គ.ជ.ប ហាមមិនឲ្យថតរូបភាពគូសសញ្ញាធិច លើសន្លឹកឆ្នោត យកទៅបង្ហោះលើ Facebook ព្រោះផ្ទុយនឹងច្បាប់បោះឆ្នោត

FN ៖ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី០៤ ខែមិថុនានេះ បានចេញសេចក្ដីអំពាវនាវជាបន្ទាន់មួយ ដោយហាមមិនឲ្យអ្នកបោះឆ្នោត ថតយករូបភាពសន្លឹងឆ្នោត ដែលបានគូសធិចរួចហើយ ទៅបង្ហោះលើបណ្ដាញសង្គម Fecebook ព្រោះសកម្មភាពនេះ ផ្ទុយទៅនឹងច្បាប់បោះឆ្នោត។ គ.ជ.ប បានបញ្ជាក់ថា ឃុំ-សង្កាត់នីមួយៗ ត្រូវមានក្រុមប្រឹក្សាមួយ ដែលត្រូវបានបោះឆ្នោតជ្រើសរើសឡើង ដោយប្រជាពលរដ្ឋនៃឃុំ-សង្កាត់របស់ខ្លួន តាមការបោះឆ្នោតជាទូទៅជាសកល ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដោយស្មើភាព ដោយចំពោះ ដោយសម្ងាត់ ស្របទៅតាមនីតិវិធីដូចមានចែងក្នុងច្បាប់នេះ។

គ.ជ.ប ចេញសេចក្ដីណែនាំបន្ថែម៖ ការស្នើសុំនិងការបញ្ជាក់ «ឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឲ្យមានបោះឆ្នោត» ត្រូវបញ្ឈប់ត្រឹមម៉ោង២៖៣០រសៀលថ្ងៃ០៤ ខែមិថុនា

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧នេះ បានចេញសេចក្ដីណែនាំបន្ថែមភ្លាមៗអំពីការសម្រួលដល់ ការបោះឆ្នោតជូនពលរដ្ឋ ដោយ គ.ជ.ប អនុញ្ញាតឲ្យបន្តការស្នើសុំ និងការបញ្ជាក់ «ឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឲ្យមានបោះឆ្នោត» (ឯ.អ) នៅថ្ងៃនេះ ថែមទៀត តែត្រូវបញ្ឈប់យ៉ាងយូរត្រឹមម៉ោង២៖៣០នាទីនារសៀលថ្ងៃ០៤ ខែមិថុនា ឆ្នាំ២០១៧ ជាកំហិត។ សេចក្ដីណែនាំបន្ថែមរបស់ គ.ជ.ប បានបញ្ជាក់ថា ប្រជាពលរដ្ឋដែលបានចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៦ ដោយប្រើប្រាស់ឯកសារបញ្ជាក់អត្តសញ្ញាណ បម្រើឲ្យការចុះឈ្មោះបោះឆ្នោត និងមានឈ្មោះបោះឆ្នោតក្នុងបញ្ជីបោះឆ្នោតផ្លូវការ នៅឆ្នាំ២០១៦ ហើយមិនទាន់មានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ អាចយកឯកសារ បញ្ជាក់អត្តសញ្ញាណ បម្រើឲ្យការចុះឈ្មោះបោះឆ្នោត យកទៅជួបគណៈកម្មការឃុំ-សង្កាត់ រៀបចំការបោះឆ្នោតផ្ទាល់ខ្លួនដោយស្នើសុំ ឲ្យគណៈកម្មការឃុំ-សង្កាត់ រៀបចំការបោះឆ្នោត បញ្ជាក់អំពីការមានឈ្មោះ ក្នុងបញ្ជីបោះឆ្នោត ចុះហត្ថលេខា បោះត្រានិងចុះកាល បរិច្ឆេទផ្ដល់សុពលភាព នៅលើឯកសារបញ្ជាក់អត្តសញ្ញាណ បម្រើឲ្យការបោះឆ្នោត ដើម្បីប្រើក្នុងការបោះឆ្នោត។

អ្នកនាំពាក្យ គ.ជ.ប៖ គិតត្រឹមម៉ោង៩៖៣០នាទី ព្រឹកនេះ ប្រជាពលរដ្ឋប្រមាណ៣០ភាគរយ នៅទូទាំងប្រទេស បានអញ្ជើញទៅបោះឆ្នោត នៅតាមការិយាល័យរៀងៗខ្លួន

FN ៖ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានប្រាប់បណ្តាញសារព័ត៌មាន Fresh News នៅមុននេះថា គិតត្រឹមវេលាម៉ោង៩៖៣០នាទី ព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧នេះ ប្រជាពលរដ្ឋប្រមាណ៣០ភាគរយហើយ ដែលបានអញ្ជើញទៅបោះឆ្នោត នៅតាមការិយាល័យរៀងៗខ្លួន។ លោកបានបញ្ជាក់ថា គិតត្រឹមម៉ោងដដែលនេះ ការបោះឆ្នោតនៅទូទាំងប្រទេស បានប្រព្រឹត្តទៅយ៉ាងល្អប្រសើរ មិនមានបញ្ហាធ្ងន់ធ្ងរកើតឡើងនោះទេ។ សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ មានប្រជាពលរដ្ឋគ្រប់អាយុបោះឆ្នោត ៧.៨លាននាក់ ស្មើនឹង ៨១.៣៨ភាគរយ បានចុះឈ្មោះបោះឆ្នោត ក្នុងចំណោមប្រជាពលរដ្ឋដែលគ្រប់អាយុបោះឆ្នោតប្រមាណ ៩.៦លាននាក់ ដែលមានការិយា ល័យបោះឆ្នោតចំនួន២២,១៤៨ការិយាល័យ៕