ការជួបជុំ បង្ហាញពីការផ្លាស់ប្ដូរឥរិយាបទមន្រ្តីរាជរដ្ឋាភិបាល
ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលបានធ្វើការជួបជុំជាលើកដំបូង ជាមួយនឹងអ្នកពាក់ព័ន្ធទាំងអស់ ស្ដីពីការការពារបរិស្ថាន ឬអាចនិយាយទូលំទូលាយជាងនេះ គឺអ្នកដែលពាក់ព័ន្ធជាមួយនឹងការការពារនូវធនធានធម្មជាតិ។ រយៈពេលកន្លងទៅនេះ យើងហាក់ដូចជាបានស្ថិតនៅឆ្ងាយពីគ្នាបន្តិច ក្នុងពេលដែលយើងមានគោលបំណងរួម តែសកម្មភាពមិនទាន់បានប្រមូលផ្ដុំ ដើម្បីឆ្ពោះទៅរកគោលដៅដែលយើងមានរួមគ្នានោះទេ។ ដូច្នេះ ការជួបជុំថ្ងៃនេះ គឺបង្ហាញពីវឌ្ឍនភាពមួយ និងក៏បង្ហាញពីការផ្លាស់ប្ដូរឥរិយាបទដ៏សំខាន់មួយរបស់មន្រ្តីរាជរដ្ឋាភិបាល។ ខ្ញុំព្រះករុណាខ្ញុំ ចង់យកឱកាសនេះ ជាជំហានដំបូងនេះ ថ្លែងនូវអំណរព្រះគុណ អរគុណជាមួយតួអង្គពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមការពារធនធានធម្មជាតិ ការពារបរិស្ថាននៅក្នុងព្រះរាជាណាចក្រកម្ពុជារបស់យើង។
ពិតមែនតែយើងមិនទាន់បានធ្វើសកម្មភាពរួម ដែលនាំទៅដល់ប្រសិទ្ធិភាពខ្ពស់ជាងមុន ក៏យើងបានខិតខំធ្វើសកម្មភាព ទោះបីដាច់ដោយឡែកពីគ្នា ដើម្បីរួមចំណែកធ្វើអោយយើងរក្សាបាននូវស្ថានភាពមួយដែលនៅស្រោចស្រង់បាន។ ប៉ុន្តែ ការស្រោចស្រង់បានរបស់យើងនេះ បើយើងមិនមានយន្តការទប់ស្កាត់អោយបានហ្មត់ចត់ តាមរយៈនៃការចូលរួមនៃកម្លាំងទាំងអស់នោះទេ ខ្ញុំព្រះករុណាខ្ញុំ យល់ថា យើងនឹងលំបាក។ វាហាក់ដូចជាយើងអង្គុយបក់ផ្សែង យើងមិនបានពន្លត់ភ្លើងនោះទេ។ … យើងត្រូវចាប់សេះដាក់ក្នុងក្រោលនៅមុនពេលដែលសេះចេញផុតពីក្រោល។ កន្លងទៅ សេះបានចេញផុតពីក្រោលមួយចំនួនទៅហើយ។ យើងប្រមូលបានត្រឡប់មកវិញ។ តែបើសិនជាយើងគ្មានយន្តការគ្រប់គ្រាន់ និងការចូលរួមនៃតួអង្គពាក់ព័ន្ធទាំងអស់ទេ ខ្ញុំព្រះករុណាខ្ញុំ ជឿថា វាមិនជាយូរប៉ុន្មានទេ សេះវានឹងទំលាយក្រោលចេញតទៅទៀត។
ការបង្ក្រាបតែមួយ វាមិនគ្រប់ទេ ហើយយន្តការរបស់រដ្ឋក៏មិនគ្រប់គ្រាន់ដែរ។ ការចូលរួមនៃតួអង្គពាក់ព័ន្ធទាំងអស់ មិនថាកម្រិតជាតិ ឬកម្រិតដៃគូអភិវឌ្ឍន៍ គឺសុទ្ធតែជាការចាំបាច់។ ពិតមែនហើយ យើងមិនអាចផ្ដល់នូវឋានៈ (និង)តួនាទីជាអាជ្ញាធរ ឬជានគរបាលយុត្តិធម៌ចំពោះសង្គមស៊ីវិលនោះបានទេ ប៉ុន្តែតួអង្គពាក់ព័ន្ធទាំងនេះហើយ ជាយន្តការដ៏សំខាន់ក្នុងការការពារនៅឯមូលដ្ឋាន។ ខ្ញុំព្រះករុណាខ្ញុំ សូមអរគុណជាមួយនឹងការចូលរួមនៅថ្ងៃនេះ តាមរយៈនៃការនិមន្ត និងអញ្ជើញចូលរួមពីគ្រប់តួអង្គពាក់ព័ន្ធ។ ថ្ងៃនេះ មានព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ផងដែរ ដែលនិមន្តមកចូលរួម ហើយឃើញកាសែតថា ព្រះតេជគុណចង់មានយោបល់។ ពិតជានឹងផ្ដល់វេទិកាជូន មុននឹងពេលដែលខ្ញុំព្រះករុណាខ្ញុំ នឹងនិយាយបន្ដ។ ខ្ញុំព្រះករុណាខ្ញុំ មានការចាំបាច់នឹងឆ្លើយតប និងពិភាក្សាអំពីយន្តការដែលត្រូវដោះស្រាយនៅពេលខាងមុខ។ ថ្ងៃនេះ ទន្ទឹមនឹងការនិមន្តចូលរួមរបស់ព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ក៏មានការចូលរួមនៃអង្គការសង្គមស៊ីវិលដទៃទៀត …
កិច្ចប្រជុំរវាងអង្គការសង្គមស៊ីវិល និងក្រសួងពាក់ព័ន្ធ ៦ នឹងធ្វើ ៣ ខែម្តង
មុននឹងផ្ដល់វេទិកាទៅអោយការមានយោបល់ពីដៃគូពាក់ព័ន្ធ ខ្ញុំព្រះករុណាខ្ញុំ ចង់ដោះស្រាយសំណូមពរមួយក្នុងចំណោមសំណូមពរ ១៦ របស់លោក តឹក វណ្ណារ៉ា ដែលមានអង្គការក្រៅរដ្ឋាភិបាលរហូតដល់ ១៩។ សំណូមពរចុងក្រោយ នៃសំណូមពរទាំង ១៦ គឺ ស្នើសុំអោយមានយន្តការជួបពិភាក្សា និងចែករំលែកព័ត៌មានរវាងសង្គមស៊ីវិលជាមួយក្រសួងពាក់ព័ន្ធជារៀងរាល់ ៣ ខែម្ដង ជាពិសេសកិច្ចប្រជុំរវាងអង្គការសង្គមស៊ីវិលជាមួយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដើម្បីរាយការណ៍ និងស្នើសុំកិច្ចអន្តរាគមន៍ ដោះស្រាយករណីនានាដែលកើតមាន យ៉ាងហោចណាស់អោយបានម្ដងក្នុងមួយឆ្នាំ។
ឥឡូវយើងគួរតែធ្វើការសម្រេច។ ដំបូងខ្ញុំព្រះករុណាខ្ញុំ សុំកំណត់នូវវេទិកានេះ តើតម្លៃវេទិកានេះមានកម្រិតត្រឹមណា? តាមអ្វីដែលយើងធ្លាប់បានធ្វើ វេទិការវាងរាជរដ្ឋាភិបាល និងឯកជន គឺយើងបានចាត់ទុកថា ជាសម័យប្រជុំនៃគណៈរដ្ឋមន្រ្តី ដែលការសម្រេចនៃអង្គប្រជុំនៃវេទិកានោះ គឺមានតម្លៃស្នើនឹងសេចក្ដីសម្រេចរបស់គណៈរដ្ឋមន្រ្តី។ ដូច្នេះ អ្វីដែលកើតឡើងនូវថ្ងៃនេះ គឺមានតម្លៃស្នើនឹងការសម្រេចរបស់គណៈរដ្ឋមន្រ្តី ដែលចាំបាច់ត្រូវចេញ ស.ជ.ណ ដើម្បីគ្រប់តួអង្គពាក់ព័ន្ធទាំងអស់យកទៅអនុវត្ត។ បើមិនដូច្នោះ អ្វីដែលយើងបាននិយាយនៅទីនេះ វាគ្រាន់តែជាការនិយាយអោយពិរោះស្ដាប់តែប៉ុណ្ណោះ ប៉ុន្តែយើងមិនបានអនុវត្តពិតប្រាកដនោះទេ។ នេះជាកំណែទម្រង់មួយ ដែលរាជរដ្ឋាភិបាលបើកឱកាសអោយតួអង្គពាក់ព័ន្ធចូលរួមមតិ។ ខ្ញុំទទួលយកនូវសំណូមពរនៃការរៀបចំវេទិការវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល និងអ្នកពាក់ព័ន្ធ លើបញ្ហាធនធានធម្មជាតិ និងបរិស្ថានក្នុងមួយឆ្នាំម្ដង។
បន្ថែមលើនេះ ខ្ញុំព្រះករុណាខ្ញុំ សូមស្នើ តើអង្គប្រជុំឯកភាពជាមួយខ្ញុំព្រះករុណាខ្ញុំ ឬអត់? ជាពិសេស អង្គការសង្គមស៊ីវិលដែលមាន ១៩ អង្គការ តាមរយៈលោក តឹក វណ្ណារ៉ា។ បើយើងរង់ចាំមួយឆ្នាំម្ដង វាយូរណាស់ ១២ ខែឯណោះ ហើយយើងដោះស្រាយត្រឹមមួយព្រឹក វាមិនគ្រប់គ្រាន់ទេ កុំថាមួយព្រឹក មួយថ្ងៃក៏វាមិនគ្រប់គ្រាន់ដែរ។ ខ្ញុំព្រះករុណាខ្ញុំ ស្នើទម្រង់បែបនេះ ប្រសិនបើថា យើងឯកភាពគ្នា យើងចាប់អនុវត្តតែម្ដង។ មានក្រសួងមួយចំនួនដែលចាំបាច់ត្រូវធ្វើការពិគ្រោះយោបល់ក្នុងរង្វង់ ៣ ខែម្ដង តាមរយៈយន្តការពិគ្រោះយោបល់មួយ ដែលមានការពាក់ព័ន្ធក្នុងវិស័យរបស់ខ្លួន។
ខ្ញុំព្រះករុណាខ្ញុំ បានពិនិត្យមើលសព្វមើលគ្រប់ ឃើញថា មានក្រសួង ៦ ដែលមានការពាក់ព័ន្ធនៅក្នុងការពិគ្រោះពិភាក្សាជាមួយដៃគូទាំងនោះ។ ក្នុងនោះ មានក្រសួងបរិស្ថាន, ក្រសួងកសិកម្ម, ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់, ក្រសួងរ៉ែ និងថាមពល, ក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងក្រសួងធនធានទឹកដែលមានការពាក់ព័ន្ធច្រើនជាងគេ។ ដូច្នេះ ដៃគូរបស់ខ្លួនដែលធ្វើការខាងផ្នែកណា គឺត្រូវអញ្ជើញទៅពិភាក្សាខាងផ្នែកនោះ។ ខ្ញុំព្រះករុណាខ្ញុំ មិនហ៊ានស្នើសុំអង្គការ ក្រៅរដ្ឋាភិបាលរៀបចំប្រធានក្រុមដូចជាវិស័យឯកជនទេ។
សុំលើកបញ្ហានេះបន្តិច វេទិការវាងរាជរដ្ឋាភិបាល និងវិស័យឯកជន គឺធ្វើមួយឆ្នាំម្ដង ប៉ុន្តែនៅក្នុងចន្លោះពេលពីវេទិកាមួយទៅវេទិកាមួយ គេមានក្រុមរបស់គេ។ ខាងរាជរដ្ឋាភិបាល ឧទាហរណ៍៖ វិស័យកសិកម្ម គឺមានរដ្ឋមន្រ្តីកសិកម្ម ប៉ុន្តែវិស័យឯកជនត្រូវបោះឆ្នោតជ្រើសរើសប្រធានក្រុមមួយ ដើម្បីមកចូលរួមនៅក្នុងការពិគ្រោះពិភាក្សា រាប់ទាំងការផ្ដល់មតិទៅលើក្របខណ្ឌគោលនយោបាយ ក្របខណ្ឌច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិនានា ដែលជាដៃគូជាមួយនឹងផ្នែកក្រុមការងាររបស់រាជរដ្ឋាភិបាល។ ដោយសារមានស្ថានភាពមិនដូចគ្នា ការបោះឆ្នោតជ្រើសរើសមេក្រុម គឺជាការលំបាក។ ប៉ុន្តែជំនួសវិញ ដើម្បីយន្តការនេះវាអាចដើរ គឺយើងត្រូវធ្វើនូវការប្រជុំក្នុងរយៈពេល ៣ ខែម្ដង ដោយមានការអញ្ជើញពីសំណាក់រដ្ឋមន្រ្តីដែលទទួលបន្ទុកការងារនោះ។
ព្យាយាមស្ដាប់ពាក្យពិតក្នុងរយៈ ៣ ខែម្ដង ជាជាងស្ដាប់ពាក្យកុហក ៥ ឆ្នាំម្ដង
ឧទាហរណ៍ យើងលើកអំពីករណីព្រៃឈើទៅចុះ … វិធានការជាកញ្ចប់មួយត្រូវបានប្រកាន់យកសម្រាប់កិច្ចការរបស់យើង … ព្រៃឈើ តាមដឹងវានៅតែបន្ដបំផ្លាញ … (អីចឹងទេ)ទុកមួយឆ្នាំម្ដង មកពិភាក្សាគឺវាយូរណាស់។ អញ្ចឹងទេ ទាក់ទងនឹងវិស័យព្រៃឈើ ឬវិស័យជលផល វិស័យនានា ៣ ខែ យើងជួបពិគ្រោះទៅតាមក្រសួងដែលមានការពាក់ព័ន្ធ ហើយរឿងច្រើនជាងគេ គឺក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អាពីររឿងហ្នឹង ព្រៃឈើ និងត្រីហ្នឹង ព្រោះអាពីរហ្នឹង វាមានសត្រូវច្រើនជាងគេ។ បើទោះបីព្រះតេជព្រះគុណជាបព្វជិត ប៉ុន្តែព្រះតេជព្រះគុណនៅតែស្ងៀមទៅ គេឆាក៏ដោយ គេអាំងក៏ដោយ គេចៀនក៏ដោយ នៅអោយស្ងៀម រឿងតែប៉ុណ្ណឹងទេ។ ប៉ុន្តែសួរថា តើបព្វជិតមិនឆាន់ត្រី? អញ្ចឹងត្រី គឺសត្រូវក៏ច្រើនដែរ ហើយនិយាយពីដើម្បីចម្អិនត្រីបាន វាទាល់តែទៅកាប់អុស។
កាប់អុស មិនកាប់ឈើ អាហ្នឹងហើយបញ្ហារបស់យើង។ វាមិនស្ថិតនៅត្រង់ការបំផ្លាញទ្រង់ទ្រាយធំ (តែ)វាជារឿងមួយចាំបាច់ត្រូវដោះស្រាយ។ ក្រសួងខ្លះទៀត ដូចជាទាក់ទងនឹងបញ្ហាការបូមខ្សាច់ជាដើម បើមិនបូមវាស្ទះចរន្តទឹក ហើយវាទៅបាក់ច្រាំង ប៉ុន្តែពេលដែលបូមបំពាន វាទៅបាក់ច្រាំង(ទន្លេក្បែរផ្ទះ)ប្រជាជន។ … តើលោក តឹក វណ្ណារ៉ា តំណាងអោយសង្គមស៊ីវិលទាំង ១៩ នេះ យល់ព្រមជាមួយនឹងវិធានការរបស់ខ្ញុំដែលពង្រីកសិទ្ធិអំណាចរបស់អស់លោកឬទេ។ មិនគ្រាន់តែរង់ចាំមួយឆ្នាំម្ដងទេ ប៉ុន្តែលោកមានសិទ្ធិនឹងចូលរួមមតិជាមួយស្ថាប័នពាក់ព័ន្ធ ទៅតាមវិស័យដែលសង្គមស៊ីវិលមួយយកចិត្តទុកដាក់ និងការបើកចំហអោយស្ថាប័ននានាយកចិត្តទុកដាក់ ផ្ដល់មតិ តើលោកអាចយកព្រមជាមួយនឹងគំនិតផ្ដួចផ្ដើមនេះ? (លោក តឹក វណ្ណារ៉ា ថ្លែងអំណរគុណ) …
ខ្ញុំព្រះករុណាខ្ញុំ ពង្រីកបន្ថែមទៅលើតួនាទី ភារកិច្ច និងសិទ្ធិអំណាចបន្ថែមទៀត ដោយផ្ដល់អោយក្រសួងដែលធ្លាប់បានធ្វើរួចមកហើយ ប៉ុន្តែភាពមិនទៀងទាត់ និងមិនមានលិខិតបទដ្ឋានត្រឹមត្រូវ ប៉ុន្តែ គេបានធ្វើរួចមកហើយ។ ការរៀបចំសេចក្ដីព្រៀងច្បាប់ លិខិតបទដ្ឋាន ឬក្របខណ្ឌគោលនយោបាយ ចាំបាច់ត្រូវមានការពិគ្រោះយោបល់។ ប៉ុន្តែ អ្វីដែលធំជាងនេះទៀត គឺសកម្មភាពដែលយើងត្រូវប្រកាន់យក ដើម្បីការពារទាក់ទងនឹងកិច្ចការពារបរិស្ថានការពារធនធានធម្មជាតិរបស់យើងនេះ។ អញ្ចឹងទេ សុំប្រកាសថា ៣ ខែម្ដង ក្រសួងដែលមានការពាក់ព័ន្ធ ត្រូវអញ្ជើញអង្គការក្រៅរដ្ឋាភិបាល និងតួអង្គពាក់ព័ន្ធ មកពិគ្រោះយោបល់។ សុំអោយក្រសួងស្ថាប័នទាំងអស់ស្ដាប់ ព្យាយាមស្ដាប់ពាក្យពិតក្នុងរយៈ ៣ ខែម្ដង ជាជាងស្ដាប់ពាក្យកុហក ៥ ឆ្នាំម្ដង។
ការសម្រេចនៃវេទិកាថ្ងៃនេះ មានតម្លៃស្មើនឹងការសម្រេចនៃការប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី
អញ្ចឹង យើងមានយន្តការជាក់លាក់មួយ ដែលសុំបញ្ជាក់ថា៖ ទី ១ សិទ្ធិអំណាចរវាងស្ថាប័នដែលចូលរួមក្នុងវេទិកានេះ ដូចជាការសម្រេចអម្បាញ់មិញ មានតម្លៃស្មើនឹងការសម្រេចនៃការប្រជុំពេញអង្គរបស់គណៈ រដ្ឋមន្រ្តី។ នេះបានសេចក្ដីថា យើងបាននិងកំពុងបើកឱកាសនៃការចូលរួម មិនគ្រាន់តែចូលរួមដើរមើលព្រៃ នោះទេ ប៉ុន្តែការចូលរួមក្នុងការតាក់តែងក្របខណ្ឌគោលនយោបាយ ការតាក់តែងនូវសេចក្ដីព្រៀងច្បាប់ និងបទដ្ឋានគតិយុត្តិដទៃទៀត។ សូមរំលឹកបន្តិចដែរ យន្តការនេះក៏អាចធ្វើនៅថ្នាក់ខេត្តជាមួយនឹងខេត្តតែម្ដងទើបវាមានប្រសិទ្ធិភាព មកធ្វើនៅវិមានសន្ដិភាពនេះ មើលទៅទីឆ្ងាយណាស់ ហើយបើធ្វើនៅក្រសួងនៅភ្នំពេញ គឺឆ្ងាយណាស់។ ជួនកាល រឿងកើតនៅក្នុងខេត្តកំពង់ធំ ឧទាហរណ៍ ករណីព្រៃឡង់ វាមានកើតអត់ឈប់។
សូមទូលព្រះគេន គោរពជំរាបថា យើងបានបែងចែកមុខងារហើយ(ដល់ក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ)។ ព្រៃត្រូវការពារត្រូវដាក់អោយនៅក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន។ ពីមុននេះ មានព្រៃពីរប្រភេទ ព្រៃការពារដូចគ្នា ប៉ុន្តែគ្រប់គ្រងដោយស្ថាប័នខុសគ្នា៖ មួយគ្រប់គ្រង ដោយក្រសួងបរិស្ថាន មួយទៀតគ្រប់គ្រងដោយរដ្ឋបាលព្រៃឈើ។ ឥឡូវនេះ គ្រប់គ្រងតែមួយកន្លែងបានហើយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវប្រគល់តំបន់ព្រៃការពារទាំងអស់ អោយក្រសួងបរិស្ថានគ្រប់ គ្រង។ ផ្ទុយទៅវិញ ដីធ្វើអាជីវកម្មទាំងឡាយ ដែលមុននោះ វានៅក្នុងក្របខណ្ឌនៃដីរបស់ក្រសួងបរិស្ថានគ្រប់គ្រង ក៏ត្រូវប្រគល់អោយក្រសួងកសិកម្មគ្រប់គ្រងវិញ។
ផ្ទេរសិទ្ធិអំណាចឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ
មួយផ្នែកទៀត មិនមែនធ្វើប្រតិភូកម្មទេ (តែ)ត្រូវផ្ដល់សិទ្ធិអំណាចអោយរដ្ឋបាលថ្នាក់ក្រោមជាតិតែម្ដង។ រដ្ឋបាលថ្នាក់ក្រោមជាតិនៅពេលនេះ កំពុងតែធ្វើការកែទម្រង់ ដោយពីរដ្ឋបាលថ្នាក់ក្រោមជាតិអនុវត្តតាមរបៀបខ្សែបណ្ដោយ ប៉ុន្តែទំនាក់ទំនងខ្សែទទឹងជួបការលំបាក។ ឥឡូវនេះ យើងកំពុងធ្វើកែទម្រង់មួយ ដោយផ្ដល់សិទ្ធិអំណាចទៅអោយរដ្ឋបាលថ្នាក់ក្រោមជាតិ។ មុននេះ ពេលដែលគេកាប់ឈើនៅនឹងមុខ ចៅហ្វាយខេត្ត ឬអនុខេត្ត អត់មានយោបល់អីទាំងអស់ ព្រោះថាអាហ្នឹង គឺរឿងរបស់ក្រសួងបរិស្ថាន រឿងរបស់ក្រសួងកសិកម្ម, វាទៅជាអញ្ចេះ។ ឥឡូវនេះ ត្រូវផ្ដល់ទៅអោយគណៈអភិបាលខេត្ត។ សូមបញ្ជាក់ជូនដែរ ដើម្បីអោយយើងច្បាស់ទាំងអស់គ្នា មិនអនុញ្ញាតតទៅទៀតទេ ទៅលើរបៀបគ្រប់គ្រងបច្ចុប្បន្ននេះ ហើយបញ្ហានេះ បានប្រគល់ការងារតាំងពីឯកឧត្តម ចាន់ សារុន នៅធ្វើរដ្ឋមន្រ្តីកសិកម្មណោះ ក៏ប៉ុន្តែសេចក្ដីព្រៀងច្បាប់ធ្វើវិសោធនកម្មច្បាប់នេះ ធ្វើវាមិនទាន់ចេញ។ បន្ទាប់ពីការប្រជុំនេះទៅ ត្រូវវេចបាយធ្វើតែម្ដង ហើយបើអស់លោកមិនធ្វើទេ គឺខ្ញុំនឹងដឹកនាំនៅទីនេះ ដើម្បីធ្វើវិសោធនកម្មអាហ្នឹងអោយបាន។
ចែកមុខងារអោយរដ្ឋបាលថ្នាក់ក្រោមជាតិ, រដ្ឋបាលព្រៃឈើ និងជលផល នៅក្នុងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
ចំណុចដែលយើងរកឃើញនៅកន្លែងណា? ក្រសួងមួយ ក្បាលមួយ កន្ទុយបី។ អ្វីទៅដែលហៅថា ក្បាលមួយ កន្ទុយបី? នៅខាងលើហៅថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅពីខាងលើ ដល់ទៅដល់ថ្នាក់ខេត្ត ហៅថាមន្ទីរកសិកម្ម។ អញ្ចឹងបាត់អាពីរនោះទៅណាទៅ? មន្ទីរកសិកម្មនោះ គាត់ធ្វើតែទាក់ទងនឹងបញ្ហាក្សេតសាស្រ្ត បសុព្យាបាល ការដាំដុះអីមួយចំនួន ប៉ុន្តែបាត់ព្រៃឈើ និងជលផល វានៅឯណា? គេបង្កើតឡើងនៅខណ្ឌរដ្ឋបាលព្រៃឈើ និងខណ្ឌរដ្ឋបាលជលផល។ សម្ដេចក្រឡាហោម ស ខេង ថ្ងៃនេះ គឺមិនបានមកចូលរួមទេ ដោយសារទៅប្រគល់ដូរចៅហ្វាយខេត្តព្រះវិហារ។ កន្លងទៅនេះ ពេលដែលឯកឧត្តម អ៊ុក រ៉ាប៊ុន នៅធ្វើជារដ្ឋមន្រ្តី បានធ្វើសំណើមួយរួចស្រេចទៅហើយ ប៉ុន្តែកន្លងទៅនេះ មិនដឹងថា តើឯកឧត្តម វេង សុខុន ជាអ្នកធ្វើសំណើនេះ ឬក៏អ្នកណាធ្វើសំណើ?
