល។ តំណែងរបស់រដ្ឋមន្ត្រីទាំងអស់នឹងត្រូវរលាយជាស្វ័យប្រវត្តិ ប៉ុន្តែ អ្នកដែលគ្រប់គ្រងអង្គភាពកងទ័ព ដែលស្ថិតនៅមុខងារសាធារណៈ គឺមិនត្រូវបានបាត់បង់ទេ។ អាហ្នឹង ហើយជាចំណុចគ្រោះថ្នាក់សម្រាប់អស់លោក ព្រោះគេនៅតែបញ្ជាកម្លាំងប្រដាប់អាវុធរបស់អង្គភាពរបស់គេបាន។
អំពីរឿងពាក់ព័ន្ធនឹងការលួចចូលគណនីហ្វេសប៊ុករបស់អ្នកដទៃ
ខ្ញុំដាស់តឿនសារជាថ្មី បើអស់លោកកេងចំណេញពីការស្លាប់របស់ ហ៊ុន សែន អ្នកឯងនឹងគ្រោះថ្នាក់ហើយ អញ្ចឹង សុំកុំអី។ ខ្ញុំគិតថា បើសិនជាយើងម្នាក់ធ្វើបន្តិចៗ នាំគ្នាទៅទប់ស្កាត់អាការបំផុសពាក្យចចាមអារ៉ាម។ ឥឡូវរឿងវាអន្តរាយអញ្ចេះទៅទៀត អ្នកដែលមានហ្វេសប៊ុកប្រយ័ត្នអារឿងគេ Hack ចូល គេលួចចូល។ ចាប់បានប៉ុន្មាននាក់ប៉ុន្មានថ្ងៃនេះ អ្នកដែលបង្ហោះពិតប្រាកដមិនមែនអ្នកម្ចាស់ខ្លួនផង ដោយសារតែអាអ្នក ដែលយើងចាប់ពិតប្រាកដយកមកនេះ វាចូលទៅលួចរបស់គេរួចដល់ទៅសួរចម្លើយថាមកពីស្អប់អាហ្នឹង។ អញ្ចឹង វាបង្ហោះថាវានឹងសម្លាប់នាយករដ្ឋមន្ត្រី ដល់ទៅស្រាវជ្រាវក្នុងហ្នឹង អាហ្វេសប៊ុករបស់មនុស្សហ្នឹងបញ្ជាអត់កើតផង ព្រោះវាមកនៅក្នុងដៃម្នាក់ទៀតដែលលួចចូល។ ប៉ុន្តែ កុំភ្លេចការប្រឆាំងឧក្រិដ្ឋកម្មផ្នែកព័ត៌មានវិទ្យា មានវិធីសាស្ត្រស្រាវជ្រាវគ្រប់គ្រាន់ យកបានមកអស់ហើយ ម្ចាស់គណនីពិតប្រាកដ អត់បានបង្ហោះអាហ្នឹងឯណា ទីចុងបំផុតត្រូវគេលួចចូល ហើយយកហ្វេសប៊ុករបស់ខ្លួនយកមកនិយាយអាក្រក់ …។
ទំនាក់ទំនងរវាងអាមេរិក និងរុស្ស៊ីវាកាន់តែលំបាកយល់
ឥឡូវ តើនេះជាទំនាក់ទំនងស្អីទៅនៅលើពិភពលោកបច្ចុប្បន្ន? វាស្ទើរតែជ្រួលច្របល់ជាងដំណាក់កាល នៃសង្រ្គាមត្រជាក់ទៀត។ ឥឡូវ រឿងបញ្ហានុយក្លេអ៊ែរកូរ៉េខាងជើងវាជារឿងមួយហើយ ប៉ុន្តែ ទំនាក់ទំនង រវាងអាមេរិក និងរុស្សី វាកាន់តែលំបាកយល់ ក្នុងពេលដែលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំម៍ ចង់កែលម្អទំនាក់ទំនងជាមួយនឹងរុស្សី បែរជា មួយក្រុមមិនគាំទ្រ ដូណាល់ ត្រាំម៍ បង្កើតនូវច្បាប់ដាក់ទណ្ឌកម្មចំពោះរុស្សី ដើម្បីរារាំងនូវការកែលម្អទំនាក់ទំនង រវាងអាមេរិក និងរុស្ស៊ី …។ អញ្ចឹង ការសងសឹកត្រឡប់មកវិញ រុស្សីត្រូវដេញអ្នកការទូតអាមេរិករាប់រយនាក់ចេញពីទឹកដីរុស្ស៊ី។ រឿងហ្នឹងពួក ISIS ពួកភេរវកម្មវាសើចសប្បាយ ដោយសារតែមហាអំណាចនេះកំពុងទាស់គ្នា។ តើវាមានឥទ្ធិពលអ្វីទៅលើបញ្ហាសភាពការណ៍នៅអ៊ីរ៉ាក់ នៅលីប៊ី នៅស៊ីរ៉ី នៅយេមែនទេ? ពិតមែនតែវាមិនធំដុំជ្រុលទៅលើសមរភូមិ ក៏ប៉ុន្តែ ផលប៉ះពាល់របស់វាដែលផ្ដល់ផលចំណេញទៅដល់ពួក ISIS ពួកភេរវកម្ម គឺវាកើតមានហើយ។ វិបត្តិសេដ្ឋកិច្ចពិភពលោក ទាមទារអោយមានដំណោះស្រាយ អោយមានកិច្ចសហប្រតិបត្តិការរវាងប្រទេសធំៗ ដែលមានសេដ្ឋកិច្ចលូតលាស់ ប៉ុន្តែ បែរជាប្រទេសធំៗទាំងនេះ មានបញ្ហាដែលបង្កឡើងដោយសហរដ្ឋអាមេរិកតែម្ដង។
បញ្ហានុយក្លេអ៊ែរកូរ៉េខាងជើង ទាមទារអោយការចរចាប្រាំមួយភាគី
បញ្ហានុយក្លេអ៊ែរកូរ៉េខាងជើង វាទាមទារអោយមានសហប្រតិបត្តិការ ដែលហៅថា ការចរចារប្រាំមួយភាគី វាមានទាំងអាមេរិក វាមានទាំងរុស្សី វាមានទាំងចិន វាមានទាំងជប៉ុន កូរ៉េខាងជើង កូរ៉េខាងត្បូង ប៉ុន្តែ ធ្វើម៉េចឥឡូវបើសូម្បីតែអ្នកចូលរួមតុចរចាមិនទាំងត្រូវគ្នាផងនោះ។ បញ្ហាទាក់ទិនទៅនឹងការប្រែប្រួលអាកាសធាតុ វាទាមទារអោយមានសហប្រតិបត្តិការវាងប្រទេសធំៗ ដែលបញ្ចេញឧស្ម័ន គេហៅថា បំផ្លាញបរិស្ថានទាមទារអោយមានសហប្រតិបត្តិការជាមួយគ្នា ប៉ុន្តែឥឡូវចេះតែកើតមានបញ្ហា។ អញ្ចឹងទេ យើងដូចជាកំពុងស្ថិតនៅក្នុងពិភពលោកមួយដែលស្ទើរតែផ្ទុះនូវសង្រ្គាមនុយក្លេអ៊ែរទៅហើយ។ លំបាកយល់អំពីសភាពការណ៍នេះ។ ប៉ុន្តែ យើងនឹងប្រឹងស្វែងយល់អំពីសភាពការណ៍តទៅទៀត។ អញ្ចឹង អាមេរិកនយោបាយរបស់ខ្លួនអាចអាងទៅលើទណ្ឌកម្ម ប៉ុន្តែ ទណ្ឌចុះទណ្ឌឡើង គឺវាតិច ឬច្រើនវាមានផលប៉ះពាល់។ ទ្វារដែលអ្នកឯងបិទ អ្នកឯងក៏ចេញមិនរួច គេក៏ចូលមិនបាន វាតែប៉ុណ្ណឹង។ ពីដើមដៃគូសេដ្ឋកិច្ចទូលំទូលាយច្រើន ក៏ប៉ុន្តែ ដៃគូសេដ្ឋកិច្ចកាន់តែតូចទៅៗ។ … យើងមិនកាន់ជើង ហើយក៏មិនស្តីបន្ទោសអ្នកណាទេ។ ក៏ប៉ុន្តែ យើងអំពាវនាវអោយមានកិច្ចសហប្រតិបត្តិការជាមួយគ្នា ដើម្បីដោះស្រាយបញ្ហា ជាជាងការប្រឈមមុខដាក់គ្នាលើបញ្ហានេះបញ្ហានោះ។ ហើយខ្ញុំក៏នូវបន្ដការអំពាវនាវធ្វើយ៉ាងម៉េច ដើម្បីគ្រប់គ្រងការបំផុសព័ត៌មានចចាមអារ៉ាម ដែលគ្រោះថ្នាក់កើតឡើងនូវការភិតភ័យ សម្រាប់ប្រជាពលរដ្ឋរបស់យើង។
ពាំនាំ
ហើយជាបន្ដទៅទៀតនេះ ខ្ញុំព្រះករុណាខ្ញុំ ក៏មិនភ្លេចនាំមក សម្រាប់ប្រគេន និងជូនចំពោះនិស្សិតជ័យលាភីថ្ងៃនេះចំនួន ៣.៥៧៩ អង្គនាក់ ក្នុងមួយអង្គនាក់ (ថវិកា) ចំនួន ៥ ម៉ឺនរៀល។ កាលមុននោះតែ ៣ ម៉ឺនទេ ក៏ប៉ុន្តែសេដ្ឋកិច្ចរបស់យើងក៏វាឡើង ដូច្នេះ យើងក៏ឡើងទៅតាមទឹកលុយហ្នឹងដែរ។ ជូនសាស្រ្ដាចារ្យ និងបុគ្គលិកចំនួន ៥៦៤ នាក់ ក្នុងមួយនាក់ៗ ១០ ម៉ឺនរៀល។ ជូនសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច ចំនួន (ថវិកា) ៥ លានរៀល។
ចាត់វិធានការណ៍ផ្លូវច្បាប់ចំពោះអង្គការក្រៅរដ្ឋាភិបាលមួយ
ថ្ងៃនេះ យើងជួបគ្នា ហើយនិយាយពីនេះពីនោះ ក៏ប៉ុន្តែ យ៉ាងណាក៏ដោយ ខ្ញុំគិតថា វានឹងបានក្លាយទៅជាការគិតគូរមួយរបស់និស្សិត និងសាស្រ្ដាចារ្យរបស់យើង ក៏ដូចជា សារបញ្ជូនទៅកាន់បណ្ដាខេត្ត និងក៏ដូចជាបណ្ដាញការបញ្ចេញព័ត៌មាននានា និងការស្រាវជ្រាវ ដើម្បីធ្វើអនុវត្តរបៀបណានោះ ទៅលើអង្គការក្រៅរដ្ឋាភិបាលបរទេសមួយ ដែលយកកម្ពុជាធ្វើជាដើមទុន ដើម្បីរៃអង្គាស ហើយបន្តុះបង្អាប់មើលងាយមើលថោកចំពោះជាតិសាសន៍មួយនេះ ដែលយើងមិនអាចទទួលយកបានទេ មិនត្រឹមតែមិនអាចទទួលយកបានទេ គឺមិនអាចអត់ឱនអោយតែម្ដង។ សូមយល់ភាសាការទូតអោយបានច្បាស់។ ភាសាការទូតគេបានប្រើភាសាពីរនៅទីនេះ បានជាថាជ្រុលនិយាយហើយ ដើម្បីអោយមានការយល់គ្នា។ ភាសាមួយ គឺភាសាថា មិនអាចទទួលយកបាន អាហ្នឹងនៅស្រួលបន្តិច ប៉ុន្តែ បើសិនភាសាមួយប្រើថា មិនអាចអត់ឱនអោយបាន ភាសានេះ គឺធ្ងន់ហើយ។ អញ្ចឹង ប្រយ័ត្ននៅក្នុងការមើល។ បើសិនជាយើងមិនចាប់អារម្មណ៍ទៅលើពាក្យពេជន៍ យើងចាត់ទុកថាធម្មតាខ្លាំងណាស់ ក៏ប៉ុន្តែ ភាសាមិនអាចទទួលយកបានទេ និងមិនអាចអត់ឱនអោយបាន គឺភាសាពីរនេះខុសគ្នា។ មិនអាចអត់ឱនបាន មានន័យថា តម្រូវតែត្រូវរួចហើយចាត់វិធានការណ៍ផ្លូវច្បាប់យកហើយ។ អញ្ចឹងទេ ខ្ញុំសូមប្រើនេះទាំងក្រសួងមហាផ្ទៃ ទាំងសម្រាប់ក្រសួងការបរទេស។ ការប្រមាថមួយនេះមិនអាចអត់ឱនអោយបានទេ។ ដោយតម្លៃណាក៏ដោយ អង្គការមួយនេះត្រូវចាកចេញពីកម្ពុជា មិនអាចអោយនៅបានទៀតទេ …។
ហើយចុងបញ្ចប់ ជាមួយនឹងការអបអរសាទរ ចំពោះជោគជ័យ និងវឌ្ឍនភាព នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច ក៏ដូចជា ការអប់អរចំពោះជ័យលាភី ដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ សូមប្រគេនពរ ចំពោះព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ជូនពរ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាង កញ្ញា សូមប្រកបដោយពុទ្ធពរទាំងប្រាំប្រការ៖ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