នាពេលថ្មីកន្លងទៅនេះ ខ្ញុំព្រះករុណាខ្ញុំ បានទទួល សំណើវិសោធនកម្មច្បាប់ស្ដីពីព្រៃឈើ និងច្បាប់ស្ដីពីជលផល ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានបំណងស្នើដំឡើងខណ្ឌរដ្ឋបាលព្រៃឈើ និងខណ្ឌរដ្ឋបាលជលផល អោយទៅជាមន្ទីរជំនាញចំណុះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ខ្ញុំបានចារត្រឡប់ទៅវិញថា មិនអាចធ្វើបានទេ គឺត្រូវមកចំណុះមន្ទីរកសិកម្ម ហើយនៅផ្នែកខាងក្រោមនេះ សម្រាប់រដ្ឋបាលព្រៃឈើ និងជលផលត្រូវដាក់អោយចំណុះមន្ទីរកសិកម្មខេត្ត។ សុំយល់គ្នាអោយច្បាស់។ កុំរក្សាទុកតំណែងនាយខណ្ឌរដ្ឋបាល (ធ្វើអោយ)វាទៅជាក្រសួងមួយខុសគេខុសឯង។ នេះជាមូលហេតុមួយ ក្នុងចំណោមមូលហេតុដែលយើងការពារព្រៃឈើ និងត្រីមិនបាន។
នៅពេលខាងមុខ យើងត្រូវបែងចែកមុខងារទៅអោយរដ្ឋបាលថ្នាក់ក្រោមជាតិទទួលខុសត្រូវ ហើយច្របាច់ រដ្ឋបាលព្រៃឈើ និងរដ្ឋបាលជលផល ទៅក្នុងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ដាក់ឈ្មោះវាអោយត្រូវ មិនអាចក្បាលមួយកន្ទុយបីដូចកន្លងទៅទេ។ ចាត់ទុកថាខ្ញុំព្រះករុណាខ្ញុំ ជាអ្នកខុសទៅចុះ ព្រោះខ្ញុំព្រះករុណាខ្ញុំ ល្ងង់ពេក ថារកអស់លោកអ្នកពូកែយកមកជួយ អស់លោកធ្វើសំណើរៀបចំច្បាប់ ខ្ញុំព្រះករុណាខ្ញុំ ចេះតែព្រមទៅ។ ខ្ញុំព្រះករុណាខ្ញុំ មិនបន្ទោសអ្នកណាទេ បន្ទោសខ្លួនឯង … តែខ្ញុំព្រះករុណាខ្ញុំ បានសិក្សារួចរាល់ហើយ មិនអនុញ្ញាតទេ អស់លោកណាថ្នាក់ធំទៅឡើងខាងលើទៅ រួចហើយបញ្ចូលខណ្ឌរដ្ឋបាលជលផល និងខណ្ឌរដ្ឋបាលព្រៃឈើអោយទៅនៅក្នុងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បង្កើតទៅជាសេនាធិការអោយរដ្ឋបាលថ្នាក់ក្រោមជាតិ។
ត្រូវដឹងថា លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកគ្មានអំណាចបញ្ជាកម្លាំងប្រដាប់អាវុធទេ ប៉ុន្តែខណៈអភិបាលខេត្ត ជាពិសេសអភិបាលខេត្តទេ ដែលមានសិទ្ធិបញ្ជាកងទ័ព មានសិទ្ធិបញ្ជានគរបាល មានសិទ្ធិបញ្ជាអាវុធហត្ថនៅក្នុងនោះ។ អញ្ចឹងទេ បើអោយរបៀបនេះ គឺសិទ្ធិអំណាចចៅហ្វាយខេត្តនឹងធំជាង ហើយទទួលខុសត្រូវចំពោះមុខនាយករដ្ឋមន្រ្តី លើបញ្ហាការការពារធនធានធម្មជាតិ។ ឯនៅថ្នាក់ជាតិ ជាអ្នករៀបចំក្របខណ្ឌគោលនយោបាយ និងត្រួតពិនិត្យទៅវិញ។ ធ្វើយ៉ាងដូច្នេះ វាមានប្រសិទ្ធិភាពជាង។ កន្លងទៅ ស្អីយើងដោះពីខាងលើៗ ដល់បោះពីខាងលើ(អោយ) ខាងក្រោមបាត់ការ ទទួលខុសត្រូវ។ ជេរចៅហ្វាយខេត្ត ចៅហ្វាយខេត្តថា អាហ្នឹងមិនមែនរឿងខ្ញុំផង អាហ្នឹងហើយទីចុងបំផុត យើងចាញ់បោកពួកអ្នកខូចទាំងអស់។
សហគមន៍ព្រៃឡង់ នាំគ្នាធ្វើយុទ្ធនាការមួយដើរកាត់ព្រៃឡង់ ដើម្បីការពារព្រៃឡង់។ នេះជាសកម្មភាពដ៏ល្អមួយដែលរដ្ឋបាលត្រូវស្វាគមន៍ ហើយការពារផង។ មិនត្រឹមតែប៉ុណ្ណឹងទេ ខ្ញុំព្រះករុណាខ្ញុំ បានប្រាប់(ឯ.ឧ) សាយ សំអាល់ ថា បើខែរងា គប្បីជួយឧបត្ថម្ភអាវរងាទៅ។ បើខែភ្លៀង ជួយឧបត្ថម្ភអាវភ្លៀងទៅ ហើយជួនកាល គាត់ធ្វើយុទ្ធនាការមួយក្នុងការការពារព្រៃ យើងជួយទាំងស្បៀងអាហារទៀតផង អោយគាត់ដើរកាត់ព្រៃហ្នឹងទៅ ហើយទៅបំបួសដើមឈើទៅ។ ដោយសារតែសកម្មភាពអត់ស៊ីសង្វាក់ ហើយចៅហ្វាយខេត្តក៏គ្រប់គ្រងរដ្ឋបាលព្រៃឈើមិនបាន។ រដ្ឋបាលព្រៃឈើក៏មិនសហការជាមួយនឹងសង្គមស៊ីវិល ឬក៏សហគមន៍នៅឯមូលដ្ឋាន នគរបាល ឬអាវុធហត្ថ ឬកងទ័ព មិនស្ថិតក្រោមការបញ្ជារបស់រដ្ឋបាលព្រៃឈើទេ។ ទីចុងបំផុត ទាំងអស់គ្នាស្រែកថា ការពារឈើមួយដើមហ្នឹងអោយបាន ផ្ទុយទៅវិញ គេកាប់ឈើហ្នឹងទៅបាត់។ នេះជាចំណុចចន្លោះប្រហោងធំរបស់យើង ដែលយើងត្រូវរៀបចំយន្តការជាក់លាក់ ធ្វើសកម្មភាពស្រុះគ្នា។
វិសោធនកម្មច្បាប់ព្រៃឈើ និងច្បាប់ជលផល
ទាក់ទងនឹងរឿងវិសោធនកម្មច្បាប់ព្រៃឈើ និងច្បាប់ជលផល ហេតុអីត្រូវប្រគល់អោយសម្ដេចក្រឡាហោម ដែលជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃធ្វើទៅវិញ? មូលហេតុវាមានទំនាក់ទំនងរវាងច្បាប់ស្ដីពីការរៀបចំរដ្ឋ បាលថ្នាក់ក្រោមជាតិ វាមានអង្គឯកភាពរបស់វានៅនោះ។ បើមិនមានសង្គតភាពរវាងច្បាប់ទាំងប៉ុន្មានហ្នឹងទេ វានៅរប៉ាត់រប៉ាយ។ ដូច្នេះ ត្រូវរៀបចំអោយទៅក្រោមក្របខណ្ឌច្បាប់អង្គការ ស្ដីពីការរៀបចំរដ្ឋបាលថ្នាក់ក្រោមជាតិ ប៉ុន្តែខ្ញុំព្រះករុណាខ្ញុំ សុំគូសបញ្ជាក់ថា មិនអនុញ្ញាតអោយមានការបែកខ្ញែកនៅផ្នែកខាងក្រោមទៀតទេ។ ឯកឧត្តម វេង សុខុន ត្រូវធ្វើកិច្ចការងារនេះ។ ត្រៀមរៀបចំខ្លួនអោយហើយ ដើម្បីបញ្ចូលរឿងនេះ ទោះបីច្បាប់មិនទាន់បានកែតម្រូវ ប៉ុន្តែ ត្រូវកែតម្រូវសកម្មភាពមុនអោយហើយ។ ត្រូវដាក់អោយពួកនេះ នៅក្រោមការត្រួតពិនិត្យរបស់(មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ) ប៉ុន្តែជាបឋមអោយវាស្ដាប់ចៅហ្វាយខេត្ត។ រឿងវាមិនស្ដាប់ចៅហ្វាយខេត្តហ្នឹងហើយ ដល់ពេលមានការទៅពឹងចៅហ្វាយខេត្តអោយបញ្ចេញកម្លាំងប្រដាប់អាវុធ ដើម្បីទៅបង្ក្រាបកន្លែងនេះ បង្រ្កាបកន្លែងនោះ។ ទៅធ្វើម៉េច, បើចុះទៅកាប់ឈើ ម៉េចមិនប្រាប់ ដល់ឥឡូវរកស៊ីខ្លួនឯងមិនបាន, មកពឹង? រឿងវាអញ្ចឹង។
ឥឡូវនេះ ខ្ញុំព្រះករុណាខ្ញុំ ស្នើសុំអោយតួអង្គពាក់ព័ន្ធណាដែលចង់មានមតិ ឬក៏លើកជាសំណើ លើកជាសំណួរ។ យើងអាចចំណាយពេលប្រមាណជា ១ ម៉ោង ឬតិចជាង ១ ម៉ោង ដើម្បីខ្ញុំព្រះករុណាខ្ញុំស្ដាប់មុន រួចហើយចាំខ្ញុំព្រះករុណាខ្ញុំ ធ្វើការសរុបមួយ តើច្រកចេញរបស់យើងទៅតាមវិធីណា? ដូចជាការផ្ដល់នូវការណែនាំបន្ថែម សម្រាប់យកទៅអនុវត្តពីក្នុងដំណាក់កាលនៃវេទិកាមួយនេះ ទៅកាន់វេទិកាមួយទៀតនៅឆ្នាំក្រោយ។ ប៉ុន្តែឆ្នាំក្រោយ វេទិកាគួរតែត្រូវធ្វើអោយបានមុនបន្ដិច ដោយសារយើងមានការងារច្រើន។
ទីនេះ គឺជាទីកន្លែងនៃការប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោក (World Economic Forum) ដែលត្រូវធ្វើនៅកម្ពុជា ក្នុងខែឧសភា (ឆ្នាំ ២០១៧)។ ឆ្នាំនេះ ខ្ញុំព្រះករុណាខ្ញុំ ត្រូវធ្វើដំណើរទៅដាវ៉ូស ប្រទេសស្វ៊ីស សាជាថ្មីម្ដងទៀត ដើម្បីពាំនាំសម្រាប់ការរៀបចំវេទិកាសេដ្ឋកិច្ចពិភពលោក។ ឥឡូវនេះ សូមនិមន្តព្រះតេជព្រះគុណ សូមអញ្ជើញឯកឧត្តម លោកជំទាវ សូមកុំទើសទាល់ និយាយត្រង់ៗជាមួយគ្នា បើគ្រាន់តែនិយាយភាសាការទូតទេ មិនចាំបាច់ទេ។ សូមនិមន្តព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ។
(ការបកស្រាយសំនួរទី ១) ផ្តល់កិច្ចសហការ, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ផ្ដល់ និងលើកទឹកចិត្តការដាំដើមឈើ
ខ្ញុំព្រះករុណាខ្ញុំ សូមអរព្រះគុណចំពោះព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ។ ព្រះតេជព្រះគុណពិតជាមានសង្ឃដីកាច្បាស់លាស់ ហើយចំចំណុចដែលយើងបាន និងកំពុងគិតរួមគ្នា ដើម្បីធ្វើសកម្មភាព។ អម្បាញ់មិញ ព្រះតេជព្រះគុណបានមានសង្ឃដីកាពាក់ព័ន្ធជាមួយនឹងរឿងការខ្វះកិច្ចសហការ។ រឿងនេះ បើយោងទៅលើអ្វីដែលព្រះតេជព្រះគុណបានមានសង្ឃដីកា មិនត្រឹមតែមិនសហការទេ ថែមទាំងរារាំងផង ហើយរឿងនេះ អស់លោកតាមខេត្ត និងមូលដ្ឋាននានា ត្រូវស្ដាប់អោយបាន ការធ្វើសកម្មភាពដែលមិនបំផ្លាញសន្ដិសុខជាតិ ប៉ុន្តែផ្ទុយទៅវិញ នាំទៅដល់ការរីកលូតលាស់នៃប្រទេសជាតិ ត្រូវបានលើកទឹកចិត្ត។ ខ្ញុំព្រះករុណាខ្ញុំ ផ្ដល់នូវយោបល់បន្ថែមថា ព្រះតេជព្រះគុណបិណ្ឌបាតត្រឹមតែសហការល្អ ប៉ុន្តែខ្ញុំព្រះករុណាខ្ញុំ ជូនមតិបន្ថែមទៅលើរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រសិនបើព្រះតេជព្រះគុណ ឬក៏អង្គការក្រៅរដ្ឋាភិបាលណាផ្សេងទៀត ត្រូវការកូនឈើដែលយើងមានសួនបណ្ដុះកូនឈើយ៉ាងច្រើននោះ ចាំបាច់ត្រូវប្រគេន ឬផ្ដល់អោយចូលរួមដាំដើមឈើ។
ខ្ញុំព្រះករុណាខ្ញុំ ថ្ងៃមុន ទៅឱបដើមឈើមួយដើម បង្ហោះហ្វេសប៊ុកទៅ មាន comment ចូលមកដូចជាច្រើនដែរ។ ប៉ុន្មានឆ្នាំមុន ព្រះតេជព្រះគុណ ខ្ញុំព្រះករុណាខ្ញុំ ជឿជាក់ នៅនឹងកំពង់ឆ្នាំង ខ្ញុំព្រះករុណាខ្ញុំ ដាំដើមឈើមួយដើមនៅសាលាព្រៃខ្មែរ។ ឥឡូវវាសឹងជិតមួយឱបហើយ អាហ្នឹងតែ ៣០ ឆ្នាំទៀត ធ្វើទូកងបាន។ ភារកិច្ចដាំដើមឈើ មិនគ្រាន់តែត្រូវសហការការពារនោះទេ ប៉ុន្តែបើសិនមានអង្គការក្រៅរដ្ឋាភិបាល ឬសង្គមស៊ីវិលណា ត្រូវការកូនឈើ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលទទួលបន្ទុកក្នុងការបណ្ដុះកូនឈើនេះ គប្បីត្រូវបានផ្ដល់ ហើយលើកទឹកចិត្តអោយមានការដាំដើមឈើ។ អញ្ចឹងភារកិច្ចរបស់យើងនៅពេលនេះ ម្ខាងការពារ តែម្ខាងទៀតត្រូវដាំបំពេញបន្ថែម។
អរព្រះគុណព្រះតេជព្រះគុណ ហើយព្រះតេជព្រះគុណបានមានសង្ឃដីកាមួយឃ្លាចំចំណុចណាស់ ដែលខ្ញុំព្រះករុណាខ្ញុំ បាននិយាយថា សេះបានចេញពីក្រោល យើងចាប់វាត្រឡប់មកវិញ ប៉ុន្តែបើយើងគ្មានយន្តការជាក់លាក់ គឺហ្នឹងទៅទៀតហើយ។ អញ្ចឹង ព្រះតេជព្រះគុណបានមានសង្ឃដីកាអម្បាញ់មិញថា មិនទាន់ហួសពេលទេ តែដល់ពេល។ ត្រឹមត្រូវណាស់ យើងធ្វើអត់ទាន់យឺតពេលទេ បើយើងប្រឹងទាំងអស់គ្នា គម្របព្រៃឈើរបស់យើងនឹងកើនឡើង។ ពេលនេះ ខ្ញុំព្រះករុណាខ្ញុំ គិតថា ប្រហែលជាមានមនុស្សជេរ ប៉ុន្តែ ៥ ឆ្នាំ ឬ ១០ ឆ្នាំទៀត អាចនឹងមានមនុស្សសរសើរទៅវិញ។ មូលហេតុអី? ព្រៃរេចរិលមួយចំនួនដែលបានកាប់ វាកំពុងទៅដូចជាវាលរហោស្ថាន ប៉ុន្តែ ៥ ឆ្នាំ ឬ ១០ ឆ្នាំ ក្រោយ វានឹងលូតលាស់ជាកៅស៊ូ ឬស្វាយចន្ទីត្រឡប់មកវិញ អញ្ចឹងវានឹងក្លាយទៅជាគម្របព្រៃឈើ។
(ការបកស្រាយសំនួរទី ២) ការដាំដើមឈើត្រូវធ្វើរៀងរាល់ពេល ដែលអាចធ្វើទៅបាន
អរគុណ លោក សេង ប៊ុនរ៉ា ជាមួយនឹងការលើកឡើងនេះ។ សម្រាប់ការលើកឡើងទាក់ទងជាមួយនឹងការដាំដើមឈើ។ អម្បាញ់មិញ គឺព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ក៏បានមានសង្ឃដីកាហើយ ហើយខ្ញុំក៏បានបញ្ជាក់អំពីបញ្ហានេះ។ យើងមិនអាចត្រឹមតែការពារ ហើយខ្វះការដាំបន្ថែមនោះទេ តំបន់ព្រៃរេចរិលទាំងឡាយ ហើយជារៀងរាល់ឆ្នាំយើងមានទិវាដាំដើមឈើ ០៩ កក្កដា ដែលព្រះមហាក្សត្រគង់ជាព្រះរាជអធិបតេយ្យភាពការដាំដើមឈើ ឯសម្រាប់ផ្នែកជលផល គឺត្រូវដឹកនាំព្រលែងកូនត្រីដោយនាយករដ្ឋមន្ត្រី។ តែការដាំដើមឈើ របស់យើងមិនគួរធ្វើត្រឹមតែមួយថ្ងៃ ០៩ កក្កដា ទេ ត្រូវធ្វើរៀងរាល់ពេល ដែលយើងអាចធ្វើទៅបាន។
ក្រមបរិស្ថាននឹងមានបញ្ចូលការការពារសត្វព្រៃ
ពាក់ព័ន្ធជាមួយនឹងចំណុចពីរសំខាន់ ដែលខ្ញុំគួរតែឆ្លើយតប ហើយក៏មាននៅក្នុងការលើកឡើងពាក់ព័ន្ធជាមួយនឹងសំណួរមួយចំនួន ដែលបានលើកឡើងអំពីបញ្ហាអនុរក្ស។ ទាក់ទិននឹងសត្វព្រៃ ពិតហើយរឿងនេះ យើងមិនទាន់មានលិខិតបទដ្ឋាន(គតិយុត្តិ)គ្រប់គ្រាន់។ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានប្រាប់អម្បាញ់មិញថា យើងនឹងមានក្រមបរិស្ថាន ដែលដាក់បញ្ចូលការការពារសត្វព្រៃទៅក្នុងនោះ។ អញ្ចឹង ឯកឧត្តម សាយ សំអាល់ ត្រូវប្រមូលធាតុចូល អំពីអ្នកពាក់ព័ន្ធទាំងឡាយ ដើម្បីកសាងនូវក្រមបរិស្ថាននេះ ហើយក្នុងក្រមបរិស្ថាន ចែងជំពូកជាក់លាក់ ស្តីអំពីបញ្ហាការអភិរក្សសត្វព្រៃ។ នេះខ្ញុំគិតថា ជារឿងមួយដែលចាំបាច់ បើសិនជាគ្មាននូវបទដ្ឋានជាក់លាក់ណាមួយ យើងក៏មិនអាចទៅធ្វើអ្វីបានគ្រប់គ្រាន់ រាប់ទាំងការអនុវត្តវិធានការច្បាប់ទៅលើអ្នកបរបាញ់សត្វជាដើម។ ប៉ុន្តែកន្លងទៅនេះ និយាយតាមត្រង់ ថាហាមទទួលទាន ហាមបាញ់សត្វ ក៏ប៉ុន្តែទៅដល់ភោជនីយដ្ឋានណា សួររកតែសត្វព្រៃ? សួរកតែជ្រូកព្រៃ? សួររកតែឈ្លូស? ជារឿងមួយដែលគួរតែត្រូវបានពិចារណា គេហៅថា ទាំងអស់គ្នាត្រូវតំណមមួយ កុំស៊ីសត្វព្រៃតែម្តង។
យ៉ាងណាក៏ដោយ នៅក្នុងសំណូមពរដែលមាន គឺទាក់ទងថា ឲ្យចេញច្បាប់ណាមុន ច្បាប់ណាក្រោយ ក៏ប៉ុន្តែយើងត្រូវទៅជាមួយគ្នា។ ត្រូវពន្លឿនក្រមបរិស្ថាន ដើម្បីជម្រុញស្របជាមួយនឹងការកសាងច្បាប់ដែលវាទៅជាមួយគ្នា។ យើងធ្លាប់ធ្វើក្រមព្រហ្មទណ្ឌ នៅពេលដែលយើងចេញ គឺចេញស្មើគ្នា ក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌ។ នៅពេលដែលយើងធ្វើខាងផ្នែករដ្ឋប្បវេណី យើងចេញក្រមរដ្ឋប្បវេណី និងចេញ(ក្រម)នីតិវិធីរដ្ឋប្បវេណី។ ដូច្នេះយើងចេញច្បាប់ស្តីពីធនធានធម្មជាតិ យើងក៏ត្រូវចេញក្រមបរិស្ថានទៅជាមួយគ្នា។
បង្កើនចំនួនអនុរក្ស ឬឧទ្យានុរក្សពី ៩៦០ នាក់ ទៅ ១២០០ នាក់
និយាយពីចំនួនអនុរក្ស លោកលើកឡើងត្រូវ។ ហ្នឹងហើយយោបល់ដែលយើងត្រូវស្តាប់។ ព្រៃឈើមាន ទៅដល់ ៦ លានហិកតាប្លាយ ហើយពេលខាងមុខនេះ ខ្ញុំព្រះករុណាខ្ញុំ ចង់ដាក់ព្រៃមួយចំនួនផ្សេងទៀត ដើម្បីបញ្ជូលទៅក្នុងព្រៃដែលត្រូវការពារ ដើម្បីឲ្យព្រៃដែលត្រូវការពារមានទំហំកាន់តែធំ។ ម៉េចបានជា យើងធ្វើអញ្ចឹង? ការរេចរិល និងបាត់បង់ព្រៃឈើ នឹងក្លាយទៅជាមហន្តរាយមួយសម្រាប់ប្រទេសរបស់យើង។ … ក្រសួងបរិស្ថានកំពុងពិភាក្សាជាមួយក្រសួងមុខងារសាធារណៈ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីបង្កើនឧទ្យានុរក្ស ពី ៩៦០ នាក់ បច្ចុប្បន្ននេះ ទៅ ដល់ ១២០០ នាក់។ អញ្ចឹង បើយើងគិតពីចំនួន គឺបង្កើនមិនដល់ ៣០០ នាក់ផង។ ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសុំប្រកាសថ្ងៃនេះ បង្កើនចំនួនសម្រាប់ការជ្រើសរើសអនុរក្ស ចំនួន ៣០០ នាក់ សម្រាប់ឆ្នាំ ២០១៧។ យើងត្រូវតែខិតខំរកលុយ ពង្រឹងការរកចំណូល។
យើងបង្កើនទាហាន យើងបង្កើនប៉ូលីស ដើម្បីសន្តិសុខផ្ទៃក្នុង ក៏ប៉ុន្តែយើងត្រូវបង្កើនកម្លាំងការពារធនធានព្រៃឈើរបស់យើងផងដែរ ព្រោះជាសន្តិសុខជាតិរបស់យើងដែរ។ កន្លែងខ្លះ គឺអ្នកកាប់ឈើមាន ២០ នាក់ តែអនុរក្សមានតែ ០៦ នាក់ ហើយធ្វើម៉េចជល់ជាមួយវាកើត? អញ្ចឹងទេ យើងនឹងពិនិត្យមើលតទៅទៀត បើចាំបាច់ត្រូវបំពាក់អាវុធ ក៏យើងត្រូវបំពាក់អាវុធដែរ។ អញ្ចឹងចេញ ស.ជ.ណ ទៅ។ រដ្ឋមន្ត្រីមុខងារសាធារណៈ ក៏ដូចជាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រៀមថវិកាទុកឲ្យហើយទៅ សម្រាប់ការជ្រើសរើសមិនមែនប្រើកញ្ចប់ថវិកា (ឆ្នាំ) ២០១៦ ទេ ប្រើកញ្ចប់ថវិកា(ឆ្នាំ) ២០១៧។ ប៉ុន្តែត្រូវចាប់ផ្តើមប្រុងប្រៀបរើសមនុស្សពីឥឡូវនេះទៅ។
កាន់តំណែងនាយករដ្ឋមន្ត្រីជាង ៣២ ឆ្នាំ
គេថា ខ្ញុំព្រះករុណាខ្ញុំ ហ្នឹងឃើញនៅក្រៅក្មេង ឃើញតាមទូរទស្សន៍ចាស់។ … (សម្រាប់)ខ្ញុំព្រះករុណាខ្ញុំ គ្រប់គ្រាន់ណាស់ទៅហើយ (នូវរយៈពេល) ៣១ ឆ្នាំ ជិត ៣២ ឆ្នាំ នៃមុខតំណែងនាយករដ្ឋមន្ត្រី ហើយបើគិតទាំងនាយករដ្ឋមន្ត្រីស្តីទីផង គឺចូល ៣២ ឆ្នាំហើយ។ ពេលដែលអតីតនាយករដ្ឋមន្ត្រី ចាន់ ស៊ី គាត់ឈឺនៅពាក់កណ្តាលឆ្នាំ ១៩៨៤ ពេលនោះ ខ្ញុំធ្វើនាយករដ្ឋមន្ត្រីស្តីទីរហូតមក។ ដល់ ថ្ងៃ ១៤ មករា សភាបោះឆ្នោតឲ្យធ្វើនាយករដ្ឋមន្ត្រី។ ឥឡូវ ខ្ញុំព្រះករុណាខ្ញុំ នៅត្រូវការអីទៀត? ជាភ័ព្វសំណាងមួយដែលព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ កើតឆ្នាំដូចគ្នា ទៅដូរឆ្នាំត្រូវតាមគ្នាទៀត។ នេះជានិស្ស័យ។
ឥឡូវបើនិយាយពីតួនាទី និងឋានៈ ខ្ញុំព្រះករុណាខ្ញុំ អាចនិយាយបានអញ្ចេះ ពិភពលោកនេះគ្មានអ្នកណាអាចបំបែកឯកគ្គទកម្មខ្ញុំព្រះករុណាខ្ញុំបានទេ។ ទី ១. ខ្ញុំព្រះករុណាខ្ញុំ ធ្វើមេដឹកនាំចលនាតស៊ូ តាំងពីអាយុ ២៥ ឆ្នាំ ជាមេបញ្ជាការដែលខ្ពស់បំផុត សម្រាប់ត្រើយខាងកើតទន្លេមេគង្គលើការកសាងកម្លាំងប្រដាប់អាវុធ។ នាយឧត្តមសេនីយ៍ សៅ សុខា ដែលឥឡូវជានាយឧត្តមសេនីយ៍ អគ្គបញ្ជាការរងកងទ័ព និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ពេលនោះនៅក្មេងណាស់ ទើបនឹងអាយុ ១៦ ឆ្នាំ។ ខ្ញុំព្រះករុណាខ្ញុំ អាយុ ២៥ ឆ្នាំ។ ដឹកនាំកងទ័ពជាង ១ ម៉ឺននាក់ ដើម្បីនឹងប្រយុទ្ធប្រឆាំងនឹងរបប ប៉ុល ពត។ អាយុ ២៧ ឆ្នាំ ធ្វើរដ្ឋមន្ត្រីការបរទេស។ អាយុ ៣២ ឆ្នាំ ធ្វើនាយករដ្ឋមន្ត្រី ហើយធ្វើនាយករដ្ឋមន្ត្រីជាង ៣០ ឆ្នាំ។ ឯកទគ្គកម្មទាំងនេះគ្មានអ្នកណាបំបែកបានទេ។
ទាក់ទិនជាមួយនឹងអំណាចវិញ នៅក្នុងរបបប្រជាធិបតេយ្យអាស្រ័យធម្មនុញ្ញ ឬប្រជាធិបតេយ្យអាស្រ័យសភា អំណាចវានៅនឹងនាយករដ្ឋមន្ត្រីហ្នឹងឯង។ អញ្ចឹងបានជាមានប្រទេសពីរ ពេលណា ខ្ញុំព្រះករុណាខ្ញុំ ទៅទស្សនៈកិច្ច ដៃគូរបស់ខ្ញុំព្រះករុណាខ្ញុំ គេមិនឲ្យធ្វើការជាមួយនាយករដ្ឋមន្ត្រីទេ? ពិតមែនតែប្រទេសនោះមាននាយករដ្ឋមន្ត្រី ប៉ុន្តែគេឲ្យធ្វើដៃគូជាមួយប្រធានាធិបតី។ ទី ១ ប្រទេសបារាំង (ដែលខ្ញុំព្រះករុណា)ទៅធ្វើដៃគូជាមួយនឹងប្រធានាធិបតី ដូចទស្សនកិច្ចកន្លងទៅនេះ ព្រោះគេដឹងថា យើងជាអ្នកកាន់អំណាចពិតប្រាកដ។ កូរ៉េខាងត្បូងគេមាននាយករដ្ឋមន្ត្រីដែរ ក៏ប៉ុន្តែដៃគូគឺជាមួយប្រធានាធិបតី ដែលលោកជំទាវ Park Geun-hye នឹងមកទស្សនៈកិច្ចក្នុង ខែ តុលា ខាងមុខនេះ។ បើនិយាយពីទាហាន វាខ្ពស់ណាស់ទៅហើយ ធ្លាប់ធ្វើអគ្គបញ្ជាការ កម្លាំងប្រដាប់អាវុធ ហើយឥឡូវនេះកំពុងស្ថិតនៅជាឧត្តមសេនីយ៍ផ្កាយមាស ៥ …។
រក្សាអំណាចដើម្បីសុវត្ថិភាពនគរ ជារឿងមួយ, ដណ្តើមអំណាច ជារឿងមួយទៀត
ខ្ញុំព្រះករុណាខ្ញុំ ចង់ចេញស្អែកក៏បាន។ អត់បញ្ហា។ មិនបាច់ចាំថាដូរ ឬមិនដូរទេ។ ប៉ុន្តែបញ្ហាស្ថិតនៅត្រង់អី? ក្រោយ ហ៊ុន សែន ជានរណា? នេះជាបញ្ហាដែលត្រូវគិត។ បើសិនជាក្រោយ ហ៊ុន សែន វាស្រួល គឺអត់ទេ មួយអាទិត្យវ៉ៃកូនហ្គោល ៥ ដង ក៏គ្មានអ្នកណាគេឈឺក្បាល។ ប៉ុន្តែត្រូវគិតឲ្យច្បាស់។ ឥឡូវយើងនិយាយកន្លែងហ្នឹងបន្តិច កុំឲ្យគេថា ខ្ញុំព្រះករុណាខ្ញុំ ហ្នឹងគិតតែច្បាមអំណាច។ ការរក្សាអំណាចដើម្បីសុវត្ថិភាពរបស់នគរ គឺជារឿងមួយ។ ការដណ្តើមអំណាច គឺវាជារឿងមួយទៀត។ អ្នកធ្វើបក្សនយោបាយធ្វើដើម្បីអី? និយាយឲ្យវាត្រង់ៗ តែម្តងទៅ ធ្វើដើម្បីសន្លឹកឆ្នោត។ ហើយពេលដែល ខ្ញុំព្រះករុណាខ្ញុំ ចុះទៅ ដើរសួរសុខទុក្ខប្រជាពលរដ្ឋ គេថាដើម្បីសន្លឹកឆ្នោត។ សុំប្រកាសថាខ្ញុំទៅរកសន្លឹកឆ្នោត។ និយាយឲ្យច្បាស់។ កុំភូតគេភូតឯង។ សូម្បីគេលេងហ្វេសប៊ុកឈ្នះខ្លួន ក៏មករករឿងគេដែរ។ មើលព្រះតេជព្រះគុណ បង្ហោះហ្វេសប៊ុកអីមានគេ Like ហើយព្រះតេជព្រះគុណដឹងថាអ្នកណា Like ខ្ញុំព្រះករុណាខ្ញុំ ក៏ Like ឲ្យព្រះតេជព្រះគុណដែរតើ …។
ប្រើថវិកាលក់កាបូន ការពារបរិស្ថានវិញ, ២ ដុល្លារពីសំបុត្រចូលទស្សនាអង្គរ ជួយមន្ទីរពេទ្យគន្ធបុប្ផា
… ខ្ញុំក៏អរគុណផងដែរ ជាមួយនឹងការដែលបានជួយលក់កាបូន … ខ្ញុំសូមនិយាយបន្តិចទាក់ទងជាមួយនឹងបញ្ហាកម្រៃ ដែលបានមកពីការលក់កាបូនព្រៃឈើ។ ពិតហើយចំណូលថវិកាជាតិ វាត្រូវឆ្លងកាត់គណនេយ្យទោល រវាងចំណូល និងចំណាយ ក៏ប៉ុន្តែខ្ញុំសុំផ្តល់នូវការណែនាំមួយ។ ឥឡូវយើងទើបនឹងលក់បាន ២ លាន ៦ សែនដុល្លារ(អាមេរិក)តែប៉ុណ្ណោះ ប៉ុន្តែយើងនឹងអាចលក់បានច្រើនលើសនេះ។ ខ្ញុំស្នើថា ការលក់បានទាំងប៉ុន្មាន ទោះបីឆ្លងកាត់របៀបទូទាត់ថវិកា ដើម្បីគាំទ្រឲ្យកំណែទម្រង់វិស័យហិរញ្ញវត្ថុសាធារណៈ(ដូចម្តេចក្តី) យើងគប្បីប្រើប្រាស់នូវថវិកា ដែលបានមកពីការលក់កាបូនព្រៃឈើនេះ មកសម្រាប់ការការពារបរិស្ថានវិញ។ កន្លងទៅយើងមិនដែលបានទទួលកម្រៃណាដើម្បីយកមកទ្រទ្រង់ថវិកាជាតិទេ។ បើខ្ញុំព្រះករុណាខ្ញុំ មិនច្រឡំទេ តាំងពីឆ្នាំ ១៩៩៨ ពេលដែលខ្ញុំព្រះករុណាខ្ញុំឲ្យបញ្ចប់ការកាប់ឈើហ៊ុប ពេលហ្នឹងគឺប្រកាសឲ្យឈប់តែម្តង យើងអត់ដែលមានប្រាក់ចំណូលពីព្រៃឈើ ដើម្បីយកមកទ្រទ្រង់ថវិកាចរន្តរបស់យើងទេ។
ពិតមែនតែឥឡូវនេះមានព្រៃឈើ តំបន់គេហៅព្រៃសម្បទានដែលនៅសេសសល់ ក៏ប៉ុន្តែមិនឲ្យកាប់ឈើទេ។ ក្រុមហ៊ុនពីរបានប្រគល់មកឲ្យរដ្ឋវិញ នៅសល់ក្រុមហ៊ុនមួយចំនួនទៀត ពេលអស់សុពលភាពហើយ គឺចាំបាច់ត្រូវសិក្សាយកព្រៃទាំងនេះយកមកដាក់ជាព្រៃការពារ។ ពេលនោះ យើងអាចលក់កាបូនព្រៃឈើបានច្រើនជាង ហើយយកវាមកប្រើប្រាស់នៅក្នុងការទ្រទ្រង់ឲ្យការគាំពារបរិស្ថាននេះវិញ។ យើងមិនប្រើប្រាស់ថវិកានេះ ដើម្បីយកទៅវិនិយោគផ្នែកនេះផ្នែកនោះនោះទេ ឬក៏យកមកបើកប្រាក់ខែនោះទេ។ យើងមានចំណូលសមល្មម ដើម្បីនឹងទ្រទ្រង់នូវការចំណាយរបស់រដ្ឋ តាមរយៈនៃសកម្មភាពប្រមូលចំណូលអំពីពន្ធដារ និងគយរបស់យើង។ ដូច្នេះយើងមិនមានការចាំបាច់ដើម្បីកាប់ឈើយកមកទ្រទ្រង់ ដើម្បីថវិកាជាតិនោះទេ ហើយក៏មិនចាំបាច់លក់កាបូនព្រៃឈើ ហើយយកមកទ្រទ្រង់ថវិកានោះដែរ។ អញ្ចឹងនៅ ពេលខាងមុខក្រសួងបរិស្ថានកាន់តែមានលទ្ធភាពលើសមុន។
ការបង្កប់ថវិកាមួយចំនួន បាននិងកំពុងធ្វើ ដូចជាឥឡូវ ការលក់សំបុត្រចូលមើលអង្គរវត្ត ត្រូវកាត់ ២ ដុល្លារ(អាមេរិក) សម្រាប់មន្ទីរពេទ្យគន្ធបុប្ផា។ សំបុត្រមួយ សន្លឹក កាត់ ២ ដុល្លារ(អាមេរិក) សម្រាប់មន្ទីរពេទ្យគន្ធបុប្ផាតែម្តង ព្រោះមន្ទីរពេទ្យគន្ធបុប្ផា ត្រូវការជាងគេទាំងអស់។ ប៉ុន្តែថ្ងៃក្រោយយើងនឹងអាចបង្កប់លើពន្ធដាផ្នែកណាខ្លះ ដូចជា លើកឧទាហរណ៍ទេ ការលក់បារី លក់គ្រឿងស្រវឹង។ ជួនកាលយើងបង្កប់ក្នុងស្រាបៀរមួយកំប៉ុង បង្កប់ត្រឹមតែ ១០ រៀល(ខ្មែរ) នៅក្នុងហ្នឹង ប៉ុន្តែ យើងយកមកចំណាយលើផ្នែកបរិស្ថាន។ អ្នកជក់បារីយើងអាចបង្កប់ច្រើនជាង ដើម្បីកុំឲ្យមនុស្សចូលចិត្តជក់បារី ហើយយើងយកមកប្រើក្នុងបរិស្ថានដែរ។
… សម្រាប់ការផ្តល់ដីសម្បទានសង្គមកិច្ច … ខ្ញុំសុំផ្តល់ជាមតិ សុំកុំយកគោទៅចងលើវាលខ្សាច់ វាអត់មានអីស៊ីទេ ហ្នឹងទី ១។ ទី ២ កុំយកមាន់ទៅពងនៅក្នុងជ្រុកស្រូវ។ ហេតុអីបានខ្ញុំត្រូវនិយាយ? បើលោកឯងយកប្រជាពលរដ្ឋទៅដាក់នៅព្រៃមួយឆ្ងាយរកតែផ្លូវទៅមិនបាន ប្រភពទឹកក៏អត់ ស្អីក៏អត់ ហ្នឹងដូចជា យកប្រជាជនទៅបោះចោល។ ប៉ុន្តែយើងក៏មិនយកគាត់ទៅដាក់ក្នុងស្នូលតំបន់ទីបីនៃបឹងទន្លេសាបដែរ បើធ្វើយ៉ាងដូច្នេះ គាត់ទៅលេងចំកន្លែងអភិរក្សត្រីបណ្តោយ អាហ្នឹងហើយគេហៅយកមាន់ទៅពងក្នុងជង្រុកស្រូវ។ តែពងក្នុងជង្រុកស្រូវ វាចឹកស្រូវហើយ។ ប៉ុន្តែបើយកទៅដាក់នៅតំបន់ដែលមិនអាចធ្វើអាជីវកម្មបាន ក៏យើងមិនត្រូវធ្វើទេ។ ត្រូវសិក្សាឲ្យច្បាស់។
ដាក់ប្រជាពលរដ្ឋអភិវឌ្ឍន៍នៅតាមទល់ដែន ជាជំរើសល្អជាងគេ
មុនមក(ទីនេះ) ខ្ញុំបានចុះហត្ថលេខា យល់ព្រមលើការរៀបចំផ្លូវនៅតាមខ្សែក្រវ៉ាត់ព្រំដែនភាគខាងកើត ដែល ឯកឧត្តម វ៉ា គឹមហុង បានលើកជាសំណើ។ ព្រឹកមិញ សម្បូរឯកសារ … គ្រាន់តែត្រូវចរចាជាមួយនឹងវៀតណាមខាងមុខនេះ មានចំណុចច្រើនណាស់ត្រូវពិនិត្យ។ អញ្ចឹងទេ បានណែនាំខេត្តតាកែវថ្ងៃមុន ហើយបានណែនាំបណ្តាខេត្ត វិធីដែលល្អជាងគេ គឺពង្រាយប្រជាជនទៅតាមទល់ដែន ទាំងខាងកើត ទាំងខាងលិច ទាំងខាងជើង ប៉ុន្តែមិនអាចយកប្រជាពលរដ្ឋទៅបោះបង់ចោលបានទេ ត្រូវតែរៀបចំហេដ្ឋារចនាសម្ព័ន្ធឲ្យគាត់។ ជម្រើសល្អជាងគេក្នុងការការពារទល់ដែន គឺជម្រើសដាក់ប្រជាពលរដ្ឋអភិវឌ្ឍន៍នៅតាមទល់ដែន ប៉ុន្តែបើទល់ដែនណាធ្វើអីវាមិនកើត ក៏យើងមិនត្រូវយកប្រជាជន ទៅប្រថុយនឹងគ្រោះថ្នាក់នោះដែរ។ អញ្ចឹងយើងត្រូវមានប្រព័ន្ធផ្លូវ យើងត្រូវមានស្អីទ្រទ្រង់ … មិនត្រូវយកប្រជាពលរដ្ឋទៅដាក់នៅតំបន់ ដែលមិនអាចបង្កបង្កើនផលបានទេ …។
(ការបកស្រាយសំនួរទី ៣) កញ្ចប់ថវិកាកម្មវិធីព្រៃឈើ ដាក់ទៅផែនការវិនិយោគឃុំ-សង្កាត់ ត្រូវបានពិនិត្យ
អរគុណណាស់។ ប្អូនស្រីពិតជាក្លាហានណាស់។ ថ្ងៃនេះ ប្អូនស្រីធ្វើដំណើរតំាងពីឧត្តរមានជ័យ មកកាន់ទីក្រុងភ្នំពេញ ចូលរួមនៅក្នុងវេទិការបស់យើង។ ពិតជាកិត្តិយស។ … ទាក់ទងនឹងសំណើរបស់ប្អូនស្រី រឿងនេះយើងបានធ្វើកិច្ចការមួយចំនួនហើយៗ នឹងបន្តធ្វើ ដើម្បីអោយមានខ្ទង់ថវិកាចុះទៅដល់មូលដ្ឋាន សម្រាប់ទាក់ទងនឹងការងារអភិរក្សនេះ។ មិនមែន ១៦០០ ឃុំជាង សុទ្ធតែមានព្រៃឈើទំាងអស់ទេ យើងត្រូវតែពិនិត្យមើលតាមក្រសួងបរិស្ថានថា ឃុំណាខ្លះ ដែលមានសហគមន៍ព្រៃឈើ ហើយដែលយើងបញ្ចុះថវិកាទៅតាមថ្នាក់ឃុំ-សង្កាត់នោះឯង។ ត្រូវមានចំណែកថា ឧបមាថា យើងប្រគល់ថវិកាឃុំ-សង្កាត់ ១០០ លាន ក្នុងមួយឃុំ ត្រូវតែបែងចែកថា ២០ លានសម្រាប់ការពារបរិស្ថាន ការពារព្រៃឈើ។ ធ្វើយ៉ាងនេះ គឺជាការធ្វើវិមជ្ឈការអំណាចទៅអោយមូលដ្ឋាន ដែលត្រូវការមធ្យោបាយថវិកា។
កន្លងទៅ យើងបានប្រើប្រាស់ក្នុងកម្រិតមួយដែលថា … ការធ្វើដំណើររបស់មន្ត្រី គ្រាន់តែជាការឆ្លងកាត់មើលទេសភាព ប៉ុន្តែមិនមែនជាដំណោះស្រាយសម្រាប់ប្រជាពលរដ្ឋនោះទេ។ អញ្ចឹង ថវិកាសម្រាប់ជិះសេះមើលផ្កា គួរត្រូវកាត់បន្ថយ ដោយធ្វើវិមជ្ឈការអំណាច ធនធានថវិកា និងធនធាមនុស្សទៅអោយមូលដ្ឋានតែម្តង។ នេះគឺជារឿងល្អ ដែលសុំទទួលយកនូវយោបល់នេះ។ ក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ ត្រូវធ្វើកិច្ចការនេះ តាមរយៈនៃការលើកសំណើជាមួយក្រសួងបរិស្ថាន ព្រោះថាប៉ុន្មាន(មានប៉ុន្មាន)ឃុំដែលត្រូវការ(ជា)អាទិភាព …។
កម្ពុជាមិនចាកចេញពីអង្គការសហប្រជាជាតិទេ/ចំណុចពីរដែលសម្តេចជំទាស់
ឯរឿង(ដែល)ប្អូនស្រីបានលើកឡើងទាក់ទងអនុផលព្រៃឈើ យើងត្រូវគិតជាមួយគ្នាបន្តិច។ ប្រទេសយើង ជាប្រទេសមួយដែលកំពុងរីកលូតលាស់។ ខ្ញុំធ្លាប់បានគេហៅថា ទាស់សម្តីគ្នាជាមួយតំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ Peter Leuprecht។ ម៉េចទៅបានទាស់សម្តីគ្នា? ការដែលខ្ញុំព្រះករុណាខ្ញុំ ទាស់សម្តីគ្នាជាមួយអ្នករាយការណ៍ពិសេសរបស់អគ្គលេខាធិការ អង្គការសហប្រជាជាតិ ខុសពីប្រធានាធិបតីហ្វីលីពីន។ ប្រធានាធិបតីហ្វីលីពីន ជេរអគ្គលេខាធិការអង្គការសហប្រជាជាតិ ជេរអា ឡប់ ហើយឥឡូវប្រធានាធិបតីហ្វីលីពីនប្រជុំកាសែតពីម្សិលមួយថ្ងៃ គាត់ថា គាត់ត្រៀមចាកចេញពីអង្គការសហប្រជាជាតិ ដោយសារតែអង្គការសហប្រជាជាតិអត់បានធ្វើអីទេ ពូកែខាងលូកដៃចូល។ ប៉ុន្តែសុំ អ្នកតំណាងអង្គការសហប្រជាជាតិ ឬក៏ស្អីៗ កុំបារម្ភ ខ្ញុំអត់ចាកចេញទេ ខ្ញុំមិនល្ងង់ដើរចេញទេ …។
ខ្ញុំសូមជម្រាបណា មានម្នាក់ជាអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ បង្អាប់កម្ពុជា … (តែ)ដល់ពេលផុតអាណត្តិសរសេរសំបុត្រមកតាមអ៊ីម៉ែល សុំធ្វើទីប្រឹក្សាខ្ញុំផ្នែកវិនិយោគ។ អស់លោកលួចជនជាតិខ្ញុំទៅធ្វើការ សូម្បីតែទីម័រខាងកើត ១៥ នាក់ ខ្ញុំអត់នឹកដល់ទេ ពេលមានសភាពការណ៍នៅលីបង់ ជនជាតិយើងក៏មាននៅលីបង់។ ឥឡូវជនជាតិយើងមាននៅច្រើនណាស់ មិត្តភក្តិបរទេស ទៅចេះតែទៅៗ ខ្លះនំាមករៀននៅកម្ពុជា អត់អោយយើងដឹងទៀត។ ខ្ញុំបានជួបប្រធានាធិបតី សៅតូម៉េ និងហ្វ្រាំងស៊ីប (São Tomé and Príncipe) គាត់ថាមានសិស្សកំពុងរៀននៅឯកម្ពុជា ១២ នាក់។ ខ្ញុំភ្ញាក់ព្រើត ខ្ញុំថាទៅតាមណា? គាត់ថា ទៅតាមធនាគារពិភពលោក មករៀនពីកម្ពុជា ប៉ុន្តែមិនហ៊ានសរសើរកម្ពុជា។ មើល អ្វីទៅដែលហៅថា transparency។ យើងគួរហ៊ាននិយាយ។
Peter Leuprecht និយាយថា ការអភិវឌ្ឍនៅតំបន់ទំរីង ស្រុងសណ្តាន់ ខេត្តកំពង់ធំនេះ ដែលធ្វើការដំាកៅស៊ូនេះ និងធ្វើអោយប៉ះពាល់មុខរបរប្រពៃណីរបស់ប្រជាជន។ ខ្ញុំបាន(និយាយនឹងគាត់ថា) ឯកឧត្តមនិយាយអោយច្បាស់បន្តិចមើល ឯកឧត្តមចង់ទុកជនជាតិរបស់ខ្ញុំ គ្រាន់តែស្លៀកប៉ឹង ហើយស្ពាយកាផា អោយទេសចរមើលឬ? ដីធ្លីរេចរិលគ្រាន់តែជាការបោចវល្លិ៍នេះ យើងផ្ទេរទៅជាដីដំាកៅស៊ូបានទេ? ម្ខាងឯកឧត្តមមកនិយាយជាមួយខ្ញុំ អោយជម្រុញអភិវឌ្ឍន៍ តែម្ខាងទៀតឯកឧត្តមមកនិយាយជាមួយខ្ញុំលើបញ្ហាហ្នឹង។ ខ្ញុំទទួលស្គាល់នូវតំបន់អភិរក្ស ក៏ប៉ុន្តែមិនអាចទុកអោយប្រជាជនរបស់ខ្ញុំ រស់នៅក្នុងសេដ្ឋកិច្ចប្រពៃណីតទៅទៀតបានទេ។ ឥឡូវលើការជាក់ស្តែង តើប្រជាជននៅក្នុងតំបន់មួយចំនួននោះ គាត់មាននៅស្ពាយកាផា បូតស្រូវដាក់ទេ?
ការផ្លាស់ប្តូរមុខរបរឲ្យប្រជាពលរដ្ឋ
ប្អូនស្រីនិយាយអម្បាញ់មិញគឺត្រឹមត្រូវហើយ ប៉ុន្តែយើងត្រូវគិតអោយវែងឆ្ងាយបន្តិច។ អ្វីដែលយើងបាន និងកំពុងធ្វើ បំរើអោយវិស័យទេសចរណ៍ ផលិតផលមួយចំនួនដែលបំរើអោយវិស័យទេសចរណ៍ និងការប្រើប្រាស់ប្រចំាថ្ងៃរបស់ប្រជាពលរដ្ឋ ត្រូវបានមកពីអនុផលព្រៃឈើនេះឯង ហើយក្នុងនោះមានវល្លិ៍ មានផ្តៅ មានជ័រទឹក មានជ័រចុង ប៉ុន្តែតំបន់ទំាងនេះត្រូវតែការពារ ដើម្បីអោយប្រជាពលរដ្ឋយើង គាត់មានតំបន់ដែលអាចរកវល្លិ៍ រកផ្តៅបាន។ តំបន់មួយចំនួនក៏ត្រូវតែគិតអំពីបញ្ហាដែលយើងខ្វះជ័រទឹក ជ័រចុង ទៅលើបញ្ហាការប្រើប្រាស់ ដូចជាសម្រាប់ប្រជាពលរដ្ឋដែលរស់នៅតាមតំបន់ដងទន្លេ គឺត្រូវការទូក ហើយទូក នឹងវាត្រូវការជ័រទឹក ជ័រចុងនឹងដើម្បីបិទវា ដែលយើងមិនទាន់ឈានទៅដល់ទូកសិប្បនិម្មិត្ត ធ្វើពីប្លាស្ទិចស្អីគ្រប់គ្រាន់នោះទេ។
ប៉ុន្តែរឿងមួយ យើងត្រូវគិតពីឥឡូវ នោះគឺផ្លាស់ប្តូរមុខរបរប្រជាពលរដ្ឋ ដែលគាត់ធ្លាប់តែដើរទៅដុតយកជ័រទឹក ជ័រចុង រួចហើយអាភ្លើងឆេះព្រៃមួយចំនួនឆេះដោយសារគាត់(ដុត)។ ព្រះតេជព្រះគុណហើយ ដើម្បីអោយជ័រទឹកចេញ មិនទៅដុតវា ហើយដុតហើយបោះអាហ្នឹងចោលទៅ ដល់ទៅបោះទៅវាឆេះព្រៃ។ សូម្បីតែនៅក្នុងតំបន់អង្គរ ខ្ញុំព្រះករុណាខ្ញុំ ស្នើអោយលោកសាស្ត្រាចារ្យជនជាតិជប៉ុនពីសាកលវិទ្យាល័យសូហ្វ្យា សិក្សាលើការផ្ទេរមុខរបរនៅក្នុងតំបន់អង្គរ។ មុននេះ អ្នកនៅក្នុងតំបន់អង្គរទំាងឡាយអាស្រ័យ ផលលើការរកជ័រទឹក ជ័រចុងនេះឯង។ ចំណុចនេះត្រូវថ្លឹងថ្លែង ដោយស្ថាប័នមានសមត្ថកិច្ច ជាមួយនឹងសហគមន៍។ ខ្ញុំឯកភាពអភិរក្សតំបន់ដែលមានឈើធំហ្នឹង។ បើទោះបីយើងមិនទៅចោះ មិនទៅដុតវា ក៏ត្រូវរក្សាឈើហ្នឹង អាហ្នឹងទី ១។ ទី ២ វល្លិ៍ ផ្តៅ ដែលវាដុះដោយធម្មជាតិ ត្រូវបានការពារ ត្រូវដកហូតក្នុងកំរិតណា ដើម្បីបំរើអោយសេចក្តីត្រូវការ នៃការធ្វើសិប្បកម្ម សម្រាប់ការប្រើប្រាស់របស់ប្រជាពលរដ្ឋ … ជារបស់ចេញចេញពីធនធានព្រៃឈើ និងអនុផលព្រៃឈើដែលយើងកំពុងមានសព្វថ្ងៃនេះ។
អរគុណណាស់ប្អូនស្រី ហើយសូមផ្តាំផ្ញើទៅសួរសុខទុក្ខសហគមន៍ព្រៃឈើនៅទីនោះផង ហើយសុំបន្តការខិតខំនៅទីនោះ ថាឥឡូវនេះ យ៉ាងហោចណាស់មាននាយករដ្ឋមន្ត្រី ហ៊ុន សែន មួយគ្រាន់ជាបង្អែក។ ខ្ញុំត្រូវការប្រជាពលរដ្ឋចូលរួម ខ្ញុំត្រូវការស្តាប់ពាក្យពិត ហើយខ្ញុំត្រូវការការពារនូវអ្វីដែលយើងត្រូវការពារកន្លងទៅនេះ។ ពិតមែនតែព្រះអង្គ ប៊ុត ប៊ុនតិញ ថា មិនទាន់ហួសពេល តែដល់ពេល តែសម្រាប់ ខ្ញុំព្រះ ករុណាខ្ញុំ មានវិប្បដិសារីលើបញ្ហាហ្នឹង។ ជំនាន់ ខ្ញុំព្រះករុណាខ្ញុំ ដឹកនំាតែឯង មិនទាន់មានពហុបក្ស ពេល នោះ ខ្ញុំព្រះករុណាខ្ញុំ នៅចំាបានណាស់ ក្នុងមួយឆ្នំាអោយកាប់តែ ១៦ ម៉ឺនម៉ែត្រគូបទេ ហើយកាប់មិនដែលគ្រប់ផែនការទេ ប៉ុន្តែនៅពេលដែលយើងមានរដ្ឋាភិបាលចំរុះ កាប់រាប់លានម៉ែត្រគូប។ ដល់ខ្ញុំព្រះករុណាខ្ញុំ ឈ្នះឆ្នោតសារជាថ្មី ព្រៃគុបទំាងអស់ត្រូវបញ្ឈប់។ ឥឡូវ ឱសានវាទ តំាងពីឆ្នំា ២០០២ អត់អោយអ្នកឯងកាប់ឈើហ៊ុបទេ …។ ឥឡូវចង់ស្តាប់កញ្ញា ធី សុវណ្ណថា បន្តិច កញ្ញាចាប់អារម្មណ៍យ៉ាងម៉េច ក្នុងឋានៈជាប្រធានអង្គការមួយ។
(ការបកស្រាយសំនួរទី ៤) បន្តយុទ្ធនាការ និងត្រូវរឹតបន្តឹងថែមទៀតបង្រ្កាបកាប់ឈើ
នៅកម្ពុជា នេះឋានានុក្រមពិធីការ ទី ១ ព្រះមហាក្សត្រ ទី ២ ប្រធានព្រឹទ្ធសភា ទី ៣ ប្រធានរដ្ឋសភា ទី ៤ នាយករដ្ឋមន្រ្តី។ ប៉ុន្តែ ព្រះករុណាបិតា ព្រះអង្គមានព្រះរាជបន្ទូលហើយ នៅថ្ងៃទី ១៣ ខែ វិច្ឆិកា ឆ្នាំ ១៩៩៨ ថា ខ្ញុំទី ១ សម្តេច ជា ស៊ីម ដែលនៅជាប្រធានព្រឹទ្ធសភា ទី ២ សម្តេចក្រុមព្រះនរោត្តមរណឫទ្ធិ ជាទី ៣ សម្តេច ហ៊ុន សែន ជាទី ៤ តែយើងមិនត្រូវភ្លេចទេ សម្តេច ហ៊ុន សែន ទេ ដែលជាអ្នកកាន់អំណាចទី ១ អំណាចប្រមូលផ្តុំនៅនឹងដៃរបស់នាយករដ្ឋមន្រ្តី ហ៊ុន សែន។ យើងពិនិត្យមើលអញ្ចេះ។ យើងចាប់បានតែតូចតាច ប៉ុន្តែអ្នកធំពិតប្រាកដ អ្នករកស៊ីពិតប្រាកដ ដែលជាម្ចាស់នៃមធ្យោបាយ គឺមិនដែលរកឃើញតែម្តង។ តើវានៅឯណា? ខ្ញុំគិតថា ត្រូវរៀបចំនូវប្រព័ន្ធព័ត៌មានជាក់លាក់ស្រាវជ្រាវជាពិសេស ដោយមានការចូលរួមរបស់ប្រជាពលរដ្ឋ ក្នុងនោះ យើងក៏ត្រូវមានវិធី ដើម្បីការពារអ្នកផ្តល់ព័ត៌មានឲ្យយើងផងដែរ។ តួនាទីនេះ ឯកឧត្តម សៅ សុខា ត្រូវបន្តទៅទៀត។ យុទ្ធនាការនេះមិនអាចកាត់បន្ថយទេ។ មានស្ប៉តអប់រំមួយចំនួន ដូចអ្នកបាញ់ស្វា ហៀបតែនឹងកេះកៃ ស្វាថាកុំបាញ់ខ្ញុំ ជាស្ប៉តអប់រំទាក់ទងនឹងបរិស្ថានមួយល្អណាស់ …។
ផ្តល់ការងារទៅដល់ថ្នាក់ក្រោមជាតិ កាត់បន្ថយការបន្ទោសគ្នាទៅវិញទៅមក
ទាក់ទងជាមួយនឹងមន្រ្តី អម្បាញ់មិញនេះ បានបង្កើតនូវចំនួនអនុរក្ស ៣០០ នាក់បន្ថែមទៀត ប៉ុន្តែ បើសិនជានៅតែមិនផ្តល់មធ្យោបាយ ក៏នៅតែទៅមិនរួចដដែល។ អញ្ចឹងទេ រឿងនៅពេលខាងមុខ អាចនឹងដោះស្រាយបានងាយជាង ដោយយើងត្រូវផ្តល់អំណាចទៅដល់ថ្នាក់ក្រោមជាតិ។ នៅថ្នាក់ក្រោមជាតិនោះ គេមានថវិកាថ្នាក់ក្រោមជាតិរបស់គេ ហើយក្នុងហ្នឹងថ្នាក់ជាតិ ត្រូវផ្តល់ធនធានមនុស្ស និងធនធានថវិកា ទៅឲ្យថ្នាក់ក្រោមជាតិអនុវត្ត។ ពេលនោះ មិនអាចបន្ទោសគ្នាបានទេ។ កន្លងទៅ ជះទឹកដាក់គ្នា ខាងលើបន្ទោសខាងក្រោម ខាងក្រោមបន្ទោសខាងលើ។ ពេលខាងមុខ យើងនឹងផ្តល់នូវមធ្យោបាយទៅដល់ថ្នាក់ក្រោមជាតិ។ ទន្ទឹមនឹងនេះ អន្តរកាលពីការផ្ទេរពីក្រសួងបរិស្ថាន ទៅកាន់ក្រសួងកសិកម្ម និងពីក្រសួងកសិកម្ម ទៅក្រសួងបរិស្ថាន គឺជាអន្តរកាលមួយដែលគួរតែប្រុងប្រយ័ត្ន។
សម្តេចក្រឡាហោម ស ខេង បានលើកឡើងនៅក្នុងសំណើរបស់គាត់ … សូមរាជរដ្ឋាភិបាលដាក់ចេញនូវសារាចរណែនាំបន្ទាន់អំពីវិធានការចំពោះមុខនានា ជាពិសេសការពង្រឹងបន្ថែមនូវសមត្ថកិច្ច និងការទទួលខុសត្រូវរបស់គណបញ្ជាការឯកភាពនៃរដ្ឋបាលរាជធានី/ខេត្ត/ក្រុង/ស្រុក/ខណ្ឌ ក្នុងការចាត់វិធានការជាក់ស្តែងជាបន្ទាន់ ដើម្បីទប់ស្កាត់បទល្មើសព្រៃឈើ ជលផល និងការបំផ្លាញតំបន់ការពារធម្មជាតិ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឲ្យមានប្រសិទ្ធិភាព ដោយហេតុថា នាពេលបច្ចុប្បន្ននេះ កំពុងកើតមានបាតុភាពមិនប្រក្រតី ដែលគួរឲ្យព្រួយបារម្ភ បង្កឡើងដោយបុគ្គលឆ្លៀតឱកាសមួយចំនួន នៅតំបន់ដែលកំពុងផ្ទេរសមត្ថកិច្ចគ្រប់គ្រង រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន។ មិនដឹងថា ឥឡូវនេះ សារាចរនេះបានទៅដល់ណាហើយ? ធ្វើឲ្យស្រូត។ ទន្ទឹមគ្នាហ្នឹង ត្រូវឲ្យអាជ្ញាធរថ្នាក់ក្រោមជាតិហ្នឹង រៀបចំពង្រឹងសមត្ថកិច្ច និងការអនុវត្តតែម្តង ព្រោះបើយើងរងចាំច្បាប់យូរណាស់ …។
ស្ថាបនាផ្លូវ ១៨ គីឡូម៉ែត្រ និងស្ពាន ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ
រឿងមួយទៀត គឺសំណើសុំផ្លូវ។ គួរតែឆ្លើយយ៉ាងម៉េច? ១៨ គីឡូម៉ែត្រ មិនឆ្ងាយទេចៅអើយ។ ឥឡូវនេះ ទទួលយកនូវការសាងសង់ផ្លូវ ១៨ គីឡូម៉ែត្រនេះ ហើយប្រគល់ឲ្យក្រសួងអភិវឌ្ឍន៍ជនបទជាអាណាប័កដើមខ្សែស្ថាបនាផ្លូវ និងស្ពាននេះតែម្តង។ ចៅថា ១៨ គីឡូម៉ែត្រ តែមិនដឹងថាវាស់តាមរបៀបណាទេ ប៉ុន្តែ ឥឡូវប៉ុន្មានគីឡូម៉ែត្រក៏ដោយ កសាងតំបន់ហ្នឹង ព្រោះយើងមានដាក់សាលាខាងក្រុមពួក ១៥៧ ក៏ទៅធ្វើនៅហ្នឹង។ បើសិនជាមានទេសចរទៅច្រើន អាអ្នកកាប់ឈើក៏វាខ្លាចដែរ ហើយផ្លូវនេះ មិនមែនធ្វើសម្រាប់ឲ្យអ្នកឯងកាប់ឈើទេ សម្រាប់ដឹកទេសចរ សម្រាប់សម្រួលដល់ប្រជាពលរដ្ឋ សម្រាប់ការព្យាបាលរបស់ប្រជាពលរដ្ឋ មិនមែនធ្វើឲ្យអ្នកឯងដឹកឈើទេ។ អញ្ចឹង ឯកឧត្តម អ៊ុក រ៉ាប៊ុន ទទួលកិច្ចការងារនេះ សិក្សាពេលចប់ភ្លៀងធ្លាក់ ការដ្ឋានត្រូវបើក ហើយភ្ជាប់ស្ពានទៅណាអីទៅណា រៀបចំតំបន់ហ្នឹងឲ្យទៅជាតំបន់ទេសចរណ៍អារ៉ែង ដ៏ទាក់ទាញ …។
មិនប៉ះពាល់រ៉ែទីតាញ៉ូម នៅតំបន់ជីផាត
សូមជម្រាបជូនផងដែរថា នៅតំបន់ជីផាត សុំទូលប្រគេន ពីការខិតខំរបស់រាជរដ្ឋាភិបាល។ តាមការសិក្សា នៅតំបន់ជីផាតខាងលើ ទីតាញ៉ូមនៅក្រោមដី មានតម្លៃប្រមាណ ២២ ពាន់លានដុល្លារ។ សិក្សារួចហើយ ក៏បានដាក់សំណើសុំឲ្យមានការវិនិយោគ។ ប៉ុន្តែ យើងបានសង្កេតឃើញថា ដើម្បីវិនិយោគយក ២២ ពាន់លានដុល្លារនៅក្រោមដី អាទីតាញ៉ូមនេះ វាត្រូវអស់នូវព្រៃដែលជាជម្រកសត្វដំរីតែម្តង។ អញ្ចឹងទេ ខ្ញុំព្រះករុណាខ្ញុំ បានចារថា រក្សាទុក មិនឲ្យមានការវិនិយោគទេ។ ក្មេងជំនាន់ក្រោយ គេគិតយ៉ាងណា ជារឿងរបស់គេ …។ បើសិនជាយើងហ៊ានធ្វើ ទីតាញ៉ូម យើងដកយកគម្របព្រៃឈើ ដែលសុទ្ធតែឈើធំៗ មិនតិចជាង ២ ម៉ឺន ហិកតា … ហើយមិនប្រាកដទេណា ដែលហៅថាការសិក្សាគឺគ្រាន់តែទាយ ប៉ុន្តែ សម័យឥឡូវគេអាចដឹងបាន។ ពេលដែលយើងធ្វើតំបន់ហ្នឹង គ្រឹប ទឹកសមុទ្ររបស់យើងលែងទៅជាទឹកសមុទ្រខៀវហើយ ទៅជាសមុទ្រលឿង ព្រោះអី? ខែនេះ វាភ្លៀងនាំដីដែលគេធ្វើរ៉ែហ្នឹង វាធ្លាក់ទៅក្នុងសមុទ្រ អញ្ចឹងយើងមានទឹកសមុទ្រឯណាមុជទៀត? អញ្ចឹងទេ រឿងនេះ សុខចិត្តទុកនៅក្នុងដីទៅ ៥០០ ឆ្នាំទៀត ឬ ៣០០ ឆ្នាំទៀត អ្នកក្រោយ គេធ្វើយ៉ាងម៉េចទៀត ក្រែងលោគេមានបច្ចេកវិទ្យាចុះទៅយក ដោយមិនចាំបាច់បក ២ ម៉ឺនហិកតាចេញ។ ពេលខ្លះតម្រូវឲ្យមានការគិត ពីការអភិវឌ្ឍ និងការអភិរក្ស …។
ការប្រមាថរបស់មេបក្សប្រឆាំងមកលើគ្រួសារសម្តេច មិនអាចលើកលែងបាន
អំពីសុច្ចរិតភាព ដែលចៅស្រីបានលើក។ ក៏ជារឿងមួយដែរ តែតាមិនចង់និយាយដល់ទេ។ ច្បាស់ណាស់ នៅស្រុកខ្មែរនេះ ការបំផ្លាញគ្នាតាមមធ្យាបាយនានា គឺមានគ្រប់សព្វ។ ស្អីឡើងសិទ្ធិបញ្ចេញមតិ។ ខ្ញុំសូមនិយាយហើយណា ខ្ញុំមិនអាចទទួលបានទេ ដែលភរិយាខ្ញុំត្រូវគេប្រមាថថាជាភរិយារបស់មេដឹកនាំវៀតណាម។ ហ៊ុន ម៉ាណែត មិនមែនជាកូនរបស់ ហ៊ុន សែន ទេ គឺជាកូនរបស់មេដឹកនាំវៀតណាម។ ខ្ញុំមិនអាចអត់ឱនឲ្យបានទេ ហើយអគ្គរដ្ឋទូតអាមេរិក ត្រូវទទួលខុសត្រូវលើបញ្ហាហ្នឹង ព្រោះនេះជាជនជាតិអាមេរិក។ ខ្ញុំមិនអាចទទួលយកបានទេ។ ជាការប្រមាថមួយដ៏ធ្ងន់បំផុត សម្រាប់ជីវិតរបស់ខ្ញុំ ហើយថាហេតុអីបានជា លោក ហ៊ុន សែន មិនចុះហត្ថលេខា មិនសម្រួល បើសូម្បីតែជីវិតផ្ទាល់របស់ខ្ញុំត្រូវបានគេប្រមាថហួសហេតុ។ ព្រះតេជព្រះគុណ អ្នកលេងហ្វេសប៊ុក ច្បាស់ជាដឹងហើយរឿងនេះ រហូតគេមកទាមទារធ្វើ DNA តើ ហ៊ុន ម៉ាណែត ជាកូនរបស់ ហ៊ុន សែន ពិតប្រាកដទេ។ ម្នាក់អីនៅអាមេរិក តើអាមេរិកមានឥរិយាបថបែបណា ជាមួយនឹងមនុស្សហ្នឹង? តើប្រទេសនានាទទួលបានទេ?
… សុំទោស ឯកឧត្តមអគ្គរដ្ឋទូតអាមេរិក ពិតជាបានដឹងរឿងហ្នឹង។ ហេតុអីបានជាថា លោក ហ៊ុន សែន ធ្លាប់តែធ្វើការសម្របសម្រួល អ្នកជាប់គុក ស៊ីញ៉េឲ្យចេញក្រៅគុក ព្រោះច្បាប់ពន្ធធនាគារ គេឲ្យអំណាចមកនាយករដ្ឋមន្រ្តីថា អាចធ្វើការសុំលើកលែងទោសបាន។ តែដោយតម្លៃណាក៏ដោយ ខ្ញុំមិនធ្វើ។ ភរិយាខ្ញុំវេទនាពេកហើយ។ ស្លាប់កូនមួយនៅនឹងមុខ ខ្ញុំសុំគេយកសាកសពកូនទៅកប់ គេមិនឲ្យផង អត់ធ្មត់សង្កត់ចិត្ត ដើម្បីដឹកនាំការតស៊ូមួយរំដោះប្រទេស ប្រពន្ធមានផ្ទៃពោះ ៥ ខែ ចាកចេញពីប្រពន្ធ ដឹកនាំការតស៊ូរំដោះប្រទេសហើយ ហ៊ុន ម៉ាណែត ហៅ ហ៊ុន សែន ថាជាពូ តើអ្នកទាំងអស់គ្នាអាចយល់អារម្មណ៍បែបនេះទេ? ហេតុអីបានជា ហ៊ុន ម៉ាណែត ក្លាយទៅជាកូនមេដឹកនាំវៀតណាម? សុំទោស បើអ្នកទាំងឡាយយល់ថា ហ៊ុន សែន (មិនបានធ្វើ)អ្វីដែលធ្លាប់ធ្វើពីមុន។ ខ្ញុំដឹកនាំភាគីខ្មែរដែលទាស់គ្នា ច្បាំងគ្នាដោយកម្លាំងប្រដាប់អាវុធ មករួបរួមគ្នានៅអង្គុយមួយកន្លែង។ ខ្ញុំធ្វើបាន។ ប៉ុន្តែ លើកនេះ សុំទោស ខ្ញុំធ្វើមិនបានទេ …។
ខ្ញុំព្រះករុណាខ្ញុំ ចង់ស្តាប់ពាក្យពិត។ មានតែពាក្យពិតតែប៉ុណ្ណោះ ដែលអាចដោះស្រាយចំបញ្ហា។ ថ្ងៃនេះ បានស្តាប់នូវពាក្យពេជន៍ទាំងឡាយ សង្ឃឹមថាយើងនឹងសហការគ្នាធ្វើបន្តថែមទៀត ប៉ុន្តែ រឿងមួយដែលចៅស្រីលើកអម្បាញ់មិញ ទាក់ទងនឹងការវាយប្រហារគ្នា លាបពណ៌គ្នា ចៅអើយចៅ តានេះរងគ្រោះធ្ងន់ណាស់ពេលនេះ។ ឯរឿងនេះ សូមប្រាប់ទៅប្រធានាធិបតី អូបាម៉ា ប្រាប់ទៅ John Kerry គេនៅស្រុកអាមេរិក គេជនជាតិអាមេរិក បើនៅស្រុកខ្មែរ ខ្ញុំចាប់ហើយ។ … នៅកម្ពុជា មិនមែនមានតែបក្សមួយ បក្ស ២ ទេ មានបក្សច្រើនណាស់ អ្នកជាប់គុកក៏ត្រូវជាប់គុក ហើយជាប់គុកមិនមែនតែបក្សនយោបាយណា បក្សនយោបាយណានោះទេ អ្នកណាខុសច្បាប់ អ្នកនោះជាប់គុកទៅ។ មនុស្សក្នុងគណបក្សប្រជាជនមួយគគោកជាប់គុក។ អ្វីដែលខ្ញុំសុំគឺសុំតែការពិតតែប៉ុណ្ណោះ។ ខ្ញុំមិនអាចទទួលការប្រមាថទៅលើសហ្នឹងទៀតទេ។ អំពើនេះ ត្រូវតែសងដោយតម្លៃខ្ពស់ណាស់។ អតីតអ្នកប្រយុទ្ធ អតីតអ្នកស្វែងរកសន្តិភាព អតីតអ្នកបង្រួបបង្រួមជាតិមួយនេះ មិនអាចលើកដៃចុះហត្ថលេខាសម្រួលឲ្យអ្នកណាទាំងអស់។
សូមឲ្យសារទៅអ្នកការទូតទាំងឡាយ កុំនិយាយជាមួយ ហ៊ុន សែន លើរឿងនេះ។ និយាយមិនបាន។ អ្នកណាត្រូវតុលាការផ្តន្ទាទោស អ្នកនោះត្រូវចូលគុក។ ខ្ញុំមិនមែនឆ្លៀតពេល(និយាយរឿងនេះទេ) តែចៅស្រីគាត់និយាយពីរឿងលាបពណ៌ ចៅទើបនឹងត្រូវគេលាបពណ៌មួយចំនួនទេ តែតាត្រូវគេលាបពណ៌ រាប់ទាំងចៅក៏ធ្លាប់លាបពណ៌តាដែរ កាលពីនៅជាវីរនារីសង្គ្រោះជាតិនោះ។ ឥឡូវ អាមេរិកដោះស្រាយជនជាតិអាមេរិកយ៉ាងម៉េចទៅលើការប្រមាថនេះ? ខ្ញុំអត់ទទួលបានទេ ខ្ញុំអាណិតភរិយា និងកូនខ្ញុំ។
យើងបញ្ចប់ការដេញដោលសំណួរត្រឹមប៉ុណ្ណេះ។ ខ្ញុំសូមចាប់ផ្តើមធ្វើសំយោគ ក៏ដូចជាលើកឡើងនូវចំណុចជាក់ស្តែងខ្លះបន្ថែម។ … មិនគួរឡើយខ្ញុំត្រូវទទួលរងនូវការប្រមាថ ហើយអ្នកប្រមាថសូមបញ្ជាក់ក្នុងអង្គប្រជុំតែម្តង គឺប្រធានបក្សប្រឆាំង។ សូមប្រាប់ឯកឧត្តមឲ្យច្បាស់ ថាខ្ញុំមិនអាចទទួលយកបាន។ … ឥឡូវនេះ ជាមួយនឹងការលើកឡើងទាំងឡាយ ពេលវេលាមួយព្រឹកមិនគ្រប់ទេ តែយ៉ាងហោចណាស់ យើងអាចបញ្ជាក់បានពីយន្តការសម្រាប់ដំណើរការទៅមុខតទៅទៀត។
ការអភិវឌ្ឍតែងតែមានផលប៉ះពាល់ដល់ធនធានធម្មជាតិជានិច្ច
ខ្ញុំចង់និយាយពីបរិការណ៍រួម រវាងការអភិវឌ្ឍ និងកិច្ចការអភិរក្សធនធានធម្មជាតិ។ តើមានប្រទេសណាមួយ ដែលចេញមកប្រកាសថា អភិវឌ្ឍដោយគ្មានរេចរិលធនធានធម្មជាតិហើយឬនៅ? … អត់មានទេ។ លើកលែងតែដែនដីមួយចំនួន និងប្រទេសមួយចំនួន ដូចជាសាំងហ្គាពួរ ហុងកុង ម៉ាកាវ ម៉ូណាកូ គឺជាប្រទេសដែលអភិវឌ្ឍមិនពឹងផ្អែកលើធនធានធម្មជាតិ។ ប៉ុន្តែ ប្រទេសដទៃៗសុទ្ធតែបានអនុវត្តអស់ហើយ ទាំងលើដី ទាំងក្រោមដី ទាំងក្នុងទឹក ទាំងក្រោមទឹក ទាំងសមុទ្រ ទន្លេ បឹងបួរ។ ឥឡូវ យើងពិនិត្យមើល បណ្តាប្រទេសផលិតប្រេងកាតទៅយកពីណា? មិនមែនទៅដងទឹកសមុទ្រមកឯណា អាហ្នឹង គេជីកនៅក្រោមសមុទ្រនោះ ឬក៏ក្រោមដីនោះ។ អញ្ចឹង គេអភិវឌ្ឍប្រទេសគេ ដោយផ្តើមចេញពីធនធានធម្មជាតិ ដែលគេយកមកប្រើ។ សូម្បីតែសហរដ្ឋអាមេរិកខ្លួនឯង ដោយមិនចង់ឲ្យបាត់បង់ធនធានធម្មជាតិ ក៏មានស្តុកបម្រុងរបស់ខ្លួន ប៉ុន្តែទៅវិនិយោគនៅប្រទេសដទៃ ដើម្បីមកប្រើនៅប្រទេសរបស់ខ្លួន។
ខ្ញុំមិនមែនជាអ្នកឯកទេសខាងអាមេរិកទេ តែអាមេរិកមានអណ្តូងប្រេងមិនតិចទេ និងការស្តុកបម្រុង ក្នុងពេលជាមួយគ្នា អាមេរិកត្រូវកាត់បន្ថយការផលិតធនធានធម្មជាតិក្នុងស្រុក តែទៅវិនិយោគនៅក្រៅស្រុក តាមរយៈក្រុមហ៊ុនអាមេរិក។ បន្ថែមលើនោះ ប្រទេសឧស្សាហកម្មធំៗ គេត្រូវមានការទទួលខុសត្រូវលើសពីនេះ ដោយសារពួកគេបានបញ្ចេញផ្សែងយ៉ាងច្រើន ដែលធ្វើឲ្យការប្រែប្រួលអាកាសធាតុ។ ពួកគេបានចំណេញច្រើនណាស់ ពីការអភិវឌ្ឍទាំងអស់នេះ។ ប៉ុន្តែ យើងមិនបានស្តីបន្ទោសគេទេ តែសុំឲ្យគេកុំស្តីបន្ទោសយើងហួសហេតុពេក។ សុំឲ្យនិយាយត្រឹមការពិតបានហើយ។ យើងទទួលយកនូវការពិតមួយ ដែលថាការគ្រប់គ្រងរបស់យើងមិនទាន់បានល្អ ទាមទារនូវការពង្រឹងយន្តការ ដែលវេទិកាថ្ងៃនេះ គឺជាសក្ខីភាពនៃកិច្ចសហប្រតិបត្តិការដែលយើងត្រូវធ្វើ។
រកវិធីបន្សាំជាមួយនឹងការប្រែប្រួលអាកាសធាតុ
ស្ថានភាពពិភពលោកបច្ចុប្បន្ននេះ ការប្រែប្រួលអាកាសធាតុក្លាយទៅជាចំណុចក្តៅ។ ដំបូងបំផុតការប្រែប្រួលអាកាសធាតុ បន្ទាប់ទៅភេរវកម្ម បន្ទាប់ទៅទៀតសន្តិសុខស្បៀង និងសន្តិសុខថាមពល។ ៤ ចំណុចនេះ នៅទីណាក៏គេពិភាក្សា ប៉ុន្តែ ឥឡូវនេះ ប្រមាណឆ្នាំមុន គេពិភាក្សាអំពីសន្តិសុខថាមពល និងសន្តិសុខស្បៀង។ ប៉ុន្តែ ឥឡូវគេវិលមកពិភាក្សាអំពីការប្រែប្រួលអាកាសធាតុធំជាង។ សម្រាប់យើងក៏ដូចប្រទេសមួយចំនួនកំពុងរកវិធីបន្សាំជាមួយនឹងការប្រែប្រួលអាកាសធាតុនេះឯង ពីមុនពូជស្រូវរបស់យើងធន់បានជាមួយនឹងអាកាសធាតុ ៣៦ អង្សារសេ ក៏ប៉ុន្តែ ឥឡូវនេះ អាកាសធាតុនៅក្នុងប្រទេសរបស់យើងដែលកាលពីរាំងស្ងួតកន្លងទៅនេះ ឡើងដល់ ៤០ អង្សារសេ និងនៅតំបន់ខ្លះឡើងដល់ ៤២ អង្សារសេ អញ្ចឹងតើពូជស្រូវនេះ វាសមស្របឬអត់? ទាំងអស់នេះហើយ ដែលយើងទាមទារឲ្យបន្សាំខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ …។
វាតម្រូវឲ្យមានការប្រែប្រួលបន្សាំខ្លួន … ខ្លួនយើងម្នាក់ៗ ក៏ត្រូវតែផ្លាស់ប្តូរឲ្យទាន់ពេលវេលាផងដែរ។ ជាពិសេសការប្រែប្រួលអាកាសធាតុនេះ នាំទៅដល់ការប្រែប្រួលទាំងឡាយ ជាគ្រោះមហន្តរាយទឹកជំនន់ ជាគ្រោះមហន្តរាយរាំងស្ងួត ជាគ្រោះមហន្តរាយរញ្ជួយផែនដី ឬក៏ស៊ូណាមី … ព្រឹកមិញនេះ ទឹកនៅស្ទឹងត្រែងមានការធ្លាក់ចុះបន្តិច ប៉ុន្តែល្ងាចនេះអាចនឹងហក់ឡើង ដោយសារកាលពីថ្ងៃទី ២០ ទឹកជន់លិចហ្លួងព្រះបាង នៅពេលដែលស្ទឹងត្រែងយើងខាងក្រោមវានឹងមកដល់ល្ងាចនេះនឹងមកដល់ស្ទឹងត្រែងនឹងឡើង។ តែប៉ុន្មានឆ្នាំមុនទឹកភ្លៀងមិនត្រូវអាងទន្លេមេគង្គទេ។ កុំអាលទៅបន្ទោសឡាវ ឡាវអត់ទាន់កសាង ដនសាហុង ក៏មិនទាន់កសាង សាយបូរី ឃ្លាតពីព្រំដែនកម្ពុជា ១២០០ គីឡូម៉ែត្រ ហើយក៏មិនទាន់សាងសង់អីបានប៉ុន្មានដែរ។ សំខាន់ទឹកដែលធ្លាក់ក្នុងបាសាំងមេគង្គគឺវាអត់ ហ្នឹងហើយជាការប្រែប្រួលនៃអាកាសធាតុ។ កន្លែងដែលមិនធ្លាប់ភ្លៀងទៅជាជំនន់ កន្លែងដែលធ្លាប់ជំនន់ ទៅជារាំងស្ងួត …។
កម្ពុជា មិនទាន់ធ្វើអាជីវកម្មលើប្រេងកាត ឧស្ម័ន ធ្យូងថ្ម និងរ៉ែគ្រប់ប្រភេទទេ
… ខ្ញុំសុំនិយាយទី ១ ទាក់ទងនឹងឧស្ម័ន ប្រេងកាត ធ្យូងថ្ម និងរ៉ែគ្រប់ប្រភេទ។ កម្ពុជាមិនទាន់បានធ្វើអាជីវកម្មលើប្រេងកាត ឧស្ម័ន ធ្យូងថ្ម និងរ៉ែគ្រប់ប្រភេទនៅឡើយទេ។ យើងស្ថិតនៅក្នុងដំណាក់កាល សិក្សានៅឡើយ។ ក្នុងពេលដែលប្រទេសជាច្រើនបានប្រើប្រាស់រួចស្រេចហើយ រាប់ទាំង East Timor ដែលខ្ញុំទៅទស្សនកិច្ចរួចហើយនេះ។ យើងបន្តការសិក្សា ហើយយើងធ្វើការងារនេះឱ្យល្អបំផុត។ កន្លងទៅ ទាល់តែខ្ញុំថាឲ្យបានឈប់។ ប្រដៅនោះប្រដៅ។ រឿងគ្រប់គ្រងចំណូល រឿងហ្នឹងដែលយើងត្រូវយល់ទាំងអស់គ្នា។ ជួនកាលថា តើវាជាពរជ័យ ឬបណ្តាសា បានខ្ញុំជួបអស់លោកនានា ទាំងស្ថាប័នហិរញ្ញវត្ថុធំៗ ទាំងអគ្គរដ្ឋទូត ប្រទេសខ្លះដែលពូកែនិយាយអញ្ចឹងថានែ ពេលនេះមិនមែនជាពេល ដែលត្រូវនិយាយអំពីបញ្ហាតើត្រីណា ត្រូវអាំង ត្រូវស្ងោរ ត្រូវចៀនទេ ពេលនេះត្រូវនិយាយថាធ្វើម៉េចត្រូវចាប់ត្រីឲ្យបាន។ តាំងពីឆ្នាំ ២០០២ រហូតមកដល់ឥឡូវ ១៤ ឆ្នាំ ខ្ញុំហាមរដ្ឋមន្រ្តីទាំងអស់ អោយឈប់និយាយជាមួយ។ រឿងដែលវាមិនទាន់ដល់ ពិតហើយ គេត្រូវពិនិត្យគ្រោងជាមុន ប៉ុន្តែនិយាយច្រើនម្ល៉េះ អារឿងត្រូវនិយាយមិននិយាយទេ …។
ឈើត្រូវបានប្រើប្រាស់គ្រប់ដំណាក់កាល
ឥឡូវខ្ញុំនិយាយដល់បញ្ហាឈើ ឈើប្រើ និងបំផ្លាញគ្រប់ដំណាក់កាលទាំងអស់ មិនថាដំណាក់កាលមួយណាទេ។ ដំណាក់កាលណាក៏ប្រើដែរ។ ទោះបីជាជំនាន់ប៉ុលពតក៏ប្រើដែរ គ្រប់ដំណាក់កាល ហើយសំពាធប្រជាជន ប្រជាសាស្រ្តកើនឡើង ឈើក៏រេចរិលតាមហ្នឹង។ ខ្ញុំសុំឲ្យអស់លោកអ្នកចាប់អារម្មណ៍លើបញ្ហាមួយ ហេតុអីបានគេហៅខេត្តព្រៃវែង? គេថា ពីដើមឈើច្រើនណាស់ ព្រៃវាវែង ហើយខ្ញុំសួរបន្ថែមទៀតថា ចុះឥឡូវព្រៃទៅណាអស់ទៅ? កាប់អស់រលីងហើយ។ ហើយកាប់ហ្នឹងតាំងពី ហ៊ុន សែន មិនទាន់កើត។ អញ្ចឹងទេ ឈើត្រូវបានប្រើ និងបំផ្លាញគ្រប់ដំណាក់កាលទាំងអស់ ហើយឈើមានសត្រូវច្រើនជាងគេបង្អស់។ សង្គ្រាមបាញ់គ្នាក៏ត្រូវដើមឈើ ការសាងសង់សំណង់នានាក៏ត្រូវការឈើ ត្រូវការដីដាំដុះក៏ត្រូវកាប់ឈើចេញ ត្រូវការចំអិនអាហារក៏ត្រូវការកាប់ អុសដុត ធ្វើឡឥដ្ឋ ឡក្បឿង ថ្នាំកាតាប ឬក៏ស្ករត្នោតក៏ត្រូវការឈើ ត្រូវការអុសភ្លើងឆេះព្រៃក៏ឆេះឈើ អ្នកលក់ឈើក៏លួចកាប់ឈើ។ បានសេចក្តីថាមានសត្រូវច្រើនណាស់។ … ខ្ញុំបានចាត់ឲ្យមានការគ្រប់គ្រងនៅឆ្នាំ ១៩៨៦ នៅក្នុងពេលការធ្វើកំណែទម្រង់មួយចំនួន ចាំបាច់នៅពេលនោះ។ គ្រាន់តែយកវិធានការណ៍ជាមធ្យមប៉ុណ្ណោះ អុសនៅទីក្រុងភ្នំពេញឡើងថ្លៃគំហុក។ ទីចុងបំផុតខ្ញុំបានឲ្យបញ្ឈប់នូវការរឹតត្បិតក្នុងការដឹកជញ្ជូនអុស ធ្យូងចូលមកកាន់ទីក្រុងភ្នំពេញ នេះវាជាតម្រូវការរបស់ប្រជាពលរដ្ឋ …។
… ឥឡូវទឹកចាប់ចូលព្រៃ ហើយថ្ងៃនេះ និងប៉ុន្មានថ្ងៃជាប់ៗ គ្នាអាចកម្ពស់ទឹកកាន់តែឡើងខ្ពស់ ទឹកចូលព្រៃកាន់តែច្រើន។ អាផ្នែកខាងក្រោយនេះហើយ ចាំមើលគាត់ទៅហើយ។ អាទូកៗ ទៅកាប់អុសយកមក ហើយរក្សាទុកយ៉ាងស្រួល ដល់ពេលឡថ្នាំកាតាបមកដល់ គាត់យកអាហ្នឹងទៅដុត។ អាហ្នឹងហើយ ជាមហន្តរាយព្រៃឈើដែលយើងត្រូវរកវិធីការពារវា។ ឥឡូវនេះដល់ពេលវេលាដែលយើងត្រូវខិតខំការពារ។ តែខ្ញុំព្រះករុណាខ្ញុំ គ្រាន់តែនិយាយពីខាងលើ សារបានឈើមានសត្រូវច្រើនណាស់ ឈើត្រូវប្រើប្រាស់គ្រប់ដំណាក់កាលទាំងអស់ បារាំងចូលត្រួតត្រាខ្មែរក៏ប្រើប្រាស់ ជប៉ុនចូលមកក៏ប្រើប្រាស់ ជំនាន់ប៉ុលពតក៏ប្រើប្រាស់ជំនាន់ណាក៏ប្រើប្រាស់។ អាវ៉ៃគ្នាក៏ងាប់ព្រៃឈើ ព្រៃឈើមហន្តរាយដោយសារត្រូវគ្រាប់ និងសារជាតិគីមី។
កាលហ្នឹងអាមេរិកគាត់ប្រើជាតិគីមី ដើម្បីទម្លាក់ស្លឹកឈើ និយាយៗប៉ះតែអាមេរិក សុំទោសប៉ុន្តែដោយសារអាមេរិកធ្វើដាក់ស្រុកខ្មែរ អាហ្នឹងត្រូវតែនិយាយការពិត។ ជួយមើលផង គ្រាប់ប៉ុមប៊ី គ្រាប់បែកចង្កោមនៅច្រើនណាស់ស្រុកខ្មែរ។ សូមជួយលុយឲ្យច្រើនបន្តិច អាមេរិកជាអ្នកជួយព្រោះឥឡូវងាប់ជនជាតិខ្មែរ មួយថ្ងៃៗ មិនតិចទេ ដោយសារគ្រាប់បែកអាមេរិកនៅសល់នៅស្រុកខ្មែរ អញ្ចឹងសូមអគ្គរដ្ឋទូតអាមេរិក ប្រាប់ទៅប្រធានាធិបតី អូបាម៉ា និងចន ឃែរី ហើយមិនដឹងថាពេលខាងមុខហ្នឹង ហីលឡារី គ្លីនតុន ឬ ត្រាំម៍ ឈ្នះទេ … ជាកិច្ចការរបស់ប្រជាជនអាមេរិកទេ …។
មុនរិះគន់ការទិញឥដ្ឋក្បឿងពីប្រទេសក្រៅ ត្រូវធ្វើការសិក្សាស្វែងយល់ជាមុនសិន
មានចំណុចមួយដែលសុំផ្តាំផ្ញើទុកឲ្យហើយ ដើម្បីចៀសវាងការទិតៀនចំពោះរាជរដ្ឋាភិបាល។ មានការលើកឡើងទិតៀនដល់រាជរដ្ឋាភិបាលថា សូម្បីតែឥដ្ឋ ហើយនិងក្បឿងក៏ទៅទិញពីប្រទេសក្រៅមកដែរ។ ខ្ញុំសុំឲ្យ ព្រះតេជព្រះគុណព្រះសង្ឃ និងបងប្អូនទាំងអស់ធ្វើការថ្លឹងថ្លែងឲ្យច្បាស់មើល ជួនកាលសម្ភារៈសំណង់ ដូចជាឥដ្ឋ និងក្បឿងនេះ យើងទិញពីប្រទេសក្រៅវាថោកជាងការផលិតក្នុងស្រុក ការផលិតក្នុងស្រុករបស់យើង តើបាត់បង់អីដើម្បីបានក្បឿង ឬបានឥដ្ឋមួយឡនេះ។ តើត្រូវដុតអុសអស់ប៉ុន្មាន។ អញ្ចឹងទេ បានប្រហែលពី ១០ ឆ្នាំមុន ខ្ញុំឲ្យសិក្សាអំពីរបៀបធ្វើឡឥដ្ឋ ឡក្បឿង និងឡចំហុយថ្នាំកាតាប ដោយប្រើប្រាស់មធ្យាបាយផ្សេងពីការដុតអុស ទៅកាន់ការប្រើដូចជាគហៅថាអាបំពង់ស្អីគេ សម្រាប់ឲ្យវាមានកម្តៅ។
ឥឡូវយើងពិនិត្យថ្លឹងថ្លែងទៅ ជួនកាលផ្ទះមួយ ដើម្បីបានផ្ទះមួយចំនួន ៥០០០ ម៉ែត្រការ៉េ ដើម្បីឥដ្ឋយកមករៀបសម្រាប់អា ៥០០០ ម៉ែត្រការេ តើអ្នកផលិតឥដ្ឋ គេត្រូវការអុសប៉ុន្មាន? នេះជាចំណុចដែល យើងត្រូវយល់ជាមួយគ្នាឲ្យច្បាស់ ថ្លឹងថ្លែងឲ្យច្បាស់ និយាយពីសេដ្ឋកិច្ចគឺនិយាយអំពីបញ្ហាចំណេះ បើសិនជាទិញពីគេវាថោកជាងការផលិតរបស់យើងក្នុងស្រុក យើងគួរទិញពីគេទៅ។ និយាយអញ្ចឹងថាអត់ឯករាជ្យ។ ចុះអាមេរិក ទៅយកប្រេងកាតពីមជ្ឈិមបូព៌ាហ្នឹង អាមេរិកអត់ឯករាជ្យ(ឬ)? តាមពិតអាមេរិកឆ្លាត … សួរអគ្គរដ្ឋទូតអាមេរិក ក៏អ្នកសេដ្ឋកិច្ចដែរ ហើយគាត់ចេះខ្មែរហ្នឹង អាមេរិកស្តុកប្រេងកាតរបស់អាមេរិកមិនចេះតិចទេ តែអាមេរិកបែរជាបើកការធ្វើវិនិយោគនៅប្រទេសក្រៅ នាំប្រេង និងឧស្ម័នចូលមកផ្គត់ផ្គង់ទីផ្សារអាមេរិក។ គេរក្សាទុកស្តុកយុទ្ធសាស្រ្តរបស់គេវិញ។ អញ្ចឹងសួរថាអាមេរិកទៅយកប្រេងពីអារ៉ាប៊ីសាអូឌីត និងពីប្រទេសមួយចំនួនទៀត អាមេរិកអត់ឯករាជ្យ ឬម៉េច? មិនមែនការទិញផលិតផល(មកពី)ខ្វះឯករាជ្យទេ។ មុន BREXIT យើងនាំទៅអង់គ្លេស ឆ្នាំទៅ ៨៨២ លានដុល្លារ ក្រោមរបបពាណិជ្ជកម្មរបស់អឺរ៉ុប “អ្វីក៏ដោយ កុំអោយតែអាវុធ (Everything But Arms) តែឥឡូវដល់អង់គ្លេសចាកចេញផុត យើងត្រូវចរចាផ្ទាល់ជាមួយនឹងអង់គ្លេស តើរបបពាណិជ្ជកម្មរបស់យើងជាមួយអង់គ្លេស បានទទួលភាពអនុគ្រោះខាងពន្ធដាទៀតឬអត់? បើអង់គ្លេសទិញពីខ្មែរ ហើយបែរជាអង់គ្លេសអត់ឯករាជ្យវាចប់ហើយ … ខ្ញុំសុំឲ្យអ្នកទាំងអស់គ្នា (ពិចារណាថា)បើសិនជាបើកឲ្យមានឡឥដ្ឋ ឡក្បឿងកាន់តែច្រើន ព្រៃបំផ្លាញកាន់តែច្រើនដែរ …។
ដំណាក់កាល ស្វែងរកដីថ្មី, រត់ចោលដី, បាត់ដី និងដណ្តើមដី
ឥឡូវនិយាយពីបញ្ហា ដី ទឹក ត្រី និងសត្វ។ ដំណាក់កាលទឹកជ្រៅ ត្រីច្រើន ប្រជាជនតិច ចូលមកដល់ដំណាក់កាលទឹករាក់ ប្រជាជនច្រើន។ ទឹករាក់ ត្រីតិច បូកដោយការនេសាទអាណាធិបតេយ្យ។ ពេលបារាំងចូលស្រុកខ្មែរ ប្រជាជនខ្មែរនៅប្រមាណជាង ១ លាននាក់ប៉ុណ្ណោះទេ ទឹកជ្រៅ ត្រីច្រើន ប្រជាជនតិច ដំណាក់កាលខ្ញុំធំដឹងក្តី ក៏ជាដំណាក់កាលនៅសំបូរត្រីខ្លាំងណាស់។ ភូមិរបស់ខ្ញុំ ខាងក្រោយភូមិ បឹងមានរហូត ៤-៥ ប៉ុន្តែបឹងទាំងនោះដីល្បាប់ ចាក់ចូលបូកជាមួយនឹងស្លឹកត្រស់ ស្លឹករាំង គឺបឹងបួររបស់យើងរាប់ទាំងទន្លេសាបកាន់តែរាក់ …។
… ជម្លោះដីធ្លី បានចាប់ផ្តើម។ នេះជាដំណាក់កាលស្វែងរកដីថ្មីនៅក្នុងចុងទស្សវត្សរ៍ ៧០ ប៉ុន្តែ ក៏មានដំណាក់កាលរត់ចោលដី គឺដំណាក់សង្រ្គាមរបស់អាមេរិកឈ្លានពានកម្ពុជា។ គ្រាន់តែម្នាស់ សាវម៉ាវ ធុរេន ក្រុមគ្រួសាររបស់ខ្ញុំត្រូវគ្រាប់បែកអាមេរិក និងវៀតណាមខាងត្បូងទម្លាក់មិនតិចទេ។ នេះជាដំណាក់កាលរត់ចោលដី ឲ្យទទេក៏មិនយក គ្មានអ្នកណាយកទេ។ កាលពីមុននោះ ឪពុកខ្ញុំបានប្រឹងប្រែងណាស់។ គាត់បានទៅទិញដីថែម ១៥ ហិកតាទៀត តែមិនទាន់បានកាប់ឆ្ការនៅឡើយទេ។ យើងមានដីចម្ការធ្វើម្នាស់ ធ្វើអំពៅ ដាំធុរេន ដាំសាវម៉ាវ ប៉ុន្តែ ដល់ឆ្នាំសង្រ្គាម ១៩៧០ រត់ទាំងអស់តែគ្នា … ដំណាក់កាលបន្ត គឺដំណាក់កាលបាត់បង់ដីទាំងស្រុង ដោយការធ្វើជាតូបនីយកម្មរបស់ពួកប៉ុលពត។ នេះជាដំណាក់កាលដែលប្រជាជនកម្ពុជា អត់មានសិទ្ធិលើដីធ្លីទាំងអស់ …។
… ដំណាក់កាលក្រោយមកទៀត គឺដំណាក់កាលស្តារដីថ្មី។ យើងរំដោះប្រទេសពីរបបប៉ុលពត នៅខែមករា ឆ្នាំ ១៩៧៩។ ប្រជាពលរដ្ឋមួយគ្រួសារចង់ទៅស្តារដីថ្មី យើងត្រូវឧបត្ថម្ភគាត់ប៉ុន្មាន។ រឿងបែបនេះ។ យើងធ្វើរហូតដល់ឆ្នាំ ១៩៨៨ ទើបឈប់។ ពេលហ្នឹង ញឹម វណ្ណដា នេះ នៅហ្នឹងក្រសួងផែនការស្រាប់ មុនមកធ្វើរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានកាន់កាប់កិច្ចការទាក់ទិនជាមួយ នឹងការផ្តល់លុយឲ្យនាយករដ្ឋ ដើម្បីយកទៅស្តារដីថ្មី។ ប៉ុន្តែ ខ្ញុំមិនគិតថាឥឡូវនេះ វាចូលដល់ដំណាក់ដណ្តើមដី ប្លន់ដី លួចដី។ បើសិនជាកុំរំលត់ភ្លើងសង្រ្គាម ប្រហែលជាអត់មានអ្នកណាចង់បានដី។ តិចកុំទម្លាក់កំហុសឲ្យខ្ញុំ មកពីខ្ញុំរំលត់ភ្លើងសង្គ្រាមបានគ្រប់កន្លែង ទៅគ្រប់កន្លែងបាន …។
វិប្បដិសារីទាំងបី អំពីកំណែទម្រង់ដីធ្លី, ឡូត៍នេសាទ, ជម្លោះដីធ្លី
… ក្នុងជីវិតរបស់ខ្ញុំព្រះករុណាខ្ញុំ ការសោកស្តាយមានប៉ុន្មានចំណុច ទី ១ កំណែទម្រង់យឺតលើបញ្ហាដីធ្លី។ សូមឯកឧត្តម លោក លោកស្រី លោកជំទាវ ពិចារណាចុះ ម៉េចបានថាពិបាក ពិបាកត្រង់ថាតើទទួលស្គាល់កម្មសិទ្ធិមុនឆ្នាំ ៧៥ ឬទទួលស្គាល់កម្មសិទ្ធិលើការកាន់កាប់ជាក់ស្តែងបច្ចុប្បន្ន? ប៉ុល ពត បានរឹបអូសអស់ទៅហើយ ហើយប្រជាជនត្រូវជន្លៀសទៅលិច ទៅកើត អ្នកខ្លះចូលមកនៅភ្នំពេញឆ្នាំ ១៩៧៩ ចង់យកម្នាក់ ២០០ ផ្ទះ ក៏គ្មានអ្នកណាគេឈឺក្បាលជាមួយយើងដែរ។ ខ្ញុំបង្កើតក្រសួងការបរទេសដំបូងមានមនុស្សតែ ៣ នាក់ ខ្ញុំម្នាក់ ជំនួយការម្នាក់ តៃកុងឡានមួយ។ … កំណែទម្រង់ដីធ្លីដែលវាយឺត គឺមកពី តើត្រូវទទួលកម្មសិទ្ធិមុនឆ្នាំ ១៩៧៥ ឬទទួលស្គាល់លើការកាន់កាប់ជាក់ស្តែង។ គ្រាន់តែចំណុចនេះមួយពិភាក្សាចុះពិភាក្សាឡើង។ បើយើងមិនទទួលស្គាល់កម្មសិទ្ធិលើការកាន់កាប់ជាក់ស្តែង យើងត្រូវជន្លៀសប្រជាជនទូទាំងប្រទេសតែម្តង …។
ក្រោយចុះហត្ថលេខាកិច្ចព្រមព្រៀងទីក្រុងប៉ារីសថ្ងៃ ២៣ តុលា ២៤ ទៅប្រជុំនៅស្ថានទូតខ្មែរបច្ចុប្បន្ននេះ ដែលព្រះករុណាព្រះអង្គទ្រង់នៅហ្នឹង … ថ្ងៃហ្នុងប្រធានបទមាន ២ សំខាន់ណាស់ ទី ១ កម្លាំងការពារ ហើយនិងអាវុធ។ ខ្ញុំថាអត់អីទេ ពេលហ្នឹងព្រះករុណាលោកឱបខ្ញុំជាប់ទៅខ្លាចអីសន្តិសុខ បើមានការអីឱបឯកឧត្តម ហ៊ុន សែន ឲ្យជាប់ បើផ្ទុះគ្រាប់បែក ងាប់ទាំងអស់គ្នា ហ្នឹងលោកមានបន្ទូលមួយឃ្លា។ ប៉ុន្តែ អង្គរក្សយកប៉ុន្មានទៅហើយ ហើយអាវុធមិនចាំបាច់យកទៅក៏បានដែរ ខ្ញុំបើកឲ្យនៅភ្នំពេញ ប៉ុន្តែ សម្តេច សឺន សាន គាត់លើកអញ្ចេះថា ព្រះករុណា ព្រះករុណា ទូលបង្គំមានផ្ទះ ប៉ុន្តែ ឥឡូវពួកអាយ៉ងវាយកអស់ហើយ ហើយទូលបង្គំ មានផ្ទះអីណានៅ។ បានខ្ញុំ អត់មិនបាន ខ្ញុំថានែ ឯកឧត្តម សឺន សាន អ្នកដែលទទួលខុសត្រូវក្នុងការបណ្តេញប្រជាជនចេញគឺខ្មែរក្រហម … ឯកឧត្តម ឲ្យខ្ញុំធ្វើម៉េច បើប្រជាពលរដ្ឋចូលមកគេនៅ … កុំថាឯកឧត្តម ទៅស្រុកបារាំង ទោះបីខ្ញុំជានាយករដ្ឋមន្រ្តី រាល់ថ្ងៃក៏ដោយ បើទៅដេញគេចេញ គេក៏កាប់ខ្ញុំដែរ …។
វិប្បដិសារីទី ២ គឺ កំណែទម្រង់ឡូត៍នេសាទ លុបចោលឡូត៍នេសាទយឺតពេក គួរតែលុបចោលឡូត៍នេសាទ ឆ្នាំ ២០០៥ ឬ ២០១០ គ្រវាត់ចោលតែម្តង តាំងពីឆ្នាំ ២០០០ ដែលយើងធ្វើការកែទម្រង់កាត់ ៥០% ចេញ មិនគួរទុកដល់ ១២ ឆ្នាំក្រោយបានលុបចោល។ ឯទី ៣ គឺជម្លោះដីធ្លីបានកើតឡើងក្នុងដំណាក់កាលនៃការផ្តល់ដីសម្បទានសេដ្ឋកិច្ច ហើយខ្វះដំណោះស្រាយ អនុសាសន៍ និងការណែនាំ ដែលខ្ញុំព្រះករុណាខ្ញុំ ផ្តល់ឲ្យមិនត្រូវបានអនុវត្តពេញលេញនោះ គឺស្ថានភាពស្បែកខ្លា … ធ្វើឲ្យជម្លោះដីធ្លីកើតឡើងពេញបន្ទុក។ ព្រៃឈើត្រូវបានបំផ្លាញក្នុងដំណាក់កាលពី ១៩៩៣ ដល់ ១៩៩៨ ពេញបន្ទុកហើយ កាប់ចូលដល់លានម៉ែត្រគូប ក្រោយមកទៀត អាធំកាប់មិនច្រើនទេ ប៉ុន្តែអាតូចកាប់ច្រើន …។
ឥឡូវ ទាក់ទងនឹងដំណោះស្រាយដែលយើងបានធ្វើកន្លងទៅ ប៉ុន្តែត្រូវតាមត្រួតពិនិត្យឲ្យច្បាស់៖
ឡូត៍នេសាទ និងដីសម្បទាន
ទី ១៖ ឡូត៍នេសាទត្រូវបានលុបចោលអស់ហើយ រក្សាទុកតែតំបន់អភិរក្ស ដែលស្នើសុំជួយការពារប្រឆាំងបទល្មើសនេសាទគ្រប់ប្រភេទ និងគ្រប់រូបភាព។ ការពារព្រៃតំបន់លិចទឹក ពិសេសតំបន់បី ហើយនឹងជម្រុញការចិញ្ចឹមត្រី។ ត្រីបច្ចុប្បន្នមិនអាចចិញ្ចឹមប្រជាជនយើង ១៥ លាននាក់គ្រប់គ្រាន់ទេ ត្រូវដំណើរការចិញ្ចឹមត្រីបន្ថែមទៀត ប៉ុន្តែអ្វីដែលស្នើសុំនេះ គឺរួមគ្នា ដើម្បីប្រឆាំងនឹងបទល្មើសនេសាទ មង ស្បៃមង ឆក់ និងឧបករណ៍នេសាទត្រីខុសច្បាប់ទៀត។ បើមិនអញ្ចឹង ត្រីរបស់យើងគឺហិនហោច ហើយជាពិសេស គឺតំបន់អភិរក្សត្រីនេះ ដែលប៉ុន្មានឆ្នាំកន្លងផុតទៅនេះ យើងបានឃើញហើយថា ជួនកាលទឹកវារាក់។ យើងអាចរកវិធីដើម្បីធ្វើឲ្យតំបន់អភិរក្សរបស់យើងនេះ យើងជីកស្រះបន្ថែមធ្វើឲ្យវាជ្រៅ ដើម្បីរក្សាពូជត្រីរបស់យើងនេះ ហើយធ្វើម៉េចកុំឲ្យប្រជាពលរដ្ឋចូលចាប់ក្នុងកន្លែង …។
ចំពោះបញ្ហាដីធ្លី បានបញ្ឈប់ការផ្តល់ដីសម្បទានសេដ្ឋកិច្ចតាំងពីឆ្នាំ ២០១២ ហើយសួរថា តើគួរត្រូវផ្តល់ឲ្យវិញទេ? ចម្លើយថាទេ អត់ផ្តល់ទេ។ ដីដែលបានផ្តល់រួចហើយ ត្រូវបានត្រួតពិនិត្យ ដកហូតសាឡើងវិញ ដូចដែលរដ្ឋមន្ត្រី សាយ សំអាល់ បានលើកឡើង។ កែសម្រួលខ្លះ ៧០ ឆ្នាំ ខ្លះ ៩០ ឆ្នាំ ខ្លះ ៩៩ ឆ្នាំ ឲ្យមកនៅតែ ៥០ ឆ្នាំ ទេ។ យុទ្ធនាការវាស់វែងធ្វើកម្មសិទ្ធិជូនប្រជាជនក្នុងក្របខណ្ឌនយោបាយចាស់ សកម្មភាពថ្មីលើវិស័យដីធ្លី យើងបានធ្វើទទួលផលលើបញ្ហានេះ។ តើដីនោះបានមកពីណា? ការពិត យើងកាន់តែផែនទីទេ។ រឿងនេះហើយដែល ខ្ញុំព្រះករុណាខ្ញុំ បានឃើញជាក់ស្តែងលើរឿងនេះ ត្រូវតែអារកាត់ធ្វើ។ លើការជាក់ស្តែង គាត់កាន់កាប់នៅកន្លែងហ្នឹងហើយ ប៉ុន្តែវានៅក្នុងផែនទីយើង។ ដីដែលផ្តល់ជូននេះ គឺកាត់ចេញពីព្រៃសម្បទាន កាត់ចេញពីតំបន់ការពារដែលអត់មានឈើ កាត់ចេញពីដីសម្បទានសេដ្ឋកិច្ច កាត់ចេញពីគម្របព្រៃឈើដែលមានតែលើផែនទី។ ព្រៃសម្បទានខ្លះ វាអត់មានព្រៃទៀតទេ អស់រលីងហើយ ដីសម្បទានខ្លះទៅប៉ះលើដីប្រជាពលរដ្ឋ ព្រោះពីដើមអត់មានភូមិទេ អញ្ចឹងក្នុងផែនទី យើងមើលផែនទីនៅភ្នំពេញ …។
… ឥឡូវនេះយើងអត់មានការប្រគល់ដីសម្បទានសេដ្ឋកិច្ចឲ្យតទៅទៀតទេ បន្ថែមលើនោះ ត្រូវបន្តការខិតខំ ដើម្បីជម្រុញផ្តល់ដីសម្បទានសង្គមកិច្ចជូនប្រជាពលរដ្ឋដែលខ្វះដីពិតប្រាកដ។ ត្រូវបានយកចិត្តទុកដាក់ កុំឲ្យម្នាក់ ចែកដីនៅកំពង់ធំក៏មានមុខ ចែកដីនៅក្រចេះក៏មានមុខ ចែកដីនៅស្ទឹងត្រែងក៏មានមុខ … ត្រូវធ្វើអត្តសញ្ញាណកម្មអ្នកដែលអត់ដីពិតប្រាកដឲ្យបានច្បាស់ …។
ត្រូវមានផែនទីឯកភាពរួម (ក្រសួងដែនដី ក្រសួងបរិស្ថាន ក្រសួងកសិកម្ម)
ដូចបានជម្រាបនៅខាងដើម កំណែទម្រង់ទាក់ទិនជាមួយនឹងការគ្រប់គ្រងមុននេះក្រសួងបរិស្ថានក៏មានដីសម្រាប់ធ្វើអាជីវកម្ម ក្រសួងកសិកម្មក៏មានដីធ្វើអាជីវកម្ម ឥឡូវបែងចែកមុខងារគ្នាឲ្យច្បាស់ ដីដែលអភិ វឌ្ឍប្រគល់ឲ្យក្រសួងកសិកម្មគ្រប់គ្រង។ ការបន្តចុះបញ្ជីដីរដ្ឋ ដីសហគមន៍ និងជនជាតិដើមភាគតិច ការចុះកម្មសិទ្ធិដីធ្លីជាប្រព័ន្ធ ឬដោយឡែក ដោយដុំ គឺត្រូវបន្តជម្រុញដំណើរការនេះ ហើយក៏មានលើកឡើងនៅក្នុងសំណូមពរនោះ។ អ្វីដែលយើងត្រូវធ្វើនោះគឺ ខ្ញុំឯកភាពឲ្យមានការប្រកាសជាសាធារណៈ អ្វីដែលចាំបាច់ទាំងក្រសួងដែនដី ទាំងក្រសួងបរិស្ថាន ទាំងក្រសួងកសិកម្ម ត្រូវមានផែនទីឯកភាពមួយ។ ឥឡូវដីក្រុមហ៊ុនត្រឹមនេះ មានផែនទី ហើយបានឯកភាព ហើយប្រកាសចេញចុះ ដើម្បីកុំឲ្យក្រុមហ៊ុនបំពានលើដីរបស់ប្រជាជន ឬក៏ដីរបស់រដ្ឋ។ គឺយើងត្រូវមានព្រំប្រទល់ឲ្យច្បាស់ ដីជួនកាលកន្លះហិកតាម្នាក់ គង់មានទំនាស់ អានេះដីដល់រាប់ពាន់ រាប់ម៉ឺនហិកតា …។
កាប់ព្រៃសម្បទានសេដ្ឋកិច្ច ដាំកៅស៊ូ និងស្វាយចន្ទីជាគម្របព្រៃឈើ
បញ្ហាព្រៃឈើ៖ ព្រៃសម្បទានដែលមិនឲ្យកាប់នឹងត្រូវអស់សុពលភាពនៅពេលខាងមុខ។ ក្រុមហ៊ុនពីរបានផ្តល់ឲ្យហើយ ដំណឹងខ្លះទៀតថា ក្រុមហ៊ុនខ្លះចង់ប្រគល់ឲ្យ។ ប្រគល់មកយើងពិនិត្យមើល បើដាក់ទៅជាព្រៃការពារ ក៏នៅក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន ប៉ុន្តែយើងត្រូវគិតឲ្យច្បាស់ តម្រូវការប្រើប្រាស់ក្នុងស្រុក។ កន្លងទៅ យើងប្រើប្រាស់នៅក្នុងស្រុកនេះ ភាគច្រើនយើងដកហូតយកពីដីសម្បទានសេដ្ឋកិច្ចដែលត្រូវកាប់ឈើចេញ យើងយកឈើហ្នឹងកែច្នៃ ដើម្បីប្រើប្រាស់ក្នុងស្រុក។ មិនផ្តល់ដីសម្បទានសេដ្ឋកិច្ចបន្ថែមទៀត ក៏បានរួមចំណែកការពារព្រៃឈើដែរ។ ឥឡូវដីសម្បទានសេដ្ឋកិច្ចប៉ុណ្ណឹងវាល្មមហើយ ឲ្យធ្វើទាំងអស់ ហើយពេលដែលកៅស៊ូ ឬក៏ស្វាយចន្ទី វាងើបឡើង មានន័យថា គម្របព្រៃឈើរបស់យើងវាក៏ត្រូវបានពង្រីកដែរ ព្រោះមិនតិចទេ។ ខ្ញុំធ្វើដំណើរតាមឡាន ពីក្រចេះទៅស្ទឹងត្រែង នៅសងខាងផ្លូវ វាកំពុងតែងើបឡើង …។
កត្តាទីផ្សារជាកត្តាសត្យានុម័ត
ពិតមែនហើយ ឥឡូវជ័រកៅស៊ូចុះថ្លៃ។ ចៅ ធី សុវណ្ណថា បានលើកឡើងពីកត្តាទីផ្សារ នេះជាកត្តាសត្យានុម័ត។ ឥឡូវប្រទេសមួយចំនួនដែលផលិតប្រេងក្នុងក្របខណ្ឌអង្គការ OPEC ថ្ងូរបាត់ប្រាក់ចំណូលដោយសារតែតម្លៃប្រេងធ្លាក់ ឯប្រទេសខាងកសិកម្មនាំចេញអង្ករ នាំចេញផលិតផលខាងកសិកម្ម ក៏នាំគ្នាថ្ងូរដែរ ដោយសារតែថ្លៃអង្ករធ្លាក់ ថ្លៃកសិផលធ្លាក់ ក្នុងហ្នឹងជ័រកៅស៊ូក៏វាធ្លាក់។ រដ្ឋមន្ត្រីកសិកម្ម និងរដ្ឋមន្ត្រីពាណិជ្ជកម្ម មិនមានប្រជាប្រិយទេ ក្នុងដំណាក់កាលនៃកសិកម្មធ្លាក់ថ្លៃ ប៉ុន្តែប្រសិនបើកសិកម្ម តម្លៃកសិផលឡើងថ្លៃ អ្នកទាំងពីរនាក់អង្គុយជាប់គ្នានោះនឹងមានប្រជាប្រិយ ប៉ុន្តែអ្នកមានប្រជាប្រិយជាមួយនឹងកសិករដាំដុះ ប៉ុន្តែអ្នកអត់ប្រជាប្រិយជាមួយនឹងអ្នករកស៊ីនៅតាមទីផ្សារ … អ្នកភូតគឺចូលក្នុងផ្សារក៏ភូទបាន ចេញទៅវាលស្រែក៏ភូទបាន …។
រកវិធីបន្ថយការប្រើអុស, រកមុខរបរថ្មីជំនួសដោយការកាប់ព្រៃឈើ, បន្តយុទ្ធនាការបង្ក្រាបបទល្មើសព្រៃឈើ
ចំណុចមួយដែលត្រូវគិតទុក រកវិធីបន្ថយការប្រើអុសចំអិន អាហារ ធ្វើឡឥដ្ឋ ឡក្បឿង ឡថ្នាំរំងាស់ស្ករត្នោត។ ចំណុចនេះកាលពីខ្ទង់ឆ្នាំ ២០០១ ខ្ញុំសាកល្បងឲ្យអ្នក រឡាំងកែង ប្រើប្រាស់នូវធ្យូងថ្មដើម្បីនឹងរំងាស់ស្ករត្នោត។ ខ្ញុំដឹក ១០០ តោន យកទៅជូន ទីចុងបំផុត គាត់អត់ប្រើ។ ទម្លាប់ប្រើអុសនៅតែបន្តប្រើ អុស។ សព្វថ្ងៃយើងប្រើអុសពិតជាច្រើនពេកហើយ ប៉ុន្តែឥឡូវបានហ្គាសជំនួសច្រើនគួរសម ប៉ុន្តែបើគិតជា ភាគរយនៃអ្នកប្រើហ្គាស និងឧស្ម័ន ប្រើហ្គាសគឺមានចំនួនមិនច្រើនប៉ុន្មានទេ តែយ៉ាងណាក៏ជាបណ្តើរៗ ពង្រីកការប្រើហ្គាសជំនួសឲ្យការប្រើអុសដុត ក៏ជាផ្នែកមួយនៃការកាត់បន្ថយសម្ពាធលើព្រៃឈើដែរ …។
… មិនមែនសុទ្ធតែជាបញ្ហាតូចតាចទេ ត្រូវមានចក្ខុវិស័យមួយរយៈពេលវែង ហើយតើដំណើរការបែបណា? មួយទៀត គប្បីប្រែមុខរបរប្រជាជនរកស៊ីអាស្រ័យផលដោយផលអនុផលព្រៃឈើ។ ប្អូនស្រីខាងឧត្តរមានជ័យ និងចៅស្រី ធី សុវណ្ណថា បានលើកឡើងទាក់ទងនឹងបញ្ហានេះ។ បើយើងមិនខិតខំប្តូរ នូវមុខរបរឲ្យពួកគាត់ទេ គាត់នៅតែគិតថា កាប់ឈើឆាប់បានលុយ ហើយការយកពួកគាត់ទៅដាក់ទោស វាជារឿងលំបាកណាស់ ព្រោះនេះវាជាទម្លាប់របស់ពួកគាត់រួចស្រេចទៅហើយ។ មិនមែនបានសេចក្តីថា ឈើនេះ យើងមិនអាចរកអុសបាននោះទេ។ អ្វីដែលយើងសោកស្តាយខ្លាំងបំផុត គឺកូនឈើដែលយើងបានដាំមួយឆ្នាំ យើងដាំមួយលានដើម តែក្នុងមួយឆ្នាំដដែល គឺកាប់ពីរលានដើម។ យើងចេះតែដាំ ប៉ុន្តែអ្នកកាប់ ចេះតែកាប់ ក្នុងចំណោមកាប់នោះ មានការកាប់ធ្វើអាជីវកម្ម ធ្វើផ្ទះ ធ្វើសំបែង ប៉ុន្តែក៏មានកាប់ធ្វើអុសដុតដែរ។ វាមិនតុល្យភាពសោះ រវាងតម្រូវការ និងការផ្គត់ផ្គង់ រវាងតម្រូវការ និងការដាំថ្មី …។
បន្តយុទ្ធនាការបង្ក្រាបបទល្មើសព្រៃឈើ ដែលក្នុងនោះទំនាក់ទំនងជាមួយប្រទេសជិតខាង ឲ្យសហការ ដោយមិនទទួលទិញឈើពីកម្ពុជា ដែលនាំចេញដោយលួចលាក់។ អញ្ចឹងទេ ដំណើរការយុទ្ធនាការប្រឆាំងនឹងអ្នកកាប់ឈើ យើងត្រូវធ្វើទំនាក់ទំនងជាមួយនឹងប្រទេសជិតខាងផងដែរ។ តាមរយៈនៃការនាំចេញ ទីផ្សារដែលទទួលការនាំចេញខុសច្បាប់ បើអត់មានទីផ្សារទេ វានាំទៅអត់កើតទេ។ អញ្ចឹងទេ ខ្ញុំតែងធ្វើការជាមួយវៀតណាម តែងធ្វើការជាមួយឡាវ ឯថៃមិនមានទៅទេ ប៉ុន្តែបើតាមខ្ញុំដឹង ថៃមានទៅតាមរយៈស្ទឹងត្រែង ចូលដីឡាវសិន ហើយបានចេញពីដីឡាវទៅចូលទៅថៃ។
ការការពារសត្វព្រៃ
ទី ៤៖ ការការពារសត្វព្រៃ។ ការពារបានព្រៃឈើជាផ្នែកដ៏សំខាន់មួយនៃការការពារបានសត្វព្រៃ ដោយដើរ ទន្ទឹមនឹងការផ្លាស់ប្តូរមុខរបររបស់ប្រជាជន ដែលជាអ្នកបរបាញ់ និងចាប់សត្វ។ ឥឡវខ្ញុំថា យើងសាកល្បងទៅទិសដៅមួយចំនួន ឯកឧត្តម សាយ សំអាល់ ធ្វើកិច្ចការងារហ្នឹងមួយ ភាពជាគំរូនៃការសាកល្បង។ ថ្ងៃមុន ខ្ញុំឃើញកូនដំរីរបស់យើងមួយណានោះ ជាប់អន្ទាក់ អានេះចេះដំរី ចុះបើមនុស្ស វាមិនទៅដែរ។ ឥឡូវ យើងសាកល្បងមើលនៅក្នុងភូមិហ្នឹងមួយ មានអ្នកបរបាញ់សត្វប៉ុន្មាន? យើងសាកល្បងលេងជាមួយគាត់ ហើយយើងផ្លាស់ប្តូរមុខរបរឲ្យគាត់ តាមរយៈផ្គត់ផ្គង់សំភារៈ ដីធ្លី។ សាកល្បងលេង ឧបមាថា មួយរយ ពីររយគ្រួសារ យើងសាកល្បងមើល។ បើយើងមិនរកមុខរបរឲ្យគាត់ទេ គាត់ថា ចាប់សត្វចំណេញជាង ឯយើងតាម restaurant រកណាស់ អណ្តើក រកណាស់សាច់ឈ្លូស ប្រើស។ ទាំងអស់គ្នាត្រូវតែស្រឡាញ់ធនធានធម្មជាតិ ទាំងឈើ ទាំងសត្វ។
យើងគួរសាកល្បង។ យើងហ៊ានចំណាយដើមទុនវិនិយោគ ទៅលើការកសាងសមត្ថភាព ទៅលើការកសាងអាជីវកម្មថ្មីរបស់គាត់ ប្តូរពីការបរបាញ់សត្វ ទៅជាការផលិតអ្វីផ្សេង។ ខ្ញុំថា បើសិនជាវាលំបាកទៅលើថវិកាជាតិ ខ្ញុំនឹងមានចលនាមួយសាកល្បង ព្រោះយើងមិនមែនចិញ្ចឹមគាត់មួយជីវិត ចិញ្ចឹមគាត់ជាប្រាក់ខែឯណា យើងត្រូវការរកដីឲ្យគាត់ ត្រូវការជួយរកសំភារៈឲ្យគាត់ យើងត្រូវការជួយគាត់តែម្តង យ៉ាងច្រើន ៣ ឆ្នាំ។ ឥឡូវកម្មវិធីសាកល្បងគួរត្រូវបានសាកល្បងបន្តទៀត … បើយើងមិនដូរមុខរបរទេ គាត់ថា កាប់ឈើនៅតែកាក់កប ចាប់សត្វ ក៏នៅតែកាក់កប។ អញ្ចឹងទេ ប្រើកម្លាំងប៉ុន្មានឲ្យទៅ កម្លាំងហ្នឹងស៊ីសាច់ព្រៃដែរ តែមិនស្រួលឲ្យទៅការពារសត្វ ដល់ឃើញសត្វមកបាញ់មុនគេទៀត។
ការកែទម្រង់ស្ថាប័នត្រូវចាប់ផ្តើមពីការបែងចែកមុខងារឡើងវិញ
ចំណុចទី ៥៖ ការកែទម្រង់ស្ថាប័នត្រូវចាប់ផ្តើមពីការបែងចែកមុខងារឡើងវិញ និងរចនាសម្ព័ន្ធ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ ដែលអម្បាញ់មិញ ខ្ញុំបានបញ្ជាក់ហើយ ថ្នាក់ជាតិបែងចែកមុខងារក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ រចនាសម្ព័ន្ធរបស់ក្រសួងត្រូវតែបំព្រួញចូលផ្នែកព្រៃឈើ និងជលផល កុំលេងក្បាលមួយកន្ទុយបី។ ពេលខាងមុខ រៀបចំឲ្យទៅជាមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដូចឈ្មោះក្រសួងអញ្ចឹង បើមិនអញ្ចឹងទេ វាមានតែការបង្កើតក្រសួងជលផលមួយ និងក្រសួងព្រៃឈើមួយ។ ឲ្យមានខ្សែបណ្តាញតែមួយ។ ក្រុមនេះត្រូវធ្វើសេនាធិការឲ្យថ្នាក់ក្រោមជាតិ ឥឡូវឲ្យថ្នាក់ក្រោមជាតិទទួលខុសត្រូវម៉ឺងម៉ាត់លើហ្នឹង ព្រោះខ្ញុំបានជម្រាបហើយ អស់លោកតាមមន្ទីរនានាអត់មានសិទ្ធិបញ្ជាកម្លាំងប្រដាប់អាវុធទេ អ្នកដែលមានសិទ្ធិគឺអភិបាលខេត្តឯនោះទេ។ លោកត្រូវការកម្លាំងអន្តរាគមន៍ គេបញ្ចេញកម្លាំង PM ឲ្យ កម្លាំងប៉ូលីសឲ្យ កាន់តែធំ គេបញ្ចេញទាហានឲ្យ។
មួយជាអ្នកតាក់តែងក្របខណ្ឌគោលនយោបាយ មួយទៀតយន្តការប្រតិបត្តិត្រូវនៅខាងក្រោម។ អញ្ចឹងបានខ្ញុំថា វេទិកាខ្លះយើងកុំចាំបាច់ធ្វើនៅភ្នំពេញ ទៅធ្វើនៅហ្នឹងខេត្តតែម្តង ឧទាហរណ៍ វេទិកានៅតំបន់ជីផាត តំបន់អារ៉ែង។ កន្លែងណាមានរឿង គួរធ្វើកន្លែងហ្នឹង។
បដិសេធសំណើបូមខ្សាច់
… ខ្ញុំហួសចិត្តតែម្តង។ ខ្ញុំបាននិយាយហើយ ពេលដែលប្រកាសដាក់ឆ្នេរកម្ពុជាជាឆ្នេរដែលស្អាតបំផុតដែលគេទទួលស្គាល់។ ខ្ញុំចោទជាសំណួរថា តើគេបានសិក្សាហើយឬនៅអំពីការបូមខ្សាច់ក្នុងសមុទ្រ? តើពេលដែលយើងបូមទៅ វាមានទាញយក(ខ្សាច់)ពីតំបន់ឆ្នេររបស់យើងទេ ព្រោះលំនឹងជីវៈចំរុះស្អីគេនោះ វាមានឆ្នេររបស់វានោះតៗ បានទៅទឹកជ្រៅ។ ដល់តែពេលយើងបូមទៅតើអាហ្នឹងវាជ្រាលទៅឬអត់? វាទាញទៅអត់? ទើបតែនិយាយអាហ្នឹងបាន ២ ខែ ស្រាប់តែមានសំណើមួយសូមបូម ៦ លាន ម៉ែត្រគូប។ គ្រាន់តែមើលសំណើហ្នឹង ខ្ញុំថាសូមអញ្ជើញយកទៅវិញចុះ (គេ)ថាទុកឲ្យសម្តេចពិចារណា ខ្ញុំថាបើទុកឲ្យខ្ញុំពិចារណាគឺនៅក្នុងធុងសម្រាម។ ខ្មែរអីក៏អន់សម្បើមម្ល៉េះ។ ឥឡូវ ទន្លេបាសាក់ងាប់បាត់ទៅហើយ ត្រូវទម្លាយទន្លេបាសាក់ឡើងវិញ ប៉ុន្តែត្រូវធ្វើយ៉ាងម៉េចបូមខ្សាច់សម្រាប់សំណង់ផង និងបូមយកដី(ដុះ)ដើម្បីចរាចរណ៍ផ្លូវទឹកឡើងវិញ។ នៅតាមទន្លេរបស់យើងឡើងទៅលើ(ដុះ)សុទ្ធតែខ្សាច់ ខ្សាច់ហ្នឹងហើយដែលរំខានទៅដល់ចរាចរណ៍ផ្លូវទឹក បន្ថែមទៅដោយការធ្វើអោយចរន្តទឹក វាដុះខាងណោះ វាបាក់ខាងណេះ វាដុះខាងណេះ វាទៅបុកខាងណោះ វាត្រូវមានការបូម។ ឥឡូវ សាកប្រកាសថ្ងៃនេះថា ឈប់ឲ្យបូមខ្សាច់ ស្អែកខ្សាច់ឡើងថ្លៃសំណង់ស្រែកពេញប្រទេស។ អញ្ចឹងត្រូវថ្លឹងថ្លែងមាំណាស់ គេហៅថាឆ្វេងពេក ស្តាំពេក គឺវាគ្រោះថ្នាក់។ ផ្អាកមិនឲ្យបូមខ្សាច់ អញ្ចឹងខ្សាច់ឡើងថ្លៃ អញ្ចឹងកសាងសំណង់ពីដើម ថាផ្ទះមួយអស់ ១០ ម៉ឺនដុល្លារ ប៉ុន្តែដល់តែខ្សាច់ឡើងថ្លៃ វាឡើងដល់តែ ១១ ម៉ឺនដុល្លារទៅវាទៅជាអញ្ចឹង។
ប្រគល់តំបន់អភិរក្សត្រី និងផ្សោតឲ្យទៅក្រសួងកសិកម្ម
កន្លងទៅមានការប្រជុំអន្តរក្រសួងដឹកនាំដោយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ប្រគល់តំបន់អភិរក្សត្រី និងផ្សោតនេះទៅអោយក្រសួងបរិស្ថានដែរ។ ប៉ុន្តែខ្ញុំមិនយល់ព្រមទេ។ មូលហេតុអីទៅបានខ្ញុំមិនយល់ព្រម បើធ្វើយ៉ាងនេះវាងាប់ក្រឡា។ តំបន់ការពារត្រី វានៅកណ្តាល អញ្ចឹងរវាងរដ្ឋបាលជលផល និងរដ្ឋបាលបរិស្ថានគាត់ទៅនៅជាមួយគ្នាយ៉ាងម៉េច? អញ្ចឹងទេ សូមក្រសួងកសិកម្មបន្ត គ្រប់គ្រងអន្លង់ផ្សោត ហើយនិងតំបន់អភិរក្សតទៅទៀត។ គំនិតដើមគឺចង់ប្តូរមុខងារថា អភិរក្សគឺបរិស្ថានទាំងអស់ អាជីវកម្មគឺកសិកម្ម ប៉ុន្តែចំណុចនេះ មកដល់ខ្ញុំ ខ្ញុំមិនព្រម ហើយអោយកាត់អាហ្នឹងចេញ ព្រោះផ្ទៃទឹករាប់សែនហិកតា នៅសល់កណ្តាលនេះ ប្រហែល ១ ម៉ឺនហិកតាសម្រាប់អភិរក្ស គ្រាន់តែ ១ ម៉ឺនហិកតា នេះ អោយក្រសួងកសិកម្ម …។
រដ្ឋាភិបាលត្រូវកែរបៀបរបប ពីការមិនសហការទៅការសហការ
យើងមានគោលដៅរួម តែហេតុអ្វីបានជាយើងធ្វើសកម្មភាពទីទៃៗពីគ្នា ហើយបើតាម ព្រះអង្គ ប៊ុត ប៊ុនតិញ ថា ជួនកាលគេឃាត់ទៅទៀត។ បើអញ្ចឹងមិនមែនគ្រាន់តែខ្វះការសហការទេគ្រាន់តែរារាំងផង។ ឥឡូវ គោលដៅដូចគ្នាត្រូវធ្វើសកម្មភាពរួមគ្នា គ្រាន់តែអង្គការសង្គមស៊ីវិល ឬក៏អ្នកពាក់ព័ន្ធដទៃទៀតមិនមានសិទ្ធិជាអាជ្ញាធរ ឬមន្ត្រីនគរបាលយុត្តិធម៌ទេ ប៉ុន្តែទាំងសង្គមស៊ីវិល ឬអ្នកពាក់ព័ន្ធដទៃទៀតក៏មិនបានទារយកសិទ្ធិនោះដែរ។ ការមិនសហការគ្នា រហូតមានសកម្មភាពរារាំងអ្នកដែលចំណេញគឺចោរលួចកាប់ឈើ និងលួចចាប់ត្រីនោះឯង។ អ្នកដែលខាតគឺជាតិរបស់យើង។ ដូច្នោះរាជរដ្ឋាភិបាលទទួលស្គាល់ថា យើងមិនទាន់ប្រើប្រាស់អស់កម្លាំងដែលយើងមាន ដើម្បីធ្វើការដ៏សំខាន់នេះ។ អ្នកដែលត្រូវកែមិនមែនសង្គមស៊ីវិល មិនមែនអ្នកជាប់ពាក់ព័ន្ធទេ មិនមែនព្រះអង្គ ប៊ុត ប៊ុនតិញ ទេ គឺផ្នែករាជរដ្ឋាភិបាលតែម្តងដែលត្រូវកែនូវរបៀបរបបពីការមិនសហការទៅការសហការ ពីការរារាំងទៅការសហការ។
អនុញ្ញាតឲ្យខ្ញុំព្រះករុណាខ្ញុំ ទទួលយកនូវកំហុស ដោយសារមិនបានពិនិត្យហ្មត់ចត់ និងមើលកូនចៅបានដិតដល់ … សូមដាស់តឿនទៅខាងក្រោមទទួលយកចំណុចដែលយើងបានពិភាក្សាថ្ងៃនេះ ធ្វើសកម្មភាពព្រមៗគ្នា ហើយប្រជាជនទាំងអស់ត្រូវធ្វើសកម្មភាពស្រឡាញ់ព្រៃព្រឹក្សា ស្រឡាញ់អ្វីដែលជាធនធានធម្មជាតិរបស់យើងទាំងអស់គ្នា អត់មានរឿងដដែលកើតឡើង។ វេទិកាលើកក្រោយអត់មានព្រះអង្គ ប៊ុនតិញ ត្រូវគេឃាត់ខ្លួនអីតទៅទៀតទេ។ វេទិកាលើកក្រោយ អ្វីដែលមានកន្លងទៅ យើងត្រូវពិនិត្យវឌ្ឍនភាព តាមវិស័យមួយៗ កុំនិយាយរឿងដដែលមកវិញ …។
ការបើកប្រាក់ខែតាមប្រព័ន្ធធនាគារ
… កន្លងទៅ មកដល់ពេលនេះ យើងខ្ញុំបានប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន ដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ រវាងអ្នកបង់ពន្ធ និងអ្នកជាប់ពន្ធ អត់ជួបមុខគ្នាទេ។ លេងតាមប្រព័ន្ធធនាគារ តាមវីង តាមស្អី ដល់តែអត់ជួបមុខគ្នាស៊ីសស៊ុសអត់បាន។ រឿងមួយទៀតគ្រាន់តែបើកប្រាក់ខែតាមប្រព័ន្ធធនាគារ តើយើងខ្ញុំធ្វើបានអ្វីខ្លះ? ពីដើមបើកលុយទៅអោយប្រធានស្ថាប័ន ឬប្រធានអង្គភាព វាកាត់វាកងផ្លូវយឺតយ៉ាវ អាហ្នឹងទីមួយ ទីពីរខ្មោចក៏វាចេះបើកលុយដែរ។ ឥលូវ តាំងពីប្រើបច្ចេកវិទ្យាព័ត៌មានមកបើកលុយតាមធនាគារ ខ្មោចអត់ចេះកាន់គណនី អត់ចេះដើរទៅបើកលុយទេ យើង ខ្ញុំកំចាត់មន្ត្រីខ្មោចតាមរយៈការបើកលុយតាមធនាគារ នៅក្នុងផ្នែកមួយនៃកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ នឹងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ អញ្ចឹងបានយើងកំពុងតែទទួលផល។
ចាប់ពីពេលនេះតទៅ យើងក្លាយជាសហគមន៍គ្រួសារដែលមានការទទួលខុសត្រូវ មិនមែនមានការទទួលខុសត្រូវដូចៗ គ្នាទេ ខាងផ្នែករាជរដ្ឋាភិបាលត្រូវធ្វើអី ខាងផ្នែកសង្គមស៊ីវិល អង្គការក្រៅរដ្ឋាភិបាលត្រូវធ្វើ អី។ ក្នុងនេះ ខ្ញុំអំពាវនាវ ទៅកាន់មន្ត្រីប្រធានស្ថាប័ន ៦ ស្ថាប័នត្រូវរៀបចំដំណើរការ ពិគ្រោះយោបល់ ដែលមានការពាក់ព័ន្ធជាមួយកិច្ចការរបស់ខ្លួន ក្រសួងបរិស្ថាន ក្រសួងរុក្ខាប្រមាញ់ និងនេសាទ ក្រសួងឧស្សាហកម្ម ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងរ៉ែ និងថាមពល និងធនធានទឹក ធនធានទឹកមានការពាក់ព័ន្ធ នឹងសំណូមពរមួយចំនួនគឺយន្តការមានស្រាប់រួចទៅហើយ។ ក្នុងបញ្ហាធនធានទឹកនេះ វាមានពីរ នៅផ្នែកធនធានទឹកដែលមានការពាក់ព័ន្ធគឺ ធនធានទឹកខ្លួនឯង និងជាស្ថាប័នអាណាប័ក ប៉ុន្តែនូវមានស្ថាប័នពីរទៀត គឺ គណៈកម្មាធិការជាតិទន្លេមេគង្គ និងអាជ្ញាធរទន្លេសាប។
អញ្ចឹងទេ ក្រសួងធនធានទឹកមានភារកិច្ចថា តើអង្គការស្ថាប័នក្រៅរដ្ឋាភិបាល ឬមិត្តដៃគូបរទេសមួយណា ដែលមានការពាក់ព័ន្ធអញ្ជើញពិគ្រោះពិភាក្សា។ ឧទាហរណ៍ ការស្តារបូមទន្លេឡើងវិញក៏គប្បីពិភាក្សា ឥឡូវទន្លេសាបរបស់យើងចង់ជិត យើងគួរតែបូមស្តារទេ អាហ្នឹង នេះជាចំណុចដែលយើងត្រូវចោទជាសំណួរឡើង។ ក្រសួងឧស្សាហកម្មម៉េចបានជាវាត្រូវពាក់ព័ន្ធដែរ ការផលិតស៊ីម៉ង់រាល់ថ្ងៃវានៅក្នុងក្របខណ្ឌឧស្សាហកម្ម រោងចក្រផ្សេងៗ វានៅក្នុងក្របខណ្ឌឧស្សាហកម្ម ជួនកាលបញ្ចេញអាទឹកពុលចូលទៅក្នុងទន្លេ ក្នុងបឹង ក្នុងបួរ បង្កើតតែរឿងនោះ។
ស្ថាប័នរដ្ឋ ជាអ្នកមានតួនាទីសម្រេចជ្រើសយក ឬមិនយកមតិ
… មាន ១៦ សំណួរ លើកចេញមក មានការពាក់ព័ន្ធ … ការជួយមតិមិនមែនធ្វើត្រឹមតែការពាក់ព័ន្ធ មិនមែនគ្រាន់តែបញ្ចេញសកម្មភាពសុទ្ធសាធទេ។ ក៏ប៉ុន្តែ អាចផ្តល់មតិទៅលើសេចក្តីព្រៀងច្បាប់ ទៅលើលិខិតបទដ្ឋានគតិយុត្តិ និងក្របខណ្ឌគោលនយោបាយ។ អ្នកដែលដើរតួនាទីសម្រេចជ្រើសរើសយកមតិជ្រើសរើសថាយក ឬមិនយក នៅតែជាស្ថាប័នរដ្ឋ មិនបានបាត់បង់តួនាទីរបស់រដ្ឋទេ។ ប៉ុន្តែខ្ញុំអំពាវនាវឲ្យស្តាប់សម្លេងពិត ជាជាងស្តាប់សម្លេងភរ។ ខ្ញុំគិតថា ១៦ សំណួរ ដែលបានលើកឡើងនេះ សឹងតែគ្រប់ហើយ ដាក់មកមិញហ្នឹង ប៉ុន្មាន ១៦ សំណួរ តាំងពីបោះបង្គោល តាំងពីទប់ស្កាត់បទល្មើស ផ្ទេរមុខងារ។ ខ្ញុំគិតថាខ្ញុំមិនចាំបាច់ឆ្លើយមួយម្តងៗទេ ព្រោះវាហាក់ដូចជាគ្របដណ្តប់ធំ ហើយលើសពីអ្វីដែលលោកគិតទៅទៀត … ម៉្យាងនៅពេលដែលមានអ្នកលើកមតិ ខ្ញុំក៏បានឆ្លើយដែរ …។
… ចំណុចមួយចំនួន ត្រូវដោះស្រាយនៅនេះ ប៉ុន្តែករណីជាក់លាក់ដែលមិនអាចដោះស្រាយបាន គឺមិនមែនបានសេចក្តីថា នេះជាសមត្ថកិច្ចរបស់នាយករដ្ឋមន្រ្តីទេ ហើយក៏មិនមែនជាសមត្ថកិច្ចនៃវេទិការបស់យើងដែរ តែវាក្នុងសមត្ថកិច្ចរបស់រដ្ឋមន្រ្តី យើងបែងចែកមុខងារយ៉ាងដូច្នេះ។ អញ្ចឹងអ្វីដែលជាបញ្ហាសំណើជាក់ស្តែងមួយចំនួន ដែលវាហួសពីសមត្ថភាពរបស់រដ្ឋមន្រ្តី ដូចជាបញ្ហាបង្កើនចំនួនក្របខណ្ឌអនុរក្ស ខ្ញុំបានសម្រេចក្នុងឋានៈជានាយករដ្ឋមន្រ្តី សំណើនេះគឺរដ្ឋមន្រ្តីមិនមានសិទ្ធិ ដើម្បីនឹងឆ្លើយតបទេ មានតែនាយករដ្ឋមន្រ្តីមួយគត់ ដែលមានសិទ្ធិនឹងធ្វើការសម្រេចចិត្តបែបនេះ។ អញ្ចឹងភាពជាក់លាក់ នៃសំណើមួយចំនួនដែលបងប្អូនមិនទាន់បានលើក ត្រូវលើកយកទៅពិគ្រោះពិភាក្សានៅតាមវិស័យមួយៗ ហើយក៏សូមបញ្ជាក់ថាវេទិកាដែលរៀបចំ ដោយក្រសួងបរិស្ថាន មានចរិកពហុវិស័យ ដូចជាវេទិកាថ្នាក់ជាតិរបស់យើងនេះដែរ។ បើវេទិកាខាងក្រសួងកសិកម្ម គាត់ពិភាក្សា តែពីរឿងបញ្ហាត្រី និងបញ្ហាឈើ ហើយនឹងដីសម្បទាន អាចពាក់ព័ន្ធលើសពីនេះ ថែមបន្តិចទៀត មានស្អីសត្វ មានអញ្ចឹងដែរ។
កុំទៅដល់ស្រូវអង្ករ អាហ្នឹងវិស័យឯកជន និងរាជរដ្ឋាភិបាលទេ។ រំលោភលើសិទ្ធិអំណាចរបស់ ប៉ាន់ សូសាក់ ហើយរឿងស្រូវអង្ករ រឿងស្អីហ្នឹង គឺត្រូវនិយាយរឿងមួយផ្សេងទៀត។ វេទិកាវិស័យឯកជន និងរដ្ឋាភិបាលម្តង។ … អរគុណណាស់ ដែលបានអញ្ជើញចូលរួម ហើយខ្ញុំសុំប្រកាសថា ឆ្នាំក្រោយនេះ គឺក្នុងអំឡុង ខែ មីនា យើងអាចធ្វើវេទិកាមុនចូលឆ្នាំខ្មែរ … អាចបានជួបជុំគ្នានៅកន្លែងនេះទៀត មិនដឹងថាបន្ទាប់ពីហ្នឹងទៅមានអ្នកណានឹងចុះឈ្មោះជាសមាជិក និងវេទិកាថែមទៀត។ បើកទូលាយ។ សូមអញ្ជើញ។
ជាមួយនឹងការអរគុណ ខ្ញុំក៏សុំអភ័យទោសពីសំណាក់ ឯកឧត្តមអគ្គរដ្ឋទូតអាមេរិក ដែលអម្បាញ់មិញ ខ្ញុំបាន និយាយធ្ងន់ៗ បន្តិច ប៉ុន្តែជាមួយនឹងក្រុមនេះទាល់តែនិយាយធ្ងន់អញ្ចឹងហើយ បើមិននិយាយធ្ងន់គឺមិនបាន ព្រោះបើមិនស្រួលទៅជាសិទ្ធិបញ្ចេញមតិ (មានភាពឡូកឡំគ្នា)រវាងការប្រមាថ ការមួលបង្កាច់ … បើជាសិទ្ធិបញ្ចេញមតិ អស់លោកធ្វើចុះ នៅប្រទេសរបស់អស់លោក ប៉ុន្តែ ប្រទេសកម្ពុជាត្រូវមានក្រមសីលធម៌មួយច្បាស់លាស់។ នៅជិតខាងស្តាំដៃអគ្គរដ្ឋទូតអាមេរិក មានអគ្គរដ្ឋទូតម៉ាឡេ ដែល អាន់វ៉ា ជាប្រធានបក្សប្រឆាំងនៅក្នុងគុករហូត។ អស់លោកត្រូវចាំអាហ្នឹង កុំមកនិយាយរឿងខ្មែរម្នាក់ឯង។ អ្នកណាធ្វើខុសច្បាប់ អ្នកហ្នឹងត្រូវទទួលខុសត្រូវ …៕